ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
ឯកឧត្តម ឯកអគ្គរាជទូត អគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និង
និស្សិតជ័យលាភីទាំងអស់ ជាទីមេត្រី !
ថ្ងៃនេះ ថ្ងៃល្អមួយ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ២ ខ្នង, និង ពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាឱកាសនេះ ។ យើងពិតជាមានមោទនភាព ដោយសារយើងទទួលបានធនធានមនុស្សបន្ថែម សម្រាប់វិស័យសុខាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ។
ខ្ញុំសូមសម្តែងនូវការអបអរសាទរ និង កោតសរសើរចំពោះនិស្សិតជ័យលាភី ដែលបានខិតខំ, អត់ធ្មត់, ឆ្លងកាត់ការសិក្សា រហូតទទួលបានជោគជ័យគួរជាទីមោទនៈ នាពេលនេះ ។ សមិទ្ធផលនេះ កំពុងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ប្អូនៗ ក្នុងការចូលរួមថែរក្សាសុខភាព និង ការពារជីវិតរបស់ប្រជាពលរដ្ឋ ។ ជោគជ័យនេះ ជាការលះបង់ គាំទ្រ និង លើកទឹកចិត្តដ៏ធំធេងពីអាណាព្យាបាល និង ក្រុមគ្រួសារ, ព្រមទាំង ការខិតខំបណ្តុះបណ្តាល និង ណែនាំពីសំណាក់សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា របស់សាកលវិទ្យាល័យ ។ ខ្ញុំសូមថ្លែងអំណរគុណ និង កោតសរសើរចំពោះ មាតាបិតា និង អាណាព្យាបាល ដែលបានចិញ្ចឹមបីបាច់ អប់រំ និង គាំទ្រកូនក្មួយ រហូតទទួលបានជោគជ័យ, និង សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ដែលជាមោទនភាព និង ក្តីសង្ឃឹមរបស់គ្រួសារ និង សង្គមជាតិ ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភី នឹងយកចំណេះដឹង និង ជំនាញដែលបានក្រេបជញ្ជក់ ទៅបំពេញតួនាទីជាអ្នកផ្តល់សេវាសុខាភិបាល, អ្នកស្រាវជ្រាវ, អ្នកអប់រំ, អ្នកគ្រប់គ្រង និង ជាអ្នកដឹកនាំសុខភាព នាពេលអនាគត ប្រកបដោយសីលធម៌វិជ្ជាជីវៈ សុចរិតភាព, គុណធម៌, វិន័យ និង ការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ ។ ប្អូនៗត្រូវចងចាំថា សញ្ញាបត្រដែលប្អូនៗទទួលបាននៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការរៀនសូត្រទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការរៀនសូត្រពេញមួយជីវិត ។ ចាប់ពីថ្ងៃនេះតទៅ, ប្អូនៗត្រូវបន្តរៀន, បន្តស្រាវជ្រាវ និង បន្តអភិវឌ្ឍសមត្ថភាពខ្លួនជានិច្ច ដើម្បីធានាថា ប្អូនៗអាចផ្តល់សេវាសុខាភិបាល ប្រកបដោយ វិជ្ជាជីវៈ និង សុវត្ថិភាព ។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលតែងតែខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការផលិតធនធានមនុស្សសុខាភិបាលនៅកម្ពុជា ប្រកបដោយ ជំនាញច្បាស់លាស់, សីលធម៌វិជ្ជាជីវៈ និង មនុស្សធម៌ អស់រយៈពេលប្រាំបីទសវត្សរ៍កន្លងមក, ក្នុងនោះ និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យនៅសាកលវិទ្យាល័យ សរុបជាង ៣ ម៉ឺននាក់, ខណៈដែលនិស្សិតទទួលបានការងារក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា មានរហូតដល់ជាង ៩៦% ។ ទន្ទឹមនេះ, សាកលវិទ្យាល័យបាន និង កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានឆ្លុះបញ្ចាំង តាមរយៈ ការវិនិយោគជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង មិនរូបវន្ត, ដែលមានអគារសិក្សាថ្មីចំនួន ២ ខ្នង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។
ខ្ញុំសូមយកឱកាសនេះ ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ, សាស្រ្តាចារ្យ និង បុគ្គលិកសិក្សា នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថា «៨០ឆ្នាំមុន ជាមរតកដ៏មានតម្លៃ, ខណៈដែល ៨០ឆ្នាំក្រោយ ជាបេសកកម្មដ៏អស្ចារ្យ» ដោយត្រូវពុះពារប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទៅជាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឈានមុខមួយក្នុងតំបន់ ដែលមានការបណ្តុះបណ្តាលប្រកបដោយគុណភាព, មានការស្រាវជ្រាវប្រកបដោយកម្មវិបាក, និងមានប្រតិបត្តិការប្រកបដោយនវានុវត្តន៍ សំដៅកសាងមូលធនមនុស្សក្នុងវិស័យសុខាភិបាល ឆ្ពោះទៅការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ខាងមុខ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) គ្រប់ស្ថាប័នសិក្សា ថ្នាក់ដឹកនាំ/គណៈគ្រប់គ្រង, សាស្ត្រាចារ្យ/បុគ្គលិកសិក្សា និងនិស្សិត ជាមុំចង្ក្រានជួយគ្នា
តួអង្គ ៣ នៅក្នុងការបណ្តុះបណ្តាល មិនថានៅសកលវិទ្យាល័យ ឬនៅស្ថាប័ន(សិក្សា)នៅសាលា ទី១ គឺថ្នាក់ដឹកនាំគណៈគ្រប់គ្រង, ទី២ សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងទី៣ និស្សិត។ តួអង្គ ៣នេះ គឺជាមុំចង្ក្រានដែលជួយគ្នា។ ថ្នាក់ដឹកនាំកំណត់ទិសដៅចក្ខុវិស័យនិងបេសកកម្ម (vision and mission)របស់ស្ថាប័ន ជាអ្នកកំណត់និយាមស្ដង់ដានិងកំណត់អភិក្រមក្នុងការបណ្តុះបណ្តាល។ នេះកំណត់លទ្ធភាព លទ្ធផល និងប្រភេទនៃធនធានដែលចង់ផលិតចេញទៅយ៉ាងណា។ ការដាក់ទិសដៅត្រូវបានដឹកនាំអនុវត្តដោយសាស្ត្រាចារ្យ និងបុគ្គលិកសិក្សា ដែលជាតួអង្គសំខាន់ក្នុងការប្រែក្លាយគោលនយោបាយ ឬទិសដៅដែលកំណត់ដោយថ្នាក់ដឹកនាំសាលាឱ្យទៅជាសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តភារកិច្ចខ្លួនដោយទទួលខុសត្រូវ ការស្រាវជ្រាវបន្ថែម ការបង្កើត ការរៀបចំវិធីសាស្ត្របង្រៀនផ្សេងៗ។ ទាំងពីរនេះបានចេញទៅដល់និស្សិតជាអ្នកទទួល។ និស្សិត បានទទួលផលពីការគិតគូររបស់ថ្នាក់ដឹកនាំសាលា គណៈគ្រប់គ្រងសាលា បូកជាមួយការគិតខំរបស់សាស្ត្រាចារ្យ បុគ្គលិកសិក្សា ទើបបានចេញជាលទ្ធផលជាមេរៀន ចេញជារបៀបបង្រៀនមកឱ្យយើង ចេញជាទិសដៅសម្រាប់ឱ្យយើងស្រាវជ្រាវ ឱ្យយើងខិតខំអនុវត្តតាមគោលការណ៍ … ហើយនិស្សិតជាអ្នកបង្ហាញនូវសមិទ្ធផល និងលទ្ធផលនៃគុណភាព ដែលថ្នាក់ដឹកនាំនិងសាស្ត្រាចារ្យខំបញ្ចេញទៅក្នុងសង្គម។
(២) គ្រូពេទ្យគ្រប់ជំនាញចេញពីសាលាក្រហមទៅ ព្យាបាលមានប្រសិទ្ធភាព នឹងផ្តល់តម្លៃមកសាលាវិញ
បើនិស្សិត គ្រូពេទ្យ គ្រប់ជំនាញដែលចេញពីសាលាក្រហមទៅ មានសមត្ថភាពព្យាបាលមនុស្សជា គេហៅថា គ្រូពេទ្យពូកែ។ អញ្ចឹងក៏ទាញត្រឡប់មកវិញនូវតម្លៃសាលា លើកតម្កើងភាពជឿជាក់របស់ឪពុកម្តាយ ប្រជាពលរដ្ឋ និងសិស្សផ្សេងៗទៀត ជំនាន់ក្រោយៗឱ្យចង់ចូល(រៀននៅ)សាលា(ក្រហម)។ ដូច្នេះ មុំចង្ក្រាន ៣នេះ ជួយគ្នាទៅវិញទៅមក បាត់មួយណាក៏អត់បាន ក្នុងការពង្រឹងសមត្ថភាព និងភាពជឿជាក់ទៅលើអង្គភាពមួយ។ សិស្សខំប្រឹងរៀនយ៉ាងម៉េចក៏ដោយ ប៉ុន្តែបើថ្នាក់ដឹកនាំដាក់ទិសដៅខុស កំណត់និយមទាប មិនច្បាស់លាស់ ក៏ពិបាក។ ទោះបីជាសាស្ត្រាចារ្យខំសិក្សាយ៉ាងម៉េចក៏ដោយ ក៏នៅតែត្រឹមកម្រិតដែលមិនអាច(លើកកំពស់គុណភាពបាន ព្រោះ)បើគេ(ឈាន)ដល់ AI ដល់បច្ចេកវិទ្យា(ទៅហើយ តែ)ថ្នាក់ដឹកនាំថាកុំឱ្យ(ប្រើ)បច្ចេកវិទ្យា កុំយក AI ចូល(មកក្នុងកម្មវិធីសិក្សា និង)បង្រៀនតែ(តាមរបៀប)ដើម … បើដូចហ្នឹងវានៅតែប៉ុណ្ណឹង។ ប៉ុន្តែបើថ្នាក់ដឹកនាំថា ត្រូវតែផ្គុំជាមួយ AI រៀបចំកម្មវិធី(បង្រៀន) ដើម្បីឈានទៅចាប់ AI ភ្ជាប់ជាមួយសាលា ដើម្បីយើងធ្វើជាកម្មវិធីបណ្តុះបណ្តាលនិងស្រាវជ្រាវ ហើយគ្រូ បុគ្គលិកសិក្សា សាស្ត្រាចារ្យ ត្រូវខិតខំស្រាវជ្រាវបន្ថែម តម្លើងមេរៀនរបស់ខ្លួន (ដូច្នឹងក៏វា)នឹងចេញតាមហ្នឹង។ នេះគឺជាមុំចង្ក្រាន៣ ដែលសំខាន់ ហើយទាំង ៣នេះ គឺជាតួអង្គដែលកំណត់នូវគុណភាពធនធានមនុស្ស(ក្នុងវិស័យសុខាភិបាល)។
(៣) “ពេទ្យមិនមែនជាទេវតា តែធ្វើបេសកកម្មឱ្យទេវតា”
គុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល (មានការពាក់ព័ន្ធទៅនឹង)សុខភាពនិងជីវិតរបស់ប្រជាជន។ ខុសគេ(ពីមុខវិជ្ជាដទៃទៀត)។ ដោយហេតុនេះ បានជាខ្ញុំថា “មិនមែនជាទេវតា តែពេទ្យធ្វើបេសកកម្មឱ្យទេវតា” (គឺព្យាបាល)មនុស្សឈឺធ្វើឱ្យជា មនុស្សឈឺធ្ងន់ឱ្យស្រាល ហើយអាចជួយសង្គ្រោះជីវិតមនុស្សដែលជិតស្លាប់បាន … ពេលដែលអាយុ/ការរំពឹងរស់របស់ប្រជាពលរដ្ឋយើង (life expectancy) រីកចម្រើន អត្រាស្លាប់មាតានិងទារកបានធ្លាក់ចុះ ការជួយសង្គ្រោះសម័យកូវីដ (ដែល)អ្នកដែល(ឈឺ)ធ្ងន់បាននៅរស់ សុទ្ធតែបង្ហាញពីសមិទ្ធផលនិងសមត្ថភាពរបស់ពេទ្យដែលបាន(ទទួលការ)បណ្តុះបណ្តាល និងដែលភាគច្រើនលើសលប់ បានទទួលការបណ្តុះបណ្តាលក្នុងប្រទេស។ ពិតណាស់ យើងមានវេជ្ជបណ្ឌិតដែលទៅរៀននៅក្រៅ(ប្រទេស)អាចមានបង្កើនមួយចំនួន មានវេជ្ជបណ្ឌិតដែលទទួលការបណ្តុះបណ្តាលពេញនៅបរទេស តែវេជ្ជបណ្ឌិតយើងភាគច្រើន ទាំងឯកទេស គិលានុបដ្ឋាន ភាគច្រើនបានទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេស។ (ការណ៍ហ្នឹង)វាបង្ហាញអំពីការរីកចម្រើន និងភាពវិវត្តរបស់វិស័យសុខាភិបាល ពិសេសក្រោយ(ពីប្រទេសត្រូវបានរំដោះនៅឆ្នាំ)១៩៧៩ ដែលថាអ្នកចេះដឹងស្ទើរតែទាំងអស់ទៅហើយ ក្នុងនោះក៏មានពេទ្យដែរ ដែលត្រូវគេយកទៅវាយចោល។ នៅសល់តិចណាស់។
(៤) ការរីកធំធាត់នៃហេដ្ឋារចនាសម្ព័ន្ធ បញ្ជាក់អំពីការរឹងមាំនាពេលកន្លងមក និងត្រៀមរឹងមាំរយៈពេលវែង
អញ្ចឹង ក្នុង ៨០ឆ្នាំនេះ សាលាបណ្តុះបណ្តាលធនធានមនុស្ស(វេជ្ជសាស្ត្រ)បានជាង ៣ម៉ឺននាក់ ប៉ុន្តែយើងក៏ត្រូវចាំថា ក្នុងសម័យ ប៉ុល ពត (សាលាពេទ្យ)ត្រូវបិទមួយរយៈពេល (និងត្រូវបាន)បង្កើតឡើងវិញ(ក្រោយរំដោះ)។ អម្បាញ់មិញ លោក សាផុន វឌ្ឍនៈ បានបង្ហាញអំពីការរីកចម្រើន និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្ងៃនេះ។ ថ្ងៃមុន ខ្ញុំបានមកសម្ពោធអគារតូចមួយ។ ខ្ញុំមើលមួយហ្នឹងថាធំ។ អម្បាញ់មិញ គាត់បង្ហាញអគារថ្មីទៀត អា(គារមួយមុន)នោះ វាទៅជាតូចវិញ (អរគុណ។ អញ្ជើញអង្គុយ)។ ការរីក(ធំធាត់)នៃហេដ្ឋារចនាសម្ព័ន្ធ វាបញ្ជាក់មួយជ្រុងអំពីការរឹងមាំ(នាពេលកន្លង)មកដល់ពេលនេះ និងត្រៀមភាពរឹងមាំក្នុងការបណ្តុះបណ្តាល(សំរាប់)រយៈពេលវែងរបស់សាលា។ អម្បាញ់មិញ យើងថា ៨០ឆ្នាំមុនគឺជារតនសម្បត្តិ (និង៨០ឆ្នាំក្រោយជាបេសកកម្មដ៏អស្ចារ្យ)។ យើងមិនដឹងថានរណានៅបានដល់ ៨០ឆ្នាំក្រោយទេ។ យ៉ាងហោច កូនចៅយើង ក៏នឹងបានរតនសម្បត្តិ ៨០ឆ្នាំ ដែលចាប់ផ្តើមពី ៨០ឆ្នាំមុន និងបន្តមកដល់យើងជំនាន់នេះ និងទៅក្រោយទៀត។ តួអង្គសំខាន់នៅក្នុងការកសាងនិងជំរុញ(ការអភិវឌ្ឍ)សាលាក្រហម ឬសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឱ្យរីកចម្រើនទៅមុខ និងភាពជឿជាក់គឺតួអង្គ៣ ដែលខ្ញុំបាននិយាយ។ តួអង្គ៣ នៅដដែល គឺគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ, សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិត គ្រាន់តែដូរមនុស្ស … ពួកយើង យ៉ាងច្រើន(អាយុបាន) ១៥០ឆ្នាំហ្នឹងអស់ហើយ។ ហ្នឹងបានពេទ្យជួយផង វ៉ៃថ្នាំត្រូវផង ទើបបាន ១៥០ឆ្នាំ។ តួអង្គ ៣នេះ មានមុខងារ និងតួនាទីនៅដដែល គ្រាន់តែដូរមនុស្ស។ ដោយហេតុនេះ ពីមួយជំនាន់ទៅមួយជំនាន់ (យើង)កសាងបន្ថែមទៀត ជាពិសេសគឺនិស្សិតតែម្តង។
(៥) និស្សិតពេទ្យមិនរៀនតែចំណេះរឹងទេ តែក៏ទាំងចំណេះទន់ផងដែរ
ខ្ញុំដឹងពីលទ្ធផល(ការបណ្តុះបណ្តាល)ពីសាលាក្រហម ដែលសិស្សចេញទៅបម្រើក្នុងសង្គម ជួយក្នុងការប្រតិបត្តិនេះ ព្រោះខ្ញុំមានពេទ្យផ្ទាល់នៅផ្ទះ។ ថ្ងៃនេះ មេមកជាមួយ។ រាល់ដងខ្ញុំចែកសញ្ញាបត្រតែម្នាក់ឯងទេ។ តែលើកនេះគាត់ថាសាលាគាត់ដែរ … ខ្ញុំដឹងអំពីគុណភាពសិស្សសាលាក្រហមយ៉ាងហោចណាស់ម្នាក់ដែរ។ ពេទ្យផ្ទាល់មួយនេះជាអ្នករៀបថ្នាំឱ្យខ្ញុំ។ គាត់ដឹងថាខ្ញុំពិបាកលេបថ្នាំ។ បើពេទ្យផ្សេងឱ្យថ្នាំ ខ្ញុំអាចគេចបាន តែពេទ្យនេះមិនងាយទេ។ តាមជាប់រហូត។ (ទោះបី)គាត់មិននៅផ្ទះក៏ដោយ ក៏គាត់ឱ្យអ្នកទៅរៀបបន្ទប់មើលថា “ថ្នាំបងរៀបឱ្យបងប្រុសឯង លេបអត់ថ្ងៃហ្នឹង”។ គាត់នៅឆ្ងាយ តឹងជាងនៅក្បែរទៅទៀត។ តែ ដោយសារពេទ្យទី១ វាយថ្នាំត្រូវ ទី២ តាមដានអ្នកជំងឺដោយទទួលខុសត្រូវ (ខ្ញុំក៏មានការថែទាំសុខភាពបានល្អ) … មិនមែនលើកសរសើរដោយសារអង្គុយក្បែរហ្នឹងទេ។ (សំរាប់វិជ្ជាជីវៈ)ពេទ្យ (មានកត្តា)២។ ទី១ ថ្នាំ តែទី២ ចិត្តសាស្ត្រ។ គ្រាន់តែពេទ្យចិត្តទុកដាក់ ពេទ្យឆែកមួយម៉ោងពីរម៉ោងម្តង អនុវត្តវិជ្ជាជីវៈ (ក៏អ្នកជំងឺមានអារម្មណ៍កក់ក្តៅ)។ ហេតុនេះ ពេទ្យមិនមែនរៀនតែចំណេះដឹង ចំណេះរឹងទេ គឺរៀនទាំងចំណេះទន់។ ក្រមវិជ្ជាជីវៈនេះសំខាន់។ បើគ្រាន់តែឃើញ ពេទ្យមុខកាចដាក់ទៅហើយ យើងឈឺលើសដើម …។
(៦) ជ្រើសអាជីពជាពេទ្យព្រោះចង់ជួយជីវិតមនុស្ស ដើម្បីកិត្តិយសក្នុងសង្គម ឱកាសការងារ/ប្រាក់ចំណូល
ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរ … ព្រោះការសម្រេចចិត្តយកអាជីពជាពេទ្យ មានភាគច្រើន មិនថាពេទ្យនៅស្រុកខ្មែរ (ឬនៅស្រុកដ៏ទៃ) កត្តាសំខាន់ៗ ប្រហែលជាមួយគ្នាគឺ ទី១ ចង់ជួយជីវិតមនុស្ស ជួយព្យាបាលមនុស្ស និងការបម្រើសង្គម។ ទី២ ពិតណាស់ គឺដើម្បីកិត្តិយសនៅក្នុងសង្គម។ វិជ្ជាជីវៈជាពេទ្យទទួលបានការគោរព និងផ្តល់តម្លៃក្នុងសង្គម។ បើនៅតាមភូមិ ពេទ្យ(ប្រចាំ)ភូមិអីហ្នឹងក៏ជាអ្នកដែលបានជួយច្រើន។ ហើយ(ទី៣)គឺឱកាសការងារ ជីវភាព ប្រាក់ចំណូល។ ក្នុង ៣នេះ ខ្ញុំគិតថា បងប្អូនទាំងអស់គ្នាដែលបញ្ចប់(ការសិក្សា)នៅទីនេះ ប្រាកដជាមានទិសដៅតែមួយ គឺសង្គ្រោះជីវិត ព្យាបាលសុខភាពប្រជាជន ជាអាទិភាពធំបំផុត។ ឃើញអ្នកផ្សេងបានជាសះស្បើយ ឃើញគ្រួសារមួយមិនបែកបាក់ដោយសារអ្នកជំងឺមិនបាត់បង់ជីវិត ដោយមិនអាចជួយបាន (ចិត្ត)ចង់ឃើញគេសប្បាយចិត្តគឺជារបស់អាទិភាពទី១ ដែលបងប្អូនទាំងអស់រៀន(មុខវិជ្ជា)ពេទ្យ។ ពិតណាស់ ពេទ្យស្រួលរក(លុយ)។
(៧) “សុខចិត្តបរាជ័យក្នុងសាលា កុំបរាជ័យក្នុងជីវិត” … បើពេទ្យបរាជ័យក្នុងជីវិត គ្រោះថ្នាក់ដល់អ្នកផ្សេង
អញ្ចឹង បានជាខ្ញុំសុំថា (បើរៀន)ពេទ្យ (សូម)រៀនកុំឱ្យតែចប់ (តែរៀន)ឱ្យចេះ កុំរៀនយកតែសញ្ញាបត្រ ដើម្បីទៅបើកគ្លីនិក រកចំណូល។ ត្រូវតែចេះដាក់ថ្នាំឱ្យច្បាស់លាស់។ ពេលឈឺទៅរកពេទ្យ។ បើពេទ្យដាក់ថ្នាំឱ្យខ្ញុំអត់ច្បាស់ តើឱ្យជឿអ្នកណាទៀត។ ខ្ញុំជឿតែពេទ្យ។ កន្លែងខ្លះ ចង់ឱ្យឆាប់ជាពេក ដាក់(ថ្នាំ)ខ្លាំង។ ហ្នឹងសូមឱ្យប្រយ័ត្ន … ថ្នាំមួយៗ សុទ្ធតែមាន(មុខពីរ)។ ធ្លាប់មានឪពុកមិត្តភក្ដិខ្ញុំម្នាក់ឈឺសន្លាក់។ គាត់ទៅរកហ្វាម៉ាស៊ី។ ហ្វាម៉ាស៊ីដាក់ថ្នាំមួយកម្បង់មកឱ្យ។ ដល់(តែប្រើថ្នាំ)ហ្នឹង វាបាត់ឈឺមែន ប៉ុន្តែវាទៅរលាក(អ្វីមួយនៅ)ខាងក្នុង ដូចជាក្រពះឬស្អីៗផ្សេង។ អញ្ចឹង ការរៀនសូត្រត្រូវតែទទួលខុសត្រូវ ហើយដាក់ទិសដៅធ្វើម៉េចឱ្យបាន(ចេះ និងជួយជីវិតមនុស្ស)។ សាលា សាស្ត្រាចារ្យក៏ដូចគ្នា ត្រូវខិតខំបង្កើតប្រសិទ្ធភាព និងដាក់ទិសដៅឱ្យសិស្សដែលចេញពីសាលា អាចមានឱកាស និងបង្កើនសមត្ថភាពព្យាបាល។ (ពួកគាត់)លែងធ្វើតេស្តទៀតហើយ។ ចេញពីសាលាទៅៗ វាយតម្លៃនិង(ដាក់)ថ្នាំឱ្យមនុស្សម្នាក់ គឺជីវិតមួយ។ “សុខចិត្តបរាជ័យក្នុងសាលា តែកុំឱ្យបរាជ័យក្នុងជីវិត”។ ចំពោះពេទ្យ បរាជ័យក្នុងជីវិតបានន័យថាគ្រោះថ្នាក់ទៅដល់អ្នកផ្សេង។ អ្នកផ្សេងហ្នឹង អាចជាគ្រួសារខ្លួនឯង … មិនមែនពេទ្យមានគំនិតអាក្រក់ទេ ប៉ុន្តែ(មកពី)ការមិនច្បាស់។
(៨) ការបណ្តុះបណ្តាលពេទ្យជាការវិនិយោគទំហំធំ
ការវិនិយោគក្នុងការបណ្តុះបណ្តាលពេទ្យនីមួយៗ អស់ច្រើន។ វិនិយោគទៅលើមន្ទីរពិសោធន៍ វិនិយោគទៅលើឧបករណ៍វះកាត់។ ឥឡូវកាន់តែទំនើបទៀត។ ខ្ញុំបានមកសាលាក្រហមកាលពីយូរហើយ ដូចជា១៤ ឬ១៥ឆ្នាំមុន។ លោក សាផុន វឌ្ឍនៈ បានបង្ហាញដែរ។ ឃើញមន្ទីរពិសោធន៍ទំនើបនៅកន្លែងនោះ។ ត្រូវតែអញ្ចឹង។ ពេទ្យ មិនអាចឆិនឆៃ មើលតាម YouTube ហើយទៅវះកាត់ទេ។ ត្រូវតែ(រៀន)ជាក់ស្តែង។ ត្រូវការវះ គេយកសពជាក់ស្តែងមក។ មិនថានៅស្រុកយើងឬនៅស្រុកផ្សេងទេ។ គេត្រូវយកសពជាក់ស្តែងមកធ្វើ។ ឥឡូវ មានរូបកុំព្យូទ័រ AI ជាកៅស៊ូទេ ប៉ុន្តែគ្រឿងក្នុងដូចមនុស្ស វះកាត់ខុសអីវាស្រែក។ ប៉ុន្តែនៅតែជៀសមិនផុតពីទៅ(អនុវត្ត)លើរូបរាងជាក់ស្តែង។ និយាយរឿងហ្នឹងបន្តិចចុះ។ ជារឿងពិត។ ពេលដែលទៅវះកាត់មនុស្ស គឺមនុស្សមែនទែន មិនមែនវះកាត់លើម៉ាស៊ីន ឬលើកៅស៊ូទៀតទេ។ ខុសពីរៀនគណនេយ្យ។ គាត់វាយលើក្រដាស។ កិច្ចការមួយចំនួនខុសអាចកែបាន ខុសអាចលុបបាន។ វាយម្ដងទៀតឡើងវិញ។ តែជីវិតមនុស្សមិនអាចទេ។ អត់មាននរណាទៅតវ៉ាជាមួយទេវតាថាកុំឲ្យយកទៅ សុំឱកាសវះម្ដងទៀត ឲ្យព្រលឹងមកវិញបានទេ …។
(៩) ការព្យាបាលអ្នកជំងឺនិមួយៗ គឺជួយកុំឲ្យមានវិប្បដិសារី
ក្នុងការរៀន(មុខវិជ្ជាវេជ្ជសាស្ត្រនេះ) ខ្ញុំសូមធ្វើការជ្រើសរើស (ទី១) ត្រូវដាក់ទិសដៅជួយមនុស្ស ជួយឲ្យសុខភាពមនុស្សបានប្រសើរ … ខ្ញុំធ្លាប់ជួបមិត្តភក្ដិនៅក្រៅប្រទេស។ គាត់ជាពេទ្យវះកាត់។ អ៊ំម្នាក់ជាដុកទ័រវះកាត់ខ្មែរយើង នៅញូវយ៉ក។ កាលខ្ញុំរៀន។ ការវះកាត់របស់គាត់បានជួយមនុស្សច្រើន ប៉ុន្តែគាត់នៅមានវិប្បដិសារីថា មានអ្នកជំងឺប៉ុន្មាននាក់ដែលគាត់ជួយមិនបាន។ គាត់ខំអស់លទ្ធភាពតែជួយមិនបាន ទោះជាគាត់ខំប្រឹងអស់លទ្ធភាពក៏ដោយ។ ។ គាត់មានវិប្បដិសារី។ អញ្ចឹង ការព្យាបាលមនុស្សមួយៗ គឺយើងជួយខ្លួនឯង កុំឲ្យមានវិប្បដិសារី។ បើសិនជាបញ្ហានោះកើតឡើងដោយសារភាពមិនច្បាស់លាស់របស់យើងថែមទៀត ហ្នឹងយើងកាន់តែមានវិប្បដិសារីធំណាស់។ ពិតណាស់ អាចមានហេតុផល។ គេមើលមិនឃើញស្អីៗ ប៉ុន្តែខ្លួនយើងត្រូវតែចាំថា នេះគឺជាទម្ងន់ធ្ងន់ណាស់សម្រាប់ខ្លួនយើង។ អ្នកផ្សេងមិនអាចដឹង ប៉ុន្តែខ្លួនយើងអាចដឹង។ បើយើងច្បាស់លាស់នៅកន្លែងនេះគឺយើងជួយខ្លួនឯងនិងជួយបង្ការ។ ខ្ញុំអត់និយាយអំពីការប្តឹងផ្ដល់អីផង។ នៅអាមេរិក មិនមែនថានៅតែយើងទេ មានម្ដងនោះ វះហើយស្រាប់តែបិទ(មុខរបួស)អ្នកជំងឺទៅវិញ សល់កន្រ្តៃមួយនៅខាងក្នុង។ គេប្តឹង។ (នេះជាហេតុការណ៍ដែលកើតឡើងដោយសារតែ)ការគិតគូររំលងនីតិវិធីមួយចំនួន ឬក៏ការភ័យខ្លាចមួយចំនួន។ ខ្ញុំសូមឲ្យយកចិត្តទុកដាក់ដល់ការរៀនសូត្រនេះ។
(១០) សញ្ញាបត្រជាអាទិភាពបន្ទាប់បន្សំ សញ្ញាឃើញឬសមត្ថភាពពិតប្រាកដ ជាអាទិភាព
ទី២ ការជ្រើសរើស(វិធីសាស្ត្របែបណាក្តី) សូមកុំយកផ្លូវកាត់។ សូមកុំឱ្យសញ្ញាបត្រជាអាទិភាពទី១។ សញ្ញាបត្រឲ្យវាជាអាទិភាពបន្ទាប់បន្សំ។ សញ្ញាឃើញរបស់យើង សមត្ថភាពពិតប្រាកដ គឺជាអាទិភាពទី១ … បើគ្រាន់តែចង់បានសញ្ញាបត្រ យើងរៀននៅក្នុងប្រទេស ទៅរកសាលាណាមួយដែលធូរ ឬមួយទៅរៀនក្រៅប្រទេស ព្រោះនៅក្រៅប្រទេសក៏មានសាលាខ្លះធូរដែរ។ គេចេញតែសញ្ញាបត្រ ឲ្យតែនិស្សិតមកពីបរទេសដើម្បីគេឆាប់បានលុយ។ អ្នកហ្នឹងរៀនចប់ ទៅស្រុកវិញទៅ មិនត្រូវឆ្លងកាត់ស្តង់ដារបស់ប្រទេសគេទេ។ ប្រសិនបើ ជាការបណ្តុះបណ្តាលនិស្សិតស្រុកគេ និស្សិតហ្នឹងចេញទៅប្រឡងធ្វើតេស្តអត់ជាប់ គេមករករឿងសាលា។ សាលាហ្នឹងអត់គុណភាព។ តែសាលាខ្លះបណ្តុះបណ្តាលនិស្សិតក្រៅប្រទេសឆិនឆៃដែរ … ខ្ញុំមិនថាប្រទេសណាៗ ទេ ប៉ុន្តែគ្រប់ប្រទេសមាន។ សូម្បីនៅអាមេរិក ប្រទេសមហាអំណាច មានសាលាពីរប្រភេទ។ ទី១ សាលាដែល Accredited ដែលក្រសួងរបស់គេ ស្ថាប័នរដ្ឋរបស់គេទទួលស្គាល់។ មួយទៀត Non-accredited។ សាលាហ្នឹងក្រសួងអត់ទទួលស្គាល់។ ហ្នឹងដូចសាលាបើកវគ្គអីខ្លីៗ គេអត់ចាំបាច់(អោយមានការទទួលស្គាល់)ទេ។ តែ Accredited ត្រូវមានស្តង់ដាច្បាស់លាស់។ អ្នកដែលចេញធ្វើការ កុំថាមានវគ្គខ្លីៗ មួយកំភ្លូសយកមក ក៏គេអត់ទទួលស្គាល់ទេ។ ត្រូវការមានសញ្ញាបត្រមួយពីស្ថាប័ន Accredited ដែលមានការទទួលស្គាល់ពីក្រសួង។
(១១) សូមកុំផ្តល់សញ្ញាបត្រតាមផ្លូវកាត់ ត្រូវតែរៀន និងមាន clinical practice អោយបានគ្រប់ម៉ោង
សូមកុំលេងផ្លូវកាត់។ ក្រសួងអប់រំក៏កុំលេងផ្លូវកាត់។ បើសិនជាយើងចេញវាយតម្លៃ ឧទាហរណ៍ គាត់រៀននៅក្នុងស្រុក សញ្ញាបត្រហ្នឹងទាល់តែរៀន ២០ម៉ោង ដល់ទៅក្រៅរៀនតែ ១០ម៉ោង ហើយអត់មាន clinical practice ស្អីៗ ហើយមកយើងៗ ឲ្យ(សញ្ញាបត្រ)ដែរ ទីបំផុត អ្នកហ្នឹងអត់គ្រប់គីឡូ ចេញទៅព្យាបាលមនុស្ស ទីបំផុតអ្នកណា(រងគ្រោះ)? ខ្ញុំសូមឲ្យមានការសហការ និងយល់ទាំងអស់គ្នា។ ខ្ញុំជឿថា និស្សិតទាំងអស់ បងប្អូនទាំងអស់ រៀនដើម្បីចេញទៅធ្វើការ។ ខ្ញុំមិនជឿថា មានអ្នកមករៀនដើម្បីបានតែសញ្ញាបត្រ ដើម្បីទុកចោល ឬមួយអួតកូនទេ។ ហោចណាស់ ក៏ដល់ពេលណាមួយត្រូវប្រើជំនាញរបស់ខ្លួន វាយតម្លៃថ្នាំឲ្យប្តីឲ្យកូនដែរ ឬឲ្យប្រពន្ធ មិនមែននិយាយតែពេទ្យនារីទេ ពេទ្យប្រុសក៏ដូចគ្នាដែរ ទាំង Pharmacist ទាំងអីហ្នឹង។ ត្រូវមានជំនាញ។ ឪពុកម្តាយឈឺ ក៏យើង(ដាក់ថ្នាំ)។ បើមានកូនមួយរៀនពេទ្យនៅក្នុងផ្ទះ ឪពុកម្តាយក៏សប្បាយចិត្ត។ មានឈឺអី ទៅរកកូន។ ខ្ញុំធ្លាប់មើលរឿងមួយថា ឪពុកម្តាយអត់ទុកចិត្តកូន ឲ្យថ្នាំអត់ព្រមលេប។ ដល់ហៅពួកម៉ាកកូនមកឲ្យវ៉ៃថ្នាំដូចគ្នា ទើបគាត់លេប។ ប៉ុន្តែភាគច្រើនគឺជឿកូននៅក្នុងផ្ទះ ហើយលឿនផង។ ព្រោះកូនទៅជាមួយអីហើយ។ មានការអី ទូរស័ព្ទទៅទាំងយប់បាន។
(១២) បណ្តុះបណ្តាលវិជ្ជាពេទ្យ ត្រូវវិនិយោគ មានស្តង់ដា មិនឆិនឆៃ … កាន់តែជំនាញវិនិយោគកាន់តែច្រើន
គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដូចគ្នា។ កុំលេងផ្លូវកាត់។ ត្រូវហ៊ានវិនិយោគ។ បណ្តុះបណ្តាលអីផ្សេងៗ ខ្ញុំមិនដឹងទេ តែបណ្តុះបណ្តាលវិជ្ជាពេទ្យនេះ ត្រូវហ៊ានវិនិយោគ។ ស្តង់ដាច្បាស់លាស់ កុំឆិនឆៃ។ កាន់តែជំនាញ ត្រូវការវិនិយោគកាន់តែច្រើន។ ឥឡូវ បច្ចេកវិទ្យាកាន់តែខ្ពស់ ត្រូវការធានា បូកជាមួយនិយាមក្នុងការកំណត់កម្រិតស្តង់ដា។ យើងដូចអត់មានស្តង់ដាជាតិទេ។ គណៈវិជ្ជាជីវៈ តើការប្រឡង មានស្តង់ដាជាតិអីទេ ដើម្បីកំណត់ថា អ្នករៀននៅក្រៅ(ប្រទេស)ក៏ដោយ ក្នុង(ប្រទេស)ក៏ដោយ ឬសាលាណាក៏ដោយ មុននឹងបានអាជ្ញាបណ្ណទៅប្រតិបត្តិ ត្រូវមានកម្រិតអីទេ? (មានសំឡេងឆ្លយ៖ មានធ្វើ National Licensing Exam)។ ហ្នឹងហើយ នៅពេលខាងមុខ។ ឥឡូវ យើងអត់ទាន់មាន។ កុំខ្លាច។ កុំគិតថាធ្វើអញ្ចឹងហ្នឹងតឹង។ តឹងហ្នឹងជួយយើង។ យើងទៅព្យាបាលជីវិតគេ។ កុំឲ្យមានវិប្បដិសារីក្នុងខ្លួន។ គេបញ្ជូនឪម៉ែមកឲ្យយើងមើល។ គេចង់ឱ្យជា … ឥឡូវ ពេទ្យណាម្នាក់ដែលថាពីនេះទៅដល់អាយុ១៥០ អត់ឈឺ? គង់តែឈឺទេ។
ពេលឈឺតើយើងទៅរកនរណា? បើមិនរកពេទ្យមួយទៀត។ ជំនាញយើងៗ អាចឲ្យថ្នាំខ្លួនឯង តែបើខុសពីជំនាញយើងៗ រកពេទ្យមួយទៀត។ តើយើងចង់ទៅកន្លែងពេទ្យណាមួយនៅក្នុងប្រទេសកម្ពុជា ដែលបន្ទាន់នៅជិតយើង ហើយបារម្ភថា ពេទ្យនេះ(មានតែ)សញ្ញាបត្រទេ? … ប្រាកដជាចង់ថា ឲ្យតែអ្នកជាទ័ពអាវសជាពេទ្យហ្នឹងគឺអ្នកដែលមានស្តង់ដាច្បាស់លាស់ ដែលអាចទុកជីវិតរបស់ខ្ញុំបាន។ ខ្ញុំលែងភ័យ។ មែនទេ? ដូចតែគ្នា។ យើងព្យាបាលឲ្យគេ។ គង់ថ្ងៃណាមួយ គេព្យាបាលឲ្យយើងទេ។ យកល្អ អ្នកដែលពាក់អាវជាពេទ្យ មានអាជ្ញាបណ្ណត្រឹមត្រូវ គួរមានស្តង់ដាច្បាស់លាស់ ដែលទាំងគេ ទាំងពេទ្យខ្លួនឯង អាចទុកចិត្តពេលដែលចាំបាច់។ ហ្នឹងគឺវាទាក់ទងជាមួយក្រសួងអប់រំ ក្រសួងសុខាភិបាល និងសាលានីមួយៗ ដែលត្រូវកំណត់ឲ្យបានច្បាស់លាស់ ហើយការកំណត់វិសាលភាពក្នុងការព្យាបាលជំនាញគឺជាការគិតគូរច្បាស់លាស់។
(១៣) កុំទាញស្តង់ដាទម្លាក់ដើម្បីឲ្យងាយស្រួលបានសញ្ញាបត្រ
ខ្ញុំសូមលើកចំណុចត្រង់ហ្នឹង។ ធ្លាប់មានការសួរថា តើសញ្ញាបត្រយ៉ាងម៉េច? ខ្ញុំថា (យើងនឹង)ផ្តល់ការលើកទឹកចិត្តចំពោះបងប្អូនដែលរៀនក្នុងនិងក្រៅ ប៉ុន្តែយើងត្រូវធ្វើនៅក្នុងកម្រិតណាមួយ ដែលធានាសុវត្ថិភាពដល់មនុស្សជាអ្នកជំងឺ។ នេះជាគោល។ មិនអាចឆិនឆៃ រហូតទៅដល់ថា យើងលែងទុកចិត្ត សូម្បីតែពេទ្យគ្នាយើង ក៏យើងលែងទុកចិត្តនោះទេ។ ហ្នឹងកំហុសអ្នកណា? ពេលខ្លះ ជាកំហុសដោយសារយើងធូរពេក ឬយើងតឹងពេក។ សុខចិត្តថាតឹងក៏តឹងចុះ ប៉ុន្តែមានបញ្ហាយើងអាចធានាបាន។ ខ្ញុំសូមថា កុំទាញស្តង់ដាទម្លាក់ដើម្បីឲ្យកាន់តែងាយស្រួលបាន(សញ្ញាបត្រ)នៅស្រុកខ្មែរ។ សូមឲ្យទាញសមត្ថភាពរបស់ពេទ្យយើង ឬមួយក៏ពេទ្យណាដែលមកបណ្តុះបណ្តាលនៅស្រុកយើង។ យើងទៅរៀនពេទ្យស្រុកគេ។ ឥឡូវ មានសិស្សបរទេសមករៀន (នៅស្រុកយើង)។ ខ្ញុំមិនដឹងថា សាលាពេទ្យមានសិស្សបរទេសអត់? សាលាផ្សេងៗ ពេលទៅចែកសញ្ញាបត្រ ពេលខ្លះមានសិស្សមកពីប្រទេសផ្សេងៗ រៀន ខាង Management ខាងអី។ ថ្ងៃក្រោយ យើងនឹងមានស្តង់ដា តែខ្ពស់ទៅ ក៏នឹងមានសិស្សផ្សេងៗមករៀននៅយើង។ ឲ្យពេលចប់ពីនេះ ចេញទៅវាលើកកម្ពស់ស្តង់ដាវេជ្ជសាស្ត្រនិងសុខាភិបាលរបស់យើង …។
(១៤) សាលាក្រហមនៅតែជាស្ថាប័ននាំមុខក្នុងប្រទេស បណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល
សាលា(ដែលមានប្រវត្តិបណ្តុះបណ្តាលមក) ៨០ឆ្នាំ មិនមែនធម្មតាទេ។ កិត្តិយស សាលាក្រហម ឬសាកលវិទ្យាល័យសុខាភិបាលយើងនេះ ដែលជាសាលានាំមុខក្នុងការបណ្តុះបណ្តាល(ផ្នែកវេជ្ជសាស្ត្រ) មិនមែនជាការចៃដន្យទេ។ (វាកើតឡើងបាន)ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិត ដែលខិតខំប្រឹងប្រែង(ធ្វើការនិងរៀនសូត្រ រហូត)ចេញទៅប្រកបភារកិច្ចបានដោយជោគជ័យ។ (កាលណា)កាន់តែជោគជ័យ កាន់តែច្រើនគ្នា ១០០ភាគរយ ចេញទៅប្រកប(អាជីព)ដោយក្រមសីលធម៌ល្អ ដោយជំនាញច្បាស់លាស់ សាលាយើងនឹងកាន់តែនាំមុខក្នុងការបណ្តុះបណ្តាលនេះតទៅទៀត។ នេះគឺជាអ្វីដែលថា ៨០ឆ្នាំទៅមុខទៀត សាលាក្រហមនៅតែជាស្ថាប័នលេខ១ ក្នុងប្រទេស ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស(វេជ្ជសាស្ត្រនិង/សុខាភិបាលសាធារណៈ)។ យើងមានបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យ ឬ University Hospital ដែលខ្ញុំទៅបុកគ្រឹះថ្ងៃមុន។ ថ្ងៃក្រោយកាន់តែរីក ប៉ុន្តែកុំរីកតែអាគារ កុំរីកតែចំនួនមនុស្ស តែត្រូវរីកគុណភាព។ ៤០ឆ្នាំមកនេះ សុខាភិបាលយើងដើរតាំងពីពេទ្យនៅសល់ប៉ុន្មាននាក់ចេញ(ពីរបបកាប់សម្លាប់)មក។ ឥឡូវ យើងបណ្តុះបណ្តាលបានរាប់ពាន់នាក់។ ថ្ងៃនេះ បានជាង ២.០០០នាក់។ ២.០០០នាក់នេះ មិនមែនក្នុងមួយវគ្គទេ តាមខ្ញុំដឹង។ មានអ្នកខ្លះ ចប់យូរដែរហើយ តែមិនទាន់ទទួលសញ្ញាបត្រ ទើបបានទទួលថ្ងៃនេះ។ រាប់ពាន់នាក់នៅថ្ងៃនេះ ក៏ជាធនធានដែលបានចូលរួមក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ លើកកម្ពស់វិស័យសុខាភិបាល …។
[ចប់សេចក្ដីអធិប្បាយ១]
រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជា នីតិកាលមុនៗនៃរដ្ឋសភា ដែលតែងតែចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ពោលគឺមានសុខភាពល្អ ចំណេះដឹងទូលំទូលាយ ជំនាញពិតប្រាកដ និងសីលធម៌ប្រពៃ ជាអាទិភាពគន្លឹះទីមួយ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព តាមរយៈ ការសិក្សាដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥», «ផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤», «ផែនការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤», និងកម្មវិធីកែទម្រង់នានា ក្នុងគោលបំណងដើម្បីឱ្យ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបរស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាពប្រពៃ»។
បច្ចុប្បន្ន វិស័យសុខាភិបាលឯកជននៅកម្ពុជា បាននិងកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស ជាពិសេសការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ។ ទន្ទឹមនឹងកំណើននៃវិស័យសុខាភិបាលឯកជននៅកម្ពុជា វិស័យនេះក៏បាននាំមកនូវបញ្ហាប្រឈមដល់មុខងារនិយ័តកម្ម និងសមត្ថភាពនិយ័តកម្មរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវទទួលអនុវត្តមុខងារនិយ័តកម្ម ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ខ្ញុំសូមបន្តលើកទឹកចិត្តដល់ការកសាងភាពជាដៃគូ រវាងវិស័យសុខាភិបាលសាធារណៈ និងសេវាសុខាភិបាលឯកជន ជាពិសេស ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយគុណភាព។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១៥) រៀបចំវគ្គបំប៉នអ្នកដែលបានរៀនចប់នៅខាងក្រៅប្រទេស តែមិនទាន់គ្រប់ស្តង់ដា
ខ្ញុំចង់បញ្ជាក់បន្តិច។ រឿងសញ្ញាបត្រពីក្រៅ ដែលអត់គ្រប់ហើយយើងនៅក្នុងអត់ចេញ(សញ្ញាបត្រអោយ)។ ខ្ញុំបានប្រាប់ទៅឯកឧត្តម ឈាង រ៉ា ទី១ សុខភាពនិងស្តង់ដាក្នុងស្រុកត្រូវតែច្បាស់។ ប៉ុន្តែ អ្នកដែលបានរៀនចប់នៅខាងក្រៅហើយ ឧទាហរណ៍ អត់គ្រប់គីឡូ នៅកណ្តាលទន្លេ មិនទុកគាត់ចោលទេ។ ត្រូវរៀបចំវគ្គបំប៉នឲ្យគាត់គ្រប់គ្រាន់។ នៅក្នុងកងទ័ព យើងធ្លាប់អញ្ចឹង។ កន្លងទៅ ជាស្តង់ដា មុននឹងឲ្យអ្នកចូលរៀនបញ្ជាការ សេនាធិការ ត្រូវតែឆ្លងកាត់ថ្នាក់នេះមួយ។ អ្នកខ្លះ អត់បានឆ្លងថ្នាក់ហ្នឹងទេ … តែគាត់ពាក់ស័ក្តិហ្នឹងហើយ។ អញ្ចឹង យើងបង្កើតវគ្គបំប៉នបន្ថែម ស្តង់ដាបន្ថែម បង្គ្រប់ឲ្យគាត់ដើម្បីឱ្យត្រូវតាមស្តង់ដា។ ថ្ងៃក្រោយ ត្រូវគិតគូរឲ្យច្បាស់ ហើយចាំបាច់ត្រូវធ្វើការជាមួយសាលានៅក្រៅហ្នឹង។ សាលាណាដែលយើងទទួលស្គាល់ដើម្បីតម្រង់ទិសនិស្សិតរបស់យើង។ បើគាត់ចង់ទៅរៀន ទៅរៀនសាលាដែលយើង Accredited។ ដូចគ្នាទេតើ កាន់សញ្ញាបត្រយើងពីសាលាខ្លះ ពេលកូនចង់ទៅរៀនបន្ត ប្រទេសខ្លះគេអត់ឲ្យទេ។ គេថាអត់ទទួលស្គាល់សញ្ញាបត្រសាលាហ្នឹង។ អ្នកឯងត្រូវតែចូលរៀនវិទ្យាល័យឡើងវិញ ឬមួយអី។
យើងត្រូវធ្វើ(កិច្ចការ)ហ្នឹង។ វាទាក់ទង(គ្នា)។ ហ្នឹងគឺកុំឲ្យនៅកណ្តាលទន្លេ។ ត្រូវរកវិធីដោះស្រាយ ព្រោះសុទ្ធតែជាធនធានមនុស្សរបស់យើង … ត្រូវធ្វើម៉េចធានា។ ពេលដែលគាត់មានគ្រប់គីឡូ ដូចអ្នកបណ្តុះបណ្តាលនៅក្នុងប្រទេស ឬនៅកន្លែងណាដែលយើងទទួលស្គាល់ (យើងត្រូវទទួលស្គាល់)ដើម្បីឲ្យមានសមធម៌។ បើមិនអញ្ចឹងទេ អត់សមធម៌។ រវល់តែយោគយល់គាត់ ប៉ុន្តែអ្នកនេះខំរៀន ៤ឆ្នាំ ទៅ(ដល់ទី)នោះរៀនតែ ២ឆ្នាំ ស្រាប់តែមកវិញឲ្យ(សញ្ញាបត្រ)ដូចគ្នា។ ត្រូវបំប៉នបន្ថែម ឬមួយក៏គាត់ត្រូវតែទៅរៀននៅទីនោះឲ្យចប់ ធ្វើម៉េចកុំឲ្យនៅកណ្តាលទន្លេ … (នេះ)វិធីដោះស្រាយ។ ថ្ងៃក្រោយគឺណែនាំគាត់ពីដើមទីតែម្តងដើម្បីថាចេញទៅកន្លែងនេះ ត្រូវរៀនយ៉ាងម៉េច ដើម្បីឲ្យគាត់ដឹង។ (ជាការ)ព្យាករណ៍វិនិយោគ។ សិស្សដែលទៅរៀន សុទ្ធតែជាការវិនិយោគ។ វិនិយោគពេលវេលា។ មិនមែនគាត់ទៅរៀនដើម្បីលេងផ្លូវកាត់ទេ។ ប៉ុន្តែសាលាហ្នឹងបង្រៀនតែប៉ុណ្ណឹង។ មកវិញវាអត់គ្រប់ស្តង់ដា។ យើងត្រូវបន្ថែមឲ្យតម្រូវកម្រិតណាមួយ។ គ្រប់ប្រទេសធ្វើអញ្ចឹង។ ចេញពីយើងកាន់សញ្ញាបត្រទៅប្រទេសមួយចំនួនមិនទទួលស្គាល់ ត្រូវបំពេញបន្ថែមកម្រិតណាមួយ។ មិនខុសគ្នាទេ។
[ចប់សេចក្ដីអធិប្បាយ២]
សុខភាពមិនត្រឹមតែជាបញ្ហាបុគ្គល គ្រួសារ និង សង្គមប៉ុណ្ណោះទេ, ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃគុណភាពធនធានមនុស្ស ផលិតភាពការងារ និង កំណើនសេដ្ឋកិច្ច ។ ដូច្នេះ, ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតប្រទេសជាតិ ។
ការលើកកម្ពស់សុខភាពសាធារណៈ ត្រូវផ្តោតលើប្រព័ន្ធសុខាភិបាលទាំងមូល, ពោលគឺ ត្រូវផ្តោតលើការការពារបង្ការជំងឺ, ការថែទាំសុខភាពបឋម, រកឃើញជំងឺឱ្យបានឆាប់, ព្យាបាលឱ្យបានជា និង សម្បទាឱ្យដូចដើម ។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៦) សុខភាពសាធារណៈ គឺបង្កាកុំឲ្យមេរោគវាយលុកធ្វើឲ្យប្រជាជនឈឺ
បញ្ហានេះ (ក្នុងអាជីព)ពេទ្យក៏មិនខុសពីសន្តិសុខទេ។ បើពេលណាយើងត្រូវប្រើកម្លាំងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមួយហើយ គឺយើងបរាជ័យមួយតង់។ សុខភាពសាធារណៈ គឺត្រូវធ្វើម៉េចបង្កាកុំឲ្យមានសកម្មភាព កុំឲ្យមេរោគអាចវាយលុក(ធ្វើ)ឲ្យប្រជាជនយើងឈឺ។ ការបង្ការវាមិនមែនជារឿងតែមួយជ្រុងទេ គឺច្រើនជ្រុង។ ជំងឺក៏វាប្រែក្លាយ។ ជំងឺខ្លះយើងពិបាកដែរ តពូជ។ យើងមិនដឹងការពារព្យាបាលយ៉ាងម៉េចទេ។ ប៉ុន្តែជំងឺខ្លះយើងអាចបង្កាបាន។ នៅក្នុងជំងឺតពូជហ្នឹង មិនមែន១០០% ផង។ ឧទាហរណ៍ រឿងទឹកនោមផ្អែម។ ទឹកនោមផ្អែមខ្លះតពូជ ប៉ុន្តែកន្លែងខ្លះមិនមែនតពូជទេ។ ខ្លះកើតឡើងដោយសារការប្រើប្រាស់អាហាររូបត្ថម្ភតាំងពីក្មេងមិនត្រឹមត្រូវ ផឹកទឹកប៉ូវកម្លាំងច្រើនពេក។ ឯកឧត្តម គិត សុផា កាលពីនៅជាអភិបាលខណ្ឌណាមួយនោះ កាលពីបោះឆ្នោតឆ្នាំប៉ុន្មាន គាត់ផឹកបាកាស(និងភេសជ្ជៈផ្សេងៗ) ព្រោះហត់នឿយ ចុះឃោសនាផងអីផង។ ផឹកច្រើន ដល់ក្រោយមកឡើងលើសស្ករ។
ខ្ញុំទៅសម្ពោធរោងចក្រស្ករសនៅកំពង់ស្ពឺ។ កាលពីពេលនោះ ទៅជាមួយសម្តេចតេជោ។ គេនាំទៅមើលរោងចក្រស្ករស។ ស្រាប់តែឃើញអ៊ំៗ មួយចំនួនគាត់ចេញមក។ ខ្ញុំថាអ៊ំអត់ទៅមើលទេ? គាត់ថាអ៊ំអត់ខ្វះទេស្ករ។ អាយុចាស់ជារឿងមួយ ប៉ុន្តែយើងឃើញនៅគន្ធបុប្ផាក្មេងៗ(មានជំងឺនេះច្រើន) … អ្នកខ្លះអាយុ ២០-៣០ឆ្នាំ ចាប់ផ្តើមមានជំងឺ។ នេះជាបន្ទុក។ ការគិតគូរពីអាហាររូបត្ថម្ភ ការបង្កា ការអប់រំប្រជាពលរដ្ឋឲ្យយល់។ ធ្លាប់ម្តងជួបជាមួយមិត្តភក្តិរបស់ខ្ញុំ ជំនាញខាងពេទ្យនៅសឹង្ហបុរី។ គាត់ថា អ្នកឯងមើលប្រទេសដែលកំពុងអភិវឌ្ឍន៍ មនុស្សកើតទឹកនោមផ្អែមច្រើនដោយសារអី? ដោយសារកាលពីក្មេង ទឹកដោះគោមាន ២ប្រភេទ ទឹកដោះគោមួយ(រសជាតិ)ផ្អែម(មាន)ស្ករ ក្មេងចូលចិត្ត ឯមួយទៀតអត់(មាន)ទេ។ ដល់អ្នកដែលអត់ដឹងរឿង គោលបំណងចង់ឲ្យកូនផឹកទឹកដោះគោដើម្បីឱ្យឆ្អឹងវាលូតលាស់ ប៉ុន្តែត្រូវអមជាមួយទឹកផ្អែម។ ផឹកប្រភេទហ្នឹងច្រើនកើតជំងឺទឹកនោមផ្អែមពេលដែលពួកគេអាយុ ១៨, ១៩, ២០, ៣០ឆ្នាំ។ ការអប់រំការបង្ការនេះសំខាន់។
(១៧) ប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរ នៅសល់តែ១៧% ទេ ក្នុងចំណោម ៦០០០ប៉ាណូ
កន្លងទៅ រាជរដ្ឋាភិបាលបានដាក់វិធានការមួយចំនួនដើម្បីលើកទឹកចិត្ត។ ឧទាហរណ៍ (ទី១) ពាក់ព័ន្ធគ្រឿងស្រវឹងនិងភេសជ្ជៈប៉ូវកម្លាំង មានក្រុមការងារមួយដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា។ ខ្ញុំឲ្យមានឯកឧត្តម ឈាង រ៉ា, ឯកឧត្តម ហែម វណ្ណឌី, លោកជំទាវ ចម និម្មល ផ្គុំជាក្រុម Ad hoc ដើម្បីធ្វើការជាមួយខាងផ្សាយពាណិជ្ជកម្ម បូកជាមួយក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈស្រាបៀរអីហ្នឹង។ ប្រហែលជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជិះនៅតាមខេត្ត ជិះតាមផ្លូវជាតិ ផ្លូវធំ លើប៉ាណូធំៗ ប្រហែលជាឃើញតែទឹកសុទ្ធ ឃើញតែអី(ផ្សេង)ទេ។ ចាប់អារម្មណ៍ទេថា ភេសជ្ជៈអស់ហ្នឹងទៅណា? កាលមុនឮសូរថា កន្លែងណាក៏ឃើញគ្រឿងស្រវឹង … មិនមែនដោយចៃដន្យទេ។ យើងបានធ្វើការ។ ចាប់ពីខែកក្កដា២០២៤ ចាប់ផ្តើម Phase out ជាពិសេសប៉ាណូធំៗ តាមផ្លូវហ្នឹង ក្រុមហ៊ុនម្ចាស់ផលិតផលស្រាបៀរ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មចូលរួមកាត់បន្ថយ។ ឥឡូវនៅសល់តែ១៧% ទេ ក្នុងចំណោម ៦០០០ប៉ាណូហ្នឹង។ ដូរមកទឹកសុទ្ធ ដូរមកអី ព្រោះក្រុមហ៊ុនមួយៗ ស្រាបៀរក៏មាន ទឹកសុទ្ធក៏មាន ទឹកភេសជ្ជៈស្អីក៏មាន។ អញ្ចឹងដូរចេញភេសជ្ជៈហ្នឹងទៅ។ ការថយការផ្សាយពាណិជ្ជកម្ម មិនមែនដោយចៃដន្យទេ គឺដោយសាររាជរដ្ឋាភិបាលបានធ្វើការ និងមានការចូលរួមពីវិស័យឯកជនក្នុងការផ្សព្វផ្សាយនេះ។ ខ្ញុំឲ្យជិះទៅមើលប៉ាណូធំៗ ឆ្លងកាត់ផ្លូវ ឥឡូវភាគច្រើនអត់មានទេ។ កាលពីមុន យើងឃើញថាមានស្រាបៀរច្រើន។ ភេសជ្ជៈប៉ូវកម្លាំងដូចគ្នា។
(១៧) ១តុលា២០២៦ បញ្ចប់ទាំងស្រុងការផលិតភេសជ្ជៈស្រវ៉ឹង/ប៉ូវកម្លាំងមានរង្វាន់នៅក្រវ៉ិលកំប៉ុង
(ទី២) យើងឲ្យបញ្ចប់ទាំងស្រុងនូវការផលិតភេសជ្ជៈគ្រឿងស្រវឹង និងទឹកប៉ូវកម្លាំង ដោយដាក់ក្រវិលនៅលើកំប៉ុងគ្របដណ្តប់ អនុវត្តចាប់ផ្តើមពីថ្ងៃទី១ តុលានេះទៅ។ ទៅមុខទៀត ដែលគាស់ទៅ(លើគំរប)មាន(រង្វាន់)អីហ្នឹង គឺលែងឲ្យផលិតហើយ។ បញ្ចេញឲ្យអស់។ ផ្សាយពាណិជ្ជកម្មអីផ្សេងទៅ។ ដាក់ទឹកសុទ្ធ ដាក់រង្វាន់អីផ្សេងៗ ក្រៅពីគ្រឿងស្រវឹង។ ការលើកទឹកចិត្ត ឬមួយក៏ភេសជ្ជៈប៉ូវកម្លាំងពីគម្របដបគាស់មានហ្នឹងគឺយើងបញ្ចប់។ វិធានការនេះ មិនមែនហាមមិនឲ្យមនុស្ស(ឈប់ប្រើប្រាស់ទេ)។ អ្នកខ្លះលើកយោបល់ថា ដាក់បទបញ្ជាហាមឈប់ឲ្យផឹកគ្រឿងស្រវឹង។ ខ្ញុំថាដាក់យ៉ាងម៉េច? ប្រទេសយើងកាន់សាសនាព្រះពុទ្ធ មានអី(ត្រូវហាមឃាត់)។ សូម្បីតែសែនទេវតា ក៏ដាក់គ្រឿងស្រវឹង។ ប្រើប្រាស់តែកុំប្រើប្រាស់ហួសហេតុ … បន្តិចទៀតភ្ជុំ។ អ្នកណាខ្លះប្តេជ្ញាចិត្តក្នុងពេលភ្ជុំហ្នឹងអត់ប៉ះជាតិស្រវឹងមួយកំប៉ុង? មាន ២នាក់លើ ២០០០នាក់។ នៅប្រទេស(នានា) លើកលែងតែប្រទេសដែលកាន់សាសនាមានបម្រាម តែងការអប់រំអំពីការផឹក ការប្រើប្រាស់ឱ្យសមរម្យ កុំហួសហេតុ និងឲ្យមានការទទួលខុសត្រូវ។ ផឹកកុំបើកបរ។ ឡានគេធ្វើកៅអីមាន៦ ឬមួយ ៤អញ្ចឹង។ កៅអីអ្នកបើកបរហ្នឹងមានតែមួយទេ។ បើយើងស្រវឹងទៅអង្គុយកៅអីប៉ុន្មានទៀតទៅ។ បើយកល្អ គឺដេកនៅកន្លែងតែម្ដង។ ខ្ញុំជួបអ្នកដែលជប់លៀងច្រើន សុទ្ធតែមានបន្ទប់ទទួលភ្ញៀវដែលសុវត្ថិភាពជាចម្បង។ ការប្រើប្រាស់ដោយទទួលខុសត្រូវ កាត់បន្ថយការផ្សព្វផ្សាយ។ ឲ្យគាត់លក់ត្រូវតែឲ្យគាត់ផ្សាយពាណិជ្ជកម្ម។ យើងកាត់បន្ថយដោយចៀសចេញពីការផ្សាយពាណិជ្ជកម្ម ដាក់ក្រវិលដាក់អីហ្នឹង ទៅជាផ្តល់អីសមរម្យទៅជាការលើកទឹកចិត្ត។ យើងមិនសម្លាប់វិស័យឯកជនទេ។ បើសិនវិស័យឯកជនស្លាប់ ក្រុមហ៊ុននៅក្នុងស្រុក ហើយបងប្អូននៅតែផឹកដដែល គង់តែនាំចូលពីក្រៅដដែលទេ។ អញ្ចឹង យើងបង្កើតនៅខាងក្នុង យើងគ្រប់គ្រងគុណភាព គ្រប់គ្រងការផលិត ប៉ុន្តែត្រូវមានកម្រិតណាដែលមិនអាច(ប្រើប្រាស់លើស)បាន។
(១៨) មិនទទួលឱ្យវិនិយោគបារីអេឡិចត្រូនិក(Vape) និងប្រឆាំងការដាំកញ្ឆានៅកម្ពុជា
(ទី៣) ពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក(Vape)។ ឃើញមានសន្ទុះការប្រើប្រាស់បារី ជាពិសេសក្មេងៗ។ នេះគឺជាបញ្ហាមួយដែលជាគោលការណ៍ បានដាក់ចេញពាក់ព័ន្ធនឹងការងារនេះ ទី១ ខ្ញុំបានប្រកាសជាសាធារណៈ និងបានណែនាំក្រសួងពាក់ព័ន្ធមិនថា CDC, ក្រសួងពាណិជ្ជកម្ម ឬមួយ(អ្នក)ដែលជួបជាមួយបរទេស គឺបើគេមកសុំផលិតបារីអេឡិចត្រូនិក ឬមួយ Vape នៅស្រុកខ្មែរ សូមហាម មិនទទួលវិនិយោគនេះទេ។ ទោះបីគាត់ផលិតនាំចេញក៏ដោយ។ សុំកុំឲ្យមានតែម្តង។ ផលិតនាំចេញក៏ពិបាក ព្រោះថាគ្រាន់តែនាំចូលហ្នឹងយើងពិបាកគ្រប់គ្រងទៅហើយ។ ទម្រាំតែផលិត(ក្នុងស្រុកទៀត)។ ខ្ញុំមានគោលការណ៍តាំងពីមុនខ្ញុំទទួលភារកិច្ចជានាយករដ្ឋមន្ត្រី គឺប្រឆាំងនឹងការចង់ដាំកញ្ឆានៅកម្ពុជា។ មានការ Lobby នៅពេលដែលឃើញប្រទេសថៃដាំដើម្បីគោលបំណងវិជ្ជសាស្ត្រ សុខភាព សុខាភិបាល (ដោយសំអាង)ថារុក្ខជាតិហ្នឹងជួយបំបាត់ការឈឺចាប់។ ពិតមែន នៅប្រទេសខ្លះប្រើ។ នៅអាមេរិកមានរដ្ឋខ្លះឲ្យប្រើ។ កាណាដាគេទើបបង្កើតវា។ ថៃក៏អនុញ្ញាតឲ្យធ្វើ។ មានចរន្តមកសុំ។ មានក្រុមហ៊ុនពីចិន ពី(កន្លែងផ្សេង)មកចង់វិនិយោគ ហើយមានការគិតគូរពិនិត្យមើលវិសោធនកម្មច្បាប់ស្អីៗ … ខ្ញុំប្រាប់ថា មិនបានទេ។ យើងគ្រប់គ្រងមិនបានទេ។ តើគ្រប់គ្រងការដាំកញ្ឆាបានទេ?
(១៩) ហាមនាំចូល ជួញដូរ ចែកចាយ ផ្សព្វផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិក ឬ HTPs ទូទាំងប្រទេស
គេថាដាំហើយគ្រប់គ្រងដើម្បីតែនាំចេញទៅលក់នៅក្រៅទេ។ កាណាដាធ្វើ។ ខ្ញុំថាគ្រប់គ្រងមិនបាន ព្រោះបើសិនជាដាំនៅហ្នឹង វា(មុខជាធ្លាយ)ចេញ ហើយប្រជាជនយើងនឹងជក់។ ខ្ញុំបដិសេធ។ ឥឡូវ លទ្ធផល ដូចខ្ញុំព្យាករណ៍ទុក។ នៅថៃចាប់ផ្តើមរឹតបន្តឹងដោយសារគ្រប់គ្រងអត់បាន។ គោលបំណងយកទៅប្រើប្រាស់ក្នុងវិជ្ជសាស្ត្រ ប៉ុន្តែឥឡូវមនុស្សជក់តាមទីសាធារណៈ ព្រោះគេដកអាហ្នឹងពីសារធាតុញៀន។ ឥឡូវមានបញ្ហា។ រដ្ឋាភិបាលចាប់ផ្តើមរឹតបន្តឹងឡើងវិញ ដោយសារពេលដែលដាក់ទៅមានការប្រើប្រាស់/ជក់ពេញទីសាធារណៈ។ ខុសពីគោលគំនិតដើម។ គ្រប់គ្រងអត់បាន។ មានមនុស្ស Overdose។ អ្នកខ្លះជក់ មិនមែនជក់លេងៗ ជក់តិចៗ ដើម្បីបំបាត់ការឈឺចាប់ទេ តែជក់ដើម្បី Get high។ បកប្រែថា ឡើងខ្ពស់ទៅឋានសួគ៌។ គេជក់អាហ្នឹងទៅ មានអារម្មណ៍រវើរវាយ។ ពួកហ្នឹងខ្ញុំមិនដែលជក់ទេ ប៉ុន្តែកាលនៅសាលាទាហានមានកម្មវិធីស៊ីវិលមួយ ឲ្យយើងទៅការពារនៅក្នុងកន្លែងសាលមហោស្រព។ គ្រាន់តែបើកទ្វារមកធំក្លិនចង់ឡេឡើដែរ។ ពួកម៉ាកខ្ញុំថា អាហ្នឹងហើយ Get high នោះ។ យើងឈឺក្បាល គ្រាន់តែក្លិនដែលជះពីគេបើកបិទទ្វារផង។ បារីអេឡិចត្រូនិកនេះក៏ដូចគ្នា។ កន្លងទៅ ឯកឧត្តម នេត សាវឿន (ក្នុងនាម)អាជ្ញាធរ(ប្រយុទ្ធប្រឆាំង)គ្រឿងញៀនបានសុំគោលការណ៍គ្រប់គ្រងហាមឃាត់ការនាំចូល ការជួញដូរ ការចែកចាយ ការផ្សព្វផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិក ឬ HTPs គឺបារីដុតកម្តៅហ្នឹងនៅទូទាំងប្រទេស ដោយហាមប្រើប្រាស់ និងជក់បារីអេឡិចត្រូនិកគ្រប់ទីកន្លែង ជាពិសេសនៅតាមគ្រឹះស្ថានសិក្សា ទីសាធារណៈ កន្លែងកំសាន្តផ្សេងៗ ក្នុង Restaurant នៅក្នុងក្លឹបអី …
(២០) គ្មានជាតិនីកូទីន Vape ជួយអ្នកជក់បារីផ្ដាច់បារី តែបើក្មេងប្រើ វាបង្កើតទម្លាប់និងបញ្ហា
ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំមិនឱ្យប្រើនៅជុំវិញសាលារៀន ហើយត្រូវអនុវត្តឱ្យបាន។ ហ្នឹងទាក់ទងជាមួយសុខភាពសាធារណៈ និងការប្រើប្រាស់របស់ក្មេងៗ។ បងប្អូនគិតថាអាហ្នឹងវាជួយៗ សម្រាប់អ្នកជក់បារីចង់ផ្ដាច់បារី ព្រោះវាអត់មានជាតិនីកូទីន(nicotine) ដូចជក់(បារី)ដើម។ ប៉ុន្តែវាមិនមែនតែសម្រាប់អ្នកជក់បារីផ្ដាច់បារី ព្រោះដល់ទៅប្រើវា ក្មេងៗអត់ចេះជក់បារី ក៏ទៅជក់អាហ្នឹងដែរ។ វាបង្កើតទម្លាប់មួយ ហើយបង្កើតបញ្ហា។ គេថា រដ្ឋាភិបាលនេះតឹងម៉្លេះ។ ដាំកញ្ឆា ជក់កញ្ឆាមិនបាន ផលិតបារីអេឡិចត្រូនិក ជក់វេផមិនបាន។ ខ្ញុំថា បន្ទោសរដ្ឋាភិបាល ហើយបន្ទោសខ្ញុំជាអ្នកសម្រេចហ្នឹងថាតឹងពេកមិនឱ្យជក់កញ្ឆា មិនឱ្យដាំកញ្ឆា មិនឱ្យផលិតបារីវេផ មិនឱ្យជក់វេផនៅកន្លែងសាលាអីផ្សេងៗ ថាតឹងចុះ។ ខ្ញុំសូមទទួល ប្រសើរជាងប្រជាពលរដ្ឋរាប់លាននាក់បន្ទោសខ្ញុំថា ម៉េចឱ្យកញ្ឆា ឱ្យវេផជក់ពេញសាលា … ខ្ញុំយកប្រជាជន។ ខ្ញុំជឿថាប្រជាជនភាគច្រើន រួមទាំងឪពុកម្ដាយ ជីដូនជីតា អាណាព្យាបាល អ្នកដែលជក់វេផ ជក់កញ្ឆាហ្នឹង គឺសប្បាយចិត្តដែលមិនឱ្យកូនចៅជក់កញ្ឆា ឬមួយក៏ជក់វេផ។
(២១) បើអនុញ្ញាតឱ្យដាំកញ្ឆា មិនមែនត្រឹមតែប្រជាជនទេ សូម្បីតែក្មេងៗ ក៏អាចប្រើលើសកម្រិត
ឥឡូវកញ្ឆាមិនដាំផង គ្រាន់តែចាប់ នាំចេញ រួចពន្ធអីហ្នឹង វារញ៉េរញ៉ៃពេញហ្នឹង។ ជាបញ្ហាតំបន់តែម្ដង។ ពេលខ្លះចាប់នៅយើង ពេលខ្លះចាប់នៅប្រទេសផ្សេង។ គ្រឿងញៀន រត់ពន្ធទៅ ប៉ុន្តែកញ្ឆាហ្នឹងក៏វារត់ពន្ធទៀតដែរ។ ឃើញព័ត៌មាននៅប្រទេសនេះប្រទេសនោះ នៅក្នុងអាស៊ីរហូតដល់អឺរ៉ុបអី វាទៅជាបណ្ដាញពិភពលោកទៅហើយ។ អញ្ចឹង បើឱ្យដាំកញ្ឆា កម្ពុជានឹងក្លាយទៅជាប្រទេសយ៉ាងម៉េច? វាមិនមែនត្រឹមតែប្រជាជនទេដែលប្រើលើសកម្រិត/Overdose សូម្បីតែក្មេងៗ ក៏វា Overdose។ ជឿថា លោកអ៊ំ លោកតាអាយុ៧០ អីជក់កញ្ឆាដើម្បី High ទេ? គឺមានតែក្មេងៗ ហ្នឹងឯង។ ហើយក៏មិនមែនប្រើសម្រាប់បំបាត់ការឈឺចាប់អីដែរ … ខ្ញុំសូមបញ្ជាក់ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការរួចទៅហើយនិងបានអនុវត្ត។ ចំពោះរឿងបារីវេផនេះ តាមពិតមានគោលការណ៍តាំងពីឆ្នាំ២០១៤ ជាបណ្ដើរៗ យើងកែសម្រួលចុងក្រោយទេ។ យើងនឹងបន្តអនុវត្ត។ នេះទាក់ទងទៅនឹងការបង្កានិងដាក់វិធានការបង្កាសុខភាពសាធារណៈ … ថៃគ្រាន់តែដកកញ្ឆាចេញពីសារធាតុញៀន គឺជក់ពេញហ្នឹង បង្កើតរឿងសង្គមផ្សេងទៀត … ត្រូវបន្តឹងឡើងវិញ។ យុវជនយើង ក្រុមគ្រូពេទ្យ និស្សិតពេទ្យយើង អត់មាននរណាចង់ Get high ទេ។ ចង់ Get high ទទួលសញ្ញាប័ត្រសប្បាយចិត្តហ្នឹងវិញ កុំ Get high ពីកញ្ឆា ឬវេផនោះ។
(២២) ធ្វើកម្មវិធីអាហាររូបត្ថម្ភសិស្សក្នុងសហគមន៍ ៣០ម៉ឺននាក់ ជាង ១០ខេត្ត និង ១១១៤សាលា
ពាក់ព័ន្ធទៅនឹងវិធានការទី២ គ្រប់គ្រងតាមសាលារៀនផងដែរ អាហារដែលក្រសួងអប់រំ បានចេញសេចក្តីណែនាំមួយចំនួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្រឿងចំណីដែលប៉ះពាល់សុខភាព។ ជំងឺខ្លះមិនមែនកើតភ្លាមទេ … បន្តិចម្ដងៗ ហូបដដែលៗ រាប់ឆ្នាំទៅវាកើតជាបញ្ហា។ ដូចថ្នាំបំបាត់ការឈឺចាប់ហ្នឹង (បើ)ផ្សំខុសជួនកាលត្រូវលេបជាប់រហូត ដល់លេបយូរៗទៅ វាបង្កើតបញ្ហាផ្សេង។ អញ្ចឹង ការប្រើប្រាស់ ការដាក់ចេញនេះសំខាន់។ មិនមែនតែត្រឹមវិធានការហាមឃាត់ទេ។ សម្រាប់ចំណីអាហារសិស្សនេះ យើងក៏ដាក់ចេញកម្មវិធីអាហាររូបត្ថម្ភជូនសិស្សក្នុងសហគមន៍ ដោយយកផលិតផលពីសហគមន៍។ កម្មវិធីដែលយើងធ្វើការជាមួយ World Food Program និងដៃគូនៅទូទាំងប្រទេស មានជាង ១០ខេត្ត មាន ១១១៤សាលា ដែលយើងជួយអាហាររូបត្ថម្ភបានន័យថាឱ្យអាហារទៅដល់កូនចៅប្រជាពលរដ្ឋរបស់យើង។ អ្នកដែលបានទទួលផលនោះ ៣០ម៉ឺននាក់។ យើងក៏ពិនិត្យមើលលទ្ធភាពដើម្បីពង្រីកសាលាគោលដៅមួយចំនួនដើម្បីអាចទទួលបាន(កម្មវិធីអាហារូបត្ថម្ភ) ព្រោះអាហារទី១ ទប់កុំឱ្យគាត់ហូបអីផ្តេសផ្តាសច្រើនពេកកាលពីនៅវ័យក្មេង។
(២៣) អត្រាឆ្លងជំងឺអេដស៍មាននិន្នាការរីកសាយ សូមប្រយ័ត្ន ត្បិតមិនទាន់មានថ្នាំព្យាបាលទេ
ការលក់ដូរនៅតាមសាលាត្រូវកុំប្រើអាសារធាតុ ឬបំពងច្រើនពេក ឬប៉ូវកម្លាំងអីច្រើនពេក ជាពិសេសក្មេងៗ ដែលប្រើភេសជ្ជៈប៉ូវកម្លាំងនេះ។ មនុស្សធំផ្សេង ប៉ុន្តែក្មេងៗ ត្រូវតែប្រយ័ត្នប្រយែង ទាំងឪពុកម្ដាយសូមឱ្យមើល។ បន្តិចៗ ហ្នឹង កូនយំ កុំឱ្យយំ ទិញរបស់ផ្អែមឱ្យ។ មួយអាទិត្យ(ឱ្យផឹក) ៥កំប៉ុង ៦កំប៉ុង មួយថ្ងៃមួយកំប៉ុង មួយថ្ងៃពីរកំប៉ុងហ្នឹង ដឹងតែទៅហើយ។ ខ្ញុំមិនដឹងថាពេទ្យយើងថាប៉ុន្មានកំប៉ុងគ្រប់គ្រាន់ទេ ប៉ុន្តែខ្ញុំដឹងថាច្រើនហើយ។ ហ្នឹងជាតិស្ករហ្នឹង។ វាបញ្ចេញមិនអស់ទេ។ ជាក្មេង វានៅសល់ក្នុងខ្លួនយូរៗ កើតជាបញ្ហា។ បើគាត់មានទឹកនោមផ្អែមហើយមួយជីវិត ដូចអត់មានថ្នាំណាដែលបំបាត់ជំងឺហ្នឹងទេ។ ឯកឧត្តម អៀង ម៉ូលី មកទេថ្ងៃនេះ? ជំងឺឆ្លងអេដស៍ហ្នឹងដូចឡើងវិញ។ ថ្ងៃមុនយើង(ឃើញថាអត្រាឆ្លងជំងឺអេដស៍បាន)ឡើងខ្ពស់។ (កាលមុនឃើញថា)នៅសល់តែប៉ុន្មានទេ ចុងក្រោយ។ ឥឡូវ ឃើញសាយឡើងវិញហើយ។ ពេលកាន់តែស្លូត ឬបានន័យថាអ្នកដែលស្លាប់ពីហ្នឹងកាន់តែតិចទៅៗ … មនុស្សប្រហែស។ សូមឱ្យប្រយ័ត្ន … អត់ទាន់មានអីព្យាបាលទេ។ ទឹកនោមផ្អែមនេះដូចគ្នាដែរ …។
(២៤) ឆ្នាំ២០២៦ រដ្ឋឧបត្ថម្ភ ៨១៦/១១១៤សាលា, ឆ្នាំ២០២៨ រដ្ឋទទួលឧបត្ថម្ភទាំង ១១១៤សាលា
ឆ្នាំ២០២៦ ក្នុង ១១១៤សាលានេះ គឺ World Food Program ជួយ ២៩៨សាលា រដ្ឋយើងចេញ ៨១៦ សាលា។ ឈានទៅដល់ឆ្នាំ២០២៨ រដ្ឋយើងត្រូវទទួលខុសត្រូវ ១១១៤សាលានេះ គឺយើងចេញថវិកាទាំងស្រុងជួយដល់កុមារនៅតាមសាលាបឋមសិក្សា ជាពិសេសនៅតាមជនបទដើម្បីឱ្យអាហាររូបត្ថម្ភរបស់គាត់បានគ្រប់គ្រាន់។ យើងមិនមានផែនការដកកម្មវិធីនេះចេញទេ ហើយថែមទាំងគិតគូរពីការពង្រីកជាជំហានៗ ផ្គួបជាមួយការយកថវិការដ្ឋទៅទិញកសិផល ទិញបន្លែ ទិញស្អីៗ នៅមូលដ្ឋានហ្នឹង យកមកធ្វើម្ហូបអាហារឱ្យកូនក្មេង។ ឥឡូវហ្នឹងកូនប្រជាពលរដ្ឋយើង ៣០ម៉ឺននាក់ នៅតាមបឋមសិក្សាជាង ១១១៤ នេះបានទទួលផលពីកម្មវិធីអាហាររូបត្ថម្ភដែលរដ្ឋយើងជួយ។ មិនត្រឹមតែបង្កាទេ គឺថែមទាំងជួយ។ នេះហើយគឺការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខភាពប្រជាពលរដ្ឋ គិតតាំងពីក្មេង គិតតាំងពីថ្នាំ គិតតាំងពីសុខភាព រួមទាំងអាហារ។ ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ២ឆ្នាំ មកដល់ម៉ោងនេះយើងគ្របដណ្ដប់បានហើយ។ ចំនួនអម្បាញ់នេះ គឺខ្ញុំគិតបានបញ្ជាក់ពីចុងឆ្នាំ២០២៣ មានសិស្សក្មេងតែ ១១ម៉ឺននាក់ទេ ដែលបានទទួលផល។ អញ្ចឹង ក្នុង៣ឆ្នាំនេះ យើងបង្កើន ១ជា៣ ឡើងទៅ ៣០ម៉ឺននាក់ដែលបានទទួលផល។ នេះគឺជាគោលនយោបាយដែលបងប្អូនប្រជាពលរដ្ឋអាចយល់បានថា ជាអាទិភាពនិងជាការអនុវត្តជាក់ស្ដែងរបស់រាជរដ្ឋាភិបាល ជួយដល់កូនចៅប្រជាពលរដ្ឋ ឬកុមាររបស់យើង។
(២៥) ឆមាសទី១ ឆ្នាំ២០២៦ រដ្ឋជួយស្ត្រីមានផ្ទៃពោះរហូតកូនអាយុ ២ឆ្នាំ ជាង ២លាន២សែន៥ម៉ឺននាក់
ទី២ ការឧបត្ថម្ភសាច់ប្រាក់។ យើងជួយដល់ប្រជាពលរដ្ឋ អ្នកដែលមានទម្ងន់ នៅក្នុងនោះមានកម្មករនិយោជិតក្នុងប្រព័ន្ធ គ្រួសារមានប័ណ្ណសមធម៌ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីកម្មសិក្សា មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ជនជាប់ឃុំ ក្រុមប្រឹក្សាជាតិ ខេត្ត ក្រុង ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឆ្នាំ២០២៦ នេះ ឆមាសទី១ មានអ្នកទទួលផលរហូតដល់ ២លាន២សែន៥ម៉ឺននាក់ជាង ដែលរដ្ឋត្រូវជួយតាំងពីគាត់មានផ្ទៃពោះមក រហូតដល់កូនអាយុ ២ឆ្នាំ រួមទាំងស្ត្រីនៅក្នុងពន្ធនាគារ។ ដែលខ្ញុំថា ម្ដាយគាត់ធ្វើខុស ប៉ុន្តែកូនអត់មានកំហុសទេ។ អញ្ចឹងត្រូវជួយដល់គាត់។ បើប្រៀបធៀបពីឆ្នាំ២០២៣ ក្នុង៣ឆ្នាំនេះ យើងកើន ១០៣%។ ពីឆ្នាំ ចុងឆ្នាំ២០២៣ យើងមានតែ ១លាន ១ម៉ឺននាក់ទេ ដែលទទួលផល។ ឥឡូវ ២លាន ២សែននាក់។ នេះជាទិន្នន័យជាក់ស្ដែង មិនចេះតែនិយាយថា យើងត្រូវតែធ្វើនេះធ្វើនោះទេ។ តួលេខអ្នកដែលបានផលជាក់ស្ដែង។ រាប់លាននាក់ ទាំងកុមារ ទាំងមិនទាន់កើត ដែលយើងត្រូវគិតគូរពីសុខភាពរបស់គាត់ ការពារគាត់ពេលដែលធំឡើងកាន់តែមានសុខភាពល្អ មិនឈឺថ្កាត់ កុំឱ្យមានបញ្ហាទឹកនោមផ្អែម បញ្ហាអីផ្សេងៗ។ នេះគឺជាវិធានការក្នុងការបង្ការ ទប់ស្កាត់បញ្ហាមួយចំនួន ដូចជារឿងវេផ រឿងភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរអីផ្សេងៗ។
(២៦) ជាប្រមុខរាជរដ្ឋាភិបាល មានកាតព្វកិច្ចជូនដំណឹងប្រជាពលរដ្ឋអំពីកិច្ចការដែលបានធ្វើ និងបន្តធ្វើ
ខ្ញុំបញ្ជាក់ប៉ុន្មានចំណុចក្នុងឱកាសនេះ។ ខ្ញុំដឹងថាវាមិនជាប់(ពាក់ព័ន្ធ)ជាមួយ(ការទទួល)សញ្ញាប័ត្រ ប៉ុន្តែវាទាក់ទងនឹងវិស័យសុខាភិបាល។ បងប្អូនប្រជាពលរដ្ឋ មិនថាតែអ្នកនៅទទួលសញ្ញាប័ត្រទេ នៅទូទាំងប្រទេសដែលមើលតាមទូរទស្សន៍ ឬមួយក៏ហ្វេសប៊ុក មានសិទ្ធិក្នុងការទទួលព័ត៌មានជាក់លាក់ថា តើរាជរដ្ឋាភិបាលធ្វើស្អីខ្លះ? ពិតប្រាកដ ជាលទ្ធផលជាក់ស្ដែង កុំបានតែនិយាយ។ ខ្ញុំលើកតែប៉ុណ្ណេះ ប៉ុន្មានជ្រុងនេះឱ្យជ្រាប។ កិច្ចការនេះ ក្រសួងសុខាភិបាល ក្រសួងផ្សេងៗ បានចេញតាមសារព័ត៌មានផ្សេងៗ ហើយ។ ថ្ងៃនេះ ខ្ញុំសង្ខេបបន្តិច ព្រោះវាទាក់ទងជាមួយសុខភាពសាធារណៈ។ យើងចែកសញ្ញាប័ត្រពេទ្យ យើងនិយាយរឿងសុខភាព។ យើងនិយាយក្នុងការអប់រំ ប៉ុន្តែក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ត្រូវមានកាតព្វកិច្ចជូនដំណឹងទៅប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអ្វីដែលយើងបានធ្វើ និងបន្តធ្វើតទៅទៀត ក្នុងនោះខ្ញុំស្រង់យកតែប៉ុន្មានចំណុចហ្នឹងទេ ដែលពាក់ព័ន្ធទៅដល់សុខភាពសាធារណៈរបស់យើង។
(២៧) បង្ការការហូបចុក ផ្តល់អាហាររូបត្ថម្ភតាំងពីមិនទាន់កើត គឺការពារកុំឱ្យខាតកម្លាំង និងធនធានគ្រួសារ
បើសិនជាលើកយកមកទាំងអស់ ប្រហែលជាស្អែកទើបចប់។ ឥឡូវគេសួរថា ខុសពីឆ្នាំទី១។ និយាយឥឡូវ? ខ្ញុំថាខុសឆ្នាំទី១ ត្រង់ថា កាលឆ្នាំទី១ ខ្ញុំនិយាយពីគោលនយោបាយដែលយើងត្រូវដាក់ចេញ។ ដល់ឆ្នាំទី៣ ខ្ញុំនិយាយតែពីលទ្ធផលដែលយើងបានធ្វើកន្លងមកហើយទេ។ មិនបាច់ចាំមើលអីច្រើន។ បានន័យថា យើងនិយាយអំពីអ្វីដែលរៀបរាប់ និងផ្តល់ព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋគ្រប់វេទិកា ដែលអាចមានពាក់ព័ន្ធ។ ថ្ងៃនេះមិនមែនតែ ២ពាន់នាក់នេះទេ គឺប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសក៏ចង់ដឹងដែរថា តើក្រៅពីចែកសញ្ញាប័ត្រ រាជរដ្ឋាភិបាលមានធ្វើអីទៀត សម្រាប់សុខភាពប្រជាជនឬអត់? ខ្ញុំសូមជូនដំណឹងអំពីវិធានការដែលយើងដាក់ចេញ លទ្ធផលជាក់ស្ដែងដែលយើងបានធ្វើ និងការពង្រីកវិសាលភាពសុខាភិបាលអីផ្សេងៗ ដែលប្រជាជនរាប់លាននាក់ទទួលផល។ ដូចជាង ៨លាននាក់ហើយដែលទទួលផល ទាំងកម្មវិធីសមធម៌ ទាំង ប.ស.ស.។ ខ្ញុំមិនលើកនៅពេលនេះទេ តែខ្ញុំលើកចំណុចពាក់ព័ន្ធនឹងសុខភាពនិងការបង្កា ដែលយើងត្រូវមើលតាំងពីក្មេង កុំដល់គាត់ឈឺបានយើងទៅដោះស្រាយ។ យើងបង្ការការហូបចុក អាហាររូបត្ថម្ភរបស់ក្មេង តាំងពីនៅមតេ្តយ្យ នៅបឋម តាំងពីមិនទាន់កើត គឺដើម្បីការពារថា ១៧, ១៨ឆ្នាំ, ២០ឆ្នាំក្រោយ គាត់មិនមានជំងឺ ខ្សោយ ខាតកម្លាំងពលកម្ម ខាតធនធានសម្រាប់គ្រួសារ។ អ្វីដែលយើងបានលើក អ្វីដែលយើងបានធ្វើ សុខភាពរបស់ប្រជាជន គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ …។
[ចប់សេចក្តីអធិប្បាយ៣]
មូលនិធិសមធម៌សុខាភិបាល មានក្រុមគោលដៅចំនួន៣ ទី១ ប្រជាពលរដ្ឋក្រីក្រ ទី២ គ្រួសារងាយរងហានិភ័យ ទី៣ កម្មករនិយោជិតក្រៅប្រព័ន្ធ កីឡាករ កីឡាការិនី កម្មករធាក់ស៊ីក្លូ បុគ្គលិក អ្នកជំនាញដោះមីន ស្ត្រីបម្រើការតាមផ្នែកសេវាកម្សាន្ត មេឃុំ មេភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់។ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបទៅនឹងសភាពការណ៍នៃពហុវិបត្តិ ជាមួយនិងបំណងបួន។ ទីមួយ គឺរក្សាលំនឹងរបស់ប្រជាជន គ្រួសារងាយរងហានិភ័យ ជនភៀសសឹក អ្នកប្រកបរបរក្រៅប្រព័ន្ធមួយចំនួន។ ទីពីរ លើកកម្ពស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។ ទីបី លើកកម្ពស់ការអភិវឌ្ឍជំរុញ មុខរបរ ការងារ។ ទីបួន ពង្រឹងការគ្រប់គ្រង និងជំរុញអន្តរកម្ម ព្រមទាំងបំប្លែងកសិកម្ម។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
(២៨) ការចំណាយទប់ថ្លៃប្រេងនិងថ្លៃភ្លើង មកដល់ពេលនេះមានជិត ៥០០លានដុល្លារ
នៅក្នុងដំណាក់កាលដែលយើងកំពុងប្រឈមការលំបាក ឆ្នាំ២០២៤ រហូតដល់២០២៦នេះ យើងមានបញ្ហាប្រឈមជាច្រើនដែលមិនបានព្យាករណ៍ទុក។ ទាក់ទងនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ យើងក៏បានរៀបចំវិធានការមួយចំនួនដើម្បីជួយដល់ប្រជាពលរដ្ឋ។ ហ្នឹងខ្ញុំបានលើកហើយ។ វាទាក់ទងទៅនឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជន ដែលចំណាយសរុបមកដល់ពេលនេះមានជិត ៥០០លានដុល្លារ គ្រាន់តែទប់ថ្លៃប្រេង និងថ្លៃភ្លើង។ ហ្នឹងយើងអត់គិតពីការដោះស្រាយបញ្ហាផ្សេងៗ ទេ។ បើសិនយើងមិនបញ្ចេញថវិកាទប់ ឬមួយក៏អនុគ្រោះដល់អាករបន្ថែមទេ ថ្លៃប្រេងអាចកើនលើសនេះ ៩ទៅ ១០ភាគរយ។ យើងដឹងហើយថាប្រេងឡើង ប៉ុន្តែឡើងនៅក្នុងកម្រិតមួយដែលយើងបានជួយឧបត្ថម្ភធន បូកជាមួយការជួយលើកលែងអាករ។ លុយនោះចេញពីណា? លុយនោះគឺយកចេញពីថវិកាគយ។ (យើង)ចែករំលែកគ្រប់ជ្រុង នៅពេលដែលកើនចំណាយមិនបានរំពឹងទុក ដូចជាសង្គ្រាម។ ឥឡូវ ទឹកជំនន់ឆ្នាំនេះធំ។ (ទាំងនេះ)សុទ្ធតែ(មិនមាន)ក្នុងពេលចរចាថវិកាឆ្នាំ២០២៦។ អត់មានព្យាករណ៍ថាឆ្នាំនេះទឹកធំដាច់ផ្លូវជាតិជាច្រើន និងត្រូវស្តារឡើងវិញផង។ ដៃម្ខាងយើងកាត់បន្ថយចំណូលដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជនទូទៅ ដៃម្ខាងយើងត្រូវដោះស្រាយបញ្ហាចំពោះមុខដែលមិនព្យាករណ៍ទុកដោយសារទឹកជំនន់។ តើឆ្នាំ២០២៧ មានអីទៀតទេ? ពីនេះទៅដល់ចុងឆ្នាំមានអីទៀតទេ? យើងសង្ឃឹមថាមិនមានអីទាំងអស់ ឱ្យរឿងអាក្រក់ៗ ទៅតាមទឹកហ្នឹងអស់ទៅ។
(២៩) ធ្វើវិចារណកម្មថវិកាស្រាយការលំបាក បង្ហាញថារដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ
យើងបានត្រឹមតែសង្ឃឹមថាល្អ តែជាមួយគ្នាត្រូវត្រៀមលក្ខណៈនៅក្នុងករណីដែលរឿងអាក្រក់កើតឡើង។ អង់គ្លេសថា Hope for the best, prepare for the worst។ យើងសង្ឃឹមហើយថាវាល្អ។ ការដាក់ចេញថវិកា ព្យាករណ៍ថាសេដ្ឋកិច្ចកើនប៉ុណ្ណេះ ប៉ុន្តែយើងមានទៅដឹងឯណាថា នៅសុខៗ អាមេរិកវាយអ៊ីរ៉ង់ (បណ្តាលឱ្យ)ឡើងថ្លៃប្រេង។ យើងគិតថាវាយតែ ២៤ម៉ោង ឬ៤៨ម៉ោង មិនដឹងថាមកដល់ពេលនេះ មិនទាន់ចប់។ សុខៗទឹកជំនន់។ តើមានស្អីទៀត? ឥឡូវ ឱ្យតែមានព័ត៌មានអី ឃើញតែថាអ្នកស្លាប់នៅស្រុកនេះ រឺអាសន្នរោគ រឺ កើតស្អី ជួយតាមមើលផង បង សម្បត្តិ ជួយផង បងរ៉ា ប្រយ័ត្នចូលដល់ស្រុកខ្មែរទៀត។ កូវីដ-១៩ ម្តងហ្នឹងវេទនាហើយ កុំឱ្យរឿងផ្សេងទៀតចូល។ រឿងច្រើនមិនមែនតែយើងទេ។ នៅទូទាំងពិភពលោក ដែលប៉ះពាល់សុទ្ធតែអត់ព្យាករណ៍បានទាំងអស់។ អញ្ចឹង ការហែកចែករំលែក ការធ្វើវិចារណកម្មក្នុងការជួយដោះស្រាយ ការលំបាកប្រជាពលរដ្ឋនៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈ គឺរដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋទាំងអស់ មិនបានចោលទេ។ ខ្ញុំសូមភ្ជាប់រឿងហ្នឹងបន្តិចចុះ។ ម៉ោងទើប១០ទេ។ ខ្ញុំដឹងថាបងប្អូនណាត់បាយល្ងាចទេ មិនមែនបាយថ្ងៃត្រង់ទេ។ អញ្ចឹង យើងសល់ ៧ម៉ោងទៀត។ និយាយលេងទេ …។
(៣០) សង្គ្រាមមិនបានរំពឹង ធ្វើឱ្យរដ្ឋាភិបាលរងបន្ទុកដោះស្រាយមិនបានគ្រោងទុក ក្នុងផែនការឆ្នាំ២០២៥/២៦
កន្លងទៅ សង្គ្រាមដែលផ្ទុះឡើង យើងមិនរំពឹងទុកទេ។ យើងឃើញគ្រាប់ធ្លាក់។ យើងឃើញប្រជាជនស្លាប់ យើងឃើញទាហានស្លាប់ យើងឃើញបាក់បែក យើងឃើញប្រជាជនរាប់សែននាក់គេច យើងឃើញប្រជាជនត្រឡប់ទៅវិញ យើងឃើញកន្លែងខ្លះក៏ទៅដោយស្ងាត់ កន្លែងខ្លះក៏បង្កើតជាកន្លែងដែលចាប់អារម្មណ៍គឺភូមិរង់ចាំ យើងឃើញភូមិជនភៀសសឹក ដែលមិនសូវចាប់អារម្មណ៍ច្រើនគឺនៅឧត្តរមានជ័យ នៅព្រះវិហារបន្ថែម។ យើងឃើញការស្តារឡើងវិញសាលារៀន មណ្ឌល វត្តអារាម។ ទាំងអស់នេះសុទ្ធតែស្ថិតនៅក្នុងការចងចាំរបស់យើង ហើយក៏ជាបន្ទុក និងការដោះស្រាយរបស់រដ្ឋាភិបាលក្នុងផែនការដែលយើងមិនបានគ្រោងទុកក្នុងឆ្នាំ២០២៥ ឬ២០២៦។ ធ្វើម៉េចបើវាមកហើយ។ អ្នកខ្លះរហូតទៅដល់ថា វាយគ្នាហ្នឹងគឺបង្កដោយខ្មែរទៅទៀត … ថ្ងៃ២៨ ខែ៥ គេមកបាញ់ទាហានយើងនៅលើដីយើង។ យើងមានធ្វើអី? ចាំទេ? ពលទោ សួន រុន នោះ។ តើខ្មែរទៅរករឿងអ្នកណា។ នៅសុខៗ គេមកបាញ់ទាហានយើងដល់ដី។ ប្រជាពលរដ្ឋទូទាំងប្រទេសទាមទារឱ្យឆ្លើយតប។ ក្រោយមកគេប្រមាថយើង។ រឿងខ្មែរក្រណាស់ អត់ប្រេងដាច់ខ្យល់ អត់ភ្លើងដាច់ខ្យល់ អត់អ៊ីនធឺណេតដាច់ខ្យល់។ ចាំទេ? យើងឆ្លើយតបទៅវិញថា កម្ពុជាមិនបានរករឿងទេ តែបើអ្នកមើលងាយ យើងចាត់វិធានការ។ ស្រាប់តែមានបងប្អូនខ្មែរខ្លះថា «មកពីរដ្ឋាភិបាលច្រងេងច្រងាងដាក់គេ»។ វាមិនមែនរឿងសំឡេងស្អីៗ តាំងពីថ្ងៃ៦ ខែ៦ ខែ៧ ហ្នឹងទេ? តាំងពីថ្ងៃ២៨/០៥ គេចាប់ផ្តើមដេញចេញពីតាមាន់ពីស្អី …។
(៣១) កម្ពុជាឆ្លើយតបដើម្បីការពារសិទ្ធិ សេរីភាព កិត្តិយសជាតិ អធិបតេយ្យភាពជាតិ
យើងមិនមែនអ្នកបង្ករឿងទេ។ ខ្ញុំសូមឱ្យច្បាស់។ បាញ់គ្នាហ្នឹងក៏មិនមែនយើងអ្នកបាញ់ទីមួយដូចគេចោទដែរ។ ទាហានយើងប្រឹងប្រែងណាស់។ មកទីតាំងយើង មកទាំងវត្តយើង មកទាំងផ្ទះយើងទៀត។ សូមបញ្ជាក់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានច្បាស់ថា កម្ពុជាមិនដែលចង់មានសង្គ្រាមទេ។ យើងការពារសិទ្ធិ សេរីភាព កិត្តិយសជាតិរបស់យើង អធិបតេយ្យភាពជាតិរបស់យើង។ យើងឆ្លើយតប។ ថ្ងៃ២៨ ខែ៥ សូមកុំភ្លេច កម្ពុជាមិនបានទៅពួនទេ … ខ្ញុំចាំថា នៅព្រលានយន្តហោះ ចុះពីយន្តហោះ ជួបជាមួយនាយករដ្ឋមន្ត្រីថៃ បាយជាមួយគ្នា អង្គុយជជែកគ្នា ថតស៊ែលហ្វីជាមួយគ្នា។ ខ្ញុំទៅដល់ជប៉ុនធ្វើទស្សនកិច្ច ឯកឧត្តមអគ្គមេបញ្ជាការរាយការណ៍ ថាគេចូលមកបាញ់ទាហានយើងនៅក្នុងលេណដ្ឋាន។ រឿងក៏វាបន្ទាប់ត្រង់ហ្នឹង។ អញ្ចឹងក៏មានការវាយលើកទីមួយ វាយលើកទីពីរ។ ខ្ញុំមិនចង់រំលេចអារឿងហ្នឹងទេ ប៉ុន្តែស្ថានភាពវាអញ្ចឹង។ ពេលដែលវាយលើកទីពីរ វារីក ទៅដល់ ៦ខេត្ត លើកលែងប៉ៃលិនមួយ។ ប៉ុន្តែអ្នកប៉ៃលិនក៏រត់ដែរ។ អត់មានការវាយគ្នាមែន ប៉ុន្តែការចល័តកម្លាំងអីនេះ អ្នកប៉ៃលិនមួយចំនួនក៏រត់។ ចាត់ទុកថាទាំង ៧ខេត្តចុះ។ មនុស្សឡើងដល់ ៧០ម៉ឺននាក់ …។
(៣២) ចំណុចទី៣នៃកិច្ចព្រមព្រៀងឈប់បាញ់ បញ្ជាក់លក្ខខណ្ឌចុះវាស់វែងដើម្បីកំណត់ព្រំដែន
យើងចរចាអោយមានការឈប់បាញ់ ថ្ងៃ២៧ ខែ១២។ មិនមែនឈប់បាញ់ហើយ ឱ្យដីគេទេណា។ លក្ខខណ្ឌច្បាស់នៅក្នុងកិច្ចព្រមព្រៀង ប្រកាសរួមថ្ងៃទី២៧ ខែ១២ គឺផ្អាកការបាញ់ នៅឯណានៅហ្នឹងសិន។ ចំណុចទីបីចាប់ផ្តើមវាស់វែងដើម្បីកំណត់ព្រំដែន មិនមែនទាហានកំណត់ព្រំដែនទេ។ បើសិនជាគ្មានចំណុចទីបី ក៏យើងមិនស៊ីញ៉េដែរ វាយគ្នាតទៅទៀត។ តែដោយមានចំណុចទីបី ធានា … អ្នកណានៅឯណា នៅឯនោះ។ ទ័ពគេ ទ័ពយើង ជាមួយគ្នាកុំឱ្យរញ៉េរញ៉ៃ … ចំណុចទី៣នៃកិច្ចព្រមព្រៀងនេះ អត់ទាន់ចប់ទេ ទាំងថៃទាំងកម្ពុជា មិនទាន់លុបទេ។ MOU២០០០ ក៏មិនទាន់លុប JBC ក៏មិនទាន់លុប។ អ្វីដែលត្រូវ(ធ្វើគឺការ)ចុះវាស់វែង (ដូចមាន)នៅក្នុងការកំណត់។ ហើយការវាស់វែងនេះ មិនមែនវាស់វែងថ្មីទេ គឺការចុះបញ្ជាក់ឡើងវិញនូវអ្វីដែលបានវាស់វែងពី ១០០ឆ្នាំមុននោះ។ ក្នុងសន្ធិសញ្ញាមានរួចអស់ហើយ។ មាន PV កន្លែងណា តាមខ្សែ/ផ្លូវទឹក កន្លែងណាតាមខ្សែត្រង់។ អ្វីដែលនៅខ្វះ គឺការអនុវត្តជាក់ស្តែង និងឆន្ទៈនយោបាយ។
(៣៣) រដ្ឋមន្ត្រីការបរទេសអាមេរិក សូមឱ្យថៃឈប់ធ្វើសកម្មភាពបង្កើនកម្ដៅ ថែរក្សា និងអនុវត្ត KL Accord
៣ថ្ងៃមុន ឧបការីទូតអាមេរិកមកជួបខ្ញុំជាការបន្ទាន់។ គាត់ថា ឥឡូវរដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយជាមួយថៃហើយសូមឱ្យថៃឈប់ធ្វើសកម្មភាពណាដែលបង្កើនកម្ដៅ ឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថាជាការវាតទីយកទឹកដីកម្ពុជា។ ធ្វើម៉េច ថែរក្សា និងអនុវត្ត KL Accord ដែលបានបញ្ជាក់ច្បាស់គឺត្រូវវាស់វែងតាមសន្ធិសញ្ញា តាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយប្រើប្រាស់យន្តការ JBC។ គាត់សុំថា សូមកម្ពុជាបញ្ជាក់ថាកម្ពុជាមិនធ្វើសកម្មភាពអីដែលបង្កើនកម្ដៅ។ ខ្ញុំថា កម្ពុជាមិនដែលធ្វើអីបង្កើនកម្ដៅទេ ហើយយើងអត់ធ្មត់ណាស់។ អាមេរិកដែលជួយឱ្យមាន KL Accord គឺសូមជួយជំរុញធ្វើម៉េចឱ្យមានការវាស់វែង JBC។ ខ្ញុំសូមបញ្ជាក់ថា ការចុះហត្ថលេខានៅថ្ងៃ២៧ ខែ១២ មកដល់ម៉ោងនេះមិនទាន់ចោលទេ។ យន្តការដោះស្រាយតាមការទូត យន្តការដោះស្រាយតាមផ្លូវច្បាប់ លេងផ្លូវទឹកនៅ UNCLOS យើងលេងផ្លូវច្បាប់នៅពេលដែលយន្តការទ្វេភាគីវាអន់។ សូមឱ្យបងប្អូនយោគយល់។ វាប្រើពេលវែង។ ច្បាប់ការទូតអត់ដូចវាយគ្នាទេ តែវាអាចចប់។ បើវាយគ្នាអត់ចប់ទេ។ យើងវាយយកបាន គេវាយបកយកវិញ យើងវាយយកវិញ។ រុស្ស៊ី អ៊ុយក្រែន ៣ឆ្នាំហើយ ទៅវិញទៅមក នៅតែមួយថ្ងៃៗ ស្លាប់ប៉ុន្មាន រើសទ័ពខ្លួនឯងមិនគ្រប់ …។
(៣៤) “ផ្ទះ ៥០០០ខ្នង សំរាប់ជនភៀសសឹក មិនមែនកើតដោយឯកឯងទេ”
ឥឡូវ ត្រឡប់មកវិញនិយាយរឿងសង្គ្រាមនោះវាបន្សល់ស្អីដល់យើង។ រដ្ឋាភិបាលធ្វើអ្វីខ្លះ? មានបងប្អូនខ្លះថា «ហ៊ុន ម៉ាណែត មិនដែលឃើញទៅអើតនៅព្រំដែន»។ ខ្ញុំទៅជួបជាមួយជនភៀសសឹក កន្លែងខ្លះខ្ញុំទៅអើតទាហាននៅហ្នឹង គ្រាន់ខ្ញុំអត់បង្ហាញរូប។ មិនមែនមេដឹកនាំគេៗ ទៅពាក់អាវក្រោះថតទេ។ ខ្ញុំទៅដល់មុខ ព្រោះកុំឱ្យលំបាកទាហាននៅខាងមុខការពារ។ យើងធ្លាប់ធ្វើទ័ពដែរ ទៅអត់បញ្ជាក់ល្អជាង។ អង្កាល២០០៨ ខ្ញុំឡើងទៅដល់ភ្នំទ្រព្យ កាលមិនទាន់ចប់វាយគ្នា។ ពូ យឹម ពឹម ថាម៉េចក៏មកដល់ហ្នឹង? ទៅអត់មានឱ្យនរណាដឹងទេ។ ដូចតែគេដូចតែឯងហ្នឹង។ ភាគីម្ខាងទៀតអាចមើលហ្ស៊ុយមែលមកថា «នរណាមុខដូច ហ៊ុន ម៉ាណែត»។ អត់ប្រកាសថាទៅទេ។ ទៅមើលហើយក៏គ្មានទៅបង្កការលំបាកឱ្យ(បងប្អូន)ដែរ។ ទោះបីខ្ញុំមិនទៅ យើងតាមស្ថានភាពជាប់ជាប្រចាំ។ ផ្ទះ ៥០០០ខ្នងដែលធ្វើហ្នឹង មិនមែនដោយចៃដន្យទេ មិនមែនកើតដោយខ្លួនឯងទេ បើខ្ញុំក្តាប់(ព័ត៌មានមិនបាន) មិនដាក់ចេញនូវគោលការណ៍ជួយប្រជាពលរដ្ឋទេ។
(៣៥) ជនភៀសសឹក ៧០ម៉ឺននាក់ ចែកជាអ្នកអាចត្រឡប់ទៅបានភ្លាម និងអ្នកត្រូវការេពេលមួយរយៈ
ចំពោះប្រជាពលរដ្ឋដែលយើងបានជួយ សូមបញ្ជាក់លម្អិតបន្តិចជូនប្រជាពលរដ្ឋបងប្អូននៅទីនេះ ក៏ដូចជានៅខាងក្រៅថាតើយើងជួយស្អីខ្លះ? ដែលសង្ខេបធំៗ ប្រជាពលរដ្ឋដែលយើងជួយ បែងចែកជាពីរក្រុម ៧០ម៉ឺននាក់ ពេលដែលត្រឡប់។ ក្រុមទី១ គឺអ្នកអាចត្រឡប់ទៅវិញបានភ្លាម។ ផ្ទះមិននៅក្នុងតំបន់កំពុងតែប្រទាញប្រទង់គ្នា និងទាមទារការវាស់វែងទៅថ្ងៃមុខ។ ប្រជាជនក្រុមទី២ គឺអ្នកមិនទាន់អាចត្រឡប់ទៅវិញភ្លាមបាន ត្រូវការមួយរយៈដើម្បីយើងធ្វើការដោះស្រាយ។ អញ្ចឹង យើងដោះស្រាយយ៉ាងម៉េចចំពោះអ្នកទីមួយ? ចំពោះក្រុមទី១ អ្នកដែលអាចត្រឡប់ទៅវិញបាន ក្រោយពីវាយគ្នា ក្រោយពីយើងស៊ីញ៉េចុះហត្ថលេខាថ្ងៃ២៧/១២ រង់ចាំមួយថ្ងៃ ពីរថ្ងៃបីថ្ងៃ ដើម្បីឱ្យស្ថានភាពហ្នឹងប្រាកដថា “មិនឈប់ថ្ងៃហ្នឹង ស្អែកវាយទៀត”។ ពេលដែលវាយ២១ថ្ងៃ យើងដឹង។ ណាត់គ្នាឈប់វាយម៉ោង៧ល្ងាច។ ឈប់ម៉ោង៧ល្ងាច ម៉ោង១០មកទៀត។ វាយ៣ថ្ងៃតទៅទៀត។ អញ្ចឹងចាំមើល … យើងអាចថាទប់បាន។ យុទ្ធជនយើង ១៨នាក់ត្រូវបានដោះលែងត្រឡប់មកវិញ។ឃើញស្ថានភាពស្រួល យើងក៏ចាប់ផ្តើម។
(៣៦) ចំណាយថវិកាបោសសំអាតសំណល់សង្គ្រាម ឧបត្ថម្ភ១,៦០៦គ្រួសារតាមកំរិតខូចខាតផ្ទះសម្បែង
សម្រាប់ប្រជាជន ក្រុមទី១ មុននឹងត្រឡប់ទៅវិញ (ក) យើងចំណាយថវិកា ១លាន៦សែនជាង ដើម្បីឱ្យស៊ីម៉ាក់ទៅបោសសម្អាតសាលារៀន ផ្ទះ មណ្ឌលសុខភាពអ្វី … (ខ) ជួយលំនៅឋានឡើងវិញ។ ប្រជាពលរដ្ឋដែលរង(គ្រោះ) គាត់អត់នៅក្នុងតំបន់ក្រហមដែលហាមទេ ប៉ុន្តែគ្រាប់ផ្លោងវាចូលមកដល់ក្នុង ទាំងគ្រាប់បែកទាំងយន្ដហោះ។ ប្រជាពលរដ្ឋដែលត្រលប់ទៅវិញនេះ ទីមួយយើងជួយឧបត្ថម្ភថ្លៃជួសជុលផ្ទះ។ អ្នកខ្លះដែលទាមទារថារដ្ឋាភិបាលម៉េចមិនចេញលុយសង? ខ្ញុំសូមពន្យល់ថា រដ្ឋាភិបាលជួយឧបត្ថម្ភការសាងសង់ជួសជុលឡើងវិញ។ អ្នកដែលខូចកម្រិតធ្ងន់ ជួយ ២០លានរៀលក្នុងមួយគ្រួសារ។ អ្នកដែលលំនៅឋានខូចខាតកម្រិតធម្មតា យើងជួយ ១២លានរៀលក្នុងមួយគ្រួសារ។ អ្នកដែលខូចខាតបន្តិចបន្តួច របើកក្បឿង បែកកញ្ចក់បែកអីហ្នឹង យើងជួយ ២លានរៀល/គ្រួសារ។ ប្រជាជន ១,៦០៦ គ្រួសារបានទទួលការជួយឧបត្ថម្ភនេះ។
(៣៧) ក្រុមដែលអាចត្រឡប់ទៅភូមិដ្ឋាន ក៏បានទទួលអត្ថប្រយោជន៍បន្ថែមជាប័ណ្ណក្រីក្រ ក្រ១ ក្រ២
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជួយកសាងផ្ទះថ្មីជូនគ្រួសារក្រីក្រដែលខ្ទេចទាំងស្រុង ៣៩ គ្រួសារ ក្នុងនោះយើងចំណាយថវិកាធ្វើផ្ទះជូនគាត់ថ្មីទាំងអស់តែម្តង ៣០គ្រួសារជាង។ សូមបញ្ជាក់ថានេះជាការជួយសម្រាប់គ្រួសារក្រុមទី១ ដែលអាចត្រឡប់ទៅវិញ។ សម្អាតកន្លែងកុំឱ្យមានគ្រោះថ្នាក់ដោយដោះមីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ផ្ទះគាត់ដែលខូចខាតយើងជួយលុយជួសជុល។ ពួកគាត់ក៏បានទទួលនូវអត្ថប្រយោជន៍បន្ថែមទៀត ក្រៅពីជួយត្រឡប់ទៅវិញហ្នឹង គឺយើងឱ្យគាត់នូវកម្មវិធីសមធម៌ បានអត្ថប្រយោជន៍ដូចអ្នកដែលមានប័ណ្ណក្រីក្រ ក្រ១ ក្រ២។ ទោះបីមានជីវភាពយ៉ាងម៉េចក៏ដោយ យើងជួយដើម្បីបានអត្ថប្រយោជន៍បន្ត។ យើងជួយគាត់ផ្តល់ ៤០ម៉ឺនរៀលក្នុងមួយគ្រួសារក្នុងការចាប់ផ្តើមថ្មី ហើយផ្តល់ស្បៀង និងគ្រាប់ពូជជាច្រើននៅតាមខេត្តទាំង៦ … ជិត ៩,០០០គ្រួសារដែលបានទទួលការផ្តល់។ នេះគឺក្រុមអ្នកទី១។ កន្លងទៅ បងប្អូនឃើញតែភូមិរង់ចាំទេថារដ្ឋធ្វើតែផ្ទះហ្នឹងឱ្យ។ ប៉ុន្តែនៅពីក្រោយរូបភាពនេះ តើមានស្អីខ្លះទៀត? យើងមិនមែនធ្វើតែផ្ទះហើយ ទម្លាក់ចោលទេ។ យើងមានបន្តកម្មវិធី។
(៣៨) សំរាប់ក្រុមទីពីរទាំង ៤ខេត្ត មកដល់បច្ចុប្បន្ន ធ្វើជិត ៥,០០០ផ្ទះ ចំណាយថវិការដ្ឋ ៥៩លានដុល្លារ
ចំពោះប្រជាជនក្រុមទីពីរ គិតមកដល់បច្ចុប្បន្ន ថវិកាដែលយើងបានចំណាយមិនគិតពីថវិកាដៃគូអភិវឌ្ឍន៍ ដែលជួយបាន ១០០ផ្ទះ ក្នុងនោះយើងធ្វើជិត ៥,០០០ផ្ទះ ចំណាយថវិការដ្ឋ ៥៩លានដុល្លារ ដើម្បីធ្វើការដោះស្រាយទាំង ៤ខេត្តនេះ។ ការរៀបចំជម្រកបណ្តោះអាសន្ន ការអនុវត្តវិធានការជំនួយសង្គម និងគាំពារសង្គម រៀបចំទីតាំងដីសម្បទានសង្គមកិច្ចជាអាទិ៍ ការកសាងផ្ទះ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការរៀបចំជាសាលារៀន ភូមិរង់ចាំក៏មានរៀបចំជាសាលារៀន ជាមណ្ឌលសុខភាព តបណ្តាញអគ្គិសនី កន្លែងខ្លះឧបត្ថម្ភថ្លៃអគ្គិសនីមួយចំនួនទៀតទៅជូន រៀបចំបណ្តាញទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ គាំទ្រផ្នែកកសិកម្ម បង្កើតសហគមន៍កសិកម្មជូនគាត់ ដើម្បីរកចំណូលជូនប្រជាពលរដ្ឋ។ មិនមែនឃើញតែផ្ទះហ្នឹងចប់ទេ គឺយើងធ្វើសកម្មភាពទាំងអស់នេះហើយនៅជាប្រចាំ។
(៣៩) ទោះបីមានបន្ទុកត្រូវដោះស្រាយច្រើន កែសម្រួលចំណាយមិនបានព្រៀងទុកក្នុងផែនការ២០២៦ ទៅជួយប្រជាជនភៀសសឹក
កិច្ចគាំពារសង្គម រដ្ឋាភិបាលបានផ្តល់ថវិកាឧបត្ថម្ភ ១០ម៉ឺនរៀល/គ្រួសារ និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់សមាជិកគ្រួសារម្នាក់ៗ រយៈពេលមួយឆ្នាំ។ ម្នាក់ដូចបាន ២៨,០០០រៀលបន្ថែមទៀត។ អញ្ចឹងថែម ១០ម៉ឺននៅក្នុងមួយខែៗ ហើយ រយៈពេលមួយឆ្នាំ បន្ថែមលើអត្ថប្រយោជន៍ផ្សេងៗ ដែលផ្តល់ឱ្យជូនគ្រួសារទាំងអស់នោះ។ នៅបន្ទាយមានជ័យ ដីបង្កបង្កើនផលមិនអាចធ្វើបាន យើងថែមមួយខែ ២០ម៉ឺនជូនទៀត។ អញ្ចឹង សរុបទៅ ៥០ម៉ឺនជាង។ មិនច្រើនទេ ប៉ុន្តែនេះគឺជាការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ សូមបងប្អូនមើល។ ទោះបីជាយើងមានបន្ទុកច្រើនដែល(ត្រូវប្រឈមដោះស្រាយ) រដ្ឋាភិបាលចែករំលែកមួយមាត់មួយក បានន័យថាយើងកែសម្រួលការចំណាយដែលយើងមិនបានព្រៀងទុក កាត់ការចំណាយមិនបានព្រៀងទុកដែលមិនចាំបាច់ពីក្រសួងខ្លះនៅក្នុងផែនការ២០២៦ យកលុយហ្នឹងផ្ទេរទៅឱ្យប្រជាជនភៀសសឹក។ យើងធ្វើផ្ទះធ្វើអីនេះ ដែលខ្ញុំថាយើងចែកមួយមាត់មួយកហ្នឹងបានន័យថា យើងដកពីក្រសួងស្ថាប័នមួយចំនួន វគ្គខ្លះមិនចាំបាច់ កន្លែងធ្វើខ្លះមិនចាំបាច់ ដកយកលុយហ្នឹងមកសិន។
យើងអត់បានព្យាករទុកថាមានសង្គ្រាមទេ។ យើងអត់ព្យាករថា រាប់សែននាក់ទៅវេទនារាប់ពាន់នាក់បាត់ផ្ទះនោះទេ។ ប៉ុន្តែយើងត្រូវធ្វើបែបនេះ។ ការរៀបចំកញ្ចប់នៅខេត្តបន្ទាយមានជ័យបាន ៣,៣០៥គ្រួសារទទួលផល។ ខេត្តព្រះវិហារ ៦៩១គ្រួសារ ជិត ៧០០គ្រួសារ ខេត្តឧត្តរមានជ័យ ៧៩៥គ្រួសារ ជិត ៨០០គ្រួសារ ហើយនៅខេត្តពោធិ៍សាត់ តិចតួចជាងគេ ២៧គ្រួសារ សុទ្ធតែយើងជួយឧបត្ថម្ភបែបនេះ។ កន្លែងខ្លះ សង់ផ្ទះ រៀបចំហេដ្ឋារចនាសម្ព័ន្ធ តទឹក តភ្លើងជូនជាបណ្តោះអាសន្ន កម្មវិធីបណ្ណសមធម៌ គ្រួសារក្រីក្រ ឧបត្ថម្ភសាច់ប្រាក់ជូនប្រចាំខែ ១២ខែ រកវិធីដើម្បីបង្កើតការងារឱ្យគាត់ឡើងវិញ។ ពេលជាមួយគ្នាព្យាយាមតស៊ូផ្លូវទូតដើម្បីទាមទារឱ្យដោះស្រាយវាស់វែងឡើងវិញដើម្បីបញ្ចប់។ នេះគឺជាការដោះស្រាយជាក់ស្តែងជូនប្រជាពលរដ្ឋ។
(៤០) គ្រឹះស្ថានហិរញ្ញវត្ថុពន្យាការទូទាត់សងដល់គ្រួសារភៀសសឹក លើកលែងការប្រាក់ពិន័យ លើកលែងការប្រាក់ និងលុបបំណុលយោធិនពលី
ក្រៅពីនោះ ក្នុងការផ្ទុះអាវុធកន្លងមក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦១ បានជួយពន្យារការទូទាត់សងប្រាក់ប្រចាំខែទាំងដើមទាំងការ សរុប ២០០លានដុល្លារ ដល់គ្រួសារជនភៀសសឹកទាំងអស់។ គ្រឹះស្ថាន(ហិរញ្ញវត្ថុ)ជួយ។ បានន័យថាគ្រឹះស្ថានហិរញ្ញវត្ថុ៦១ អត់យក និងចំណាយចូលរួមបរិច្ចាគសរុបទាំងអស់ ២០០លានដុល្លារ ហើយលើកលែងពិន័យប្រាក់ជិត ២លានទៀត។ សម្រាប់យោធិនប្រតិបត្តិការផ្ទាល់នៅជួរមុខ គ្រឹះស្ថានសហហិរញ្ញវត្ថុចំនួន៧៧ បានពន្យារការទូទាត់សងទាំងដើមទាំងការ សរុបជិត ៥០លានដុល្លារ (៤៨លានដុល្លារ) ហើយលើកលែងការប្រាក់ពិន័យ ៥២ម៉ឺនដុល្លារ។ គ្រឹះស្ថាន ១៤ បានពន្យារទាំងដើមទាំងការ ៣២ម៉ឺន ហើយលើកលែងការប្រាក់ចំពោះយោធិនពិការ។ ក្រៅពីនោះ គ្រឹះស្ថាន២៣ បានលុបបំណុលយោធិនពលីទាំងស្រុង។ ទាំងអស់នេះសុទ្ធតែជាការចូលរួមជួយតាមការអំពាវនាវរបស់រដ្ឋាភិបាល។ ខ្ញុំសូមអរគុណ។ នេះអត់គិតពីសប្បុរសជនយើងដែលជួយផង។ នេះជាអ្វីដែលជាការគិតគូរផ្តួចផ្តើមរបស់រដ្ឋាភិបាល ការអំពាវនាវរបស់រដ្ឋាភិបាលទៅដល់វិស័យឯកជន អោយចូលរួមជួយ។ យើងឧបត្ថម្ភថវិកាសម្រាប់យោធិនពលី យោធិនរបួសស្រាល របួសធ្ងន់។
(៤១) ជំទាវទី១ រៀបចំជាមូលនិធិ បន្តតាមមើលគ្រួសារយោធិនពលី
យោធិន/ប៉ូលីសដែលអត់ផ្ទះ យើងធ្វើផ្ទះជូន។ គ្រួសារខ្ញុំចុះទៅចែកផ្ទះ។ កន្លែងខ្លះក៏ពិបាក ព្រោះគាត់មាន(ប្រពន្ធ)ដល់ទៅ៣ ហើយយើងធ្វើផ្ទះជូនតែ១។ អញ្ចឹងត្រូវ/តែរកវិធីដោះស្រាយឈ្នះៗ … យល់ទេ? ច្បាប់ឯកពន្ធភាពប្រហែលពិបាកអនុវត្តលើទាហាន ព្រោះច្បាប់ឯកពន្ធភាពទាល់តែមានអ្នកប្តឹង … ច្រើនជាងគេប៉ុន្មាននាក់? អូ! មានអ្នក(មានប្រពន្ធ)ដល់ទៅ ៥។ សំខាន់៥ នៅជាមួយគ្នាអត់ប្តឹង។ អញ្ចឹងយើងជួយកូន។ កន្លែងខ្លះយើងជួយកូន សាច់ញាតិឱ្យចូល ស្រាប់តែឃើញបង្ហោះ Facebook ថា កូនបង្កើតតែអត់បានចូលទាហាន។ ខ្ញុំឱ្យសួរភ្លាមថាកូនទីមួយ ទីពីរនោះបាន ដល់កូននេះអត់ទាន់បាន។ អញ្ចឹងថែមមកមួយទៀត។ អនុកងពលមួយ គាត់ជាន់មីន ពិការ។ ខ្ញុំទៅសួរសុខទុក្ខ។ ចូលបន្ទប់ហ្នឹងឃើញមីងនិងកូននៅជិត។ ខ្ញុំសួរសុខទុក្ខគាត់។ ខ្ញុំចេញទៅបន្ទប់មួយទៀត ដើរទៅបន្ទប់ទីបី ទៅដល់មានកូនមួយទៀតនៅហ្នឹង។ មីងមួយទៀតនៅហ្នឹង។ ខ្ញុំឆ្ងល់ មីងដូចខុសគ្នា។ បើពូបានឮ កុំថាខ្ញុំនិយាយដើមដាក់ម៉ៃក្រូ ខ្ញុំអត់ចេញឈ្មោះអត់ចេញអង្គភាពទេ។ គាត់ថាមានប្រពន្ធ៣។ (យើងផ្តល់)ការយកចិត្តទុកដាក់សម្រាប់កូន។ ឥឡូវកូនរៀន កូនខ្លះចូលទាហាន កូនប៉ូលីសចូលប៉ូលីស។ យើងជួយគាត់។ អ្នកខ្លះរៀនសូត្រ។ ការគិតគូរបន្តទៀត។ គ្រួសារខ្ញុំបានឱ្យរៀបចំជាមូលនិធិដើម្បីតាមមើលគ្រួសាររបស់យោធិនដែលពលីហ្នឹង។ យើងមិនអាចមើលតែម្តងហ្នឹងទេ។ យើងនឹងបន្តតាមមើលគាត់ទៀត។ ជួយទៀតទៅថ្ងៃក្រោយ(បើ)មានអី(ដែលអាចជួយបាន)។
(៤២) អ្នកខ្លះឈឺឆ្អាលក្នុងន័យវាយប្រហារ ដើម្បីបានកេងចំណេញនយោបាយ
យោធិនពិការធ្ងន់ ក៏ដូចគ្នា។ យើងឱ្យគោលការណ៍ កន្លែងខ្លះត្រូវធ្វើផ្ទះជូន ព្រោះគាត់ពិការធ្ងន់មិនអាចធ្វើ(ការងារ)បាន។ ប្អូនម្នាក់ដូចមានរបួសក្បាលដេកលើរទេះ ធ្វើផ្ទះឱ្យមួយ។ កន្លែងខ្លះមានដី។ ក្រៅពីហ្នឹងយើងក៏គិតគូរពីយោធិន គឺគ្រួសារអតីតយុទ្ធជន។ យើងជួយរៀបចំកម្មវិធី(LASED)ផ្ទះអតីតយុទ្ធជន។ អញ្ចឹង ការដោះស្រាយបញ្ហានេះគឺសម្រាប់(ក្រុម)ជនទី៣។ ប៉ុន្មានថ្ងៃនេះ ឃើញគេលើកឡើងថាស្អី … ដែលយើងជួយបានប៉ុណ្ណឹង សូមបងប្អូនជនភៀសខ្លួនយោគយល់ … យើងមិនអាចសងបានទេ … (បើ)ជនភៀសសឹកជាក់ស្តែង ខ្ញុំបានទៅជួបហើយ។ គាត់យល់ណាស់។ អ្នកដែលឈឺឆ្អាលទេ ដែលនៅរាប់រយរាប់ពាន់គីឡូ និងអ្នកខ្លះឈឺឆ្អាលក្នុងន័យវាយប្រហារ បានកេងចំណេញនយោបាយ។ ខ្ញុំសំដៅទៅអ្នកនោះ។ មានបងប្អូនខ្លះ ជាពិសេសអ្នកនៅក្រៅប្រទេស ថា ផ្ទះប្រជាជនអស់រាប់សែនដុល្លារនៅបឹងត្រកួត ឱ្យធ្វើផ្ទះតែប៉ុណ្ណឹង (ហើយ)នៅរង់ចាំ។ ខ្ញុំប្រាប់ថា បើចង់ទារ ទៅទារខ្លួនឯង។ ខ្ញុំសំដៅទៅអ្នកនោះ។ ប្រជាជនដែលអ្នកជនភៀសសឹកស្គាល់និងដឹងរួចហើយ។ គេខំយករឿងហ្នឹងមកបញ្ឆេះឱ្យប្រជាជនភៀសសឹកឈឺចាប់ និងស្អប់(ដែល)នាយករដ្ឋមន្ត្រីនិយាយបែបនេះ។ ខ្ញុំបានជួបជនភៀសសឹកហើយ។ ពេលមកពីក្រៅប្រទេស ខ្ញុំនឹងចុះទៅជួបបន្ថែមទៀត។ ជួបផ្លូវការ ជួបក្រៅផ្លូវការ។ តែសំខាន់ ចុះមើល តាមដានជាប់ជាប្រចាំនូវអ្វីដែលបាន(រៀបចំឱ្យ)។
(៤៣) ជនភៀសសឹកដឹងនិងយល់អំពីតម្លៃនៃការរក្សាសន្តិភាព
ជនភៀសសឹកដឹងនិងយល់។ បងប្អូនអ្នកនៅព្រំដែនយល់។ គាត់យល់ច្បាស់ណាស់អំពីការលំបាកនៃសង្គ្រាម គាត់យល់ច្បាស់ណាស់នៅពេលដែលគេមកបាញ់ទ័ពយើងនៅមុំ៣។ គាត់យល់ពីហានិភ័យនឹងកើតឡើង។ គាត់យល់ច្បាស់ពីការលំបាកវេទនា ពីគ្រាប់ធ្លាក់។ គាត់យល់ច្បាស់ណាស់ពីការបាញ់ផ្ទះស៊ីវិល។ មិនអាចរួចខ្លួននៅក្នុងសង្គ្រាមប៉ុន្មានដងនេះ។ គាត់យល់ណាស់អំពីតម្លៃដែលត្រូវរក្សាសន្តិភាព។ ខ្ញុំទៅប៉ោយប៉ែតថ្ងៃមុន មើលទឹកជំនន់ ព្រោះបានព័ត៌មានថាប៉ុន្មានថ្ងៃទៀតទឹកជំនន់នឹងហូរមកពីខាងថៃទៀតហើយ។ ខ្ញុំជួបអ៊ុំម្នាក់នៅស្ទឹងបត់។ គ្រប់គ្នាដែលជម្លៀសពីស្ទឹងបត់ ដែលគ្រាប់ផ្លោងធ្លាក់កន្លែងខ្លះ M១៥៥ គាត់ថា ទឹកភ្លៀងវាហូរមកពីហ្នឹងក៏ហូរចុះមិនអីទេ តែសុំកុំឱ្យអា F-16 ហោះបង្ហូរមក។ ឥឡូវគេលែងនិយាយរឿង B-52 ហើយ។ B-52 អត់ Update ទេ។ ឥឡូវគេនិយាយពី F-16។ កាលមុននិយាយពីសង្គ្រាម យើងនិយាយពីសំណល់នៃការទម្លាក់គ្រាប់បែក B-52។ ឥឡូវ យើងជំនាន់យើងនេះ ត្រូវប្រាប់កូនក្មេងជំនាន់ក្រោយ ចៅចៅទួតយើងទៀត យើងកំពុងតែរស់នៅក្នុងប្រវត្តិសាស្ត្រដែលកំពុងតែធ្វើ។
(៤៥) ប្រជាជនស្ទឹងបត់៖ “រដ្ឋាភិបាលបានជួយ និងមិនទុកចោល …”
ប្រជាជននៅស្ទឹងបត់ទាំងអស់ថាទឹកជំនន់អត់អីទេ គាត់លំបាកបន្តិច គាត់ទៅវិញបាន តែអាបាញ់គ្នានោះ(ពិបាកនៅ) ព្រោះគាត់រស់នៅជិតហ្នឹង នៅស្ទឹងបត់ នៅប៉ោយប៉ែតហ្នឹងឯង។ យប់ណាក៏ដ្រូនហោះមកមិនដឹងថ្ងៃណាក៏ F-16 ឆ្វែល ថ្ងៃណាក៏ ១៥៥ ធ្លាក់មក។ ផ្ទះគាត់ក្បែរម្តុំហ្នឹង។ គាត់យល់ណាស់អំពីសង្គ្រាម។ គាត់យល់ថានរណាជួយគាត់ រដ្ឋាភិបាលជួយអី។ គាត់អរគុណហើយ រដ្ឋាភិបាលមិនទុកគាត់ចោល។ ត្រឹមតែខ្ញុំនិយាយទៅឱ្យអ្នកនោះថា បើចង់ទារទៅទារថៃខ្លួនឯង។ រដ្ឋាភិបាលបានតែដោះ(តាមលទ្ធភាព)ជូនប្រជាពលរដ្ឋរបស់យើង។ ផ្ទះគ្រោះថ្នាក់ខ្លាំងដែលចូលវិញបានជូន ២០លានក្នុងមួយគ្រួសារ។ ក្រៅពីហ្នឹងយើងសង់ផ្ទះជូនអ្នកមិនត្រឡប់ទៅវិញ ចំណាយដូចគ្នា បូកជាមួយហេដ្ឋារចនាសម្ព័ន្ធតទឹក តភ្លើង តអីឲ្យទាំងអស់ បង្កើតសាលារៀនអីផ្សេងៗ ក្នុងភូមិរង់ចាំ។ ទាំងអស់ហ្នឹងក្នុងរយៈពេលតែ៦ខែគត់ ធ្វើហើយទាំងអស់។
(៤៦) “ទោះបី ហ៊ុន ម៉ាណែត មិននៅជាមួយរាល់ថ្ងៃ” ក៏ដឹងថារដ្ឋាភិបាល ពិសេសខេត្តពាក់ព័ន្ធនៅជាមួយ
ប្រជាពលរដ្ឋមើលឃើញ ដឹងពីការលំបាក ជាពិសេសអ្នកជនភៀសសឹក។ កុំចង់បញ្ឆេះគាត់។ គេខំប្រឹងវាយជិតបោះឆ្នោត។ ឥឡូវឃើញចេញមកច្រើន ធ្វើអីធ្វើទៀតចុះ បញ្ចេញមតិចុះ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា អ្នកភៀសសឹកនិងប្រជាជននៅទូទាំងប្រទេសបានឃើញច្បាស់ ព្រោះប្រជាជននៅក្នុងប្រទេសជាអ្នកចូលរួម ទាំងអ្នកក្រៅប្រទេសមួយចំនួនចូលរួមបំផុសជួយដល់កងទ័ពជួយដល់ប្រជាពលរដ្ឋភៀសសឹក។ គាត់ឃើញរដ្ឋាភិបាលជួយជម្លៀសចេញមកកន្លែងសុវត្ថិភាព រត់តង់ កញ្ឆក់កណ្ដៀត ក្រោយមករៀបចំតង់ ចល័តរៀងធំប្រសើរឡើង។ អ្នកណាដែលជួយដោះស្រាយស្បៀងអាហារពេលលំបាក? ពេលណាដែលព្យាបាលប្រជាជនរងគ្រោះដោយផ្សែង ដោយរបួស ដោយអី? អ្នកណាដែលខំទៅរៀបចំទួលសុវត្ថិភាពឲ្យប្រជាពលរដ្ឋ? អ្នកណាដែលជួយរៀបចំផ្ទះ ភូមិ ដីឲ្យគាត់បានជាភូមិបណ្តោះអាសន្ន។ នៅបន្ទាយមានជ័យមានភូមិរង់ចាំ។ យើងមានភូមិសរុបទៅមិញជិត ៥០០០គ្រួសារនិង ៥០០០ផ្ទះ។ គាត់ឃើញថារដ្ឋាភិបាលនៅហ្នឹង។ ទោះបីជា ហ៊ុន ម៉ាណែត មិនបានទៅនៅជាមួយគាត់រាល់ថ្ងៃក៏ដោយ តែគាត់ដឹងថារដ្ឋាភិបាល ទាំងខ្ញុំទាំងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសខេត្តពាក់ព័ន្ធនៅជាមួយរាល់ថ្ងៃ។ គាត់យល់ហើយ។ ខ្ញុំសូមអរគុណប្រជាពលរដ្ឋ …។
(៤៧) កាតព្វកិច្ចរបស់រដ្ឋគឺ “ចែករំលែកដល់ប្រជាពលរដ្ឋ មិនឲ្យស្លាប់ដោយមិនបានជួយ”
អ្នកដែលគិតថារដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចសង ខ្ញុំសូមបញ្ជាក់ថារដ្ឋអត់មានលទ្ធភាពនៅក្នុងការសងទេ។ ឧ. នៅបឹងត្រកួន បងម្នាក់នោះមានកន្លែងរបស់គាត់(តម្លៃប្រមាណ) ៣លានដុល្លារ។ ហ្នឹងមិនដឹងជាខារ៉ាអូខេ ជាអីទេ។ បងស្រីមួយនោះសង់ហើយកន្លះលាន។ អញ្ចឹង បើសិនជាសងគាត់តែពីរនាក់ហ្នឹងអស់ ៣លានកន្លះបាត់ហើយ។ បើយើងបូកទាំងអស់អត់អាចសងបានទេ ហើយក៏មិនមែនជាកាតព្វកិច្ច។ យើងជួយក្នុងសង្គ្រាម ប្រធានស័ក្តិ គ្រោះទឹកជំនន់ផ្សេងៗ។ កាតព្វកិច្ចរបស់រដ្ឋគឺថែទាំ ចែករំលែកដល់ប្រជាពលរដ្ឋមិនឲ្យគាត់ស្លាប់ដោយមិនបានជួយ។ យើងជួយឲ្យអស់លទ្ធភាព។ ហែកពីនេះហែកពីនោះមកដើម្បីផ្គុំយកទៅជួយ។ នេះជាកាតព្វកិច្ចរបស់រដ្ឋ។ យើងផ្តល់ដូចគ្នា ដោយមិនមានគិតថា អ្នកនេះអ្នកមានផ្ទះធំអ្នកនេះអ្នកក្រផ្ទះតូច ត្រូវគិតដូចគ្នា។ អ្នកដែលទៅធ្វើការនៅថៃមកវិញអត់មានផ្ទះ។ កាលគាត់ទៅមានតែដី ក៏យើងឲ្យផ្ទះមួយ។ បានន័យថា នេះជាកាតព្វកិច្ចរបស់រដ្ឋក្នុងការជួយឧបត្ថម្ភ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជនភៀសសឹក។ ការផ្តល់ជំនួយ ដល់ផ្ទះដែលខូចខាតធ្ងន់ធ្ងរ ២០លានក្នុងមួយផ្ទះ ១២លានក្នុងមួយផ្ទះ ២លានក្នុងមួយផ្ទះ សុទ្ធតែថវិកាដែលយកមកជួយសាងសង់អស់ ៥០-៦០លាន បូកជាមួយថវិកាដែលត្រូវបន្តជួយគាត់ ១២ខែទៀត។ ក្រោយពីហ្នឹងយើងនឹងវាយតម្លៃទៀតថា តើស្ថានភាពរបស់គាត់ស្ថិរភាពហើយឬនៅ? បើអត់ទេ យើងអាចគិតចេញវិធានការបន្តទៀត …។
(៤៨) ជនភៀសសឹក/អ្នកព្រំដែន អរគុណដែលមិនទុកគាត់ចោល ខិតខំជួយ និងស្តារឡើងវិញ
គិតថា អ្នកដែលចង់ឲ្យជនភៀសសឹក អ្នកព្រំដែនស្អប់រដ្ឋាភិបាលដោយរដ្ឋអត់មានលទ្ធភាពសងថ្លៃផ្ទះរបស់គាត់វិញនោះ ប្រហែលជាអ្នកឯងយល់ និងវាយតម្លៃទឹកចិត្តរបស់ប្រជាពលរដ្ឋខុស។ បងប្អូនខ្លះនៅរាប់រយ រាប់ពាន់គីឡូ គិតថាត្រូវតែបាន។ រដ្ឋាភិបាលមិនខុសពីប្រជាពលរដ្ឋទេ។ យើងចង់ណាស់បើសង្គ្រាមវាមិនផ្ទុះ។ ប៉ុន្តែគេចូលមកបាញ់យើងថ្ងៃ២៨ គេព័ទ្ធយកប្រាសាទ ហើយគេប្លោងដាក់យើង ប្រើទាំងយន្តហោះកម្ទេច មុនគេគឺវត្តតំបន់សែនជ័យហ្នឹងឯង F-16 ដាក់ស្លាប់អាចារ្យម្នាក់ហ្នឹង។ ទម្លាក់មកដល់ភ្នំសំពៅ បាញ់ប្រជាជនយើងដាច់ជើងនៅបាត់ដំបង។ គ្នាបើកឡានយប់ ឡើងតាក់ស៊ីទៅដល់ដូចអូរស្មាច់ ឈប់បាយ ស្លាប់ពីរនាក់កណ្តាលយប់។ អាណោចអធមណាស់។ ប្រជាជនដែលនៅព្រំដែន អ្នកដែលភៀសសឹក គាត់យល់អំពីការលំបាកទាំងអស់នេះ។ គាត់ឃើញច្បាស់អ្នកណាជួយពិតប្រាកដ។ តើរដ្ឋាភិបាលទុកគាត់ចោលឬទេ? គាត់អរគុណដែល ទី១ រដ្ឋមិនទុកគាត់ចោល ទី២ គ្រប់ជំហាន រដ្ឋតែងតែខិតខំជួយគាត់ ទី៣ ជួយស្តារឡើងវិញ។ ទោះបីជាផ្ទះមិនបានដូចដើមក៏ដោយ ផ្តល់កន្លែងគាត់នៅសមរម្យ បាននៅសុខស្រួលបានមួយរយៈខ្លីដែរ។ វាមិនដូចផ្ទះដើមគាត់មែន ប៉ុន្តែបានជួយបណ្តោះអាសន្ន។
(៤៩) ការពារទឹកដីនិងការពារប្រជាពលរដ្ឋជាអាទិភាពធំ លើកកម្ពស់សុខភាពនិងសមត្ថភាពប្រជាជនជាអាទិភាពសំខាន់
រដ្ឋកំពុងតែខិតខំចរចាដើម្បីយកទឹកដីមកវិញ។ ថ្ងៃក្រោយ អាចផ្តល់លទ្ធភាពឲ្យគាត់ចូលវិញ។ គាត់ឃើញច្បាស់។ ប្រជាជនទូទាំងប្រទេសឃើញច្បាស់។ អញ្ចឹង បើថាយកពាក្យសម្តីកាត់លិចកាត់កើត ខ្ញុំថាសម័យបច្ចេកវិទ្យានេះមែន … ខ្ញុំសូមបញ្ជាក់ សារនេះសម្រាប់អ្នកដែលគិតគូរ ជាពិសេសអ្នកដែលកេងចំណេញនយោបាយមួយចំនួននៅក្រៅប្រទេស។ បងប្អូនមួយចំនួននៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស អត់ដឹងថារឿងអីទេ ឃើញគេជេរ គាត់តាមគេទៅ។ ខ្ញុំអត់ហាមទេ គេជេរៗ ទៅ។ ប៉ុន្តែ សូមបញ្ជាក់ សម្រាប់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល មកដល់ម៉ោងនេះ មិនមែនឃើញតែផ្ទះហ្នឹងទេ ប៉ុន្តែស្អីខ្លះនិងគោលនយោបាយមួយចំនួនដែលយើងបានដាក់ចេញដើម្បីស្តារឡើងវិញ។ នេះទាក់ទងទៅនឹងសុខុមាលភាព ជីវភាពរស់នៅរបស់ជនភៀសសឹក និងទាក់ទងទៅដល់សេចក្តីសុខរបស់ប្រទេសជាតិ។ ការការពារទឹកដីនិងការពារប្រជាពលរដ្ឋនៅតែជាអាទិភាពធំ ការកសាងសមត្ថភាពដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់ប្រជាជន នៅតែជាអាទិភាពសំខាន់។
(៥០) បំពេញបន្ថែមមន្ត្រីសុខាភិបាលតាមមូលដ្ឋាន មន្ត្រីក្របខ័ណ្ឌសុខភាព ជួយពង្រឹងពេទ្យបង្អែកស្រុក …
ថ្ងៃមុនខ្ញុំបានបញ្ជាក់ហើយ ថវិកាក្រសួងសុខាភិបាលអត់មានថយទេ។ នៅតែកើន។ ប៉ុន្មានខែមុនគេនាំគ្នាថា យើងកាត់ថវិកាអប់រំនិងសុខាភិបាលដើម្បីយកទៅបង្កើនវិស័យកងទ័ព/ការពារជាតិ។ ក្រោយចរចា ថវិកាកើនជិតដល់ ៧០០លានដុល្លារ។ យើងគិតគូរពីការបំពេញបន្ថែមមន្ត្រីសុខាភិបាលមួយចំនួនតាមមូលដ្ឋាន មន្ត្រីក្របខ័ណ្ឌសុខភាព ដើម្បីបង្កើនសមត្ថភាពមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ពិនិត្យមើល ជួយពង្រឹងពេទ្យបង្អែកស្រុក។ ពេទ្យដែលយើងចេញពីនេះអាចទៅធ្វើការតាមខេត្តតាមអីផ្សេងៗ បង្កើតការវិនិយោគទាក់ទាញបន្ថែមទៅលើវិស័យឯកជនដើម្បីឲ្យបងប្អូនទាំងអស់នេះមានសមត្ថភាព មានឱកាសបំពេញគោលបំណងរបស់គាត់ដែលថាជួយជីវិតមនុស្ស ជួយព្យាបាលមនុស្ស ដែលខំប្រឹងប្រែងរៀនសូត្រមកដល់ម៉ោងនេះ។ ខ្ញុំសូម(បន្ថែម)ប៉ុណ្ណេះ … ខ្ញុំយកឱកាសបញ្ជាក់ចំណុចទាំងនេះសម្រាប់អង្គពិធី អំពីវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ក្នុងការការពារសុខភាពសាធារណៈ ទប់ស្កាត់និងជួយឧបត្ថម្ភ ជួយបំប៉ន ជួយចូលរួមចំណែកក្នុងការថែរក្សាសុខភាពសាធារណៈ។ នេះគឺជាអ្វីដែលរដ្ឋាភិបាលបានធ្វើ និងបន្តធ្វើតទៅទៀត។
[ចប់សេចក្តីអធិប្បាយ៤]
ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្ត និង ផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា, និយាយជារួម និង ពង្រឹងគុណភាពការបណ្តុះ-បណ្តាលវិជ្ជាជីវៈសុខាភិបាល, និយាយដោយឡែក, ដូចខាងក្រោម៖
ទី១. ក្រសួងសុខាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសិក្សាកែលម្អវិធីសាស្រ្តបណ្តុះបណ្តាល, និង ធ្វើបច្ចុប្បន្នកម្មវិធីសិក្សារបស់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាលជាប្រចាំ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងការវិវត្តនៃវិទ្យាសាស្រ្ត, បច្ចេកវិទ្យា និង បញ្ហាប្រឈម ក្នុងប្រព័ន្ធសុខភាពសាធារណៈ, ដោយត្រូវធានាថា និស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគិត, វិភាគ, ដោះស្រាយបញ្ហា, សម្រេចចិត្តផ្អែកលើភស្តុតាង និង ធ្វើការជាក្រុមពហុវិជ្ជាជីវៈ, តាមរយៈ ការលើកកម្ពស់អភិក្រម «ការបណ្តុះបណ្តាលផ្សារភ្ជាប់ការអនុវត្ត» នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា ។
ទី២. ក្រសួងសុខាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវជំរុញឱ្យនិស្សិត និង អ្នកជំនាញសុខាភិបាល មានអក្ខរកម្មសុខាភិបាលឌីជីថល និង អក្ខរកម្មបញ្ញាសិប្បនិម្មិត, ព្រមទាំង យល់ដឹងកាន់តែស៊ីជម្រៅអំពីសុវត្ថិភាពទិន្នន័យ ឯកជនភាព សីលធម៌វិជ្ជាជីវៈ និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវខ្ពស់, ដោយត្រូវធានាថា អ្នកជំនាញសុខាភិបាលជំនាន់ថ្មី អាចប្រើប្រាស់ទិន្នន័យបច្ចេកវិទ្យាឌីជីថល និង បញ្ញាសិប្បនិម្មិត ក្នុងការរៀន, ស្រាវជ្រាវ, ធ្វើរោគវិនិច្ឆ័យ និង សម្រេចចិត្តផ្នែកគ្លីនិក ។ ក្នុងន័យនេះ, គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ត្រូវដើរតួជាមជ្ឈមណ្ឌលស្រាវជ្រាវ និង នវានុវត្តន៍ ក្នុងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា ។
ទី៣. ក្រសួងសុខាភិបាល ត្រូវខិតខំពង្រឹងទំនាក់ទំនងល្អរវាង គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, មន្ទីរពេទ្យ, មូលដ្ឋានសុខាភិបាល និង សហគមន៍ ដើម្បីឱ្យនិស្សិតទទួលបានបទពិសោធជាក់ស្តែង ជាពិសេស ត្រូវផ្តោតលើការថែទាំបឋម, ការលើកកម្ពស់សុខភាព និង ការបង្ការជំងឺ នៅតាមសហគមន៍ ដោយត្រូវឱ្យនិស្សិតយល់ថា «មនុស្សគ្រប់រូបមានតម្លៃនៃជីវិតស្មើគ្នា ហើយវិជ្ជាជីវៈសុខាភិបាលត្រូវផ្សារភ្ជាប់ជាមួយមនុស្សធម៌ និង សីលធម៌» ។
ទី៤. ក្រសួងសុខាភិបាល ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពអ្នកជំនាញសុខាភិបាល ក្នុងការអប់រំសុខភាព, បង្ការជំងឺ និង លើកកម្ពស់សុខភាព ដល់បុគ្គល គ្រួសារ និង សហគមន៍ ដោយត្រូវផ្លាស់ប្តូរផ្នត់គំនិតពី «ព្យាបាលនៅពេលឈឺ» ទៅជា «បង្ការមុនពេលឈឺ និង រកឃើញជំងឺឱ្យបានឆាប់»; ព្រមទាំង ត្រូវលើកកម្ពស់ការសិក្សាស្រាវជ្រាវលើបញ្ហាជាក់ស្តែងនៅកម្ពុជា ដូចជា៖ ជំងឺឆ្លង, ជំងឺមិនឆ្លង, ភាពធន់នឹងថ្នាំអង់ទីប៊ីយោទិក, សុខភាពមាតា និង ទារក, សុខភាពឌីជីថល, សុខភាពបរិស្ថាន, សុខភាពតែមួយ, និង បញ្ហាសុខភាពដទៃទៀតដែលកំពុងកើតឡើង ដើម្បីជាមូលដ្ឋានវិទ្យាសាស្រ្ត សម្រាប់ដាក់ចេញនូវក្របខ័ណ្ឌគោល-នយោបាយ សម្រាប់កែលម្អវិស័យសុខាភិបាល និង រៀបចំនិយាមប្រតិបត្តិស្តង់ដា សម្រាប់លើកកម្ពស់សេវាសុខភាព នៅកម្ពុជា ។
ទី៥. គ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យសាធារណៈ និង ឯកជន, ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ ត្រូវចំណាយខ្ពស់ ។ លើសពីនេះ, ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថប្រកបដោយសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំង លើកទឹកចិត្តអ្នកជំងឺ និង គ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើការ-ព្យាបាល ព្រមទាំង ផ្តល់ចំណេះដឹង និង បទពិសោធ អំពីការថែទាំបឋម, ព្យាបាល, បង្ការជំងឺ, គ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ថែទាំអ្នកជំងឺ ជាដើម ។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត, ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗនិស្សិតជ័យលាភីទាំងអស់ថា សញ្ញាបត្រដែលប្អូនៗទទួលបាននៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ, ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរជីវិតវិជ្ជាជីវៈសុខាភិបាល និង ការទទួលខុសត្រូវដ៏ធំធេងចំពោះ អ្នកជំងឺ, គ្រួសារ, សហគមន៍ និង សង្គមជាតិ ។ សូមប្អូនៗបន្តរៀនសូត្រជានិច្ច ដើម្បីពង្រីកចំណេះដឹង និង ពង្រឹងសមត្ថភាពជំនាញ ឱ្យស្របតាមការវិវត្តនៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងវិស័យសុខាភិបាល, ជាពិសេស ត្រូវចងចាំថា «អ្នកជំងឺម្នាក់ គឺជាជីវិតមួយ គ្រួសារមួយ និង ក្តីសង្ឃឹមមួយ» ។ ដូច្នេះ, សូមប្អូនៗបំពេញតួនាទី ប្រកបដោយ វិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង មនុស្សធម៌ ដើម្បីឱ្យក្លាយជាអ្នកជំនាញសុខាភិបាលដែលប្រជាពលរដ្ឋខ្មែរអាចជឿទុកចិត្តបាន និង ជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា ឱ្យកាន់តែមានគុណភាព, សមធម៌ និង ចីរភាព ។
ជាទីបញ្ចប់, ជាមួយការអបអរសាទរខួប ៨០ ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យា-សាស្រ្តសុខាភិបាល, និង ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ២ ខ្នង, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី, ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិកសិក្សា ព្រមទាំង ប្អូនៗនិស្សិតជ័យលាភី សូមមានសុខភាពល្អបរិបូរណ៍, សុភមង្គលក្នុងក្រុមគ្រួសារ, ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ, និង សម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ, ព្រមទាំងសូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]
សម្រាប់និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្រថ្ងៃនេះ ២៤៤០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ សង្ស័យព្រែកលាភហ្នឹង ហាងកក់អស់ហើយទេ សុទ្ធតែនិស្សិតពេទ្យ។ ជូនសាស្ត្រាចារ្យ បុគ្គលិក ១៤៧៧នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល។ ដោយឡែកជូននិស្សិតស្ត្រីមានផ្ទៃពោះ ៣៧នាក់ ក្នុងម្នាក់ៗថវិកា ១ លានរៀលបន្ថែមទៀត។ ហើយនិស្សិតដែលមានពិការភាពសរុប ៣នាក់ ម្នាក់ៗថវិកា ៥០ម៉ឺនរៀលបន្ថែម។ ហើយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថវិកា ១០លានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំក្នុងអង្គពិធីទាំងមូល ថវិកា ៣ លានរៀលផងដែរ។ សូមអរគុណ៕

