សូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ;
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា, មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភី ជាទីមេត្រី !
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី សរុបចំនួន ២ ៥៧៣ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាគ្រឹះស្ថានឯកជនមួយ ដែលបានរួមចំណែកយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលភាពជោគជ័យរបស់ប្អូនៗ ក្មួយៗ នាពេលនេះ គឺជាលទ្ធផលផលផ្លែផ្កានៃការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ការបង្ហាត់បង្រៀនរបស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងការគាំទ្រយ៉ាងសំខាន់ពីមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ។
ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការកសាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលមានការទទួលស្គាល់ និងជឿទុកចិត្តពីសាធារណជន។ ខ្ញុំមានការកត់សម្គាល់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសិក្សា ការស្រាវជ្រាវ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
តាមរបាយការណ៍របស់ អ្នកឧកញ៉ា លី ឃុនថៃ នាពេលមុននេះ បច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក សរុបចំនួន ៤០០ នាក់ (នារី ៨០ នាក់) និងកំពុងបណ្ដុះបណ្ដាលសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាចំនួន ៩ ៨៨៩ អង្គ/នាក់ (នារី ៥ ៤២៩ នាក់)។ បន្ថែមពីនេះ សិស្ស និស្សិតបានបញ្ចប់ការសិក្សា សរុបចំនួន ៦៨ ២៧៦ អង្គ/នាក់ (នារី ២៩ ១១៨ នាក់) ដែលទិន្នន័យនេះបានឆ្លុះបញ្ចាំងពីការរួមចំណែកយ៉ាងសំខាន់របស់សាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់ប្រទេសជាតិ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យដែលបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ ជូនដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីផ្តល់ជូនកូនចៅប្រជាពលរដ្ឋ មានឱកាសបន្តការសិក្សា។ ថ្ងៃនេះ យើងក៏មានការចូលរួមទទួលសញ្ញាបត្របញ្ចប់ដែរ។
[ចប់សេចក្ដីអធិប្បាយ១]
ដូចអាណត្តិមុនៗផងដែរ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា តែងតែចាត់ទុក « មនុស្ស» ជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកែលម្អគុណភាពអប់រំគ្រប់កម្រិត។ ការពង្រឹងការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការកសាងប្រព័ន្ធអប់រំ ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃសង្គម និងការអភិវឌ្ឍទីផ្សារការងារនាពេលបច្ចុប្បន្ននៅពេលអនាគត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
នៅត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា ការវិនិយោគទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ដែលយើងហៅសរុបថា វិស័យសង្គមកិច្ច ដែលនិយាយរួមគឺផ្តោតទៅលើសុខភាពនិងសមត្ថភាពរបស់ប្រជាជនរបស់យើង។ កាលពីខែមិថុនាកន្លងទៅនេះ ខ្ញុំធ្លាប់បានបញ្ជាក់ម្តង មានការចុះផ្សាយដោយផ្អែកលើទិន្នន័យយល់ច្រឡំ ដែលថារាជរដ្ឋាភិបាលបានកាត់ថវិកាជាង ១០០លានដុល្លារពីក្រសួងអប់រំនិងក្រសួងសុខាភិបាល ដើម្បីយកទៅប៉ះប៉ូវការកើនចំណាយលើវិស័យការពារជាតិ។ ការចុះនោះមិនមានចេតនាអាក្រក់ទេ គ្រាន់តែថាជាការយល់ច្រឡំតួលេខ។ ខ្ញុំធ្លាប់បានបញ្ជាក់ហើយថា តួលេខរបស់ក្រសួងនីមួយៗ គឺត្រូវការធ្វើការចរចាមុននឹងវេចខ្ចប់ជាច្បាប់ថវិកាដែលត្រូវឆ្លងសភា។ កាលពីខែ៦/មិថុនានោះ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសារាចរណែនាំអំពីតួលេខបឋម ដែលថាក្រសួងនានាគួរតែមានប៉ុន្មាន ផ្អែកទៅលើចំណាយចរន្តចាំបាច់ ដើម្បីយកទៅចរចាជាមួយក្រសួងនីមួយៗ។
ក្រសួងនីមួយៗ ពេលចរចាប្រាប់ថា ឥឡូវចរន្តចាំបាច់ប៉ុណ្ណឹង ប៉ុន្តែការវិនិយោគអីសំខាន់ៗ ទៀត ដូច្នេះឆ្នាំថ្មីនេះត្រូវផ្តោតលើមួយណា ហើយអស់ប៉ុន្មាន។ អញ្ចឹងបានគេចរចាទៅ។ ការចរចានោះបានដំណើរការហើយៗ បានបញ្ចប់ខែ៩ និងវេចខ្ចប់ ហើយបានឆ្លងខ្ញុំៗ បានឯកភាពជាបឋម ប៉ុន្តែត្រូវបន្តនីតិវិធីទៅសភាទៀត។ ប៉ុន្តែគ្រាន់តែជូនដំណឹងទៅសារព័ត៌មានដែលបានចុះតួលេខដោយយល់ច្រឡំពីដើមនោះ ដោយសូមបញ្ជាក់ថា ឆ្នាំ២០២៧នេះ ច្បាប់ថវិកានៅក្នុងវិស័យអប់រំ បើប្រៀបធៀបឆ្នាំ២០២៦ គឺកើន៤,៧% គិតជាថវិកាកំណើនខ្ទង់ ២១០ ០០០ លាន(រៀល)ជាង (ស្មើនឹង) ជិត ៥០លាន(ដុល្លារ)ជាង ហើយបើ(ទំហំ)សរុបមាន ១១០០ លាន(ដុល្លារ) ក្នុងមួយឆ្នាំ សម្រាប់វិស័យអប់រំ។ អញ្ចឹង អត់មានថយទេគឺកើន។ នេះជាបានតួលេខពិតប្រាកដ គឺតួលេខដែលចរចាហើយ។ សម្រាប់បងប្អូនដែលបារម្ភថា វិស័យអប់រំត្រូវបានកាត់ដើម្បីយកលុយទៅបង្កើនវិស័យការពារជាតិ(នោះ គឺ)អត់ទេ។
វិស័យការពារជាតិយើងកើន ជាពិសេស(ដោយមាន)ការអនុវត្តច្បាប់កាតព្វកិច្ច ប៉ុន្តែថវិកាយើងមានគ្រប់គ្រាន់សម្រាប់ទប់ទល់ដោយមិនចាំបាច់កាត់ពីវិស័យអប់រំនិងសុខាភិបាលទេ។ បើសិនជាត្រូវកាត់វិញ ក៏វិស័យអប់រំនិងសុខាភិបាល ជាវិស័យចុងក្រោយបង្អស់ដែលត្រូវកាត់។ វិស័យនេះសំខាន់ណាស់។ (សូមបញ្ជាក់ថា)បើត្រូវ(កាត់ដោយសារ)ក្នុងស្ថានភាពណាមួយ។ ប៉ុន្តែ សូមបញ្ជាក់ថា អត់មានការកាត់នោះទេ។ ចំពោះវិស័យសុខាភិបាល ក៏កើន ប៉ុន្តែការកើនមានតិចជាងវិស័យអប់រំ គឺកើន ៤២ ០០០លាន(រៀល) ប្រហែលជា ១០លានដុល្លារ។ សរុបទៅថវិកាឆ្នាំថ្មីសរុបប្រហែលជា ២ ៨០០ ០០០ លាន(រៀល)។ បើនិយាយសាមញ្ញមាន ៦៨០ លានដុល្លារជាងសម្រាប់វិស័យសុខាភិបាល។ ហ្នឹងយើងមិនទាន់គិតនៅក្នុងយន្តការ និងវិធានការអាទិភាពមួយចំនួនដែលយើងត្រូវបន្ថែមទៀតទៅលើការពង្រឹងសុខាភិបាលមូលដ្ឋាន។ កន្លងទៅ យើងមានថវិកាពិសេសបន្ថែមលើថវិកាជាតិ ក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹងមន្ទីរពេទ្យបង្អែកស្រុក …។
ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាសារព័ត៌មាន ដែលថាមានការយល់ច្រឡំពីខែ៦ នូវតួលេខបឋមនោះ ដែលឃើញថាមានលេខថយ។ ជាក់ស្តែងយើងមិនថយទេ គឺថវិកាឆ្នាំ ២០២៧នេះ សម្រាប់វិស័យអប់រំគឺកើន៤,៧% និងសុខាភិបាលកើន១,៥%។ នេះគឺជា(តួលេខ)ជាក់ស្តែង ហើយសូមកុំឱ្យមានការព្រួយបារម្ភទៅលើវិស័យទាំងពីរខាងលើនេះ។ ជាពិសេស ក្នុងវិស័យសង្គមកិច្ច យើងត្រូវមានការចំណាយបន្ថែមទៀតផងដែរលើការជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋ ជាពិសេសតាមគោលនយោបាយជួយដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាក តាមមូលនិធិសមធម៌ តាមការជួយអន្តរាគមន៍សុខាភិបាល និងការដាក់ចេញនូវគោលនយោបាយអន្តរាគមន៍មួយចំនួន។
ថ្ងៃមុន យើងគិត(ឃើញថាមានទំហំ)ជិត ១ ពាន់លាន(ដុល្លារ) ដែលក្នុងនោះ មានការឧបត្ថម្ភសំរាប់ប្រេងឥន្ធនៈមួយហើយ និងការចំណាយមួយចំនួនទៀតជាការឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋយើង ៤,៦លាននាក់។ យើងជួយអន្តរាគមន៍ឧបត្ថម្ភជាសាច់ប្រាក់ ៤ដំណាក់កាល ក្នុង ៤ខែ។ មួយទៀត គឺពង្រីកការជួយដល់សុខភាពប្រជាពលរដ្ឋក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដែលក៏មានការកើនឡើង។ បើនិយាយឲ្យចំទៅ ការជួយរបស់រដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមទាំងសុខាភិបាលនិងអប់រំ មានការកើនឡើង … ទោះបីជាយើងមានការលំបាកសេដ្ឋកិច្ច និងបញ្ហាប្រឈម ជាពិសេសពីរឿងសង្គ្រាម ពីរឿងអតិផរណាផ្សេងៗ (ដែលជះ)ពីខាងក្រៅមក ដោយសារកំណើននៃតម្លៃនៃប្រេងឥន្ធនៈ កើតចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ា ក៏យើងនៅបន្តគិតគូរយ៉ាងសំខាន់ទៅលើការជួយដល់ប្រជាពលរដ្ឋរបស់យើង។
[ចប់សេចក្ដីអធិប្បាយ២]
គ្រឹះស្ថានឧត្តមសិក្សាទាំងក្នុងតំបន់ និងអន្តរជាតិ បាននិងកំពុងធ្វើការកែទម្រង់ និងការអភិវឌ្ឍថ្មីៗ ដើម្បីបង្កើនគុណភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ ដោយសាកលវិទ្យាល័យជាច្រើន ផ្តោតលើការស្រាវជ្រាវ និងនវានុវត្តន៍។ និន្នាការថ្មីៗ នៃឧត្តមសិក្សាសកល រួមមាន ៖ ការអប់រំឌីជីថល (Digital Education), ការសិក្សាពេញមួយជីវិត (Lifelong Learning), សាកលវិទ្យាល័យឆ្លាតវៃ (Smart University), ការរៀនផ្ទាល់ខ្លួន (Personalized Learning), ការស្រាវជ្រាវផ្អែកលើទិន្នន័យ (Data-Driven Research), ការអប់រំផ្អែកលើសមត្ថភាព (Competency-Based Education), ការអប់រំផ្អែកលើលទ្ធផលសិក្សា (Outcome-Based Education)។
ក្នុងបរិបទនេះ គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏ត្រូវបន្តធ្វើទំនើបកម្មកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដើម្បីធានាថា និស្សិតបញ្ចប់ការសិក្សា មានសមត្ថភាពប្រកួតប្រជែងទាំងក្នុងទីផ្សារការងារជាតិ តំបន់ និងអន្តរជាតិ។ បន្ថែមពីនេះ ពិភពលោកនាសម័យឌីជីថលនេះ កំពុងឈានចូលយុគសម័យបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដែលកំពុងផ្លាស់ប្តូររបៀបធ្វើការ របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
ការអប់រំមិនអាចផ្តោតតែទៅលើការទទួលសញ្ញាបត្រនោះទេ។ ការអប់រំ គឺធានាផ្តោតសំខាន់ទៅលើការបណ្តុះនិស្សិតឱ្យមានសមត្ថភាពគិត វិភាគ អនុវត្ត ដោះស្រាយបញ្ហា លក្ខណៈជាបុគ្គល និងលក្ខណៈជាក្រុម ផ្តោតលើលទ្ធផល ក៏ដូចជាវិធីសាស្ត្រនៅក្នុងការសម្រេចនូវលទ្ធផលនេះ។ អត់មានការអប់រំបណ្តុះបណ្តាលណាមួយនៅនឹងថ្កល់នោះទេ។ គ្មានប្រទេសណាមួយដែលគ្មានការស្រាវជ្រាវ ធ្វើនវានុវត្តន៍បន្ថែមទៀតទៅលើការអប់រំ(នោះទេ)។ គោលដៅចុងក្រោយ គឺជាសូចនាករមួយដែលចង់បាន ប៉ុន្តែអ្វីដែលសំខាន់ដូចគ្នាគឺវិធីសាស្ត្រនៅក្នុងការសម្រេចនូវលទ្ធផលនោះ ព្រោះវិធីសាស្ត្រនេះហើយគឺជាកត្តាសំខាន់។ មិនអាចថា គ្រាន់តែចុះឈ្មោះមក មិនបាច់ធ្វើអី្វ នៅតែផ្ទះទៅ ចាំ៤ឆ្នាំក្រោយ ចេញសញ្ញាបត្រឱ្យទេ។ នៅខាងក្រៅមានច្រើនដែរ។ គេហៅសញ្ញាបត្រអនឡាញ អ្នកខ្លះមិនបាច់រៀនទេ ចេញមក(បានសញ្ញាបត្រ)។ មានទាំងនៅអាមេរិកនៅអីទៀត។ ដោយហេតុនេះ តើចង់បានសញ្ញាបត្រមួយសន្លឹក ឬមួយក៏ចង់បានសញ្ញាឃើញនៅក្នុងខ្លួនដើម្បីយកទៅធ្វើ(ការងារ/ប្រកបរបរចិញ្ចឹមជីវិត)។ ការអប់រំបណ្តុះបណ្តាលរបស់សាលានីមួយៗ គឺត្រូវអប់រំឥរិយាបថនៃការសម្រេចភារកិច្ច។ (កុំគិតថា)បើយើងចង់ស្រួល មិនបាច់(ធ្វើអី)ទេ ចាំបន្តិចទៀតដល់សម័យ AI។ នេះគឺកាន់តែសំខាន់ ព្រោះកាន់តែស្រួលហើយ មិនបាច់ធ្វើអីក៏បានដែរ ព្រោះ AI កាន់តែឆ្លាតហើយ។
[ចប់សេចក្ដីអធិប្បាយ៣]
– បច្ចេកវិទ្យាថ្មីៗ ដូចជា៖ បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ ការវិភាគទិន្នន័យធំ ក្លោដកុំព្យូធីង និងអ៊ីនធឺរណិតនៃវត្ថុ កំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។
– ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តានុពលសម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។
– ជាមួយគ្នានេះ បញ្ញាសិប្បនិម្មិត មិនមែនមកជំនួសមនុស្សទេ, ប៉ុន្តែ មនុស្សដែលចេះប្រើបញ្ញាសិប្បនិម្មិត នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើ។
– ដូច្នេះ យើងត្រូវរៀនប្រើបច្ចេកវិទ្យា ដើម្បីពន្លឿនការស្វែងរកព័ត៌មាន និងការរៀបចំទិន្នន័យ ដើម្បីឈានទៅរកការវិភាគ និងវិនិច្ឆ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
ត្រង់ចំណុចនេះ ការយកចិត្តទុកដាក់នៅក្នុងការអប់រំជាកិច្ចការសំខាន់។ ទាំងសាលា ទាំងសាស្ត្រាចារ្យ ទាំងសិស្សសុទ្ធតែមានជម្រើស។ ប៉ុន្តែខ្ញុំថា សុំធ្វើម៉េចកុំឱ្យជម្រើសនោះ ដើរតាមផ្លូវដែលពឹងទាំងស្រុងទៅលើ AI ទៅលើបច្ចេកវិទ្យា។ ប្រើប្រាស់ AI ចុះ។ ថ្ងៃក្រោយវាចេញស្អីលើសពី AI ទៀត(ក៏ដោយ) ប្រើទៅ។ ប៉ុន្តែ ត្រូវមានព្រំដែនឱ្យច្បាស់។ កុំពឹងផ្អែកលើវា។ ប្រើវាដើម្បីជំនួយឱ្យយើងក្នុងការគិតនិងសម្រេច ដាក់ចេញគោលការណ៍ ជួយសម្រេចនូវកិច្ចការ (រក)លទ្ធផលដែលយើងចង់បាន ក្រោយពីការគិតរបស់យើង។ កុំអី្វៗ ក៏ទៅសួរ AI ទាំងអស់ ដោយមិនបាច់ស្រាវជ្រាវ មិនបាច់អានសៀវភៅ មិនបាច់ធ្វើ Research នោះ។ (កុំឱ្យ)ធ្លាប់តែសរសេរសារណា ត្រូវការស្រាវជ្រាវ ១ខែ ២ខែ ៣ខែ ហត់នឿយ (បែរជា)ចាំដល់ចុងក្រោយ យប់ហ្នឹង(មុន)មួយថ្ងៃ សួរ AI ហើយ Print ចេញមក …។
ជម្រើសមាន ប៉ុន្តែសាលាត្រូវធានាថា ការបណ្តុះបណ្តាលមិនអាចឱ្យពឹងបែបនេះទេ។ បើអញ្ចឹង មនុស្សយើងលែងឆ្លាតហើយ។ បន្តិចទៀត ស្អីក៏អត់ចេះធ្វើដែរ។ ខ្ញុំមើលវីដេអូមួយ ជារឿងកំប្លែងទេនៅតាម Facebook។ មនុស្សពីរនាក់។ មនុស្សម្នាក់ទៅហាងធម្មតារកទិញអី្វមួយ។ ម្នាក់នោះគេចូលទៅ រកទិញទឹកក្រូចមួយកំប៉ុង ប៉ុន្តែចូលទៅហ្នឹង អ្នកទាំងពីរឈរមើលមុខគ្នា។ មុននឹងនិយាយអីមួយម៉ាត់ អ្នកនោះគេសួរ AI តើយើងត្រូវចាប់ផ្តើមនិយាយយ៉ាងម៉េច? AI ប្រាប់អញ្ចឹងមក។ មួយទៀតអ្នកលក់ គេថាបើគេឆ្លើយយ៉ាងហ្នឹង តើយើងឆ្លើយយ៉ាងម៉េច? សួរ AI ទៀត។ មួយថ្ងៃសួរតែ AI រហូត។ បានន័យថា ដល់ពេលមួយ មនុស្សពឹងលើ AI ខ្លាំងពេក (សូម្បីតែ)ការងារសាមញ្ញបំផុតក៏ត្រូវពឹង(កម្លាំង)ក្រៅខ្លួនដែរ លែងគិត លែងទុកចិត្តលើខ្លួនឯង បាត់សមត្ថភាព។ សូម្បីតែនិយាយហ្នឹងខ្លាចខុស ត្រូវតែពឹង AI ហើយជឿថា AI ហ្នឹងអត់ខុស។ អាចទៅដល់ហ្នឹង បើសិនជាយើងប្រើវាច្រើន ហើយយើងពឹងលើវារហូត។
ការបណ្តុះបណ្តាលដូចគ្នា។ មុននឹងចង់ធ្វើអី សាស្ត្រាចារ្យត្រូវ(ពិចារណា)នវានុវត្តន៍ ត្រូវ Research ប៉ុន្តែបើ Research ផ្អែកទៅលើម៉ាស៊ីនហើយ ស្មើនឹងពឹងជំនួយការ ពឹងអ្នកផ្សេងឱ្យសរសេរឱ្យហើយ។ វាដូចតែដដែលហ្នឹង គ្រាន់តែឥឡូវយើងអត់ទៅពឹងមនុស្ស យើងពឹងម៉ាស៊ីនឱ្យមកជួយគិតឱ្យយើង ជួយសរសេរឱ្យយើង។ សុំបញ្ជាក់ថា AI ឆ្លាត។ AI ប្រាកដជាឆ្លាត។ ពេលខ្លះ ខ្ញុំក៏ប្រើដែរ។ កាលមុន សរសេរសុន្ទរកថាម៉ោង ១១-១២(យប់)អី។ ជួនកាល ទូរស័ព្ទសួរជំនួយការខ្វះទិន្នន័យមួយចំនួន។ ឥឡូវសួរតែបន្តិច AI ចេញមកភ្លាម។ វាមានតែទិន្នន័យធម្មតា។ ឧទាហរណ៍ថា យើងសួរ(AI ថា)តើផ្លូវជាតិលេខ ៥៥ហ្នឹង ពីមុនគេហៅផ្លូវអី? តើផ្លូវ ៥៥ហ្នឹង ជាអតីតសមរភូមិឬអត់? (លទ្ធផល)ចេញមកគឺមានគ្រប់។ យើងក៏ដឹងតែយើងគ្រាន់តែចង់បញ្ជាក់។ ចេញមកមាន(ដូចយើងដឹង) ហើយតែមួយភ្លែតទេ អត់ចាំបាច់ទៅសួរចុះសួរឡើង។
ហ្នឹងយើងដឹងចម្លើយវាត្រូវ ប៉ុន្តែក៏មិនប្រាកដដែរ ព្រោះ AI វាមិនមែនជាមនុស្ស។ អញ្ចឹងវាពឹងទៅលើទិន្នន័យដែលមាននៅក្នុងបច្ចេកវិទ្យា។ បើទិន្នន័យអត់សុក្រឹត ការទាញមកឱ្យយើងក៏វាអត់សុក្រឹតដែរ។ មួយទៀត ដែលបារម្ភជាងគេ គឺមិនមែនពឹង AI ត្រឹមសរសេរទេគឺយូរៗ ទៅៗ ជាអ្នកសម្រេចចិត្តឱ្យយើង។ នេះគឺជាគ្រោះថ្នាក់។ ម៉ាស៊ីន ទោះបីជាពូកែយ៉ាងណា ក៏មិនដូចមនុស្សទេ។ ការសម្រេចចិត្តរបស់មនុស្ស វាផ្អែកលើកត្តាច្រើន ដូចជាកត្តាវប្បធម៌ កត្តាអារម្មណ៍ កត្តាមនោសញ្ចេតនា កត្តាកាលៈទេសៈ។ បើមនុស្សចាប់ផ្តើមប្រើ (និងពឹងលើ AI ឲ្យសំរេចចិត្ត)ហ្នឹងហើយគឺចប់ហើយ។
សំរាប់សាស្ត្រាចារ្យក៏ដូចគ្នា។ (ទី១) បើពឹង AI សរសេរស្រាវជ្រាវហើយ ទៅយកការស្រាវជ្រាវពីក្រៅប្រទេសមក ដល់តែយើងយកមកសរសេរចងក្រងជាឯកសារដើម្បីបង្រៀន ក៏ត្រូវបញ្ចូលបទពិសោធរបស់យើង និងអ្វីដែលមានលក្ខណៈជាខ្មែរ … ជួនកាលទាញយកមក ស្តាប់ទៅវាក៏ពីរោះ … ប៉ុន្តែជួនកាលបាត់លក្ខណៈសំខាន់មួយចំនួន។ ទីពីរ សាស្ត្រាចារ្យខ្លួនឯងអត់ចេះទេ។ មិនមែនថាមិនយល់ទេ គេសរសេរឱ្យហើយ អានទៅយើងយល់ ប៉ុន្តែកុំភ្លេចថាធ្វើជាសាស្ត្រាចារ្យ ធ្វើជាគ្រូបង្រៀន ត្រូវចេះ១១០ សិស្សចេះ៩០ ឬ១០០។ ចេះ១១០ បានន័យថាម៉េច យើងសរសេរមេរៀនលើក្រដាស ប៉ុន្តែត្រូវត្រៀមឆ្លើយសំណួររបស់សិស្ស។ បើយើងស្រាវជ្រាវខ្លួនឯង មុននឹងបានរបកគំហើញ សរសេរបន្ទាប់ៗ យើងដឹងមូលហេតុមកពីអីហើយ។ ប៉ុន្តែបើយក(អត្ថបទ)AI ទៅបង្រៀនពេលសិស្សសួរ នោះមិនច្បាស់ថាចំណុចហ្នឹងមកពីណា ព្រោះ AI ជាអ្នកគិតសំយោគមកឱ្យទាំងអស់។ អញ្ចឹងបាត់នូវសមត្ថភាព បាត់នូវគុណភាព។ ការស្រាវជ្រាវ មិនមែនបានន័យថា ស្អីដែលយើងសរសេរនៅលើមេរៀនមួយសន្លឹកហ្នឹង យើងចេះតែមួយសន្លឹកទេ។
យើងស្រាវជ្រាវច្រើនណាស់ទម្រាំតែបានមួយសន្លឹកហ្នឹង។ ផ្ទុយទៅវិញ ដោយយើងមិនមែនជាអ្នកទៅស្រាវជ្រាវ តែគឺ AI ជាអ្នកស្រាវជ្រាវឱ្យទាំងអស់ (ដូចនេះ)យើងដឹងតែយកមួយសន្លឹកមកទន្ទេញដើម្បីយកទៅបង្រៀនដូចតែគ្នា។ ហ្នឹងហើយដែលគ្រោះថ្នាក់។ ខ្ញុំធ្លាប់ធ្វើគ្រូជំនួយនៅខាងក្រៅដែរ។ ធ្វើមេរៀនធ្វើអីហ្នឹងមិន(ជាលំបាក)ទេ តែសំខាន់ពេលសិស្សសួរនោះ។ សិស្សខ្លះគាត់ស្រាវជ្រាវច្រើនជាងយើងទៅទៀត។ បើសិនជាស្រាវជ្រាវ គេថាវិទ្យាសាស្ត្រពិតមួយរឿង តែបើវិទ្យាសាស្ត្រសង្គមទៀត លោកគ្រូត្រូវតែច្បាស់។ បើថ្នាក់អនុបណ្ឌិតថ្នាក់អី សិស្សដែលចូលរៀន អ្នកខ្លះសុទ្ធតែមន្ត្រី សុទ្ធតែមានបទពិសោធ ប្រយ័ត្នឆ្លើយអត់រួច ព្រោះគេបូកការសិក្សាជាមួយបទពិសោធ …។
ដូចនេះ ការបណ្តុះបណ្តាល ការអប់រំ ត្រូវតែមានការប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែកុំពឹងផ្អែកទៅលើវា។ ឥរិយាបថ គោលការណ៍ បទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលបណ្តុះបណ្តាលនេះ គឺត្រូវតែសម្រេចភារកិច្ចនេះឱ្យបាន។ ចេះប្រើ តែកុំពឹងវា។ ត្រូវមានវិធីសាស្ត្រដើម្បីពិន័យនិងលើកទឹកចិត្ត។ ដាក់ពិន័យបើសិនជា Copy ពី AI យកមកដាក់។ ឥឡូវ មានបញ្ហាច្រើននៅអាមេរិក។ សិស្សលែងកត់ត្រាហើយ។ កាលខ្ញុំកត់។ (បើ)ខ្ញុំហ្នឹងវេទនាជាងគេទៀត ព្រោះភាសាយើងវាពិបាក។ អញ្ចឹង ទៅរៀនមួយម៉ោង ចេញមកវិញត្រូវចំណាយបីម៉ោងទៀត។ ខ្ញុំទៅដល់ថត(សម្លេង) … កាលហ្នឹងវាមិនមែនមានឌីជីថលអី(ដូច)ឥឡូវទេ។ យើងថតសំឡេងធម្មតា ព្រោះ(សមត្ថភាព)ភាសាចាប់គ្រូមិនទាន់។ អញ្ចឹង ចេញមកអង្គុយក្នុងឡានហ្នឹង ចុចបីបួនដងឡើងវិញ កត់ត្រាការពន្យល់របស់គ្រូ។ (ធ្វើរបៀបនេះ)យើងក្ដាប់បាន។
ឥឡូវ កន្លែងខ្លះគេអត់ទាំងស្ដាប់ផង ដាក់តែឧបករណ៍ថតមួយពឹប វារត់វាសរសេរជាអក្សរឱ្យតែម្តង។ គេហៅ Google record អីនោះ។ បើភាសាអង់គ្លេស និយាយទៅវា record memo ឱ្យតែម្តង។ ដល់អញ្ចឹងមនុស្សចុចតែឧបករណ៍ហ្នឹងចោល។ ពេលរៀនមិនសូវផ្ដោតអារម្មណ៍ រវល់តែទៅមើលអីផ្សេងវិញ។ បើមានទូរស័ព្ទពីរ ដាក់មួយថត។ បើកាលខ្ញុំថត មកវិញត្រូវអង្គុយសរសេរស្ដាប់ឡើងវិញ។ អញ្ចឹងស្ដាប់គ្រូពីរដង។ តែនេះអត់ផងហ្នឹង ដាក់ថតមិនស្រួលទុកបាត់។
អញ្ចឹង សុំធ្វើម៉េចរៀបចំបទបញ្ជាផ្ទៃក្នុង និងតម្រង់ទិសសិស្ស ដោយត្រូវលើកទឹកចិត្តឱ្យរៀនប្រើបច្ចេកវិទ្យា ប្រើ AI ប៉ុន្តែត្រូវមានព្រំដែនឱ្យច្បាស់នៅពេលប្រឡង ពេលធ្វើតេស្ត។ សាលាមានការរៀបចំផែនការហើយ។ ទី១ បង្រៀនយ៉ាងម៉េច? ទី២ ធ្វើតេស្តយ៉ាងម៉េចដើម្បីធានាសិស្សយល់កម្រិតណា។ អញ្ចឹង ក្នុងជំហានមួយៗនេះ សុំធ្វើការរៀបចំបែបនេះ។ បើមិនអញ្ចឹងទេ យើងគិតថាយើងពូកែ តែចុងបំផុតយើងប្រហោងក្នុង។
ចេញជារូបភាពដូចជាទំនង ប៉ុន្តែទីបំផុតអត់ចេះសរសេរសោះ។ ពេលដែលជួបបញ្ហា យើងមិនអាចទាញទូរស័ព្ទ(ឆែក)AI ដោះយ៉ាងម៉េចទេ។ (បើ)ឥឡូវជិះទៅ ស្ពានវាដាច់ ឡានខ្ញុំអស់សាំង តើសួរ AI ថាធ្វើយ៉ាងម៉េចឬ? AI នឹងប្រាប់ថាឱ្យទៅរកកន្លែងចាក់សាំងទៅ។ កុំចាំដល់អស់សាំងចាំសួរ AI។ ក្នុងអារម្មណ៍របស់យើងត្រូវគិតថា បើវាអស់សាំង ចាក់វាឱ្យច្រើន មុនវាអស់។ នេះដែលខ្ញុំនិយាយថា ពេលខ្លះមនុស្សមានអារម្មណ៍ មានមនោសញ្ចេតនា អាចវាយតម្លៃបាន កុំពឹងក្រៅខ្លួន។ យើងពឹងខ្លួនឯង យើងគិតគូរ ព្យាករណ៍ពីបញ្ហា យើង បង្ការវា។ AI ប្រាប់យើងអត់បានទេ មានតែយើងទេ អាចឃើញសភាពការណ៍ វាយតម្លៃត្រូវធ្វើយ៉ាងម៉េច?
នេះគឺជាការបណ្តុះបណ្តាល ការអប់រំ និងការជឿទុកចិត្តទៅលើ AI (ដែល)ទៅមុខទៀត AI នឹងកាន់តែឆ្លាត។ ថ្ងៃមុនគេហៅអី ក្រោយមកគេហៅ AGI (Artificial General Intelligence) កាន់តែឆ្លាតជាង AI នេះទៀត។ លឿនណាស់។ សូម្បីតែពិភពលោកហ្នឹងក៏ពិបាកដែរព្រោះ AI វាលឿនពេក។ វាបង្កើតបញ្ហាបន្ថែម។ ថ្ងៃមុនគ្រាន់តែ OpenAI ហ្នឹងសាក Hack ទៅលើបណ្ដាញរបស់ស្ថាប័នធំៗមួយចំនួននៅក្រៅប្រទេស ធនាគារធំៗ គឺចូលទៅបាន។ ដល់អញ្ចឹង ពិភពលោកចាប់អារម្មណ៍ថា ចុះឯងអត់ទាន់មានធ្វើប្រព័ន្ធការពារប្រឆាំងផង ឥឡូវ AI វាយលុកមកដល់ហើយ។ ចុះបើប្រព័ន្ធបញ្ជាហ្នឹងធ្លាក់ទៅដល់ដៃអ្នកអាក្រក់ (វានឹង)ខ្ទេចតែម្តង។ ទីផ្សារពិភពលោក កាលឆ្នាំណានោះ ក្មេងម្នាក់នៅហ្វីលីពីន Hack eBay។ ហ្នឹងគ្រាន់តែ shutdown ទីផ្សារប៉ុន្មាន អស់រាប់ពាន់លាន តែមួយថ្ងៃពីរថ្ងៃគត់។
ឥឡូវ បើសិនជា shutdown ប្រព័ន្ធ(វានឹងបង្កភាពច្របូកច្របល់មិនតិចទេ ត្បិត)អ្វីៗទាំងអស់ពឹងទៅលើប្រព័ន្ធ Electronic ហ្នឹង។ ដែលគ្រោះថ្នាក់ជាងគេ គឺសូម្បីតែការបញ្ជា(អាវុធ)នុយក្លេអ៊ែរស្អីៗ ហ្នឹង ក៏ប្រើប្រព័ន្ធហ្នឹងទៀត។ បើធ្វើមិនស្រួល AI Hack ដូចរឿងកុន។ រឿងកុននេះ ខ្ញុំមើល ពេលខ្លះយើងគិតថា អ្នកតែងកុនស្រមើស្រមៃ។ នៅពេលដែលកុនចេញមក ក្នុង២០ឬ៣០ ឆ្នាំក្រោយ យើងឃើញថារឿងហ្នឹងក្លាយជាការពិត ដូច Star Wars ដូចស្អីហ្នឹង។ ឥឡូវសម្ភារមួយចំនួន ដូចជាជិះដ្រូនហោះអីហ្នឹង គឺដូចរឿងកុន ដែលគេគិតកាលពី ៣០ឆ្នាំមុន។
អញ្ចឹង ដែលគិតថា ថ្ងៃក្រោយម៉ាស៊ីនត្រួតមនុស្ស ក៏វាអាចកើតទៅរួច។ អាស្រ័យលើអី? អាស្រ័យលើមនុស្ស។ តើមនុស្សពឹងលើម៉ាស៊ីនកម្រិតណា? បើចាប់ផ្ដើមតាំងពីប្រព័ន្ធអប់រំបង្រៀនមនុស្សឱ្យពឹងម៉ាស៊ីនតាំងពីតូចទៅហើយ ដល់ពេលហ្នឹងគឺបញ្ហាហើយ។ បើម៉ាស៊ីនកាន់តែលឿន យើងធ្វើការទប់ទល់ចំពោះការវាយប្រហាររបស់ម៉ាស៊ីនមិនទាន់ទេ … ឥឡូវ ច្បាប់នៅលើពិភពលោក ការជជែកគ្នាក្នុងជួរមេដឹកនាំថា បើវាដើរលឿនអញ្ចឹង វាគ្រោះថ្នាក់ រីឯប្រព័ន្ធការពារយើងមិនទាន់(មានសមត្ថភាព)ដល់(កម្រិត) ធ្វើម៉េច? គ្រប់គ្នាស្រែកថា មិនអាចថយក្រោយបានទេ អង្ករក្លាយជាបាយហើយ មិនអាចទៅប្រាប់ក្រុមហ៊ុនឱ្យឈប់វិនិយោគ AI ចេញច្បាប់ហាម AI នោះទេ។ អត់អាចទៅរួចទេ។
ឃើញមានការតវ៉ាមួយចំនួន ប៉ុន្តែមិនមែនតវ៉ាពីរឿងខាងបច្ចេកវិទ្យា រឿងអ្នកខាង Business អីទេ (តែជាការ)តវ៉ាពីក្រុមអ្នកបរិស្ថានទេ។ ដោយសារ AI ហ្នឹងវាប្រើទឹក ប្រើអីច្រើន។ វាដណ្តើមពីមនុស្សអីអញ្ចឹងទៅ។ វារឿងហ្នឹងទេ។ បើក្នុងវិស័យដូចជាធុរកិច្ច អប់រំ សុខាភិបាល ការពារជាតិអី មានការបារម្ភ ប៉ុន្តែអត់មាននរណាទៅទប់វាបានទេ។ ទប់ក៏មិនកើតដែរ។ បើសិនជាឥឡូវចេញច្បាប់ បានន័យថាបច្ចេកវិទ្យាវាមានអស់ហើយ ហាមបានតែអ្នកត្រឹមត្រូវតាមផ្លូវច្បាប់ទេ ក្រុមភេរវករ ក្រុមផ្សេងៗ ដែលមិននៅក្នុងច្បាប់ ក្រុមឧក្រិដ្ឋកម្មអនឡាញប្រើ។
នេះគឺជាចំណុចមួយដែលខ្ញុំថា យើងត្រូវដើរឱ្យទាន់។ រាជរដ្ឋាភិបាលកម្ពុជា ក៏គ្មានគោលការណ៍ក្នុងការចេញច្បាប់មិនឱ្យប្រើ AI នោះដែរ។ បើមិនអញ្ចឹងទេ យើងរត់មិនទាន់ទេ។ ពេលជាមួយគ្នា ការការពារសុវត្ថិភាពជារឿងបច្ចេកវិទ្យាមួយ ប៉ុន្តែអ្វីដែលសំខាន់គឺការធានានូវការប្រើប្រាស់ AI ដោយក្រមសីលធម៌ ការទទួលខុសត្រូវ និងសំខាន់បំផុត កំណត់ព្រំដែនបច្ចេកវិទ្យា AI ឱ្យច្បាស់ កុំឱ្យធនធានមនុស្ស ទៅជាធនធានមនុស្សដែលពឹងទៅលើបច្ចេកវិទ្យាក្រៅខ្លួន រហូតដល់បាត់ម្ចាស់ការ បានន័យថាប្រហោងក្នុង មនុស្សលែងខំផ្ចិតផ្ចង់ ដោយអាងតែឱ្យ AI ជួយកែ …។
ប្រយ័ត្នដល់ពេលណាមួយ ការងារតូចៗលែងចេះធ្វើ … ឧទាហរណ៍ ចូលក្នុងហាង មិនដឹងនិយាយយ៉ាងម៉េច … ឱ្យសម សួរ AI សិន។ តើខ្ញុំចូលទៅហាងដំបូង តើនិយាយពាក្យអីសមរម្យ? ដាក់ទៅ “សួស្តី” អ្នកនោះមកវិញ ចុះបើភ្ញៀវសួរ “សួស្តី” តើយើងឆ្លើយតបយ៉ាងម៉េចដើម្បីឱ្យសមរម្យ? នេះរឿងការប្រទាក់ក្រឡាប្រចាំថ្ងៃ។ ប៉ុន្តែវាទាក់ទងការងារ ឧទាហរណ៍ រដ្ឋបាលមួយធ្វើការខាងរដ្ឋបាល ឱ្យតាក់តែងឯកសារមួយ។ គាត់លែងចេះហើយ។ លែងចាំហើយ។ លែងចាំបាច់ទៅរៀន(នៅ)ERA ហើយ … សួរតែ AI វាយឱ្យយើងរហូត។
អញ្ចឹង ថ្ងៃណាមួយ AI លែងដើរ អ៊ីនធឺណិតលែងដើរ គាត់អត់ចេះអីទាំងអស់។ គាត់អត់ដឹងថា context នៅក្នុងស្រុកយើងសរសេរយ៉ាងម៉េច សរសេរមិនស្រួលគេអន់ចិត្ត។ ប្រើពាក្យដូចគ្នា ខុសតែមួយពាក្យ អាចគ្រោះថ្នាក់។ កាលពីម្សិលមិញ ឃើញគេបង្ហោះ ប្រធានាធិបតីអាមេរិកស៊ីញ៉េស្អីមួយនោះ ជាមួយប្រធានក្រុមហ៊ុនហ្នឹង … សរសេរខុសមួយពាក្យ … សូមកុំគិតថាថ្ងៃក្រោយពឹង AI វាច្បាស់ជាង ហើយមនុស្សលែង(ធ្វើ)។ មិនអញ្ចឹងទេ។ មនុស្សត្រូវតែឆែក ព្រោះបើមនុស្សលែងឆែក ហើយគិតថា AI សរសេរមកត្រូវហើយ មនុស្សលែងប្រុងប្រយ័ត្នហើយ ហ្នឹងដែលជាបញ្ហា។ បានន័យថា យើងពឹងម៉ាស៊ីនទាំងអស់ គិតថាម៉ាស៊ីនដូចគ្រូទាយដែលឆុតអញ្ចឹង … AI នេះខ្លាំងជាងគ្រូទាយទៀត ព្រោះយើងគិតថាវាជាវិទ្យាសាស្ត្រ។
ត្រឡប់ទៅវិញ សូម្បីតែក្នុងព្រះធម៌ក៏ដូចគ្នាដែរ។ ឥឡូវ AI ច្រើន។ ខ្ញុំមើលកុន លែងដឹងថានរណា AI នរណាមនុស្សហើយ។ សូម្បីតែគេចាប់ក្រពើនៅបន្ទាយមានជ័យថ្ងៃមុន កុំតែគេរាយការណ៍ថារឿងហ្នឹងពិតទេ កុំអីអត់ដឹងទៀត។ នៅបន្ទាយមានជ័យ ក្រពើរួចពីថៃមក។ ឃើញ ប៉ាន់ខែម ប៊ុនថន បង់សំណាញ់ក្រពើថានេសាទក្រពើក្នុងបុរី ព្រោះកន្លែងលិចហ្នឹងបុរី ហើយក្រពើវាហូរតាមអូរមក។ អត់ដឹងថាហេតុការណ៍ហ្នឹងពិតឬមិនពិតទេ។ ឥឡូវ តារាភាពយន្តតាម Facebook អីហ្នឹង គេលែង(សំដែងជាក់ស្តែង)ហើយ។ គេជួលមនុស្សតែម្តង។ សុំយកតែមុខទេ។ អ្នកឯងធ្វើអីធ្វើទៅ។ កាលមុនគេជួលមកសម្តែង។ នៅអាមេរិក នៅចិន នៅអីហ្នឹង មួយវគ្គគេជួលមនុស្សមកសម្តែង ឧទាហរណ៍ថា ២ម៉ឺន។ ឥឡូវគេថាអត់ទេ ខ្ញុំសុំតែមុខអ្នកឯងទេ ខ្ញុំឱ្យ ៥ពាន់។ អញ្ចឹងជួលមុខឱ្យ បានន័យថា គេយកមកធ្វើ AI។ រឿងគេធ្វើ គេតែង គេធ្វើអីទាំងអស់។
ព្រះតេជព្រះគុណដែលឃើញកុន AI តាម Facebook ទេ? មានកុនអប់រំមានអីច្រើន ប៉ុន្តែឱ្យតែស្អីបន្តិច គឺគិតថារឿងហ្នឹង AI។ យូរៗវាបង្កើតដែលខ្ញុំនិយាយមួយទៀតគឺភាពមិនច្បាស់លាស់ រវាងស្អីទៅពិតស្អីទៅមិនពិត។ អញ្ចឹង គឺក្រមរវាងដែននៃភាពពិតនិងfake វាកាន់តែរញ៉េរញ៉ៃ។ វាត្រូវការតម្លៃក្នុងខ្លួន ដើម្បីធ្វើ។ ស្អីក៏ដោយកុំឱ្យមនុស្សពឹងលើម៉ាស៊ីន create។ គេថាបង្កើត fake content ដែលមិនមែនជាស្នាដៃការខិតខំ។ អញ្ចឹង ក្នុងការអប់រំរៀនសូត្រ ខ្ញុំសុំសួរនិស្សិតនៅទីនេះ មានប៉ុន្មាននាក់សរសេរនិក្ខេបបទប្រើ AI? សរសេរក៏មិនប្រាប់ដែរ។ ប៉ុន្មាននាក់រកព័ត៌មានសួរ AI? មើលធ្លាប់ប្រើ AI សួរព័ត៌មាន? មានតែលោកគ្រូទេ?
អញ្ចឹង ទាល់តែបង្រៀនបានរកព័ត៌មាន មិនមែនឱ្យសរសេរជំនួសទេ។ តែរកព័ត៌មានសាកល្បងមើល។ ខ្ញុំអត់ដែលប្រើ តែប្រើ Gemini ប្រើ ChatGPT ឃើញថាគួរសម។ ល្អរបស់គេ។ ប៉ុន្តែ ដូចនិយាយអញ្ចឹង វាជា Tool មួយជួយយើងក្នុងការដោះទាល់ម្តងៗ ជួយបញ្ជាក់កន្លែងខ្លះទេ។ ប៉ុន្តែ ការគិតគូរ ការគ្រប់គ្រងនៅតែជារបស់យើងដដែល។ ប្រើ AI ជាជំនួយការរបស់យើង។ កុំឱ្យពឹងលើ AI ជាមេដែលយើងត្រូវពឹង ស្អីក៏បានៗ គ្រាន់តែប្រាប់ គេឱ្យមកយើងសរសេរ។ នេះខ្ញុំសុំមានការចាប់អារម្មណ៍រឿងការបណ្តុះបណ្តាល។
[ចប់សេចក្តីអធិប្បាយ៤]
ក្នុងយុគសម័យថ្មីដែលមានការផ្លាស់ប្តូរកើតឡើងយ៉ាងឆាប់រហ័ស ប្រព័ន្ធអប់រំមិនអាចផ្តោតតែលើការផ្ទេរចំណេះដឹងពីគ្រូទៅសិស្ស ដូចកាលពីអតីតកាលបានទៀតឡើយ។
ការអប់រំសម័យថ្មី ត្រូវផ្តោតលើការកសាងសមត្ថភាពពិតប្រាកដរបស់អ្នកសិក្សា ដើម្បីឱ្យពួកគេអាចអនុវត្តចំណេះដឹង ដោះស្រាយបញ្ហាបង្កើតនវានុវត្ត និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនានា។
ដូច្នេះ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ត្រូវបន្តជំរុញការអនុវត្ត «ការអប់រំផ្អែកលើលទ្ធផលសិក្សា» (Outcome-Based Education) ដែលផ្តោតលើអ្វីដែលនិស្សិតអាចធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សា។
ក្នុងបរិបទនេះ សាកលវិទ្យាល័យនានា ត្រូវបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពសំខាន់ៗ ការគិតវិភាគ (Critical Thinking), ការដោះស្រាយបញ្ហា(Problem Solving) ការច្នៃប្រឌិត(Creativity) ការប្រាស្រ័យទាក់ទង (Communication) ការងារជាក្រុម (Collaboration) ភាពជាអ្នកដឹកនាំ (Leadership) សីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈ (Professional Ethics)។]
[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]
ប៉ុន្មានចំណុចគន្លឹះនេះហើយដែលខ្ញុំបានលើកជាការសង្ខេប។ គឺជាអ្វីដែល AI ឬម៉ាស៊ីនមិនអាចធ្វើបានទេ។ ត្រូវតែគ្រូ ត្រូវតែជាមនុស្សដែលត្រូវធ្វើបាន។ ត្រូវបន្តហើយយកចិត្តទុកដាក់ទៅលើកិច្ចការទាំងនេះ។ គាត់អាចចេញទៅ គាត់អាចជួបបញ្ហាបែបណាស្រដៀងគ្នា គាត់មានបទពិសោធ មានមូលដ្ឋានសម្រាប់ដោះស្រាយ។
[ចប់សេចក្តីអធិប្បាយ៥]
ខ្ញុំសុំផ្ដាំផ្ញើនូវអនុសាសន៍មួយចំនួនជូនថ្វាយប្រគេនព្រះតេជព្រះគុណ ក៏ដូចជាជូនដល់ប្អូនៗ ក្មួយៗទាំងអស់សម្រាប់ជាទុននៅក្នុងដំណើរជីវិត អាជីពនៅពេលខាងមុខ៖
ទី១ សុំរៀន គិតថាការរៀនសូត្រគឺរៀនពេញមួយជីវិត។ ការបញ្ចប់ការសិក្សាថ្ងៃនេះមិនមែនជាទីបញ្ចប់នៃការរៀនសូត្រទេ ប៉ុន្តែជាការចាប់ផ្ដើមនៃការរៀនសូត្រនៅក្នុងជីវិតពិត។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៦]
រៀនគ្រប់ពេលវេលា រៀនគ្រប់ទីកន្លែង រៀនតាមគ្រប់មធ្យោបាយ រៀនពីគ្រប់គ្នាទាំងអស់ រួមទាំងខ្លួនឯងផង គឺតាមរយៈការវាយតម្លៃ និងការច្បាមយកចំណុចបន្ថែមដើម្បីបំពេញនូវចំណេះដឹងរបស់ខ្លួន។
ទី២ គឺចេះប្រើបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌ទទួលខុសត្រូវខ្ពស់។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៧]
នេះដែលខ្ញុំបាននិយាយអម្បាញ់មិញ។ យើងឃើញថានៅក្នុងសម័យបច្ចុប្បន្ននេះ មនុស្សតែមួយចំនួនតូចទេ ដែលប្រើប្រាស់បច្ចេកវិទ្យាដោយគ្មានក្រមសីលធម៌ និងការទទួលខុសត្រូវ បង្ករឿងច្រើន។ ម្សិលម្ង៉ៃមួយ បានសារមួយ។ សារហ្នឹងដឹងតែ Hacker អ្នកបោកតែម្ដង។ ឧទាហរណ៍ Hacker ដែលបានលើក ឬ Scammers ដែលវាយប្រហារប្រើប្រាស់បច្ចេកវិទ្យា មិនមែនចាំបាច់ AI ទេ ប្រើតែ Telegram ហ្នឹងគឺគាត់ចេះ ទី១ គាត់ចេះ Hack ទៅលួច Telegram របស់អ្នកណាមួយ ទៅយក Telegram របស់ហ្នឹងទៅដើរបោកគេ ធ្វើបាបផ្សេងៗ។នេះហើយដែលថាការប្រើប្រាស់បច្ចេកវិទ្យាដោយគ្មានគុណធម៌ សីលធម៌ក្នុងខ្លួន ដើម្បីផលប្រយោជន៍ខ្លួន តែបាត់អស់នូវក្រម។ ការប្រើបច្ចេកវិទ្យានេះ ធ្វើឱ្យមនុស្សក្លាយទៅជាដុំថ្ម ឬគេហៅមនុស្សទឹកកក គ្មានមនោសញ្ចេតនា។ យើងនៅទល់មុខ ទៅបោកគេ យើងឃើញមុខគេយើងអាណិត។ យើងអាចទៅជួបឃើញស្ថានភាពគេ តែបច្ចេកវិទ្យានេះធ្វើឱ្យអត់ស្គាល់មនុស្សទេ។
ខ្ញុំធ្លាប់បានខាងបច្ចេកវិទ្យាបង្ហាញពីអ៊ីនធឺណិតរបស់យើង គេហៅថា World Wide Web អីនេះ។ គេមានមួយទៀតគេហៅថា Dark Web។ Dark Web ហ្នឹងគឺសម្រាប់ពួក Hacker ពួក Trader ដែលលួចរបស់គេហ្នឹង។ នៅលើហ្នឹង គេលក់លេខ Credit Card មួយខ្សែអញ្ចឹងទៅ។ អស់ប៉ុន្មានៗ តាម Crypto តាមអី។ Dark Web ហ្នឹងមានយូរហើយ គឺតាំងពីមុន AI តាំងពីមុន Crypto ទៀត។ ខ្ញុំនៅអាមេរិកធ្លាប់ឃើញដែរ។ កាលឆ្នាំ២០០០ មានហើយ គឺមនុស្សលួចលេខ Credit Card គេ លក់នៅលើហ្នឹង។ អញ្ចឹង អ្នកខ្លះអត់ដឹង ស្រាប់តែអស់លុយរាប់ពាន់ដុល្លារពីក្នុងកុង។ អ្នកដែលប្រព្រឹត្តជាHacker ហ្នឹង អ្នកខ្លះក្មេងៗ មួយចំនួនវ័យ១៣ ឬ ១៤ឆ្នាំ។ វាលួចរបស់គេយកទៅ ហើយអត់ដឹង អត់ឈឺក្បាល ត្បិតអត់ស្គាល់មុខផង។ ឃើញតែលេខតើ។
រឿង Scam ដូចគ្នា។ ជនចាញ់បោកដែលវេទនាហ្នឹងអត់ដែលឃើញមុខផង។ មនុស្សខ្លះជាអ្នកទៅទាក់ទង ហៅគេមក តាមរបៀប Romance Scam បោកបញ្ឆោតគេឱ្យដាក់ទុនដាក់អីហ្នឹង បានឃើញ(មនុស្សពិត) ប៉ុន្តែអ្នកផ្សេងទៀតមិនបានឃើញផង។ អញ្ចឹងវាធ្វើឱ្យវាបាត់មនោសញ្ចេតនាហ្នឹង។ មនុស្សលែងគិតពីគុណធម៌ គិតពីព្រំដែននៃការធ្វើបុណ្យបាបហើយ គិតតែពីប្រើបច្ចេកវិទ្យា វាស្រួល វាធ្វើឱ្យបានចំណេញលុយ ចំណេញស្អីៗ។ អញ្ចឹង ព្រំដែនវាខុសត្រង់ហ្នឹង។ បច្ចេកវិទ្យាធ្វើឱ្យមនុស្សក្លាយទៅជាម៉ាស៊ីន បានន័យថាដកអារម្មណ៍ ដកមនោសញ្ចេតនាចេញ។ ការសម្រេចចិត្តវាយប្រហារ។ នៅផ្នែកយោធា ពីមុនអត់ទាន់មានដ្រូនតូចៗដូចឥឡូវទេ សូម្បីតែដ្រូនតូចៗ ឥឡូវហ្នឹងក៏អញ្ចឹង។
កាលមុនមានអ្នកដែលបញ្ជាដ្រូននៅអាមេរិក ចម្ងាយរាប់រយគីឡូម៉ែត្រ ទៅទម្លាក់គ្រាប់បែកនៅទីនេះនៅទីនោះ។ គេសួរថា តើការទម្លាក់គ្រាប់បែកពីបន្ទប់មួយ ៥០០០គីឡូម៉ែត្រ ទៅលើកន្លែងមួយដែលស្លាប់ជនស៊ីវិល ៣០០ ឬ៤០០ នាក់ (តើ)រវាងអ្នកបញ្ជាម៉ាស៊ីននិងអ្នកដែលទៅផ្ទាល់ (មានការខុសគ្នាដូចម្តេច?)។ បើអ្នកដែលទៅផ្ទាល់ អាចគិតគូរ ប្រយ័ត្នប្រយែងជាងអ្នកបញ្ជាម៉ាស៊ីន។ អ្នកបញ្ជាម៉ាស៊ីនដឹងតែហោះទៅទម្លាក់ទៅ រឿងអីផ្សេងទៀតខ្ញុំអត់ដឹងទេ។ ខ្ញុំដឹងតែបានគោលដៅត្រូវវាយអត់។ ប៉ុន្តែ អ្នកនៅខាងក្រោមដែលចុះទៅគឺ(វាយតម្លៃផ្សេងថា)អត់បានទេ មានក្មេងៗ ឬទីនេះជាសាលារៀនជាអីផ្សេងៗ។ វាខុសគ្នាត្រង់ហ្នឹង។
ពេលដែលដាក់ម៉ាស៊ីន វាដកមនោសញ្ចេតនាការវាយតម្លៃ។ យើងឃើញនៅតាមអ៊ីនធឺណិត ពេលដែលមនុស្សចាប់បានឈ្លើយសឹក មិនថាអ៊ុយក្រែនចាប់រុស្ស៊ី ឬរុស្ស៊ីចាប់អ៊ុយក្រែន ពេលដែលភ្ជង់ហ្នឹង ភាគច្រើនរស់ ដកតែអាវុធទេ។ ប៉ុន្តែ សំរាប់អ្នកដែលបញ្ជាដ្រូនអត្តឃាត ទៅឃើញអញ្ចឹង គ្នាលើកដៃម៉េចក៏ដោយ នៅតែបុកកម្ទេចចោលមនុស្ស … ចាប់រស់ស្អីទៀត។ ឥឡូវគាត់អត់ជម្រើស។ បើមនុស្សអាចភ្ជង់នាំមកបាន។ បានន័យថាសត្រូវម្នាក់ហ្នឹងត្រូវបានដកចេញពីសមរភូមិ លែងបាញ់ហើយ។ តែដ្រូនអត់មានជម្រើស។ បើឱ្យរស់បានន័យថាអ្នកហ្នឹងនឹងមកបាញ់ទៀត។ អញ្ចឹងត្រូវតែកម្ទេចចោល។ វាខុសគ្នាត្រង់ហ្នឹង។
យូរទៅមនុស្សលែងគិតហើយ។ ល្ងាចមិញ ឃើញគេដាក់ទ័ពភាគីម្ខាង តាមើលទៅប្រហែលជា ៧០ឆ្នាំលូនចេញពីលេណដ្ឋានមួយមក ខំរត់ទៅពួននៅក្រោមព្រៃ។ ដ្រូនមើលពីលើ។ គាត់ស្មានតែរួចខ្លួន។ ដ្រូនហោះទៅដល់ យើងមើលឃើញតាមកាមេរ៉ាហ្នឹង បុកបាន។ វាលែងឃើញ។ យើងឃើញតែដល់បុកខ្លួនតែម្ដង។ ប្រសិនបើមនុស្សឃើញ បានន័យថាអត់សម្លាប់ទេ ចងអ្នកឯងយកទៅធ្វើឈ្លើយសឹក តែដ្រូនវាត្រូវតែកម្ទេចចោល …។
អញ្ចឹង (បើមាន)ការបំពាក់ក្រមសីលធម៌ បច្ចេកវិទ្យាកាន់តែខ្លាំង ការអប់រំបណ្តុះបណ្តាលសីលធម៌ក្នុងខ្លួនកាន់តែសំខាន់។ ខ្ញុំធ្លាប់លើកនៅក្នុងកម្មវិធីផ្សេងៗ ត្រូវតែអប់រំធ្វើម៉េចតម្លៃខ្លួនគឺអ្នកសម្រេច។ តម្លៃនៅក្នុងខ្លួន តម្លៃកើតចេញពីអី? កើតចេញពីការអប់រំពីផ្ទះ ពីសាលា ពីវប្បធម៌ ពីសីលធម៌ ពីឥរិយាបថ ដែលឱ្យមនុស្សសម្រេចចិត្ត។ ត្រូវសម្លាប់ម្នាក់ហ្នឹង ឬមួយក៏ទម្លាក់ទឹក ហើយដឹកអ្នកហ្នឹង អូសអ្នកហ្នឹងយកទៅកន្លែងដែលលើកដៃចុះចូល។ ករណីហ្នឹងមាន។ ពីមុនយើងឃើញពីដើមទីមកនៅក្នុងសង្គ្រាម ទម្លាក់ទឹកទម្លាក់អី … តាមមកដល់ គេភ្ជុងចាប់យកទៅ។ គេអត់សម្លាប់ទេ … ដូចនេះ ការបណ្តុះបណ្តាលត្រូវមានក្រម។ បន្តិចៗ ហ្នឹងគឺការទទួលខុសត្រូវ។ ប្រើបច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងគុណធម៌ត្រូវមាន។
[ចប់សេចក្តីអធិប្បាយ៧]
ទី៣ រក្សាសុច្ចរិតភាព និងកិត្តិយសវិជ្ជាជីវៈ។
ទី៤ ត្រូវមានវិន័យ និងការទទួលខុសត្រូវចំពោះការងារ។
ទី៥ ស្រឡាញ់ជាតិ គោរពប្រវត្តិសាស្ត្រ និងចូលរួមការពារផលប្រយោជន៍ជាតិ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៨]
អភិវឌ្ឍខ្លួនឱ្យស្របទៅតាមការអភិវឌ្ឍរបស់សង្គម ស្របទៅតាមគន្លងនៃតម្លៃវប្បធម៌ សីលធម៌ និងចូលរួមជាវិជ្ជមាន។ កុំបង្កបញ្ហា។ ខ្ញុំបានលើកនៅខាងលើថា កុំចង់មានបានម្នាក់ឯងទៅបំផ្លាញគេបំផ្លាញឯង។ កុំយក Telegram ទៅដើរបោកលុយគេ ដោយសារយើងចេះ ទោះបីជានៅឆ្ងាយក៏ដោយ ហើយទៅធ្វើបាបអ្នកដែលអត់ដឹងរឿង។ ចុងក្រោយគឺធ្វើជាកូនល្អ មិត្តល្អ ពលរដ្ឋល្អ ដែលមានទាំងចំណេះដឹង សមត្ថភាព សីលធម៌ និងស្មារតីទទួលខុសត្រូវចំពោះជាតិ និងមនុស្សជាតិ។ ចំណុចទាំងអស់នេះ បើនិយាយសង្ខេប ការបណ្តុះបណ្តាល ការអប់រំ គឺការកសាងសមត្ថភាពជំនាញនិងឥរិយាបថ។ ពាក្យអង់គ្លេសថា competence and character។ Competence គឺការមានសមត្ថភាពយល់ដឹង។ Character គឺឥរិយាបថ ដែលជាតម្លៃនៅក្នុងការប្រើប្រាស់ជំនាញ។ ត្រូវមានទាំងពីរ។
មានតែសមត្ថភាព តែខ្វះគុណធម៌ យើងអាចបង្ករឿងដូចខ្ញុំនិយាយអញ្ចឹង។ ប្រើប្រាស់(សមត្ថភាព) ទៅបោកប្រាសគេ។ មានគុណធម៌ត្រឹមត្រូវ ប៉ុន្តែសមត្ថភាពមានកម្រិតក៏មានការលំបាកជួយ។ អញ្ចឹង មានទាំងពីរដែលសំខាន់។ ការបណ្តុះបណ្តាល ការអប់រំរបស់សាលា មិនត្រឹមតែជាការផ្ទេរចំណេះដឹង ឲ្យសញ្ញាបត្រនោះទេ ប៉ុន្តែ នៅក្នុងពេលដែលគាត់កាន់សញ្ញាបត្រទៅ គឺគាត់បានឆ្លងកាត់ហើយដូចសមរភូមិអញ្ចឹង។ ធ្វើតេស្តធ្វើអីផ្សេងៗ បង្រៀនគាត់ឲ្យចេះស្រាវជ្រាវ ចេះអត់ធ្មត់ តស៊ូនឹងការបរាជ័យ ងើបឡើងវិញ។ បើតេស្តហ្នឹងធ្លាក់កុំបាក់ទឹកចិត្ត កុំបោះបង់ចោល មកវិញមក។ អ្នកខ្លះរៀនឆ្នាំទីមួយអីពិបាក ដល់អញ្ចឹងបោះបង់ គ្រូហៅមកវិញជួយបង្រៀនបំប៉នបន្ថែមឲ្យគាត់។ បរាជ័យនៅក្នុងសាលា វាប្រសើរជាងបរាជ័យនៅក្នុងជីវិត។ រៀននៅក្នុងសាលាក៏ជាមេរៀនសម្រាប់នៅក្នុងជីវិត។
ម្សិលមិញ យើងចាប់ផ្តើមទទួលពាក្យច្បាប់កាតព្វកិច្ចយោធា។ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលចាប់ផ្តើមម្សិលមិញ ទទួលបានការដាក់ពាក្យជិត ៣,០០០ នាក់។ យើងបើក(ទទួលពាក្យ)ដល់ថ្ងៃ១០(តុលា) ជាជំហានសាកល្បងលើកទីមួយ។ យើងទទួលយកការស្ម័គ្រចិត្តដល់ថ្ងៃ ១០(តុលា) ហើយសម្រេចចិត្តថាយកប៉ុន្មាន យកទ្រង់ទ្រាយអីក្នុងឆ្នាំនេះ។ ឆ្នាំក្រោយយើងនឹងពិនិត្យមើល(ជាថ្មីទៀត)។ យើងនឹងមាន intake ជាជំហានៗ ដែលភាគច្រើនសឹងតែជារៀងរាល់ឆ្នាំ។ អញ្ចឹង ក្រសួងការពារជាតិ នឹងសម្រេចផ្អែកលើតម្រូវការជាក់ស្តែងរបស់កងទ័ព។ នេះជាឆ្នាំទីមួយ ជាឆ្នាំប្រវត្តិសាស្ត្រមួយ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា។
វគ្គមួយនេះសំខាន់។ ខ្ញុំបានឲ្យគោលការណ៍ត្រូវរៀបចំឲ្យបានចំនួនកំណត់ណាមួយដែលយើងយកទៅដូចជា test pilot។ ច្បាប់កាតព្វកិច្ចយោធានេះ សម្រាប់រាជរដ្ឋាភិបាល វាជាគោលនយោបាយមួយក្នុងការវិនិយោគ កសាងពង្រឹងធនធានមនុស្ស មិនខុសពីក្រសួងអប់រំ ក្រសួងការងារ មិនខុសពីក្រសួងធម្មការនៅក្នុងការពង្រឹងធនធានក្នុងវិស័យសាសនា មិនខុសពីក្រសួងសុខាភិបាលក្នុងការពង្រឹងគ្រូពេទ្យ។ ការកសាងធនធានមនុស្ស សំខាន់ទាំងក្នុងវិស័យការពារជាតិ ទាំងក្នុងវិស័យសង្គមជាតិ។
យើងគិតថា ច្បាប់កាតព្វកិច្ចយោធានេះ មានគោលដៅដូចសាលា សាកលវិទ្យាល័យ។ កសាងធនធានមនុស្សមានសមត្ថភាពនិងឥរិយាបថ។ ត្រូវការពីរហ្នឹង។ រឿងសុខភាព រឿងកាយសម្បទា ហ្នឹងចូលទាហានប្រាកដជាវាទៅតាមហ្នឹងហើយ។ ប៉ុន្តែអ្វីដែលសំខាន់ មិនមែនមានតែមនុស្សដែលសាច់ដុំធំៗនោះទេ … ប៉ុន្តែក្នុងរយៈពេលចូលដំបូងហ្វឹកហ្វឺនបាន ៣ខែ ក្រោយមកបំពេញកាតព្វកិច្ច ២ឆ្នាំ។ ក្នុង ២ឆ្នាំនេះ គឺត្រូវហ្វឹកហ្វឺនបន្តទៀតទាំងការងារជាក់ស្តែង និងការងារផ្សេងទៀត។
ទី១ ការហ្វឹកហ្វឺនបណ្តុះបណ្តាលនូវវិន័យ ការទទួលខុសត្រូវ ធ្វើការជាក្រុម ដើម្បីសម្រេចភារកិច្ច និងការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ។ អញ្ចឹង នៅក្នុងកងទ័ព ក៏ដូចជានៅក្នុងវិស័យផ្សេងៗ ប៉ុន្តែនៅក្នុងកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងទ័ពនេះ ឥរិយាបថនេះសំខាន់ណាស់។ អញ្ចឹង យើងគិតថា អ្នកដែលចូលនៅក្នុងកាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋ ក្នុងការកសាងធនធានមនុស្សដែលមានឥរិយាបថត្រឹមត្រូវ។ អ្នកឯងកាប់ចាក់គ្នាក្នុងភូមិ ជាក្មេងទំនើងពីមុនក៏ដោយ ប៉ុន្តែក្នុងកងទ័ព អ្នកឯងត្រូវតែអនុវត្តតាមវិន័យ។ អត់មានដើររហេតរហូត កាប់ចាក់គ្នាទៀតទេ ត្រូវគោរពវិន័យ ម៉ោងពេល មានក្រុម។ អនុវត្ត ២ឆ្នាំ បញ្ជាទៅណា ទៅហ្នឹង។ ត្រូវឡើងទៅមុខឡើងទៅមុខ ត្រូវទឹកជំនន់បញ្ជាម៉ោង ១២យប់ ចេញទៅជួយប្រជាជន ចេញជួយប្រជាជន។ មានវិន័យ មានការទទួលខុសត្រូវ ធ្វើការជាក្រុម។ នៅក្នុងកងទ័ព អត់មានពាក្យថា ធ្វើការម្នាក់ឯងទេ។ ចាប់ផ្តើមពីចូលថ្ងៃដំបូង អ្នកឯងត្រូវបែងចែកជាពួក ៣នាក់ ជាក្រុម ៩នាក់ទៅ ១០នាក់ ធ្វើការជាក្រុម ជួយគ្នាសម្រេចភារកិច្ច។
ការទទួលខុសត្រូវ ក្នុងរយៈពេល ២ឆ្នាំនេះ អ្នកខ្លះនឹងអាចមានឱកាសធ្វើមេក្រុម ឬការទទួលខុសត្រូវផ្សេងៗ។ ហ្នឹងគឺឥរិយាបថ។ ទី២ គឺជំនាញនិងបំណិន។ នៅក្នុងកងទ័ព មិនមែនបាញ់តែកាំភ្លើងទេព្រះតេជព្រះគុណ។ សូម្បីតែយើងថាយុទ្ធវិធីយោធាហ្នឹងចុះ គឺត្រូវមានការទទួលខុសត្រូវច្បាស់ណាស់។ មិនអាចបញ្ជូន ៣នាក់ឬ ១០ នាក់ ឬ ១០០នាក់ឡើងទៅ ដោយអត់វិន័យទេ … ត្រូវមានការទទួលខុសត្រូវច្បាស់លាស់ ការការពារ ការយាមកាម ការអត់ធ្មត់។ នៅក្នុងកងទ័ព មិនមែនមានតែយុទ្ធវិធីកងទ័ពហ្នឹងទេ។ យើងមានជំនាញច្រើន មានជំនាញវិទ្យុទាក់ទង ដែលត្រូវការបណ្តុះបណ្តាលអ្នកហ្នឹងចេះខាងអេឡិចត្រូនិក មានជំនាញហិរញ្ញវត្ថុ គេហៅជំនាញសេវាបម្រើប្រយុទ្ធ។ ជំនាញបច្ចេកទេស ដែលបង្រៀនអ្នកហ្នឹងចេះមើលតាំងពីកាំភ្លើងមួយដើម បច្ចេកទេស រហូតទៅដល់គ្រឿងអេឡិចត្រូនិក។ បើអ្នកឯងនៅទ័ពអាកាស អ្នកឯងគឺមើលដល់តែម៉ាស៊ីនយន្តហោះ ថែទាំបច្ចេកទេសយន្តហោះ។ បើអ្នកនៅកាំភ្លើងធំ ឥឡូវកាំភ្លើងធំយើងវាមានដោយដៃ មានដោយរថយន្តបញ្ជា … វាមានជំនាញច្រើន ក្នុងហ្នឹងមានទាំងភាសា និងកុំព្យូទ័រ។
អញ្ចឹង ក្នុង ២ឆ្នាំនេះ គឺជាការវិនិយោគកសាងធនធានមនុស្ស ដែលពេលចប់(កាតព្វកិច្ច) គាត់អាចស្ម័គ្រចិត្តដាក់ពាក្យទៅទ័ពអាជីព ឬក្រៅពីហ្នឹងត្រឡប់ទៅវិញ មិនថាគាត់ទៅធ្វើការនៅក្នុងវិស័យណា អ្វីដែលគាត់រៀននៅក្នុង ២ឆ្នាំនេះ អាចជាធនធានមួយ។ ទ័ពរបស់យើងកំពុងតែធ្វើការកែទម្រង់។ ការកែទម្រង់ហ្វឹកហ្វឺននេះ គឺជាផ្នែកមួយសំខាន់នៃការកែទម្រង់ទំនើបកម្មកងទ័ព។ អញ្ចឹង នឹងធ្វើការបណ្តុះបណ្តាលអ្នកមួយចំនួននៅក្នុងហ្នឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាដ្រូន AI … ហ្នឹងខ្ញុំនិយាយតែសង្ខេបខ្លះៗទេ ព្រោះយើងមានជំនាញច្រើន។ កន្លែងខ្លះត្រូវមានបង្រៀនមូលដ្ឋានច្បាប់មួយចំនួនទៀត បើអ្នកឯងឧទាហរណ៍ទៅធ្វើការងារព្រំដែន ត្រូវយល់ពីច្បាប់ព្រំដែន …។
កងទ័ពយើងកំពុងតែធ្វើកំណែទម្រង់ … ឥឡូវទ័ពខេត្តក៏យើងកែទម្រង់ដែរ ដើម្បីប្រមូលផ្តុំ … នៅក្នុងការបណ្ដុះបណ្តាល យើងចង់ធ្វើម៉េចក្នុង ២ឆ្នាំនេះ មិនមែនគ្រាន់តែជាកន្លែងដែលត្រូវហាត់ ៣ខែ ហើយកាន់កាំភ្លើងអត់ធ្វើអីទេ។ គឺជាកន្លែងដែលហ្វឹកហ្វឺនការទទួលខុសត្រូវ ទាំងឥរិយាបថ ធ្វើការងារជាប្រចាំ ដេកដើរអង្គុយតាមវិន័យក្នុងកងទ័ព។ វិន័យ discipline។ វិន័យ គឺជាអ្វីដែលជួយសម្រេចភារកិច្ចធំណាស់។ មនុស្សគ្មានវិន័យអាចបានតែមួយឆាវទេ។ គេប្រៀបធៀបរវាងវិន័យនិងសន្ទុះចិត្ត ឬ discipline និងmotivation។ Motivation គឺចាប់ផ្តើមទៅមួយឆាវ ប៉ុន្តែអាចអស់បាន បើគ្មានវិន័យនៅក្នុងការធានាចីរភាព។ រុញចូលទៅក្នុង ហើយរយៈពេល ២ឆ្នាំ ឬ ២៤ខែ អត់យូរទេ … យើងគិតថានៅក្នុងកងទ័ពយើងត្រូវរៀបចំមួយចំនួនទៀតបណ្ដុះបណ្តាលឲ្យគាត់ដើម្បីត្រៀមចេញមកវិញ។ ពេលដែលគាត់ចេញមកវិញ ត្រូវរៀនបំណិន/ជំនាញអ្វីខ្លះទៀតដើម្បីត្រៀម។ ហ្នឹងដូចយើងបង្រៀនកន្លងទៅក្រសួងការងារ ក្រសួងអប់រំបណ្តុះបណ្តាលទៅដល់យុវជនមួយចំនួន។ អញ្ចឹងគាត់ចេញមក គាត់ចង់មកបន្តនៅសាកលវិទ្យាល័យ រឿងរបស់គាត់។ អត់ខាតទេ។
សម្រាប់កម្ពុជា យើងវិនិយោគធនធានមនុស្សក្នុងកងទ័ព។ ដាំនៅក្នុងកងទ័ព តែផ្លែផ្កាក្នុងសង្គម។ នេះគឺច្បាប់កាតព្វកិច្ចកងទ័ព។ ២ឆ្នាំ យកយុវជន … ទៅលត់ដំ។ ទោះបីគាត់មានជំនាញ ឬបំណិនមួយចំនួនក៏ដោយ ជំនាញស្អីក៏ដោយ ក៏អាចយកទៅពង្រឹងឥរិយាបថនៃការទទួលខុសត្រូវភាពជាអ្នកដឹកនាំ(បានដែរ)។ អញ្ចឹងគាត់ចេញមកកាន់តែល្អ។ កន្លែងការងារដូចគ្នាតែគ្នា។ មិនថានៅក្នុងវិស័យណាទេ គឺយើងចង់បានអ្នកដែលមានការទទួលខុសត្រូវ ការបណ្តុះបណ្ដាល ហើយឥរិយាបថគឺសំខាន់ណាស់ ជាកត្ដាជោគជ័យ។ បុគ្គលិកយើង ១០នាក់ ជួនកាលចេញមកពីសាលាតែមួយ ជំនាន់តែមួយដូចតែគ្នាទេ ប៉ុន្តែនៅក្នុង ១០នាក់នេះ មិនអាចធ្វើមេទាំងអស់បានទេ ប្រាកដជាមានម្នាក់អាចទៅគ្រប់គ្រង។ អញ្ចឹង គេនឹងយកអ្នកដែលមានឥរិយាបថទទួលខុសត្រូវខ្ពស់ និងមានរបៀបរបបការងារ។ គេមិនចង់យក(អ្នកដែល)ត្រឹមតែមួយចេះ តែទាល់តែយកឈើចាក់ បានងើប(ទេ)។ អ្នកខ្លះគឺផ្តួចផ្ដើម អ្នកខ្លះគឺទៅរត់ទៅមុខ។
យើងជឿជាក់ថាច្បាប់កាតព្វកិច្ច និងការអនុវត្តកាតព្វកិច្ចយោធាដែលយើងរៀបចំឡើងនេះ មិនត្រឹមតែផ្តល់ឱកាសឱ្យយុវជន/ប្រជាពលរដ្ឋ អាចចូលរួមនៅក្នុងការបម្រើជាតិ មាតុភូមិទាំងអស់គ្នានោះទេ (តែក៏)មានឱកាសស្ម័គ្រចិត្តចូលទៅតាមលក្ខខណ្ឌ។ យើងមិនអាចយក ១ឆ្នាំ ២០ម៉ឺននាក់បានទេ។ មានលក្ខខណ្ឌមួយចំនួន ដែលខ្ញុំមិនបកស្រាយទេ ដោយក្រសួងការពារជាតិបានបកស្រាយហើយ។ លក្ខខណ្ឌអនុគ្រោះ បើសិនជាបព្វជិតក៏អាចលើកលែង តែបើព្រះតេជព្រះគុណចាប់អារម្មណ៍ អាចសុំសឹកចូលបាន។ កាលខ្ញុំព្រះករុណាខ្ញុំធ្វើប្រធានគណៈកម្មាធិការប្រឡង មួយឆ្នាំៗ តែងតែមានបេក្ខជនដែលជាព្រះសង្ឃ សុំចៅអធិការសឹកមួយថ្ងៃមកប្រឡងសិន ហើយចាំចូលទៅបួសវិញ។ បើជាប់ ចាំសឹកអចិន្ត្រៃយ៍ បើអត់ជាប់ នៅបន្ត។
អាជីព ចំណេះដឹង សុទ្ធតែបើកឱកាសសម្រាប់ចូលរួម។ ខ្ញុំឃើញមានការជជែកគ្នាច្រើនអំពីការបាននេះបាននោះ ឧបត្ថម្ភតិចឧបត្ថម្ភច្រើន … ខ្ញុំសុំមិនរំលេចរឿងអត្ថប្រយោជន៍ទេ។ រឿងនេះជាកាតព្វកិច្ចបម្រើជាតិ (ម្តេចក៏ត្រូវ)ទៅតថ្លៃគ្នា … ខ្ញុំដឹងថាជីវភាពរស់នៅវាប៉ះពាល់ ប៉ុន្តែជាកាតព្វកិច្ចដែលយុវជនគ្រប់រូបត្រូវតែចូលរួម។ អញ្ចឹងជាតិត្រូវការហើយ។ ខ្ញុំសុំបញ្ជាក់ប៉ុណ្ណេះ មិនមែនជាតិយកធនធានមនុស្សមកដើម្បីបង្កកចោល ២ឆ្នាំទេ។ ២ឆ្នាំនេះគឺពោរពេញទៅដោយការវិនិយោគ រាប់តាំងពីប្រាក់ឧបត្ថម្ភ។ បើប្រៀបធៀបទៅ ៤០ម៉ឺននេះ គឺច្រើនជាងនៅវៀតណាម ច្រើនជាងនៅប្រទេសមួយចំនួនផង។ ប្រាក់ឧបត្ថម្ភជាផ្នែកមួយទេ។ បើប្រៀបធៀបជាមួយប្រាក់បៀវត្សមូលដ្ឋានរបស់កងទ័ពយើង ក៏មិនខុសគ្នាដែរ ប្រាក់បៀវត្សមូលដ្ឋានរបស់ពលទោហ្នឹង ដូច ៦០ម៉ឺនទេ បូកជាមួយប្រាក់មុខងារមុខអីទៅ បានចេញ ១លានជាង។
អញ្ចឹង យុវជនដែលចូលកាតព្វកិច្ច គាត់ទទួលបាន ៤០ម៉ឺននេះ ប៉ុន្តែ(មានអត្ថប្រយោជន៍)ផ្សេងៗ ទៀត (ដោយមិនបង់ថ្លៃ)ហ្វ្រ៊ីដូចយោធិន កន្លែងស្នាក់នៅ ហូបចុក រដ្ឋវិនិយោគ ការហ្វឹកហ្វឺនជាច្រើន ដែលជាស៊ីវិលទោះមានលុយក៏មិនអាចទទួល(ការបណ្តុះបណ្តាល)បានដែរ ព្រោះសន្តិសុខជាតិមានតែអ្នកនៅក្នុងការបំពេញកាតព្វកិច្ច … គ្មាននរណាដែលចង់រៀនយុទ្ធវិធីរបស់កងទ័ព កាំភ្លើងធំការពារអាកាស ឃើញដូចទំនង មានវគ្គណាបើកឬទេ សុំបង់លុយរៀន។ មិនមានទេ។ មានតែនៅក្នុងកងទ័ព។ ឱកាសច្រើន សិទ្ធិច្រើន ដែលយុវជនអាចទទួលបាន។ សុំកុំមើលថាជាបន្ទុក។ សុំឱ្យមើលថាជាឱកាស។ យុវជនទាំងអស់មើលថាជាឱកាស មួយសម្រាប់ខ្លួនបំពេញ ជាឱកាសចូលបម្រើជាតិ ចូលរួមការពារជាតិ តែមួយទៀតគឺនឹងបានទទួលនូវលទ្ធផលនៃការបណ្ដុះបណ្ដាល និងការវិនិយោគរបស់រដ្ឋ។
រដ្ឋវិនិយោគច្រើនក្នុងកងទ័ព អត់ខុសពីពេទ្យទេ។ ពេទ្យរៀនថ្នាក់មួយ ប៉ុន្តែអស់ថ្លៃ lab អស់ថ្លៃអីច្រើនណាស់។ តែកងទ័ពម្នាក់ៗ មិនមែនតែថ្លៃអាហារ កន្លែងស្នាក់នៅ (តែនៅមាន)ថ្លៃហ្វឹកហ្វឺន ថ្លៃបំប៉នឱ្យ។ គ្រាន់តែលោតឆ័ត្រ ឡើងកប៉ាល់ហោះឡើងម្តងហ្នឹងគឺគិតតោន។ ឧទ្ធម្ភាគចក្រគិតតោន អត់មានគិតលីត្រដូចយើងទេ។ នាវា ចេញមួយខាងជើងទឹក ជើងអាកាស ខាងដ្រូន យកលុយទៅបង់ អត់មាននរណាបង្រៀនផង។ (បើនៅក្រៅ)អាចត្រឹមមានលុយទិញដ្រូនបង្ហោះ ប៉ុន្តែយល់ដឹងអំពីការយករូបភាពមកវិភាគ មើលផែនទី អត់មាននរណាបង្រៀនទេ។ មានតែនៅក្នុងកងទ័ព។ អ្នកដែលចេញពីកងទ័ពជាមួយជំនាញហ្នឹង អាចទៅរកការងារ មានឱកាសច្រើន ព្រោះជំនាញទាំងអស់ហ្នឹង ទាំងកងទ័ពនិងស៊ីវិល ប្រើស្រដៀងតែគ្នា។ ការវិភាគភូមិសាស្ត្រ ខាងកសិកម្មក៏ប្រើ ធនធានទឹកក៏ប្រើ ជំនាញដីធ្លីក៏ប្រើ សូម្បីតែអ្នកវិស័យឯកជនក៏មាន។ នេះខ្ញុំគ្រាន់តែលើក។ ខ្ញុំក៏អរគុណដល់យុវជនរបស់យើងដែលបានស្ម័គ្រចិត្តចូលរួម។ ការស្ម័គ្រចិត្តមានពីរ មួយគឺស្ម័គ្រចិត្តដាក់ពាក្យ និងមួយទៀតតាមការចុចឈ្មោះ ដែលភាសាទាហានថា ស្ម័គ្រចិត្តតាមបទបញ្ជា។
យើងមានពីរ ទី១ អាទិភាពដាក់ពាក្យមក។ បើសិនជាតម្រូវការកងទ័ពឆ្នាំនេះតិចជាងចំនួនកងទ័ពដែលបានដាក់ពាក្យ យើងរើសក្នុងចំណោមអ្នកដែលស្ម័គ្រចិត្តសិន។ អ្នកសល់ប៉ុន្មាន វ៉ុលក្រោយ។ អាចឆ្នាំក្រោយ។ ខុសគ្នាតែប៉ុន្មានខែទេ។ យើង Intake មួយឆ្នាំម្តង។ បើសិនជាចំនួនតម្រូវការលើស ហ្នឹងបានយើងមើលទៅលើបញ្ជី ហើយចាប់ឆ្នោត … គ្រប់គ្នាសុទ្ធតែមានបញ្ហាទាំងអស់ មានបន្ទុករៀងៗខ្លួន ប៉ុន្តែសូមឱ្យមើលជាកាលានុវត្តភាព។ នេះគឺជាឱកាសដែលយើងអាចទទួលផលនៃការវិនិយោគ ហើយកសាងមូលដ្ឋានខ្លួនដើម្បីជាជំហានសម្រាប់ទៅជោគជ័យក្នុងជីវិត។ អ្នកដែលទទួលសញ្ញាបត្រថ្ងៃនេះ បើក្រោមអាយុ ២៥ ក៏នៅស្វាគមន៍ដែរ។
ទ័ពសម័យនេះ មិនមែនទ័ពកាន់តែកាំភ្លើងច្រេះមួយដើមទៅអង្គុយយាមបឹងទេ។ គឺទ័ពសម័យបច្ចេកវិទ្យា និងការហ្វឹកហ្វឺនត្រៀមលក្ខណៈពង្រឹងវិស័យការពារជាតិ ដែលនឹងទទួលការបណ្ដុះបណ្ដាលច្រើន … កុំភ្លេចថា អ្វីដែលយើងមើលមិនឃើញនោះ មិនមែនតែរឿងយើងរៀនទេ ប៉ុន្តែការទទួលខុសត្រូវ ឱ្យមនុស្សម្នាក់ទៅអង្គុយម្នាក់ឯងនៅកន្លែងហ្នឹង ឈរប្រចាំការនៅមាត់បឹងគឺការទទួលខុសត្រូវធំ ព្រោះវាជួយយើង។ ការដែលយើងរុញខ្លួនយើងឱ្យហួសពីព្រំដែននៃភាពស្រណុកស្រួល វានឹងជួយយើងទៅថ្ងៃក្រោយ … ខ្ញុំឥឡូវរត់លែងលឿនដូចកាលពីក្មេងហើយ ប៉ុន្តែបើសិនជាប្រឈមនៅក្នុងកាលៈទេសៈហ្នឹង ក៏មានអារម្មណ៍ថាអត់ខ្លាច ព្រោះយើងធ្លាប់ធ្វើ យើងធ្លាប់ដើរ។
ខ្ញុំធ្លាប់ឈរការពារនៅហ្នឹង ២៤ម៉ោងម្នាក់ឯង។ ប៉ុណ្ណឹងអត់លំបាកទេ។ នេះបានន័យថា រុញខ្លួនឱ្យផុតពីភាពស្រណុក។ ហ្នឹងហើយដែលខ្ញុំលើកពីដើមទី ប្រយ័ត្ន AI ជួយយើងបង្កើតភាពស្រណុក យើងមិនរុញខ្លួនឱ្យផុតពីភាពស្រណុក យើងទម្លាក់ខ្លួនមកជ្រកក្រោមភាពស្រណុកវិញ។ មិនមែននៅក្នុងកាតព្វកិច្ចកងទ័ពទេ ប្រយ័ត្ននៅក្នុងការរៀនសូត្រ ធ្វើការងារ ព្រោះហ្នឹងវាប្រហោងក្នុង។ វាល្អ ប៉ុន្តែអត់មានមូលដ្ឋានទេ … ពេលវាយគ្នា មានម្នាក់សរសេរល្អនៅលើ Facebook។ មើលហេតុផលល្អ មាន២ ទៅ៣នាក់ សរសេរទឹកដៃខ្លាំង។ ខ្ញុំឱ្យឯកឧត្ដម នេត្រ ភក្ត្រា ទៅមើល។ យើងអត់ដែលបានដឹងពីអ្នកហ្នឹងទេ។ (បើ)ពូកែមកជួយខាង PR របស់យើង។ ដល់ឯកឧត្ដម នេត្រ ភក្ត្រា ទៅជួបពួកគាត់ ទើបដឹងថា គាត់ប្រើ AI។ មិនមែនគាត់ដំឡូងមូលទេ ប៉ុន្តែអ្វីដែលសំខាន់ គឺពេលដែលយើងទៅជួបជាក់ស្ដែង វាខុសពីការពិត។ អញ្ចឹង យើងសម្រេចថាមិនយកវិញ។
ការងារដូចគ្នា ប្រយ័ត្នពឹងម៉ាស៊ីនទៅឱ្យគេមើល ដល់ពេលគេយកមកធ្វើជាក់ស្ដែងអត់ប្រាកដ។ អត់នៅទេ ព្រោះគេត្រូវរើសអ្នកដែលធ្វើប្រាកដ … ថ្ងៃនេះ មិនវែងទេ ព្រោះត្រូវមានប្រជុំបន្ទាន់មួយទៀតនៅក្រោយនេះ។ ខ្ញុំគិតថាបងប្អូនទាំងអស់មានផែនការហើយ។ ខ្ញុំអត់ដឹងថា ព្រះសង្ឃ ព្រះអង្គប្រហែលជាត្រូវនិមន្តត្រឡប់ទៅវត្តវិញ តែអ្នកផ្សេងទៀតថ្ងៃសុក្រផង មិនស្រួលចេញពីនេះទៅដល់កំពង់សោមបាត់ហើយ។ មិនស្រួលណាត់គ្នាហើយ ផ្លូវល្បឿនលឿនតែ ២ម៉ោង ២ម៉ោងកន្លះ។ មិនស្រួលកក់ទៅបាត់ហើយ មាននរណាមានផែនការរួមគ្នា គេហៅជប់លៀងចុងក្រោយមុនចែកផ្លូវគ្នា។ មានក៏អត់ប្រាប់ដែរ តែនៅខាងក្រៅមិញ ឃើញគ្រួសារមានអី ផ្កាកុលាប មានតុក្កតា មានអីរង់ចាំ។
[ចប់សេចក្តីអធិប្បាយ៨]
អញ្ចឹងខ្ញុំសូមអបអរសាទរសារជាថ្មី ចំពោះនិស្សិតជ័យលាភីគ្រប់រូប ហើយសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗ ក្មួយៗ នឹងយកចំណេះដឹង និងបទពិសោធន៍ និងគុណតម្លៃដែលទទួលបានពីសាកលវិទ្យាល័យ ប្រើប្រាស់ឱ្យមានប្រយោជន៍សម្រាប់ខ្លួន គ្រួសារ និងសង្គមជាតិ។ ហើយសូមឱ្យប្អូនៗក្លាយជាធនធានមនុស្សជំនាន់ថ្មី ប្រកបដោយគុណភាព និងជាកម្លាំងស្នូល រួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេស ដែលកាន់តែរឹងមាំ សំបូរសប្បាយ រុងរឿង បរិយាបន្ន ភាពធន់ និងចីរភាព។
ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ថ្វាយ សមណនិស្សិត ព្រះគ្រប់អង្គ ជូនពរ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ជ័យលាភីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃនេះ ក៏មាននិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រ សរុប ២.៥៧៣ អង្គ/នាក់ ក្នុង ១អង្គ/នាក់ ថវិកា ៥ម៉ឺនរៀល។ ប្រហែលជាចាំអ៊ុតទេ បានសម្រេចថាទៅដល់ណា ជូន សាស្ត្រាចារ្យ និងបុគ្គលិក ៤០១នាក់ ម្នាក់ៗ ថវិកា ១០ម៉ឺនរៀល ដោយឡែក បន្ថែមជូន និស្សិតស្ត្រីមានផ្ទៃពោះ សរុប ៣២នាក់ ថវិកា ១លានរៀល។ សូមអបអរសាទរ ហើយជួយបង្កើនប្រជាជនយើងឱ្យបានច្រើន ចំពោះនិស្សិត ពិការភាព មានចំនួន ១០នាក់ដែរ ម្នាក់ៗ ថវិកា ៥០ម៉ឺនរៀល ហើយជូន សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ថវិកា ១០លានរៀល និងក្រុមគ្រូពេទ្យ ប្រចាំអង្គពិធី ថវិកា ៣លានរៀលផងដែរ សូមអរគុណ៕

