សម្តេចធិបតី និង ព្រះចៅ ស៊ុលតង់ ពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងព្រុយណេ

ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទីព្រឹក, នៅទីក្រុងហ្សាការតានៃសាធារណរដ្ឋឥណ្ឌូណេស៊ី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងព្រុយណេ ថ្វាយព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ មូអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃព្រុយណេដារូស្សាឡាម ជាពិសេសក្នុងវិស័យការពារជាតិ ឆ្លងតាមដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី កាលនៅជាមេបញ្ជា​ការកងទ័ពជើងគោកមកកាន់ប្រទេសព្រុយណេ។ ព្រះចៅស៊ុលតង់ បានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាងព្រះចៅនិងសម្តេចតេជោ (អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជា)ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ក្រៅពីបានពិភាក្សាអំពីទិសដៅអនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ សម្តេចធិបតីនិងព្រះចៅ ស៊ុលតង់ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជនតាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពថានឹងបំពេញទស្សនកិច្ចផ្លូវការទៅវិញទៅមកនាពេលអនាគត៕

កម្ពុជានឹងបន្តគាំទ្រ និងជ្រោមជ្រែងទីម័រឡេស្តបន្ថែម ដើម្បីត្រៀមខ្លួនចូលជាសមាជិកអាស៊ាននាពេលខាងមុខ

នាល្ងាចថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្តែងអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី និងអរគុណចំពោះប្រទេសកម្ពុជា, ជាពិសេស សម្តេចតេជោ ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្តេ ជួយឱ្យប្រទេស ទីម័រឡេស្តេ ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន នាខណៈដែលកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទពិសោធន៍របស់កម្ពុជា សម្រាប់ឱ្យប្រទេសទីម័រឡេស្តេរៀនសូត្រ និងរៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ សម្តេចធិបតី បានប្រកាសថា កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេបន្ថែមទៀត ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរ លើវិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍៕

សម្ដេចធិបតី និងឯកឧត្ដម លី សៀនលុង ពិនិត្យលទ្ធភាពនាំអង្ករ និងផលិតផលកសិកម្មកម្ពុជាចូលទៅទីផ្សារសិង្ហបុរី

នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា ឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងនូវការអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានរំលឹកពីជំនួបចុងក្រោយកាលពីឆ្នាំ២០១៨។ ជាកិច្ចឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណ និងបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេស វិស័យការពារជាតិ និងវិស័យអប់រំ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានសក្ដានុពល ពិសេស លទ្ធភាពក្នុងការនាំអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរីផងដែរ។ ឯកឧត្តម លី សៀនលុង ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ដើម្បីធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ។

កម្ពុជា-ហ្វីលីពីនចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម

ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្មនិងសហគ្រាស មីក្រូ-ធុនតូចនិងមធ្យម កម្ពុជា-ហ្វីលីពីន ដោយផ្តោតជាសំខាន់លើ ៖ (១) សិក្សានិងបង្កើតច្រកបង្រៀន ប្រកបដោយសក្តានុពលអំពីបច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង ម៉ូដែលធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យម និងធំ។ (២) កំណត់ពីតម្រូវការធុរកិច្ចដើម្បី អភិវឌ្ឍកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យស្រូវអង្ករ និង ផលិតផល និងសេវាកម្មកសិកម្ម ផ្សេងទៀត។ (៣)…

ថ្នាក់ដឹកនាំកម្ពុជានិងចិន ពង្រឹងនិងពង្រីកសហប្រតិបត្តិការប្រទេសទាំងពីរបន្ថែមដើម្បីឧត្ដមប្រយោជន៍

នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥ នាទីរសៀល, នៅទីក្រុងហ្សាការតា ឯកឧត្ដម លី​ ឈាង នាយករដ្ឋមន្រ្តីចិន បានអបអរសាទរ និងបានពាំនាំការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង មកកាន់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ដែលសម្ដេចធិបតី បានផ្ញើត្រឡប់ទៅវិញចំពោះឯកឧត្ដម ប្រធានាធិបតី និងប្រជាជនចិន នូវការសួរសុខទុក្ខ និងការនឹករលឹកដូចគ្នា។ ក្នុងការពិភាក្សា ថ្នាក់ដឹកនាំទាំងពីរ ចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រទេសទាំងពីរ តាមរយៈ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត ហើយរំពឹងថានឹងបន្តការពិភាក្សាឲ្យកាន់តែស៊ីជម្រៅ នៅក្នុងទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសចិនក្នុងពេលខាងមុខ៕

សម្ដេចធិបតី ទទួលជួបពិភាក្សាការងារជាមួយស្ថាបនិក និងប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក, នៅទីក្រុងហ្សាការតា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចំពោះការអបអរនិងសួរសុខទុក្ខ ហើយបានវាយតម្លៃខ្ពស់ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញនៅលើឆាកអន្តរជាតិ។ ក្រោយពីអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាកាលពីឆ្នាំមុន លោកសាស្រ្តាចារ្យ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះសក្ដានុពល និងការរីកលូតលាស់របស់កម្ពុជា និងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ាន។ សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងនេះ និងបានលើកឡើងនូវសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នារវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១របស់កម្ពុជា ត្រង់ចំណុចការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ហើយជឿជាក់វេទិកាសេដ្ឋកិច្ចពិភពលោកនឹងដើរតួនាទីសំខាន់ផ្សារភ្ជាប់នាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន ឱ្យកាន់តែប្រសើរឡើង។ នៅចុងបញ្ចប់ លោកសាស្រ្តាចារ្យក៏បានគោរពអញ្ជើញ សម្តេចធិបតី ដើម្បីចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខ ដែលសម្ដេចធិបតី នឹងពិនិត្យលទ្ធភាពដឹកនាំគណៈប្រតិភូ…