ឯកឧត្តម លោកជំទាវ គណៈអធិបតី ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយតាមបណ្តាឃុំ ស្រុក ខេត្តទាំងអស់ ដែលមានវត្តមាននៅទីនេះ លោកអ៊ំពូមីង បងប្អូន ដែលអញ្ជើញមកពី ១១ស្រុក នៅក្នុងចំណោម ១៤ស្រុក¿ក្រុងនៃខេត្តបាត់ដំបង ជាងមួយម៉ឺនគ្រួសារ។
ជាដំបូង សូមអរគុណណាស់ចំពោះការរៀបចំសម្រួលនៅក្នុងការរៀបចំកម្មវិធីថ្ងៃនេះ ក៏ដូចជាការដឹកជញ្ជូនប្រ ជាពលរដ្ឋនៅខេត្តបាត់ដំបងយើង។ នៅទូទាំងប្រទេសឆ្នាំនេះ យើងមានទឹកជំនន់ (ដែល)មានបញ្ហាពីរ៖ ទឹកភ្លៀងនិងទឹកទន្លេ ឡើងពេលជាមួយគ្នា។ ទឹកធំធ្វើឲ្យប៉ះពាល់ ៧ខេត្តក្រុង។ ក្នុងនោះមានដូច ១២ម៉ឺនគ្រួសារ ដែលប៉ះពាល់។ ថ្ងៃនេះ នៅខេត្តបាត់ដំបង មានវត្តមាននៅទីនេះមួយម៉ឺនគ្រួសារ។ អ្នកពាក់ព័ន្ធច្រើនជាងគេនៅខេត្តបាត់ដំបងមានជាង ៦ម៉ឺនគ្រួសារ ក្នុងចំណោម ១២ម៉ឺនគ្រួសារ(ដែលរងការប៉ះពាល់) ឬជាង ៥០ភាគរយ ដែលប៉ះពាល់នៅខេត្តបាត់ដំបង។
សូមអរគុណលោកអ៊ំពូមីង ដែលខ្ញុំចូលមក បានសរសើរថាស្អាតហើយក្មេងទៀត។ ថ្ងៃនេះ អ្នកសារព័ត៌មានខ្ញុំ ស៊្រុន រៀងគ្រាន់បើ ថាអត់ជ្រួញ។ ថ្ងៃមុន ចុះទៅជួបជនភៀសសឹក គាត់ថាក្នុងទូរទស្សន៍មើលឃើញជ្រួញ។ ថ្ងៃនេះ អត់ជ្រួញ។ អរគុណណាស់។ អរគុណអ៊ំ។ និយាយលេងសើច។ គាត់ក៏អញ្ជើញមកតាំងពីព្រឹកព្រលឹម។ ភាគច្រើនប្រហែលជាអត់បានសំរាន្តទេ ព្រោះអ្នកខ្លះចេញតាំងពីម៉ោង ១២យប់មិញ។ មកដល់កន្លែងនេះ ព្រឹកមិញចង់ភ្លៀង។ គេរាយការណ៍ថា ភ្លៀងនៅសល់តិចៗ។ ដល់សួរអ៊ំៗ ថា អត់លេងតិចៗទេ។ មកច្រើនតែម្តងយប់មិញ។ តែអំណោយផល ដែលព្រឹកនេះកម្មវិធីអាច(ដំណើរការដោយគ្មានភ្លៀង) ហើយក៏ត្រជាក់ អាចធ្វើដំណើរត្រឡប់ទៅវិញបានស្រួល។ អ្វីដែលសំខាន់គឺចង់បង្ហាញអំពីការគិតគូរ ការសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលគ្រប់ថ្នាក់កំឡុងពេល(មាន)ការលំបាក។ រាជរដ្ឋាភិបាលអត់ចោលប្រជាពលរដ្ឋទេ។
ក្នុងមួយឆ្នាំនេះ យើងអាចនិយាយបានថា អ្នកព្រំដែនកម្ពុជា-ថៃទទួលរងទុក្ខផ្ទួនៗ។ ចាប់ផ្តើមពីរឿងការបិទព្រំដែន សង្គ្រាមឈ្លានពានតាមព្រំដែន រហូតមកដល់ទឹកជំនន់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋ។ ខ្ញុំបានមកជួបប្រជាជន(រងគ្រោះដោយទឹកជំនន់)នៅទីនេះ។ ខ្ញុំក៏បានចុះទៅជួបជាមួយប្រជាពលរដ្ឋអ្នកបន្ទាយមានជ័យ អ្នកប៉ោយប៉ែតថ្ងៃមុន ដែល(រងគ្រោះដោយ)ទឹកជំនន់។ ទោះបីជាឆ្លងកាត់សង្គ្រាម គ្រាប់ប្លោងថ្មីៗ នេះ ហើយគ្រោះទឹកជំនន់ធ្វើឲ្យខូចខាតផ្ទះសម្បែង ខូចខាតដំណាំក្តី ប៉ុន្តែបងប្អូនប្រជាជនគ្រប់អាយុមានស្មារតីរឹងមាំ។ យើងប្រឈមការលំបាក។ នេះហើយជាចំណុចសំខាន់។ យើងមិនចង់ឲ្យអាបាតុភាពហ្នឹងកើតឡើងទេ ប៉ុន្តែវាបានកើតហើយ។
ជាអកុសល ប្រជាពលរដ្ឋយើងមួយចំនួនបានទទួលរងគ្រោះ មិនទាន់អាចស្តារឡើងវិញដោយសារសង្គ្រាម។ អ្នកខ្លះក៏បានស្លាប់ ពិការដោយសារសង្គ្រាមក្នុងឆ្នាំទៅនេះ។ ខ្ញុំអត់និយាយពីសង្គ្រាមដែលយើងឆ្លងកាត់ ហែកហួរគ្នារាប់ទសវត្សរ៍មក ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំទេ។ ថ្មីៗនេះ ក៏មាន(សង្គ្រាម)ទៀត។ ប៉ុន្តែ អ៊ំស្រីម្នាក់នៅបន្ទាយមានជ័យ ដែលខ្ញុំទៅជួបនៅស្ទឹងបត់ និយាយថា “ទឹកជំនន់មក វាប្រសើរជាងគ្រាប់ប្លោងមក។ គ្រាប់ប្លោងវាហូរមក វាធ្វើឲ្យបាត់បង់ស្ថិរភាព។ ចប់សង្គ្រាមនៅសល់គ្រាប់ផ្ទុះ ចប់សង្គ្រាមវានៅសល់ស្ថានភាព(លំបាកលំបិនខាង)សេដ្ឋកិច្ចនិងជីវភាព”។
ទោះជាក្នុងកាលៈទេសៈណាក៏ដោយ មិនថាសង្គ្រាម ទឹកជំនន់ ឬមួយក៏ឆ្នាំមុនៗ មានគ្រោះរាំងស្ងួត អ៊ំពូមីង បងប្អូន តែងតែឃើញវត្តមានរបស់រាជរដ្ឋាភិបាល មិនមែនតែខ្ញុំទេ ភាគច្រើនជាអ្នកនៅផ្ទាល់ហ្នឹងតែម្តង គឺអាជ្ញាធរមូលដ្ឋាន។ ពិតណាស់ គ្មានស្អីល្អឥតខ្ចោះនោះទេ។ យើងឃើញនៅតាម Facebook តាមអី ពេលខ្លះរឿងសរសេរអក្សរខុស ពេលខ្លះរឿងអសកម្មមួយចំនួនដែលយើងត្រូវកែសម្រួល ប៉ុន្តែឲ្យតែពេលមានបញ្ហា(ឃើញមុខ)អ្នកណាមុនគេ? មេភូមិ មេឃុំ ចៅហ្វាយស្រុក អភិបាលខេត្ត ទាំងគ្រាប់ប្លោងក៏ឃើញមុខគាត់ ទាំងទឹកជំនន់ក៏ឃើញមុខគាត់ ទាំងពេលស្តារឡើងវិញក៏ឃើញមុខគាត់។ នេះជាស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលយើងនិយាយថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅជាមួយ មិនចោលប្រជាពលរដ្ឋទេ។ ពេលស្រណុកក៏យើងខំប្រឹង បង្កើនលទ្ធភាពឲ្យជីវភាពរស់នៅបានល្អ ថែរក្សាសណ្តាប់ធ្នាប់ ថែរក្សាសន្តិសុខ។ ពេលលំបាកបំផុត ពេលគ្រោះថ្នាក់បំផុត មានមុខរបស់រដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធរបស់យើង។ កងទ័ព អាវុធហត្ថ នគរបាល ប្រជាការពារ កម្លាំងយុវជនស្ម័គ្រចិត្តផ្សេងៗ ទៅជួយ។
នេះមិនមែននិយាយលេងទេ។ ខ្ញុំមកខេត្តបាត់ដំបង គឺខេត្តដែលរងគ្រោះ។ ពិតណាស់ ខេត្តបាត់ដំបងអត់ដូចបន្ទាយមានជ័យ អត់ដូចខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ដែលរងគ្រោះខ្លាំងដោយសារសង្គ្រាមពីមុន តែបាត់ដំបងក៏មាន កំរៀង ភ្នំព្រឹក្ស ហើយការទម្លាក់គ្រាប់បែកអីក៏យើងឃើញ។ ឥឡូវមកមានទឹកជំនន់។ យើងមិនអាចឃាត់ទេវតាបានទេ។ បើអ្នកណាអាចចរចាជាមួយទេវតាបាន ខ្ញុំសូមតែងតាំងជាបេសកជនពិសេស ដើម្បីចរចាកុំឲ្យមានទឹកជំនន់ទៀត។ ខែរាំង កុំឲ្យរាំងស្ងួត។ តែយើងមិនអាចចរចាជាមួយធម្មជាតិបាន។ អ្វីដែលយើងអាចធ្វើបាន គឺធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយប្រជាជន។
ទី១ ជួយយជីវិត។ មិនថាគ្រាប់ប្លោង ឬទឹកជំនន់ ទឹកមកយឺត ទឹកមកលឿន ត្រូវតែរំដោះប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព។ ជាអកុសល ឆ្នាំនេះ នៅខេត្តបាត់ដំបងក៏មាន ៨នាក់ស្លាប់ដោយសារទឹកជំនន់ លង់ទឹក កន្លែងខ្លះឆក់ខ្សែភ្លើងនៅពេលទឹកលិច។ សូមចូលរួមមរណទុក្ខចំពោះគ្រួសារសព។ ទោះជាយ៉ាងណាក៏ដោយ យើងបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ រាប់ពាន់គ្រួសារដែលមកទីទួលសុវត្ថិភាព ថែរក្សាសុខភាព សុខមាលភាពពេលគាត់នៅកន្លែងទីទួលសុវត្ថិភាព (ទី២)។ មិនថាវាយគ្នាដោយសង្គ្រាម ឬមួយជម្លៀសពីទឹកជំនន់។ ដំណាក់កាលទី៣ គឺការស្តារឡើងវិញ ក្នុងនោះការរក្សាស្ថិរភាព។ យើងមិនអាចនិយាយរឿងស្តារឡើងវិញទេ អ៊ំពូមីង បើសិនជាយើងអត់ចប់បាញ់គ្នា ឬដោយសារទឹកវាមិនស្រកអស់។ យើងមិនអាចនិយាយស្តារឡើងវិញទេ បើទឹកនៅត្រឹមជង្គង់ ភ្ជួរមិនបាន ទៅដាំដុះឡើងវិញម៉េចបាន។ ទៅស្តារឡើងវិញម៉េច បើយើងកំពុងតែគ្រាប់ធ្លាក់ទៀត។ វាយគ្នាទៀត។
អញ្ចឹង ថែរក្សាស្ថិរភាព សន្តិភាព ដោះស្រាយដោយសន្តិវិធីគឺជារឿងល្អបំផុត។ ខ្ញុំជឿថា ប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់ ជាពិសេសអ្នកនៅព្រំដែន នៅកំរៀងភ្នំព្រឹក្សអីហ្នឹង (ពិតជាជួបការលំបាក)។ ខ្ញុំតាមរាល់ថ្ងៃ ពេលបាញ់គ្នាហ្នឹង។ គ្រាប់ប្លោងនៅកំរៀង ចូលកន្លែងណាខ្លះ ភ្នំត្រងោល ភ្នំឆ័ត្រ ភ្នំមួយចំនួននៅហ្នឹង។ មិនមែនភ្នំឆ័ត្រកន្លែងអតីតយុទ្ធជនទេ។ មានភ្នំឆ័ត្រមួយទៀត ដែលមានទីតាំងគេប្លោងចូល ហើយត្រូវដក។ កុំឲ្យមាននៅហ្នឹងទៀត។ នៅបន្ទាយមានជ័យ យើងដឹងហើយ។ បន្ទាយមានជ័យប៉ះពាល់ច្រើនជាងគេ។ អញ្ចឹងធ្វើម៉េច រកវិធីដោះស្រាយ រក្សាលំនឹងឲ្យបាន។
(គ្រោះ)ទឹកជំនន់ក៏ដូចគ្នា។ ឆ្នាំនេះ យើងខំប្រឹងធ្វើប្រឡាយច្រើន។ ឥឡូវ យើងត្រូវធ្វើប្រព័ន្ធស្តុកទឹកបន្ថែមទៀត ទំនប់បន្ថែម រកវិធីដោះស្រាយ។ នៅខេត្តបន្ទាយមានជ័យ បានធ្វើប្រព័ន្ធប្រឡាយមួយ (ដើម្បីដោះ)ទឹកជំនន់មក។ ប៉ាន់ខែម ប៊ុនផន ទូរស័ព្ទមកអួតប្រាប់ខ្ញុំថា ទោះទឹកជន់យ៉ាងម៉េច ក៏វាមិនលិចដែរ។ ដល់ទីបំផុត ភ្លៀងមកលិច។ អត់ទូរស័ព្ទ មកប្រាប់ខ្ញុំទេ នៅពេលលិច។ ពេលធ្វើហើយអួត។ ប៉ុន្តែ យើងយកឱកាសហ្នឹងផងដែរដើម្បីពិនិត្យមើល។ បន្តិចទៀតនិយាយ នៅក្នុងការស្តារឡើងវិញនេះ។ ឥឡូវវាមានខូចផ្លូវ វាមានខូចស្រែចម្ការ វាមានកន្លែងដែលយើងត្រូវសិក្សាមើល ដើម្បីកសាងនិងបង្ការទៅថ្ងៃក្រោយ។
ចរចាបញ្ចប់សង្គ្រាម គឺបង្ការកុំឱ្យផ្ទុះឡើងវិញ។ ខិតខំរកវិធីដោះស្រាយដោយសន្តិវិធី វាស់វែង ដោះស្រាយតាមផ្លូវច្បាប់ ដែលមានស្ថិរភាព គ្មានយកសង្គ្រាមទៅបញ្ចប់សង្គ្រាមទេ។ គ្មានប្រទេសណាអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាម បើគ្មានចរចារកវិធីដោះស្រាយគ្នានោះទេ។ អ៊ុយក្រែន និងរុស្ស៊ី វាយគ្នា ៣ឆ្នាំ។ ប្រជាពលរដ្ឋស្លាប់រាប់លាននាក់។ មិនទាន់ចប់ទេ។ ឥឡូវ នៅដើររកគ្រាប់វាយគ្នាបន្ថែមទៀត។ សម្រាប់កម្ពុជា នរណាថាកំសាកក៏ថា តែយើងមិន(ដោះស្រាយតាមផ្លូវសង្គ្រាម)ទេ។ យើងដោះស្រាយការប្រឈមផ្ទាល់ មិនបានរត់ទេ តែយើងដោះស្រាយតាមសមរភូមិការទូត សមរភូមិផ្លូវច្បាប់សិន ព្រោះជីវិតប្រជាពលរដ្ឋថ្លៃ ជីវិតកងទ័ពថ្លៃ។
វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថរបស់យើងបានចេញច្បាំងតស៊ូការពារទឹកដីហើយ តែយើងក៏រកវិធីដោះស្រាយដែលមិនចាំបាច់ធ្វើសង្រ្គាម ព្រោះសង្គ្រាមវាមិនមែនប៉ះពាល់តែកងទ័ពទេ។ វាប៉ះពាល់ទាំងសេដ្ឋកិច្ចអ្នកព្រំដែន។ តែវាយគ្នាគឺបិទព្រំដែនហើយ។ តែវាយគ្នាប៉ះហើយ។ វាយគ្នានៅសល់គ្រាប់(មិនទាន់ផ្ទុះហើយ) …គ្មានភាពជឿជាក់ទៀតទេ ព្រោះមិនដឹងថ្ងៃណាផ្ទុះទៀត។ គិតតែពីធ្វើលេណដ្ឋានការពាររៀងៗខ្លួន ទាំងគេទាំងយើង … ផ្ទះនីមួយៗ នៅបាត់ដំបង ក៏ប្រហែលជាដូចគ្នានៅបន្ទាយមានជ័យ នៅឧត្តរមានជ័យ សុទ្ធតែមានគោយន្តដាក់របស់របរត្រៀមគេចចេញ។ វាយគ្នាពីរដងនេះ អត់ទាន់រើទេ។ ត្រៀមមិនដឹងថ្ងៃណាទៀត។ នេះបានន័យថាជាភាពមិនជឿជាក់ មិនប្រាកដប្រជានៃអនាគត។
រឿងធំ គឺរឿងប្រជាពលរដ្ឋ … បើខ្ញុំចង់ធ្វើជាអ្នកក្លាហាន ខ្ញុំសម្រេចថាវាយ។ មិនមែនស្លាប់ខ្ញុំទេ។ ឥឡូវអ៊ុយក្រែន រុស្ស៊ី មិនមែនស្លាប់មេដឹកនាំប្រទេសឯណា តែស្លាប់កងទ័ព និងប្រជាពលរដ្ឋ។ ថ្ងៃមុនទៅជួបជាមួយ គ្រួសារអតីតយុទ្ធជន នៅតាកឹងបៃតង។ ប្តីទើបស្លាប់។ ឥឡូវកូន៣-៤នាក់ចូលទៅទាហាន ដើម្បីបន្តកេរដំណែល។ គាត់ក្លាហាន។ អ៊ំស្រីថា ទោះបីជារបួសវាយលើកទី១ ប្តីគាត់ថាមិនឈប់ទេ គាត់ត្រូវតែនៅការពារទឹកដី។ គាត់ពលីទៅ កូនចូល(បំរើកងទ័ព)។ ខ្ញុំប្រាប់ថាក្នុងនាមជាមេដឹកនាំ បើយើងអាចជៀសបានពីការសម្លាប់គ្នា ហើយការពារទឹកដីបានដូចគ្នា ដោយមិនបានបោះបង់ទឹកដី យើងត្រូវតែធ្វើ។
អ្នកបាត់ដំបង អ្នកដែលនៅជួរមុខជាមួយសង្គ្រាម (ត្រូវការ)ស្ថិរភាព។ បើយើងអត់មានមនុស្ស យើងអត់អាចនិយាយរឿងកសិកម្មបានទេ។ ដីទុកចោល។ ប្រជាពលរដ្ឋរត់ភៀសសឹក។ អញ្ចឹង ការធានាស្ថិរភាពបែបនេះ គឺជាអ្វីដែលយើងត្រូវបន្តតទៅទៀត។ យើងមានហើយប្លង់រឹង។ ការដោះស្រាយដោយប្រើផ្លូវច្បាប់ត្រូវការពេលវេលាតែប៉ុណ្ណឹង។ សូមប្រជាពលរដ្ឋយោគយល់។ ការចង់បានឱ្យចប់ឆាប់ៗ បើធ្វើបានជាការល្អ។ តែ បើសិនជាបានឆាប់តែមិនចប់ ហើយយូរបន្តិចតែវាចប់ សុខចិត្តយូរបន្តិចចុះ ប៉ុន្តែឱ្យវាចប់ ឱ្យវាស្ងប់ ឱ្យវាចប់តែម្តងទៅ។ កុំចប់ហើយមានឡើងវិញ។ តាំងពីដើមមក តាំងពីសម្តេចតេជោ លោកយល់ច្បាស់ណាស់ ។
អម្បាញ់មិញជួបអតីតយុទ្ធជន អ៊ំពិការម្នាក់យល់ណាស់ថា “គ្មានសង្គ្រាមណាបញ្ចប់សង្គ្រាម” ទេ មានតែវាយគ្នាសងសឹកគ្នាទៅវិញទៅមកអត់ចេះចប់ទេ។ យើងឃើញហើយបទពិសោធន៍ពិភពលោក។ នេះគឺជាគោលដៅសំខាន់សម្រាប់យើង ទុកពេលដកដង្ហើម។ ត្រឡប់មកជួយរឿងទឹកជំនន់ក៏ដូចគ្នា ឱ្យទឹកវាស្ងប់ រកវិធីដោះ ថ្ងៃក្រោយបង្កាវាតាមរយៈការធ្វើប្រឡាយធ្វើអី។ ប៉ុន្តែ ចំពោះមុខ ត្រូវតែដោះ។ បងប្អូនដែលរងគ្រោះពីទឹកជំនន់ ដល់ដំណាក់កាលស្តារឡើងវិញ នៅកន្លែងដែលអាចធ្វើបាន … ខ្ញុំក៏សូមអរគុណជាថ្មីដល់គ្រប់បណ្តាអ្នកពាក់ព័ន្ធទាំងអស់ អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ មុនគេ ប្រជាការពារ កងកម្លាំងប្រដាប់អាវុធនៅហ្នឹងកន្លែង មន្ទីរជំនាញ មន្ទីរកសិកម្ម មន្ទីរធនធានទឹក មន្ទីរសាធារណការ អភិវឌ្ឍន៍ជនបទ គ្រប់មន្ទីរ មន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាល គ្រប់តួអង្គស្ម័គ្រចិត្ត ដែលបានចូលរួមនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋយើង។
អរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អរគុណដល់គណៈកម្មាធិការគ្រប់គ្រងស្បៀង។ ថ្ងៃខ្ញុំចុះមកហ្នឹង ខ្ញុំអូសអ្នកកាន់ស្បៀងមកតែម្តងស្រួលបញ្ចេញ។ ខេត្តគាត់រ៉ាប់រងហើយ។ ក្រុមការងារថ្នាក់ជាតិដែលចុះជួយតាមបណ្តារាជធានីខេត្តដែលប៉ះពាល់ បានខិតខំជួយចុះជាប់ជាប្រចាំ។ ខេត្តក៏បានខិតខំ សប្បុរសជនក៏បានខិតខំ កាកបាទក្រហមក៏បានចូលជួយ។ រាជរដ្ឋាភិបាលក៏ត្រូវជួយគ្នាបន្តទៀត។ នេះហើយស្មារតីសាមគ្គីឯកភាពជាតិក្នុងពេលលំបាក។ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ជឿទុកចិត្តចុះ រាល់មានការលំបាក មិនបាត់មុខរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ មិនថាអាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការ ក្រសួងជំនាញ ក្រុមការងារគណៈពង្រឹងចុះជួយនោះទេ។
យើងមានមុខជាប់ជាប្រចាំ។ លោកអ៊ំ លោកតា លោកយាយ បានឃើញហើយៗ នៅបន្តតទៅទៀត។ ជឿទុកចិត្តចុះ។ (យើងជួយគ្នា)មួយដៃមួយជើង។ អត់មានអីក៏ដោយ មិនបាច់ចាំរកស្បៀងអីភ្លាមទេ ឱ្យតែឃើញមុខកងកម្លាំងមានទូកជិះទៅក្បែរហ្នឹង ប្រហែលជាសប្បាយចិត្តហើយ។ ត្រូវទេ? ព្រោះមិនដឹងថាទឹកឡើងពីកាលណា ប៉ុន្តែមានគេមកហើយ។ យ៉ាងហោចណាស់ក៏មានគេដឹកខ្ញុំទៅរកទីទួលសុវត្ថិភាពដែរ។
ពង្រីកឱ្យលឿន អនុវត្តឱ្យលឿន ហើយបន្តតទៅទៀត គ្រប់កាលៈទេសៈទាំងអស់។ និយាយបែបនេះ ផ្អែកទៅលើអី ផ្អែកទៅលើរឿងពិតដែលយើងដោះស្រាយ។ យើងដោះស្រាយ ៤០ឆ្នាំហើយ តាំងពីរំដោះមក ប៉ុន្តែយើងថាចង់ឱ្យឧទាហរណ៍ជាក់ស្តែងក្នុងមួយឆ្នាំនេះ ក្នុងកាលៈទេសៈដែលលំបាកបំផុត យើងអាចចាត់ទុកថាជាការលំបាកមួយដែលយើងមិនបានប្រឈមនៅក្នុងរយៈពេលជាង ៣០ឆ្នាំ គឺសង្គ្រាមកម្រិតនេះ ជ្រៅដល់ក្នុងដីបែបនេះ រវាងប្រទេសនិងប្រទេស។ ពីមុនយើងមានសង្គ្រាមផ្ទៃក្នុង តែឥឡូវរវាងប្រទេសនិងប្រទេស។ ទឹកជំនន់ ស្ថានភាពសេដ្ឋកិច្ចបិទព្រំដែនរយៈពេលវែង តែយើងអាចធ្វើតទៅទៀតបាន។ សូមអរគុណជាថ្មី ចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋនិងការតស៊ូរបស់ប្រជាពលរដ្ឋ ដែលលំបាកតែមិនស្លាប់។ យើងក៏មិនបោះបង់ ក្រោយពីការលំបាក គឺងើបឈរឡើងវិញ។
ខ្ញុំទៅឧត្តរមានជ័យ ជួបលោកតា លោកយាយ នៅស្រះកែវ។ ឥឡូវដាក់ស្រះកែវចងចាំ។ ទៅតាកឹងបៃតង ឥឡូវដាក់តាកឹងបៃតងចងចាំ។ ចងចាំស្អីភូមិហ្នឹង? ចងចាំអំពីការលំបាកនៃសង្គ្រាម ជៀសវាងឱ្យបាន ចងចាំភាពរឹងមាំរបស់ប្រជាពលរដ្ឋយើង ដែលទោះលំបាកយ៉ាងណាក៏អាចកសាងភូមិ។ ភូមិនេះ ទោះបីជាថ្ងៃក្រោយ យើងដោះស្រាយព្រំដែនចប់(ហើយក្តី) ប្រជាពលរដ្ឋគាត់ត្រឡប់ទៅដីគាត់វិញក៏ដោយ តែភូមិនេះនៅតែជាភូមិ ព្រោះដីមួយផ្នែកប្រគល់ឱ្យគាត់ហើយ គាត់នឹងបន្តកសាងពង្រីកភូមិនេះឡើងទៀត។ នៅជំពាក់ភូមិរង់ចាំ នៅបន្ទាយមានជ័យ។ នៅជំពាក់នៅហ្នឹង មិនទាន់បានទៅ។
ប៉ុន្តែ សម្តេចតេជោក៏បានទៅ ឥស្សរជនយើងក៏បានទៅច្រើន ភូមិរង់ចាំ។ ខ្ញុំបានទៅកន្លែងពីរនោះ។ ថ្ងៃណាមួយ ខ្ញុំនឹងទៅរង់ចាំដែរ។ ពេលដែលខ្ញុំមើលសារ មានបងស្រីម្នាក់ថា សម្តេចទៅហើយឧត្តរមានជ័យ ព្រះវិហារ តែនៅឡើយរង់ចាំខ្ញុំ។ គង់តែទៅទេ។ ទៅអត់មានប្រាប់ទេ។ ទៅស្ងាត់ៗ កុំឱ្យរំខាន។ ខ្ញុំឃើញកន្លែងខ្លះទើបចូលនៅបាន ៣ខែ បងប្អូនឧស្សាហ៍ធ្វើការកសាងជីវភាពឡើងវិញ។ គាត់រៀបចំដាំបន្លែ គាត់រៀបចំចិញ្ចឹមសត្វ គាត់កសាងសេដ្ឋកិច្ច មានអ្នកលក់មានចាបហួយអីពេញហ្នឹង។ នេះគឺជាចំណុចរឹងមាំរបស់ប្រជាពលរដ្ឋរបស់យើងដែលយើងត្រូវបន្ត។
ដែលចុះមកជួបនៅថ្ងៃនេះ ក៏មិនមានអីច្រើនទេ ហើយក៏មិនវែងដែរ ព្រោះអ៊ំៗ ងើបតាំងពីម៉ោង១២ ត្រូវត្រឡប់ទៅវិញ។ ទម្រាំទៅដល់វិញ ប្រហែលជាផុតបាយថ្ងៃត្រង់ហើយទេដឹង? អ្នកនៅឆ្ងាយ។ កន្លែងខ្លះផ្លូវដាច់។ ស្តារឡើងវិញ ស្តារជីវភាពរស់នៅ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមជួយមើលគ្រាប់ពូជ ស្រូវពូជអីផ្សេងៗ ដែលអាចផ្តល់ជូនបាន កន្លែងណាដែលអាចស្តារបាន។ កន្លែងខ្លះទឹកនៅមិនទាន់(ស្រក បើយើង) អាចជួយបាន ក៏យើងផ្តល់ស្បៀងបម្រុងជួយ។ ក្រសួងកសិកម្ម និងក្រសួងធនធានទឹកត្រូវមើល។
អម្បាញ់មិញអ៊ំនៅស្រុកណាមួយថា «ខែប្រាំងវាអត់ទឹក ដល់ទឹកមកវាច្រើនពេក»។ ពីនេះទៅដល់ខាងមុខគឺប្រយ័ត្នអត់ទឹកឡើងវិញ។ នៅទូទាំងពិភពលោកកំពុងតែត្រៀមលក្ខណៈ(ប្រឈមនឹង)បាតុភូតអែលនីញ៉ូ (El Niño)។ ត្រូវមើលការប្រើប្រាស់ទឹក និងការគ្រប់គ្រងទឹកឱ្យបានហ្មត់ចត់។ ប្រើប្រាស់និងគ្រប់គ្រងយ៉ាងណាកុំឱ្យឥឡូវសំបូរទឹក ស្រាប់តែចុងរដូវបាត់អស់។ យើងមើលតាមហ្នឹង។ ពេលដែលមុនទឹកឡើងទឹកលិច យើងរងគ្រោះដោយអែលនីញ៉ូ អាងស្តុកទឹកមួយចំនួនសឹងតែអស់ទឹក។ តែដល់ពេលទឹកភ្លៀងទឹកជន់មក តែប៉ុន្មានថ្ងៃពេញរាប់លានម៉ែត្រគូបឡើងវិញ អញ្ចឹងអាចស្តុកបាន។ អញ្ចឹងបានថាក្នុងគ្រោះមានលាភដែរ។ បើចាំភ្លៀងមកបំពេញអាងហ្នឹង អត់ងាយទេ។ តែវាឡើងមកជ្រុល។ តែអត់អីទេ។
ទី២ ខាងជួសជុលផ្លូវឡើងវិញ។ សូមឱ្យខាងអភិវឌ្ឍន៍ជនបទ សាធារណការមើល។ ពិសេសមើលយកបទពិសោធហ្នឹងតែម្តង … បានន័យថា ត្រវសិក្សាអំពីប្រព័ន្ធលូ។ ផ្លូវជនបទដាក់លូប៉ុន្មានតឹក? (តំណាងឆ្លើយ៖ លូមានតាមទំហំ ដែលកន្លែងខ្លះមាន ៨តឹក …) កន្លែងខ្លះយើងមើលវាយតម្លៃអត់ត្រូវ ដោយយោងទៅលើការសិក្សា។ នេះទឹកធំ បើធ្វើក៏ធ្វើសម្រាប់ទឹកធំទៅ ព្រោះជួនកាលស្តង់ដាបច្ចេកទេសយើងកំណត់យកកំពស់ទឹកល្មមរាល់ៗ ឆ្នាំ។ អញ្ចឹងយើងដាក់លូមុខប៉ុណ្ណឹង។ ពេលម្តងនេះបានដឹងថាវាធំ វាដល់កម្រិតអតិបរមាដែលយើងចង់បាន។ កន្លែងណាដែលអាចកែដាក់លូធំ ដាក់ទៅ កុំឱ្យថ្ងៃក្រោយមកលំបាកទៀត។
យកឱកាសដែលលំបាកនេះមើលដែរ ថាតើលិចនេះលិចដោយសារអី? តើយើងអាចធ្វើអីបង្កា? ដូចចុះទៅសិក្សានៅបន្ទាយមានជ័យអញ្ចឹង។ ប្រឡាយធ្វើហើយ ប៉ុន្តែទឹកមកពីអូរជ្រៅហ្នឹងវានៅតែលិច។ ពិនិត្យចុះឡើងនៅសល់ដីតែប៉ុន្មានគីឡូមែត្រសោះអត់មានតំណមុខមុខទឹកមក។ អញ្ចឹង យកឱកាសហ្នឹងបើកមុខទឹកទៅ។ យកឱកាសហ្នឹងតែម្តង។ ធ្វើស្អីក៏ដោយធ្វើតេស្ត maximum ពេលដែលស្អីឡើងមក maximum វាអត់លិច វាអត់លង់ វាអត់បាក់។ ហ្នឹងហើយគឺជាឱកាស។
សូមឱ្យស្តារឡើងវិញ។ ខាងអភិវឌ្ឍន៍ជនបទ សាធារណការ ជាមួយធនធានទឹក ពិនិត្យមើល។ កុំឱ្យថាផ្លូវហ្នឹង ដេកបន់ថាកុំឱ្យទឹកឡើង។ តែឡើងបាក់ទៀតហើយ។ យកឱកាសហ្នឹងធ្វើទៅ ដើម្បីឱ្យថ្ងៃក្រោយ(ទឹកធំ)ប៉ុណ្ណាក៏វាមិនអីដែរ។ ប៉ាន់ខែម ប៊ុនថន មកទេ? អត់បានមកទេ។ នៅដោះស្រាយនៅបន្ទាយមានជ័យ។ ទូរស័ព្ទមកប្រាប់ខ្ញុំ «បងៗ ខ្ញុំរាយការណ៍ ប្រឡាយយើងឥឡូវល្អណាស់។ មកពីអូរខៃដនហ្នឹង អត់លិចទេ ប៉ុន្មានក៏មិនលិចដែរ»។ ៣ថ្ងៃក្រោយលិចបាត់។ ពេលលិចបាត់ អត់ទូរស័ព្ទមករាយការណ៍ទេ … ដល់ខ្ញុំទូរស័ព្ទទៅថា «ម៉េចមិនរាយការណ៍?» គេថា «ខ្ញុំដាក់នៅក្នុងគ្រុប តែបងអត់មើល!»។ ទើបប្រាប់ ៣ថ្ងៃ(មុន)ថាទឹកប៉ុណ្ណាក៏មិនលិច។ ៣ថ្ងៃក្រោយមកលិចបាត់។
ប៉ុន្តែ ប្រព័ន្ធប្រឡាយយើងធ្វើហើយបានជាង ១រយគីឡូ អូសទៅទន្លេសាប ហើយត្រូវបន្តបន្ថែមទៀត។ ថ្ងៃមុនចុះទៅមើលគឺមានផ្លូវទឹកមួយចំនួន ប្រឡាយមួយចំនួន ដែលយើងត្រូវស្តារ ត្រូវអីបន្តទៀត។ យកឱកាសហ្នឹងធ្វើ។ កន្លែងណាដែលត្រូវធ្វើអាងស្តុកទឹក ត្រូវដាក់ទ្វារទឹក ត្រូវធ្វើទំនប់បង្ហៀរយ៉ាងម៉េច ដើម្បីរក្សាទឹកពេលស្រកទៅនៅសល់ទឹក។ កន្លែងណាដែលត្រូវដោះស្រាយទឹកសម្រាប់កសិកម្ម កន្លែងណាដែលដោះស្រាយទឹកសម្រាប់ហូប។ ដូចទៅឯកភ្នំថ្ងៃមុន គឺមានសំណើឱ្យសិក្សាទ្វារទឹកនៅខាងក្រោម។ ខ្ញុំថាសិក្សាមើលៗ ទឹកសម្រាប់កសិកម្មហ្នឹងត្រូវធ្វើហើយ ប៉ុន្តែទឹកស្អាតសម្រាប់ប្រជាពលរដ្ឋក៏ត្រូវគិតដែរ។
ថាមានខាងមន្ទីរ/ក្រសួងឧស្សាហកម្ម មានកន្លែងចម្រោះទឹកពីលើ។ អញ្ចឹង អាចថាមើលទុយោទឹកអី ព្រោះកន្លែងចម្រោះទឹក យើងអត់អាចធ្វើច្រើនទេ ធ្វើតែមួយធំហ្នឹង។ ប៉ុន្តែតប្រព័ន្ធទឹកទៅសម្រាប់ទឹកស្អាត។ តែសម្រាប់ការស្រោចស្រព ហ្នឹងយើងអាចមើល សិក្សាមើលទៅខាងក្រសួង ព្រោះបើថាស្រោចស្រព ប្រហែលជាស្រោចមិនអស់ដែរទេ ព្រោះចូលទៅទន្លេសាប។ អញ្ចឹងត្រូវមើលកម្រិតណាដែលយើងអាច(រក្សាទុក)។ សំខាន់ ទឹកសម្រាប់ប្រើប្រាស់ហូបចុកពេលខែប្រាំង បូកជាមួយការការពារកុំឱ្យទឹកជំនន់ខែវស្សា។ យើងគ្រប់គ្រងទឹកគឺពីរហ្នឹង «ខែវស្សាកុំឱ្យលិចលង់ ខែប្រាំងកុំឱ្យខ្វះទឹក»។
ដោយហេតុនេះទើបបានជាយើងបន្តធ្វើអាងទឹកទំនប់ច្រើន។ ត្រូវទៅសម្ពោធទំនប់ដូនទ្រីនៅចុងឆ្នាំនេះ។ ពោធិ៍សាត់ ថ្ងៃមុន គឺឯកឧត្តម ខូយ រីដា ទឹកអត់លិច។ ទើបតែថ្ងៃក្រោយឃើញទឹកលិច។ អត់ទូរស័ព្ទមករាយការណ៍ដែរ។ តែបានទំនប់មួយយើងធ្វើហើយសម្រាប់ស្ទឹងពោធិ៍សាត់ហ្នឹង ទប់បាន ១,២០០លានម៉ែត្រគូប … អញ្ចឹងធានារដូវ(ប្រាំងខាងមុខ)។ កន្លែងខ្លះយើងយកទំនប់ហ្នឹងបូកជាមួយវារីអគ្គិសនី បានទាំងភ្លើងទប់ទាំងទឹក។ នេះហើយគោលនយោបាយសាងសង់ ៤០ឆ្នាំមកនេះ ដែលសម្តេចតេជោ បានដាក់ចេញជាទិសដៅអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង»។ សុទ្ធតែរបស់ត្រូវការទាំងអស់។
បើមានបញ្ហាបិទព្រំដែនអី យើងអាចធានាភ្លើងក្នុងស្រុក យើងអាចធានាអ៊ិនធឺណិតផ្សេងៗ បាន។ យើងបន្តធ្វើតទៅទៀត មិនទាន់រឹងមាំនៅឡើយទេ ហើយក៏មិនទាន់គ្រប់ ព្រោះតម្រូវការប្រជាជនកាន់តែកើន។ មនុស្សក៏កាន់តែកើន សេដ្ឋកិច្ចក៏កាន់តែប្រែប្រួល ពីកសិកម្មដែលប្រើប្រាស់ភ្លើងតិច ទៅជាឧស្សាហកម្ម ទៅជាកម្មន្តសាល IT អី សុទ្ធតែប្រើច្រើន។ យើងនៅបន្តធ្វើតទៅទៀត … យើងជួបគ្នាក្នុងដំណាក់កាលមួយដែលផុតពីរងគ្រោះ ដំណាក់កាលដែលយើងចាប់ផ្តើមស្តារឡើងវិញ ដំណាក់កាលដែលយើងត្រូវបន្តដំណើរតទៅមុខទៀត កម្ពុជាយើងឱ្យកាន់តែរឹងមាំ។
ជួបអ្នកបាត់ដំបងថ្ងៃនេះ ប៉ុន្តែជានិមិត្តរូបសម្រាប់ជួបជាមួយបងប្អូនប្រជាជនទូទាំងប្រទេស ក៏ផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់(ដោយសារទឹកជំនន់ទាំងអស់) មិនមែនមកទីនេះចែកតែអ្នកបាត់ដំបងទេ។ ការជួបសំណេះសំណាលពេលនេះ(គឺជាការជួបតំណាងឲ្យទូទាំងប្រទេស)។ ក្រុមការងាររបស់គណៈពង្រឹងត្រូវបន្តចុះទៅដល់ឃុំ។ ឥឡូវយើងមកនេះតែ ១ម៉ឺនគ្រួសារ ក្នុងចំណោមអ្នកប៉ះពាល់ ៦ម៉ឺនគ្រួសារជាង នៃទូទាំងប្រទេស ១២ម៉ឺនគ្រួសារ។ អញ្ចឹង សូមឱ្យអាជ្ញាធរបណ្តាខេត្តពាក់ព័ន្ធ ស្រុកទាំងអស់ សហការជាមួយក្រុមការងារគណៈពង្រឹង ក្រុមការងារថ្នាក់ជាតិចុះជួយ ដើម្បីជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅគ្រប់កន្លែង ធ្វើយ៉ាងម៉េចឱ្យបានលឿន។ នៅចុងខែ១១នេះ យើងត្រូវចាប់ផ្តើមធ្វើស្រូវប្រាំងធ្វើអីបន្តទៀត … ឬមួយធ្វើចម្ការ ឬមួយស្អីដែលយើងអាចធ្វើទៅបាន។
ថ្ងៃមុន បានចុះទៅមើលគម្រោង LASED នៅឧត្តរមានជ័យ។ ប្រជាពលរដ្ឋគាត់មានផ្ទះសំណាញ់ មានមាន់ចែកជូន។ មាន់ខ្ញុំស្មានតែ ៥ក្បាល សួរទៅ ១០០ក្បាលជាង។ មិនមែន(ត្រឹមតែ)ឱ្យចិញ្ចឹមទេ គឺធានាទីផ្សារទៀត។ យើងឱ្យគាត់ចិញ្ចឹមហើយ យើងធានារកឱ្យទីផ្សារ … អញ្ចឹងគ្រប់តំបន់អភិវឌ្ឍផ្ទះជនភៀសសឹក មិនថានៅបន្ទាយមានជ័យ ក៏យើងឱ្យធ្វើអញ្ចឹង។ កន្លែងណាដែលអត់មានដីឯកជន យើងឱ្យធ្វើដីសហគមន៍រួម ដើម្បីយកចំណូលរួមចែកទៅឱ្យគាត់។ យើងអត់បោះចោលទេ។ យើងអត់ព្រលែងគាត់ចោលទេ។ (មិន)ជូនតែផ្ទះ ជូនតែដីទេ តែយើងនៅបន្តថែរក្សា។ ប្រជាជនដែលអត់ដីពិតប្រាកដ សូមកុំទៅកាប់ទន្ទ្រានដីអីរបស់រដ្ឋ ដាក់ឈ្មោះទៅអាជ្ញាធរមូលដ្ឋានគឺ LASED អាចនឹងជួយ។
យើងមានគម្រោងនៅស្ទឹងត្រែង។ ខ្ញុំទៅមើលទៀត។ គម្រោងផ្តល់ដីឱ្យប្រជាពលរដ្ឋដែលអត់ដីទូទាំងប្រទេស។ ឥឡូវធ្វើដំណាក់កាលដំបូងដូច ៥រយ-៧រយគ្រួសារ។ យើងបន្តធ្វើទៀត។ ទាំងគម្រោង LASED គម្រោងផ្ទះអតីតយុទ្ធជន អតីតមន្ត្រី សុទ្ធតែជាគម្រោងដែលរៀបចំដីផ្ទះជូនប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ កុំលំបាកទៅកាប់ដី នាំលំបាកប្រឈមនឹងច្បាប់ … រដ្ឋមិនធ្មេចភ្នែកឱ្យប្រជាជនស្លាប់ដោយសារអត់ដី អត់ផ្ទះនៅពិតប្រាកដនោះទេ។ សូមកុំជឿតាមមេក្លោងដែលបំផុស … អ្នកខ្លះទៅកាប់ហើយអស់លុយបង់លុយឱ្យមេខ្យល់ទៀត។ ចូលតាមកម្មវិធីរដ្ឋ អត់មាន(បង់លុយ)ទេ។ យើងផ្តល់ឱ្យៗ តែអត់មានដីពិតប្រាកដ។ ប្រជាជនដែលលំបាកយើងជួយ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនឹងបន្តធ្វើ។
នៅបាត់ដំបងក៏មាន LASED ដែរ ប៉ុន្មានគ្រួសារបានទទួលផល? (ឆ្លើយ៖ ជាង ៤រយគ្រួសារ) … យើងនៅបន្តគម្រោងនេះ។ (នៅមាន)គម្រោងផ្សេងៗ(ទៀត)។យើង LASED ធ្វើជាមួយ World Bank។ ក្រៅពីហ្នឹងយើងមានគម្រោងផ្ទាល់ខ្លួនសំរាប់អតីតយុទ្ធជន អតីតមន្ត្រីផងដែរ។ ឯកឧត្តម គន់ គីម គាត់ច្នៃធ្វើ។ សូមសរសើរ ផ្ទះសរុបទាំងអស់ចូលជិត ៦,០០០ខ្នង ក្នុងប៉ុន្មានខែ។ ខ្ញុំជួបប្រជាពលរដ្ឋជនភៀសសឹកខែ១២ ខ្ញុំបានប្រាប់គាត់ថា «… ដំណាក់កាលដែលយើងចរចានោះរយៈពេលវែង យើងត្រូវគិតគូរពីកន្លែងស្នាក់នៅបណ្តោះអាសន្នជូនគាត់ មិនអាចឱ្យគាត់នៅក្រោមតង់ទេ»។ ៦,០០០ ផ្ទះ ធ្វើក្នុងរយៈពេល ២ខែ ៣,០០០ ផ្ទះ នៅបន្ទាយមានជ័យ ជិត ២,០០០ ផ្ទះ នៅឧត្តរមានជ័យ និងព្រះវិហារ។ ដាក់មួយប្រាវលឿន។
ឥឡូវធ្វើផ្ទះ គាត់ថែមបន្ទប់ទឹក។ កាលមុនអត់មានទេ។ ពូ គីម ទៅណាបាត់ហើយ? (ឆ្លើយ៖ ចុកជើង) អូ! ចុកជើងឬពូ? កាលពីមុនខ្ញុំទៅចុងកាល់ម្តង ទៅចែកផ្ទះអតីតយុទ្ធជន ឃើញតែផ្ទះ ចុះទៅណាបន្ទប់ទឹក? កាន់ចបសិនទៅ។ អត់ទេ។ ដាក់បន្ទប់ទឹក តទឹក មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង។ (កាលមុន)លុយស្ទើរ តែឥឡូវគ្រប់ហើយ។ ខ្វះអីមិនខ្វះ ទៅខ្វះកន្លែងសំខាន់ ខ្វះចង្ក្រានតបាន តែខ្វះបង្គន់ពិបាកណាស់។ ហ្នឹងគេថា «ពេលដែលធម្មជាតិហៅ គឺត្រូវតែទៅហើយ»។ យើងបានវិវត្តទៅល្អ។ អរគុណចំពោះការរៀបចំសាជាថ្មី។ អរគុណចំពោះប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួម។ ខ្ញុំមានតែប៉ុណ្ណឹងទេ ដើម្បីកុំឱ្យយូរ អ៊ំ ពូ មីង អាចអញ្ជើញត្រឡប់ទៅវិញបាន។
អញ្ចឹងថ្ងៃនេះ សម្រាប់គ្រួសាររងគ្រោះដោយទឹកភ្លៀងនិងត្រូវការស្រូវពូជ(៤,៣២៤ គ្រួសារ) យើងមានស្រូវពូជ ១០០គីឡូក្រាម, ថវិកា ១០ម៉ឺនរៀល, សម្រាប់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង និងត្រូវទទួលស្បៀង (៦,៣៧៦ គ្រួសារ) យើងមាន អង្ករ ២៥គីឡូក្រាម, ទឹក ១កេស, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ថវិកា ១០ម៉ឺនរៀល។ ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៣ លានរៀល និងសាលាក្រុងបាត់ដំបង ថវិកា ២ លានរៀល។ សូមអរគុណ៕


