អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវអគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរដល់សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។ ក្នុងជំនួបនេះដែរ លោកជំទាវអគ្គលេខាធិការ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក។ លោកជំទាវក៏បានស្នើដល់កម្ពុជា បន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំងផងដែរ។ ជាការឆ្លើយតប សម្តេចធិបតីបានអរគុណចំពោះលោកជំទាវអគ្គលេខាធិការ…