- ឯកឧត្តម លោកជំទាវ ប្រមុខមុខងារសាធារណៈ នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី
- ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី;
ជាបឋម, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុង «ពិធីបើកកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ» ក្រោមមូលបទដ៏មានសារៈសំខាន់ ដែលស្របនឹងបរិបទពិភពលោកគឺ «នវានុវត្តន៍ សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ទីក្រុងសៀមរាប-អង្គរ។
ប្រទេសកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការធ្វើជាប្រធានប្តូរវេន នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ (ACCSM) និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ACCSM ជាលើកទីពីរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈកម្ពុជា ប្រទេសជាសមាជិកអាស៊ានទាំងអស់ អគ្គលេខាធិការដ្ឋានអាស៊ាន និងប្រទេសដៃគូបូកបីដ៏ជិតស្និទ្ធរបស់យើង គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ លើរដ្ឋបាលសាធារណៈ។
កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដោយបើកចំហ និងត្រង់ទៅត្រង់មក ប្រកបដោយយុទ្ធសាស្ត្រ និងសម្លឹងឆ្ពោះទៅអនាគត លើវឌ្ឍនភាពដែលសម្រេចបាន កាលានុវត្តភាពចំពោះមុខ និងបញ្ហាប្រឈមបន្ទាន់នានា ដែលវិស័យមុខងារសាធារណៈរបស់យើង កំពុងជួបប្រទះ។
បេសកកម្មរួមរបស់យើង ត្រូវប្រឈមនឹងស្ថានភាពសកលលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមានភាពមិនប្រាកដប្រជា ទាំងលើផ្នែកសេដ្ឋកិច្ច ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពធ្ងន់ធ្ងរនៃមហន្តរាយដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ។ ទិដ្ឋភាពបែបនេះ ទាមទារឱ្យប្រទេសទាំងអស់ រួមទាំងប្រទេសជាសមាជិកអាស៊ាន ប្រទេសបូកបី និងកម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសាធារណៈដែលមានគុណភាព ទន្ទឹមនឹងការខិតខំកែសម្រួលអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីឱ្យឆ្លើយតបទៅនឹងបរិបទថ្មី។ ការដោះស្រាយបញ្ហាប្រឈមបន្ទាន់ទាំងនេះ ទាមទារនូវមន្ត្រីដែលមានវិជ្ជាជីវៈ សមត្ថភាព និងការលះបង់ខ្ពស់ ព្រមទាំងមានចំណេះជំនាញពិតប្រាកដ សុចរិតភាព និងឆន្ទៈមុតមាំ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ស្របពេលដែលយើងត្រូវបន្តអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ (PAR)។
នៅទូទាំងពិភពលោក យើងសង្កេតឃើញមាននិន្នាការជំរុញបរិវត្តកម្មចំនួនបី ដែលកំពុង ជះឥទ្ធិពលលើវិស័យរដ្ឋបាលសាធារណៈ ដែលអាចមានកម្រិត និងថាមភាពខុសៗគ្នា តាមប្រទេស។
ទី១. ការរំពឹងរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់ ៖ ប្រជាពលរដ្ឋ មានការរំពឹង និងចង់បានសេវាសាធារណៈដែលមានភាពឆ្លើយតបខ្ពស់ ងាយស្រួលទទួលបាន និងប្រកបដោយតម្លាភាព។ ជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក៏កាន់តែផ្សារភ្ជាប់ជាមួយនឹងសុចរិតភាព ក្រមសីលធម៌វិជ្ជាជីវៈ និងតម្លាភាព។
ទី២. បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ៖ រដ្ឋាភិបាលជាច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្អែកលើទិន្នន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការប្រែប្រួលថ្មីនេះ ទាមទារឱ្យមន្ត្រីមានសមត្ថភាពឌីជីថល ដែលចេះប្រើប្រាស់បច្ចេកវិទ្យា ដោយការទទួលខុសត្រូវ ប្រកបដោយបរិយាបន្ន និងគណនេយ្យភាព។
ទី៣. ការប្រកួតប្រជែងក្នុងការទាក់ទាញធនធានមនុស្ស ៖ យើងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីវិស័យឯកជន ក្នុងការទាក់ទាញធនធានមនុស្សដែលមានទេពកោសល្យខ្ពស់។ ដូច្នេះ, ស្ថាប័នសាធារណៈត្រូវធ្វើទំនើបកម្មប្រព័ន្ធជ្រើសរើសមន្ត្រី ដោយផ្អែកលើគុណាធិបតេយ្យ រៀបចំវឌ្ឍនភាពអាជីពរបស់មន្ត្រីដែលមានភាពបត់បែន និងជំរុញការអភិវឌ្ឍមូលធនមនុស្សជាយុទ្ធសាស្ត្រ។ និន្នាការដែលមានចរិតជារចនាសម្ព័ន្ធទាំងនេះ គូសបញ្ជាក់ពីសារៈសំខាន់ដ៏សំខាន់នៃវេទិកាពហុភាគី តួយ៉ាងដូចជា ក្របខ័ណ្ឌ ACCSM ជាដើម។ ដូចដែល ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិច្ចប្រជុំបានគូសបញ្ជាក់មុននេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សជាមួយនឹងវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារ ACCSM និងACCSM+3 សម្រាប់ ឆ្នាំ ២០២១-២០២៥។
ខ្ញុំសូមស្វាគមន៍ចំពោះការរៀបចំផែនការការងារ ACCSM និងACCSM+3 សម្រាប់ ឆ្នាំ២០២៦-២០៣០, សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការលើកកម្ពស់នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ក៏ដូចជាសមិទ្ធផលសំខាន់ៗ ផ្សេងទៀត រួមមាន លក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ និងវិធាននីតិវិធីនៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ។
ខ្ញុំសូមបញ្ជាក់យ៉ាងមុតមាំថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន, ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីប្រែក្លាយឯកសារទាំងនេះ ទៅជាសកម្មភាពជាក់ស្តែង។ ក្នុងស្មារតីនេះ កម្ពុជាពិតជាមានមោទនភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេននៃ “បណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន” សម្រាប់ឆ្នាំ២០២៧-២០២៨។ ខ្ញុំសូមប្រគល់ភារកិច្ចនេះ ជូនសាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាស្ថាប័នទទួលខុសត្រូវ ដោយសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការងារនេះ ឱ្យចេញលទ្ធផលជាក់ស្តែង។
ការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការស្តារឡើងវិញ ការកសាងជាតិ និងការកសាងសន្តិភាព។ បន្ទាប់ពីស្ថាប័ន ជាតិស្ទើរតែត្រូវបានបំផ្លាញទាំងស្រុង ក្នុងសម័យខ្មែរក្រហម កម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេនៅក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈការប្រមូលផ្តុំធនធានមនុស្ស និងបញ្ញវន្តដែលនៅរស់រានមានជីវិត។ ដំណើរនៃការស្តារ និងកសាងជាតិឡើងវិញនេះ បានបន្ត ហើយតាមរយៈ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលដែលបានអូសបន្លាយរាប់ទសវត្សរ៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សន្តិភាពដែលយើងទទួលបានដ៏លំបាកនេះ ជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបស់ជាតិ ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំរដ្ឋបាលសាធារណៈទំនើប ការកសាងជាតិឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច រយៈពេលវែង។
ដំណើរនៃការស្តារជាតិឡើងវិញ និងការកសាងសន្តិភាព ជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងកែទម្រង់របស់កម្ពុជា ដែលបានកំណត់នូវទស្សនវិជ្ជាដឹកនាំរបស់យើង រហូតដល់សព្វថ្ងៃ។ ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ទស្សនវិជ្ជាដ៏សំខាន់បំផុតរបស់កម្ពុជា តែងតែផ្តោតជាចម្បងលើសុខុមាលភាពរបស់ជាតិ និងប្រជាជន។ ទោះបីជាយើងទាំងអស់គ្នា មកពីប្រទេសផ្សេងគ្នាក៏ដោយ, ខ្ញុំជឿជាក់យ៉ាងមុតមាំថា គោលការណ៍ស្នូលរបស់យើង គឺដូចគ្នា ពោលគឺ៖ « ការបម្រើប្រជាជនដោយស្មោះត្រង់ និងឥតងាករេ»។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តល់អាទិភាពខ្ពស់លើការកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានកំណត់យក “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” ជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដូចដែលបានចង្អុលបង្ហាញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយ ផ្តោតលើយុទ្ធសាស្ត្រអាទិភាពគន្លឹះចំនួន៥ ពោលគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ការប្រែក្លាយចក្ខុវិស័យនេះទៅជាសកម្មភាព ជាក់ស្តែង ទាមទារនូវរដ្ឋបាលសាធារណៈដែលមានថាមពល ដ៏រឹងមាំ, ភាពវៃឆ្លាត និងសុចរិតភាពខ្ពស់។ ដើម្បីកសាងរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ជាងមុន, រឹងមាំជាងមុន, វៃឆ្លាតជាងមុន និងស្អាតស្អំជាងមុន, រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តវិធានការកែទម្រង់សំខាន់ៗចំនួនបី៖
ទីមួយ៖ ការពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាពយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលត្រូវបានអនុវត្តយ៉ាងជោគជ័យ តាមរយៈការអនុវត្តផ្អែកលើនិយាមនីតិវិធីប្រតិបត្តិដ៏ជាក់លាក់។
ទីពីរ៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមរយៈ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័នយ៉ាងស៊ីជម្រៅ និងការបង្កើតបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន ដើម្បីពង្រឹងយន្តការសម្របសម្រួល និងកិច្ចសហការអន្តរក្រសួងស្ថាប័ន។
ទីបី៖ ការកែលម្អប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយមានការកំណត់នូវសូចនាករសមិទ្ធកម្មច្បាស់លាស់ ដើម្បីលើកទឹកចិត្តមន្ត្រីរាជការ ឱ្យបំពេញការងារកាន់តែលឿន មានប្រសិទ្ធភាពកាន់តែខ្ពស់ និងកាន់តែបុរេសកម្ម ក្នុងការផ្តល់សេវា ជាពិសេសក្នុងវិស័យអាទិភាព ដូចជាវិស័យអប់រំ និងសុខាភិបាល។
ការកែទម្រង់រដ្ឋបាលសាធារណៈ ជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។ នៅកម្ពុជា ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការកែទម្រង់អន្តរវិស័យសំខាន់មួយ ក្នុងចំណោមការកែទម្រង់សំខាន់ៗ ចំនួន៥ រួមមាន៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (វិមជ្ឈការ និងវិសហមជ្ឈការ) ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់ច្បាប់ ដែលសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់ការឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ការកែទម្រង់ទាំងនេះ បាននាំមកនូវវឌ្ឍនភាពជាក់ស្តែងគួរឱ្យកត់សម្គាល់ តាមរយៈការលើកកម្ពស់គុណភាពនៃការជ្រើសរើសមន្ត្រីរាជការ ការពង្រឹងសមិទ្ធកម្ម ស្ថាប័ន និងស្តង់ដាវិជ្ជាជីវៈព្រមទាំងការកសាងប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មដែលកាន់តែមានប្រសិទ្ធភាព។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី!
ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចំពោះវឌ្ឍនភាពដែលសម្រេចបានតាមរយៈក្របខ័ណ្ឌ ACCSM និងACCSM+3 ក៏ដូចជាចំពោះមូលបទនៃកិច្ចប្រជុំនាឆ្នាំនេះ គឺ «នវានុវត្តន៍ដើម្បីការផ្តល់សេវាកាន់តែប្រសើរ»។ ដើម្បីជាប្រយោជន៍ដល់កិច្ចពិភាក្សានាថ្ងៃនេះ ខ្ញុំសូមចែករំលែកនូវទស្សនៈមួយចំនួន ដែលខ្ញុំជឿជាក់ថា អាចរួមចំណែកតម្រង់ទិសដល់តួនាទីនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ ដូចតទៅ៖
ទីមួយ, នវានុវត្តន៍ត្រូវប្រកាន់យកអភិក្រមដែលយកប្រជាជនជាស្នូល៖ ដោយមិនត្រឹមតែផ្តោតលើបរិវត្តកម្មឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែត្រូវឆ្លើយតបឱ្យបានពិតប្រាកដទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ សេវាសាធារណៈត្រូវផ្អែកលើលទ្ធផលជាក់ស្តែង និងត្រូវផ្តល់ជូនប្រកបដោយភាពងាយស្រួល សមធម៌ និងបរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលឡើយ ទាំងនៅកម្រិតជាតិ និងកម្រិតតំបន់។ យើងត្រូវផ្តល់អាទិភាពដល់ចក្ខុវិស័យរយៈពេលវែងជាជាងភាពងាយស្រួលក្នុងរយៈពេលខ្លី ហើយត្រូវកសាងជំនឿទុកចិត្តពីសាធារណជន តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ ដែលយកផលប្រយោជន៍របស់ប្រជាជនជាធំ។
ទីពីរ, នវានុវត្តន៍ត្រូវឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស៖ ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗ មានចំណុចចាប់ផ្តើម និងកម្រិត នៃការអភិវឌ្ឍខុសៗគ្នា គោលដៅរបស់យើង គឺត្រូវកាត់បន្ថយគម្លាត និងធានាថាប្រទេសនីមួយៗអាចទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិត ក្នុងល្បឿនមួយដែលសមស្រប និងប្រកបដោយចីរភាព។ បន្ថែមលើនេះ ទោះបីជាបច្ចេកវិទ្យា មានភាពទំនើបជឿនលឿនកម្រិតណាក៏ដោយ ក៏មិនអាចដំណើរការ ឬអភិវឌ្ឍដោយខ្លួនឯងបានឡើយ ប្រសិនបើគ្មានកត្តាមនុស្ស។ ក្នុងន័យនេះ ការទទួលយកបច្ចេកវិទ្យាឌីជីថល ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការវិនិយោគជាបន្តបន្ទាប់លើមូលធនមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការពង្រឹងសុចរិតភាព។ នវានុវត្តន៍ពិតប្រាកដក្នុងអភិបាលកិច្ច ត្រូវពឹងផ្អែកលើការពង្រឹងស្ថាប័ន និងមូលធនមនុស្ស ជាជាងការពឹងផ្អែកតែលើឧបករណ៍ឌីជីថលតែមួយមុខ ព្រោះថា កិច្ចការនេះទាមទារឱ្យមានសុចរិតភាព ហើយគ្មានថ្នាលឌីជីថលណាមួយអាចជំនួសបាននូវក្រមសីលធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះដ៏ពិតប្រាកដ នៃជំនឿទុកចិត្តរបស់សាធារណជន បានឡើយ។
ទីបី, នវានុវត្តន៍ត្រូវតែពឹងផ្អែកលើការកសាងភាពធន់រួមក្នុងតំបន់៖ បញ្ហាប្រឈមជាសកល មិនអាចដោះស្រាយបាន ដោយប្រទេសណាមួយតែឯងនោះឡើយ ពោលគឺយើងចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន នៅក្នុងសហគមន៍អាស៊ានឱ្យកាន់តែស្អិតរមួត។ នវានុវត្តន៍មិនគួរផ្តោតត្រឹមតែទៅលើការបង្កើនប្រសិទ្ធភាពផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រីកដល់ការចែករំលែកចំណេះដឹង ការជួយគាំទ្រគ្នាទៅវិញទៅមក និងការសម្របខ្លួនរួមគ្នាផងដែរ។ ក្នុងស្មារតីនេះ កិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ ឬ ACCSM ត្រូវបន្តដើរតួនាទីជាវេទិកាដ៏សំខាន់ សម្រាប់ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដោយផ្តល់លទ្ធភាពដល់ប្រទេសជាសមាជិក ក្នុងការពង្រឹងកិច្ចសហការសម្របសម្រួល គោលនយោបាយ និងកសាងសមត្ថភាពរួម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់យើងឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី!
បញ្ហាប្រឈមដែលយើងកំពុងជួបប្រទះ តែងមានចរិតឆ្លងព្រំដែន ដូច្នេះ ចំណាត់ការរបស់យើងក៏ត្រូវមានលក្ខណៈអន្តរជាតិផងដែរ។ ឈរលើមូលដ្ឋាន និងស្មារតីនៃ «មាគ៌ាអាស៊ាន» (The ASEAN Way) ដែលប្រកាន់ខ្ជាប់នូវការពិគ្រោះយោបល់ ការឯកភាពជាឯកច្ឆន្ទ និងសាមគ្គីភាពក្នុងនាមជាសហគមន៍តែមួយ យើងត្រូវរួមកម្លាំង និងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដោយយកបទពិសោធរបស់ប្រទេសនីមួយៗប្រមូលផ្តុំជាកម្លាំងរួមដ៏រឹងមាំ ដើម្បីជំរុញវឌ្ឍនភាពក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា និងការទទួលខុសត្រូវរួមគ្នា។
កិច្ចប្រជុំ ACCSM និងACCSM+3 ត្រូវបន្តដើរតួនាទីសកម្មក្នុងការប្រែក្លាយសេចក្តីថ្លែងការណ៍ និងផែនការការងារនានាឱ្យទៅជាលទ្ធផលជាក់ស្តែង ព្រមទាំងលើកកម្ពស់គណនេយ្យភាពរួមក្នុងការសម្រេចបាននូវលទ្ធផល ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជនរបស់យើងឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ាន។
ជាមួយនឹងការសម្លឹងឆ្ពោះទៅអនាគតដ៏វែងឆ្ងាយ យើងត្រូវប្រកាន់ខ្ជាប់នូវចក្ខុវិស័យរួមសម្រាប់អនាគតនៃស្ថាប័នសាធារណៈរបស់យើង។ យើងត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើកកម្ពស់វប្បធម៌នៃនវានុវត្តន៍ និងឧត្តមភាព ព្រមទាំងជំរុញការកសាងមុខងារសាធារណៈ ដែលមានភាពបត់បែន ភាពធន់ មានការត្រៀមខ្លួនជាស្រេចសម្រាប់អនាគត និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុង ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនយើង។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការផ្លាស់ប្តូរយោបល់ និងកិច្ចសន្ទនាគោលនយោបាយ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃកន្លងមក និងក្នុងថ្ងៃនេះ នឹងរួមចំណែកធ្វើឱ្យមានការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ ជំរុញការចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមុខងារសាធារណៈ របស់យើងឱ្យកាន់តែរឹងមាំថែមទៀត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ ខ្ញុំក៏សូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកចូលរួមទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងបេសកកម្មរៀងៗខ្លួន។ ចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញមកពីក្រៅប្រទេស ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មានការស្នាក់នៅប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ដ៏ល្អប្រពៃនៅខេត្តសៀមរាប។ ខ្ញុំសូមលើកទឹកចិត្តឯកឧត្តម លោកជំទាវ លោក លោកស្រី ឆ្លៀតឱកាសទទួលយកនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ក៏ដូចជាការគយគន់សម្រស់ដ៏ស្រស់បំព្រង នៃរដូវកាលបៃតងរបស់យើង ដែលជាពេលវេលាដ៏ ពិសេសមួយ នៅពេលដែលទីក្រុងដ៏កក់ក្តៅ វាលស្រែ ប្រាសាទបុរាណ និងជនបទ សុទ្ធតែគ្របដណ្ដប់ដោយពណ៌បៃតងខៀវស្រងាត់ ដែលបង្កើតបានជាបទពិសោធដ៏ស្រស់ស្រាយ និងមិនអាចបំភ្លេចបានអំពីសម្រស់ធម្មជាតិ និងមន្តស្នេហ៍នៃវប្បធម៌របស់ប្រទេសកម្ពុជា។
ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវ «កិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ» ចាប់ពីពេលនេះតទៅ។
សូមអរគុណ!


