សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤»
ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីរាជការបណ្ដារាជធានីខេត្ត និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ ក្នុងក្របខណ្ឌនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។ ផ្អែកលើរបាយការណ៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរជាមួយអង្គពិធីទាំងមូល ចំពោះអង្គភាពជ័យលាភី អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលទទួលបានចំណាត់ថ្នាក់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៣។ [សេចក្ដីអធិប្បាយ១] អម្បាញ់មិញ ស្ដាប់ទៅ មានអតីតអនុវិទ្យាល័យរបស់ខ្ញុំមួយដែរ អនុវិទ្យាល័យចតុមុខ។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលត្រូវបានដឹកនាំអនុវត្តដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិប្រកបដោយតម្លាភាព សុចរិតភាព មានការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ផ្អែកលើបែបបទ នីតិវិធី និងគោលការណ៍ច្បាស់លាស់។ ទន្ទឹមនឹងនេះ…