សារសម្លេង សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងវិធានការលើក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ

ជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ទាំងអស់! ដំបូង ខ្ញុំសូមធ្វើការអរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលរាជធានីខេត្តទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលមាន នគរបាល និងកងរាជអាវុធហត្ថ ដែលបានអនុវត្ដបានល្អនូវវិធានការបង្រ្កាបនូវក្មេងទំនើង ក្រុមដាវសាម៉ូរ៉ៃកាប់ចាក់គ្នា បង្កហានិភ័យដល់ខ្លួន និងសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គម។ ទោះបីជាបន្តនៅមាន​ក្រុម(ដែលប្រព្រឹត្តដូច)នេះ ប៉ុន្ដែមានការថមថយ។ សូមបន្ដអនុវត្ដឲ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម សង្កត់ក្រុមដាវ​សាម៉ូរ៉ៃ និងក្រុមក្មេងកាប់ចាក់គ្នាឲ្យបានបន្ដទៀតដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយជាមួយគ្នានេះ (ក៏មាន)បទល្មើសក្មេងទំនើងមួយប្រភេទទៀតគឺការបង្ហោះម៉ូតូជាសាធារណៈ បានកើតមាន។ កន្លងទៅសមត្ថកិច្ចនៅតាមបណ្តារាជធានីខេត្តបានអនុវត្តវិធានការរដ្ឋបាលជាច្រើន និងច្រើនរូបភាព ដែលយើងបានឃើញនៅតាមបណ្តាញសង្គម តាមទូរទស្សន៍ ប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។ ដើម្បីបង្កើននូវប្រសិទ្ធភាពក្នុងការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូនៅតាមទីសាធារណៈ ខ្ញុំសូមឲ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចបង្កើនវិធានការរដ្ឋបាលឃាត់ម៉ូតូរយៈពេល ៣ខែ ចំពោះការប្រព្រឹត្តបទល្មើសលើកទី១  និង ៦ខែ បើសិនជាមិនរាងចាល ហើយនៅប្រព្រឹត្តបទល្មើសបន្តទៀតជាលើកទី ២ ។ សមត្ថកិច្ចរបស់យើងត្រូវយកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិ/ម៉ូតូ ដែលដកហូតនេះឲ្យបានល្អ ធ្វើលិខិត ផ្តល់ការធានា និងប្រគល់ម៉ូតូនេះ ត្រឡប់ទៅឲ្យសាមីខ្លួន និងក្រុមគ្រួសារវិញនៅពេលវិន័យរដ្ឋបាលត្រូវបានបញ្ចប់។ ខ្ញុំសង្ឃឹមថាការដាក់ចេញនូវវិធានការថ្មីនេះ នឹងចូលរួមនៅក្នុងការបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅតាមមូលដ្ឋាន ព្រោះថាបើចូលចិត្តបង្ហោះម៉ូតូគឺត្រូវប្រឈមនឹងការអត់មានអីជិះមួយរយៈ។ អញ្ចឹង ក្នុងពេលនេះគឺពួកគាត់មិនអាចបង្ហោះបានទេម៉ូតូ។ ទី២…