ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប

FN៖ ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប បានប្រព្រឹត្តទៅដោយរលូន ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ ខណៈបិទបុណ្យសមុទ្រនេះធ្វើឡើង ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាលើកទី១ ដែលសម្តេចបានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ ហើយអញ្ជើញទាំងបើក និងបិទ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែប ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីពិភពលោកបច្ចុប្បន្នមិនអាចយកឈ្នះធម្មជាតិ តែធម្មជាតិក៏មិនអាច់បន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ រៀបចំស្តង់ពិព័រណ៍រហូតដល់ទៅ៨០០ ដែលចំនួននេះបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅខេត្តកែប

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភាសមាជិក សមាជិកា រាជរដ្ឋាភិបាលឯកអគ្គរាជ/រដ្ឋទូត និងតំណាង​ស្ថានទូត អង្គទូតនានាប្រចាំកម្ពុជាគណៈអធិបតីអង្គពិធីទាំងមូល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក/លោក​ស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ក្នុងពិធីបិទបុណ្យសមុទ្រក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បី​ទេស​ចរណ៍” ដ៏មហោឡារិកនាពេលនេះ។ តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកែប សហភាព​សហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នា រៀបចំ និងដឹកនាំអនុវត្តកម្មវិធីនានាក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមអរគុណចំពោះការចូលរួមរបស់បណ្តាស្ថានទូតជាច្រើន ដែលចូលរួមក្នុងការរៀបចំជាស្តង់ពិពណ៌ ហើយក៏មានការចូលរួមរបស់សិល្បៈករមកពីប្រទេសចិនផងដែរ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះភាពជោគជ័យនៃការរៀបចំបុណ្យសមុទ្រជាលើកទីមួយ នៅក្នុងអាណត្តិថ្មី គឺនៅកែប ហើយក៏ជាលើកទីមួយផងដែរដែលខ្ញុំមកបានចូលរួមទាំងបើកទាំងបិទ។ ពិតណាស់ម្សិលមិញបើក យើងអត់បានឡើងកម្មវិធី តែថ្ងៃនេះ (យើងប្រារព្ធពិធី)បិទ(បាន)។ ទោះបីវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណា ថ្ងៃនេះ ខ្ញុំគិតថា (រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយម)ឯកឧត្តម ថោ ជេដ្ឋា ប្រហែលជាចាញ់ស្លឹកគ្រៃហើយ។…