សន្តិភាព និងស្ថិរភាព ជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល
លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាព គឺជាបរិស្ថាន អំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល។ លោកបានគូសរំលេចទៀតថា «ដូចនេះភារកិច្ចចម្បងរបស់ប្រជាពលរដ្ឋគ្រប់រូបៗ គឺការបន្តរួបរួមគ្នាថែរក្សាកេរដំណែលដ៏មានតម្លៃមហាសាលនេះ ឱ្យបានគង់វង្សសម្រាប់ជាតិ និងប្រជាជនគ្រប់ជំនាន់តទៅ តាមរយៈការអនុវត្តនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងឥតងាករេរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សំដៅជំរុញការអភិវឌ្ឍជាតិមាតុភូមិ និងធ្វើយ៉ាងឱ្យប្រជាជនទទួលបាននូវផលសម្រាប់ខ្លួន និងគ្រួសារ ហើយអាចនឹងផ្តល់ផល ត្រលប់មកសង្គមជាតិទាំងមូលវិញផងដែរ»។ ការថ្លែងបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នេះបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានរួបរួមគ្នាចូលរួម យ៉ាងសកម្មក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាប្រយោជន៍សម្រាប់អនាគតរបស់សិស្ស-និស្សិត ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតសមាគមនេះ នាឆ្នាំ២០០៤ ដើម្បីចូលរួមអនុវត្តគោលនយោបាយក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាមានតែខិតខំប្រឹងប្រែងក្នុងការពង្រឹងខ្លួនដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក។…