ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងអង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតី ក្នុងពិធី«បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សខេត្តកំពង់ធំ» ដ៏អធិកអធមនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនា– បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី, ពូ, មីង, បងប្អូន ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីទាំងអស់ ដែលមានវត្តមាននាពេលនេះ។ ទន្ទឹមនេះ កម្មវិធីរបស់យើងបានប្រារព្ធឡើង ក្នុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាពិសេសការឯកភាពជាតិក្នុងរយៈពេល ៥០០ឆ្នាំ។
ខ្ញុំសូមអរគុណណាស់ចំពោះ ហើយក៏សូមអបអរសាទរចំពោះគម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ដែលពិតជាមានភាពស័ក្តិសម និងមានមុខងារគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់ នៃការងាររបស់ក្រុមការងារគណបក្សខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
តាមពិត តាំងពីការគូសវាសដំបូងឡើយ ឯកឧត្តម វង្សី វិស្សុត បានរាយការណ៍ហើយ។ ខ្ញុំបានឃើញនិងឯកភាព លើកិច្ចការនេះ។ ប៉ុន្តែ អម្បាញមិញ ឃើញថែមទាំងកន្លែងជប់លៀងទៀត កុំឲ្យពិបាកប្រជុំហើយ រត់ទៅជួលហាងជប់លៀង។ ជប់នៅហ្នឹងហ្មង។ កន្លងទៅ ខ្ញុំធ្លាប់បានមកចូលរួមពិធីផ្សេងៗ ជួបជាមួយយុវជនយើងក្តី ក៏ឃើញថា កាលមុន យើងជួលហាងអីផ្សេងៗ។ អញ្ចឹងទីតាំងនេះ យើងធ្វើសម្រាប់គណបក្សយើង(ប្រើប្រាស់)រយៈពេលវែង។
[ចប់សេចក្តីអធិប្បាយ១]
ការសម្រេចបាននូវគម្រោងសាងសង់ដ៏ធំនេះ គឺឆ្លុះបញ្ចាំងអំពីភាពរីកចម្រើនឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជា និងការសាមគ្គី ឯកភាពរបស់ថ្នាក់ដឹកនាំគណបក្ស និងមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាតួអង្គស្នូលក្នុងការដឹកនាំ និងជាសសរទ្រូងដ៏រឹងមាំរបស់គណបក្ស និងប្រទេសជាតិ។ ក្នុងស្មារតីនេះ, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា, លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំទាំងអស់ ជាពិសេស ឯកឧត្តម វង្សី វិស្សុត សមាជិគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តួចផ្តើម និងចលនាក្នុងក្រុមការងារ និងសប្បុរសជននានា រៀបចំជាមូលនិធិសម្រាប់បម្រើឱ្យការសាងសង់ ទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ធំនេះ។
តាមរយៈរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងរបាយការណ៍របស់ឯកឧត្តម វង្សី វិស្សុត អម្បាញ់មិញនេះ បានលើកឡើងអំពីការសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ លើផ្ទៃដីប្រមាណ ៤០ ៥០០ម២ ដែលត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ ៦៦៧ ៩៧៦ USD និងគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៦ ឬដើម ២០២៧ខាងមុខ ។ ជាក់ស្ដែង, អគារទីស្នាក់ការថ្មីនេះ បានបង្ហាញនូវការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ គ្រប់លំដាប់ថ្នាក់ និងការអនុវត្តតួនាទី ភារកិច្ច ប្រកបដោយភាពមោះមុត ស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ សំដៅរក្សាការពារឱ្យបាននូវសមិទ្ធផលជាវិជ្ជមានរបស់គណបក្ស ដែលបានសម្រេចកន្លងទៅ និងខិតខំពង្រីកបន្ថែមទៀត។
ខ្ញុំក៏សូមយកឱកាសនេះ វាយតម្លៃខ្ពស់ ចំពោះស្មារតីដឹកនាំរបស់ឯកឧត្តម វង្សី វិស្សុត រួមជាមួយនឹងឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា, លោក លោកស្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំទាំងមូល ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងសាមគ្គីភាពរឹងមាំ ក្នុងការពង្រីក និងពង្រឹងភាពដឹកមុខរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ យុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ ស្របតាម ស្ថានភាពជាក់ស្តែងរបស់ខេត្តកំពង់ធំ ហើយបានប្រមូលជាកម្លាំងរួមគ្នាលះបង់នូវកម្លាំងកាយកម្លាំងចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួនជាច្រើន ក្នុងការចាត់តាំងអនុវត្តនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពទាំងនេះ រហូតសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាហូរហែគួរជាទីមោទនៈ ជាច្រើនជូនប្រជាជន និងគណបក្សនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ឯកឧត្តម វង្សី វិស្សុត អំពីដំណើរការការងារទៅតាមការដ្ឋានទាំង៣ អម្បាញ់មិញនេះ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
(១) កត្តាពីរធានាការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជន គឺការខិតខំប្រឹងប្រែងធ្វើពិត និងមិនចោលបុព្វហេតុជាតិនិងប្រជាជន
ការកសាងមូលដ្ឋានគណបក្ស និងអគារគណបក្សដ៏ធំបែបនេះ មិនមែនចៃដន្យ ឬមួយគ្រាន់តែជាអគារសម្រាប់ប្រជុំនោះទេ ប៉ុន្តែវាបង្ហាញអំពីការជឿជាក់និងការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំនិងបំរើប្រជាពលរដ្ឋរយៈពេលវែង។ មិនមែនធ្វើក្នុងរយៈពេលខ្លីទេ។ ជិត ៥០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ ១៩៧៩មក និងទៅមុខទៀត យើងនឹងជឿជាក់នូវភាពរឹងមាំ និងភាពជោគជ័យរបស់គណបក្សយូរអង្វែងតទៅមុខ នៅជាមួយប្រជាជនដឹកនាំប្រទេសនេះតទៅទៀត។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ផែនការដាក់ត្រឹម២០៥០ ដែលយើងធានានិរន្តរភាព ប៉ុន្តែខ្ញុំជឿជាក់ថា នឹងមិនមែនដល់ត្រឹមតែពេលនោះទេ។ គណបក្សប្រជាជននឹងនៅជាមួយ និងបំរើប្រជាពលរដ្ឋតទៅទៀត។ ហេតអ្វី? មានកិច្ចការធំពីរដែលខ្ញុំជឿជាក់។ ទី១ ប្រជាពលរដ្ឋនៅតែអោយតម្លៃសច្ចភាព គឺការខិតខំប្រឹងប្រែងធ្វើពិតរបស់គណបក្សប្រជាជនកម្ពុជា។ ទី២ ខ្ញុំនៅតែជឿជាក់ថា ទោះជា ១០០ឆ្នាំទៀតក៏គណបក្សប្រជាជនកម្ពុជាមិនចោលបុព្វហេតុរបស់ខ្លួន គឺដើម្បីជាតិនិងប្រជាជនដែរ។ កត្តាទាំងពីរនេះផ្គុំគ្នា ធានាការដឹកនាំយូរអង្វែង។
(២) ឆ្នាំ២០២៣ អត្រាអ្នកបោះឆ្នោតបង្ហាញថា ប្រជាពលរដ្ឋផ្តល់យុត្តិធម៌ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
ហេតុនេះហើយបានជាមូលដ្ឋានគណបក្សនៅតាមរាជធានីខេត្ត ជាពិសេសនៅរាជធានីភ្នំពេញ (មានភាពរឹងមាំ)។ សម្ដេចតេជោ ធ្លាប់មានប្រសាសន៍ថា កសាងគណបក្សធំមួយបាន បញ្ជាក់ថាគណបក្សយើងនៅបន្តភាពជោគជ័យ និងទទួលបានការគាំទ្ររបស់ប្រជាជនយូរអង្វែងតទៅទៀត។ វត្តមានថ្ងៃនេះ បង្ហាញអំពីការប្ដេជ្ញាចិត្តនិងភាពជឿជាក់។ ក្នុងនោះ ក៏មានភាពជឿជាក់របស់ប្រជាជន។ ខ្ញុំសូមយកឱកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋអ្នកកំពង់ធំ ដែលបានផ្ដល់ការទុកចិត្ត និងគាំទ្រដល់គណបក្សប្រជាជនជាយូរអង្វែង ជាពិសេសការបោះឆ្នោតសកលឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន៨២,២៣% និងក្នុងចំនួននោះមាន៧៤,១១% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ នេះគឺជាអត្រាមួយខ្ពស់ បង្ហាញអំពីភាពច្បាស់លាស់ យុត្តិធម៌របស់ប្រជាពលរដ្ឋ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពីអាណត្តិមុនៗ។ បងប្អូនចាំហើយ។ ឆ្នាំ២០២៣ មានកំលាំងច្រើនទាមទារធ្វើ(ការរារាំង ដើម្បី) ទី១ កុំអោយប្រជាពលរដ្ឋទៅបោះឆ្នោត និងទី២ បើទៅក៏ទៅតែគូសបំផ្លាញសន្លឹកឆ្នោត។ ទីបំផុត(ប្រជាជនដែលមានសិទ្ធបោះឆ្នោត)៨២,២៣% បានទៅបោះឆ្នោត ដោយមិនជឿតាមការអំពាវនាវ ការញុះញង់។
(៣) ដែលបោះឆ្នោតហើយប្រជាពលរដ្ឋនាំគ្នាដើរកំសាន្ត បញ្ជាក់ពីភាពជឿជាក់ថា គណបក្សប្រជាជននឹងបន្តនៅដឹកនាំ ថែរក្សាសុខសន្តិភាព ស្ថិរភាព និងផ្ដល់ភាពកក់ក្ដៅទូទាំងប្រទេស
នេះគឺជាជោគជ័យដែលថាប្រជាពលរដ្ឋជឿលើប្រព័ន្ធប្រជាធិបតេយ្យ លើការបោះឆ្នោតដែលជាសិទ្ធរបស់ប្រជាពលរដ្ឋជ្រើសរើសអ្នកដឹកនាំ ទោះបីជាមានចលនាមួយចំនួនខំប្រឹងញុះញង់មិនអោយទៅក៏ដោយ។ មិនមានការលើកទ័ពភ្ជង់(ដោយកាំភ្លើង)អោយប្រជាជនទៅបោះឆ្នោតទេ។ គឺប្រជាជនទៅបោះឆ្នោតដោយខ្លួនឯង។ កន្លែងខ្លះប្រញាប់ទៅបោះឆ្នោតពីព្រលឹម ដើម្បីពេលថ្ងៃជិះឡានទៅលេងនៅកំពង់សោម។ បានន័យថា ពួកគាត់បោះឆ្នោតដោយជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ ជឿជាក់លើភាពនឹងន៎រ និងស្ថិរភាពជាតិក្រោយការបោះឆ្នោត។ កាលពីមុន ពេលជិតបោះឆ្នោត តែងមានភាពមិនច្បាស់លាស់។ បោះឆ្នោតហើយក៏នៅផ្ទះ បន្តប្រយ័ត្នក្រែងមានអីកើតឡើង។ តែឆ្នាំ២០២៣នេះ គឺបោះឆ្នោតហើយ អត់ភ័យព្រួយទេ។ អ្នកនៅភ្នំពេញបោះឆ្នោតហើយទៅលេងកំពង់សោម។ ខ្ញុំមិនដឹងថាអ្នកកំពង់ធំទៅលេងនៅសៀមរាបឬអត់។ ការនេះបញ្ជាក់ពីភាពជឿជាក់ថា គណបក្សប្រជាជននឹងបន្តនៅដឹកនាំ ថែរក្សាសុខសន្តិភាព ស្ថិរភាព និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស មិនថាអ្នកបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ឬបោះឆ្នោតអោយគណបក្សបក្សផ្សេងៗទេ សុទ្ធតែបង្ហាញភាពជឿជាក់អំពីស្ថិរភាពនិងសន្តិភាពរបស់ប្រទេសជាតិ។
(៤) បោះឆ្នោតម្ដងៗ ដូចករណីឆ្នាំ២០១៣ មិនថាតែប្រជាពលរដ្ឋកម្ពុជាទេ អ្នកវិនិយោគនិងអ្នកការទូតក៏មានការបារម្ភចំពោះស្ថានភាពជាប់គាំងក្រោយបោះឆ្នោត
កាលដើម ខេត្តកំពង់ធំមិនមែនស្រួលអញ្ចឹងទេ។ កាលពីនៅរៀន ពេលកងទ័ពវៀតណាមដក យប់ឡើងស្ដាប់ VOA។ ពេលនោះលឺតែពីសមរភូមិស្ទោងហ្នឹង។ បន្តិចទៅលឺគេវាយដូរដៃគ្នាកាន់កាប់។ (ភាគីខ្មែរម្ខាងទៀតមាន)ផែនការវាយកាន់កាប់ផ្ដាច់ខេត្តកំពង់ធំ ដើម្បីយកខេត្តសៀមរាបគ្រប់គ្រង។ នៅក្នុងខេត្ត ក៏មានការវាយចូលដុតផ្សារដុតអីផ្សេងៗ។ ឥឡូវ ពីស្ទោងទៅខេត្តសៀមរាប ផ្លូវជាតិជិះស្រួលបំផុត។ ហេតុនេះហើយបានជា ឯកឧត្តម វង្សី វិស្សុត ថា ទៅហួសមកហួស។ កាលពីជំនាន់វាយគ្នា ប្រហែលជាមិនងាយហួសទេ ព្រោះពីកំពង់ធំទៅសៀមរាប គឺបាញ់គ្នានៅចំណុចកណ្ដាល។ ជាកន្លែងផ្ដាច់ព្រលឹង កាលពីជំនាន់ ប៉ុល ពត។ ជំនាន់យើងធ្វើផ្លូវ ក៏ផ្ដាច់ព្រលឹងដែរ តែគឺតាក់ស៊ីបើកលឿន។ ខ្ញុំចាំ កាលធ្វើមិនទាន់ហើយ ខ្ញុំបានជិះលើផ្លូវហ្នឹង ៨ម៉ោង ពីសៀមរាបទៅដល់ភ្នំពេញ។ ឡានយើងខ្ពស់ដែរតែជិះធ្លាក់(ជង្ហុក)ឡើងធ្លាយបូម។ ដល់ឃើញតាក់ស៊ីផ្ដាច់ព្រលឹងបើកទៅលឿនជាង យើងក៏បើកលឿនដើម្បីកុំអោយរលាក់ហោះលើជង្ហុក។ ឥឡូវធ្វើដំណើរបានលើតំណផ្លូវជាតិ ២៤ម៉ោង។ នេះគឺជាវឌ្ឍភាពដែលប្រជាពលរដ្ឋជឿទុកចិត្ត។ បោះឆ្នោតម្ដងៗ ជាពិសេសពេលមានសភាពការដូចឆ្នាំ២០១៣ មិនថាតែប្រជាពលរដ្ឋយើងទេ អ្នកវិនិយោគនិងអ្នកការទូតមួយចំនួន (ក៏មានការបារម្ភចំពោះ)ស្ថានភាពក្រោយបោះឆ្នោតដែលមានភាពជាប់គាំងខ្លះ។ គេតែងសួរថា តើបក្សណាដឹកនាំ? បក្សណាឈ្នះ?
(៥) វត្តមានសម្ដេចប្រធានគណបក្ស ជាមូលដ្ឋានដ៏រឹងមាំធានាចីរភាពនិងលំនឹងចិត្តប្រជាពលរដ្ឋកម្ពុជា
ពេលដែលលឺថាបក្សប្រជាជនឈ្នះហើយ បក្សសម្ដេចតេជោនៅដឹកនាំ ពេលនោះពួកគេមានភាពកក់ក្ដៅ។ នេះបង្ហាញអំពីទំនុកចិត្តរបស់ប្រជាជនទាំងក្នុងនិងក្រៅប្រទេស។ ការដូរដៃការដឹកនាំប្រទេសមិនងាយស្រួលទេ។ ប្រទេសខ្លះដូរដៃភ្លាមគឺក្រឡាប់ចាក់។ ប្រទេសខ្លះដូរដៃភ្លាមមានលំនឹង។ ប្រទេសខ្លះដូរដៃភ្លាម មិនទាន់បាន ៣ឆ្នាំ ដូររដ្ឋាភិបាល ៤ទៅ៥ង។ គោលនយោបាយធ្វើមិនចេញ។ ប្រទេសខ្លះលុប/ដូរគោលនយោបាយចុះឡើង។ អ្នកមុនរៀបចំគោលនយោបាយ ទម្រាំរៀបចំធ្វើហើយ ឆ្លងសភាដើម្បីអត្ថប្រយោជន៍សុខភាពប្រជាពលរដ្ឋ។ ស្រាប់តែអ្នកមកថ្មី ស៊ីញ៉េលុបចោល។ ធ្វើថ្មីឡើងវិញ។ ប្រជាពលរដ្ឋអត់(ទទួលបាន)ដដែល។ ស្ថិរភាពសង្គម សុខសន្តិភាព លំនឹងសេដ្ឋកិច្ច លំនឹងនយោបាយជាកត្តាធំណាស់។ មកដល់ម៉ោងនេះគ្មានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនបានទេ នៅក្នុងខួរក្បាល ក្នុងចិត្តរបស់ប្រជាជនខ្មែរនិងជនបរទេស ជាពិសេស វត្តមានរបស់សម្ដេចប្រធានគណបក្ស គឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ធានាចីរភាព និងលំនឹងចិត្តរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមយកឱកាសនេះ ជំនួសសម្ដេចតេជោ ប្រធានគណបក្ស សម្ដេចអនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយដោយឡែកអ្នកនៅកំពង់ធំ ដែលបានផ្ដល់ការជឿទុកចិត្តច្បាស់លាស់នៅក្នុងការដឹកនាំរបស់គណបក្សប្រជាជនឱ្យបំរើប្រជាជនតទៅទៀត។
(៦) ប្រជាជនបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ព្រោះបានវាយតម្លៃនិងសំរេចចិត្តថា “ពេលលំបាក គ្មានអ្នកណាជួយ ក្រៅពីគណបក្សប្រជាជនកម្ពុជាទេ”
ខ្ញុំជឿជាក់ថា ការដែលប្រជាជនបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា មិនមែនជាការចៃដន្យទេ មិនមែនជាការបញ្ជា ឬមួយការភ្ជង់ដោយកាំភ្លើងអោយទៅបោះឆ្នោត ឬមួយទៅតែគូសបំផ្លាញសន្លឹកឆ្នោត តាមការអំពាវនាវមួយចំនួន ឬមួយដេកផ្ទះឈ្នះឯងនោះទេ។ គឺជាការវាយតម្លៃ និងសំរេចចិត្ត។ គឺប្រជាជនបានយល់ថា នៅពេលលំបាក គ្មានអ្នកណាក្រៅពីគណបក្សប្រជាជនកម្ពុជាទេ (ដែលមានមុខជួយ)។ នៅពេលកូវីដ១៩ វាយលុកសម្លាប់ប្រជាពលរដ្ឋ រួមទាំងអ្នកកំពង់ធំ គ្មានអ្នកណាចេញមុខចាត់វិធានការជួយសម្រួល ដាក់ពេទ្យ រកថ្នាំ ដោះស្រាយការលំបាកសេដ្ឋកិច្ច ការប៉ះពាល់ដល់ប្រជាជន តាមគោលនយោបាយរដ្ឋចេញថវិកាជួយផ្សេងៗ ទេ។ មិនមែនរដ្ឋាភិបាលធ្វើជាស្វ័យប្រវត្តិទេ … គឺជាគោលនយោបាយ(ដែលបានរៀបចំយ៉ាង)ច្បាស់លាស់។ យើងធ្លាប់ហើយតើ។ ខ្មែរក្រហមមានលុយគគោក (តែតើពួកគេ)ដែលយកប្រជាជនជាធំទេ? អត់ទេ។ អញ្ចឹង (ការដែលជួយឬមិនជួយប្រជាជន វា)អាស្រ័យលើរដ្ឋាភិបាល។ ពេល(កូវីដ១៩)នោះ រដ្ឋាភិបាលមានជម្រើស។ បើសិនជាមិនជួយប្រជាពលរដ្ឋ រដ្ឋាភិបាលជួយតែមន្ត្រីខ្លួនឯងនៅភ្នំពេញ … ហើយយកហេតុផលថា អត់ហ៊ានធ្វើ។ មានថ្នាំតិច។ មិនហ៊ានយកពីនេះពីនោះ។ តើប្រជាជនទៅ(ពឹងនរ)ណា? បើពេលហ្នឹងរដ្ឋាភិបាលថាអត់(វ៉ាក់សាំង) ហើយចាក់ឱ្យតែសមាជិកគណបក្សប្រជាជនកម្ពុជា មិនបាច់ជួយអ្នកបោះឆ្នោតឱ្យគណបក្សផ្សេង។ ខ្ញុំជឿថា អ្នកកំពង់ធំបានឃើញហើយ ពេលដែលលំបាក រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនអត់រើសអើងទេ ជួយគ្រប់គ្នា។
(៧) សម្តេចតេជោ ដាក់គោលដៅរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ
ដោយសារមូលហេតុនេះហើយ ក្នុងការបោះឆ្នោតឆ្នាំ២០២៣ សូម្បីអ្នកធ្លាប់បោះឆ្នោតគាំទ្របក្សផ្សេង ក៏បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី បើធៀបពីបោះការឆ្នោតអាណត្តិមុនៗ។ ពួកគាត់ឃើញច្បាស់ថា ពេលលំបាក សម្តេចតេជោ ចេញដឹកនាំផ្ទាល់ អត់រត់ទៅក្រៅប្រទេស ធ្វើជាអ្នកស្នេហាជាតិពីក្រៅប្រទេសទេ។ លោកនៅប្រឈម។ គេថ្កោលទោសថា យកថ្នាំ(វ៉ាក់សាំង)មកចាក់សម្លាប់ប្រជាពលរដ្ឋ … តែរាជរដ្ឋាភិបាលបានសម្រេចចិត្តច្បាស់លាស់លើការយកវ៉ាក់សាំងមកចាក់។ សម្តេចតេជោ ដាក់គោលដៅថា បើយើងមិនមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ទេ ប្រជាពលរដ្ឋយើងនឹងលំបាក។ ត្រឹមទប់ទល់ និងធ្វើចត្តាឡីស័ក មិនគ្រប់គ្រាន់ទេ ទាល់តែបង្កាវា។ ការយកថ្នាំមកចាក់ហ្នឹង ក៏មិនមែនចេះតែចាក់ឱ្យប្រជាជនដូចជាកណ្តុរតេស្តទេ។ ខ្ញុំចាក់មុនគេ។ លេខ ០០១។ ដំបូងឡើយ យើងត្រូវធ្វើការសម្រេចចិត្តអំពីថ្នាំនេះ។ ពេលនោះ នៅទូទាំងពិភពលោកមិនទាន់រកឃើញ(វ៉ាក់សាំង)ទេ។ មានតែប៉ុន្មានប្រទេសរកឃើញ គឺចិន អាមេរិក អង់គ្លេស។ តែថ្នាំនៅអាមេរិកនោះ យើងមិន(អាចដណ្តើម)ឈ្នះមហាអំណាចទេ។ អាមេរិកត្រូវការ ៥០០លានដូសសម្រាប់ប្រជាជន ៣០០លាននាក់។ គេត្រូវការយ៉ាងហោច ១០០០លានដូស។ យើងមិនអាចដណ្តើមឈ្នះគេទេ។ ទម្រាំតែមកដល់យើង តើប្រជាជនយើងស្លាប់ប៉ុន្មាននាក់។ យើងរកបានថ្នាំចិន។ ថ្នាំចិននេះមិនមែនថ្នាំដែលបង្កើតមកអត់ទាន់ធ្វើតេស្តទេ។ គេចាក់នៅក្នុងប្រទេសចិន ចាក់នៅប្រទេសអារ៉ាប់ ឥណ្ឌូនេស៊ី ដោយស្វ័យប្រវត្តិ។
សួរថា បើសិនជាគ្មានភាពក្លាហានពេលនោះ (ស្ថានការណ៍នឹងដុនដាបម្តេចទៅ) … សូម្បីតែគណៈកម្មាធិការវ៉ាក់សាំងក៏មិនហ៊ានលើកយោបល់សម្រេចដែរ។ បើសិនជាយើងរង់ចាំថ្នាំដែល WHO ឯកភាព គាត់ទទួលតែប៉ុន្មានថ្នាំប៉ុណ្ណោះ។ មានថ្នាំផ្សេងទៀតដែលមានសុវត្ថិភាពដែរមកដល់ម៉ោងនេះ តែយើងរវល់តែខ្លាច។ ពេលនោះយើងមានជម្រើស២ គឺនៅរង់ចាំ គឹចាំរហូតដល់មិនដឹងប៉ុន្មានខែ ប៉ុន្មានឆ្នាំ ទម្រាំតែបាន។ ពេលហ្នឹងប្រជាជនកំពុងតែចាប់ផ្តើមឆ្លងរាលដាល អាចប្រឈមនឹងការស្លាប់។ ពេលនោះ យើងយកមក (ប្រើប្រាស់)មុន(ជា)សហគមន៍(ក៏បែក)ធ្លាយ។ ថ្នាំយកមកដំបូង បងប្អូនមួយចំនួនអត់ចង់ចាក់។ ទោះបីជាយើងចាក់ក៏ដោយ។ ទាំងសិល្បៈករទាំងអី ថា “ទេ! កុំចាក់។ ចាក់(វ៉ាក់សាំង)ហ្នឹងមិនស្រួលទេ”។ អ្នកខ្លះថាចាក់ទៅមិន(មាន)កូន។ ស្រាប់តែ មិនដល់មួយខែក្រោយផង ដើមខែ២ ខ្ញុំចាំពេលហ្នឹងមានការឆ្លងខ្លាំងជាងគេ គឺបងប្អូនតារាសិល្បៈ …។
ដំបូង ខ្ញុំរៀបពេទ្យដែលមានជិត ៣០០បន្ទប់។ ពេលនោះ ពន្លឿនមែនទែន។ រៀបចំហើយតែ ៣០ម៉ោងជាងទេ ចាប់ផ្តើមឆ្លងក្នុងក្រុង។ ដំបូងយើងគិតថា បើឆ្លងក្នុងក្រុងចាប់ផ្តើមផ្លោះទៅដាក់នៅផ្ទះតែម្តង។ យើងព្យាបាលនៅផ្ទះ មិនបាច់យកមកដាក់នៅប្រមូលផ្តុំ។ តែពេលនោះ(ដាក់នៅផ្ទះ)អត់បាន … ដោយសារប្រជាជនភ័យខ្លាច។ឆ្លងហើយមិនមានអ្នកណាមើល។ ថ្នាំក៏មិនស្រួលបួល។ អញ្ចឹង យើងសម្រេចចិត្តបើក(ពេទ្យ)។ គ្មានអ្នកណារៀបពេទ្យហើយទៅបន់ព្រះភូមិមុខពេទ្យថា កុំឱ្យមានភ្ញៀវច្រើនទេ។ អ្នកដែលបើកគ្លីនិកឯកជនគឺបន់សូមឱ្យរកស៊ីកាក់កប់។ មានតែពេលកូវីដ-១៩ ទេ ដែលយើងរៀបចំហើយ ៣០០គ្រែ បន់ព្រះភូមិ អុជធូប ថាកុំឱ្យមានអតិថិជនច្រើននៅក្នុងពេទ្យនេះ។ បានន័យថាកុំឱ្យប្រជាជនយើងឆ្លងច្រើន ឱ្យសុខសុវត្ថិភាព។ ប៉ុន្តែ ២ ទៅ៣ ថ្ងៃគត់ពេញតែម្តង។ យើងត្រូវរៀបចំពេទ្យហ្លួងម៉ែ ពេទ្យនៅសែនសុខ នៅអីច្រើនទៀត។
(៨) ក្នុងនាមជាមេដឹកនាំ ការសម្រេចចិត្តរបស់ សម្តេចតេជោ អារកាត់អំពីវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ បានជួយជីវិតប្រជាជន
សួរថា បើប្រជាជនកំពុងតែឆ្លងខ្លាំងប៉ុណ្ណឹង ហើយមើលរូបភាពនៅឥណ្ឌា នៅប្រទេសផ្សេងស្លាប់គរជើងគ្នា សូម្បីនៅអាមេរិក ញ៉ូយ៉ក មួយថ្ងៃៗ(ស្លាប់)មិនដឹងប៉ុន្មាន តើយើងទុកឱ្យប្រជាជនមានហានិភ័យទេ? ក្នុងនាមជាមេដឹកនាំម្នាក់ សម្តេចតេជោ ត្រូវអារកាត់ធំណាស់ រវាងថ្នាំ(វ៉ាក់សាំង)ដែលអាចជួយជីវិតប្រជាពលរដ្ឋយើង តែ WHO មិនទាន់ប្រកាសទទួលស្គាល់ ហើយថ្នាំនេះប្រើប្រាស់នៅប្រទេសចិន អារ៉ាប់ ឥណ្ឌូនេស៊ី រាប់សិបលាននាក់។ គេអត់មានបញ្ហាអី។ រើស(ថ្នាំចិន)នេះ ឬមួយក៏រង់ចាំថ្នាំដែលកំពុងតែមាននៅលោកខាងលិចដែលយើងមិនដឹងដណ្តើមឈ្នះគេឬអត់។ មិនដឹងពេលណាមក? សម្តេចតេជោ សម្រេចយកថ្នាំដែលមាននៅក្នុងដៃដើម្បីជួយជីវិតប្រជាពលរដ្ឋ។ បើទោះបីជាមានការវាយប្រហារសម្តេចពីអ្នកនយោបាយមួយចំនួននៅក្រៅប្រទេសថា យកជីវិតប្រជាជនខ្មែរធ្វើពិសោធន៍ក្តី ការសម្រេចចិត្តមួយនេះបានជួយជីវិតប្រជាជន។ ការបិទខ្ទប់នៅភ្នំពេញ ការបិទមិនឱ្យអបអរបុណ្យចូលឆ្នាំ ជាការសម្រេចចិត្តធំមួយដែរ ហើយការសម្រេចចិត្តនោះគឺជាការសម្រេចចិត្តត្រឹមត្រូវ។ សម្តេចតេជោ បានដាក់ជីវិតប្រជាជនជាធំ។ នេះហើយថាយើងដាក់គោលដៅត្រូវ។ បើពេលនោះយើងរក្សាមុខមាត់់ ខ្លាចថាថ្នាំហ្នឹងអត់ច្បាស់លាស់ ចាក់ទៅមានបញ្ហា ហើយនៅចាំតែ WHO មិនដឹងប្រជាជនយើងប៉ុន្មាននាក់នឹងបានទទួលថ្នាំ(វ៉ាក់សាំង) ហើយប៉ុន្មានទៀតស្លាប់?
យើងស្លាប់ប៉ុន្មានពាន់នាក់។ ជាអកុសល។ ស្លាប់ជំនាន់កូវីដ-១៩ វេទនាណាស់។ អត់អាចទៅធ្វើបុណ្យឱ្យបានទេ។ ឪពុកម្តាយកូនត្រឹមតែអើតមើលពីចង្ងាយ។ យើងធ្វើការងារនេះ។ យើងទប់បាន ការពារបាន មិនមែនដោយចៃដន្យទេ គឺដោយការសម្រេចចិត្តដ៏ធំនិងត្រឹមត្រូវរបស់មេបក្សរបស់យើង គឺសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀត រួមទាំងមន្ត្រីពេទ្យគ្រប់ជាន់ថ្នាក់ មន្ត្រីខេត្ត ដែលអនុវត្តត្រឹមត្រូវតាមគោលការណ៍របស់ថ្នាក់ជាតិ សហការគ្នាជួយជីវិតប្រជាជន។ បងប្អូនខ្លះថា កន្លែងខ្ញុំអត់់មានកូវីដ-១៩ ផងហ្នឹង។ អញ្ចឹងខ្ញុំមិនសូវបានផលប៉ុន្មានទេ។ ខ្ញុំសូមជម្រាប កន្លែងច្រើនណាស់ដែលយើងបង្ការ។ ឧទាហរណ៍ បើសិនជាពេលចូលឆ្នាំ២០២០/២០២១ យើងមិនដាក់វិធានាការ(ហាម)អ្នកភ្នំពេញទៅលេងទូទាំងប្រទេស ឬអ្នកពីថៃមកលេង តើ(អាចនឹងមានការ)នាំ(ជម្ងឺឆ្លង)ចូលក្នុងភូមិស្រុកដល់ម៉ែឪប៉ុន្មាន? ស្លាប់និងឆ្លងប៉ុន្មានទៀត? … យើងផ្អាកការអបអរសាទរចូលឆ្នាំ។ អ្នកខ្លះច្រឡំថា រាជរដ្ឋាភិបាលផ្អាកចូលឆ្នាំ។ យើងមិនអាចផ្អាកចូលឆ្នាំទេ។ ទេវតាចុះថ្ងៃណា មិនអាចហាមទេវតាមិនឲ្យយាងចុះនោះទេ តែផ្អាកការអបអរសាទរសិន ទទួលទេវតាតាមផ្ទះរៀងៗខ្លួន។ សាលារៀនផ្អាក។ សុខចិត្តឲ្យរៀនតាមអនឡាញ។ ទោះបីថារៀនអនឡាញវាមិនល្អដូចក្នុងសាលា តែរវាងជីវិតរបស់សិស្ស ដែលសិស្សមករៀន ទៅផ្ទះវិញ ឆ្លងយកទៅផ្ទះ ដល់យាយតា និងការរអាក់រអួលបន្តិចបន្តួច ជាមួយនឹង(ការជួយការពារអាយុ)ជីវិតរបស់ប្រជាពលរដ្ឋ តើយកមួយណា? គឺយើងយកជីវិតប្រជាពលរដ្ឋ។ នេះជាឧទាហរណ៍ជាក់ស្ដែង។
(៩) គណបក្សប្រជាជនបានជួយជិវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍
គណបក្សប្រជាជនកម្ពុជា បានជួយជីវិតប្រជាជនច្រើនដង។ ក្នុងនោះ មានព្រឹត្តិការណ៍៣ ធំៗ។ ទី១ ការរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងទាំងអស់គ្នាដឹងហើយ។ អ្នកខ្លះចោទថា ថ្ងៃ ៧មករា ហ្នឹង វៀតណាមឈ្លានពានអីអញ្ចឹងទៅ។ ថាអីថាទៅ។ បកស្រាយយ៉ាងម៉េចក៏បកទៅ។ ម៉ោងថ្មើរនេះ អង្គុយស្រួល ដកដង្ហើមស្រួល អាចនិយាយបាន។ ខ្ញុំសួរតែ ២សំណួរទេ។ នៅចុងឆ្នាំ១៩៧៨ ដើមឆ្នាំ១៩៧៩ តើ ប៉ុល ពត បានប្ដូរគោលនយោបាយឈប់សម្លាប់ប្រជាជនឬនៅ? ថានៅទេ។ បានន័យថា គោលនយោបាយកាប់សម្លាប់នៅតែបន្ត ការមិនឲ្យប្រជាជនមានអ្វីហូបនៅតែបន្ត។ គោលនយោបាយដដែល។ អញ្ចឹង បើមិនមានអីប្រែប្រួលទេ ខ្មែរក្រហមនៅដឹកនាំ ប្រហែលជាបន្តការកាប់សម្លាប់ រួមទាំងអ្នកកំពង់ធំនេះផង។ ខ្ញុំចូលតាមវត្តមួយចំនួននៅកំពង់ធំនេះ សុទ្ធតែជាកន្លែងវាយសម្លាប់មនុស្សច្រើនណាស់។ ឯកឧត្ដម សៀង ណាំ ត្រូវគេចាប់យកមកចងនៅវត្តមួយនៅកំពង់ធំនេះ។ គាត់ចូលមកទិញក្រឡាននៅកំពង់ធំ។ គាត់ប្រាប់អំពីវត្តមួយដែលគេយកគាត់មកចងទុក (ត្រៀម)វាយចោល។ អ្នកកំពង់ធំក៏ស្លាប់ច្រើន។
ដូច្នេះទី១ បើខ្មែរក្រហមមិនឈប់សម្លាប់មនុស្សកាលពីឆ្នាំ១៩៧៨-៧៩ ទេ ហើយទុកឲ្យខ្មែរក្រហមនៅទៀត ការកាប់សម្លាប់ក៏នឹងនៅតែបន្ត។ មួយទៀតសួរថា បើសិនជាលទ្ធផលជាក់ស្ដែងបែបនេះ ពេលនោះ បើរណសិរ្សសង្រ្គោះជាតិកម្ពុជា មិនវាយ(បណ្តេញ)ខ្មែរក្រហមចេញទេ (ច្បាស់ណាស់ថា ខ្មែរក្រហម)នឹងបន្តសម្លាប់។ ដោយសារការផ្ដួលរំលំរបប ប៉ុល ពត នេះ បានធ្វើឲ្យខ្មែរក្រហមអស់ឱកាសសម្លាប់មនុស្សតទៅទៀត។ សូមឆ្លើយសំណួរទាំងពីររបស់ខ្ញុំមក។ ពេលដែលយើងរំដោះ ៧មករា ១៩៧៩ គឺបានបញ្ឈប់ ប៉ុល ពត មិនឱ្យកាប់សម្លាប់មនុស្សតទៅទៀត។ ដូចនេះការរំដោះនោះស្មើនឹងរំដោះជីវិតប្រជាពលរដ្ឋទូទាំងប្រទេស។ នេះជាការពិត ចង់អ្នកឯងថារូបភាពអី ក៏រូបភាពទៅ។ ឈ្លានពាន មិនឈ្លានពាន ខ្ញុំមិនដឹងទេ ដឹងត្រឹមតែថា បានជួយជីវិតមនុស្សមិនឲ្យរងការកាប់សម្លាប់ទៀត។ ដូចសម្ព័ន្ធមិត្តនៅអឺរ៉ុងអញ្ចឹង។ ក្នុងសង្រ្គាមលោកលើកទី២ គេមិនខ្លាចនឹងប្រើពាក្យ Invasion វាយលុកលុយចូលទៅអឺរ៉ុប ទៅបារាំង ព្រោះអ្វីដែលសំខាន់វាមិនមែនអ្នកឯងដាក់ពាក្យហ្នឹងទេ។ សំខាន់សកម្មភាពនេះបានរំដោះបារាំងឲ្យរួចផុតពីការត្រួតត្រារបស់ពួក Nazis ឈប់ឲ្យ Nazis កាប់សម្លាប់ពួក Jews ទៀត។ អ្នកឯងចង់លាបពណ៌រឿងហ្នឹងជាស្អីក៏ដោយ ប៉ុន្តែកុំភ្លេចណា តថភាពជាក់ស្ដែង។ វា logical។ ប៉ុល ពត នៅតែសម្លាប់មនុស្សរហូតដល់ចុងឆ្នាំ១៩៧៨។ បើមិនដេញចេញទេ របបនេះនៅសម្លាប់រហូតដល់ឆ្នាំ៨០ជាងនោះ មិនទាន់ដូរផែនការទេ។ តើមនុស្សប៉ុន្មានលាននាក់ទៀតនឹងត្រូវស្លាប់ ឬមួយដោយដាច់បាយ ឬមួយយកទៅវាយចោល។ ដូច្នេះ យើងដេញ ប៉ុល ពត ចេញ ឈប់ឲ្យសម្លាប់មនុស្សតទៅទៀត រួមទាំងអ្នកកំពង់ធំផង។ នេះទិដ្ឋភាពទីមួយ។
(១០) គណបក្សប្រជាជនជួយរក្សាជិវិតប្រជាជននិងកងទ័ព ដោយនយោបាយឈ្នះឈ្នះដែលបញ្ចប់សង្គ្រាម
ទីពីរ រំដោះប្រជាជនមិនឲ្យស្លាប់តទៅទៀត ដោយនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាម ៥០០ឆ្នាំ ដែលខ្មែរយើងបានសម្លាប់គ្នា រួមទាំងសមរភូមិនៅកំពង់ធំ ដែលលើកឧទាហរណ៍អម្បាញ់មិញនេះ។ តើអ្នកស្ទោង កំពង់ធំនេះ ស្លាប់និងរបួសប៉ុន្មាន? មិនតិចទេ។ ខ្ញុំក៏ធ្លាប់ជួបជាមួយសមាគមអតីតយុទ្ធជនមានអ្នករបួសពិការពីទីនេះច្រើន។ ខេត្តនេះជាខេត្តដែលក្ដៅ។ បើសិនជាមិនមាននយោបាយឈ្នះឈ្នះបញ្ចប់សង្រ្គាម ខ្មែរទាំងអស់ចូលរួមទេ តើខេត្តកំពង់ធំនឹងឈប់វាយគ្នាឬទេ? អញ្ចឹងនយោបាយឈ្នះឈ្នះដែលបញ្ចប់សង្រ្គាម បានជួយជីវិតប្រជាពលរដ្ឋ ជាពិសេស កងទ័ពទាំងសងខាង ដែលអាចរស់នៅក្នុងសន្តិភាព មិនសម្លាប់គ្នាតទៅទៀត បង្កើតបានជាកូនចៅ។
ថ្ងៃមុន សួរទាហានម្នាក់នៅខេត្តព្រះវិហារ ដែលរបួសដាច់ជើង។ អាយុជាង ៤០ឆ្នាំ តែកូន ៦នាក់។ របួសពិការ តែនៅមានឱកាសផ្ដល់ជីវិតដល់មនុស្ស ៦នាក់ទៀត។ ក្នុង ១០០ឆ្នាំទៀត ជនពិការម្នាក់នេះ អាចផ្ដល់ជីវិតដល់រាប់រយនាក់ ព្រោះកូនចៅនឹងកើតបន្ត។ តែបើសិនជាសង្រ្គាមនៅ ប្រហែលជាស្លាប់និងរបួសច្រើន។ មិនមែនតែទាហានទេ ដែលរបួស/ស្លាប់ អ្នកភូមិ/ស្រុកនៅទីនោះក៏ដូចគ្នា។ គ្រាន់តែយើងរៀបចំវាយគ្នានៅព្រះវិហារ ប្រជាជនជម្លៀសមករាប់ពាន់នាក់ គេចពីគ្រាប់ប្លោងកាលពីឆ្នាំ២០១១ … ភូមិឃុំ ផ្ទះខ្លះត្រូវឆេះ បើសិនជាវាយគ្នានៅក្នុងតំបន់នោះ។ អ្នកលំបាកជាងគេ គឺអ្នកដែលនៅក្នុងតំបន់ដែលប្រទាញប្រទង់គ្នា។ ព្រឹកឡើង ភាគីមួយចូលមក ល្ងាចឡើង ភាគីមួយទៀតចូលទៅវិញ។ មិនស្រួលគេថាក្បត់ ភ្នាក់ងារចុះឡើង គេចាប់ទៅបាត់។ អញ្ចឹងការសង្រ្គោះទីពីរ គឺនយោបាយឈ្នះឈ្នះ ដែលសម្ដេចតេជោ ជាប្រមុខ ជាមគ្គុទេសក៍ឯកក្នុងការដឹកនាំ និងការចូលរួមរបស់ប្រតិបត្តិករឈ្នះឈ្នះគ្រប់ភាគីដែលនាំមកនូវការបញ្ចប់សង្រ្គាម។
(១១) គណបក្សប្រជាជនសង្រ្គោះជីវិតប្រជាជនពីជំងឺរាតត្បាតកូវីដ១៩ កាត់បន្ថយភាពក្រីក្រនិងគ្រោះទុរភិក្ស
ទីបី គឺកូវីដ១៩ ដែលខ្ញុំនិយាយអម្បាញ់មិញ និង ការរំដោះប្រជាពលរដ្ឋពីភាពក្រីក្រ កាត់បន្ថយពីគ្រោះទុរភិក្ស ពីឆ្នាំ១៩៨០ មក។ ឃើញវិវត្តច្រើន។ កំពង់ធំ ធ្លាប់តែទៅហួសមកហួស។ បន្តិចទៀត ទៅជា ទៅ stop មក stop តែកុំ stop ដោយសារដាក់ប៉ារ៉ាស់។ stop ដោយទឹកចិត្ត មានភាពសម្បូរបែប ទើបគេមកទីនេះ។ បើកមើលត្រួសៗ សៀវភៅផែនការទេសចរណ៍ ២០២៦-២០៣០ ដាក់ផែនការនៅជិតសៀមរាប ព្រះវិហារជាកញ្ចប់។ យើងធ្វើជាមួយគ្នា។ យន្តហោះចុះនៅព្រលានឯសៀមរាប មិនបាច់ធ្វើនៅកំពង់ធំទេ តែចុះហើយអាចជិះមកលេងកំពង់ធំ ទៅព្រះវិហារ ឲ្យតែយើងបង្កើតគោលដៅទេសចរណ៍ជាកញ្ចប់ឲ្យគេ។ អញ្ចឹង ឈានទៅដល់ការបង្កើតនូវផលិតផល និងសេវាកម្មទេសចរណ៍ល្អ តែវាចាប់ផ្ដើមពីសុខសន្តិភាព ស្ថិរភាព បើមួយថ្ងៃៗ ឃើញតែវាយគ្នាប្រទាញប្រទង់នៅស្ទោង ចាំតែគេមកពីសៀមរាបតើ។ ប្រាសាទបល្ល័ង្គអី ថ្ងៃមុនខ្ញុំបានទៅ។ បើសិនជាវាយគ្នា គ្មានបានធ្វើសហគមន៍ស្វាយចន្ទីទេ គ្មានផ្លូវដី ឬស្ពានបាឡេអីទេ មិនស្រួលអត់ទាំងសាលារៀនផង។ នៅទូទាំងខេត្ត និងប្រទេស កត្តាបីនេះដែលខ្ញុំថា គណបក្សប្រជាជនបានទទួលការគាំទ្រភ្លូកទឹកភ្លូកដី មិនមែនដោយយើងបង្ខិតបង្ខំ តែដោយសារយើងធ្វើពិត និងបានផលពិតជូនប្រជាជន។
(១២) ក្រសួងធម្មការនិងសាសនា អ្នកប្រតិបត្តិ/ថ្នាក់ដឹកនាំគ្រប់សាសនា ត្រូវរួមគ្នាធានាសិទ្ធិសេរីភាព និង ការពារតម្លៃសាសនា
ចាប់ផ្ដើមពីការជួយសង្រ្គោះជីវិតធំៗ ៣ដងនេះ បាននាំដល់ការស្ដារជីវភាពរស់នៅ និងសិទ្ធិសេរីភាពគ្រប់សាសនាទាំងអស់។ យើងមានសាសនាធំៗ ៣ តែចុងក្រោយនេះ ចេញសាសនាព្រាហ្មណ៍ចេញឥសីព្រាត។ ខ្ញុំឲ្យឯកឧត្ដម ចាយ បូរិន សិក្សាឲ្យច្បាស់ ព្រោះសាសនានីមួយៗ មានមូលដ្ឋាន។ សាសនាណាត្រឹមត្រូវ មិនបង្កភាពច្របូកច្របល់ក្នុងសង្គម យើងគោរព។ សាសនាមួយៗ សុទ្ធតែមានក្រមប្រតិបត្តិត្រឹមត្រូវ។ ត្រូវឲ្យច្បាស់លាស់ ដើម្បីដឹងថា តើបន្ទាត់(ខណ្ឌចែក)នៅកន្លែងណា? កុំឱ្យអ្នកខ្លះយកសាសនាធ្វើ(ជាអាជីវកម្ម)។ សាសនាព្រះពុទ្ធ សាសនាឥស្លាម យើងឃើញពីការប្រតិបត្តិ(នៃសាសន៍នោះ)។ សាសនាគ្រិស្ដយើងអាចយល់ ប៉ុន្តែអ្នកដែលយល់សាសនាព្រាហ្មញ្ញ មានតិច។ ថ្ងៃមុន បានឱ្យលោកជំទាវ ភឿង សកុណា សិក្សាជាមួយបាគូនៅក្នុងព្រះរាជវាំងឱ្យច្បាស់ ដើម្បីយើងកំណត់សិទ្ធិសេរីភាពបងប្អូន តើធ្វើកម្រិតណាត្រឹមត្រូវ កុំឱ្យមានអ្នកឆ្លៀតឱកាស។
កន្លែងខ្លះឃើញ(មាន)ឥសីបិណ្ឌបាត ឬការប្រពន្ធ។ ខ្ញុំមិនដឹងថា តើវាជាក្រមប្រតិបត្តិក្នុងសាសនាឬទេ? សូម្បីនៅក្នុងសាសនាយើង កន្លែងខ្លះក៏មានបងប្អូនខ្លះយកទៅ(ធ្វើប្រតិបត្តិ)ជ្រុល។ ធ្វើអីធ្វើទៅក្នុងផ្ទះទៅ កុំបង្ហោះពេញហ្នឹង។ អ្នកខ្លះឡើង(ជា)ព្រះនាងឥន្ទ្រទេវី។អត់លេងបានទេរឿងហ្នឹង។ ក្រសួងធម្មការនិងសាសនា ត្រូវមើល តាមដានឱ្យជាប់ ធានាសិទ្ធិសេរីភាពសាសនា ប៉ុន្តែត្រូវគោរព(និងប្រតិបត្តិ)សាសនាឱ្យច្បាស់លាស់ ដើម្បីការពារតម្លៃសាសនា ជាកាតព្វកិច្ចរបស់ក្រសួង របស់(អ្នកប្រតិបត្តិ)គ្រប់សាសនាទាំងអស់ រួមទាំងថ្នាក់ដឹកនាំសាសនា ត្រូវរួមជាមួយគ្នា(ការពារតម្លៃសាសនាខ្លួន) ដើម្បីយើងធ្វើការ សហការយ៉ាងម៉េច(ឱ្យ)តម្លៃសាសនាច្បាស់លាស់។ តម្លៃសាសនា គឺអាស្រ័យទៅលើភាពពិតប្រាកដនៃការប្រតិបត្តិ។ បើសិនជាយកទៅធ្វើអ្វីផ្ដេសផ្ដាស គឺ(ខូចតម្លៃនៃសាសនានោះហើយ)។
(១៣) ថ្ងៃក្រោយ ពេលអាចធ្វើអាជីវកម្មរកលុយបានតាមបណ្តាញសង្គមនានា ត្រូវគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់
ជំនាន់ TikTok ជំនាន់(បណ្ដាញសង្គមឌីជីថល)នេះ ឥឡូវមិនទាន់រកលុយបាន (គ្រាន់តែ)ចុះឈ្មោះនៅស្រុកខ្មែរតាម YouTube (Facebook TIKTOK)តាមអីផង។ នៅប្រទេសមួយចំនួន គេចុះឈ្មោះនៅហ្នឹង។ បើ(មានអ្នកចូល)មើល YouTube បានមួយលាន views គេឱ្យប៉ុន្មានរយដុល្លារ។ ចុះ domain នៅស្រុកខ្មែរមិនទាន់(អាចរកលុយ)បានទេ។ គេកំពុងឱ្យសិក្សា។ ប្រសិនជាបាន ទៅថ្ងៃក្រោយ ទៅជាអាជីវកម្មមួយ ត្រូវគ្រប់គ្រងឱ្យបាន ប្រយ័ត្នកាន់តែច្របូកច្របល់ទៀត។ បងប្អូនខ្លះគិតតែពីចង់បាន views (ច្រើន) អ្នកខ្លះ(ច្រឡំ)ធ្វើរបូតនេះ/របូតនោះ។ វាមិនដែលទេ។ ច្រឡំម្ដង(វាមិនអី) ច្រឡំ(ច្រើនដង) វាយ៉ាងម៉េច។ ប្រើហ្វេសប៊ុកនេះពិបាក … ថ្ងៃមុន ខ្ញុំហួសចិត្ត។ មានម្ដាយកូនពីរនាក់ ប្រើទូរស័ព្ទ ស្គាល់(លេខប្រពន្ធខ្ញុំ)។ កូនទូរស័ព្ទមកប្រពន្ធខ្ញុំថា ឥឡូវយាយខូច អត់លុយទិញក្ដារមឈូស។ ប្រពន្ធខ្ញុំក៏រុញលុយឱ្យទៅ។ ថ្ងៃក្រោយ ជួបប្អូនស្រីខ្ញុំ អ្នកដដែលតែជាម្ដាយ(ម្ដង) ទូរស័ព្ទទៅប្រាប់ប្អូនស្រីខ្ញុំថា យាយស្លាប់ សុំលុយទិញក្ដារមឈូស។ ប្អូនស្រីក៏ឱ្យទៅ។ មួយអាទិត្យក្រោយ កូនទូរស័ព្ទមកប្រពន្ធខ្ញុំថា ឥឡូវម្ដាយស្លាប់ហើយ។ ដល់ម្ដាយទូរស័ព្ទមកប្អូនស្រីខ្ញុំថា ឥឡូវកូនស្លាប់ហើយ។ សុំ(លុយដើម្បី)ធ្វើបុណ្យ។ ដល់មិនទុកចិត្ត ស្រាវជ្រាវចុះឡើង គាត់កំពុងនៅក្នុងគុកទាំងពីរនាក់។ ឆ្លៀតបោកបានទៀត។ ដោយសារការទុកចិត្ត ការអាណិត(ទើបត្រូវគេបោកបាន)។ មិនតិចទេ បងប្អូន(ត្រូវគេបោក) (ដោយមាន)អ្នកបង្កើត(វីដេអូក្នុង) TikTok ថាកងទ័ពយើងកំពុងតែច្បាំងគ្នា (ហើយ)ឱ្យចូលលុយ។ ប្រយ័ត្ន។ អ្នកខ្លះអត់ចូលទេ។ អ្នកខ្លះយកឱកាស (ប្រទេសយើងកំពុងមានគេឈ្លានពាន)ហ្នឹង (បោកឱ្យគេចូលលុយជួយកងទ័ព)។ ប្រយ័ត្នឱ្យមែនទែន។ មន្រ្តីអនុវត្តច្បាប់របស់យើង ក្រសួងជំនាញ ក្រសួងមហាផ្ទៃ ត្រូវមើលរឿងហ្នឹង ការពារសន្តិសុខ ព្រោះទឹកចិត្តយើងល្អ តែមានអ្នកខ្លះទាញយកផលទៅលើរឿងហ្នឹង។
(១៤) ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្មករ/ការិនី អតីតយុទ្ធជនរាប់លាននាក់បានផលពីប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រ ដែលជាផលបានពីការធ្វើពិតលើដី
ទោះជាយ៉ាងណាក៏ដោយ ការវិវត្តរីកចម្រើនរបស់ប្រជាពលរដ្ឋយើង ការបើកសិទ្ធិសេរីភាពសាសនា ការផ្ដល់ឱកាសឱ្យរៀនសូត្រ ដើម្បីមានចំណេះនិងជំនាញ ការកសាងមូលដ្ឋានសុខាភិបាលនៅគ្រប់ទីកន្លែង ដែលយើងខំប្រឹងដាក់ចេញនូវគោលនយោបាយ គឺប្រជាពលរដ្ឋបានមើលឃើញ។ ជំនាន់កូវីដ-១៩ រដ្ឋបញ្ចេញថវិកាជាង ១០០០លានដុល្លារជួយជាជំនួយសង្គមដល់ប្រជាពលរដ្ឋ(និង)គ្រួសារងាយរងហានិភ័យ។ បងប្អូនបានទទួល។ នេះអត់គិតពីរឿងចំណាយថវិកាលើ ប.ស.ស ប័ណ្ណក្រីក្រ ប្រជាជនឈឺថ្កាត់។ ខ្ញុំទៅ(មើលតាមមន្ទីរពេទ្យ) អ៊ំចាស់ៗក្រីក្រ បានមកព្យាបាល។ ខ្ញុំសួរថា ពេទ្យគេយកលុយឬអត់? គាត់ថាអត់ទេ។ រដ្ឋចេញឱ្យ។ គាត់ទទួលបាន(ការព្យាបាលដោយឥតគិតថ្លៃ)។ វាមិនទាន់សុក្រឹត(គ្រប់មន្ទីរពេទ្យ)ទេ នៅមានឆកល្វែងខ្លះ ប៉ុន្តែសួរថា រាប់លាននាក់ដែលទទួលផលហ្នឹង សុទ្ធតែអ្នកបោកបញ្ឆោតទាំងអស់ទេ? ប្រជាពលរដ្ឋច្រើនណាស់បានផល(ពីប័ណ្ណ ប.ស.ស ប័ណ្ណក្រីក្រ) ដែលទទួលបាន(ការព្យាបាលដោយឥតគិតថ្លៃ)។ យើងគិតដល់មន្រ្តីរាជការ (មាន)ប.ស.ស ពេលឈឺថ្កាត់ ឬមានទំងន់។ កម្មករ កម្មការិនី ប្រជាពលរដ្ឋយើងច្រើនណាស់ អតីតយុទ្ធជនរាប់លាននាក់ បានផល(ពីប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រ)នេះ មិនមែនដោយចៃដន្យទេ គឺដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកាសចេញ ហើយធ្វើពិតនៅលើដី។ អ្វីដែលប្រជាជនបានផលជាក់ស្ដែងនេះហើយ បានជាប្រជាពលរដ្ឋយើងផ្ដល់ការទុកចិត្ត គាំទ្រ(គណបក្សប្រជាជន)។
(១៥) ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស សមាជិក/ជិកាគណបក្ស និងយុវជន ខំប្រឹងធ្វើអំពើល្អ និងធ្វើសមិទ្ធផលជូនប្រជាពលរដ្ឋ តាមគោលការណ៍គណបក្ស
ខ្ញុំនៅតែជឿជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ទោះបីជារាល់ថ្ងៃមានការផ្សព្វផ្សាយ និយាយចុះឡើងតាមហ្វេសប៊ុក តាមអីក៏ដោយ ឃោសនាពីនយោបាយស្អីក៏ដោយ ទីបំផុតនឹងឱ្យតម្លៃលើអ្វីដែលកើតមានលើដី ជាពិសេស ទៅលើលទ្ធផល សមិទ្ធផលជាក់ស្ដែង ដែល(រាជរដ្ឋាភិបាល)យើងខិតខំធ្វើឱ្យ។ ប្រការនេះហើយដែលខ្ញុំជឿថា គណបក្សប្រជាជនកម្ពុជានៅតែមានការទុកចិត្តពីប្រជាពលរដ្ឋ។ យើងនៅតែបន្តផ្ដល់ការងារសំខាន់ៗ និងធ្វើសមិទ្ធផលសំខាន់ៗ ជូនប្រជាពលរដ្ឋ មិនត្រឹមតែក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែក្របខ័ណ្ឌក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋាន គណបក្សមូលដ្ឋានទាំងអស់ខិតខំប្រឹងធ្វើការបម្រើប្រជាពលរដ្ឋ។ សមាជិក/ជិការបស់គណបក្ស យុវជន ខំប្រឹងធ្វើអំពើល្អតាមគោលការណ៍របស់បក្ស។ នេះហើយដែលខ្ញុំជឿជាក់១០០% ថា ប្រជាជននឹងនៅមានភាពកក់ក្ដៅជាមួយតទៅទៀត។ មិនល្អឥតខ្ចោះទេ ប៉ុន្តែយើងនឹងខិតខំធ្វើឱ្យល្អឥតខ្ចោះ។ បានន័យថាម៉េច? យើងឃើញខុសយើងកែលម្អ ខិតខំបង្កើនអ្វីដែលវិជ្ជមានបន្តទៅទៀត។ នេះជាទិសដៅរបស់គណបក្សប្រជាជនកម្ពុជា។ យើងទទួលស្គាល់ចំណុចខ្វះខាត ទទួលស្គាល់អ្វីដែលយើងមិនទាន់ដោះស្រាយបាន ហើយខិតខំបន្ត(ដោះស្រាយ)តទៅទៀត។ ពេលណាមួយ ដែលយើងថាល្អឥតខ្ចោះហើយ ពេលនោះហើយយើងនឹងធ្លាក់។ គណបក្សខ្លះរិះគន់ពីក្រៅ។ គេជាអ្នកល្អឥតខ្ចោះ (ឯ)គណបក្សប្រជាជនកម្ពុជាជាជនអាក្រក់។ យើងមិនថា(អីទេ តែ)អ្វីដែលសំខាន់គឺយើងទទួល យើងដោះសា្រយ យើងពន្យល់ឱ្យបងប្អូនប្រជាជនយល់។
(១៦) រាជរដ្ឋាភិបាលខិតខំគិតនិងដោះស្រាយកង្វល់របស់ពលរដ្ឋ ទោះមិនបានល្អឥតខ្ចោះក៏ដោយ
ថ្ងៃមុន មានរឿងហ្មដំរីនិងអង្គការមួយ។ រដ្ឋមន្រ្តី ឌិត ទីណា អត់បានមកទេ ព្រោះណាត់ជួបហ្មដំរីម្នាក់នោះ។ រឿងនេះ មិនមែនជារឿងរបស់យើងទេ។ វាពាក់ព័ន្ធនឹងអង្គការ(ថែរក្សាសត្វព្រៃនៅភ្នំតាម៉ៅ)។ ឯករាជ្យភាពរបស់អង្គការ គេធ្វើរឿងផ្ទៃក្នុង(របស់គេ)។ បុគ្គលិកត្រូវគ្នាឬមិនត្រូវគ្នា រឿងការអន់ចិត្តដោយសារអ្នកនេះ/នោះ បានការងារល្អស្អីៗ យ៉ាងម៉េច។ ខ្ញុំមិនដឹង(រឿងផ្ទៃក្នុងគេ)ទេ។ រដ្ឋមិនលូកដៃ(លើរឿងផ្ទៃក្នុងគេទេ) ប៉ុន្តែវាពាក់ព័ន្ធទៅនឹងអារម្មណ៍ និងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ និងសំណើបងប្អូនយើងមួយចំនួន។ អញ្ចឹង រដ្ឋមន្រ្តី(ក្រសួងកសិកម្ម)យើង(ណាត់ជួបហ្មដំរីនោះ) ធ្វើ(ពិភាក្សារកដំណោះស្រាយ)។ រឿង(យ៉ាងណា) អាស្រ័យលើការសម្រេចចិត្តផ្ទៃក្នុងរវាងបុគ្គលនិងអង្គការ។ យើងមិនអាចប៉ះពាល់។ ទោះជាយ៉ាងណា យើងមិនឱបដៃមើលទេ។ រដ្ឋមន្រ្តីយើងក៏បានទៅជួប ព្យាយាមផ្សះផ្សារ។ សូម្បីតែរឿងហ្នឹងក៏យើង(មិនមើលរំលង ត្បិតជាបំណងរបស់ប្រជាពលរដ្ឋជាច្រើន)។ គេថា វាជារឿងរបស់អង្គការគេសោះ។ ដូច្នោះមែន ប៉ុន្តែវាពាក់ព័ន្ធដល់កង្វល់របស់ប្រជាពលរដ្ឋយើង។ បើរឿងនេះត្រឹមបុគ្គលនិងបុគ្គល (រដ្ឋ)មិនចាំបាច់(ខ្វល់)ទេ។ ប៉ុន្តែវាពាក់ព័ន្ធទៅនឹងកង្វល់ប្រជាពលរដ្ឋជាច្រើន។ យើងជួយមើលឱ្យបានត្រឹមត្រូវ ដើម្បីដោះស្រាយ។ (រាជរដ្ឋាភិបាលខិតខំ)គិតទាំងអស់(ឱ្យតែជាកង្វល់របស់ពលរដ្ឋ) មិនបានល្អឥតខ្ចោះ ប៉ុន្តែយើងខិតខំ(ធ្វើនិងដោះស្រាយ)។
(១៧) លើមូលដ្ឋានដ៏រឹងមាំបន្សល់ទុកដោយអ្នកជំនាន់មុនរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ធំ បន្តជួយដល់ប្រជាជននិងអភិវឌ្ឍ
អំពីការងារអភិវឌ្ឍក្នុងខេត្ត(កំពង់ធំ) អម្បាញ់មិញ បើសិនជា ឯកឧត្តម វង្សី វិស្សុត អាននូវអ្វីដែលគាត់បានធ្វើ ប្រហែលជាមួយព្រឹកនេះ អានមិនចប់ទេ។ ខ្ញុំសូមអរគុណដល់សពឯកឧត្តម ងួន ញិល, ឯកឧត្តម ជា ចាន់តូ និងថ្នាក់ដឹកនាំរបស់គណបក្ស ក្រុមការងារគណបក្ស តាំងពីអាណត្តិមុនៗមក អតីតប្រធានគណបក្សខេត្ត អភិបាលខេត្តមុនៗមក។ មិនមែនយើងធ្វើនៅថ្ងៃនេះ ឬធ្វើពីរឆ្នាំ(មុន) បានប៉ុននេះទេ។ ឯកឧត្តម វង្សី វិស្សុត ក៏បាននិយាយច្បាស់ថា មិនមែនធ្វើកន្លែងនេះ (ធ្វើនៅថ្ងៃនេះ ឬឆ្នាំមុនចេញជាសមិទ្ធផលទេ) ប៉ុន្តែជាមូលដ្ឋានដែលបន្សល់ទុកដោយអ្នកជំនាន់មុនរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយនឹងប្រជាពលរដ្ឋរបស់យើង។ ខ្ញុំសូមអរគុណចំពោះការធ្វើបែបនេះ។ យើងនឹងបន្តនៅលើមូលដ្ឋានដ៏រឹងមាំនេះបន្តតទៅទៀតជួយដល់ប្រជាជននិងអភិវឌ្ឍ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំយើងជំនាន់មុនទាំងក្រុមការងារ ទាំងថ្នាក់ដឹកនាំរបស់គណបក្សខេត្តស្រុក។
យើងនឹងបន្តតការជួយសង្រ្គោះ និងការកសាងផ្សេងៗ … ឯកឧត្តម វង្សី វិស្សុត បានរាយការណ៍ឲ្យខ្ញុំជាប់ជាប្រចាំ កន្លែងមានបញ្ហាលិចទូក យើងដាក់ទូកឲ្យ។ បើធ្វើស្ពាន យើងអត់មានលទ្ធភាពធ្វើស្ពានគ្រប់ទន្លេបានទេ។ កន្លែងខ្លះយើងដោះបន្ទាន់ភ្លាម រៀបទូកធំមួយឲ្យ។ ក្រុមការងាររៀបចំដើម្បីសហការជាមួយសហគមន៍។ កន្លែងទំនប់ខែប្រាំងពិបាកទឹក កន្លែងខ្លះដោយសារយើងអត់មានទំនប់ស្រួលបួល វាអាស្រ័យទៅលើភ្លៀង។ ភ្លៀងលឿន ភ្លៀងយឺត ជួនកាលវាស្កក ជួនកាលវាលឿនពេក … នៅកំពង់គោ យើងត្រៀមធ្វើហើយទំនប់ស្ទាក់ទឹក ធានាទឹកស្រោចស្រពស្រែប្រាំងបាន ១២ម៉ឺនហិកតាសម្រាប់ប្រជាពលរដ្ឋ។ មិនបាច់ដេញតាម(អាកាសធាតុ)ហ្នឹងទៀតទេ។ មិនបាច់ថាធ្វើលឿន ឬធ្វើយឺតទេ។ ថ្ងៃមុនដោយសារតែការធ្វើលឿន ធ្វើយឺត ចាំទឹកភ្លៀង ក៏ស្រាប់តែព្រួសទៅ ភ្លៀងវាមិនងាយមក។ ជួនកាលវាមកលឿនជាងធម្មតា។ កន្លែងខ្លះវាមកច្រើនពេក លិចអស់ទៀត …។
(១៨) តទៅមុខ ទោះបីប្រទេសជាតិប្រែប្រួល ក៏គណបក្សប្រជាជនបន្តដឹកនាំប្រទេសក្នុងបុព្វហេតុជាតិនិងប្រជាជន
ទី១ កន្លងទៅ គណបក្សប្រជាជនកម្ពុជា តាំងពីកាលឆ្នាំ៥១ ធ្លាប់ប្តូរឈ្មោះ ប៉ុន្តែបុព្វហេតុយើងមិនដែលប្តូរទេ។ យើងធ្លាប់ប្តូរជំនាន់អ្នកដឹកនាំ ប៉ុន្តែបុព្វហេតុយើងមិនដែលប្តូរទេ។ អញ្ចឹង ខ្ញុំជឿថារាប់រយឆ្នាំតទៅមុខ គណបក្សប្រជាជនកម្ពុជា ទោះបីប្រទេសជាតិប្រែប្រួលយ៉ាងណា ក៏មិនប្រែប្រួលបុព្វហេតុបំរើប្រទេសជាតិ និងប្រជាជននោះដែរ។ កត្តាធំ២ នេះ ដែលបញ្ជាក់ថា គណបក្សប្រជាជននឹងបន្តជាគណបក្សដឹកនាំប្រទេសរយៈពេលវែង។ យើងដាច់ខាតការពារសុខសន្តិភាព ស្ថេរភាព។ នេះជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ការដែលបញ្ចប់សង្រ្គាម ៥០០ឆ្នាំទៅបាន ក៏ដោយសារគណបក្សប្រជាជនកម្ពុជា។ ៥០០ឆ្នាំមុន យើងនៅវាយគ្នា យើងនៅចែកប្រទេស។ សូម្បីតែជំនាន់សង្គមរាស្រ្តនិយម ក៏មានតំបន់ដែលមិនត្រួតត្រាដោយរដ្ឋាភិបាលពេញលេញដែរ ហើយក៏មានកន្លែងដែលមានកម្លាំងប្រដាប់អាវុធ។ ពេលនេះ ទៅដល់កន្លែងណាក៏ដោយ គឺយើងមានខ្មែរតែមួយ រដ្ឋបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ រួមគ្នាការពារអភិវឌ្ឍទឹកដីជាមួយគ្នា។ អញ្ចឹង អ្នកដែលខំដោះស្រាយ រកសមិទ្ធផល អ្នកដាំដើមឈើមួយដើមនេះ មិនមែនជាអ្នកកាប់ដើមឈើខ្លួនឯងនោះទេ។ ទោះជាក្នុងតម្លៃណាក៏ដោយ ការការពារសុខសន្តិភាព ស្ថេរភាពសង្គមនៅតែជាគោលដៅចំបងរបស់គណបក្សប្រជាជនកម្ពុជា។ ចំពោះបក្សផ្សេង ខ្ញុំមិនដឹងទេ តែសម្រាប់គណបក្សប្រជាជនកម្ពុជា(សូមធានាជូន)ប៉ុណ្ណឹង។
(១៩) គោលនយោបាយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនបំផ្លាញប្រទេសជាតិ តែជួយជាតិនិងប្រជាជនគ្រប់វិស័យ
ទី២ គណបក្សប្រជាជនកម្ពុជានឹងមិនធ្វើអ្វីឲ្យខូចប្រយោជន៍ជាតិនោះទេ។ ការងារល្អ អាក្រក់ ចន្លោះប្រហោង យើងដោះស្រាយ ប៉ុន្តែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនដែលដាក់គោលនយោបាយបំផ្លាញប្រទេសជាតិនោះទេ។ មើលគោលនយោបាយយើងចុះ មានតែគោលនយោបាយជួយប្រទេសជាតិ ជួយប្រជាជន ជួយគ្រប់វិស័យ។ ប្រជាជនអត់ដីនៅ យើងឲ្យដី ប្រជាជនអត់សាលារៀន យើងធ្វើសាលារៀនឲ្យ។ ប្រជាជនអត់មានលុយទៅពេទ្យ យើងរៀបចំគោលនយោបាយចេញប័ណ្ណក្រីក្រ រដ្ឋចេញលុយឲ្យ។ យើងដាក់គោលនយោបាយចរចាអំពីទឹកដី ធ្វើការបោះបង្គោលខណ្ឌសីមា។ យើងត្រូវដោះស្រាយឱ្យបាន រឿងដែលបន្សល់ទុកពីជំនាន់មុនមក ហើយការពារទឹកដីរបស់យើង តាមគ្រប់រូបភាពទាំងអស់ ទាំងច្បាប់ទាំងបច្ចេកទេស បើចាំបាច់ត្រូវការប្រើប្រាស់យោធា ក៏យើងត្រូវធ្វើ។ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលមិនធ្វើអ្វីឲ្យខូចផលប្រយោជន៍ជាតិ និងប្រជាជននោះទេ។
(២០) រៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអោយមានការដកសញ្ជាតិជនណាដែលប្រឆាំងនឹងផលប្រយោជន៍ខ្មែរ
ប៉ុន្មានថ្ងៃនេះ ឃើញមានមតិចេញព្រោងព្រាតនៅខាងក្រៅ នៅពេលដែល(យើង)គ្រោងរៀបចំធ្វើវិសោធនកម្ម (រដ្ឋធម្មនុញ្ញអោយមានការ)ដកសញ្ជាតិ ដែលសំដៅលើជនជាតិខ្មែរណាដែលប្រឆាំងនឹងផលប្រយោជន៍ខ្មែរ។ អ្នកខំភ័យធ្វើអ្វី។ បើអ្នកស្នេហាជាតិ ប្តេជ្ញាចិត្តទោះដង្ហើមចុងក្រោយ មិនធ្វើអំពើប្រឆាំងផលប្រយោជន៍ជាតិខ្មែរ ក៏សូមកុំភ័យព្រួយ។ តែបើអ្នកមានផែនការឃុបឃិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិខ្មែរ ហ្នឹងអ្នកភ័យចុះ។ ហើយបើអ្នកបែបហ្នឹង ក៏មិនគួរនៅជាខ្មែរទេ។ យើងកំពុងតែប៉ះទង្គិចការពារទឹកដី ពីរដ្ឋ/ប្រទេសផ្សេង អ្នកវាយបំបាក់ជាតិ។ រឿងហ្នឹងខ្ញុំមិននិយាយទេ ទុកឲ្យច្បាប់ធ្វើការចុះ។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ យើងគ្រាន់ឲ្យស្រាវជ្រាវបន្តិចថា នៅលើពិភពលោកមានប្រទេសប៉ុន្មានដែលមានច្បាប់ដកសញ្ជាតិ (ក៏ឃើញថាក្នុងចំណោម)ប្រទេស១៩៥ ជាសមាជិកអង្គការសហប្រជាជាតិ ១៥០ប្រទេសមាន ច្បាប់ដកសញ្ជាតិ ក្នុងនោះមានប្រទេសក្នុងសហភាពអឺរ៉ុប១៨ រួមទាំងអង់គ្លេសផងដែរ។ តែធ្វើរញ៉េរញ៉ៃខុសច្បាប់ ដកសញ្ជាតិ។ អាមេរិកក៏មានដែរ។ ច្បាប់ថ្មីរបស់អាមេរិកមានរហូតដល់ដកសញ្ជាតិ បើអ្នកហ្នឹងប្រព្រឹត្តអំពើភេរវកម្ម ឬមួយក៏អំពើខ្វះសីលធម៌។ នេះប្រទេសមហាអំណាចលេខ១ ហើយនៅក្នុងចំណោម ១៥០ប្រទេសនេះ មាន ១៣៤ប្រទេសមានច្បាប់ដកសញ្ជាតិពីបទក្បត់ជាតិ ប្រឆាំងផលប្រយោជន៍ជាតិ។
អញ្ចឹង មិនមែនតែកម្ពុជាទេ។ យើងត្រូវតែមើលរដ្ឋធម្មនុញ្ញ។ ប៉ុន្តែបងប្អូនអើយ ប្រទេសខ្លះ បើសិនជាបុគ្គលម្នាក់ហ្នឹងធ្វើទាហាន មានសញ្ជាតិ២ គឺធ្វើទាហានឲ្យប្រទេសហ្នឹងផង ធ្វើទាហានឲ្យប្រទេសខ្មែរផង គឺគេដកសញ្ជាតិមួយចោល។ ពេលច្បាំងគ្នា អ្នកឯងការពារអ្នកណា? និយាយឲ្យច្បាស់ អ្នកឯងសុទ្ធតែស្បថជាមួយរដ្ឋធម្មនុញ្ញការពារជាតិ។ ដល់អ្នកឯងសញ្ជាតិ២ ធ្វើក្របខណ្ឌទាហាននេះផងនោះផង គេត្រូវដកចោលមួយ … ពាក់អាវខាងនេះ តែស្តាប់បទបញ្ជាខាងនោះ។ រឿងនេះជារឿងនីតិវិធី រឿងការគាំទ្រ។ ទៅមុខ ខ្ញុំទុកឲ្យខាងច្បាប់ធ្វើការ។ ខ្ញុំមិនលូកលាន់ ក៏ប៉ុន្តែជាគោលគំនិត គ្មានអ្វីធ្វើបាបប្រជាពលរដ្ឋដែលស្រលាញ់ជាតិពិតប្រាកដទេ។ អ្នកដែលមិនឃុបឃិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិធ្ងន់ធ្ងរនោះទេ ក៏កុំបើព្រួយបារម្ភ។ អ្នកដែលស្នេហាជាតិពិតប្រាកដ ស្រលាញ់ជាតិខ្មែរពិតប្រាកដ ទោះជាដំណាក់កាលណាក៏ដោយ និន្នាការណាក៏ដោយ បក្សនយោបាយណាក៏ដោយ មិនដែលឃុបឃិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិឯងនោះទេ។
ការកសាងប្រទេស ការអភិវឌ្ឍប្រទេសត្រូវការមូលមតិគ្នា។ ទស្សនៈខុសគ្នា ជាការធម្មតា។ គោលនយោបាយខុសគ្នា វាមិនអីទេ តែកុំធ្វើសកម្មភាពអ្វីដែលបំផ្លាញជាតិ ជាពិសេសកុំឃុបឃិតជាមួយបរទេសបំផ្លាញជាតិ។ នេះមិនមែនជាប្រទេសផ្តាច់ការដូចគេទេ។ ប្រទេសមហាអំណាចក៏មានដែរ ១៥០ប្រទេសនៅក្នុងពិភពលោកមានច្បាប់នេះ។ អញ្ចឹងអ្វីដែលធ្វើ គ្មានខុសពីលំនាំអន្តរជាតិនោះទេ។ តែខ្ញុំជឿថាបងប្អូននៅទីនេះ គ្មានព្រួយបារម្ភទេ ព្រោះយើងគ្មានបំណងឃុបឃិតជាមួយបរទេសមកវាយប្រហាររដ្ឋាភិបាល មកវាយប្រហារជាតិយើងទេ។ មែនទេ? យើងកំពុងតែតតាំងយកទឹកដី។ ស្រាប់តែមានអ្នកខ្លះជេរយើងថាទៅឃុបឃិត … ការងារតូចតាចវាជារឿងមួយ ប៉ុន្តែការងារប៉ះពាល់ធំ ដល់សន្តិសុខជាតិ ហ្នឹងរឿងច្បាប់គេគិតគូរ …។
(២១) ក្នុង ២ឆ្នាំនៃអាណត្ដិថ្មី ដាក់គោលដៅធ្វើប្រព័ន្ធធារាសាស្ដ្រធ្វើបន្ដពីអាណត្ដិមុននិងថ្មី ជំរុញវិស័យកសិកម្ម
ការគិតគូរពីប្រទេសជាតិត្រូវឲ្យច្បាស់ទាំងអស់គ្នា។ បន្តអភិវឌ្ឍប្រទេសជាតិគឺជាអ្វីដែលរាជរដ្ឋាភិបាលគ្រប់អាណត្តិរបស់គណបក្សប្រជាជន(បានធ្វើ) ហើយ(រាជរដ្ឋាភិបាល)អាណត្ដិទី៧ នេះក៏មិនខុសគ្នាដែរ។ គោលដៅធំគឺកំណើន ការងារ ប្រសិទ្ធភាព សមធម៌ ចីរភាព ក្នុងនោះមាន សុខភាព ចំណេះដឹង បំណិន។ យើងធ្វើគ្រប់កន្លែងទាំងអស់។ ឥលូវ យកតែខេត្តកំពង់ធំ (មកឧទាហរណ៍)ចុះ។ ក្នុង ៤៥ឆ្នាំនេះ យើងបានចេញពីអ្វីទៅអ្វី? ជំនាន់ ឆ្នាំ ១៩៧៩ និង១៩៨០ អ៊ំ ពូ មីង នៅក្រមុំកំលោះ មិនទាន់ការ។ ឥលូវ(ដល់ជំនាន់)កូន ខុសគ្នាយ៉ាងម៉េច អាចដឹងហើយ។ ទីតាំងផ្លូវនេះពីមុនយ៉ាងណា ក៏ដឹងហើយ។ ឥលូវ ខ្ញុំនិយាយ ២ឆ្នាំនេះ ក្នុងអាណត្ដិថ្មីនេះ យើងបានដាក់ចេញគោលដៅច្រើនក្នុងការធ្វើប្រព័ន្ធធារាសាស្ដ្រ ដែលបន្ដធ្វើពីអាណត្ដិមុននិងរៀបចំថ្មី។ អរគុណដល់ ឯកឧត្តម ថោ ជេដ្ឋា ឆាយ ឬទ្ធីសែន ឌិត ទីណា ដែលផ្ដោតលើវិស័យកសិកម្មនៅកន្លែងនេះ។ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម វង្សី វិស្សុត ដែលជាអ្នកសេដ្ឋកិច្ច ពេលទៅជួបខ្ញុំម្ដងៗ គាត់និយាយពី master plan សេដ្ឋកិច្ច។
អ្នកសេដ្ឋកិច្ចមើលដីម្ដុំហ្នឹង មិនមែនមើល(វាយតម្លៃ)ថាដីហ្នឹងលក់បានប៉ុន្មានអីទេ? គាត់មើលថា តើកន្លែងហ្នឹងប្រែក្លាយទៅជាកន្លែងដែលបង្កើតការងារបានប៉ុន្មាន? ទាញផលប្រយោជន៍មកចូលខេត្តបានប៉ុន្មាន? ហ្នឹងអ្នកសេដ្ឋកិច្ច មិនមែនអ្នក business។ អ្នក business គេមើលកន្លែងហ្នឹងសង់អីបាន ចំណូលចូលយ៉ាងម៉េច ?ចរន្ដយ៉ាងម៉េច? ចំណេញយ៉ាងម៉េច? … ជាអ្នកសេដ្ឋកិច្ច គាត់រៀបចំអម្បាញ់មិញ គ្រាន់តែគំរោងដែលប្រកាសមកមិនមែនខ្វះ ៥០លានរៀលទេ (គឺ) ខ្វះ ១ ៥០០ លានដុល្លារ។ បានធានាច្នៃប្រឌិត ៧៥០លាន ដុល្លារ។ មិនតិចទេ។ គាត់មានវិធីទាញពីដៃគូយកមកវិនិយោគ។ វិនិយោគទៅលើអ្វីដែលបំរើរយៈពេលវែង។ វិនិយោគខុសគ្នា។ តិចយកទៅទិញឡានស្អាត ហើយថាវិនិយោគដែរ។ អត់ទេ។ ហ្នឹងជាបន្ទុកទៅវិញ។ មួយជាទ្រព្យដែលដាក់ទៅបង្កើន(ចំណូល)។ អញ្ចឹង ការដាក់លុយធ្វើផ្លូវបង្កើនសេដ្ឋកិច្ចនៅកន្លែងហ្នឹង អោយ(ជីវភាព)ប្រជាជនរីក(ចំរើន)។ ធ្វើប្រឡាយទឹកគឺដាក់ទ្រព្យវិនិយោគដើម្បីផលប្រយោជន៍រួម ដើម្បីឲ្យប្រជាជនរីកសេដ្ឋកិច្ច។ យើងធ្វើប្រព័ន្ធធារាស្ដ្រខេត្តកំពង់ធំថែមទៀត។
(២២) សង្ឃឹមខេត្តកំពង់ធំជាស្នូលផលិតមួយនៃ “កម្ពុជាអធិរាជនៃស្វាយចន្ទី” នាំឲ្យជីវភាពកសិករបានប្រសើរ
ក្នុងមួយឆ្នាំនេះ យើងបានប្រជុំច្រើនដែរ(ពីការអភិវឌ្ឍស្វាយចន្ទី)។ ខ្ញុំបានឲ្យក្រុមការងារសាកល្បងមួយជំហានហើយ ដើម្បីរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍស្វាយចន្ទីតាមរយៈការដាក់ចេញនូវការប្រតិបត្ដិជាក់ស្ដែង ដោយយកកំពង់ធំជាកន្លែងចាប់ផ្ដើម។ យើងរៀបចំសួនឧស្សាហកម្មមួយ។ កំពុងឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ រដ្ឋវិនិយោគការធ្វើផ្លូវ ទឹកតភ្ជាប់។ ឲ្យឯកជនមួយចំនួនយកមកវិនិយោគខាងក្នុងជាមួយរដ្ឋ។ យើងឲ្យដី(តំលៃ)ថោក ឬហ្វ្រី ឲ្យអ្នកវិនិយោគនៅហ្នឹងធ្វើការកែច្នៃ។ ប្រមូលផ្ដុំនៅត្រង់ហ្នឹង ដើម្បីជួយកសិករធ្វើស្វាយចន្ទីនៅកន្លែងនេះ។ ស្វាយចន្ទីមិនមែន (ដាំ) តែអ្នកកំពង់ធំទេ គឺស្វាយចន្ទីមាននៅព្រះវិហារ ចំនៀរកំពង់ចាម សៀមរាប។ យើងបង្កើតទីផ្សារនៅហ្នឹងកន្លែង។ កន្លងទៅ យើងបង្កើតទីផ្សារនៅក្រៅច្រើន។ យើងផលិត កែច្នៃហើយ នាំឆៅនិងឆ្អិនទៅ(ក្រៅ)។ ឥលូវយើងចង់បង្កើតទីផ្សារក្នុងស្រុក។ បានន័យថា បង្កើតឧស្សាហកម្មកែច្នៃ(ស្វាយចន្ទី)នៅក្នុងស្រុកនាំចេញ។ ការកែច្នៃស្វាយចន្ទី មិននិយាយតែការកែច្នៃគ្រាប់យកទៅក្រៅនោះទេ។ និយាយទាំងអស់ ទាំងសំបក ដើម យកមកកែច្នៃជាខ្សែចង្វាក់ផលិតកម្ម។ សង្ឃឹមថាថ្ងៃក្រោយកម្ពុជា(ក្លាយ)ជាអធិរាជនៃស្វាយចន្ទី ហើយខេត្តកំពង់ធំជាស្នូលមួយនៃអ្នកផលិតស្វាយចន្ទីច្រើន (នាំឲ្យជីវភាព)កសិករនៅទីនេះកាន់តែល្អ។
() ក្រៅពីនោះ គំរោងប៉ុន្មានដែល ឯកឧត្តម នួន ផារ័ត្ន វង្សី វិស្សុត ខំទៅទាក់ទាញវិនិយោគពីក្រៅមកដាក់ទុនលើវារីវប្បកម្ម និងស្អីផ្សេងៗ មួយចំនួនទៀតក្នុង(ខេត្ត) នឹងប្រែក្លាយដីដែលមើលទៅគិតថាបើលក់បានប៉ុន្មាន ទិញដូរៗ យកចំណេញ … ទៅជាទៅជាទ្រព្យសំរាប់បង្កើនចំណូលចូលហោប៉ៅអ្នកកំពង់ធំកាន់តែច្រើន។ នេះជាអ្វីដែលអ្នកសេដ្ឋកិច្ចគិតគូរ។ អ្នកសេដ្ឋកិច្ច រៀបចំមូលដ្ឋាន ហេដ្ឋរចនាសម្ព័ន្ធ ទុកឲ្យអ្នកធុរកិច្ចមកវិនិយោគ
(២៣) ប្រែក្លាយដីដែលមើលថាទិញដូរយកចំណេញ ទៅជាទ្រព្យបង្កើនចំណូលចូលហោប៉ៅអ្នកកំពង់ធំ
យើងមិនត្រឹមតែសង្ឃឹម ដេកស្រម៉ៃទេ (ប៉ុន្ដែថែមទាំង)ដាក់គោលដៅធ្វើពិតប្រាកដ។ កិច្ចការនេះ ខ្ញុំជាអ្នករុញផ្ទាល់ជាមួយក្រុមការងារដែលប្រទាក់ក្រឡាជាមួយវិស័យឯកជន។ ក្រសួងកសិកម្ម តាមរយៈសហគមន៍ទំនើប នឹងជាដៃគូសំខាន់ក្នុងរូបមន្ដនេះ។ ក្រៅពីនោះ គំរោងប៉ុន្មានដែល ឯកឧត្តម នួន ផារ័ត្ន វង្សី វិស្សុត ខំទៅទាក់ទាញវិនិយោគពីក្រៅមកដាក់ទុនលើវារីវប្បកម្ម និងស្អីផ្សេងៗ មួយចំនួនទៀតក្នុង(ខេត្ត) នឹងប្រែក្លាយដីដែលមើលទៅគិតថាបើលក់បានប៉ុន្មាន ទិញដូរៗ យកចំណេញ … ទៅជាទ្រព្យសំរាប់បង្កើនចំណូលចូលហោប៉ៅអ្នកកំពង់ធំកាន់តែច្រើន។ នេះជាអ្វីដែលអ្នកសេដ្ឋកិច្ចគិតគូរ។ អ្នកសេដ្ឋកិច្ច រៀបចំមូលដ្ឋាន ហេដ្ឋរចនាសម្ព័ន្ធ ទុកឲ្យអ្នកធុរកិច្ចមកវិនិយោគ។ ធ្វើមួយៗ ប៉ុន្ដែផលទាញឲ្យបានច្រើន។ សូម្បីនៅក្នុងតំបន់២ តំបន់៣ ត្រូវគ្រប់គ្រង់ឲ្យបាន ទាញផលឲ្យចូលខេត្តបានច្រើន ព្រោះដីហ្នឹងអត់មានកម្មសិទ្ធិទេ។ ខេត្តគ្រប់គ្រង ហើយទាញផលខេត្ត។ មិនមែនទាញផលចូលចៅហ្វាយខេត្តទេ។ និយាយឲ្យច្បាស់។ ចៅហ្វាយខេត្ត យកទ្រព្យជាការគាំទ្រ។ ធ្វើចៅហ្វាយខេត្ត ជាអ្នកនយោបាយ បន្សល់ទុកនូវការគាំទ្រក្នុងអារម្មណ៍អ្នកគាំទ្រ។
(២៤) លើកទឹកចិត្តខេត្តទាំងអស់ប្រកួតប្រជែងបង្កើតសោភណ្ឌភាព និងកន្លែងបម្រើផលប្រយោជន៍សាធារណៈ
គេថាជំនាន់នេះកសាងបានប៉ុណ្ណេះ។ ឥលូវជំនាន់នេះបន្ដទៀត។ ជំនាន់ឯកឧត្តម នួន ផារ័ត្ន ឃើញ(ការរីកចំរើន) ច្រើន។ ខ្ញុំគាំទ្រ។ រាជធានីខេត្តទាំងអស់បានអនុវត្ដ។ និយាយត្រង់តែម្ដង ដំបូងឡើយឡើងមកកាន់តំណែង យកគំរោងអភិវឌ្ឍនេះនោះនៅមាត់ស្ទឹងសែន។ ខ្ញុំថាបំរុងធ្វើអី? ដោះដូរស្អីទៀតហើយ? គាត់ថា ធ្វើសំរាប់ប្រជាជនជាសាធារណៈ។ ខ្ញុំថា អូខេ ឯកភាព ១០០%។ គេចង់កែច្នៃមាត់ស្ទឹងសែនជាសួនសាធារណៈ សុខចិត្តដោះដូរជាមួយកន្លែងឯកជនមួយចំនួនឲ្យរើចេញពីកន្លែងហ្នឹង។ នេះយើងយកកន្លែងឯកជនទៅក្រៅ ហើយយកកន្លែងហ្នឹងទុកឲ្យ(ជាផលប្រយោជន៍)សាធារណៈ។ ធ្វើទៅ។ ខ្ញុំលើកទឹកចិត្តឲ្យខេត្តទាំងអស់ប្រកួតប្រជែងគ្នាបង្កើតសោភណ្ឌភាព និងកន្លែងផលប្រយោជន៍សាធារណៈឲ្យបានច្រើន។ ឥលូវ អ្នកណាចង់បានរង្វាន់ឈ្នះភ្នំពេញ walk street សាកទៅ។ សូម្បីប្រទេសជិតខាងមួយ ខ្ញុំមិនបញ្ចេញប្រទេសណាទេ ទីក្រុងរបស់គេអភិវឌ្ឍច្រើនជាងយើង។ ប៉ុន្ដែស្ងាត់។ ឥលូវគេបានលើកយោបល់មួយចំនួនជាសាធារណៈ សំណូមពរប្រជាជនគេឲ្យធ្វើយ៉ាងម៉េចដូច walk street ភ្នំពេញ។
រៀបចំបង្គោលភ្លើងដូចប៉ុន្មាននោះ … ដំបូងឡើយ តាមដឹង កំពង់ធំដូចដាក់ក្នុងក្រុង ដល់ប្រកាសជ្រុលដាក់ទាំងផ្លូវតែម្ដង។ ជ្រុលកុំដកវិញ។ អញ្ចឹងឲ្យតែមកចូលដល់ជិតស្ទឹងសែនគឺធំតែម្ដង។ ថ្ងៃក្រោយកុំឲ្យមានតែហាងអរុណរះមួយ។ ដូចកំពង់ចាម កុំឲ្យមានតែតាម៉ាប់មួយ។ ថ្ងៃក្រោយ មានកន្លែងកាន់តែច្រើន។ តែមនុស្សមកច្រើន ហ្នឹងរីកដោយខ្លួនឯងហើយ។ អរុណរះនៅបើកទេ? នៅទេ។ កន្លែងហ្នឹង ឃ្មុំអាំងឆ្ងាញ់។ ឲ្យតែខ្ញុំចូល។ មួយទៀតមានស្អីផ្ទះនៅក្រោយស៊ុប “គ្រួសាររីករាយ”។ កន្លែងហ្នឹងងៀតក្របី និងបាយដំណើបឆ្ងាញ់។ ខ្ញុំចូលទៅហ្នឹង។ កាលធ្វើទាហាន ធ្វើដំណើរតាមរថយន្តរហូត អត់ជិះកន្ទុយរុយទេ។ អញ្ចឹងបានបាយដំណើបហ្នឹងស្រួល។ បាយដំណើបត្រីងៀត បាយដំណើបងៀតក្របី ហូបហើយវេចតាមឡានទៅទៀត។ អញ្ចឹងអ្នកណាទៅពីហ្នឹង ផ្ញើឲ្យទិញហ្នឹងទុកផង។ ចាំផ្ញើអ្នកផ្ទះផង … អញ្ចឹងជាកន្លែងដែលទៅស្តុបមកស្តុប ដោយបេះដូង។
(២៥) ក្រុងស្អាត សេវាល្អ មានហេដ្ឋារចនាសម្ព័ន្ធ មានប្រាសាទ មានសកម្មភាពច្រើន ជាផលិតផលទេសចរ
ព្រលានយន្តហោះ ក៏អត់ឆ្ងាយពីកំពង់ធំទេ។ នៅជិតព្រំប្រទល់។ អញ្ចឹង ចុះយន្តហោះ គេទៅសៀមរាប ចុះយន្តហោះគេមកនេះ។ ដូចនៅកំពង់សោមអញ្ចឹង។ កាលមុន គេចុះយន្តហោះទៅក្រុង ហើយបានគេឆ្លងទូក។ ឥឡូវអ្នកខ្លះចុះយន្តហោះ ឡើងទៅកោះរ៉ុងតែម្តង។ ឲ្យតែមានផលិតផលទេសចរណ៍ ឲ្យតែក្រុងស្អាត ឲ្យតែមានសេវាស្អាត ឲ្យតែមានសកម្មភាពឲ្យច្រើន។ នៅនេះក៏មានប្រាសាទដែរ សំបូរព្រៃគុក អីផ្សេងៗមានច្រើន ហើយភ្ជាប់ជាមួយព្រះវិហារ។ ថ្ងៃមុនខ្ញុំឲ្យខេត្តប៉ុន្មានហ្នឹងដាក់ជាកញ្ចប់ជាមួយគ្នា។ ជា tour ។ ម្សិលមិញ ខ្ញុំជួបជាមួយនាយករដ្ឋមន្ត្រី Lawrence Wong។ ខ្ញុំនិយាយប្រាប់គាត់។ គាត់ឯកភាព។ គាត់ថាបើយើងមើលប្រទេសមួយៗ យើងដូចជាអ្នកប្រកួតប្រជែងអញ្ចឹង។ ប៉ុន្តែបើយើងមើលពិភពលោកទាំងមូល អាស៊ាននេះជាគោលដៅទេសចរណ៍មួយដែលត្រូវប្រកួតជាមួយអឺរ៉ុប ជាមួយអាមេរិក ឡាទីន ជាមួយអី។ គាត់ឯកភាព។ អញ្ចឹងបានឲ្យរដ្ឋមន្ត្រីទេសចរណ៍ត្រូវជួបគ្នា។ ថ្ងៃមុន ជាមួយខាងម៉ាឡេស៊ីក៏ដូចគ្នា ជាមួយរដ្ឋមន្ត្រីទេសចរណ៍ ឲ្យក្រសួងយើង ឲ្យអ្នកធ្វើគ្រុបអង្គុយជាមួយគ្នាទៅ បង្កើតកញ្ចប់ជាមួយគ្នាទៅ។ យើងគិតគូរឱ្យនៅកន្លែងនេះទាញទៅវិញទៅមក។ ឥឡូវផ្លូវរដ្ឋធ្វើឲ្យហើយ កាន់តែល្អ។ តទៅទៀត មកតាមទឹកក៏មាន។
ថ្ងៃមុន (ឯកឧត្តម សាយ) សំអាល់ បានលើកយោបល់មក។ ខ្ញុំឯកភាព។ តាំងពីកំពង់ឆ្នាំង កំពង់ចាម ក្រចេះឡើងមកខាងនេះ ទាំងកំពង់ធំអីហ្នឹង នៅតាមច្រកមាត់ទន្លេកន្លែងខ្លះ មានទូកទេសចរណ៍។ អញ្ចឹង បើឲ្យគេឡើងមកលើកាន់តែឆ្ងាយ ទាល់តែមានកន្លែងសំចត កន្លែងហូបស្រួលបួល។ ហ្នឹងអាចបង្កើតជាទេសចរណ៍មួយទៀត។ ប្រទាក់ក្រឡាទៅ។ បើយើងប្រទាក់ក្រឡាទីផ្សារក្នុងស្រុកកាន់តែច្រើន យើងជំនួសការនាំចូល ឬពឹងផ្អែកលើទេសចរណ៍ក្រៅឲ្យច្រើន។ យើងបង្កើតច្រើន យើងម្ចាស់ការខ្លួនឯងបានច្រើន។ នេះជាឯករាជ្យភាពរបស់យើង។ មិនមែនបានន័យថា យើងឈប់ធ្វើទំនាក់ទំនងជាមួយប្រទេសដទៃផ្សេងទេ តែក្នុងស្រុកយើងមានសក្តានុពលច្រើន។ សូមភ្ជាប់ឲ្យច្រើន។ ក្រោយកូវីដ១៩ប្រទេសចិនធ្វើអញ្ចឹង។ កាលមុន ទេសចរណ៍ចិនចេញទៅក្រៅច្រើន ដល់ក្នុងប៉ុន្មានឆ្នាំនេះ គាត់ធ្វើដំណើរទេសចរណ៍ក្នុងប្រទេសច្រើន។
(២៦) ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារដោយសមធម៌គ្រប់វិស័យ គ្រប់កន្លែង ដោយប្រជាជនធូរធារ
ឥឡូវប្រជាពលរដ្ឋយើង ទី១ ជីវភាពរស់នៅបានគ្រាន់បើជាងមុន មានឡាន មានអីហើយ ទី២ ស្ត្រេសក៏ច្រើនដែរ ជាពិសេសអ្នកភ្នំពេញ សឹងតែដូចស្រុកបារាំងគេថា អ្នកប៉ារីសជាអ្នក “Métro, boulot, dodo” ឬ “ផ្លូវក្រោមដី ធ្វើការ និងដេក”។ មួយជីវិតគាត់ មួយថ្ងៃៗ ដឹងតែងើបឡើងទៅធ្វើការ។ មកដល់ផ្ទះដេក។ ងើបទៅទៀត។ យូរៗ វាស្រ្តេសដែរ។ នៅភ្នំពេញយើងក៏ចឹងដែរ។ អ្នកនៅក្នុងខេត្តមួយចំនួន ប្រទេសកាន់តែជឿនលឿន ការងារត្រូវដើរកាន់តែលឿន។ បើការងារត្រូវដើរកាន់តែលឿន មនុស្សត្រូវតែស្វាហាប់ ហើយកាន់តែចំណាយ។ ជៀសមិនផុតទេ។ មិនថាក្នុងរដ្ឋក្នុងឯកជនទេ។ អញ្ចឹងការបង្កើតបរិស្ថាននៅក្នុងខេត្ត ក្នុងប្រទេស ដើម្បីប្រជាជនយើងអាចទទួលបានផលទាំងអស់គ្នាជាការសំខាន់។ ការរៀបចំប្រទាក់ក្រឡាផ្ទៃក្នុងកាន់តែល្អភ្ជាប់ទៅកន្លែងផ្សេងៗ ទៀត។
រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការទាំងអស់នេះ។ ខេត្តកំពង់ធំ ជាខេត្តសក្តានុពល ដែលកាលពីជំនាន់វាយគ្នា ក៏វាយគ្នាច្រើន។ ជំនាន់វៀតណាមដកទ័ពចេញ ក៏វាយគ្នាច្រើន។ ជំនាន់ក្រោយមកទៅហួសមកហួស។ ផ្តាច់ព្រលឹងទៅដល់ជាប់សៀមរាប។ ឥឡូវ ខេត្តដែលថាទៅហួសមកហួស ក្លាយជាខេត្តដែលមានសក្តានុពលច្រើន។ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ក៏ជាខេត្តទៅហួសមកហួស។ កំពង់ចាមបានទីរួមខេត្តតិចតួច។ ឥឡូវបានច្រើន ប្រទាក់ក្រឡាគ្នា កម្ពុជាយើងបានគ្រប់កន្លែង។ នេះហើយជាគោលដៅរបស់យើង គឺកំណើនសេដ្ឋកិច្ច បង្កើតការងារដោយសមធម៌, សមធម៌បានន័យថា ចែកផលនេះទៅគ្រប់កន្លែង មិនមែនប្រមូលផ្តុំតែអ្នកភ្នំពេញ ប្រមូលផ្តុំតែក្រុមនេះក្រុមនោះទេ គឺគ្រប់វិស័យទាំងអស់ គ្រប់កន្លែង អភិវឌ្ឍដើម្បីប្រជាជនរីកចម្រើន និងធូរធារ។
(២៧) សាងសង់អគារទីស្នាក់ការគណបក្សប្រជាជន ដើម្បីភាពរឹងមាំរយៈពេលវែង មើលថែ និងអភិវឌ្ឍស្រុក ក្រុង ខេត្តកំពង់ធំ
អ្នកកំពង់ធំ ដែលធ្លាប់តែដាច់ ប្រៀបធៀបសៀមរាប អូតែលច្រើន។ តិចទៀតក៏កាន់តែច្រើន។ ទីនេះក៏កាន់តែច្រើន ព្រះវិហារក៏ដូចគ្នា ដោយសារមានកសិឧស្សាហកម្ម និងមជ្ឈមណ្ឌលនានានៅទីនេះ។ ឥឡូវយើងរុញទៅទិសខាងលិច ហើយនៅកន្លែងនេះសម្រាប់ស្វាយចន្ទី។ ហេតុអ្វីបានជាយើងយកកំពង់ធំ? វានៅកណ្តាល ហើយទី២ ជិតផ្លូវទឹកដែលជាប់ជាមួយព្រែកជីកហ្វូណននៅអនាគត។ វាអាចភ្ជាប់ខាងផ្លូវទឹកទៅខាងប៉ោយប៉ែត។ យើងរៀបចំបន្ថែមប្រព័ន្ធប្រឡាយនិងផ្លូវដែកបន្ថែមទៀត។ កន្លែងនេះគឺកន្លែងធំ។ ជិតកំពង់ឆ្នាំង។ ឆ្លងស្ពានយើងធ្វើហើយទៅកំពង់លែង ផ្លូវលេខ១០ តទៅទៀត។ អញ្ចឹងកាន់តែស្រួល។ អញ្ចឹងអ្នកកំពង់ធំណាមិនស្គាល់សាឡង់ ជិះទៅកំពង់ឆ្នាំងឲ្យហើយ។ បើធ្វើស្ពានហើយ ផ្លូវជាតិលេខ១០ ហើយ សាឡង់ប្រហែលជារើទៅកន្លែងផ្សេងផ្តាច់និស្ស័យទៀតហើយ។
កាលមុនគេហៅជីវិតអ្នករត់ទូកដ ឥឡូវតែងមួយបទទៀត ជីវិតអ្នករត់សាឡង់។ នេះគឺជាការអភិវឌ្ឍ។ បានន័យថាកន្លែងដដែលពីមុន មកដល់ពេលនេះមានការប្រែប្រួលវិជ្ជមាន។ ពីនេះទៅអនាគត កាន់តែវិជ្ជមាន។ អញ្ចឹង បានយើងរុញគ្រប់កន្លែងទាំងអស់ដើម្បីឲ្យមានការអភិវឌ្ឍដោយសមធម៌ ប្រសិទ្ធភាព ចីរភាព ដែលអាចធ្វើទៅបាន។ យើងជួបគ្នាថ្ងៃនេះ ធ្វើកិច្ចការងារអបអរសាទរនៃការចាប់ផ្តើមការសាងសង់អគារ ដែលជានិមិត្តរូបនៃការគិតគូរគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជន រួមទាំងការឌីហ្សាញដើម្បីផលប្រយោជន៍រួម ភាពរឹងមាំរយៈពេលវែងរបស់គណបក្ស ដែលនឹងត្រូវមើលថែ និងជួយអភិវឌ្ឍស្រុក ក្រុង ខេត្តកំពង់ធំនេះយូរអង្វែង ជាមួយការជឿទុកចិត្ត និងការប្តេជ្ញាចិត្ត ដើម្បីប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំបំរើតទៅ រាប់សិបឆ្នាំតទៅទៀត តាមរយៈការប្តេជ្ញាចិត្តដ៏មោះមុតរបស់គណបក្សប្រជាជនបំរើបុព្វហេតុជាតិនិងប្រជាជន មិនថាកាលៈទេសៈណាក៏ដោយ គណបក្សមិនរត់ចោលប្រជាជននោះទេ។
[ចប់សេចក្តីអធិប្បាយ២]
អញ្ចឹងជាមួយនឹងការអបអរសាទរនៅថ្ងៃនេះ ដោយផ្អែកតាមសំណូមពរនៃសភាពការណ៍ និងការងារគណបក្ស ក្នុងរយៈពេលចំពោះមុខផង និងរយៈពេលមធ្យម និងវែងទៅមុខ ក៏ដូចជាដើម្បីធានាបានការថែរក្សា និងពង្រីកបាននូវប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្ស ជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ, ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន ដើម្បី៖ ១.ពង្រឹងអង្គការចាត់តាំងគណបក្សនៅថ្នាក់ក្រោមជាតិ ទាំងវិស័យនយោបាយ សតិអារម្មណ៍ ចាត់តាំង និងហិរញ្ញវត្ថុ, ២.រៀបចំផែនការសកម្មភាព ដើម្បីអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនីមួយៗ តាមសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និង ៣.ធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគំរូដល់សមាជិក និងអ្នកគាំទ្រគណបក្ស ក៏ដូចជាមហាជនទូទៅ ព្រមទាំងខិតខំកសាងទំនាក់-ទំនងល្អជាមួយមហាជន និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស ក៏ដូចជាដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតពីសំណាក់មហាជនចំពោះគណបក្សយើង។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
ក្នុងន័យនេះក៏សូមអរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កម្លាំងសមត្ថកិច្ចទាំងអស់គ្រប់ ដែលបានខិតខំបំរើប្រជាពលរដ្ឋតាំងពីថ្នាក់ភូមិ ឃុំ ស្រុក ក្រុង ឡើងរហូតដល់ខេត្ត។
[ចប់សេចក្តីអធិប្បាយ៣]
ទី២. លើកទឹកចិត្ត និងបន្តជំរុញការចាត់តាំងអនុវត្តនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព តាមការដ្ឋានទាំង ៣ ដែលក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំបានដាក់ចេញនាពេលកន្លងមក។ ទន្ទឹមនេះ ក្រុមការងារអាចធ្វើការកែសម្រួលយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់ខ្លួនខាងលើ ស្របតាមស្ថានភាពជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍខេត្តកំពង់ធំលើគ្រប់វិស័យ ឱ្យកាន់តែភាពរស់រវើក និងសស្រាក់សស្រាំ ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ប្រាក់ចំណូល ការងារ ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ព្រមទាំងការកាត់បន្ថយភាពក្រីក្រ។
ទី៣. មន្រ្តីគណបក្សគ្រប់ថ្នាក់ ត្រូវបន្តខិតខំជំរុញ និងបង្កើនការងារដឹកនាំគណ-បក្សឱ្យបានល្អប្រសើរ ដោយមិនត្រូវភ្លេចខ្លួន និងលង់លក់ជាមួយនឹងជ័យជម្នះ បាត់បង់ភាពប្រុងប្រយ័ត្ន ហើយប្រព្រឹត្តអំពើខុសឆ្គងដែលនាំឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាជនឡើយ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេល និងដូចភ្លៀងរលឹម ដោយភាពស្មោះត្រង់ និងមានប្រសិទ្ធភាព ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម អនុវត្ដយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពិសេសដីព្រៃលិចទឹកតំបន់ទន្លេសាប និងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព។
ទី៤. ក្តាប់ជាប់និងបញ្ជ្រាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស។
ទី៥. បន្តជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងអាទិភាពគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល។
ទី៦. យកចិត្តទុកដាក់ក្នុងការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ និងគ្រប់ផ្នែកដែលមានស្រាប់ តាមរយៈការជំរុញឱ្យអនុវត្តគោលការណ៍របស់គណបក្ស គឺសមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និង មតិភាគតិច គោរពមតិភាគច្រើន ព្រមទាំងរបៀបរបបការងារ គណបក្សឱ្យកាន់តែប្រសើរ។
ទី៧. បន្តក្ដាប់ជាប់ និងអនុវត្តតាមយុទ្ធសាស្ត្ររបស់គណបក្ស «ផ្អែកលើអំពើល្អរបស់មន្ត្រី គណបក្ស គុណភាព និងបរិមាណសមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត» ដោយពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រកបដោយគុណភាព និងកំណត់ឱ្យបានច្បាស់លាស់។ ធ្វើយ៉ាងណាដើម្បីធានានូវស្មារតី និងសតិអារម្មណ៍ឱ្យបានយល់ច្បាស់របស់មន្ត្រីរបស់គណបក្ស ដើម្បីធានាថា សមាជិក គណបក្ស១រូប ជាសំឡេងគាំទ្រគណបក្ស១សន្លឹក។
ទី៨. បន្តពង្រឹងការងារសតិអារម្មណ៍ ដោយបន្តការយកចិត្តទុកដាក់លើការធ្វើអង្កេតអំពីសតិអារម្មណ៍ និងការឃោសនាអប់រំ តាមរយៈការអនុវត្តតាមគោលការណ៍ «មន្ត្រីរបស់គណបក្សម្នាក់ ជាឃោសនិកដ៏សកម្មម្នាក់របស់គណបក្ស» ដើម្បីធ្វើការឃោសនាតាមគ្រប់មធ្យោបាយ ឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្តទៅលើបក្ស។
ទី៩. បន្តបំពាក់បំប៉ន និងពង្រឹងគោលជំហរ ទស្សនៈ និងរបៀបរបបបំពេញការងាររបស់មន្រ្តីគណបក្សនៅមូលដ្ឋាន ឱ្យបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា ជាពិសេសការដោះស្រាយសំណូមពរ, ក្តីកង្វល់, សតិអារម្មណ៍ និងបញ្ហាពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់ សម្តេចតេជោ និងខិតខំអនុវត្តការងារមួយចំនួន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។
កិច្ចខិតខំប្រឹងប្រែងជាអង្គតែមួយ ប្រកបដោយសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន គឺជាចលនការថ្មីមួយប្រកបដោយក្តីសង្ឃឹមជឿជាក់ ក្នុងដំណើរឆ្ពោះទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតនៅពេលខាងមុខ។ ក្នុងស្មារតីនេះ ខ្ញុំលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ សាខាបក្សភូមិ និងសមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងខេត្តកំពង់ធំ សូមបន្តខិតខំការពារ ថែរក្សាសមិទ្ធផលថ្មីនេះ និងបន្តសហការ សាមគ្គីគ្នា ឯកភាពផ្ទៃ-ក្នុងបក្ស ពង្រឹង និងពង្រីកសមាជិកបក្ស បម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម ដោយសំដៅធ្វើយ៉ាណាឱ្យគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សតែមួយ ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយភាពធន់ និងចីរភាព ក្នុងសង្វៀននយោបាយកម្ពុជារយៈពេលវែងទៅមុខ។
ជាទីបញ្ចប់ ជាមួយនឹងការបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ និងស្របពេលដែលគណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២៥ ដែលកន្លងទៅថ្មីៗនេះ ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ សូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
នៅក្នុងឱកាសនេះគឺសម្រាប់សមាជិក សមាជិកាគណបក្សប្រជាជនចូលរួមអង្គពិធីទាំងមូល ១៥៥២ នាក់ ម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនគណបក្សក្រុង/ស្រុកទាំង ៩ ក្រុង/ស្រុក នីមួយៗ ថវិកា ២ លានរៀល។ គណបក្សឃុំសង្កាត់ទាំង ៨១ ក្នុងមួយឃុំ ថវិកា ១ លានរៀល។ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ៣៧៥៥ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសាលាក្រុងស្ទឹងសែន ថវិកា ២ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៥ លានរៀល។ និងក្រុមតន្ត្រីសម័យ ថវិកា ១០ លានរៀលផងដែរ។ បាទ!សូមអរគុណ។ (សម្តេចហៅឈ្មោះ ក្រុមតារាចម្រៀង)។ អរគុណណាស់បានអញ្ជើញចូលរួម ហើយខាងក្រុមតន្រ្តីអង្គភាពប្រឆាំងភេរវកម្ម ៦ នាក់ អ្នកចម្រៀង ៦ នាក់ ក៏សូមអរគុណ។ ជាប់គ្នារហូត និស្ស័យជាប់គ្នា តាំងពីខ្ញុំនៅអង្គភាពនោះ។ ក្រៅពីការងារគណបក្សរបស់យើង គឺមានទៀត កាដូសម្រាប់ប្រជាពលរដ្ឋនៅតាមស្រុកខ្លះ នៅកំពង់ធំនេះ។
ឥឡូវស្រុកកំពង់ស្វាយ មានសាលាបឋមសិក្សា នី ពេជ្រ ស្នើសុំអគារមួយខ្នង ៦ បន្ទប់ សាលាបឋមសិក្សាមហរ មួយខ្នង ស្មើ ៥ បន្ទប់។ ហើយសាលាបឋមសិក្សាព្រៃគយ ស្នើមួយខ្នង ៦ បន្ទប់។ អញ្ចឹងសូមជូនតាមសំណើ។ (សម្តេចនិយាយលេងអំពីពាក្យ)។ ទី២ គឺក្រុងស្ទឹងសែន មានសាលាបឋមសិក្សាអូរគន្ធរត្បូង ចំនួនមួយខ្នង ស្មើ ៦ បន្ទប់។ ហើយសាលាបឋមសិក្សាទំពាំងវែង ស្នើសុំអគារមួយខ្នង ១០ បន្ទប់។ អញ្ចឹងសូមជូនតាមសំណើផងដែរ ហើយក្រុមការងារក៏បានធ្វើ។ ហើយសូមអរគុណណាស់ ចំពោះការធ្វើកិច្ចការនេះ ហើយបន្តនៅជាមួយគ្នាទៀត។ ទម្រាំតែ loby ឯកឧត្តមឲ្យទទួលធំបាន ហើយមកដាក់ផែនការតែម្តង ព្រោះគាត់អត់ធ្វើផែនការម្តងៗ គាត់លេងម្តងៗ ៥ ឆ្នាំអញ្ចេះ។ អញ្ចឹងសូមអរគុណណាស់។
សូមអរគុណសាជាថ្មីទៅដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់របស់គណបក្ស ក្រុមការងារចុះជួយខេត្តកំពង់ធំ គ្រប់ថ្នាក់ទាំងអស់ ក៏ដូចជាអតីតថ្នាក់ដឹកនាំក្រុមការងារ។ អរគុណនិងកោតសរសើរជាថ្មីចំពោះឯកឧត្តមអភិបាលខេត្ត នួន ផារ័ត្ន អតីតអភិបាលខេត្តជាច្រើន ដែលមានឯកឧត្តម សុខ លូ ឯកឧត្តម នួន រតនៈ នៅទីនេះ ឯកឧត្តមក៏បានកសាងច្រើននៅទីនេះ ហើយនឹងបន្តតទៅទៀត ហើយអភិបាលស្រុកគ្រប់ទាំងអស់ សូមបន្តរួមគ្នា។ ហើយជាពិសេស សូមឲ្យបងប្អូន សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បន្តជឿជាក់ទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធានតទៅទៀត៕