សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត” និង”កម្មវិធីបណ្ដុះបណ្តាល​ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល! ឯកឧត្ដមអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នអង្គទូតនានាប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយសក្នុងអង្គពិធីទាំងមូលជាទីមេត្រី!​ ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” និង ”កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”ដែលជាកម្មវិធីដ៏មានសារៈសំខាន់ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលខ្ញុំបានប្រកាសដាក់ឲ្យអនុវត្តភ្លាមនៅមុនដំណាច់ឆ្នាំ២០២៣។ ហើយនេះក៏ចាត់ទុកថាជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ការវិវត្តន៍ប្រព័ន្ធសុខភាព សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្តីអធិប្បាយ១] (១) និយាយពីមូលធនមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើកត្តា ២ គឺសុខភាព និងសមត្ថភាព ហើយកម្មវិធី២ ដែលយើងប្រកាសថ្ងៃនេះ គឺផ្តោតទៅលើការកសាងមូលធននេះឯង។ នៅក្នុងលក្ខណៈដើម្បីផ្តល់ឱកាសជាពិសេសទៅដល់ប្រជាពលរដ្ឋយើងនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​។ [ចប់សេចក្តីអធិប្បាយ១] នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការផ្តួចផ្តើម និងចង្អុលបង្ហាញឲ្យអនុវត្តកម្មវិធីជាអាទិភាពទាំង ២ នេះឡើង តាំងពី​នីតិកាលទី ៦ ដែលយើងបានរៀបចំនៅក្នុងការអនុវត្តនៅដើមអាណត្តិទី៧ នេះ។ តាងនាមឲ្យរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ…