ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូ អ្នកគ្រូ, ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងកម្មវិធី «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧៣, កំណាត់ផ្លូវខេត្តលេខ ៣៧៧ និង កំណាត់ផ្លូវខេត្តលេខ ៣៧៧A ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក» ជាមួយ លោកស្រី តាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី, លោកយាយ លោកតា អ៊ំពូមីង និង បងប្អូនប្រជាពលរដ្ឋ នៅពេលនេះ ។
តាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន, កំណាត់ផ្លូវទាំងបីខ្សែដែលកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ មានប្រវែងសរុបប្រមាណ ៩៨,៤ គីឡូម៉ែត្រ និង បានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៤ លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ។
កំណាត់ខ្សែផ្លូវទាំងបីនេះ ត្រូវបានស្ថាបនាស្របតាមនិយាមបច្ចេកទេស, ដោយបានគិតគូរទាំងលក្ខខណ្ឌភូមិសាស្ត្រ, ប្រព័ន្ធរំដោះទឹក, សុវត្ថិភាពចរាចរណ៍, ផលប៉ះពាល់បរិស្ថាន និង សង្គម, ភាពធន់នឹងអាកាសធាតុ, រហូតដល់ការថែទាំ និង ការប្រើប្រាស់ក្នុងរយៈពេលវែង ដើម្បីធានាថាកំណាត់ខ្សែផ្លូវទាំងបីនេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន, តភ្ជាប់តំបន់ផលិតកម្មទៅកាន់ទីផ្សារ, ជំរុញពាណិជ្ជកម្ម និង ការវិនិយោគ, បង្កើតការងារ និង ចំណូល និង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព, ភាពប្រកួតប្រជែង, បរិយាប័ន្ន និង ចីរភាព ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ផ្លូវកាត់បន្ថយតម្លៃធ្វើដំណើរ និងជួយបង្កើតឱកាសសេដ្ឋកិច្ចនានា
លោកស្រី តានីញ៉ា ម៉ៃយ័រ (Tania Meyer) ក៏បានរំលេចខ្លះហើយនូវអត្ថប្រយោជន៍បន្ថែម ពាក់ព័ន្ធជាមួយផ្លូវ ដែលផ្តល់ជូន(អត្ថប្រយោជន៍)ដល់ប្រជាពលរដ្ឋនៅគ្រប់វិស័យ មិនត្រឹមតែកាត់បន្ថយតម្លៃធ្វើដំណើរ នៃអ្នកធ្វើដំណើរនោះទេ ប៉ុន្តែវាក៏ជួយនៅក្នុងការបង្កើតនូវឱកាសសេដ្ឋកិច្ចផ្សេងៗ។ អម្បាញ់មិញ ក្នុងឱកាសដើរទៅកាត់ខ្សែបូសម្ពោធ ត្រឡប់មកវិញជួបអ៊ំស្រីអ៊ំប្រុស នៅមួយផ្ទះមួយ។ សួរគាត់ថា តើឡានបើកលឿនៗ ឬទេ? (ពួកគាត់ថា) ផ្លូវស្អាតបើកលឿនបន្តិចហើយ ប៉ុន្តែច្បាប់ចរាចរណ៍យើងគោរព។ ទោះជាលឿនបន្តិច អ៊ូអរបន្តិច អាចថាសំឡេង(ឡានម៉ូតូឮ)ជាងមុន ប៉ុន្តែប្រសើរជាងស្ងាត់ជ្រៀប (តែ)ពិបាកចេញចូលផ្ទះគាត់ ទាំងសន្តិសុខទាំងអីក៏ពិបាក។ ហ្នឹងនៅដើមខ្សែផង ចុះទម្រាំទៅដល់មុខទៀត។
(២) ផ្លូវនាំឈាមពីកន្លែងមួយទៅកន្លែងមួយ, ទេសចរជាតិ/អន្តរជាតិធ្វើដំណើរ បង្កើនការផ្សព្វផ្សាយបន្ថែម
អម្បាញ់មិញ លោកស្រីថា វត្តសសរ ១០០ ជាវត្តប្រវត្តិសាស្ត្រ ព្រែកកាំពី កន្លែងអន្លង់ផ្សោត (ជាទីតាំងទេសចរណ៍)មានច្រើន ដែលជាកន្លែងអាចភ្ជាប់ដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះ។ តាមរយៈផ្លូវ (ប្រៀបដូចជា)យកឈាមពីកន្លែងផ្សេងទៅចិញ្ចឹមកន្លែងនោះ។ ទេសចរជាតិ អន្តរជាតិធ្វើដំណើរ បង្កើតនូវលទ្ធភាពក្នុងការផ្សព្វផ្សាយបន្ថែម។ បន្តិចទៀត ខ្ញុំនិយាយថាទេសចរជាតិច្រើន។ មិនតិចទេ។ បើសិនជាមានអីផ្ទុះដូចនៅសៀមរាបហ្នឹង គឺដឹងតែណែនតែម្តង។ មិនមែនផ្ទុះគ្រាប់បែកទេ ផ្ទុះតាម Facebook រឿងល្អៗ ផ្សព្វផ្សាយពីកន្លែង(ទេសចរណ៍ធម្មជាតិ ដូចជា) ព្រែកកាំពី កោះទ្រង់ហ្នឹងដែលក្រូចថ្លុងល្បីជាងគេ។ ឆ្ងាញ់។ ប៉ុន្តែវាដោយកន្លែងដែរ។ កន្លែងខ្លះវាស្កកទៅវិញ។ ក្រឡានក្រចេះ ក៏មិនធម្មតាដែរ។
(៣) ធ្វើនិងពង្រឹងផ្លូវខេត្ត ផ្លូវឃុំ ផ្លូវជនបទ រុញការតភ្ជាប់ទៅគ្រប់ទីកន្លែង
បានន័យថា ក្នុងខេត្តនីមួយៗ មានផលិតផលសក្តានុពល(ដូចជា)ទីតាំងប្រវត្តិសាស្ត្រ(នានា) ប៉ុន្តែអ្វីដែលសំខាន់ គឺលទ្ធភាពទៅដល់។ បើលទ្ធភាពទៅមិនដល់ ការធ្វើដំណើរពិបាក សូម្បីតែអ្នកខេត្តខ្លួនឯងក៏មិនចង់ទៅផង … ទម្រាំតែអ្នកមកពីភ្នំពេញមកពីអី ទៅហួសមកហួសតាមតែផ្លូវជាតិ។ ដោយហេតុនេះ យើងធ្វើមិនត្រឹមតែផ្លូវជាតិទេ (តែក៏ទាំង)ផ្លូវខេត្ត(ផងដែរ)។ ផ្លូវជាតិជាសរសៃឈាមមេនាំមក ប៉ុន្តែដល់កន្លែងហ្នឹង ត្រូវពង្រឹងផ្លូវខេត្ត ផ្លូវឃុំ ផ្លូវជនបទ ដើម្បីរុញការបែកខ្ញែកចូល(ទៅតាមសិរីរាង្គ)។ ការកសាង ជួសជុលផ្លូវ ៩៨,៤ គីឡូនេះ មិនធម្មតាទេ។ អម្បាញ់មិញ … ឧទ្ធម្ភាគកច្រ បានចុះមកទាបឃើញស្ពានព្រែកប្រសព្វ ដែលនឹងត្រូវសម្ពោធនៅថ្ងៃក្រោយ។ ស្ពាននេះក៏ជាសរសៃឈាមធំបន្ថែមទៀត ភ្ជាប់ខាងកើតនិងខាងលិចទន្លេ(មេគង្គក្រចេះ) តទៅដល់កំពង់ចាម តទៅដល់ផ្លូវជាតិលេខ ៧១C ឆ្លងទៅដល់កំពង់ធំ តាមផ្លូវជាតិលេខ៦។ យើងនឹងបន្តធ្វើផ្លូវជាតិលេខ៧ បន្ថែមទៀតភ្ជាប់ទៅព្រំដែនឡាវ។ អញ្ចឹងនឹងតភ្ជាប់តំបន់សេដ្ឋកិច្ចកាន់តែរស់រវើក។
(៤) ការបង្កើតហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មជាអាទិភាពប្រកបដោយសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែម
ក្រោយពីនយោបាយឈ្នះ-ឈ្នះ(របស់)សម្តេចតេជោ ចប់សង្គ្រាម កសិ-ឧស្សាហកម្មក្នុងតំបន់ទិសឦសាននេះ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ដែលកាលមុននៅកៀកកំពង់ចាម ឥឡូវ(បានកាត់មកជាខេត្ត)ត្បូងឃ្មុំ(វិញ)។ ប៉ុន្តែ ផ្នែកខ្លះនៃក្រចេះក៏ឆ្ងាយដែរ។ កាលពី ២០ ឆ្នាំជាងមុន ការធ្វើដំណើរ ការពង្រីកឧស្សាហកម្មមានការពិបាក។ មិនមានការស្រមៃថា ក្រចេះជាខេត្តដែលមានសក្តានុពលឧស្សាហកម្ម ដូចរាល់ថ្ងៃ ដែលមានរោងចក្រមួយចំនួនបើក(នោះទេ)។ ថ្ងៃក្រោយក៏អាច(មានថែមទៀត) ព្រោះវានៅជិតព្រំដែនវៀតណាម។ ពេលដែលផ្លូវជាតិលេខ៧ ធ្វើហើយ គឺមិនបាច់រុញ(ផលិតផលឧស្សាហកម្ម កសិឧស្សាហកម្ម)ទៅក្រោមតាមផ្លូវទឹកផ្លូវអីទេ តែជួនកាលអាចរុញតាមផ្លូវយើងហ្នឹង តភ្ជាប់តាមឡាវឡើងទៅលើតែម្តង។ អញ្ចឹងហើយ ទាំងអស់នេះជាសក្តានុពលនៃការបង្កើត(ហេដ្ឋារចនាសម្ព័ន្ធ) ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មនេះគឺជាអទិភាពធំដែលបង្កើតនូវតម្លៃបន្ថែម។
(៥) មានផ្លូវ អាចទាញការវិនិយោគមកបង្កើតតម្រូវការបន្ថែមទៀតបាន
ការធ្វើផ្លូវមួយខ្សែអស់ ៤៤លាន(ដុល្លារ)។ បងប្អូនថាថ្លៃ … សួរថាបានជាផលប៉ុណ្ណា។ បើធ្វើផ្លូវ BOT ហ្នឹងគេដឹងថាធ្វើអស់ប៉ុន្មាន មួយឆ្នាំគេយកចំណូលប៉ុន្មាន។ តែផ្លូវនេះ ជាផ្លូវអត់យកលុយពីប្រជាពលរដ្ឋទេ។ ប៉ុន្តែផលដែលបានមកវិញគឺច្រើន … បើវាស់ថាជិះឡាន ធ្លាប់ពីនេះទៅដល់ព្រែកកាំពីអស់ប៉ុន្មាន រយៈពេលប៉ុន្មាន យើងអាចវាស់បាន។ ប៉ុន្តែ អ្វីដែល(ផ្លូវទាំងនេះបាន)បង្កើតបន្ថែម សក្តានុពលដែល(ក្រោយពី)បង្កើតទាញគេមកបន្ថែមនោះ យើងវាស់អត់បានទេ។ សួរថា បើអត់វា មាន(សកម្មភាពទាំងហ្នឹងឬ)អត់? មិនប្រាកដថាមានសកម្មភាពទាំងអស់ហ្នឹងទេ។ បើមាន(ផ្លូវទាំងនេះ) តើអាចទាញ(ការវិនិយោគមក)បង្កើតតម្រូវការបន្ថែមទៀតបានទេ។ ឧទាហរណ៍ រោងចក្រមួយមកបង្កើតនិងផលិត(អ្វីមួយ)។ អញ្ចឹងគាត់ត្រូវការកសិផល។ បើសិនបើជាកសិ-ឧស្សាហកម្ម ត្រូវការកសិផល។ អញ្ចឹង រុញកន្លែងដែលមិនធ្លាប់ដាំដុះដំណាំហ្នឹង ទៅជាកន្លែង(ដាំដុះ) និងកែច្នៃអីផ្សេងៗ។
(៦) ក្រចេះមានតំបន់រាបច្រើន ដែលអាចប្រើជាផ្ទៃដីធ្វើឧស្សាហកម្ម
នៅពេលខាងមុខទៀត យើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ។ ក្រចេះនៅក្នុង(ចំណោមខេត្ត)តំបន់ទិសឦសានទាំង៤។ គឺជាខេត្តដែលមានសក្តានុពលច្រើន។ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កុំច្រណែន(ក្រចេះ ត្បិត)យើងក៏មានសក្តានុពល(ដោយឡែក)របស់យើងដែរ ដូចជាសក្តានុពលតំបន់ភ្នំ តំបន់មានធនធានធម្មជាតិមួយចំនួន។ ក្រចេះ មានតំបន់រាបច្រើន មានផ្ទៃដីអាចធ្វើឧស្សាហកម្មច្រើន។ (ខេត្តក្នុងតំបន់ទិសឦសាន)ប្រទាក់ក្រឡាគ្នា។ កន្លែងខ្លះអាចផ្គុំគ្នា (ដូចជា)រឿងទេសចរណ៍ជាដើម។ សុទ្ធតែសក្តានុពលដែលអាចធ្វើបាន។ កន្លែងនេះ ជាតំបន់តភ្ជាប់សំខាន់របស់ខេត្តក្រចេះ។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ឦសាន។ កាលពីដើមឆ្នាំទៅ ខ្ញុំប្រកាសធ្វើការសាកល្បងនៅខេត្តព្រះសីហនុ។
(៧) បង្កើតក្រុមការងារជំរុញអភិវឌ្ឍខេត្តព្រះសីហនុ ជំរុញនិងស្ដារអគារកំពុងសាងសង់ដែលជាប់គាំង
កន្លងទៅ ខេត្តព្រះសីហនុ យើងមាននីតិវិធីជំរុញវិនិយោគ លើកទឹកចិត្តវិនិយោគ មាន CDC មានខេត្ត អនុគណៈកម្មការវិនិយោគថ្នាក់ខេត្ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍នៅលើ។ អញ្ចឹង យើងមានហើយ។ ប៉ុន្តែ នៅក្នុងតំបន់ពិសេស កន្លែងពិសេសមួយចំនួន យើងត្រូវជួយក្នុងរយៈពេលខ្លីមួយទៀត ដោយបានបង្កើតក្រុមការងារជំរុញអភិវឌ្ឍជាការសាកល្បងនៅខេត្តព្រះសីហនុ ដោយគ្រានោះយើងចង់ជំរុញនិងស្ដារអគារ(កំពុងសាងសង់ដែល)ជាប់គាំង។ អញ្ចឹងផ្តល់ការលើកទឹកចិត្តថ្មីដល់អគារជាប់គាំងក្នុងមួយរយៈពេលហ្នឹង។ យើងបង្កើតក្រុមការងារដែលមិនបាច់ចាំរត់មក CDC ឬរត់ទៅស្ថាប័ននានាច្រើនទេ គឺចូលតែមួយក្រុមទៅ ដោយឯកឧត្តម ហ៊ាន សាហ៊ីប (ជាអ្នកដឹកនាំក្រុមការងារនេះ)។ ក្រោយពីយើងដក(ខ្លួន)ចេញពី CLV-DTA ខ្ញុំបានឱ្យឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រៀបចំដូចគ្នាសម្រាប់ខេត្ត(ក្រចេះ)។
(៨) កម្មវិធីជំរុញអភិវឌ្ឍនៅខេត្តភាគឦសានត្រូវការភាពនឹងនរ ច្បាស់លាស់ និងលើកទឹកចិត្តរយៈពេលវែង
យើងធ្វើ(ដូច)នៅខេត្តព្រះសីហនុ។ យើងធ្វើកម្មវិធីហ្នឹងមួយឆ្នាំម្តង។ ឆ្នាំក្រោយ បើថាត្រូវការទៀត យើងនឹងពន្យារមួយឆ្នាំ។ តែនៅក្រចេះនេះ យើងឱ្យកម្មវិធីសំរាប់ឆ្នាំ២០២៥-២០២៨តែម្តង ដាក់ពេញរយៈពេល ៤ឆ្នាំ ដើម្បីលើកទឹកចិត្ត(ដល់អ្នកវិនិយោគ)ព្រោះការវិនិយោគនៅទីនេះខុសពីវិនិយោគនៅខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ភាគច្រើន(ជាការវិនិយោគ)ទៅលើសណ្ឋាគារ ដែលរយៈពេលខ្លី។ នៅខេត្តខាងឦសាន ភាគច្រើន(ជាការវិនិយោគ)ខាងទេសចរណ៍និងកសិឧស្សាហកម្ម ដែលត្រូវការភាពនឹងនរច្បាស់លាស់ ការលើកទឹកចិត្តរយៈពេលវែងជាង … ក្នុងនោះ មានការលើកទឹកចិត្តផ្នែកពន្ធដារ ពន្ធគយ ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់(សមស្រប) ការជួយបន្ធូរបន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី ដោះស្រាយការប្រឈម ដោយរៀបចំក្រុមការងារកាត់បង្រួមនីតិវិធី ដែលមានសិទ្ធិសម្រេចបានត្រឹមត្រូវនិងលឿន។
(៩) សំណើវិនិយោគ៥៧/៧២ ត្រូវបានពិនិត្យនិងបន្តនីតិវិធី ប្រើទុនសរុប ២៧០០លានដុល្លារ បង្កើតការងារ៨ ម៉ឺនកន្លែង
គិតត្រឹមថ្ងៃ ៧សីហា កន្លងទៅនេះ យើងមានគម្រោងវិនិយោគសរុប៧២ ក្នុងនោះ គម្រោង៥៧ ត្រូវបានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបក្នុងគម្រោងទាំងនោះមាន ២៧០០លានដុល្លារអាមេរិក។ គម្រោងស្នើសុំទាំង៧២ បើបានអនុវត្តទាំងអស់នឹងបង្កើតការងារជាង ៨ម៉ឺនកន្លែង។
សម្រាប់ខេត្តក្រចេះ គឺ(ទទួលគំរោង)បាន១៩ ក្នុងនោះមាន១៤ ត្រូវបានពិនិត្យនិងបន្តនីតិវិធី។ គម្រោងស្នើសុំ១៩ នេះ (មានទំហំទឹកប្រាក់វិនិយោគ)សរុប ១,១ពាន់លានដុល្លារ។ គម្រោងទាំង១៩ គ្រោងប្រកាស(រក)កម្មករប្រហែលជាជាង ២៦០០០ នាក់ ពេលដែលគម្រោងនេះអនុវត្ត។
ខេត្តស្ទឹងត្រែង ទទួលបានសរុប ២០គម្រោង ក្នុងនោះ១៦ គំរោងត្រូវបានពិនិត្យ និងបន្តនីតិវិធី។ ក្នុង ២០គម្រោងនោះ ប្រើទុនសរុប ១៤១លានដុល្លារ។ ដោយសារតែប្រភេទវិនិយោគខុសគ្នា (ហេតុនេះទោះមាន)តួលេខដល់ទៅ២០ គឺច្រើនជាងក្រចេះដែលមាន១៩ ប៉ុន្តែបើគិតជាលុយមានទំហំតិចជាងបន្តិច។ នៅក្រចេះនេះ ខាងឧស្សាហកម្មដាក់មួយៗធំៗ។ យើង(ស្ទឹងត្រែង)ខាងកសិឧស្សាហកម្មនិងទេសចរណ៍។ គម្រោងនៅខេត្តស្ទឹងត្រែង នឹងបង្កើតការងារជិត ៤០០០កន្លែង។
ខេត្តរតនគិរី មានគម្រោងស្នើសុំវិនិយោគ១១ ក្នុងនោះ គម្រោង១០ ត្រូវបានពិនិត្យនិងបន្តនីតិវិធី។ ប្រសិនជាគម្រោងទាំងនេះឈានដល់ការអនុវត្ត គម្រោងស្នើសុំទាំង១១ មានទឹកប្រាក់សរុបជាង ៨៨៦លានដុល្លារអាមេរិក ប្រើកម្មករប្រហែលជា ៤៨០០០នាក់។ អញ្ចឹង កំពុងដំណើរការនីតិវិធី។
បើតាមប្រវត្តិនៃការស្នើសុំនៅ CDC (ចំនួន)គម្រោងដែលស្នើសុំរហូតដល់ចេញអនុវត្តមានជាង៩៥ ភាគរយ បានន័យថា ក្នុង១០០(គម្រោង) មានតែ៥ ទេដែលបោះបង់។ អញ្ចឹងនៅបណ្តាខេត្តទាំងនេះ យើងសង្ឃឹមថា អត្រា(ឈានដល់ការប្រតិបត្តិការជាក់ស្តែង)ក៏ខ្ពស់ដែរ។ បើមិនបានដល់ ៩៥ភាគរយ បានតែ ៧០ភាគរយ ក៏គ្រាន់បើ។ យ៉ាងណាក្តី ខ្ញុំសង្ឃឹមថាបាន ១០០ភាគរយ។
សម្រាប់មណ្ឌលគិរី មានគម្រោងវិនិយោគ២២។ គម្រោង១៣ ត្រូវបានពិនិត្យនិងបន្តនីតិវិធី។ ក្នុងគម្រោង២២នេះ មានទុនវិនិយោគ ៥១១លានដុល្លារ អាចបង្កើតការងារប្រហែល ៥ពាន់នាក់។ គម្រោងនោះ ភាគច្រើនជាគម្រោងទេសចរណ៍។
(១០) “ធ្វើតែផ្លូវ មិនជំរុញគំរោងនានា មិនកើតទេ”
នេះគឺជា(សមិទ្ធផលដែលកើតឡើងដោយសារ)ដាក់ចេញ ការជំរុញការតភ្ជាប់។ បើយើងធ្វើតែផ្លូវអត់គ្រប់ទេ។ បើធ្វើតែផ្លូវ តែយើងអត់ជំរុញគំរោងអ្វីផ្សេងៗ អត់កើតទេ។ ឧទាហរណ៍ បើធ្វើតែផ្លូវ តែមិនរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ឱ្យមានរីសត(Resort) មានអី អត់មានមនុស្សទៅទេ។ អាចមានអ្នក Backpack ទៅបោះតង់ក្នុងព្រៃ។ ប៉ុន្តែ បើថានាំគ្រួសារទៅលេងអីហ្នឹង គឺគេត្រូវការបន្ទប់ទឹក ត្រូវការអីស្រួលបួល។ ឥឡូវ មនុស្សលែងដើរ លែងជិះដំរីហើយ ជិះឡាន ត្រូវការការ៉ាស់សាំង ត្រូវការសេវា(ផ្សេងៗ)។ ការជំរុញតភ្ជាប់បែបនេះជាកិច្ចការសំខាន់។ យើងជំរុញកសិ-ឧស្សាហកម្ម។ យើងមានដី ប៉ុន្តែយើងមិនចង់ផលិតហើយ រុញវត្ថុធាតុដើមទៅក្រៅទេ។ យើងចង់បានផលិតផលសម្រេច។
(១១) ផលិត ច្នៃ ច្រកកំប៉ុង នាំចេញ ដើម្បីលក់បានថ្លៃ និងធានាតម្លៃបន្ថែមក្នុងប្រទេស
ម្រេចមណ្ឌលគិរី មានចុះ GI។ តើយើងចង់តែដាំ ហើយរុញវត្ថុធាតុដើមទៅប្រទេសផ្សេង ឱ្យគេដាក់កំប៉ុងឬ? អត់ទេ។ យើងចង់ផលិត ច្នៃច្រកកំប៉ុង និងនាំចេញខ្លួនឯង ដើម្បីលក់បានថ្លៃជាង និងធានាតម្លៃបន្ថែមនៅក្នុងប្រទេសឲ្យទៅកសិករអ្នកដាំ។ឆ្នាំនេះ ម្រេចដូចជាឡើង(ថ្លៃ)វិញហើយ។ នរណាថៅកែម្រេច? មាននៅទីនេះទេ? ឯកឧត្តម ហួត ហាក់ មកទេ? អូ! ដូរពីដាំម្រេចទៅដាំដូងបាត់ហើយ។ ឯកឧត្តម ហួត ហាក់ ដាំម្រេចនៅកំពត។ នៅកំពតហ្នឹងមានតំបន់មួយ(ដាំម្រេចល្អ)។ ខ្ញុំចាំតែមើលទេ។ ភ្ញៀវមកពីក្រៅម្តងៗ គាត់ផ្តល់ម្រេចជាកាដូ។ បើថ្ងៃណាកញ្ចប់ហ្នឹងធំ ដឹងតែម្រេចមិនសូវបានថ្លៃទេ។ តែបើកញ្ចប់ហ្នឹងតូច ដឹងតែម្រេចហ្នឹងត្រូវប៉ាន់ ព្រោះគាត់ទុកលក់ច្រើន(ជាងជូនជាកាដូ) … ហ្នឹងដូចកៅស៊ូ ឧកញ៉ា ហេង ឡុង។ ជួបគាត់ ឲ្យតែមុខរីក ដឹងថាកៅស៊ូឡើងថ្លៃ មិនបាច់សួរទេ។ តែមុខគាត់ជូរ កៅស៊ូរាងធ្លាក់។ បើយើង(បន្តដាំដុះនិង)រុញ(នាំចេញជា)វត្ថុធាតុដើមនោះ តម្លៃឡើងចុះច្រើន។ តែបើច្នៃជាផលិតផលសម្រេចហើយគឺអាចធានា(តម្លៃហ្នឹងហ្ន៎ជាង)។
(១២) រៀបចំផ្លូវ ភស្ដុភារកម្ម លើកទឹកចិត្តពន្ធ ដើម្បីទាញការវិនិយោគនៅតំបន់ទិសឦសានឲ្យជាប់លាប់
ដើម្បីបានជារោងចក្រកែច្នៃ ឲ្យគេយក(ទុន)មកដាក់ (គឺទាល់តែយើងដោះស្រាយ)រឿងផ្លូវ ភស្ដុភារកម្ម ការលើកទឹកចិត្តពន្ធផ្សេងៗ។ រាជរដ្ឋាភិបាល(ដោះស្រាយកិច្ចការទាំង)នេះ គឺដើម្បីជំរុញការអភិវឌ្ឍនៅខាងតំបន់ទិសឦសានឲ្យបានជាប់លាប់។ បន្តិចទៀត (នឹងមាន)ផែពហុបំណងនៅកន្លែងនេះ។ យើងមានទន្លេមេគង្គនៅខេត្តក្រចេះ ដែលអាចថា ផ្ទុកកសិផលតាមកាណូត តាមសាឡង់ នាំទៅដល់កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ តាមព្រែកជីកហ្វូណន។ លែងត្រូវការដឹកតាមផ្លូវ(គោកដែល)ប្រើពេលយូរនិងមានតម្លៃខ្ពស់។ ការដឹកតាមផ្លូវ(គោក) កុងតៃន័រមួយៗ មិនអាចដឹកច្រើនដូចដឹកសាឡង់ទេ។ ជួនកាល ដើម្បីដឹក ៥,០០០តោន ឬ ១០,០០០តោន ត្រូវការឡានច្រើនគ្រឿង។ អញ្ចឹង ការតភ្ជាប់កាត់បន្ថយ(ពេលវេលានិងថ្លៃដឹក)។ យើងតភ្ជាប់ជាមួយប្រទេសជិតខាង និងការឆ្លងកាត់ប្រទេសជិតខាង ដូចក្រសួងកសិកម្មចុះហត្ថលេខា MOU ជាមួយខាងប្រទេសឡាវ ដើម្បីយើងដឹកកសិផលពីកម្ពុជាឡើងទៅទីផ្សារចិន តាមផ្លូវគោកឆ្លងកាត់(ឡាវ)ដោយមិនបាច់បង់ពន្ធ។ អញ្ចឹង ថ្ងៃក្រោយ ខេត្តទិសឦសាន នឹងរុញ(ទំនិញកសិផល)ទៅ(ភាគខាង)លើតែម្តង។ ពីលើក៏មកហ្នឹង(វិញ រួមទាំងការ)ឆ្លងកាត់នៃទេសចរណ៍។ យើង(នឹង)ធ្វើស្ពានតភ្ជាប់ពីខេត្តព្រះវិហារនៅទន្លេល្ពៅទៅជាមួយឡាវ ដើម្បីព្យាយាមតភ្ជាប់ទេសចរណ៍បន្ថែមទៀតយកមក។
(១៣) ហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពក្នុងការកសាងប្រព័ន្ធភស្តុភារកម្ម
ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាអាទិភាពធំក្នុងការកសាងប្រព័ន្ធភស្តុភារកម្ម ការកាត់បន្ថយតម្លៃដឹកជញ្ជូន សុទ្ធតែជាគោលដៅសំខាន់ដែលរាជរដ្ឋាភិបាលបានដាក់(ក្នុងយុទ្ធសាស្ត្របញ្ចកោណ)មានមនុស្ស ផ្លូវ ទឹក ភ្លើង និងឥឡូវមានប្រព័ន្ធបច្ចេកវិទ្យាថែមទៀត។ ថ្ងៃមុន ខ្ញុំបានជួបអ្នកវិភាគសេដ្ឋកិច្ចមួយ។ ខ្ញុំអត់ចេញឈ្មោះទេ។ គាត់វិភាគច្រើនតាមហ្វេសប៊ុកតាមអីហ្នឹង។ គាត់ថា “រដ្ឋាភិបាលត្រូវគិតគូរអំពីការកសាងមូលដ្ឋានឲ្យមានចីរភាពឲ្យមានភាពធន់។ សេដ្ឋកិច្ចយើងអត់មានភាពធន់”។ ខ្ញុំថា សូមសួរមើល ដើម្បីឲ្យមានភាពធន់ត្រូវធ្វើស្អីខ្លះ? គាត់រាងអាក់ដែរ។ សេដ្ឋកិច្ចចំជំនាញខ្ញុំៗ សួរ។ គាត់មាន PhD។ ខ្ញុំចេះបន្តិចបន្តួច ខ្ញុំសួរគាត់ដូចកូនសិស្សសួរចឹង។ ឥឡូវ និយាយភាពធន់ត្រូវនិយាយពីស្អី? បើនិយាយពីថាហ្នឹងលឿនអញ្ចេះ នេះកើនអញ្ចេះ នោះកើនអញ្ចុះ គេហៅវាថា “កំណើន” វាមិនមែន “មូលដ្ឋានភាពធន់” ទេ។
(១៤) មធ្យោបាយផលិតកម្ម(ដី ពលកម្ម ទុន បច្ចេកវិទ្យា) ស្ថាប័ន ការកែទំរង់រដ្ឋបាល ជាកត្តាបង្កើន/ពង្រឹងភាពធន់
ខ្ញុំប្រាប់ថា រដ្ឋាភិបាល(បានតាក់តែងនិងដាក់ចេញជា)គោលនយោបាយ (និងបានអនុវត្ត)ច្រើនអាណត្តិមកហើយ(ដើម្បីបង្កើតនិងពង្រឹងភាពធន់)។ តើភាពធន់មានស្អីខ្លះ? ទី១ ការផលិតហ្នឹងជាស្អី? មានដី មនុស្ស ធនធាន ហិរញ្ញវត្ថុ មានអីអញ្ចឹងទៅ។ ហ្នឹងបើនិយាយសេដ្ឋកិច្ចគឺ Land, Labor, Capital និង Technology/ បច្ចេកវិទ្យា។ ហ្នឹងសុទ្ធតែគោលនយោបាយរាជរដ្ឋាភិបាល ដែលបានពង្រឹងក្នុង ៤-៥ អាណត្តិរួចទៅហើយ។ ស្អីទៅភាពធន់មួយទៀត? គឺស្ថាប័ន/Institution។ វាទាក់ទងទាំងគោលនយោបាយ គោលការណ៍ ច្បាប់អីហ្នឹង។ យើងធ្វើកំណែទម្រង់រាប់អាណត្តិមកហើយ។ ឡើងវិភាគសុទ្ធតែរដ្ឋាភិបាលអត់មានគោលនយោបាយត្រឹមត្រូវ ធ្វើការងារអភិវឌ្ឍអត់មានភាពធន់។ ខ្ញុំសួរ ស្អីទៅភាពធន់? (ភាពធន់)វាត្រូវការមនុស្ស។ ទោះបីសេដ្ឋកិច្ចឡើងចុះ មនុស្សត្រូវមានជំនាញដែលអាចទប់បាន។ ត្រូវការផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ។ ដីដែលមានស្រាប់ គោលនយោបាយដីធ្លីត្រឹមត្រូវ ដែលយើងខិតខំប្រឹងប្រែងចេញប័ណ្ណដីប័ណ្ណអីឲ្យនេះ គឺដើម្បីកុំឲ្យមានទំនាស់ ហើយបែងចែកឲ្យដាច់រវាងកន្លែងសំរាប់អភិវឌ្ឍនិងកន្លែងដែលទុក។ ការកែទម្រង់រដ្ឋបាល ការធ្វើវិមជ្ឈការ សុទ្ធតែពង្រឹងភាពធន់ហើយ។ វាជាអ្វីដែលរដ្ឋាភិបាល(ទាំងមូលបាន)ដាក់។
រដ្ឋាភិបាលមិនមែនខ្ញុំតែម្នាក់ឯង មិនមែន សម្តេចតេជោ តែម្នាក់ឯងទេ។ មានមន្ត្រី អ្នកជំនាញ មានទាំងកម្រិត PhDs មានទាំងអ្នកលើស PhDs មានទាំងអ្នកដែលប្រតិបត្តិផ្ទាល់ មានទាំងអ្នកចុះផ្ទាល់លើដី មកធ្វើសំយោគជាគោលនយោបាយ។ យើងទទួលយកការលើកគំនិតនិងពិភាក្សា តែត្រូវជជែកគ្នានិងពន្យល់ឲ្យច្បាស់ថា តើគោលនយោបាយរដ្ឋាភិបាលដែលបានដាក់កន្លងមកនោះ ស្អីទៅជា(យុទ្ធសាស្ត្រ)ត្រីកោណ? ស្អីទៅ(ជាយុទ្ធសាស្ត្រ)ស្អីទៅចតុកោណ? ស្អីទៅជា(យុទ្ធសាស្ត្រ)បញ្ចកោណ?។ តើដាក់បានប្រយោជន៍ស្អី? ដើម្បីតែពិរោះស្តាប់ឬអី? ឬគ្រាន់តែថា អ្នកសរសេរហ្នឹង ឥឡូវអស់ពីចតុកោណចូលបញ្ចកោណ ដាក់ឲ្យលើសមួយទៅ? … មិនមែនដូចជិតបោះឆ្នោត គណបក្សខ្លះចេញគោលនយោបាយ(ឧបត្ថម្ភ) ២លានឬ ៣លាន ដាក់សិនទៅ ទាក់ម៉ូយទាក់សន្លឹកឆ្នោត។ មិនដូច្នោះទេ។ យើងគិតគូរពីកំណើនសេដ្ឋកិច្ច ពីភាពធន់។ តើបើតម្លើង វាធ្វើឲ្យរដ្ឋចំណាយថវិកាលើអីផ្សេងយ៉ាងម៉េច? ដំឡើងល្បឿនណា? ដោះស្រាយអីខ្លះ? ជាគោលនយោបាយដែលយើងដាក់ជាជំហានៗ។
(១៥) “ភាពធន់គឺពេលដែលទឹកជំនន់ស្រកទៅ យើងអាចម្ចាស់ការធានាឡើងវិញបាន”
នេះដែលយើងកំណត់ថា ផ្លូវគឺជាអាទិភាពទី២ បន្ទាប់ពីមនុស្ស។ គោលនយោបាយដែលធានាភាពធន់។ ភាពធន់មិនមែនបានន័យថា ទឹកជំនន់មកបោកមិនដាច់នោះទេ។ ហ្នឹងភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធ។ ភាពធន់បានន័យថា ទោះបីជាទឹកជំនន់ វាបង្កការលំបាកក្នុងការដាំដុះខូចដំណាំខ្លះ ប៉ុន្តែពេលដែលទឹកស្រកវិញ យើងអាចម្ចាស់ការធានាឡើងវិញបាន។ មូលដ្ឋានវានៅត្រង់ហ្នឹង។ កម្មសិទ្ធិដីធ្លីរបស់ប្រជាជននៅហ្នឹង។ មានផ្លូវ ក្រសួងកសិកម្មជួយស្តារកសិផលឡើងវិញ។ ហ្នឹងហើយភាពធន់។ កុំឲ្យវាយដាច់មករលំទាំងអស់បាត់ម្ចាស់ការ។ យើងទទួលស្គាល់ថា ឥឡូវទឹកជំនន់ឡើងខ្លាំង។ ឆ្នាំនេះទឹកទន្លេមេគង្គឡើងខ្ពស់។ ខេត្តដែលមកចូលរួមនេះ ទាំងអស់ហ្នឹង អត់តែភ្នំពេញទេ។ យើងមាន ៧ខេត្តនិងរាជធានីដែលជាប់ទន្លេមេគង្គ។ (អភិបាលខេត្តស្ទឹងត្រែង) ពុត្រា ថាប៉ុន្មានឆ្នាំហើយដែលទឹកឡើងមិនដល់កម្រិតហានិភ័យ។ ១០ឆ្នាំហើយ។ ឥឡូវឆ្នាំនេះឡើងដល់កម្រិតប្រកាសអាសន្ន។ ចុះឧទ្ធម្ភាគចក្រអម្បាញ់មិញ នៅខាងនោះលិចច្រើន។ អញ្ចឹង សូមពិនិត្យមើលត្រៀមអន្តរាគមន៍។ ជួនកាលទឹកធំឡើងបន្តិចមិនអីទេ ប៉ុន្តែបើយូរ ត្រូវផ្តល់អាទិភាពដល់ជីវិតរបស់ប្រជាជន។ សុវត្ថិភាពប្រជាជនសំខាន់។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់កន្លែងត្រៀមលក្ខណៈជួយ។
យើងមិនមានសមត្ថភាពទប់គ្រោះធម្មជាតិ ១០០ភាគរយទេ។ គ្មានប្រទេសណាអាចទប់បានទេ។ នៅអឺរ៉ុប ឆេះព្រៃ សឹងតែមិនទាន់ឈប់ផង … បាតុភាពខ្លះមិនអាចទប់បាន។ ប្រទេសជិតខាងយើង ព្យុះ រញ្ជួយដី មិនមានស្អីទៅទប់វាទេ។ ប៉ុន្តែ ជាភាពធន់ បានន័យថា កសាងប្រព័ន្ធការងារមួយដែលអាចជួយសង្គ្រោះ។ ឥឡូវប្រជាពលរដ្ឋរងទឹកលិចភ្លាម យើងចេញទូកភ្លាមយកមកទួលសុវត្ថិភាព មានពេទ្យភ្លាម … លោកស្រី Tania Meyer អម្បាញ់មិញលើកអំពីរឿងហ្នឹង។ បានន័យថា យើងរុញមណ្ឌលសុខភាពទៅដល់។ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ជាអាទិភាពរបស់ធនាគារពិភពលោក ក៏ជារបស់យើង។ អញ្ចឹងយើងអាចធានាបានការតភ្ជាប់និងការធានាដោះស្រាយបញ្ហាដែលបង្កើតដោយគ្រោះមហន្តរាយ។ សង្គ្រាមផ្ទុះនៅព្រំដែន យើងចេញពីកន្លែងនោះមែន តែយើងជម្លៀសទៅកន្លែងសុវត្ថិភាព តែការអប់រំនៅបន្ត។ គ្រាប់នៅធ្លាក់នៅនោះ តែយើងនៅរៀន ៥០គីឡូនៅខាងណេះ។ ពេលចប់ យើងនឹងព្យាយាមដោះស្រាយបន្ថែមទៀត។
(១៦) រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបន្តរក្សានិរន្តរភាពគោលនយោបាយ
នេះជាការកសាងអភិវឌ្ឍលើអាទិភាពមនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា សុទ្ធតែជាមូលដ្ឋាន ដែលរាជរដ្ឋាភិបាលដាក់ចេញ។ មិនមែនដាក់ចេញដោយអត់មានហេតុផលទេ។ ពេលជាមួយគ្នា យើងរុញការកែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់ប្រព័ន្ធតុលាការ កែទម្រង់ហិរញ្ញវត្ថុសាធារណៈ រាប់អាណត្តិមកហើយ គឺធានានូវភាពធន់របស់កម្ពុជានេះឯង។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានៅបន្តអនុវត្តអ្វីទាំងនេះជាអាទិភាព។ នៅក្នុងអាណត្តិក្រោយៗ ពេលប្រជាពលរដ្ឋគាំទ្រទៅដល់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និរន្តរភាពនិងចីរភាពនៃគោលនយោបាយនេះ នឹងនៅបន្ត ព្រោះជាគោលនយោបាយដែលតម្កល់ប្រជាពលរដ្ឋនិងប្រទេសជាតិជាធំ។ និរន្តរភាពនៃគោលនយោបាយសំខាន់។ អត់និរន្តរភាពគោលនយោបាយគឺមានបញ្ហា។ បញ្ហាត្រង់ថា បើសិនជារដ្ឋបាលមួយ(ប្រឹងប្រែង)ដោះស្រាយបញ្ហាដោយដាក់ចេញជាគោលនយោបាយ ឧ. សូម្បីប្រទេសមហាអំណាចថាអាមេរិកទៅចុះ ពេលដែលប្រធានាធិបតីខំប្រឹងតស៊ូមួយអាណត្តិ ចរចាជាមួយសភាដាក់ចេញគោលនយោបាយសុខភាពឲ្យប្រជាពលរដ្ឋអាមេរិក ស្រាប់តែជិត(នឹងបានសំរេច)ហើយ គាត់ដល់ពេលចប់អាណត្តិ។ អ្នកផ្សេងឡើងមក តាំងពីថ្ងៃដំបូង ស៊ីញ៉េលុប(ការខំប្រឹងប្រែង)ហ្នឹងចោល។ (ដូច្នេះ)ត្រូវចរចាថ្មីឡើងវិញទាំងអស់។ អ្នកដែលអត់មាន Insurance ហ្នឹងនៅតែអត់ដដែល។
(១៧) “គ្មានការកាត់បន្ថយចំនួនក្រសួងនៅដំណាក់កាលនេះ” តែកែទម្រង់តាមអភិក្រម“ពង្រឹងមិនពង្រីក”
ការធានានិរន្តរភាពនេះសំខាន់ណាស់។ យើងមាន(យុទ្ធសាស្ត្រ)ត្រីកោណ (យុទ្ធសាស្ត្រ)ចតុកោណ (យុទ្ធសាស្ត្រ)បញ្ចកោណ (សំរាប់)ដំណាក់កាលនីមួយៗ (ជា)ការគិតគូរច្បាស់លាស់ ព្រោះមិនអាចធ្វើអ្វីបានក្នុងតែមួយថ្ងៃទេ។ ចំពោះការកសាងអភិវឌ្ឍដូចគ្នា យើងត្រូវធានានិរន្តរភាពនៃដំណើរការរដ្ឋបាល ដំណើរការនៃហេដ្ឋារចនាសម្ព័ន្ធទាំងរឹង ទន់ ទាំងប្រព័ន្ធការងារ។ ខ្ញុំសូមលើកបន្តិចចុះពាក់ព័ន្ធការកំណែទម្រង់រដ្ឋ។ ថ្ងៃមុនខ្ញុំទៅចែកប័ណ្ណដីធ្លីនៅខេត្តកណ្តាល។ កំពង់ចាម(បានទៅ)ម្តង។ ហ្នឹងយើងវាស់ដំបូង។ ដល់នៅខេត្តកណ្តាលគឺចែកប័ណ្ណ។ កាលមុននឹងខ្ញុំទៅហ្នឹង មាននិយាយតាម Facebook តាមអីថា “អូ! បន្តិចទៀតរដ្ឋលុបក្រសួងប៉ុណ្ណេះទុកក្រសួងប៉ុណ្ណេះ។ រដ្ឋមន្ត្រីត្រូវរុញទៅជាទេសរដ្ឋមន្ត្រី”។ ច្របូកច្របល់ពេញហ្នឹង។ អ្នកខ្លះថា បន្តិចទៀតកាត់ផ្នែកសិប្បកម្ម ឬមួយឧស្សាហកម្ម នៅក្រសួងរបស់ឯកឧត្តម ហែម វណ្ណឌី ទៅដាក់នៅក្រោមលោកជំទាវ ចម និម្មល។ ខ្ញុំថាសំខាន់ ទីមួយ ត្រូវមាននិរន្តរភាពអារម្មណ៍ ធ្វើការឲ្យច្បាស់ … ខ្ញុំត្រូវចេញមកបំភ្លឺឲ្យច្បាស់ថា “គ្មានការកែទំរង់ឬកាត់បន្ថយចំនួនក្រសួងទេ នៅដំណាក់កាលនេះ”។ ការកែទម្រង់របស់យើងគឺផ្អែកទៅលើអភិក្រម “ពង្រឹងមិនពង្រីក”។ យើងនឹងធ្វើទៅលើអ្វី។ បន្តិចទៀតខ្ញុំនិយាយ។ អញ្ចឹង បើខ្ញុំមិនចេញបំភ្លឺ (មានអ្នកដែល)នៅតែវិលវល់នៅហ្នឹង មិនចប់ទេ … បើខ្ញុំមិននិយាយ គេថាជាការពិត។ ជាទម្លាប់របស់យើង និយាយលើមេក្រូមិនងាយស្ដាប់ទេ តែបើខ្សឹប ហើយថាកុំប្រាប់គេដាច់កខ្ញុំ ហ្នឹងកាន់តែជឿទៀត។ រឿងកំណែទម្រង់រដ្ឋមិនស្រួលទេ។ ត្រូវគិតគ្រប់ជ្រុងជ្រោយ។
(១៨) ការបង្រួមចំនួនក្រសួងមានគោលដៅបន្ថយការជាន់ភារកិច្ច និងកាត់បន្ថយនីតិវិធី
មានបងប្អូនអ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ រួមទាំងអ្នកនយោបាយមួយចំនួនថា អស់សង្ឃឹមហើយ ជីវិតត្រូវចប់ហើយព្រោះរដ្ឋអត់កាត់ក្រសួង។ សំខាន់បំផុត គេឃើញមានកំណែទម្រង់ថ្មីៗ នៅវៀតណាម ដែលកាត់ពី១៨ មកនៅ ១៤ក្រសួង គេកាត់ពី ៦៣ខេត្ត មក ៣៨ខេត្ត។ គាត់ខុសពីយើង។ យើងវិមជ្ឈការ យើងពង្រីកការរុញសេវាឲ្យដល់(មូលដ្ឋាន)។ គាត់ធ្វើមជ្ឈការ ៦៣ខេត្ត។ បង្រួមខេត្តមួយចំនួន ដាក់ក្រោមខេត្តមួយ។ វាមានប្រយោជន៍របស់វា។ មិនមែនអត់ប្រយោជន៍ទេ។ ទី១ ការកាត់បន្ថយការជាន់ភារកិច្ចរវាងក្រសួងនិងក្រសួង កុំឲ្យជាន់ការងារគ្នា។ ទី២ បញ្ចូលក្រសួងដែលមានវិស័យប្រហាក់ប្រហែលគ្នា ឲ្យមកនៅក្រោមកញ្ចប់គ្រប់គ្រងតែមួយ កាត់បន្ថយពេលវេលាឆ្លង(មតិយោបល់) កាត់បន្ថយនីតិវិធី គេហៅការិយាធិបតេយ្យ … ដោះស្រាយបញ្ហាលឿនជាងមុន ដោយសារមិនបាច់ឆ្លងបីក្រសួង ឆ្លងតែមួយ។ សំខាន់មួយទៀត កាត់បន្ថយការចំណាយថវិកាលើប្រព័ន្ធរដ្ឋបាល កុំឲ្យមានក្បាលម៉ាស៊ីនក្រសួងច្រើន ដាក់ផ្គុំគ្នានូវបណ្តានាយកដ្ឋាន ហើយអាចកាត់បន្ថយចំនួនមន្ត្រី។ នេះជាមូលដ្ឋាននៃការជជែកវែកញែក។
(១៩) ការបង្រួមចំនួនក្រសួងមិនមែនជាជម្រើសតែមួយទេ តែត្រូវគិតអំពីប្រសិទ្ធភាពនិងប្រសិទ្ធផល
អញ្ចឹង គេយករូបភាពថាមើលវៀតណាមធ្វើ។ បើចិនក៏អញ្ចឹងដែរ។ គេធ្វើដែរ។ ឥឡូវ ចិនបង្រួមពីជាង ១០០ ក្រសួង មកក្រោម៣០។ ប្រទេសគេប៉ុណ្ណាណី ម៉េចក៏គេពង្រឹង។ យើងតូចតែមួយ។ បើយើងគិតថាគ្រាន់តែឲ្យតួលេខវាថយហ្នឹងចេះតែធ្វើទៅ។ ប៉ុន្តែ បើនិយាយថាត្រូវធ្វើម៉េចធានាប្រសិទ្ធភាព ប្រសិទ្ធផលនៃការងារ គឺត្រូវគិតគូរមែនទែន។ តើរដ្ឋាភិបាលប្រកាន់យកអភិក្រមអ្វីនៅក្នុងការកែទម្រង់? ឥឡូវយើងស្ដាប់ថាបទពិសោធន៍ចិន និងបទពិសោធន៍វៀតណាម។ វៀតណាមត្រូវការពេលវេលាជាង ១០ឆ្នាំ។ គាត់ចាប់ផ្តើមពីឆ្នាំ២០១៧ ដល់២០២៤, ២០២៥ បានរុញខ្លាំង។ គាត់សាកល្បងជាជំហានៗ។ ចិនតាំងពីឆ្នាំ១៩៨២ មក ៤៤ឆ្នាំ បានបង្រួមបានប៉ុណ្ណឹង។ អត់កាត់ភ្លាមទេ។ គេថា “ទេ ត្រូវតែកាត់។ អាណត្តិក្រោយកាត់ឲ្យខ្ទេចទៅ”។ សួរថា តើការកាត់បង្រួមក្រសួងជាជម្រើសតែមួយទេឬ នៅលើពិភពលោក? វាមិនដូច្នោះទេ។ គេមិននិយាយតែរឿងតួលេខទេ។ គេនិយាយអំពីប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការងាររបស់រដ្ឋាភិបាល ភារកិច្ចបម្រើប្រជាពលរដ្ឋ … យើងកាត់បន្ថយចំណាយមួយចំនួន តើអាចគ្រប់គ្រាន់ទេ? ការកាត់ក្រសួងមួយចំនួនវាអត់គ្រប់ទេ។ ត្រូវមានលក្ខខណ្ឌមួយចំនួនទៀត។
(២០) ប្រទេសខ្លះប្រែពីមជ្ឈការទៅវិមជ្ឈការ ពីបង្រួមទៅពង្រីក និងខ្លះផ្ទុយមកវិញ តែសំខាន់គឺដើម្បីប្រសិទ្ធភាពនិងយោងតម្រូវការជាក់ស្តែង
ឥឡូវ យើងមើល មានប្រទេសណាដែលរក្សាដដែល? (មាន)ច្រើន។ ចុះមានប្រទេសពង្រីកទេ? ពង្រីកក៏មានដែរ។ ខ្ញុំសូមលើកពីឥណ្ឌូណេស៊ី។ ឆ្នាំ២០២៤ ឥណ្ឌូណេស៊ី ពង្រីកពី៣៤ ទៅ៤៨ ក្រសួង។ ពេលដែលវៀតណាមបង្រួម១៨ ឥណ្ឌូណេស៊ីពង្រីកពី៣៤ ទៅ៤៨ ក្រសួង ហើយទើប២ ឆ្នាំមុនទេ។ អាហ្វ្រិកខាងត្បូង បង្កើនពី៣០ ទៅ៣២ ក្រសួង។ ប្រទេសឥណ្ឌា ដើរខុសពីចិន។ ចិនពី១០០ មកត្រឹមក្រោម៣០ ឯប្រទេសឥណ្ឌា ពីឯករាជ្យឆ្នាំ១៩៤៧ មាន១៨ ក្រសួង ឥឡូវឡើងសហព័ន្ធ ៥៨ក្រសួង បូក ៩៣នាយកដ្ឋាន នៅក្រោមរដ្ឋបាលកណ្តាល។ អញ្ចឹងបូកជាង១០០។ ខុសគ្នា។ សួរថា ម៉ូដែលឥណ្ឌា ម៉ូដែលឥណ្ឌូណេស៊ី ចាញ់ម៉ូដែលវៀតណាម ឬមួយណាល្អជាង? វាមិនមែនរឿងចំនួនទេ។ វាជារឿងប្រសិទ្ធភាព។ ខ្ញុំសូមលើកបន្តិច ហើយចាំខ្ញុំប្រាប់ថា ម៉ូដែលកម្ពុជាយើងធ្វើស្អី? ឥឡូវការបង្រួមក្រសួង ខ្ញុំនិយាយអំពីផលចំណេញ តែក៏មានបញ្ហាប្រឈមដែរ។ ហេតុអ្វីបានប្រទេសខ្លះ ចាប់ផ្តើមបង្រួម ជាជាងពង្រីក។ ដោយសារឃើញថាមានបញ្ហា ។ ហេតុអ្វីបានប្រទេសខ្លះទៅមជ្ឈការ អ្នកខ្លះទៅវិមជ្ឈការ? ចិនគាត់បង្រួមក្រសួង ប៉ុន្តែគាត់មជ្ឈការអំណាច។ គាត់បង្រួមក្បាលក្រសួងជាង១០០ មែន ប៉ុន្តែអំណាចមករដ្ឋបាលកណ្តាលច្រើន។ វៀតណាមទម្លាក់ទៅក្រោមច្រើន។ វាខុសគ្នា។ ម៉ូដែលខុសៗគ្នា ដើម្បីធានាគណនេយ្យភាព ធានាប្រសិទ្ធភាពនៃការដាក់ចេញគោលនយោបាយប្រទេសធំដូចគ្នា។ យើងថាមកពីចិនធំ ១០០០លាន(នាក់) ចុះឥណ្ឌា ១០០០លាន(នាក់)ដូចគ្នាតើ ហេតុអ្វីមួយពី ១០០ ទៅ ២០ជាង មួយដូរពី១៨ ទៅជាង ១០០? គឺវាអាស្រ័យទៅលើប្រសិទ្ធភាពនិងតម្រូវការជាក់ស្ដែង។
(២១) ការបង្រួមចំនួនក្រសួង មានការប្រឈមយ៉ាងហោចបួនចំពោះមុខ
អម្បាញ់មិញ យើងនិយាយពីផលចំណេញ។ បញ្ហាដែលអាចប្រឈមពីការបង្រួមក្រសួង(ចូលគ្នា)។ ការបង្រួមក្រសួង(ចូលគ្នា) ឧ. ៣ក្រសួងចុះ … ថា ក្រសួងធនធានទឹក កសិកម្ម និងអភិវឌ្ឍន៍ជនបទ បង្រួម៣ ចូលគ្នា។ អញ្ចឹង យើងកាត់បន្ថយរចនាសម្ព័ន្ធ។ ប៉ុន្តែមិនធានាថាកាត់បន្ថយចំនួនមនុស្សទេ ព្រោះត្រូវការមួយហ្នឹង ចាប់ផ្តើមដើររៃគ្រប់វិស័យ មិនអាចឲ្យចន្លោះប្រហោងទេ។ អញ្ចឹង នឹងបង្កើតហៅថា Mega Ministry បានន័យថាយើងបង្រួមមកនៅក្រោមឆ័ត្រតែមួយ។ ហ្នឹងប្រៀបដូចជាក្រុមហ៊ុនធំ និង SME អញ្ចឹង។ ជាក្រុមហ៊ុនធំ ស្អីៗ មាននៅក្នុងហ្នឹងទាំងអស់។ វាស្រួល។ គ្រប់គ្រងតែមួយ ប៉ុន្តែវាដើរយឺតខ្លះ។ SME មួយមុខៗ តែវាធ្វើជំនាញ។ បញ្ហាហ្នឹងប្រឈមទៅលើអ្វី? បើសិនក្រសួងហ្នឹងរីកមកធំ៖
ទី១ សមត្ថភាពរដ្ឋមន្ត្រី។ បើរដ្ឋមន្ត្រីហ្នឹងខ្លាំងគ្រប់វិស័យ កាន់បាន។ តែបើអត់ទេ (លំបាកត្បិត)រដ្ឋមន្ត្រី៣ ផ្ដោតទៅលើវិស័យជំនាញមួយៗ។ ឥឡូវ យើងមើលតែក្នុងក្រសួងនីមួយៗ នាយកដ្ឋានខុសគ្នា ក៏យើងបែងចែកអាទិភាពអត់ត្រូវគ្នាផង។ នាយកដ្ឋានខ្លះប្រកួតប្រជែងគ្នា។ បើរដ្ឋមន្ត្រីគាត់ផ្ដោតលើនាយកដ្ឋាននេះ តែថវិកាច្រើនទៅនោះ។ ចុះបើរដ្ឋមន្ត្រី ៣ក្រសួងមក គាត់ចាប់អារម្មណ៍ទៅលើកសិកម្ម ទៅលើប្រឡាយច្រើនជាង មិនសូវចាប់អារម្មណ៍រឿងផ្លូវ/ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវអភិវឌ្ឍន៍ជនបទ … អញ្ចឹង វាអត់តុល្យភាព។ ហ្នឹងត្រូវមានបញ្ហាប្រកួតប្រជែងធនធាន។
ទី២៖ ពេលដែលបង្រួម វាកកស្ទះហើយ។ យើងអត់និយាយពីចំនួនមន្ត្រីដែលត្រូវកាត់ទេ។ មន្ត្រីមួយចំនួន កន្លែងខ្លះត្រូវកើន។ ធនធានថវិកាក៏ដូចគ្នា។ ក្រសួង ៣ហ្នឹង ប្រឹងប្រកួតប្រជែងក្នុងវិស័យតែមួយ។ តែរដ្ឋមន្ត្រីបើចាប់អារម្មណ៍រឿងអ្វី ដាក់ទៅរឿងហ្នឹងច្រើនជាងគេ នាយកដ្ឋានផ្សេងទៀត វិស័យផ្សេងទៀត មិនសូវបាន។ ហ្នឹងជាកត្តាមួយទេ ប៉ុន្តែយើងអាចធ្វើការឲ្យមានប្រសិទ្ធភាពបាន។ នេះខ្ញុំនិយាយពីបញ្ហាប្រឈមមួយចំនួន ហេតុអ្វីបានប្រទេសខ្លះគេពង្រីក។
ចំណុចទី៣៖ គឺសមត្ថភាពមន្ត្រី។ បើយើងរុញ ៣ ក្រសួង ដែលមន្ត្រីធ្លាប់តែជំនាញបុកតែមួយមុខព្រួញៗ នោះ ធ្វើពីថ្នាក់ជាតិដល់ក្រោមជាតិ ឥឡូវដាក់គាត់ច្របូក(ចូលគ្នា)ក្នុង(តែ)មួយ(ក្រសួង) បែងចែកយ៉ាងម៉េច អ្នកណាធ្វើអ្វី អ្នកណាអាទិភាពធំជាង ហើយធ្វើយ៉ាងម៉េច? វាត្រូវការពេលវេលាមួយចំនួន។ ក្នុងរយៈពេលខ្លី មិនអីទេ។ ប៉ុន្តែ រយៈពេលវែង តើមួយណាល្អជាង?
ទី៤៖ តម្រូវការ។ ហេតុអ្វីបានជាប្រទេសមួយចំនួនត្រូវការពង្រីកក្រសួង? ដូចនៅអាហ្វ្រិកខាងត្បូង គាត់បង្កើនពី៣០ ទៅ៣២ ក្រសួង។ គឺដោយសារអាទិភាពនៃការងារ។ ដំបូងគាត់មានក្រសួងកសិកម្មនិងក្រសួងកែទម្រង់ដីធ្លីនៅជាមួយគ្នា។ គាត់ថាពីរហ្នឹង គោលនយោបាយដីធ្លីត្រូវតែទៅជាមួយកសិកម្ម។
ដល់ឥឡូវនេះ រឿងកែទម្រង់ដីធ្លីនិងអភិវឌ្ឍន៍ជនបទក្លាយទៅជារឿងសំខាន់។ ដើម្បីកាត់បន្ថយគម្លាតរវាងអ្នកជនបទនិងអ្នកក្រុង គាត់បំបែកក្រសួងនោះឱ្យទៅជាក្រសួងកសិកម្មមួយដាច់ដោយឡែក ធ្វើតែរឿងដាំដុះជាមួយពាណិជ្ជកម្មទៅ។ ឯរឿងកែទម្រង់ដីធ្លីជាមួយនិងអភិវឌ្ឍន៍ជនបទ គាត់បំបែកចេញជាក្រសួងមួយទៀត ដើម្បីឲ្យរដ្ឋមន្ត្រីមួយមានទម្ងន់ផ្ដោតទៅលើ និងដាក់ថវិកាទៅធ្វើកិច្ចការហ្នឹង។ អញ្ចឹង ជាអាទិភាព។ កាលមុន ការកែទម្រង់ដីធ្លីវាជាអាទិភាពជាមួយកសិកម្ម។ តែដល់ដំណាក់កាលមួយ កសិកម្មក៏រស់ តែអភិវឌ្ឍន៍ជនបទ ត្រូវតែដាច់(ជាកិច្ចការដាច់)ដោយឡែកមួយ។ គេធ្វើកិច្ចការហ្នឹង។
(២២) ដែលចំនួនក្រសួងតិចជាងមុន មិនមែនបានន័យថា មិនមានមន្ត្រីច្រើនទេ
កាលមុន គាត់មានក្រសួងអប់រំកម្រិតខ្ពស់ Higher Education នៅជាមួយគ្នានឹងក្រសួងបច្ចេកវិទ្យា។ ឥឡូវគាត់បំបែកពីឆ្នាំ២០២៤។ នេះមិនមែនពីមុនទេ គាត់បំបែកទៅជាក្រសួងអប់រំកម្រិតខ្ពស់មួយទៀត។ គាត់បង្កើតក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។ ដោយសារឥឡូវ IT/AI នេះត្រូវមានអាទិភាព ហើយត្រូវផ្ដោត(ការយកចិត្តទុកដាក់) អញ្ចឹងត្រូវបង្កើត ដាក់រដ្ឋមន្ត្រីដែលជំនាញ ដាក់មន្ត្រីជំនាញ កុំឲ្យហែកច្រើន។ដោយហេតុនេះ ក្រសួងមួយៗ តូចជាងមុនចំនួនច្រើន ប៉ុន្តែមិនមែនបានន័យថាមិនមានមន្ត្រីច្រើនទេ។ ចំនួនក្បាលម៉ាស៊ីនក្រសួងតូចមិនប្រាកដថាចំនួនមន្ត្រីតូចទេ ព្រោះត្រូវពង្រឹងនិងត្រូវធ្វើច្រើនវិស័យ។ (គ្រាន់តែថា)វាបាត់រដ្ឋបាលប្រអប់ជាន់គ្នា។ ឧទាហរណ៍៖ រដ្ឋបាលដូរពី ៣មកតែមួយ ប៉ុន្តែជួនកាល កន្លែងខ្លះ ចំនួនមន្ត្រីវាកើន។ ជាក់ស្ដែង យើងមើលមានប្រទេសច្រើនទៀត ដូចជាស្រីលង្កា ជាដើម។
(២៣) កត្តានយោបាយនិង/ឬបច្ចេកទេស ជាបច្ច័យនាំអោយមានការបង្កើនឬបន្ថយចំនួនក្រសួង
(មូលហេតុ)ដែល(មានការ)ពង្រីកក្រសួងនិងបង្រួមក្រសួង ទី១ គឺកត្តានយោបាយ។ ទិសដៅនយោបាយប្រទេសខ្លះត្រូវបង្រួមដើម្បីបង្ហាញឆន្ទៈនយោបាយ។ ប្រាប់ថាស្រួលកំណែទម្រង់។ ប្រទេសខ្លះពង្រីក ដោយសាររឿងប្រទេសមានបក្សច្រើនស្អីៗ។ ប៉ុន្តែវានៅមានហេតុផលបច្ចេកទេស ដូចខ្ញុំនិយាយអញ្ចឹង។ កាត់បង្រួមខ្លី កាត់បន្ថយការជាន់គ្នា កាត់បន្ថយនីតិវិធី ជួយសន្សំប្រាក់ ជួយសន្សំមន្ត្រី។ ពង្រីកគឺបង្កើននូវភាពជំនាញអាទិភាពសំខាន់មួយចំនួន។ បើដាក់នៅជាមួយគ្នា ៣ក្រសួងហ្នឹង ស្រដៀងគ្នាមែនប៉ុន្តែអាទិភាពមិនសូវ(មាន)។ អញ្ចឹង បើថាកន្លែងណាដែលសំខាន់ ដូច SME និងក្រុមហ៊ុនធំអញ្ចឹង។ កាលមុនក្រុមហ៊ុនដូចអាមេរិកគាត់ធំ ក្រុមហ៊ុន GE ក្រុមហ៊ុនផលិតឡាន ផលិតខ្ចៅខ្យងដោយខ្លួនគាត់ទាំងអស់។ អញ្ចឹងមានមន្ត្រីគ្រប់ជំនាញ។ ដាក់ទុនទៅ វាចែកបន្តិចៗ (ទៅតាមផ្នែក)។ ក្រោយមក គាត់កាត់(ការផលិត)ខ្ចៅខ្យងចេញ។ គាត់ធ្វើកុងត្រាជាមួយក្រុមហ៊ុន SME ដែលផលិតខ្ចៅខ្យង។ SME ផលិតខ្ចៅខ្យងអត់ត្រូវការមនុស្សច្រើនទេ។ គាត់វិនិយោគ លើជំនាញតែមួយហ្នឹង។ ធ្វើតែមួយហ្នឹងឲ្យប្រសើរ។
(២៤) កម្ពុជាមិនសួរថា តើចំនួនក្រសួងច្រើនឬតិចទេ តែថាតើរៀបចំមានប្រសិទ្ធភាពឬនៅ?
ខ្ញុំលើកជូនបងប្អូននេះគឺ ដែលថា “រដ្ឋាភិបាលមិនបាននិយាយអំពីការបង្រួមក្រសួងទេ” សូមកុំជីវិតត្រូវអស់អី។
មិនអស់ទេ។ ប្រព័ន្ធការងាររបស់យើង ចំនួនក្រសួងរបស់យើង ស្ថាប័នរបស់យើងដែលមាន មិនមែនការងារសូន្យទេ។ វាមានចំណុចវិជ្ជមាន ចំណុចអវិជ្ជមាន។ បើយកបទពិសោធន៍ខាងក្រៅប្រទេស សូមទៅស្រាវជ្រាវគ្រប់ប្រទេសទាំងអស់។ អត់មានដូចគ្នាទេ។ កន្លែងខ្លះ ក្រសួងពីរផ្គុំគ្នាក៏ខុសគ្នាទៅតាមប្រទេសនីមួយៗដែរ។ ដូចនៅអូស្ត្រាលី គេដាក់ក្រសួងការបរទេស ជាមួយក្រសួងពាណិជ្ជកម្ម។ ប្រទេសផ្សេងអត់ដាក់ទេ។ គេដាក់ពាណិជ្ជកម្មជាមួយឧស្សាហកម្ម។ ការជ្រើសរើស វាអាស្រ័យទៅលើប្រសិទ្ធផលដែលគេចង់បានជាអាទិភាព។ រដ្ឋាភិបាលកម្ពុជាយកស្អី? អភិក្រមដែលរដ្ឋាភិបាលកម្ពុជាធ្វើការកែទម្រង់នៅក្នុងអាណត្តិនេះ ចំពោះមុខគឺមិនសួរថាតើចំនួនក្រសួងហ្នឹងច្រើនឬតិចទេ។ ម៉ោងថ្មើនេះ អត់សួរថាតើយើងច្រើនឬតិចទេ។ តាមបទពិសោធន៍ ដែលខ្ញុំគ្រាន់តែលើកមកប៉ុន្មានប្រទេសហ្នឹង វាខុសគ្នាអស់ទៅហើយ។ ខ្លះបង្កើនខ្លះបន្ថយ។ យើងអត់សួរទេ។ បច្ចុប្បន្ន អ្វីដែលយើងសួរគឺ តើក្រសួងស្ថាប័នដែលមានស្រាប់នេះ រៀបចំមានប្រសិទ្ធភាពឬនៅ? … តើគាត់រៀបចំក្រសួងហ្នឹងធំក្បាលជើងតូចឬយ៉ាងម៉េច? តើការងាររបស់គាត់ជាន់ជាមួយក្រសួងផ្សេងទៀត ឬមួយក៏យ៉ាងម៉េច? ផ្ទៃក្នុងរបស់គាត់ តើនាយកដ្ឋាន អគ្គនាយកដ្ឋានហ្នឹងរៀបត្រូវឬនៅ ឬមួយក៏លើស ឬខ្វះយ៉ាងម៉េច? នេះគឺជាអភិក្រមរបស់កម្ពុជា។ ហេតុអ្វីបានជាខ្ញុំមិននិយាយថាតទៅមុខត្រូវធ្វើអ្វី? ខ្ញុំមិននិយាយរឿងនេះ ខុសពីរឿងអ្វីផ្សេង។ រឿងនេះ ហ៊ានតែនិយាយ គឺច្របូកច្របល់ពេញក្រសួងស្ថាប័នឥឡូវ។ ខ្ញុំនិយាយតែអ្វីដែលយើងច្បាស់លាស់ ដែលយើងបានសិក្សា និងយើងកំពុងតែធ្វើ។ បើឲ្យខ្ញុំថាទៅថ្ងៃមុខយើងត្រូវបង្កើនឬបន្ថយ(ចំនួនក្រសួង វានឹង)ច្របូកច្របល់ពេញហ្នឹង។ ឧទាហរណ៍ថា បើសិនទុកឱ្យបន្ត(មិនច្បាស់លាស់) គឺនឹងចាប់ផ្តើមអង្គុយទាយថាអ្នកណាត្រូវឡើងទេសរដ្ឋមន្ត្រី អ្នកណាត្រូវឡើងអីៗ ច្របូកច្របល់ពេញហ្នឹង។
(២៥) គ្មានគម្រោងកាត់បន្ថយ ឬបង្កើន តែពង្រឹងជាជាងពង្រីក ដោយពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធការងារ និងធនធានមនុស្ស
យើងអត់និយាយទេ។ អ្វីដែលនិយាយគឺភាពច្បាស់លាស់។ ខ្ញុំនិយាយម្តងទៀត តាំងពីដើមអាណត្តិមកដល់ម៉ោងនេះ “រដ្ឋាភិបាលអត់មានគម្រោងនៅក្នុងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងប្រកាន់ជំហរពង្រឹងជាជាងពង្រីក ពង្រឹងស្ថាប័ន ក្រសួងនីមួយៗ ដែលយើងធ្វើវិភាគមុខងារ និងកែទម្រង់មកដល់ម៉ោងនេះ”។ ក្នុងនោះយើងធ្វើអ្វី? ទី១ ពង្រឹងរចនាសម្ព័ន្ធ ទី២ ពង្រឹងប្រព័ន្ធការងារ ទី៣ ពង្រឹងធនធានមនុស្ស។ ធ្វើម៉េចដាក់កិច្ចការទាំងហ្នឹងជាគោលដៅមុនសិន។ អ្វីដែលមានស្រាប់កុំអាលបោះវាចោល កុំអាលបង្កើតផ្សេង ថា(របស់ដែលមាន)វាមិនទាន់ដើរ។ ត្រូវមើលវាសិន។ មានប៉ុណ្ណេះហើយ ក្រសួងស្ថាប័នប៉ុណ្ណឹង មន្ត្រីដែលយើងមានគ្រប់ក្រសួងស្ថាប័ន តាំងពីថ្នាក់ជាតិដល់ក្រោមជាតិ បែងចែកត្រូវ ឬបំពាក់ជំនាញត្រូវអត់? តើក្រសួងស្ថាប័នមួយៗ ជាន់ការងារគ្នាយ៉ាងម៉េច។ វិភាគញែកឲ្យដាច់? តើនាយកដ្ឋាននីមួយៗ អគ្គនាយកដ្ឋាននីមួយៗ ក្នុងក្រសួងហ្នឹង ត្រូវការជំនាញ ឬមួយកាត់បន្ថយ កែសម្រួលយ៉ាងម៉េច។ យើងធ្វើកិច្ចការហ្នឹង។
(២៦) អភិក្រមកម្ពុជា គឺពង្រឹងស្ថាប័ន រក្សាលំនឹងភារកិច្ច ពីលើដល់ក្រោមជាតិ ក្រសួងត្រូវរៀបចំឲ្យបានល្អ
កន្លងទៅ ជារចនាសម្ព័ន្ធ យើងបានធ្វើការបង្រួបបង្រួមដោយកាត់បន្ថយអគ្គនាយកដ្ឋានមួយចំនួន និងផ្សេងៗ ហើយកន្លែងខ្លះក៏យើងត្រូវពង្រឹងបន្ថែម ឧទាហរណ៍ថា ខ្វះ AI យើងបង្កើតផ្នែក AI មួយនៅពន្ធដារអញ្ចឹងទៅដើម្បីដើរឲ្យទាន់សភាពការណ៍។ កែសម្រួលនិងកំណត់ចំនួនមន្ត្រីឡើងវិញ។ តើឥឡូវមន្ត្រីដឹកនាំធំជាងមន្ត្រីប្រតិបត្តិទេ? ឧទាហរណ៍ថា ក្រសួងស្ថាប័នមួយៗ គ្រាន់តែអគ្គនាយកមួយ អគ្គនាយករងឡើង៣០។ តើមន្ត្រីមានប៉ុន្មាន? តើថ្ងៃក្រោយ យើងដាក់ទិសដៅដើម្បីបង្រួមយ៉ាងម៉េច? នៅក្នុងកងទ័ព បញ្ជាការដ្ឋានត្រូវកាត់បន្ថយចំនួនមេបញ្ជាការរងប៉ុន្មាន? ការិយាល័យមួយៗ ត្រូវមកប៉ុន្មាន។ ឥឡូវមានលើស។ អញ្ចឹងអត់ឲ្យតែងតាំងបន្ថែម។ យើងឈានទៅដល់ការបន្ថយទាក់ទងចូលនិវត្តន៍ មិនតែងតាំងបន្ថែម។ នគរបាលជាតិក៏ដូចគ្នា។ អគ្គស្នងការរង ស្នងការរងប៉ុន្មាន? យើងកែសម្រួលយ៉ាងម៉េច? នាយកដ្ឋាន ការិយាល័យ យើងពង្រឹងធ្វើម៉េចកុំឲ្យសាជីផ្កាប់ ឲ្យសាជីឡើងវិញ។ នេះហើយដែលយើងធ្វើការពង្រឹងស្ថាប័ន។ យើងរក្សាលំនឹងភារកិច្ចដដែល។ ក្រសួងស្ថាប័នមានពីលើដល់ក្រោមជាតិ ជំនាញមានដដែល។ តែក្នុងក្រសួងមួយៗត្រូវពង្រឹង ត្រូវរៀបចំឲ្យបានល្អ។ ហ្នឹងហើយអភិក្រមដែលកម្ពុជាប្រើ។ កម្ពុជាអត់យកតាមវៀតណាម ឬយកតាមឥណ្ឌូណេស៊ីទេ។ កម្ពុជាអត់យកតាមចិន ឬមួយយកតាមឥណ្ឌាទេ។ ទោះបីប្រទេសទាំងអស់នោះ (មានការ)គិតគូរពេលវេលា(ក៏ដោយ)។ លើកលែងតែឥណ្ឌូនេស៊ីមួយទេ ដែលដូរប្រធានាធិបតី គាត់កែភ្លាម។ ក្រៅពីហ្នឹងប្រទេសផ្សេងៗ ដូចជាវៀតណាមប្រើ១០ ឆ្នាំ ចិនប្រើ ៤៤ឆ្នាំ ឥណ្ឌាកែមកប៉ុណ្ណេះ ៧ទៅ៨ដងហើយ តាំងពី៤៧ រហូត២០២៤ ពេលវេលាតម្រូវការជាក់ស្តែង។
(២៧) បើទោះបីត្រូវកែសម្រួល បង្រួមឬពង្រីកក្តី ចាំបាច់ត្រូវការពេលវេលា ការបង្រៀន កែសម្រួលបទដ្ឋានគតិយុត្ត ច្បាប់ក្រសួង និងពង្រឹងមន្ត្រី
ខ្ញុំសូមបញ្ជាក់(រឿងនេះដូច្នេះ) ព្រោះឃើញបងប្អូនខ្លះ(ដូចជាមិនអស់ចិត្ត)។ អត់មានខុស អត់មានត្រូវទេ សុទ្ធតែមានហេតុផលត្រឹមត្រូវ។ បើយើងដាក់សំណួរថា គិតតែពីចំនួនទទេគឺអត់ទៅរួចទេ។ ត្រូវធានាប្រសិទ្ធភាពដែលផ្អែកទៅតាមស្អី? ផ្អែកទៅតាមសមត្ថភាពមន្ត្រី ស្ថាប័ននៅតាមប្រទេសនីមួយៗ។ ផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យា។ តើ E-Government, Digital អីភ្ជាប់យ៉ាងម៉េច ដែលជួយកាត់សម្រួលនីតិវិធី បន្ថយមន្ត្រីឬនៅ? (មួយទៀតគឺ)វប្បធម៌ការងារ។ បើវប្បធម៌ការងារមិន(ចុះសម្រុងគ្នា) ដាក់បញ្ចូលគ្នា មិនស្រួលគឺគាំងតែម្តង។ និរន្តរភាពនៃការងារសំខាន់។ យើងមិនអាចឲ្យក្រសួងមួយ ព្រោះគ្រាន់តែចង់បានមនុស្សទះដៃថាកាត់ហើយ ពីប៉ុណ្ណេះមកប៉ុណ្ណេះ ល្អណាស់ យើងកាត់បានតិចជាងគេទៀត ប៉ុន្តែដល់គាំងស្តូក ការងារអត់ដើរ ស្រែកចាច។ មួយទៀត ដែលយកម្នាក់ដែលទៅគ្រប់គ្រង ៣ជំនាញ។ បើសិនជាអ្នកដែលគ្រប់គ្រង ៣ជំនាញនេះ ឲ្យអាទិភាពទៅកន្លែងណាមួយ អាចកាត់បន្ថយអ្នកពីរទៀត។ វាមិនខុសពីក្រសួងស្ថាប័នរាល់ថ្ងៃនេះទេ។ នាយកដ្ឋានមានច្រើន។ សួរថាប្រធានស្ថាប័នឲ្យឥទ្ធិពល ឲ្យសិទ្ធិទៅគ្រប់ស្ថាប័ន(ដូចគ្នាទេ?)។ អត់ដូចគ្នាទេ។ វាអាស្រ័យទៅលើការយល់ឃើញរបស់ផ្ទៃក្នុង។ ហ្នឹងគ្រាន់តែក្រសួងស្ថាប័នផង។ ឧទាហរណ៍ ខាងនាយកដ្ឋាននេះមានមនុស្សតិចថវិកាតិច ខាងនេះមានថវិកាច្រើន ព្រោះគាត់ត្រូវការអាទិភាពមួយ។ អញ្ចឹងវានឹងទាញមនុស្សចុះឡើង ហើយមិនធានាថាប្រសិទ្ធភាពទេ។ ត្រូវការបំពាក់សមត្ថភាពមន្ត្រី។ ទោះបីត្រូវកែសម្រួល បង្រួម បន្តពង្រីកក្តី ត្រូវការពេលវេលា បង្រៀន កែសម្រួលបទដ្ឋានគតិយុត្ត ច្បាប់ក្រសួង ពង្រឹងមន្ត្រី ពង្រឹងអីឲ្យស្រួល។
(២៨) ក្នុងដំណាក់កាលនេះ រក្សាចំនួនក្រសួង ពង្រឹងផ្ទៃក្នុងក្រសួង តាមការវិភាគ/កំណត់មុខងារ លើកទឹកចិត្តមន្ត្រីតាមប្រព័ន្ធសមិទ្ធកម្ម
ការដែលខ្ញុំនិយាយពីថ្ងៃមុន ក្រោយមកមានការជជែកគ្នាច្រើន។ ការបញ្ចេញមតិច្រើន។ អត់មានខុសអត់មានត្រូវ សុទ្ធតែមានមូលដ្ឋានទាំងអស់ ប៉ុន្តែសំណួរសម្រាប់កម្ពុជាយើង តើត្រូវយកស្អីដែលល្អបំផុតសម្រាប់កម្ពុជា ក្នុងជំហាននីមួយៗ? ពេលណាត្រូវធ្វើអីៗ។ ក្នុងដំណាក់កាលនេះ កែទម្រង់មានប្រសិទ្ធភាព មានប្រសិទ្ធផល គឺរក្សាចំនួនក្រសួងដដែល ពង្រឹងផ្ទៃក្នុងក្រសួងនីមួយៗ តាមការវិភាគ ការកំណត់មុខងារ ការលើកទឹកចិត្តមន្ត្រីតាមប្រព័ន្ធសមិទ្ធកម្មដែលយើងដាក់ចេញ ការរើសមន្ត្រីដោយការប្រឡងចូលតឹងស្អីអញ្ចឹងទៅ។ ការបែងចែកផ្ទៃក្នុង ពង្រឹងតាមហ្នឹងទៅ។ វាមិនបានល្អឥតខ្ចោះនោះទេ តែវាដើរសន្សឹមៗ។ ប៉ុន្តែ ហ្នឹងជាទិសដៅរបស់យើង។ សូមបងប្អូនខ្លះដែលថា “នាយករដ្ឋមន្ត្រីមិននិយាយថារដ្ឋនឹងកាត់ក្រសួង ហាក់ដូចជាអស់សង្ឃឹមនឹងជីវិត” កុំអស់សង្ឃឹមនឹងជីវិត។ ថារដ្ឋបោះបង់ចោលនូវការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្ថាប័ន។ មិនដូចនោះទេ។ តែយើងធ្វើវិធីខុសគេ។ យើងមិនពង្រីកដូចឥណ្ឌូណេស៊ី ហើយមិនបង្រួមដូចវៀតណាម។ យើងរក្សាដដែល។ យើងពង្រឹងស្អីដែលមានស្រាប់។ ធ្វើឲ្យវាល្អ … ៣ឆ្នាំនេះ ក្រសួងស្ថាប័នភាគច្រើន អត់មានឲ្យរើសមន្ត្រីថ្មីទេ។ អញ្ចឹងអត់រីកទេ។ យកក្រុមហ៊ុនមួយធ្វើគ្រប់មុខ បង្កើតជាសេចក្តីត្រូវការបុគ្គលិកច្រើនហើយ។ តែបើបែងចែកជាជំនាញ ប្រហែលជាជំនាញហ្នឹង មិនចាំបាច់ច្រើនទេ។ មិនប្រាកដថាឲ្យតែបានច្រើន និងច្រើនមិនមែន ច្រើនប្រអប់ការងារទេ … តែធានារបៀបរបបនៃការដឹកនាំរដ្ឋរបស់យើង។ សូមឲ្យមន្ត្រីរបស់យើងមានភាពនឹងនរ ព្រោះអ្នកខ្លះមានរហូតទៅដល់ថាឮតែកាត់កងៗ កាត់ថែមៗ … ឈប់ធ្វើការសិន ចាំគេដាក់ឲ្យស្រួលបួលសិនចាំគិត។ មិនអញ្ចឹងទេ។ នៅធ្វើការបន្ត។ ឲ្យមានភាពនឹងនរ។
(២៩) គ្មានរូបមន្តត្រឹមត្រូវឥតខ្ចោះទេ គ្រាន់តែអាស្រ័យលើស្ថានភាពជាក់ស្តែងនិងអាទិភាព ឆ្លើយតបទៅតម្រូវការរបស់ប្រជាពលរដ្ឋ
ហេតុអីបានជាខ្ញុំត្រូវនិយាយនៅថ្ងៃនេះ? រឿងនេះយើងគិតថាជារឿងតូច។ ពិតណាស់ ការបញ្ចេញមតិតាម Facebook របស់អ្នកវិភាគ អ្នកនេះអ្នកនោះ ប៉ុន្តែវាជះទៅដល់សតិអារម្មណ៍របស់មន្ត្រី ដែលមានភាពមិនច្បាស់លាស់។ វាពាក់ព័ន្ធដល់ស្ថាប័នរដ្ឋ។ អញ្ចឹងខ្ញុំត្រូវចេញមកពន្យល់ … ឥឡូវខ្ញុំចេញមួយតង់ទៀត។ វាគ្មានជម្រើសណាមួយដែលត្រឹមត្រូវល្អឥតខ្ចោះនោះទេ។ វាអាស្រ័យទៅលើស្ថានភាពជាក់ស្តែង និងអាទិភាពរបស់រដ្ឋាភិបាលមួយៗ។ ចង់ពង្រីក បង្រួមប្រទេសផ្សេងៗ គេធ្វើខុសគ្នា កាលៈទេសៈខុសគ្នា ពេលវេលាខុសគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគេ។ គ្មានរូបមន្តណាមួយត្រូវ(ទាំងអស់)ទេ។ ថ្ងៃមុន យើងឲ្យអ្នកណាសិក្សាម៉ូឌែលរបស់សិង្ហបុរី ដើម្បីយើងពង្រីកការអប់រំនិង TVET ដល់ប្អូនៗ ដើម្បីយើងតម្រង់ទិសឲ្យសិក្សាពីរូបមន្តដែលសិង្ហបុរីប្រើ។ យើងសិក្សារូបមន្តដែលគាត់ធ្វើពីមុនមក តម្រង់ទិស អ្នកខ្លះទៅរៀនចំណេះដឹងទូទៅ អ្នកខ្លះមក TVET ដើម្បីធានាតុល្យភាពនៃចំនួន ធានាតម្រូវការកម្លាំងពលកម្មស្របទៅតាមជំនាញ។ កុំឲ្យមានការប្រកាន់ថា ទាល់តែបាក់ឌុបបានកើត។ អត់ទេ។ ឬមួយក៏ទាល់តែបរិញ្ញាបត្រ បរិញ្ញាបត្ររង ពី UME បានខ្ពស់ជាងបរិញ្ញាបត្រ TVET។ អត់ទេ។ តម្លៃដូចគ្នា។ កម្លាំងដូចគ្នា ជំនាញដូចគ្នា។ តម្រូវការខុសគ្នា។ មានអ្នកថា ទៅសិក្សាអី ឥឡូវសិង្ហបុរី គេដូរម៉ូឌែលហ្នឹងបាត់ហើយ។
(៣០) “បើបង្រួមហើយ សេវាទៅមិនដល់ដៃប្រជាពលរដ្ឋ ក៏ត្រឡប់ទៅវិមជ្ឈការតូចៗ ពង្រាយសេវាឡើងវិញ”
ខ្ញុំថាមើលឲ្យច្បាស់ទៅ យើងប៉ុណ្ណេះមិនអាចទៅកូពីប្រទេសគេក្នុងពេលនេះទេ។ ត្រូវមើលស្ថានភាពគោលនយោបាយណាត្រូវពេលណា។ សិង្ហបុរីពេលមុន ប្រទេសយើងបច្ចុប្បន្ន ស្ថានភាពប្រជាពលរដ្ឋយើង ស្ថានភាពការបណ្តុះបណ្តាល តើត្រូវការដូចសិង្ហបុរីពេលណា មើលរូបមន្តពេលនោះ។ សិង្ហបុរីចំណាយធនធានបណ្តុះបណ្តាលក្នុងកម្រិតខ្ពស់ជាងយើង។ ក្នុងកម្រិតហ្នឹង គេទៅម៉ូឌែលថ្មីហើយ។ ឧទាហរណ៍ តើរូបមន្តសិង្ហបុរីឆ្នាំ២០០០ យ៉ាងម៉េច។ យើងមើល។ ព្រោះបងប្អូនខ្លះ រឿងកូពីហ្នឹងគឺថាយកតែមួយណាទំនើបជាងគេបំផុតពីប្រទេសគេមកដាក់ស្រុកយើង។ វាអត់ត្រូវ។ ត្រូវមើលគ្រប់កាលៈទេសៈ។ ដូចនិយាយរឿងកំណែទម្រង់ ដោយសារវៀតណាមកាត់នៅសល់១៤ គេកាត់ខេត្ត។ អញ្ចឹង យើងត្រូវកាត់ខេត្តយើងពីប៉ុន្មាន? ពី២៥ រាជធានី-ខេត្ត សល់ប៉ុន្មាន? បើវៀតណាមកាត់៦៣ ទៅ៣៦។ ឥឡូវអភិបាលខេត្តនេះ ទុកពីណាដកពីណា? ខេត្តឦសានហ្នឹង បង្រួមទុកតែមួយទៅ? (ខេត្ត)ដល់៤ បានន័យថាយ៉ាងម៉េច? បើសេវាចាប់ផ្តើមអត់ដល់ដៃប្រជាពលរដ្ឋ (ដំណោះស្រាយ)កាន់តែឆ្ងាយត្រឡប់ទៅវិមជ្ឈការតូចៗ ដើម្បីពង្រាយសេវាឲ្យដល់វិញ។ រឿងរូបមន្តវាខុសគ្នា។ ហេតុអីបានជាវៀតណាមជាប្រទេសធំជាងយើងគាត់បង្រួម? ប្រហែលដោយសារប្រព័ន្ធការងារ ហេដ្ឋារចនាសម្ព័ន្ធ មន្ត្រីដែលគាត់ពង្រាយគ្រប់ និងសមត្ថភាពខុសពីយើង។ យើងធ្វើមិនទាន់បាន ហើយយើងក៏មិនចាំបាច់ធ្វើ។ ប្រទេសខ្លះគេធ្វើវិមជ្ឈការទៅវិញ។
(៣១) ប្រទេសខ្លះបន្ថយចំនួនស្ថាប័ន តែធ្វើវិមជ្ឈការ ឯប្រទេសខ្លះបន្ថយតែធ្វើមជ្ឈការ … ឯរូបមន្តត្រូវនឹងកម្ពុជាគឺបង្កើនបានប្រសិទ្ធភាពនិងប្រសិទ្ធផល
បើពង្រីក ពេលដែលវាធំ យើងត្រូវចាប់ផ្តើមបង្កើន។ ឧទាហរណ៍ដូចឃុំអញ្ចឹង។ ជួនកាលស្រុកមួយហ្នឹង ធំពេក ដល់ប្រជាជនចូលដល់ប៉ុន្មានម៉ឺននាក់ ដើម្បីឲ្យសេវា(គ្រប់ជ្រុងជ្រោយ)ត្រូវបង្កើតឃុំ។ ទាល់តែឃុំ បានមានលទ្ធភាពពង្រាយមណ្ឌលសុខភាព ពង្រាយស្អីទៅបន្ថែមទៀត។ សេវាកាន់តែជិតដល់ គឺវិមជ្ឈការ។ ប្រទេសខ្លះ គឺធ្វើមជ្ឈការ។ វៀតណាមបន្ថយចំនួនស្ថាប័ន តែគាត់ធ្វើវិមជ្ឈការ។ នៅចិន គាត់ធ្វើមជ្ឈការ។ សិទ្ធិអំណាចមករដ្ឋបាលកណ្តាល ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការគ្រប់គ្រងកែទម្រង់។ វាខុសគ្នា។ សួរថាកម្ពុជាយកម៉ូដែលអ្វី? … ខ្ញុំអត់ជឿថាមានម៉ូដែលណាល្អជាងម៉ូដែលណាទេ។ អត់យកកូពីប្រទេសនេះល្អជាងកូពីប្រទេសនោះទេ។ សូម្បីតែនៅអាស៊ានជាមួយគ្នាហ្នឹង ក៏មានប្រទេសដែលពង្រីក ប្រទេសដែលបង្រួមដែរ។ បើប្រទេសធំ ក៏មានប្រទេសធំដែលពង្រីក ប្រទេសធំដែលបង្រួម ដូចយ៉ាងឥណ្ឌានិងចិន ដែលមានប្រជាពលរដ្ឋប្រហែលគ្នាជាង ១០០០ លាននាក់។ បើយកជារូបមន្ត វាអត់មានកន្លែងណាដែលត្រូវ(ស្ថានភាពយើង)។ កម្ពុជាជ្រើសយករូបមន្តណា ដែលយើងសិក្សាវាយតម្លៃហើយគិតថាត្រូវសម្រាប់កម្ពុជា ដែលធានាក្នុងការបង្កើនប្រសិទ្ធផលនិងប្រសិទ្ធភាព ការងារជូនប្រជាពលរដ្ឋ។ នេះហើយគឺជារូបមន្តដែលយើងធ្វើ។ យើងយកការកែទម្រង់ រក្សាចំនួនដដែល តែពង្រឹងមួយៗ ឲ្យកាន់តែប្រសើរ ក្នុងបច្ចុប្បន្ន រយៈពេលខ្លីនិងមធ្យមទៅខាងមុខ។
(៣២) “កម្ពុជាដើរតាមអភិក្រមធានាចីរភាព និរន្តរភាព និងភាពប្រាកដប្រជា ដើរយឺតតែដើរផ្លូវច្បាស់លាស់”
សួរថាទៅខាងមុខ ជារយៈពេលវែង នៅពេលនោះមានការប្រែប្រួលយ៉ាងណា ខ្ញុំអត់និយាយទេ កុំឲ្យអង្គុយគិត ដេកស្រម៉ៃច្រើន។ បងប្អូនអ្នកវិភាគណាបញ្ចេញទ្រឹស្តីថា គួរតែធ្វើអ្វីធ្វើចុះ។ ហ្នឹងគាត់ថាគួរតែ។ តែបើនាយករដ្ឋមន្ត្រីនិយាយមិនមែនគួរតែទេ តែគឺជាការកំណត់ទិសដៅនៃចក្ខុវិស័យនយោបាយ។ ហាមាត់និយាយអ្វី ត្រូវតែមានមូលដ្ឋានច្បាស់លាស់ … កែតូច យើងថាល្អ តែគាំងការងារទាំងអស់ វាជាបញ្ហា … គ្រាន់តែក្រសួង អ្នកមកពីនេះខ្សែកសិកម្ម ខ្សែធនធានទឹក ខ្សែអភិវឌ្ឍន៍ជនបទ ដាក់ទៅអត់ស៊ីគ្នា ត្រូវការ ៣អាណត្តិ ដើម្បីឲ្យស៊ីគ្នា វានឹងកាន់តែយ៉ាប់។ នៅក្នុងនាយកដ្ឋាន ក្នុងស្ថាប័ននីមួយៗ ក៏ប្រកួតគ្នាដើម្បីថាវិភាជអាណត្តិនេះ ត្រូវឲ្យអគ្គនាយកដ្ឋានខ្ញុំច្រើនជាង ព្រោះខ្ញុំបម្រើសេវានេះឬនោះ … ហ្នឹង នៅក្នុងក្រសួងមួយដែលបម្រើតែវិស័យមួយ ផង ចុះទម្រាំដាក់៣ វិស័យជាមួយគ្នាទៀត។ អញ្ចឹងបានយើងអត់និយាយច្បាស់ទេ។ ខ្ញុំមិនថា បងប្អូនដែលថា ចង់បង្រួមក្រសួងខុស ឬមួយចង់ពង្រីកក្រសួងត្រូវទេ។ កម្ពុជា គឺយើងដើរអភិក្រម ធានាចីរភាព និរន្តរភាព និងភាពប្រាកដប្រជា។ ដើរយឺតតែដើរផ្លូវច្បាស់លាស់ ប្រសើរជាងដើរលឿនហើយដើរខុសផ្លូវ។ ដើរខុសផ្លូវគ្រោះថ្នាក់ … យើងដើរតាមផ្លូវហ្នឹង ដើរដោយការគិតគូរច្បាស់លាស់ ដើរដោយការទទួលខុសត្រូវ។ នេះការកែទម្រង់រដ្ឋរបស់យើង។ យើងបានដើរច្រើនអាណត្តិមកហើយក្នុងការពង្រឹងនេះ។ យើងនៅបន្តគោលនយោបាយកែទម្រង់រដ្ឋតាមគោលនយោបាយដែលមានពីអាណត្តិមុនៗ មក ព្រោះវា(ជាផ្លូវ)ត្រូវ។ គ្រាន់តែចំនួនវាអាចកើន វាអាចគិតថាមិនមានប្រសិទ្ធភាព។ តែហ្នឹងគ្រាន់តែជាទស្សនៈទេ។ ត្រូវធ្វើម៉េចពង្រឹងអ្វីដែលមានស្រាប់ឲ្យវាដើរ។ ពង្រឹងមូលដ្ឋានច្បាប់ មូលដ្ឋានគតិយុត្ត កែទម្រង់ផ្ទៃក្នុង។
(៣៣) មិនលុបក្រសួង លុបឬបង្រួមនីតិវិធី ឬពង្រឹងយន្តការសម្របសម្រួលនីតិវិធី តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”
ដូច CDC។ យើងអត់រំលាយ CDC ទេ តែយើងកែទម្រង់ផ្ទៃក្នុង CDC។ ប្រព័ន្ធការងារ ក្រសួងស្ថាប័នឥឡូវ កំពុងឲ្យរៀបចំដើម្បីសម្របសម្រួលសិទ្ធិ និងការសម្របសម្រួលរឿង SME ដែលប្រទាក់ក្រឡាក្រសួងមួយ។ យើងអត់លុបក្រសួងចោលទេ។ យើងអត់លុបនាយកដ្ឋានចោលទេ តែយើងបង្កើនយន្តការសម្របសម្រួល។ ធ្វើយ៉ាងម៉េចឲ្យមានប្រសិទ្ធផលបម្រើប្រជាពលរដ្ឋ។ ការចុះបញ្ជីផលិតផល ការផលិតស្អីៗរបស់ SME ហ្នឹងបានប្រសើរឡើង។ យើងធ្វើប៉ុណ្ណឹង។ បង្រួមនីតិវិធី កែសម្រួលបែបហ្នឹង។ តែបើថាឲ្យលុបក្រសួង។ ពិបាក។ សុំអាជ្ញាប័ណ្ណផលិតសាប៊ូ ទាល់តែសុំពីក្រសួងឧស្សាហកម្ម ក្រសួងសុខាភិបាលផង ២ទៅ៣ក្រសួងពិបាក (ត្រូវ)លុបក្រសួងមួយចោល។ អត់ទេ។ យើងអត់លុបក្រសួងមួយចោលទេ។ បានអ្នកណាធ្វើការងារហ្នឹង? លុបនីតិវិធី ឬមួយបង្រួមនីតិវិធី ឬមួយពង្រឹងយន្តការសម្របសម្រួលនីតិវិធី។ យើងធ្វើអាហ្នឹង។ នេះហើយកំណែទម្រង់របស់កម្ពុជា។ អភិក្រមដែលកម្ពុជាទទួលយក។ ខ្ញុំសុំបញ្ជាក់។ នេះដែលយើងហៅថា “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ មានច្រើនស្ថាប័ន តែក្រោមការគ្រប់គ្រង(តែមួយ)។ ដូចបង្កើតក្រុមការងារអន្តរក្រសួង សម្រាប់ជំរុញអភិវឌ្ឍនៅទិសឦសានអញ្ចឹង។ ក្រសួងស្ថាប័ន មានពន្ធដារមានស្អីៗ កសិកម្មមានស្អី ច្រើននៅមានស្រាប់ តែយើងរៀបចំយន្តការបណ្តោះអាសន្នមួយជួយជំរុញ។ មិនបាច់រត់ទៅក្រសួងហ្នឹងទេ ឲ្យសិទ្ធិគាត់ធ្វើ ដើម្បីអ្នកដែលវិនិយោគនៅខេត្ត៤ហ្នឹង កាត់(នីតិវិធីឱ្យ)ខ្លី។ ហ្នឹងគឺការបង្កើនប្រសិទ្ធភាព។ សួរថា ទៅលុបក្រសួង៤ ឬ? អត់ទេ។ គេមានការងារផ្សេងទៀតច្រើន។
(៣៤) ធ្វើហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធការងារដើរ ធានានិរន្តរភាព ប្រសិទ្ធភាពនិងប្រសិទ្ធផល ស័ក្តិសិទ្ធិភាពការងារជូនប្រជាពលរដ្ឋ
នេះគឺជាការងារពាក់ព័ន្ធជាមួយនិងការជំរុញ។ ហេដ្ឋារចនាសម្ព័ន្ធធ្វើហើយ ប្រព័ន្ធការងារត្រូវតែដើរ ដើម្បីធានានិរន្តរភាពនិងប្រសិទ្ធភាព ប្រសិទ្ធផល ស័ក្តិសិទ្ធិភាពនៃការងារជូនប្រជាពលរដ្ឋ។ ធនធានមនុស្ស ត្រូវតែពង្រឹង អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ឥឡូវ បច្ចេកវិទ្យាក៏គេហៅ Infrastructure ដែរ។ បង្គោលអង់តែនភ្លើង បង្គោលអង់តែនទូរស័ព្ទ អង់តែនដែលអាចរៀបចំ បម្រើដល់ 5G ទៅដល់ AI … ពង្រីកការតភ្លើងឲ្យបានច្រើនតាមភូមិ ឈានទៅដល់ការបញ្ចុះតម្លៃបន្តិចម្តងៗ។ ពង្រីកបន្ថែមការជំរុញបច្ចេកវិទ្យា។ នេះគឺជាការកសាងសេដ្ឋកិច្ច ដែលមានភាពធន់ គ្រប់ទិស គ្រប់វិស័យ។ ធ្វើក្នុងពេលតែមួយ។ អត់មានធ្វើមួយណាទុកមួយណាទេ រុញទាំងអស់។ រូបមន្ត ក្រសួងតិច ក្រសួងច្រើន សំណួរថាឥឡូវត្រូវធ្វើម៉េច? សំណួរហ្នឹង អត់និយាយទេ។ បើមាននរណាចង់ចាក់ខ្ញុំឲ្យនិយាយ ខ្ញុំអត់និយាយ។ មិនបាច់ខំប្រឹងទេ។ ខ្ញុំពន្យល់ប៉ុណ្ណឹងហើយ។ ម៉ោងនេះអត់និយាយរឿងបង្រួមក្រសួង ពង្រីកក្រសួងទេ។ យើងនិយាយពីការថែរក្សាអ្វីដែលមាន ពង្រឹងមួយៗ ដែលមានស្រាប់ផ្ទៃក្នុង។ អាចកែសម្រួលអគ្គនាយកដ្ឋានមួយចំនួននៅក្នុង តែក្រសួងហ្នឹងដដែល។ បើកែពីលើត្រូវតែកែទាំងមន្ទីរនៅខាងក្រោមទៀត។ អញ្ចឹង ព្រួយទាំងក្រោមហ្នឹងទៀត។
(៣៥) “ធ្វើវិមជ្ឈការសិទ្ធិដល់ឃុំ តែត្រូវបង្កើនសមត្ថភាព គណនេយ្យភាព និងតម្លាភាព នៃការគ្រប់គ្រង …”
បើនៅវៀតណាម គាត់កែកាត់ចំនួនខេត្ត ហើយកាត់ស្រុកចោលមួយទៀត។ តាមខ្ញុំចាំ ដោយសារឃុំ គាត់មានសមត្ថភាពទទួលខុសត្រូវ។ យើងធ្វើវិមជ្ឈការសិទ្ធិដល់ឃុំ តែត្រូវធ្វើម៉េចបង្កើនសមត្ថភាព គណនេយ្យភាព និងតម្លាភាព ការគ្រប់គ្រងរបស់ឃុំ មុននឹងយើងបង្កើនទៅឲ្យ។ កុំឲ្យថ្ងៃមុន គ្រាន់តែរឿងដេញថ្លៃហ្នឹង កើតជាបញ្ហាច្រើន។ ទាល់តែមានគណនេយ្យភាព មានសមត្ថភាព ទើបយើងអាចពង្រីកបាន។ បើមិនអញ្ចឹង ការពង្រឹងវិមជ្ឈការសិទ្ធិអំណាចពិបាកធ្វើ។ អញ្ចឹងហើយ ពេលដែលធ្វើការកែទម្រង់ធំ ចិនយកមកដាក់កណ្តាល ដឹកនាំពីកណ្តាលទៅ។ តែយើងអត់ទេ។ យើងវិមជ្ឈការតែឲ្យសិទ្ធិឲ្យការទទួលខុសត្រូវ ត្រូវបង្កើនសមត្ថភាពឲ្យគាត់ផង គណនេយ្យភាពទទួលខុសត្រូវ។ អញ្ចឹងបានត្រូវពង្រឹងបែបនេះ។ ការកែទម្រង់រដ្ឋមិនស្រួលទេ មិនអាចយករូបមន្តអ្នកនេះទៅនេះ ដោយសារគេធ្វើអញ្ចេះបានល្អ អត់ទេ។
(៣៦) “គិតអ្វីដែលមានស្រាប់ ធ្វើឲ្យប្រសើរ មានសក្តានុពល … ទៅថ្ងៃអនាគត ស្ថានភាពប្រែប្រួលដូចម្តេច ចាំគិតទៀត”
សួរថា ដែលពង្រីកពី៣៤ ទៅ៤៨ក្រសួង តើ ឥណ្ឌូណេស៊ីអត់មានអ្នកចេះឬអ្វី? ប្រហែលដោយសារ គេមើលបញ្ហាមាន ៣៤ហ្នឹង កន្លែងខ្លះសេវាវាអត់ប្រសិទ្ធភាព។ វាធំពេក។ វាយឺតពេក។ គេបំបែកទៅជាអាទិភាពពេលខ្លះវាអញ្ចឹង។ តើរូបមន្តអាហ្វ្រិកខាងត្បូងនិងឥណ្ឌា មួយណាល្អជាង? (តើកម្ពុជា)បង្រួមឬពង្រីក? មិននិយាយ … ពង្រឹងស្អីដែលមានស្រាប់។ ប្រជាពលរដ្ឋ ក៏អញ្ចឹងដែរ។ គាត់ថាអាធំក៏ធំ អាតូចក៏តូច។ តែធ្វើម៉េចសេវាឲ្យខ្ញុំកាន់តែល្អទៅ។ ហ្នឹងដូចរឿងថ្ងៃមុនអញ្ចឹង ថាដុតទៀនពីលើទៅក្រោមៗ ទៅលើវាមិនអីទេ ឲ្យតែឆេះទាំងអស់។ ក្រសួងប៉ុន្មានក៏បានបច្ចុប្បន្ននេះ។ កុំអាលគិតរឿងចំនួន គិតតែអ្វីដែលមានស្រាប់ឲ្យកាន់តែប្រសើរឲ្យបានសក្តានុពលសិន ក្នុងមួយជំហាន។ ទៅថ្ងៃអនាគតវែងឆ្ងាយ ស្ថានភាពប្រែប្រួលហ្នឹងយើងគិតទៀត។ ឥឡូវចំពោះមុខ គឺបញ្ចប់រឿងនិយាយហើយ … សូមកុំឲ្យអ្នកដែលតូចចិត្តវាសនានិងតវ៉ាព្រហ្មលិខិត គិតថាជីវិតចប់ហើយ ដែលរដ្ឋាភិបាលអត់ប្រកាសកាត់បន្ថយក្រសួងនោះ។ មិនដូច្នោះទេ។ ទុកការគិតហ្នឹងវិញ។ ឥឡូវបែរមកប្រាប់ថា “បើរដ្ឋាភិបាលយកជម្រើសហ្នឹងហើយ ខ្ញុំក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ បើយកម៉ូដែលហ្នឹង ខ្ញុំជូនយោបល់អញ្ចេះ”។ អាហ្នឹងល្អ។ កុំថា “ត្រូវតែធ្វើតាមខ្ញុំគិតបានខ្ញុំឲ្យយោបល់។ បើមិនអញ្ចឹងខ្ញុំចប់។ ខ្ញុំបាក់ទឹកចិត្ត។ ខ្ញុំលែងនិយាយរក”។ កុំអញ្ចឹង។ ឥឡូវបើយកម៉ូដែលហ្នឹង រដ្ឋាភិបាលនៅរក្សាដដែល ធ្វើកែទម្រង់ដូចធ្វើរាល់ថ្ងៃហ្នឹង។ ខ្ញុំជូនយោបល់ថាក្រសួងនេះពង្រឹងនេះក្រសួងនេះជាន់គ្នាអញ្ចេះ អាចកែសម្រួលមុខងារ។ ហ្នឹងយើងស្វាគមន៍ជួយ។ យើងបែរមកប្រាប់ថា ឥឡូវម៉ូដែលមាន ២ឬ៣ ឥឡូវរដ្ឋយើងយកម៉ូដែលហ្នឹង ពង្រឹងពង្រីក។ គេថាអត់ពង្រីក។ ពង្រឹងអ្វីដែលមានស្រាប់។ ឥឡូវខ្ញុំឲ្យយោបល់ក្នុងរូបមន្តនេះ។ ហ្នឹងខ្ញុំស្វាគមន៍ … បើថានៅប្រកាន់ជំហរថាទាល់តែបង្រួមៗអត់ទេ និយាយគ្នាសិន។ បើអត់បង្រួមហ្នឹង ថារដ្ឋាភិបាលល្ងង់ ទៅតាមដំណើរទៅ។ ចេះតែឯងទៅ។ តែខ្ញុំស្វាគមន៍ម៉ូដែលយើងនេះ ហើយឲ្យយោបល់មក។ ថាឥឡូវយកម៉ូដែលហ្នឹង ត្រូវធ្វើស្អីខ្លះ? ចំណុចខ្សោយយ៉ាងម៉េចខ្លះ? ក្រសួងនេះគួរតែពង្រឹងស្អីខ្លះ? កន្លែងនេះជាន់គ្នាយ៉ាងម៉េច? ស្អីយ៉ាងម៉េច?
(៣៧) “វិភាគបែបអ្នកសិក្សា កុំពហិការឈប់វិភាគ ឈប់រួមយោបល់ សូមបន្តផ្តល់យោបល់មក …”
ខ្ញុំស្គាល់អ្នកស្រាវជ្រាវហ្នឹង។ អ្នកខ្លះតឹងណាស់។ គាត់រឹង។ ទឹកមួយកែវ ដាក់លើតុ អ្នកសេដ្ឋកិច្ច ១០នាក់ អង្គុយវិភាគ ៥ម៉ោងអត់ចេញទេ។ ថាដាក់ធ្វើអី? អ្នកខ្លះថាដាក់ដើម្បីអួតអំពីផលិតផលកែវ។ តាមពិត គេដាក់ឲ្យផឹកសោះហ្នឹង។ ជួនកាល ពេលដែលយើងគិតច្រើនពេក គេថាយើងបាត់ភាពសាមញ្ញៗ។ គេដាក់ទឹកមួយកែវឲ្យគេអត់មាត់ អង្គុយវិភាគ ទឹកហ្នឹងផឹកអត់? តើគេដាក់បានន័យថាម៉េច? ហ៊ានតែអង្គុយៗហ្នឹង គឺថាម្នាក់ចាប់ផ្តើមសួរភ្លាមគឺចាប់ផ្តើមគិតពីរឿងហ្នឹងភ្លាមព្រោះអ្នកវិភាគអត់អាចចាញ់ទេ។ ស្រាប់តែតាមពិត គេថាដាក់ព្រោះបងវិភាគ បងនិយាយច្រើន ហូបទឹកកុំឲ្យវាស្ងួតបំពង់ក។ កាលខ្ញុំនៅស្រាវជ្រាវ ប្រធានបទតែមួយសាមញ្ញបំផុត។ ថ្ងៃមុននេះ អ្នកអក្សរសាស្ត្រជជែកគ្នា។ ខ្ញុំធ្លាប់ចូលរួមប្រជុំតែងច្បាប់សហជីពកាលនោះ។ ពាក្យមួយ គឺ “រលាយ” និង “រំលាយ” ជជែកគ្នារវាងខាងអក្សរសាស្ត្រ ខាងវប្បធម៌ជជែកគ្នាមួយថ្ងៃ។ ចុងក្រោយថាទុកសិនចុះ … ខ្ញុំមិនមែនអ្នកអក្សរសាស្ត្រ អង្គុយស្តាប់គេពេញហ្នឹង។ ប៉ុន្តែសួរថា មិនឲ្យគាត់ជជែក? អត់ទេ។ ត្រូវបញ្ចេញមតិ។ យើងស្វាគមន៍ទាំងអស់គ្នា ប៉ុន្តែពេលខ្លះកុំយកតែជំហរមួយហ្នឹង ព្រោះវាខ្ទាស់ បានន័យថាអត់ទៅមុខ។ យើងនឹងបោះបង់ចោល យកអ្វីដើម្បីផលប្រយោជន៍រួម។ ឧទាហរណ៍ថា រឿងយន្តការនេះ បើដាក់អាហ្នឹងវាមិនត្រូវជាជម្រើសដែលត្រូវបានខ្ញុំរើសទេ។ កុំបិទច្រក កុំពហិការឈប់ចូលរួមយោបល់ ឈប់វិភាគ ផ្តល់យោបល់មក … ឥឡូវ យើងឃើញ មានអ្នកវិភាគច្រើន។ ខ្ញុំលើកស្វាគមន៍។ កាលមុន ឃើញតែអ្នកវិភាគជេរ ស៊ីអារម្មណ៍។ ឥឡូវ យើងមានអ្នកវិភាគបែបអ្នកសិក្សាបានច្រើន។
(៣៨) ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការកែទម្រង់ប្រព័ន្ធការងាររបស់រដ្ឋ គឺដើម្បីរាជរដ្ឋាភិបាលមានលទ្ធភាពបំរើប្រជាជនកាន់តែប្រសើរឡើង …
អត់ចាំបាច់ត្រូវតែមានយន្តការស្អីទេ។ ប្រជាពលរដ្ឋយើង ក៏ចូលរួមវិភាគដែរ។ ជួនកាល វិភាគមិនមែនចាំបាច់តែអ្នករៀនទេ អ្នកដែលមានបទពិសោធន៍ធ្វើការងារ។ ឧទាហរណ៍ វិភាគបញ្ចេញមតិទៅលើប្រព័ន្ធការងារជួយធុរកិច្ចមួយចំនួន អ្នកដែលមានបទពិសោធន៍ធ្វើធុរកិច្ចហ្នឹង ជួនកាលគាត់ច្បាស់ជាងអ្នកសិក្សាផង ព្រោះគាត់ប្រឡូកផ្ទាល់ គាត់លើកយោបល់ផ្ទាល់។ បានន័យថាអ្វីដែលយើងធ្វើ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែទម្រង់រដ្ឋ ទាំងប្រព័ន្ធការងាររបស់រដ្ឋ គឺសុទ្ធតែធ្វើឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពបំរើប្រជាជនកាន់តែប្រសើរឡើង កាន់តែបង្កើតសមិទ្ធផលឲ្យកាន់តែច្រើនឡើង កាត់បន្ថយភាពអវិជ្ជមាន បង្កើនប្រសិទ្ធភាព និងសក្ដិសិទ្ធភាពក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ទោះបីជារូបមន្ដរបស់យើងមិនកូពីប្រទេសណាក៏ដោយ ប៉ុន្ដែយើងមានមូលហេតុច្បាស់លាស់ ជាពិសេសពាក់ព័ន្ធក្នុងការកែទំរង់រដ្ឋ ស្ថាប័ន និង(ការកំណត់)អាទិភាពរបស់យើង។ ថ្ងៃនេះ(ថា)និយាយ(អំពីការ)សម្ពោធផ្លូវ តែនិយាយពីការកែទំរង់រដ្ឋ ព្រោះវាពាក់ព័ន្ធជាមួយគ្នាទាំងអស់។ ខ្ញុំសូមយកឱកាសនេះអរគុណ ដល់ធនាគារពិភពលោកផងដែរដែលជាដៃគូល្អនិងដៃគូទាំងអស់(ផ្សេងទៀត) មានលោកស្រី Tania Meyer ចូលរួមថ្ងៃនេះ។ ចក្ខុវិស័យរបស់យើងដូចគ្នា អាទិភាពនៃការអភិវឌ្ឍប្រទេសដូចគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបំរើប្រជាពលរដ្ឋ ដៃគូដាក់គោលនយោបាយអភិវឌ្ឍប្រទេសដូចគ្នា។ ធនាគាពិភព(ដើរតួនាទីជា)ដៃគូ(អភិវឌ្ឍន៍)តាំងពីប្រទេសកម្ពុជារួចពីសង្គ្រាម។
[បញ្ចប់សេចក្ដីអធិប្បាយ១]
សូមឲ្យបន្ដជួយទៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត លើវិស័យសក្ដានុពលជាពិសេសវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម, វិស័យទេសចរណ៍, វិស័យកម្មន្ដសាល, វិស័យសុខាភិបាល និងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ព្រោះទាំងអស់នេះសុទ្ធតែជាគោលដៅសំខាន់បំផុតដើម្បីធានានូវចីរភាព និងភាពធន់នៃសេដ្ឋកិច្ចរបស់យើង។ កម្ពុជាសូមអរគុណដល់បណ្ដាដៃគូទាំងអស់ អ្នកវិនិយោគក្នុង/ក្រៅប្រទេស និងវិស័យឯកជន ដែលបានចូលរួមជាដៃគូល្អក្នុងការអភិវឌ្ឍប្រទេសបង្កើតការងារទាញចូលនូវបច្ចេកវិទ្យា ដើម្បីទាញយកសក្ដានុពលពីក្នុងប្រទេសយើងបង្កើនផលិតផលក្នុងប្រទេសឲ្យបានកាន់តែច្រើន ជាជាងប្រទេសត្រឹមតែនាំចេញនូវផលិតផលដើម ទៅជាប្រទេសដែលអាចកែច្នៃនូវផលិតផលពាក់កណ្ដាលសំរេច និងសំរេចខ្លួនឯង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៣៩) ក្រសួងពាណិជ្ជកម្មគប្បីជួយផ្សព្វផ្សាយឱ្យប្រជាជនក្នុងនិងអ្នកក្រៅប្រទេស បានដឹងថាផលិតផលខ្មែរបានទៅដល់នេះ/នោះ
ល្ងាចមិញលោកជំទាវ ចម និមល គាត់បាញ់រូបឲ្យខ្ញុំ សុំរាយការណ៍(ពី)អង្ករយើងផលិតផលកសិកម្មយើងមានដាក់នៅ Costco នៅអាមេរិក។ ខ្ញុំថា ឥឡូវក្រសួងពាណិជ្ជកម្មជួយធ្វើ កុំបាញ់ឲ្យតែនាយករដ្ឋមន្ដ្រីមើល។ ធ្វើជាវីដេអូសំភាសន៍បងប្អូននៅក្រៅប្រទេស បង្ហាញប្រជាជនយើងក្នុងប្រទេស និងអ្នកក្រៅប្រទេសផង ដើម្បី(គាត់)បានដឹងផងថាផលិតផលខ្មែរយើងបានមកដល់ហើយ ឬទៅដល់នេះ/នោះហើយ។ ខ្មែរយើងអាចមានសមត្ថភាពកែច្នៃ វេចខ្ចប់ខ្លួនឯងតាមស្ដង់ដារបរទេសហើយ។ ត្រូវឲ្យពួកគាត់មានមោទនភាពផង។ កុំឲ្យគេថាមិនធ្វើអ្វីទាំងអស់។ នាំចេញមិនដឹងនាំចេញទៅណា។ កំណើនការនាំចេញអង្ករមានជិត១លានតោនហើយ។ ប៉ុន្ដែត្រូវប្រាប់ផងថាទៅដល់(ទីផ្សារ)ណាខ្លះ? ថតប្រាប់ផង។ បងប្អូនយើងនៅក្រៅប្រទេសដូចអាមេរិកអី ខ្ញុំឃើញគាត់មានមោទនភាពណាស់។ គាត់សុខចិត្តជិះឡាន កន្លែងខ្លះ៥០-១០០ គីឡូ ទៅទិញអង្ករខ្មែរ។ ជួយថតបង្ហោះថានេះ(អង្ករ)កម្ពុជា។ ហ្នឹងជាមោទនភាពរបស់ជាតិខ្មែរ ពង្រឹងសមត្ថភាពគ្រប់វិស័យទាំងអស់។
(៤០) “ធ្វើមិនបានទាំងអស់ក្នុងពេលតែមួយ តែធ្វើបានច្រើន ឯផលបានទៅអ្នកមូលដ្ឋាន …”
កាលពីមុនមានវាយនភណ្ឌ ខោអាវស្អីៗហ្នឹង។ ជំនួយការមួយគេទៅដល់អាមេរិក។ ដើរផ្សារ។ ទិញខោទាហាន ៥១១ មួយ ៤៥ដុល្លារ។ អួតប្រាប់ខ្ញុំថាទិញខោមួយស្អាតណាស់។ បើកមើល Made in Cambodia។ ដឹងអញ្ចឹងទិញទួលទំពូង ៥ដុល្លារ។ គ្រួសារខ្ញុំរៀននៅ Boston អាមេរិក។ គាត់មក shopping … ខោអាវគាត់ជួនទិញនៅទួលទំពូងដូចតែគ្នា (និង)យកទៅផ្ញើមិត្តភក្ដិគាត់។ ទៅដល់មិត្តភក្ដិថាអត់អីទេ ប្រហែលគិតថាខោអាវពីស្រុកខ្មែរដេរមិនជាប់។ អាវដូចគ្នា។ គាត់អត់មើល BRAND។ ដល់គាត់ទៅផ្សារមួយ ៨០ដុល្លារ គាត់ថាអាហ្នឹងដូចគ្នាបានគាត់មកវិញសុំ។ កម្ពុជាមានសមត្ថភាពទឹកដៃផលិតនាំចេញគុណភាពបាន។ អ្វីដែលសំខាន់ បើកទីផ្សារផ្ទាល់ យើងនាំផលិតផលយើងចេញ។ ធ្វើតែផ្លូវ DIRECT តភ្ជាប់ កាត់បន្ថយការដឹកជញ្ជូន។ យើងធ្វើមិនបានទាំងអស់ក្នុងពេលតែមួយទេ តែយើងពង្រីកបានច្រើន។ ផលបានទៅអ្នកណា? ផលយកមកអ្នកមូលដ្ឋាន។ កសិផលដាំនៅក្រចេះ រតនគិរី មណ្ឌលគិរី មិនមែនតែផលិតផលដាំ អាចមានជាកំប៉ុង ជារបស់កែច្នៃប្រឌិត អាចឡើងទៅដល់ក្រៅជាជាងនៅក្នុង។ ហ្នឹងដែលយើងចង់ជំរុញ ហើយវាប្រទាក់ក្រឡាគ្នាទាំងអស់ រួមទាំងកំណែទំរង់រដ្ឋ។ នេះជាប្រធានបទព្រឹកនេះ គឺពាក់ព័ន្ធប្រទាក់ក្រឡាគ្នា។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ជាថ្មីម្តងទៀត នៅក្នុងគោលបំណង ឥឡូវបន្តនេះគឺ ពន្លឿនការអភិវឌ្ឍដឹកជញ្ជូនឡូជីស្ទិក រៀបចំបរិយាកាសវិនិយោគ ទេសចរណ៍ និងបរិស្ថានមានគុណភាព សូមអនុសាសន៍ចំនួនដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗដូចគ្នា៖
ទី១.ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និង ពង្រីកកិច្ចសហការជាមួយដៃគូអភិវឌ្ឍ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យមានគុណភាព, ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។ ជាមួយគ្នានេះ, ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាដែលកំពុងសិក្សា និង ការបង្កើតមណ្ឌលឡូជីស្ទីកនៅភូមិភាគឦសាន ដើម្បីគាំទ្រដល់ការអនុវត្ត «កម្មវិធីពិសេសជំរុញការ-វិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ប្រកបដោយជោគជ័យ ។
ទី២.ត្រូវបន្តការសិក្សាលទ្ធភាពបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម និង កម្ពុជា-ឡាវ បន្ថែមទៀត ស្របតាមការពិនិត្យពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងរដ្ឋាភិបាលវៀតណាម និង រដ្ឋាភិបាលឡាវ កន្លងមក, ព្រមទាំង ប្រឹងប្រែងជំរុញការសិក្សាសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជា៖ ការតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា និង ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម, ការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ខេត្តព្រះវិហាររបស់កម្ពុជា និង ទន្លេសេឡាំប៉ាវ ខេត្តចំប៉ាសាក់របស់ឡាវ, ការជំរុញការបើកប្រតិបត្តិការដឹកជញ្ជូននៅច្រកទ្វារព្រំដែនម៉ឺនជ័យ ខេត្តព្រៃវែងរបស់កម្ពុជា និង ច្រកទ្វារព្រំដែនតឹនណាម ខេត្តតៃនិញរបស់វៀតណាម, និង ការជំរុញបើកច្រកទ្វារព្រំដែនរវាងខេត្ត-រតនគិរីរបស់កម្ពុជា និង ខេត្តអាត់តាពើរបស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម, រំហូរ-ទេសចរណ៍ ការដឹកជញ្ជូន និង ការតភ្ជាប់រវាងប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ ។
ទី៣.ត្រូវសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការតភ្ជាប់ប្រទាក់ក្រឡារវាងបណ្ដាញដឹកជញ្ជូនពហុមធ្យោបាយ រួមមាន៖ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និង កំពង់ផែ ដោយផ្តល់អាទិភាពខ្ពស់លើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីជនបទ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ និង តំបន់សមុទ្រ ព្រមទាំង ជំរុញការអនុវត្តផែនការមេផ្សេងៗ និងដោយឡែក។
ទី៤.ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និង ការត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និង ប្រកបដោយគុណភាពខ្ពស់ និង បញ្ចៀសឱ្យបានជាអតិបរមានូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថានដ៏ស្រស់ស្អាតរបស់ប្រទេសយើង ។ ជាមួយគ្នានេះ, ត្រូវបន្តពង្រឹង ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព របស់ស្ថានីយជញ្ជីង ដើម្បីជំរុញការអនុវត្តច្បាប់តឹងរ៉ឹង និង មិនលើកលែង ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតដែលច្បាប់បានកំណត់ ។
ទី៥.ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និង ពង្រីកកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសិក្សាដាក់ចេញនូវយន្តការ ដើម្បីដោះស្រាយបញ្ហាដែលតែងតែកើតមាននៅតាមដងផ្លូវ ដូចជា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការអនុវត្ត និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ការដាក់សញ្ញាចរាចរណ៍នៅតាមកន្លែងដែលមានការកកស្ទះចរាចរណ៍ និង កន្លែងដែលតែងតែមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ការកំណត់ល្បឿនបើកបរអតិបរមាឱ្យបានសមស្រប ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៤១) “ត្រូវការភាពជាដៃគូរវាងអ្នកធ្វើនិងអ្នកថែផ្លូវឃុំ/សង្កាត់ … អភិវឌ្ឍជនបទអ្នកធ្វើឃុំសង្កាត់ជាម្ចាស់ …”
ចំណុចនេះខ្ញុំចង់ឲ្យមានការយកចិត្តទុកដាក់លើការជួសជុលថែទាំ។ ក្នុងរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា បាននិយាយហើយ។ ការជួសជុលថែទាំសំខាន់ដើម្បីឲ្យអាយុរបស់ផ្លូវវាវែង។ សូមមើលការវិភាជន៍ថវិកា មិនថាក្រសួងសាធារណការទេ ឬក្រសួងអភិវឌ្ឍជនបទទេ។ ថ្ងៃមុន សួរទៅឯកឧត្តម ឆាយ ឬទ្ធីសែន ក៏យើងមានតិច ត្រូវពិនិត្យមើលរឿងហ្នឹង។ ជួនកាល តំរូវការផ្លូវថ្មីមានច្រើន ហើយថវិកាយើងមិនមានច្រើនក៏ដោយត្រូវមើលស្អីដែលយើងមានស្រាប់។ ត្រូវគិតភាគរយវាឲ្យមែនទែន។ បើយើងយកចិត្តទុកដាក់ធ្វើតែអាថ្មី ៣ឆ្នាំក្រោយមក(ខូច)អស់ដដែល អស់(លុយម្ដង)ទៀតដដែល។ (អញ្ចឹង)ត្រូវថែទាំវា។ ខ្ញុំសួរ ដូចថវិកាភូមិ ឃុំ អត់មានទេថវិកាថែទាំ មានតែថវិកាអភិវឌ្ឍ។ ឧទាហរណ៍ ត្រូវមើលផ្លូវឃុំ/សង្កាត់ ព្រោះត្រូវមានភាពជាដៃគូរវាងអ្នកធ្វើនិងអ្នកថែ។ អភិវឌ្ឍជនបទអ្នកធ្វើ ប៉ុន្ដែឃុំសង្កាត់ជាម្ចាស់។ ត្រូវមានលទ្ធភាពក្នុងការថែទាំកម្រិតណា។ បើមិនអញ្ចឹងទេ ខ្ទេចអស់ ហើយចាំអភិវឌ្ឍន៍ជនបទចុះមក។ មានរាប់ម៉ឺន រាប់ពាន់ឃុំ ទៅធ្វើម៉េចអស់។ ខ្ញុំសូមឱ្យពិនិត្យមើលអាហ្នឹងឡើងវិញ ព្រោះស្តាយ។ ថ្ងៃមុន ខ្ញុំជិះផ្លូវ៤៤។ ខ្ញុំធ្លាប់ជិះម៉ូតូ។ ប៉ុន្ដែឥឡូវចាប់ផ្តើមសំបុកមាន់។ ខ្ញុំប្រាប់ខេត្តមើលផង។ ខាងសាធារណការក៏ជួសជុល។ ប៉ុន្តែខ្ញុំប្រាប់ខេត្ត។ ខេត្តមិនត្រូវតែពឹងទៅលើ(សាធារណការ)ទេ។ ហ្នឹងដីរបស់សាធារណការ ប៉ុន្តែវានៅក្នុងខេត្តរបស់យើង។ ឥឡូវបើវាសំបុកមាន់ យកថវិកាខ្លះមកជួសជុលវាទៅ។ អញ្ចឹង បានឯកឧត្តម ជាម ច័ន្ទសោភ័ណ ថា “ខ្ញុំធ្វើដែរអត់ចាំសុំពីលើទេ ព្រោះទៅលើ ជួនកាលដល់អស់ធំពេកគេលែងធ្វើឱ្យ។ អញ្ចឹង(ខូច)បន្តិចៗ ខ្ញុំជួសជុល ដាក់មន្ទីររបស់ខ្ញុំហ្នឹង។ ថវិកាខេត្ត ខ្លះដាក់មកច្នៃប្រឌិត” … អាឡូតូចៗ ជួសជុលវាទៅ។ បើយើងរវល់តែនៅចាំ (ជង្ហុក)តូចៗ ហ្នឹង ពេលវាចាប់ផ្តើមរីកធំ វាក្រហូងធំ គេមកជួសជុលធំ ខូច ហើយខាតពីណា? ខាតយើង។
(៤២) វិភាជឃុំគួរមានកញ្ចប់ខ្លះសម្រាប់ការជួសជុលថ្នល់ ហើយប្រើឱ្យចំគោលដៅ
អញ្ចឹងរវាងអ្នកធ្វើនិងភាពជាម្ចាស់ត្រូវមើលរឿងហ្នឹង។ អភិវឌ្ឍន៍ជនបទធ្វើ តែភាពជាម្ចាស់ត្រូវឃុំស្រុក។ ត្រូវមើលក្នុងការវិភាជហ្នឹង គួរមានកញ្ចប់ខ្លះសម្រាប់ជួសជុល ហើយឱ្យចំគោលដៅ។ បន្តិចៗ ហ្នឹងគឺជួយ។ ថ្ងៃមុនដូចឯកឧត្តម ខូយ រីដា ចុះទៅធ្វើ។ មានការរិះគន់ច្រើន។ ប៉ុន្តែវាមិនមែនរឿងចៅហ្វាយខេត្តទៅធ្វើ តែជាសារ មេកំពូលរបស់ខេត្តដែលចុះទៅធ្វើគឺជាការដាស់តឿន និងការធ្វើឱ្យចាប់អារម្មណ៍ធំណាស់។ សារនយោបាយធំ ដើម្បីឱ្យយើងយកចិត្តទុកដាក់ថានេះភាពជាម្ចាស់។ ពេលខ្លះទម្ងន់ខុសគ្នា។ ទម្ងន់នៃតួអង្គសំខាន់។ ធ្វើដូចគ្នា។ ហ្នឹងដូចរឿងកំប្លែងអញ្ចឹង ឱ្យពាក់មីនិយាយអីក៏គេសើចដែរ ព្រោះតួអង្គហ្នឹងគេចាំតែសើចរួចទៅហើយ។ គេចាំតែមើលរួចទៅហើយ … ហ្នឹងដែលមិត្តភក្តិខ្ញុំម្នាក់ ដើរតាមខ្ញុំ វាថាមេឯងមើល អត់យុត្តិធម៌ហ្មង ពេលមេឯងពាក់ស្បែកជើងផ្ទាត់គេថាមេសាមញ្ញ ដល់ខ្ញុំពាក់ស្បែកជើងផ្ទាត់ គេថាឯងធ្វើដូចគឃៀរម៉េចទេ … ប៉ុន្តែការដឹកនាំគឺត្រូវ(ធ្វើ)ពីលើ។ លើការងារតូចៗនេះ គឺមេទ័ពត្រូវ(មាន)ទម្ងន់ដើម្បីជាចលនា។ មិនមែនចៅហ្វាយខេត្តទៅធ្វើផ្លូវគ្រប់កន្លែងទេ ប៉ុន្តែជាសារនយោបាយអំពីការចាប់អារម្មណ៍ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីក្នុងខេត្តដើម្បីយើងយកចិត្តទុកដាក់។ គាត់ប្រហែលជាបានដាក់គោលដៅរួចហើយ ណែនាំក្នុងអង្គប្រជុំហើយថាឃុំនេះនោះមើលជួសជុលអីទៅ ខ្វះស៊ីម៉ង់ត៍ខ្វះអីសួរខ្ញុំ។ សួរក្រុមការងារយើងទម្លាក់ឱ្យ។ ខ្ញុំនឹងចុះទៅបង្ហាញមួយកន្លែង។ ជួនកាលគាត់ធ្វើអញ្ចឹងដើម្បីបំផុសការចាប់អារម្មណ៍ ។
…..
ដូចខ្ញុំទៅខ្នងផ្សារកន្លងទៅ មិនមែនខ្ញុំទៅដើរជំនួស(តួនាទី)ឯកឧត្តម ហួត ហាក់ ទេ។ ប៉ុន្ដែ យើងចុះទៅដើម្បីការចាប់អារម្មណ៍។ សហគមន៍ដែលមានការអភិវឌ្ឍហ្នឹងមានច្រើននៅទូទាំងប្រទេស។ សម្រាប់ខ្ញុំ ក៏ជាហេតុផលមួយដែលយើងអាចសុំមេចេញ(ភរិយា)បានពីផ្ទះ។ នៅផ្ទះមានមេនៅផ្ទះមួយទៀត។ ចេញទៅណាមិនស្រួល ទៅធ្វើអី? (ប្រាប់គាត់)ទៅមើលការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យទៅ។ ប៉ុន្តែបើទៅអត់មានអីទេ ទៅកម្សាន្ត បាត់ក្រេឌីតអស់ឥឡូវហ្នឹង។ ថ្ងៃមុនខ្ញុំនិយាយរឿងក្រេឌីតហ្នឹងចំណេញច្រើនណាស់។ មិនមែនចំណេញខ្ញុំទេ ចំណេញប្រពន្ធៗ។ ថាមើលគាត់រវល់ ប៉ុន្តែឆ្លៀតជូនភរិយាទៅបាន។ គេឃើញ(ផូស្ដរបស់ខ្ញុំ)ក៏ដាក់ឌឺប្តីគេនៅហ្នឹង។ សូម្បីតែសម្តេចក៏មានពេលនាំប្រពន្ធទៅយកក្រេឌីតនៅគិរីរម្យ ចុះលោកប្តី? គេដាក់ឈ្មោះនៅហ្នឹង តើរវល់យ៉ាងណា? អ្នកខ្លះប្រុសៗ អន់ចិត្តវិញ ធ្លាប់តែមានលេសរវល់។ ឥឡូវទៅលែងបាន។ ម្សិលមិញប្រពន្ធខ្ញុំគាត់ទៅ(ដើម្បីធ្វើ)រឿងផ្សព្វផ្សាយ។ មិនមែនទាល់តែផ្សព្វផ្សាយ CNN អីបានកើតទេ។ ឥឡូវនេះផ្សព្វផ្សាយធំគឺ Social Media របស់យើង។ ក្មួយៗ ប្អូនៗ Gen Z នៅក្នុងនេះ មានអ្នកណាគណនីហ្វេសប៊ុកអ្នក Followers លើសពី ១០ម៉ឺននាក់ឬអត់? លើកដៃបន្តិច។ អ្នកមើល ១០ម៉ឺននាក់។ អ្នកខ្លះរាប់លាននាក់។
គ្រាន់តែរឿង(ដែលគេល្បីក្នុងបណ្ដាញសង្គម) Machha Strawberry គេបង្ហោះ ដោយទាំងប្រពន្ធខ្ញុំក៏ទៅដែរ ជាមួយពួកម៉ាកគាត់។ អ្នកនៅអង្គរហ្នឹង មួយថ្ងៃគាត់ត្រូវដងចេញម្តង ព្រោះទុកយូរវារលួយ។ ប៉ុន្តែ ដល់វាល្បីពេកទៅគេថា ៣ថ្ងៃចាំដងចេញម្តង។ ការបង្កើតការចាប់អារម្មណ៍អញ្ចឹង។ យើងមានកោះទ្រង់ យើងមានព្រែកកំាពី បន្តិចៗ ហ្នឹងសំខាន់។ មានដល់ឆ្លងភពឥឡូវ។ បទ ឱក សុគន្ធកញ្ញា ឥឡូវឆ្លងភព។ ខ្ញុំមិនដឹងជាអាហ្នឹងឆ្លងភពស្អីគេ។ ប្រពន្ធគាត់ថតមួយមក(អោយមើល) ថាឆ្លងភព។ ខ្ញុំក៏ Share ទៅ។ ដល់ក្រោយមកបានឃើញក្មេងៗ បងប្អូនយើង គាត់ទៅថតស្លៀកពាក់ខោអាវបុរាណខ្មែរ ថតរត់មកដល់ Frame ហ្នឹង គេបិទអាហ្នឹង គេចេញនៅកន្លែងផ្សេង។ បន្តិចៗ ហ្នឹងហើយបំផុស។
…..
(៤៣) រដូវកាលបៃតងនៅសៀមរាប ថ្ងៃសៅរ៍អាទិត្យមានភ្ញៀវទេសចរក្នុងស្រុកណែនណាន់
ឥឡូវ ទៅមើលទេសចរណ៍នៅសៀមរាបរដូវបៃតង។ ឆ្នាំនេះខុសពីឆ្នាំទៅ ដោយសារប៉ុន្មានហ្នឹង ឡានឡើងណែន ថ្ងៃសៅរ៍ អាទិត្យ។ ឥឡូវនេះថ្ងៃច័ន្ទក៏ណែនដែរ។ សួរថាតើអ្នកណាជាភ្ញៀវ? មិនមែនបរទេសពីក្រៅទេ ក្មេងៗ ខ្លះពីមកពីស្វាយរៀង។ ប្រពន្ធខ្ញុំសួរ ប្រឡងបាក់ឌូប្លិ៍ជាប់(គាត់នាំគ្នាមកលេង)។ កាលយើងប្រឡងបាក់ឌូប្លិ៍ជាប់ ត្រឹមជិះកង់ ជិះម៉ូតូ ទៅកៀនស្វាយ ឥឡូវក្មេងៗគេមានលទ្ធភាពជួលឡានក្រុងទៅសៀមរាប។ ទេសចរក្នុងស្រុកច្រើន។ នៅកំពង់សោមដូចគ្នាដែរ។ នៅខេត្តដូចគ្នា ឥឡូវហេដ្ឋារចនាសម្ព័ន្ធល្អ បង្កើតស្អីមួយឲ្យផ្ទុះទៅ។ ឆ្លងភពពីសៀមរាបមកដល់ព្រែកកំាពីទៅ។ យើងមានរឿងស្អី? មានរឿងក្រពើ ឆារ៉ាវ៉ាន់ មានប្រវត្តិ មានអីដែរតើ។ ភ្នំសុពណ៌កាឡី មានប្រវត្តិថតហ្នឹងទៅ។ ថ្ងៃមុនខ្ញុំទៅសុពណ៌កាឡី មាននៅហាន់ជ័យ ខ្ញុំទៅវត្តហ្នឹង ឃើញក្រពើមានអណ្តាត។ ធ្វើតូចៗហ្នឹង។ បើយើងធ្វើត្រូវផ្សព្វផ្សាយយើងទាញ។
(៤៤) ខេត្តនីមួយៗ អភិវឌ្ឍអោយស្អាត ទេសចរពីក្រៅខេត្តក៏ចូលលេង
កុំគិតរឿងធ្វើឲ្យពីណា? អភិវឌ្ឍនៅក្នុងខេត្តនីមួយៗ គិតឲ្យប្រជាជនក្នុងខេត្តជាគោល អោយតែអ្នកខេត្តមកឃើញស្អាត កន្លែងដើរលេងកម្សាន្តស្អាត អ្នកមកពីក្រៅខេត្តក៏ចូលលេងដែរ។ ថ្ងៃក្រោយទេសចរមកលេង។ នៅក្រចេះ មានផ្សោត។ រតនគិរី មានអកបឹងកន្សែង, នៅស្ទឹងត្រែង មានស្អីអញ្ចឹងទៅអាចបង្កើតបន្ថែមទៀត។ នៅកំពង់ចាម ក្រៅពីហាងតាម៉ាប់មាននៅខាងសួន។ ប៉ុន្តែឥឡូវឃើញបាក់ច្រើន។ ព្រៃវែង ដូចធ្វើស្អីដែរនៅកណ្តាលហ្នឹង … តែជិះឃើញថត post ដែរ។ កន្លែងច្រមុះជ្រូកហ្នឹងឃើញធ្វើបានសួនល្អ។ នៅក្រចេះនេះ មាត់ទន្លេ ឃើញរៀបចំបានល្អ។ អត់បាក់ទេ អាហ្នឹងកាលពីមុនថាទឹកបុកមកចំមុខទឹកម៉េច? ប៉ុន្តែយើងរៀបទេសចរណ៍ … ខ្ញុំមកស្នាក់នៅអាសណ្ឋាគារ Dolphin នេះកាលនៅក្មេងៗ។
អម្បាញ់មិញចុះមកច្រណែនជាមួយឯកឧត្តម យូ ស៊ុនឡុង។ ថាពូកាលខ្ញុំនៅជើងគោកទៅណា មានលេសទៅមួយយប់មុនរហូតជួបជុំបងប្អូន។ ឥឡូវអស់លេសហើយ។ ពូៗ នៅសប្បាយជាងខ្ញុំ ព្រោះគាត់មកមុន គាត់ជុំគ្នាហូបបាយ ស្ដាប់ភ្លេងអីអញ្ចឹងទៅ។ សប្បាយ។ បង្កើតកន្លែងហ្នឹងច្រើនគឺជាកិច្ចការល្អ។ នៅភ្នំពេញ ឥឡូវរៀបចំព្រលានយន្តហោះចាស់ហ្នឹងដាំ(ដើមឈើ)។ បន្តិចទៀតសួនអីត្រូវបើក។ សង្ឃឹមថាអាចភ្ជុំ ឬមួយអីនេះ ចាប់ផ្តើម(ដំណើរការ)។ នៅខេត្តផ្សេងៗ ឥឡូវមានខ្លះគេដាក់នាគ ឯខ្លះគេដាក់សេះសមុទ្រ។ ដូចនៅខេត្តកែបមានក្តាមមែនទេ? … មិនថាបាញ់ទឹកបាញ់ភ្លើង ខ្ញុំអត់ដឹងទេ តែសូមច្នៃក្តាមឲ្យទៅជាក្តាមទាក់ទាញ ទៅ ខេត្តសមុទ្រស្រាប់ហើយ។ កោះកុង មានព្រៃឃុនឆាងឃុនផែន មានអីអញ្ចឹងទៅ កំពតឃើញគេបង្កើតឆ្នេរសប្បនិម្មិត។
ខ្ញុំថានេះគឺជាដំណើរការល្អ។ មុនគេប្រជាជននៅយើងហ្នឹងហើយ។ រឿងទេសចរក្រៅប្រទេសជារឿងមួយ ប៉ុន្តែផាសុខភាព សោភណភាពសម្រាប់អ្នកក្រចេះ យើងធ្វើនៅទីនេះគឺសម្រាប់ជាគោលដៅអាទិភាពធំ។ ឱ្យតែមកហើយ កន្លែងអ្នកផ្សេងគេទៅលេងហើយ។ តាមខេត្តនីមួយៗ យើងប្រឹងធ្វើដូចគ្នា។ ខ្ញុំទើបឃើញម្សិលមិញនៅរតនគិរី។ ដំបូងខ្ញុំស្មានមានតែបឹងកន្សែងហ្នឹងទេ។ មានរូបអករូបអី។ ល្ងាចមិញឃើញមានមួយទៀត គេហៅស្ពានជួបស្នេហ៍។ ស្ពានហ្នឹងគេធ្វើដោយប្រើតែឈើធម្មតា មិនបាច់ស្អាតបេតុងអី ធ្វើរបៀបធម្មជាតិហ្នឹងល្អ គាត់ទៅដើរ មិនស្រួលធ្លាក់ទឹក ចាប់ទៅជួបស្នេហ៍(រៀប)ការអីទៅ។ យើងធ្លាប់អាយុ ១៦, ១៧, ២០, ២០ឆ្នាំ ជាង យើងត្រូវយល់។ ក្មេងៗ ឥឡូវ ដូចតែគ្នា គ្រាន់តែគេទំនើបជាងយើងតែប៉ុណ្ណឹងទេ។ យើងធាក់កង់ទៅកៀនស្វាយ គេជួលឡានទៅ(សៀមរាប) តែការជួបគ្នាការសប្បាយរីករាយជាមួយគ្នា វានៅតែមាន។ ដូចថ្ងៃមុនរឿងអី គេហៅទុំទាវ? គេបែរទៅជួបព្រះសង្ឃមួយអង្គចេញមកផ្អើលពេញហ្នឹងទៅ។ និយាយលេង … បន្តិចទៀតអ្នកក្រចេះការជាមួយអ្នកកំពង់ចាមច្រើន … ឆ្លងតែបន្តិចទៅដល់កំពង់ចាមបាត់ …។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
មុននឹងបញ្ចប់, ខ្ញុំសូមសម្តែងនូវអំណរសាទរជាមួយ លោកតា លោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ជាពិសេស ខេត្តទាំងបួននៃភូមិភាគឦសាន ចំពោះសមិទ្ធផលថ្មីទាំងអស់ ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន និងតាមរយៈការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ច, ការទាក់ទាញវិនិយោគ ទាំងក្នុង និង ពីក្រៅទេស, ការបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និង ការលើកកម្ពស់សុខភាពសាធារណៈ និង គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
សូមយកចិត្តទុកដាក់រឿងទឹកជំនន់ និងការគាំពារដល់ប្រជាពលរដ្ឋ ក្នុងពេលមានការចាំបាច់។ ឥឡូវដូចពាក់ព័ន្ធលិច ៤ខេត្ត។ ខេត្តដើមខ្សែ ក្រចេះ កំពង់ចាម ត្បូងឃ្មុំ និងស្ទឹងត្រែង។ ខេត្តក្រោមអត់ទាន់អីទេខាងមេគង្គ មិនទាន់អី។ ខ្ញុំសង្ឃឹមថាវាមិននៅយូរ។ បើត្រឹមតែឡើងមកបន្តិច យកល្បាប់មកកាន់តែល្អ តែបើថាវានៅយូរ រលួយអីអស់ ប៉ុន្តែធ្វើម៉េចត្រៀម។ ខាងកងកម្លាំងទាំង ៣ប្រភេទរបស់យើង ជាពិសេសខាងកម្លាំងដែលមានកងអន្តរាគមន៍ត្រៀមសង្គ្រោះ។
[បញ្ចប់សេចក្ដីអធិប្បាយ៤]
ជាទីបញ្ចប់, ជាមួយនឹងការប្រកាស «ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និង កំណាត់ផ្លូវខេត្តលេខ៣៧៧A», ខ្ញុំសូមជូនពរលោកស្រី តាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ, លោក លោកស្រី, សមាជិក សមាជិកា នៃអង្គពិធី, អ៊ំ ពូ មីង បងប្អូន ក្មួយៗ លោកតា លោកយាយ អ្នកខេត្តក្រចេះទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ មានសុភមង្គលក្នុងគ្រួសារ និង សម្រេចបានជោគជ័យលើភារកិច្ចការងារ និងសូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាតឡើយ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
ថ្ងៃនេះក៏មានសម្រាប់យុវជនកាយារិទ្ធ, កាកបាទក្រហម, ស.ស.យ.ក, យុវជន អ.ម.ត, សមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្ត, យុវជនស្រឡាញ់សន្តិភាព,យុវជន ក.១៥៧, សមាគមរាជសីហ៍, យុវជនគណបក្សប្រជាជនកម្ពុជា, យុវជនមូស្លីមកម្ពុជា, សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព, និស្សិតសាកលវិទ្យាល័យក្រចេះ, និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច, សិស្សវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន ឦសាន និងនិស្សិតវិទ្យាស្ថានអាស៊ី កម្ពុជា សរុប ៧៥០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ក្រុងក្រចេះ ៤៤៥ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ សង្ស័យលោកគ្រូ អ្នកគ្រូ មានផែនការជប់ខ្លាំងជាងសិស្សទៀតមើលទៅ?
ជូនវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ, វិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង ថវិកា ១ វិទ្យាល័យ ២ លានរៀល។ សាកលវិទ្យាល័យក្រចេះ ថវិកា ៥ លានរៀល, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន ឥសាន ថវិកា ៥ លានរៀល, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ ៥ លានរៀល, សាលាក្រុងក្រចេះ ២ លាន។ ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ៣ លានរៀល ក្រុមតន្ត្រីសម័យ ថវិកា ១០ លានរៀល។ ថ្ងៃនេះ មានសិល្បករ សិល្បការិនី មកច្រើនណាស់ មានអ្នកនាង ម៉េង កែវពេជ្រចិន្តា, លោកស្រី ឆោម ឆវិន, អ្នកស្រី សួន ចន្ធា, លោក តាន់ ដូរ៉ា, លោក ពិន គ្រឹស្នា, លោក សួន ពិសិដ្ឋ, កញ្ញា រស់ ខេមរិន, កញ្ញា រស់ ធីដា, អ្នកនាង មិញ សារ៉ា , លោក ករុណាពេជ្រ, លោក អ៊ិន ចាន់រតនា, លោក អឹម ជីវ៉ា, អ្នកស្រី យូ សុខធា។ អរគុណច្រើ បានអញ្ជើញមកចូលរួម។ បានឆ្លងស្ពាឬននៅ? មកដល់ហ្នឹងហើយ ឆ្លងទៅ។
ខ្ញុំជិះឧទ្ធម្ភាចក្រ ឆ្លងអត់កើត។ តន្ត្រីអង្គសម័យ អង្គភាពភាពប្រឆាំងភេរវកម្ម ៦ នាក់ តារាចម្រៀង ៧ នាក់ ផងដែរ។ សូមអរគុណទាំងអស់គ្នាដែលបានចូលរួម។ ទៅព្រះវិហារសសរស្ពាន ១០០ ផង ចាក់កម្ពីរនៅហ្នឹងស័ក្តិសិទ្ធិ ព្រោះខ្ញុំមានរឿង តែខ្ញុំអត់ប្រាប់រឿងអីទេ មិញប្រាប់គេអស់ហើយ។ ចាក់ ២ ដង បានចម្លើយតែមួយទេ ហើយប៉ុន្មានខែក្រោយមក ចេញដូចគ្នា សក្តិសិទ្ធិ។ ចាក់កូនស្រី កូនប្រុស ខ្ញុំអត់ដឹងទេ ចាក់រឿងអីផ្សេង។ អរគុណ៕


