សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
[ផ្តើមសេចក្តីអធិប្បាយ ១] អម្បាញ់ម៉ិញបានជួបជាមួយអ៊ំពូមីង អ្នកគ្រូពេទ្យលោកគ្រូពេទ្យ មានអារម្មណ៍ថាដូចចូលឆ្នាំមិនទាន់ចប់ … សូមកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្ត ជាពិសេសទីរួមខេត្តតែម្តងដែលបានរៀបចំពិធីសង្ក្រាន្តចូលឆ្នាំថ្មីដោយជោគជ័យ ហើយរលូន មានភាពសប្បាយរីករាយអធិកអធម។ គេសួរថាហេតុអីបានអត់ធ្វើអង្គរសង្រ្កាន្តឆ្នាំនេះ? (មិន)ចាំបាច់រៀបចំអង្គរសង្រ្កាន្តទេ។ អង្គរសង្រ្កាន្តឬមួយក៏សង្រ្កាន្តសៀមរាប សង្រ្កាន្តកំពង់ធំ សង្រ្កាន្តអី គឺធ្វើឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរ។ សំខាន់គឺការរៀបចំប្រព្រឹត្តទៅដោយសប្បាយរីករាយគ្មានបញ្ហាអ្វីកើតឡើង។ ខ្ញុំសូមអរគុណ ហើយក៏សូមអបអរសាទរចំពោះជោគជ័យរបស់ខេត្តនៅក្នុងការដំណើរការនៃការរៀបចំនេះ ជាការរួមគ្នារបស់ប្រជាពលរដ្ឋយើង។ (១) អគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាកាដូឆ្នាំថ្មីពីប្រជាជនជប៉ុន សម្រាប់ការសម្ពោធថ្ងៃនេះយើងក៏អាចចាត់ទុកថាជាសមិទ្ធផលឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមួយនៅក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាពលរដ្ឋដែលនៅជុំវិញនេះ ដែលនឹងប្រើប្រាស់សេវាវះកាត់ហើយក៏សូមអរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងតាមរយៈឯកឧត្តអគ្គរដ្ឋទូត ផ្តាំអរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលសមិទ្ធផលនេះកើតឡើងគឺដោយសារការជួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ យើងអាចចាត់ទុកថាជាកាដូឆ្នាំថ្មីរបស់ប្រជាជនកម្ពុជាពីប្រជាជនជប៉ុន។ សមិទ្ធផលសុខភាពនេះគឺព្យាបាលម្នាក់សប្បាយរាប់លាននាក់។ បើម្នាក់ជា ខ្លួនឯងសប្បាយចិត្តគ្រួសារសប្បាយចិត្ត ហើយមានសុភមង្គល បើប្រជាពលរដ្ឋយើងមានសុខភាពល្អ ប្រទេសជាតិមានកម្លាំងពលកម្មដែលរឹងមាំជួយប្រទេសជាតិ។ អញ្ចឹងរីកចម្រើនធំ។ សមិទ្ធផលនៅក្នុងវិស័យសុខាភិបាលនេះគឺមានសារៈសំខាន់។ (២) ជាមួយការបំពាក់សមត្ថភាពវះកាត់កម្រិតខ្ពស់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបអាចវះកាត់ខួរក្បាលបាន ខ្ញុំសូមអបអរសាទរជូនចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងបណ្តាខេត្តនៅជុំវិញ ដែល(ទទួលបាននូវ)សេវាមួយចំនួន ក្រោយពីការរៀបចំនិងបំពាក់សមត្ថភាពវះកាត់កម្រិតខ្ពស់នេះ ជាផលអត្ថប្រយោជន៍បន្ថែមទៀត ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការព្យាបាលសុខភាព។ អម្បាញ់មិញ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តបានរៀបរាប់អំពីសមត្ថភាពរបស់ពេទ្យនៅទីនេះ ដែលយើងអាចធ្វើការវះកាត់ខួរក្បាលបាន និងព្យាបាលវះកាត់គ្រឿងក្នុងមួយចំនួន វារលែងតែបេះដូង…