ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត អនុញ្ញាតលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចូលជម្រាបលា

នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព, ក្នុងឱកាសទទួលជួបលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាចូលជួបសម្ដែងការគួរសមនិងជម្រាបលា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមករវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជំរាបជូនភ្ញៀវអំពីនិរន្តរភាពនៃគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណនិងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន និងការកែទម្រង់វិស័យមុខងារសាធារណៈ។ បន្ថែមលើការប្តេជ្ញានៃភាគីទាំងពីរបន្តជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធ ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗ ដូចជាអប់រំ ការអភិ​វឌ្ឍធនធានមនុស្ស សុខាភិបាល និងមុខងារសាធារណៈ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានស្នើឱ្យសហភាពអឺរ៉ុបពិចារណាគាំទ្រនិងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ ២០២១-២០២៧ ដំ​ណាក់កាលទី២” ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ទទួលឱ្យឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

បន្ទាប់ពីបានរំលឹកអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ កម្ពុជានិងទីម័រឡេស្តេ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងការសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ ពេលដែលកម្ពុជាជាប្រធានអាស៊ាន, ក្នុងឱកាសទទួលជួប ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាលប៊ូអាឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣​ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់និងសកលដទៃទៀត។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានឧទ្ទេសជូនភ្ញៀវអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក និងគូសបញ្ជាក់ថាបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកដែរ។ ព្រមជាមួយនឹងការផ្តាំផ្ញើរសួរសុខទុក្ខចំ​ពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថានឹងអាចជួបដោយផ្ទាល់ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា នាកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណនិងសំដែងនូវកត្តញ្ញូតាធម៌ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ជួយនិងផ្តល់ការគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនាពេលកន្លងមក អោយក្លាយជាប្រទេសសង្កេតការនៅក្នុងអាស៊ាន ជាសមាជិកទី១១ និង ការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត ចូលរួមជាសមាជិកអាស៊ាន ផងដែរ។ ឯកឧត្តមបានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត និងបានគោរពអញ្ជើញ…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ទទួលជួបរដ្ឋមន្ត្រីកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ

ឆ្លើយតបចំពោះការកត់សម្គាល់របស់ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជានិងកូរ៉េ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០, ក្នុងជំនួបថ្ងៃទី ២៨ សីហា ២០២៣, នៅវិមានសន្តិភាព, ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រនិងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានសំដែងជំហរគាំទ្រចំពោះបេក្ខភាពកូរ៉េក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។ ព្រមគ្នានឹងការកត់សម្គាល់របស់ភ្ញៀវអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀតមានវឌ្ឍនភាពល្អប្រសើរនាពេលអនាគត ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរក៏បានឯកភាព ក្នុងការបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕