ទប់ទល់ និងវាយបកការឈ្លានពានព្រំដែនទិសឧត្តរ និងពាយព្យ

សម្ដេចធិបតី ចេញសារបំភ្លឺ៤ចំណុច, ការចរចានានារវាងកម្ពុជា-ថៃ កន្លងមក គ្មានភ្ជាប់លក្ខខណ្ឌជាមួយការដកថយកងទ័ព និងកាត់ដូរដីនោះទេ

ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប៖ ១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? – បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។ នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿននិងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំអោយមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយពត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងពត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន អោយប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។ ២. តើរាជរដ្ឋាភិបាលបានបញ្ជារអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់? – ចម្លើយខ្លី គឺគ្មានទេ។ រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។ ៣. តើការចរចារនានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ? – ចម្លើយខ្លី គឺគ្មានទេ។ ការចរចារបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចារទ្វេភាគីកន្លងមកដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង…

សម្ដេចធិបតី ថ្លែងអំណរគុណម្ចាស់គំនូរដែលគូររូបសម្ដេច ពេលចរចាស្វែងរកបទឈប់បាញ់នៅប្រទេសម៉ាឡេស៉ី និងរំលឹកអំពីការឆន្ទះសាររបស់ពលរដ្ឋ ដែលចង់ឲ្យឈប់បាញ់គ្នា

សូមអរគុណប្អូនប្រុស អុិន ប៊ុនរតនៈ  ចំពោះរូបគំនូរ ដ៏ស្អាតនិងមានអត្ថន័យមួយនេះ ដែលតំណាងអោយស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន។ ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ។ ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះ÷ រូបប្រជាពលរដ្ឋជាច្រើនពេលផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។ រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរៈកងទ័ពនិងវីរៈនគរបាលជាតិយើង ដែលពេលនោះកំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង។ ចំណែកឯរូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយបែរខ្នងទៅកងទ័ព គឺតំណាងអោយរាជរដ្ឋាភិបាលដែលខិតខំស្វែងរកសន្តិភាព និងការពារអាយុជីវិតវីរៈកងទ័ពនិងប្រជាជន កុំអោយបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានអស់រយៈពេល ៥ថ្ងៃ ៥យប់កន្លងទៅ (២៤-២៨ កក្កដា ២០២៥)។ ខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសប្រហែលជាអាចនៅចាំ អារម្មណ៍មួយនេះ ទោះជាការប្រយុទ្ធគ្នាបានបញ្ចប់រយៈមួយខែមកហើយ។ ខ្ញុំនៅចាំបានថា ថ្ងៃទី ២៨ កក្កដា នោះ មានបងប្អូនខ្មែរយើងច្រើននាក់ណាស់ដែលមិនចូលគេង ដោយនៅចាំមើលថាតើម៉ោង ១២យប់នោះពិតជាឈប់បាញ់គ្នាមែនឬទេ? ហើយមានបងប្អូនខ្លះ ឆ្ងល់ដោយអន្ទះសារថា ហេតុអ្វីចាំបាច់ត្រូវចាំដល់ម៉ោង១២យប់ បានឈប់បាញ់គ្នា។…

សម្តេចធិបតី ទទួលលិខិតពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលលិខិតឆ្លើយតបជាផ្លូវការ ពីសំណាក់ឯកឧត្ដម ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលមានខ្លឹមសារដូចខាងក្រោម៖ « ខ្ញុំសូមអរគុណ ចំពោះលិខិតដ៏កក់ក្តៅរបស់ឯកឧត្តម និងជាពិសេស ការស្នើរូបខ្ញុំ សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។ ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព។ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ។»

សម្ដេចធិបតី សន្ទនាទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពាក់ព័ន្ធការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន

នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ យើងក៏បានពិភាក្សាគ្នា អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump  ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖  កិច្ចប្រជុំ GBC នៅម៉ាឡេស៉ី បានប្រព្រឹត្តទៅដោយជោគជ័យ, កម្ពុជា-ថៃ ឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ

ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ

ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់៖ ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)  គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត។

សម្ដេចធិបតី៖ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង

មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យសាធារណជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឱ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឱ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឱ្យមានការដោះយោធិនយើងត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឱ្យបានឆាប់ផងដែរ។ ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងរៀបចំកញ្ចប់គោលនយោបាយសម្រាប់យោធិនពលីនិងរបួស និងកិច្ចអន្តរាគមន៍ពិសេសគាំទ្រដល់ប្រជាជនភៀសសឹក ព្រមទាំងអំពាវនាវដល់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ពិនិត្យលទ្ធភាព​សម្រួលបន្ទុកហិរញ្ញវត្ថុដល់អ្នកដែលប៉ះពាល់ពីការប្រយុទ្ធ

សារអំពាវនាវ! ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលីនិងរងរបួស ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។ រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់យោធិនពលីនិងរបួស ក៏ដូចជាផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាជនដែលជាជនភៀសសឹក។ ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ។

សម្ដេចធិបតី៖ ទោះបីជាមើលទៅខ្ញុំចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហាចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល

សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ)៖ ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ ដោយសារឃើញមុខរាងស្លក់ ហើយសក់ស្កូវច្រើន មានម្នាក់ទៀតអោយយោបល់ថា ខ្ញុំគួរលាបសក់កុំអោយមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ។ អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន៖ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភៀសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រលប់មកវិញជាគំហុកពីប្រទេសថៃ។ល។ បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភៀសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ។ ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។ ចាំដោះស្រាយបញ្ហាទាំងអស់នោះបានចប់ ហើយកងទ័ពនិងប្រជាជនបានសេចក្តីសុខ ប្រទេសជាតិបានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ។