ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
ឯកឧត្តម លោកជំទាវ គណៈអធិបតី លោក លោកស្រី ភ្ញៀវកិត្តិយស;
ថ្នាក់ដឹកនាំ និង ប្អូនៗសមាជិក សមាជិកា កាយរឹទ្ធិជាតិកម្ពុជាទំាងអស់ ជាទី-មេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ និង ទទួលលទ្ធផលគួរជាទីមោទនៈ ។
[ផ្តើមសេចក្តីអធិប្បាយទី១]
ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយសដល់រូបខ្ញុំនិងភរិយា ក៏ដូចជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា។ ខ្ញុំសូមអបអរសាទរនូវសមិទ្ធផលដែលកាយរឹទ្ធិជាតិកម្ពុជាសម្រេចបាននាពេលកន្លងមក។ អម្បាញ់មិញ (មានអារម្មណ៍)ចង់ភ្ញាក់ ព្រោះធម្មតាធ្លាប់តែឃើញសិស្សៗ នៅតាមសាលាទះដៃ ៣ដង។ ដល់ថ្ងៃនេះឃើញសុទ្ធតែនាយក សុទ្ធតែថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទះដៃ ៣ដង។ គាត់ទះដៃខ្លាំងជាងក្មេងៗទៀត។ គ្រួសារខ្ញុំងាកមកអម្បាញ់មិញថា កាយរឹទ្ធិនារី ចាញ់កាយរឹទ្ធិជាតិ ត្រង់ទះដៃ ៣ដង។ អញ្ចឹង សូមអបអរសាទរចំពោះសមិទ្ធផលនេះ។
[ចប់សេចក្តីអធិប្បាយ១]
មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ពិតជាមានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃកាយរឹទ្ធិជាតិកម្ពុជា ដើម្បីពិនិត្យមើលឡើងវិញ និង វាយតម្លៃលទ្ធផលការងារកន្លងទៅ ក៏ដូចជាស្វែងយល់កាន់តែច្បាស់នូវបញ្ហាប្រឈមទាំងឡាយ ដើម្បីជម្នះបញ្ហាទាំងនោះ សំដៅពង្រឹងការអនុវត្តផែនការយុទ្ធសាស្រ្តកាយរឹទ្ធិជាតិកម្ពុជា ឱ្យកាន់តែប្រសើរឡើង, ជាពិសេស ការធ្វើឱ្យ កាយរឹទ្ធិជាតិកម្ពុជាចូលរួមកាន់តែសកម្ម សម្រាប់ប្រយោជន៍សង្គមជាតិ ។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតវិសាមញ្ញរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានកាយរឹទ្ធិជាតិកម្ពុជា, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង សមាជិក សមាជិកា កាយរឹទ្ធិ-ជាតិកម្ពុជា ដែលបានបំពេញភារកិច្ច និង មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចខិតខំប្រឹង -ប្រែង និង ជំរុញការអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និង បានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល ព្រមទាំងមានភក្តីភាពជាមួយរាជ- រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ។
ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមឧទ្ទិសសមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ ជូន សម្តេច-វិបុលបញ្ញា សុខ អាន អតីតប្រធានកាយរឹទិ្ធជាតិកម្ពុជា ព្រមទាំងកាយរឹទ្ធាចារ្យទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត និង បានធើ្វពលិកម្មគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជា ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាច្រើននាពេលកន្លងទៅ ។
ជាសាវតារ, កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបង្កើតដំបូងក្នុងឆ្នាំ ១៩៣៤ ដោយមានឈ្មោះថា «អង្គការខេមរកាយរឹទ្ធិកម្ពុជា» និង បាត់បង់ទៅវិញទាំងស្រុង ក្នុងរបបប្រល័យ-ពូជសាសន៍ប៉ុលពត។ ។ ក្រោមការផ្តួចផ្តើម និង ការជំរុញពី សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន, ចលនាកាយរឹទិ្ធជាតិកម្ពុជាបានចាប់បដិសន្ធិឡើងវិញ បន្ទាប់ពីជំនួបពិភាក្សារវាង សម្តេចតេជោ និង លោក គីម គូយ៉ុង អតីតនាយកការិយាល័យ អង្គការពិភពលោកនៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៩៩៩ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ បន្ទាប់ពីជំនួបពិភាក្សានេះ, រាជរដ្ឋាភិបាលបានដឹកនាំការងារបង្រួបបង្រួមចលនាកាយរឹទ្ធិជាតិកម្ពុជា និង បានរៀបចំមហាសន្និ- បាតលើកទី ១ នៅខែ មេសា ឆ្នាំ ២០០៦ និង បានដឹកនាំចលនានេះ ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០៨ ដែលបានធ្វើឱ្យកិត្តិសព្ទចលនាកាយរឹទិ្ធជាតិកម្ពុជា កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ។
គិតមកដល់បច្ចុប្បន្ននេះ, កាយរឹទិ្ធជាតិកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានជាអាទិ៍៖ ការកសាងបាននូវកំណើនសមាជិកភាពក្នុងស្រទាប់កុមារ និង យុវជន, ទាំងក្នុងគ្រឹះស្ថានសិក្សាសាធារណៈ, ឯកជន និង សហគមន៍គ្រប់មជ្ឈដ្ឋាន ដោយបានបង្កើនសមាជិកនៅទូទាំងប្រទេសចំនួនជិត១៩ម៉ឺនាក់។ ក្នុងនោះ សមាជិក ជាស្ត្រីមានចំនួនជាង៩ម៉ឺននាក់ ។ កំណើនសមាជិកភាពនេះ ពិតជាបញ្ជាក់បានថា កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជន ដ៏សកម្មមួយ ដែលមានគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និង កម្មវិធីច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ, យុវជន និងសង្គមជាតិ, ជាពិសេស កម្មវិធីអប់រំកាយរឹទិ្ធកម្មបានធ្វើឱ្យកុមារ និងយុវជនកម្ពុជាជាច្រើន អភិវឌ្ឍខាងផ្លូវកាយ, ផ្លូវបញ្ញា, ផ្លូវអារម្មណ៍, ផ្លូវសង្គម និង ផ្លូវចិត្ត ប្រកបដោយភាពជាពលរដ្ឋល្អ និង ជាពលរដ្ឋសកល ។ ជាទិសដៅបន្ត, រាជរដ្ឋាភិបាលនឹងបន្តជំរុញចលនាកាយរឹទិ្ធ ឱ្យក្លាយជាយន្តការមួយដ៏មានប្រសិទ្ធភាព ក្នុងការអប់រំ និង ហាត់ពត់លត់ដំ, ទាំងគំនិត, ប្រាជ្ញា, ស្មារតី ព្រមទាំងកាយសម្បទារបស់ យុវជន និងកុមារឱ្យសកម្ម ដើម្បីឱ្យសមាជិក-សមាជិកា និង ប្អូនៗទាំងអស់ អភិវឌ្ឍខ្លួនជាធនធានមនុស្ស ប្រកបដោយចំណេះដឹង, សីលធម៌ល្អ, ចរិយាសម្បត្តិថ្លៃថ្នូរ, ជាពលរដ្ឋល្អ និង ជាពលរដ្ឋសកល ស្របតាមចក្ខុវិស័យរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ គឺ «កសាងពិភពលោកមួយដ៏ស្រស់ត្រកាល» ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
(១) យន្តការកាយរឹទ្ធិជាតិ បន្ថែមលើយន្តការការអប់រំទូទៅ ជាគំរូនៃការបំផុសស្មារតី និងការស្ម័គ្រចិត្តចែករំលែកទៅសង្គម
ការរៀបចំយន្តការយុវជននានា ដូចជាកាយរឹទ្ធិនេះ ជាផ្នែកមួយសម្រាប់កសាងមូលធនមនុស្សរបស់យើង។ ពាក្យថា មូលធនមនុស្ស គឺមិនមែនមានតែសមត្ថភាពនោះទេ។ ត្រូវមានស្មារតី មានសីលធម៌ គុណធម៌ ជាពិសេស មានស្មារតីស្នេហាជាតិខ្ពស់ ធ្វើអ្វីៗ ដើម្បីពង្រឹងជាតិរបស់យើង។ នេះជាការចក្ខុវិស័យដូចឯកឧត្តម ហង់ជួន ណារ៉ុន បានលើកអម្បាញ់មិញ។ ស្នេហាជាតិ រួបរួមសាមគ្គី ឯកភាពជាតិនេះ ជាកត្តាចាំបាច់គ្រប់ពេលវេលា។ កម្ពុជាក្លាយជាប្រទេសមួយដែលបែកបាក់ដោយសារការបែកបាក់ឯកភាពជាតិ។ ក្រោយពីសង្រ្គាម យើងត្រូវការកសាងធនធានមនុស្សឡើងវិញ កសាងស្មារតី សមត្ថភាព និងការឯកភាពគ្នា ជាពិសេសពេលដែលប្រទេសជាតិមានការប្រឈមការលំបាក។ នេះជាអ្វីដែលការអប់រំរៀបចំជាយន្តការផ្សេងៗ មានទាំងយន្តការកាយរឹទ្ធិជាតិ បន្ថែមពីលើយន្តការការអប់រំទូទៅ។ វាជាគំរូមួយនៃការបំផុសនូវស្មារតី និងការស្ម័គ្រចិត្ត។ មិនត្រឹមតែបានផលពីសង្គមក្នុងការរៀនសូត្រ បណ្ដុះបណ្ដាល ផលពីសង្គមក្នុងការទទួលបានឱកាសរស់នៅក្នុងសន្តិភាព មានការអភិវឌ្ឍនោះទេ ប៉ុន្តែត្រូវចេះរួមគ្នា ឆ្លៀតឱកាសដោយការស្ម័គ្រចិត្ត ចែករំលែកត្រឡប់ទៅសង្គមវិញ។
(២) មនុស្សម្នាក់ៗ ជាកោសិកាសង្គម បង្កើតជាគ្រួសារ ជាភូមិ ជាឃុំ ជាស្រុក ជាខេត្ត ជាក្រុង ជាប្រទេស ដែលរីកឬមិនរីកចម្រើន ដោយសារបុគ្គលម្នាក់ៗ
ចែករំលែកតាមរយៈការពង្រឹងសមត្ថភាពខ្លួនឯង ឆន្ទៈ មនសិការ និងអត្តចរិត ឥរិយាបថខ្លួនឯង។ កុំបង្កបញ្ហាដល់សង្គម ដែលនាំឱ្យសង្គមដើរថយក្រោយ។ សង្គមមនុស្សកើតឡើងពីមនុស្ស។ មិនអាចចង្អុលថា សង្គមមនុស្ស “មិនមែនខ្ញុំ” ឬ “ខ្ញុំគ្រាន់តែជាបុគ្គលមួយ” ទេ។ មនុស្សម្នាក់ៗ ជាកោសិកាសង្គម។ មនុស្សម្នាក់ៗ បង្កើតជាគ្រួសារមួយ (ហើយ)គ្រួសារមួយបង្កើតជាគ្រួសារច្រើន បង្កើតទៅជាភូមិមួយ ឃុំមួយ ស្រុកមួយ ខេត្តមួយ ក្រុងមួយ ប្រទេសមួយ។ អញ្ចឹង ប្រទេសមួយរីកចម្រើន មិនរីកចម្រើនគឺដោយសារបុគ្គលម្នាក់ៗនេះឯង។ យើងមានកាតព្វកិច្ច ធ្វើឱ្យប្រទេសរឹងមាំ។ បើសិនជាបុគ្គលម្នាក់ៗ មិនមានការទទួលខុសត្រូវ មិនមានគំនិតចូលរួមអភិវឌ្ឍ គិតតែពីខ្លួនឯង មិនគិតពីផលដែលខ្លួនធ្វើប៉ះពាល់ទៅដល់សង្គមជាតិទេ ប្រទេសយើងមិនរីកចម្រើនទេ។ យើងបានឃើញហើយ នៅក្នុងជំនាន់ ប៉ុល ពត នោះ ដោយសារអង្គការសមាគមមួយ អង្គការចាត់តាំងមួយដឹកនាំរដ្ឋមួយ គិតតែពីការពង្រឹង ប៉ុន្តែភ្លេចគិតនៅជ្រុងគុណធម៌ សីលធម៌ បានផ្ដល់ផលលំបាកដល់ប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសយើងថយក្រោយ។
(៣) ធនធានមនុស្សរឹងមាំ ជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស និងការកសាងឯករាជ្យភាពជាតិ
ខ្ញុំគិតថា ការរៀបចំពង្រឹងយន្តការបែបនេះជាគំរូល្អ។ មិនត្រឹមតែជាយន្តការនៅក្នុងការប្រមូលមនុស្ស ឬមួយក៏សមាជិក(ប្រហែល) ១៩ម៉ឺននាក់នេះដើម្បីធ្វើសកម្មភាព(អប់រំសង្គម)នោះទេ ប៉ុន្តែវាជាគំរូសម្រាប់ឱ្យអ្នកផ្សេងទៀតបន្តចូលរួម។ បើកូនម្នាក់ជាសមាជិកកាយរឹទ្ធិ ទទួលបានការអប់រំ ទទួលបានការបណ្ដុះបណ្ដាល ទទួលបានឥរិយាបថមួយដែលល្អ ទៅដល់ផ្ទះវិញ គាត់អាចជះឥទ្ធិពលជាគំរូទៅដល់ប្អូនៗរបស់គាត់ ជាគំរូទៅដល់មិត្តរបស់គាត់ ជាគំរូទៅដល់អ្នកផ្សេង។ នេះគឺជាមូលដ្ឋាននៃការកសាងនូវការឯកភាព ដែលខ្ញុំថា ធនធានមនុស្សរឹងមាំ គឺជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស និងការកសាងឯករាជ្យភាពជាតិ។ ពាក្យថា ឯករាជ្យនេះសំខាន់ (ត្បិតវាបញ្ជាក់ពី)ភាពម្ចាស់ការរបស់យើង ភាពម្ចាស់ការរបស់ជាតិយើង ក្នុងការកាន់កាប់អនាគត និងការសម្រេចចិត្តរបស់យើង។
(៤) កសាងធនធានមនុស្ស មូលធនមនុស្ស មូលដ្ឋានសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាការកសាងមូលដ្ឋានគ្រប់វិស័យដើម្បីបង្កើតសមត្ថភាព
ពិតណាស់ (ដោយសារកត្តាប្រវត្តិសាស្ត្រមួយចំនួន) យើងបានដើរក្រោយគេ។ បើប្រៀបធៀបប្រទេសផ្សេងៗ ក្នុងអាស៊ាន យើងបានចាប់ផ្ដើមក្រោយបញ្ចប់សង្រ្គាម។ ប៉ុន្តែ កម្ពុជាមិនបាននៅនឹងថ្កល់ដូច ២០ឆ្នាំមុនទេ ឬមួយ ៣០ ឬ៤០ ឆ្នាំមុនទេ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញថា ពេលដែលយើងមានទំនាស់ព្រំដែនខ្លះៗ ជាមួយប្រទេសជិតខាង មានការបញ្ចេញរូបភាពមកថា កាលពីយើងវាយគ្នា ជាជនភៀសខ្លួន រត់ទៅពឹងគេ(ដើម្ប)រស់នៅជាស្អីអញ្ចឹងទៅ ដែលធ្វើឱ្យមានការសន្និដ្ឋាន ឬគិតថា កម្ពុជានៅតែក្រលំបាកបែបនោះ និងគ្មានសមត្ថភាព។ អញ្ចឹង ការធានាភាពម្ចាស់ការរបស់កម្ពុជាគឺជាកិច្ចការសំខាន់នៅក្នុងពេលនេះ។ ការកសាងសមត្ថភាពមនុស្ស ការកសាងធនធានមនុស្ស មូលធនមនុស្ស ការកសាងមូលដ្ឋានសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងអស់នេះជាការកសាងមូលដ្ឋានគ្រប់វិស័យលើសមត្ថភាពខ្លួនឯង …។
(៥) ម្ចាស់ការរៀបចំគោលនយោបាយ ផែនការ និងអនុវត្តដោយខ្លួនឯង កសាងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង ជាគោលដៅការពារឯករាជ្យ និងភាពម្ចាស់ការរបស់កម្ពុជា
អ្វីដែលរាជរដ្ឋាភិបាលបានធ្វើក្នុងរយៈពេល ៤០ ឆ្នាំជាងនេះ ពេលដែលចេញពីចំណុចសូន្យ ដែលយើងពឹងផ្អែកទៅខាងក្រៅសឹងតែទាំងស្រុងកាលពីទសវត្សឆ្នាំ១៩៨០ ទាំងសេដ្ឋកិច្ច ទាំងការរៀបចំផ្សេងៗ រហូតមកដល់ឥឡូវ យើងអាចម្ចាស់ការរៀបចំគោលនយោបាយ រៀបចំផែនការ និងអនុវត្តដោយខ្លួនឯងបាន កសាងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងបាន។ នេះជាគោលដៅក្នុងការការពារឯករាជ្យ និងភាពម្ចាស់ការរបស់កម្ពុជា ដែលយើងអាចពឹងដង្ហើមខ្លួនឯងរស់ក្នុងពេលដែលចាំបាច់ … ជាក់ស្ដែង ក្នុងដំណាក់កាលកូវីដ-១៩ ផ្ទុះឡើង ប្រទេសទាំងអស់បានបិទផ្ដាច់(ការទាក់ទងគ្នា) សមត្ថភាពនិងធនធានមនុស្សរបស់យើងក្នុងវិស័យសុខាភិបាល ដែលយើងបានកសាង សមត្ថភាពនៃហេដ្ឋារចនសម្ព័ន្ធរបស់យើង មានមន្ទីរពេទ្យ មានទីតាំងជាច្រើនដែលបានជួយឱ្យយើងអាចដោះស្រាយបញ្ហាបានភ្លាមៗ។
នៅពេលថ្មីៗនេះ មិនមែនតែអ្នកនៅក្រៅប្រទេសទេ អ្នកនៅក្នុងប្រទេសបានភ្ញាក់ នៅពេលដែលកម្ពុជាសម្រេចម្ចាស់ការខ្លួនឯងក្នុងការធានាផ្គត់ផ្គង់អគ្គិសនី និង Internet ដោយមិនចាំបាច់ទិញមកពីថៃ … ខ្ញុំឃើញ បងស្រីម្នាក់នៅ New Zealand បានបង្ហោះក្នុង TikTok ពីល្ងាចមិញថា (មានការភ្ញាក់ផ្អើល) ពេលដែលយើងផ្ដាច់ មិនទិញ Internet និងអគ្គិសនីពីប្រទេសថៃ។ នៅកន្លែងធ្វើការរបស់គាត់ មានជនជាតិឡាវ និងថៃធ្វើការជាមួយគ្នា។ ជនជាតិឡាវបានសួរថា “ឮសូរថាខាងថៃផ្ដាច់ភ្លើង។ កម្ពុជាងងឹង ឬម៉េចហើយ?” បងស្រីបានប្រាប់ទៅវិញដោយការអស់សំណើចថា មានថៃផ្ដាច់ឯណា កម្ពុជាតើជាអ្នកឈប់ទិញ។ មិនមានបញ្ហា។ មិត្តភក្ដិរបស់គាត់ប៉ុន្មាននាក់ទៀតធ្វើការជាមួយគ្នាជាជនជាតិថៃ ក៏ថា “សុំទោស! ថៃផ្ដាច់ នឹងមានការលំបាកដល់កម្ពុជា?”។ បងស្រីថា “អត់ទេ! កម្ពុជាមានភ្លើងប្រើគ្រប់។ អត់បញ្ហា”។
(៦) “ដើម្បីកុំឱ្យភាគីថៃពិបាកសម្រេចចិត្តថា ត្រូវកាត់ឬមិនកាត់ កាត់ពេលណា ឬមួយក៏ក្រុមហ៊ុនរវល់ចរចាកុងត្រាចុះឡើង សូមឱ្យកាត់នៅម៉ោង១២ តែម្ដងទៅ”
ការសម្រេចស្តីពីរឿងភ្លើង និងរឿង Internet នេះជាការចាំបាច់។ មិនមែនបានន័យថា កម្ពុជាផ្ដាច់ទំនាក់ទំនងកម្ពុជា-ថៃនោះទេ។ ខ្ញុំក៏បានធ្លាប់បញ្ជាក់ហើយថា ទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់យើង គឺចំបាច់ត្រូវធ្វើជាបន្តបន្ទាប់ ប៉ុន្តែការងារខ្លះ ដែលយើងអាចម្ចាស់ការខ្លួនឯងបាន ដល់ពេលដែលយើងត្រូវធ្វើ។ ជាពិសេសនៅក្នុងដំណាក់កាលដែលវាបានបង្កើតរឿងជាច្រើនក្នុងប៉ុន្មានខែទៅហើយ។ ប្រព័ន្ធព័ត៌មានជាច្រើន រហូតទៅដល់ខាងអ្នកនយោបាយជាតិនិយមជ្រុលនៅថៃនោះ បន្តិចៗ ក៏ថាផ្ដាច់ទៅភ្លើងហ្នឹង ផ្ដាច់ទៅ Internet ហ្នឹង ខ្មែរ(នឹង)ងាប់។ មកពីបារាំងវិញនៅថ្ងៃទី១២ (មិថុនា)ព្រឹក។ ខ្ញុំបានដាក់សារមួយថា “ដើម្បីកុំឱ្យភាគីថៃ ពិបាកសម្រេចចិត្តថាត្រូវកាត់ឬមិនកាត់ កាត់ពេលណាឬមួយក៏ក្រុមហ៊ុនរវល់ចរចាកុងត្រាចុះឡើង សូមឱ្យកាត់តែម្ដងចុះ។ កាត់នៅម៉ោង១២ តែម្ដងទៅ” ដើម្បីបញ្ជាក់នូវការធានាម្ចាស់ការខ្លួនឯង កុំឱ្យរឿងមួយនេះ បង្កើតភាពស្រពេចស្រពិល ទាំងកម្ពុជាក៏មិនដឹង(ធ្វើយ៉ាង)ណា ខាងប្រទេសថៃក៏មិនដឹង(ផ្ដាច់ឬ)យ៉ាងណា។
(៧) ផ្ដាច់ភ្លើងតពីប្រទេសក្រៅ ក៏កម្ពុជានៅតែមានភ្លើងគ្រប់គ្រាន់ដោយសារតែការខំប្រឹងធ្វើមករាប់សិបឆ្នាំនេះរបស់អតីតប្រមុខរដ្ឋាភិបាល សម្ដេចតេជោ
វាធ្វើឱ្យប្រជាជននិងប្រជាជន យករឿងហ្នឹងមកនិយាយចុះឡើង ធ្វើឱ្យប្រជាជននិងប្រជាជនហ្មងសៅជាមួយគ្នា រហូតដោយសាររឿង Internet និងអគ្គិសនី។ ពេលជាមួយគ្នា ខ្ញុំក៏គិតថា បងប្អូនប្រជាជនខ្មែរច្រើនអត់ដឹងថា យើងមានសមត្ថភាពផ្គត់ផ្គង់ខ្លួនឯងទេ។ គិតថា មែនហើយ។ គេគំរាម យើងមិនមាត់ ប្រហែលជាយើងខ្លាចគេកាត់ហើយ។ ខ្ញុំជឿ។ ឥឡូវប៉ុន្មាននាក់នៅទីនេះ ដែលមុនយើងផ្ដាច់(ការទិញ Internet និងអគ្គិសនីពីថៃ) អត់ដឹងថា (ខ្មែរ)យើងមានសមត្ថភាពផ្គត់ផ្គង់ Internet និងអគ្គិសនី១០០% ខ្លួនឯងហើយព្រួយបារម្ភខ្លាចថៃកាត់ផ្ដាច់យើងអស់ភ្លើងប្រើនៅទិសខាងលិច។ មានប៉ុន្មានលើកដៃមើល? ច្រើនដែរ។ យើងយើងមានភ្លើង ព្រោះយើងធ្វើវារីអគ្គិសនីធ្វើអី ប៉ុន្តែមិនដឹងថា មានគ្រប់(ឬអត់)ទេ។ មែនទេ? ឥឡូវដល់ពេលហ្នឹង ខ្ញុំបញ្ជាក់ថាយើងមានគ្រប់គ្រាន់ក្នុងការធានា(ការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស)។ ពាក់ព័ន្ធនឹងកិច្ចការនេះ ចង់និយាយយ៉ាងម៉េច? ប្អូនប្រុសម្នាក់ ឈ្មោះ បូណា លី បានបង្ហោះ TikTok ថា “មានរឿងតឹងទ្រូងយូរហើយ។ ចង់និយាយ។ ឥឡូវសុំនិយាយ”។
គាត់ថា ពីមុនឃើញតែគេជេរសម្ដេចតេជោ និងសម្ដេចធិបតី ក្បត់ជាតិ យកតែចិនមកវិនិយោគ ឲ្យចិនធ្វើវារីអគ្គិសនី ឲ្យចិនយកអស់ហើយ លក់ប្រទេសឲ្យគេ។ គាត់ថា ដល់យើងផ្ដាច់ភ្លើង(ដែលតមកពីគេ) យើង(នៅតែ)មានភ្លើងគ្រប់គ្រាន់(សម្រាប់ផ្គត់ផ្គង់ខ្លួនឯង) ដូច្នេះ តើយល់ហើយឬនៅ អ្វីដែលសម្ដេចតេជោខំប្រឹងធ្វើមករាប់សិបឆ្នាំនេះ? យើងគ្មានរើសស្ពៃ ឬសាច់គោទេ។ អ្វីដែលយើងយកមកគឺដើម្បីវិនិយោគ ហើយវិនិយោគទាំងអស់នោះ មិនមែនដើម្បីឲ្យគេយកទៅទាំងអស់ទេ។ ផលសំខាន់គឺបង្កើតផលិតផលដើម្បីយើងមានភាពម្ចាស់ការក្នុងប្រទេស។ ក្រុមហ៊ុនចិនមកដាក់ទុនវិនិយោគ តែគេមិនលើកវារីអគ្គិសនីនេះទៅចិនទេ ហើយក៏មិនតភ្លើងនេះប្រើដាច់ដោយឡែកផ្ដាច់មុខទៅចិនដែរ គឺប្រើសម្រាប់ធានានៅកម្ពុជា។ អញ្ចឹង ការទាក់ទាញវិនិយោគមិនថាពីចិន ពីជប៉ុន ពីណាទេ ពេលខ្លះយើងត្រូវខ្ចីឥណទានរបស់ប្រទេសមួយចំនួនមកធ្វើ បើសិនជាយើងចាំឥណទានខ្លួនឯង មិនដឹងថាពេលណាបានធ្វើ ៧វារីអគ្គិសនីហ្នឹងបាន។
(៨) ភាពម្ចាស់ការលើការធានាអគ្គិសនី និងអ៊ិនធឺណិត ដោយមិនចាំបាច់ពឹងប្រទេសក្រៅ អាចបង្ហាញពីផល និងចក្ខុវិស័យជាក់ស្ដែងនៃគារប្រឹងប្រែងរបស់ សម្ដេចតេជោ
មានបងប្អូនខ្លះ បានរហូតដល់លើកគ្នាទៅប្រឆាំងជាមួយវារីអគ្គិសនី។ លើកមុន (ក្រុម)មាតាធម្មជាតិ ចេញទៅវាយប្រហារមិនឲ្យធ្វើទេ ខ្លាចប៉ះ(ពាល់បរិស្ថាន) បាត់ដើមឈើ បាត់ប្រយោជន៍ជាតិ ប៉ះប្រជាជន។ ខ្ញុំទទួលស្គាល់។ ការអភិវឌ្ឍ ការធ្វើវារីអគ្គិសនី ពិតជាប៉ះហើយ។ បើយើងទៅធ្វើវារីអគ្គិសនី យ៉ាងហោចណាស់ក៏សម្អាតដើមឈើអីកន្លែងនោះ កុំឲ្យលិចទឹករលួយជាដើម។ បើសិនជាមានប្រជាជននៅក្បែរនោះ យើងក៏ត្រូវរកវិធីកាត់បន្ថយផលប៉ះពាល។ ប៉ុន្តែ បើយើងមិនធ្វើសោះ មិនមែនថ្ងៃនេះយើងមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនី១០០% ដោយខ្លួនឯងនោះទេ។ អញ្ចឹង សូមឲ្យបងប្អូនយល់កិច្ចការនេះ។ ប្អូន បូណាលី ថា ពេលខ្លះមិនចាំបាច់បកស្រាយគ្រប់ពេលទេ។ ចាំភស្ដុតាងជាក់ស្ដែងលាតត្រដាងតែម្ដង។ គ្រាន់់តែភាពម្ចាស់ការលើសេវា ២មុខ គឺការធានាអគ្គិសនី និងធានាអ៊ិនធឺណិតខ្លួនឯង នៅគ្រប់ទីកន្លែងក្នុងប្រទេស ដោយមិនចាំបាច់ពឹងមកពីប្រទេសថៃ គឺយើងអាចបង្ហាញផល និងចក្ខុវិស័យជាក់ស្ដែងរបស់សម្ដេចតេជោ នៅពេលនោះហើយ គឺលោកមិនមានបំណងណាលក់ប្រទេសនោះទេ មានតែខិតខំធ្វើគ្រប់វិធីសាស្រ្ត រួមទាំងទាក់ទាញវិនិយោគពីបរទេស ដើម្បីឲ្យកម្ពុជាខ្លាំង ម្ចាស់ការ ឯករាជ្យខ្លួនឯង ពេលដែលចាំបាច់ដូចបែបនេះ។
(៩) នយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាម តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចនៅបណ្ដោយព្រំដែន ជួយអោយកម្ពុជាឈរខ្លួនឯងបាន
សួរថា បើយើងមិនធ្វើសន្សឹមៗ ពីឆ្នាំ១៩៩៨ ជាពិសេសតំបន់មួយប៉ែកខាងលិចនោះ តើម៉ោងថ្មើរនេះ(អាចដោះស្រាយបញ្ហាបានទេ?) គឺអត់ទេ។ ប៉ែកខាងលិចនោះ ជាតំបន់ដែលពឹងផ្អែកលើថៃពីមុន ទាំងការតភ្ជាប់ ព្រោះអត់ភ្ជាប់ជាមួយក្នុងប្រទេសទេ។ ប៉ៃលិន នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម អត់ភ្ជាប់មកក្នុងប្រទេសនោះទេ។ នៅប៉ោយប៉ែត បន្ទាយមានជ័យច្រើនណាស់ អត់តភ្ជាប់នោះទេ។ អញ្ចឹង ជាកន្លែងដែលអន់ក្រ និងមានការលំបាក។ ដូច្នេះ ការកសាងនិងការពឹងផ្អែកពិតជាទៅប្រទេសជិតខាងហើយ។ ដោយសារនយោបាយឈ្នះឈ្នះ យើងបញ្ចប់សង្រ្គាម ខ្មែររួមគ្នា អត់ញែកទឹកដី បើកច្រកឲ្យយើងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចនៅបណ្ដោយព្រំដែន ធ្វើឲ្យសមត្ថភាពរបស់យើងនៅពេលនេះ ទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ អាចឈរខ្លួនឯងបាន ដោយមិនចាំពឹងផ្អែកអ្នកណាទេ។ នេះជាផលនៃសន្តិភាព នៃនយោបាយឈ្នះឈ្នះ។ ទាំងអតីតខ្មែរក្រហម អតីតរដ្ឋកម្ពុជា នៅជាមួយគ្នា។ ទាំងកងទ័ព ទាំងគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ដែលពីមុន មិនភ្ជាប់ទឹកដី តែឥឡូវយើងភ្ជាប់ រួមគ្នាកសាង។ នេះគឺជាសមិទ្ធផលជាក់ស្ដែង និងជាអ្វីដែលស្ថិតក្នុងស្មារតីនៃការកសាងធនធានមនុស្សជំនាន់ក្រោយ ដែលយន្តការកាយឫទ្ធិជាតិកម្ពុជាចូលរួម កសាងធនធានមនុស្សរបស់ជាតិគ្រប់វិស័យ ដើម្បីមានលទ្ធភាពធានាភាពម្ចាស់របស់ខ្លួន។
(១០) ដោះស្រាយបញ្ហាដោយទទួលខុសត្រូវអំពីបូរណភាពទឹកដី ឧត្ដមប្រយោជន៍ កិត្តិយសជាតិនិងប្រជាជនលើឆាកអន្តរជាតិ
នេះហើយជាការធានាឯករាជ្យភាពរបស់កម្ពុជា។ កម្ពុជាមិនបានលក់ទឹកដី លក់ប្រាសាទឲ្យអ្នកណានោះទេ។ ពេលដែលខ្ញុំមិនទាន់ឆ្លើយ រាជរដ្ឋាភិបាលនិងសម្ដេចតេជោមិនទាន់ឆ្លើយ គេនាំគ្នាចោទថា ត្រកូល ហ៊ុន ហ្នឹងទាំងឪទាំងកូន លក់ឲ្យគេ ខ្លាចគេហើយ។ ឯកឧត្ដម លោកជំទាវ បងប្អូន ជនរួមជាតិ ការធ្វើសកម្មភាពនយោបាយមិនចាំបាច់លោតកញ្ឆេងកញ្ឆាត់នោះទេ។ ត្រូវមានភាពម្ចាស់ការច្បាស់លាស់។ យើងមិនអាចលោតម្ដងលិចម្ដងកើត រេរាតាមខ្យល់ ដូចចុងស្រល់នោះទេ។ យើងត្រូវមានភាពអត់ធ្មត់ ចាស់ទុំច្បាស់លាស់។ មិនប្រាកដថា អ្នកលោតកញ្ឆេងកញ្ឆាត់ហ្នឹង ចេចចាចហ្នឹង ពូកែជាងអ្នកអត់លោតនោះទេ។
យើងមិនចាំបាច់ឆ្លើយតបរឿងអ៊ិនធឺណិត ឬរឿងភ្លើងនោះទេ។ ដល់ម៉ោងកាត់តែម្ដងទៅ។ ចប់ហើយ។ វាបានដូចតែគ្នាហ្នឹង។ ប៉ុន្តែ គោលដៅធំរបស់កម្ពុជា នៅក្នុងការដោះស្រាយបញ្ហាគឺទទួលខុសត្រូវចំពោះបូរណភាពទឹកដី ឧត្ដមប្រយោជន៍ជាតិ និងប្រជាជន កិត្តិយសជាតិនិងប្រជាជននៅលើឆាកអន្តរជាតិ។ នេះជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយនឹងបន្តធ្វើទៅថ្ងៃអនាគត។ សូមឲ្យបងប្អូនប្រជាពលរដ្ឋយើង មន្រ្តីរាជការ ជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំបាកមួយនេះ ដើម្បីការពារបូរណភាពទឹកដី និងឧត្ដមប្រយោជន៍ជាតិ និងប្រជាជនយើង។
(១១) តាមបណ្តាញសង្គម ថ្នាក់ដឹកនាំអាចភ្ជាប់ការឆ្លងឆ្លើយជាមួយប្រជាពលរដ្ឋ និងបញ្ជាក់ពីគោលជំហរនយោបាយរបស់រដ្ឋាភិបាល
ខ្ញុំសូមលើកបន្តិចចុះពីការដោះស្រាយបញ្ហា។ កន្លងទៅ ខ្ញុំបានបញ្ចេញសារតាមហ្វេសប៊ុក។ សម្ដេចតេជោក៏បានបញ្ចេញ។ ពេលខ្លះក្រសួងការបរទេសក៏បានចេញ ប៉ុន្តែការបញ្ចេញ(សារលើហ្វេសប៊ុក)ហ្នឹង វាមិនដូចនិយាយតាមមេក្រូ ដែលអាចបកស្រាយបានច្បាស់ជាង។ ថ្ងៃនេះ ខ្ញុំសុំពេលបន្តិច ដើម្បីបញ្ជាក់បន្ថែមបន្តិចបន្តួចលើរឿងនេះឲ្យបងប្អូនបានច្បាស់។ ខ្ញុំជឿថា ភាគីម្ខាងទៀត កាសែតម្ខាងទៀតក៏ចាំយកផ្សាយ។ រឿងពាក់ព័ន្ធនឹងការរៀបចំរបស់យើងកន្លងមក។ ម្សិលមិញ ខ្ញុំឃើញអ្នកនយោបាយថៃមួយចំនួន ចោទអ្នកដឹកនាំនៅកម្ពុជា សម្ដេចតេជោ និងខ្ញុំជាពិសេស ថាធ្វើនយោបាយអត់ professional ធ្វើនយោបាយតាមហ្វេសប៊ុក។ ស្អីអញ្ចេះ? ស្អីទៅអ្នកធ្វើនយោបាយមិន professional? គេចង់និយាយថា “ស្អីៗ ត្រូវជជែកគ្នា។ ធ្វើការតាមហ្វេសប៊ុកមិនកើតទេ”។
សូមមើលឲ្យច្បាស់។ ទី១ អ្នកនយោបាយថ្នាក់ដឹកនាំជាតិនីមួយៗ មានកាតព្វកិច្ចភ្ជាប់ទំនាក់ទំនងឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសពេលដែលស្ថានភាពលំបាក មិនអាចនៅសម្ងំសុខនោះទេ ដោយយកហេតុផលថាអត់មានវិធីជួបនោះទេ។ អញ្ចឹង មេដឹកនាំនយោបាយនីមួយៗ ត្រូវឆ្លើយឆ្លង(ជាមួយប្រជាពលរដ្ឋ)។ ពីអតីតកាល គេឆ្លើយឆ្លងតាមកាសែត សរសេរ បោះពុម្ព ក្រោយមកមានវិទ្យុ ទូរទស្សន៍។ សម័យ social media នេះ គេប្រើ Facebook, X, TikTok ដើម្បីបញ្ជូនសារនយោបាយទៅប្រជាពលរដ្ឋ។ សូម្បីប្រធានាធិបតីអាមេរិកក៏ប្រើ X ដែរ។ សូម្បី មេដឹកនាំរបស់ថៃខ្លួនឯងនោះក៏ប្រើ TikTok, Facebook ដូចគ្នាដែរទេ។ អញ្ចឹងមធ្យោបាយបែបនេះវាច្បាស់លាស់។
ទី២ សារដែលដាក់ចេញទៅ សំដៅប្រជាពលរដ្ឋរបស់យើង ពាក់ព័ន្ធនឹងជំហរនយោបាយរបស់យើង។ កន្លងទៅ ពេលខ្លះមានការក្រឡុកនៅខាងក្រៅ។ សាច់ឯងហ្នឹងក៏ក្រឡុកដែរ។ អ្នកនយោបាយដែលថាស្នេហាជាតិនៅក្រៅស្រុក ដែលខ្មែរគ្នាឯងនេះ ក្រឡុកនិងឌឺមិនចេះចប់ បង្កើតរឿងឲ្យមានសតិអារម្មណ៍ក្នុងជួរកងទ័ព។ រឿងមិនពិតខំយកកាសែតមកផ្សាយបន្ថែម។ ពេលខ្លះ អ្នកនាំពាក្យចេញបកស្រាយ តែវាអត់គ្រប់គីឡូ។ វាទាមទារឲ្យអ្នកដឹកនាំនយោបាយចេញ ទើបមានភាពនឹងនរ។ គ្រាន់តែរឿងថ្ងៃ ២៨ឧសភា ដែលកងទ័ពថៃចូលមកបំពានក្នុងទីតាំងនៃដែនអធិបតេយ្យភាពរបស់កម្ពុជា បាញ់កងទ័ពយើងស្លាប់ម្នាក់ អ្នកខ្លះផ្សាយថាខ្មែរស្លាប់ ២នាក់ របួស៤-៥នាក់នោះ។ កន្លែងខ្លះខំបំប៉ោងបន្ថែម ហើយស្ដីបន្ទោសយើងថាលាក់ព័ត៌មាន។
ប្រជាពលរដ្ឋយើង ជាពិសេស អ្នកនៅឆ្ងាយ។ កាន់តែឆ្ងាយ កាន់តែភ័យជាងអ្នកនៅមុខ។ ជឿខ្ញុំចុះ។ ខ្ញុំចាំម្ដង ពេលទៅអាមេរិក។ នៅកាលីហ្វ័រញ៉ា។ គេបាតុកម្មនៅមុខហាង។ ខ្ញុំចូលទៅ មានការគប់ស្អីមក ហើយអុកឡុកខ្លះក្នុងហាង តែអត់មានរំខានដល់ខ្ញុំទេ។ ស្អែកឡើង ខ្ញុំដឹងព័ត៌មានពីអ្នកភ្នំពេញវិញថាសុទ្ធតែមានប៉ូលីសបោះគ្រាប់បែកផ្សែងចូលក្នុងកន្លែងប្រជុំ ជម្លៀសផ្អើលពេញហ្នឹង។
អញ្ចឹង ដើម្បីកុំឲ្យក្អែក១ ជាក្អែក១០ ជាពិសេសស្ថានការណ៍ដែលកំពុងវិវត្តប្រែប្រួលលឿន រាជរដ្ឋាភិបាលមានកាតព្វកិច្ចជូនព័ត៌មានដល់ប្រជាពលរដ្ឋ។ កន្លងទៅ អ្នកនាំពាក្យរបស់យើង ក្រសួងការពារជាតិ ក៏បានចេញ(ព័ត៌មានដែរ)។ ក្នុងនាមជានាយករដ្ឋមន្ត្រី ទោះបីជានៅក្រៅប្រទេស ក៏ខ្ញុំត្រូវចេញ(សារ)។ ថ្ងៃទីមួយដែលចល័តទ័ពនៅភ្នំពេញ គេថាចល័តទ័ពពេញប្រទេស។ នាយករដ្ឋមន្ត្រី(អត់)នៅក្នុង(ប្រទេស)ធ្វើយ៉ាងម៉េច? មានអ្នកខ្លះថាមានរដ្ឋប្រហារនៅក្នុងប្រទេសកម្ពុជា។ ផ្អើល។ ខ្ញុំត្រូវចេញសារពីទីក្រុងតូក្យូមកបញ្ជាក់ថាគ្មានទេ នេះជាកិច្ចការចាំបាច់។ ការចេញសារទៅប្រជាពលរដ្ឋ និងពលករនៅក្រៅប្រទេស ដែលបងប្អូនមានបំណងចង់មកប្រទេសវិញ ក៏ដើម្បីអោយមន្ត្រីរបស់យើងត្រៀមលក្ខណៈ(ជួយសម្រួល) ព្រោះជួនកាលដាក់សារ ដាក់បញ្ជាទៅ មន្ត្រីរបស់យើងទទួលបាន ប៉ុន្តែប្រជាពលរដ្ឋពលករអត់ដឹងរឿងទេ។ ដាក់តាមហ្វេសប៊ុកចែករំលែករាប់លាននាក់ឆាប់ដឹង។ នេះគឺជាវិធីសាស្ត្រល្អ។
(១២) ដែលថា “ប្រាសាទនេះ/នោះនៅក្នុងដីថៃ” ដោយសំអាងលើផែនទីឯកតោភាគី និងបន្តិចថាកាត់ភ្លើង កាត់អ៊ីនធើណិត ធ្វើរបងខ័ណ្ឌជាមួយកម្ពុជា តើជារបៀបធ្វើការមានវិជ្ជាជីវៈឬ (Professional)
គ្មានអីដែល Unprofessional ទេ។ ខ្ញុំឆ្ងល់គេប្រើពាក្យហ្នឹងទៅកើត។ ផ្ទុយទៅវិញ ខ្ញុំសូមបញ្ជាក់ ពាក់ព័ន្ធរឿងនេះ កម្ពុជាអត់ធ្មត់ណាស់ប៉ុន្មានខែមកនេះ។ ថ្នាក់ដឹកនាំថៃ អ្នកនយោបាយ អ្នកប្រឆាំងជ្រុលនិយម ពេលខ្លះកងទ័ព ចេញសារមកបន្តិចថា “ប្រាសាទនេះ/នោះ នៅក្នុងដីថៃ” ដោយប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន, បន្តិចទៅថាកាត់ភ្លើង តទៅថាកាត់អ៊ីនធើណិត ហើយថាធ្វើរបងខ័ណ្ឌកម្ពុជាជាមួយថៃ។ ហ្នឹងឬ(ជារបៀបធ្វើការដែល) Professional? និយាយអោយច្បាស់តែម្ដង កម្ពុជាបានអត់ធ្មត់ណាស់។ យើងមិនចង់មានរឿង។ ប៉ុន្តែ ពេលយើងមិនមាត់ គេជាន់។ ដល់យើងតប គេថាយើង Unprofessional។ យើងមិនមាត់ គេកេងចំណេញនយោបាយ ដល់យើងឆ្លើយតបត្រឹមលក្ខខណ្ឌរបស់យើង គេថាយើងអ្នករំលោភ និងបង្ករឿងទៅវិញ។ ធ្វើការអត់វិជ្ជាជីវៈ។ តាមដំណើរចុះ … សូម្បីតែរឿងអនឡាញ ក៏ចោទកម្ពុជាដែរ។ មើលប្រទេសខ្លួនឯងផង មិនមែនស្អាតទេ។ ប្រទេសខ្លះចូលចិត្តតែដាក់រឿងហ្នឹងទៅអ្នកជិតខាង ហើយថាខ្លួនឯងល្អឥតខ្ចោះ។ រឿងដូចតែគ្នាទេ និយាយច្បាស់តែម្ដង។ ចោទកម្ពុជាអាក្រក់ ប្រទេសនេះអាក្រក់អញ្ចេះ … តែខ្លួនឯងមិនល្អឥតខ្ចោះទេ តែខំបិទបាំងខ្លួន ហើយជះលើគេ។ អ្នកណាក៏ដឹងដែរ។
(១៣) បើដណ្ដើមគ្នា មិនដាច់ស្រេច កូនចៅខ្មែរនិងថៃនៅតែរករឿងឈ្លោះគ្នា ត្រូវរកយន្តការទី៣
សម្រាប់កម្ពុជា ជំរើសទៅមុខយ៉ាងម៉េច? តើយើងនៅបន្តចោទគ្នាបែបនេះទេ? នៅបន្តប្រើផែនទីឯកតោភាគី ដណ្ដើមគ្នានៅតាមាន់ធំទេ? ប្រាសាទតាមាន់ធំនេះគឺជាប្រាសាទមួយ ដែលមេដឹកនាំនយោបាយថៃ តាំងពីឆ្នាំ២០១០ ជំនាន់ Abhisit Vejjajiva ថាជារបស់ពួកគេ ដោយសំអាងលើផែនទីឯកតោភាគី។ ក្រោយមកថ្មីៗនេះក៏មានដែរ មេដឹកនាំនយោបាយធំៗ រួមទាំងយោធា (ក៏បានប្រកាសក្តែងៗ ដូចគ្នា)។ ឥឡូវធ្វើម៉េច? តើប្រើផែនទីអ្នកណា ដើម្បីមានការឯកភាព? មិនមានទេ។ អ្នកឯងនិយាយរឿងអ្នកឯង។ ដើម្បីអោយស្រួលកាត់សេចក្ដី ខ្ជិលនិយាយ នាំគ្នាទៅតុលាការ។ តុលាការកាត់អោយដឹងឈ្នះចាញ់តែម្ដង។ បើដណ្ដើមគ្នាយកឈ្នះចាញ់រៀងខ្លួន គ្មានអ្នកចាញ់និងអ្នកឈ្នះទេ។ នៅរ៉ាំរ៉ៃរាប់សិបទសវត្សរ៍ទៀត កូនចៅខ្មែរនិងថៃនៅតែរករឿងឈ្លោះគ្នាដដែល។ វាយគ្នា ១០ឆ្នាំមុន វាយគ្នាថ្ងៃនេះ ឬមួយវាយគ្នាឆ្នាំក្រោយ យើងវាយហើយ ចប់ពីវាយស្លាប់និងរបួសហើយ ត្រឹមតែមកចរចាគ្នាផ្អាក គឺមិនដាច់ស្រេច។ យកល្អមានតែរកយន្តការទីបី។
(១៤) សមាជរួមលើកទី១ នៃសភានិងព្រឹទ្ធសភា គាំទ្រការនាំបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅ ICJ
ហេតុអីបានជាកម្ពុជាទៅ ICJ? ឯកឧត្តម លោកជំទាវ លោក លោកស្រី ខ្ញុំសូមបញ្ជាក់បន្តិចថា ជំហររបស់កម្ពុជា(ក្នុងការនាំយកការមិនចុះសំរុងលើ៤ ចំនុចទៅ) ICJ អត់រាថយទេ។ កន្លងទៅ កម្ពុជាប្រកាស(ពីជំហរនេះ)នៅថ្ងៃ០១ មិថុនា និងចេញសារជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថ្ងៃ០២ មិថុនា ហើយបានឆ្លងសមាជ(នៃសភាទាំងពីរ)។ នៅក្នុងសមាជនោះ ខ្ញុំប្រកាសពីជំហររបស់កម្ពុជាដែលនាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ ICJ ដើម្បីដោះស្រាយ។ មានការគាំទ្រជាឯកច្ឆន្ទពីសភានិងព្រឹទ្ធសភាក្នុងសមាជរួមជាប្រវត្តិសាស្ត្រលើកទីមួយ។ យើងមិនដកថយពីជំហរដោះស្រាយបញ្ហាតាមវិធីនេះទេ។ យើងនៅរក្សាជំហរដដែលតាំងពីថ្ងៃនោះមក។ ចន្លោះពីថ្ងៃនោះ រហូតដល់ថ្ងៃទី១៦មិថុនា ដែលយើងដាក់(សំណើដោយ)ផ្ទាល់ដៃ ក៏មានការបកស្រាយច្រើន តែយើងមិនមាត់។ តើយើងចាំបាច់អីទៅឆ្លើយតប។ អ្នកនាំពាក្យបានចេញពន្យល់ហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងធ្វើសកម្មភាពជាក់ស្ដែង។ ខ្ញុំសូមបញ្ជាក់អោយបងប្អូនបានឃើញ។ មិនត្រឹមតែបាននិយាយទេ ក្នុងរយៈពេល ២សប្ដាហ៍គត់ ក្រោយពីកម្ពុជាប្រកាសជាផ្លូវការ ក្រសួងការបរទេសបានផ្ញើលិខិតជាផ្លូវការទៅ ICJ។ បានន័យថា កម្ពុជាអត់ដកថយពីការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយបញ្ហាទាំងបួននេះ។ សូមជឿជាក់ថានេះជាគោលការណ៍របស់យើង។
(១៥) ថ្ងៃ ១៥មិថុនា ១៩៦២ ពី ៦៣ឆ្នាំមុន ជាថ្ងៃដែលកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ
គេសួរថាហេតុអីក៏យូរម្លេះ? សូម្បីពីរនាក់ ផ្ទះជិតខាង ប្ដឹងគ្នារឿងព្រំដី មិនមែនសម្រេចថ្ងៃហ្នឹង ស្អែកទៅប្ដឹងភ្លាមទេ។ យ៉ាងហោចត្រូវរកមេធាវី និងឯកសារសិន។ ចុះទម្រាំកិច្ចការរួមចាំបាច់សំខាន់សម្រាប់ប្រទេសជាតិទៀត។ ពីរសប្ដាហ៍នេះលឿនហើយ ប៉ុន្តែសំខាន់ហេតុអីបានយើងចាំថ្ងៃទី ១៥មិថុនា។ ចៃដន្យចំថ្ងៃ ១៥ មិថុនា ១៩៦២។ បើនិយាយត្រង់ទៅ ក៏វាជាការចៃដន្យ ប៉ុន្តែវាអាចជាប្រផ្នូលល្អសម្រាប់កម្ពុជាដែរ។ កម្ពុជាឈ្នះក្ដីកាលពី ៦៣ឆ្នាំមុន។ កិច្ចប្រជុំទ្វេភាគី JBC កំណត់ថាធ្វើនៅថ្ងៃទី១៤ មិថុនា ដែលភាគីទាំងពីរបានឯកភាពគ្នា។ មូលហេតុអីបានជាយើងអត់បញ្ជូនទៅ មុនយើងប្រជុំ JBC? ពេលដែលប្រកាសជំហររបស់យើងហើយ យើងមានជម្រើសពីរសម្រាប់ការបញ្ជូនទៅ។ ទី១ គឺថៃឯកភាពជាមួយយើង ដឹកដៃគ្នាទៅ ICJ ដូចសិង្ហបុរីនិងម៉ាឡេស៊ីដឹកដៃគ្នាទៅកាលពីឆ្នាំ៩០ ជាងអញ្ចឹង។ ថ្ងៃទី០៦ ខែមិថុនា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជូនលិខិតផ្លូវការទៅរដ្ឋមន្ត្រីការបរទេសថៃ ដើម្បីបបួលគាត់ជាផ្លូវការទៅ (ICJ)។
កន្លងទៅ យើងឃើញគេប្រកាសតាមទូរទស្សន៍អត់ត្រូវ។ ទាល់តែអង្គុយទល់មុខគ្នា មានការឆ្លងឆ្លើយជាលាយលក្ខណ៍អក្សរ បានយកជាការ។ ហ្នឹងជាការទូត។ ថ្ងៃ០២មិថុនា យើងសុំសភាឯកភាព។ យើងចាប់ផ្ដើមធ្វើការរហូតដល់ថ្ងៃ ០៦មិថុនា បញ្ជូនលិខិតមួយទៅរដ្ឋមន្ត្រីការបរទេសថៃ ដើម្បីសុំការឆ្លើយតបថាតើគាត់ទៅជាមួយយើងឬអត់? គាត់អត់ទាន់ឆ្លើយទេ។ យើងរង់ចាំថ្ងៃ ១៤ មិថុនានេះ ដើម្បីជួបទល់មុខគ្នាសួរឱ្យបញ្ជាក់ជំហរ។ បើយើងបញ្ជូនទៅម្នាក់ឯង ICJ នឹងសួរមកវិញថា បានសួរអ្នកម្ខាងទៀតហើយឬនៅ? សួរពេលណា? គេឆ្លើយឬទេ? រឿងវាបែបហ្នឹង។ ពេលដែលថៃផ្ដល់ចម្លើយ គេបដិសេធរឿងយុត្តាធិការតាំងពីឆ្នាំ៦០ ស្មើនឹងចម្លើយបដិសេធ។ ដូច្នេះ មិនចាំយូរ កម្ពុជាបានបន្តនីតិវិធីជាឯកតោភាគីទៅ ICJ។ មិនចាំបាច់យូរ ស៊ីញ៉េរហើយផ្ញើទៅ។ មន្ត្រីរបស់យើងជិះយន្តហោះ ទៅទីក្រុងប៊ែលហ្សិក យកលិខិតនេះទៅអោយទូតយើង។
យើងអត់មានទូតនៅហូឡង់ទេ។ យើងមាននិវាសដ្ឋានដែលប្រចាំការនៅហូឡង់។ យើងហៅថាទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសហូឡង់ មាននិវាសដ្ឋាននៅទីក្រុងប៊ែលហ្សិក។ យើងបញ្ជូនទៅអោយលោកជំទាវទូត។ ថ្ងៃច័ន្ទគេធ្វើការ។ ព្រឹកឡើងយើងណាត់គេម៉ោង១១កន្លះ។ អង្គុយចាំហុចផ្ទាល់ដៃអោយគេ។ ប៉ុន្តែជាច្បាប់របស់គេៗ សុំមិនអនុញ្ញាតអោយថតបង្ហោះរូបភាពមន្ត្រីគេទេ។ ដោយហេតុនេះបានជាមិនមានរូប។ ប៉ុន្តែមន្រ្តីរបស់យើងបានយកទៅ។ យើងមានរូបភាព។ យើងបានផ្ដល់អោយដល់ដៃគេហើយ។ យើងត្រូវគោរពលក្ខខណ្ឌបទបញ្ជាផ្ទៃក្នុងរបស់គេ។ គេមិនអោយថតរូបពាក់ព័ន្ធរូបមន្ត្រីរបស់គេទេ។ ច្បាប់របស់គេយើងត្រូវគោរព។ តែយើងបានយកទៅហើយ។ សារលិខិតដែលខ្ញុំដាក់បញ្ជូនទៅថ្ងៃទី១៥ មិថុនា។ ខ្ញុំដាក់ថាលិខិតផ្លូវការបានបញ្ជូនទៅទូតរបស់យើង និងត្រូវប្រគល់ដោយដៃ។
(១៦) សូមអ្នកនយោបាយគិតពីប្រយោជន៍ជាតិ កុំកេងផលប្រយោជន៍នយោបាយ ដែលវាបង្កើតនូវភាពស្រពេចស្រពិលបែកបាក់ផ្ទៃក្នុងជាតិ
មានអ្នកឆ្លៀតចេញមកទៀតថា អត់ជឿថាបញ្ជូនទៅ។ ខ្លះថាបញ្ជូនលិខិតអញ្ចឹងតាម post។ អញ្ចឹងបានខ្ញុំសរសេរសម្រាយទាំងអស់តែម្ដងទៅ មន្ត្រីរបស់យើងកាន់(នៅដៃ) ជិះយន្តហោះធ្វើដំណើរទៅ។ វាលំបាកតែសាច់ឯង តាមផ្ចាញ់គ្នាឯងរហូត។ ថាផ្ចាញ់នយោបាយរឿងអីផ្សេងផ្ចាញ់ចុះ តែម៉ោងដែលគ្រប់គ្នា ជាតិទាំងមូលរួមគ្នាដើម្បីការពារអធិបតេយ្យបូរណភាពទឹកដី នៅមានឆ្លៀតឌឺដងកេងចំណេញនយោបាយទៀត។ ប៉ុន្ដែ ទម្លាប់អ្នកនយោបាយនោះ បច្ចុប្បន្នមិនខុសពីកាល(ឆ្នាំ) ២០០៨ ២០១១ ទេ។ បងប្អូនកត់សំគាល់ មើលទៅ។ ភស្ដុតាងច្បាស់ក្រឡែត។ ចង់ឈ្នះចាញ់ បង្កើតរឿង។ រឿងទាហានរឿងអី ធ្វើឲ្យទាហានបាក់ទឹកចិត្តអីផ្សេងៗ។ ឥឡូវ សូម្បីតែយើងយកសំណើទៅដាក់(នៅ ICJ) គេចេញមកថា កុំតែ(បាន)គេស្រែក កុំអីយើងមិនដាក់ទេ។
ខ្ញុំសរសើរ។ (ពួកគាត់)ឆ្លាតណាស់បងប្អូនអើយ។ ជេរហើយទាមទារ រហូតទៅដល់មានម្នាក់ស្រីខាងក្រុមគាត់ដែរ(ថា) លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាល ត្រូវបង្ហាញផែនទី ដែលយកទៅចរចាឲ្យប្រជាជនមើល។ បើអញ្ចឹង បង្ហាញឯកសារទាំងអស់តែម្ដងទៅ មិនបាច់ទៅចរចាទេ។ ភាគីម្ខាងទៀតគេឃើញបាត់ហើយ … សូមអ្នកនយោបាយមួយចំនួនគិតពីប្រយោជន៍ជាតិផង។ រដ្ឋាភិបាលធ្វើនេះ ដើម្បីជាតិយើងទាំងមូលដើម្បីបូរណភាពទឹកដីរបស់យើង។ យើងចង់ឈ្នះក្ដីដោយមិនបង្ហូរឈាមលើសមរភូមិ បានជាយើងប្ដឹងទៅ ICJ។ សូមទុកឱកាសឲ្យមន្ដ្រីរបស់យើង ជាតិរបស់យើងធ្វើការងារនេះដោយទទួលខុសត្រូវ ប្រមូលផ្ដុំគ្នាការពារផលប្រយោជន៍ស្របច្បាប់របស់យើងផង។ សូមកុំកេង/កៀរផលប្រយោជន៍នយោបាយរបស់អស់លោកគ្រប់ពេលពេក (ដែលវា)បង្កើតនូវភាពស្រពេចស្រពិល បែកបាក់ផ្ទៃក្នុងជាតិ។ សូមឲ្យរួមគ្នាដើម្បី(ធ្វើការដោះស្រាយបញ្ហាប្រឈមរបស់ជាតិ)។
(១៧) មានឈាមជ័រជាខ្មែរ កុំចេញសារ ឬសកម្មភាពបំបាក់ស្មារតីសាមគ្គី ឯកភាពជាតិពីក្រោយកងទ័ព កុំបំបាក់សតិអារម្មណ៍កងទ័ពជួរមុខ
ខ្ញុំសូមសរសើរអ្នករិះគន់មួយចំនួន ដែលដឹងពេលវេលា។ ប្អូនមួយនោះ វិភាគជេរ ប៉ុន្ដែពេលយើងធ្វើសកម្មភាពត្រឹមត្រូវ គាត់ចេញមកទទួលស្គាល់។ នេះជាគំរូ។ ឯអ្នកនយោបាយចាស់វស្សា អាយុជិត ៨០ឆ្នាំ (ក្នុង) ប៉ុន្មានថ្ងៃខែទៀតខាងមុខ បែរជាប្រកាន់ជំហរវាយតែគ្នាឯងទៅវិញ។ សូមសរសើរក្មេងៗ ដែលមានស្មារតីជាតិនិយម ទទួលស្គាល់ការពិត ខុសដឹងខុស ត្រូវដឹងត្រូវ ដឹងពេលវេលា។ យើងមិនហាមឃាត់(ការរិះគន់)ទេ មិនមែនឲ្យមកគាំទ្រទាំងអស់ទេ ប៉ុន្ដែបើនៅស្ងៀម (ក៏)គ្មាននរណាថាគដែរពេលខ្លះ ដើម្បីរក្សាគំនិតនិងទឹកចិត្តរួមរបស់យើង។ ទាហានកំពុងត្រៀមក្នុងលេណដ្ឋានជួរមុខហើយ ប្រុងប្រៀបផ្ទុះអាវុធ(ក្នុងបុព្វហេតុ)ការពារ ប្រសិនបើមានការឈ្លានពាន បើខ្វះខាតអីបន្ដិចបន្ដួច សូមប្រមូលផ្ដុំគ្នា(ដោះស្រាយ)ទៅ។
កុំឲ្យមានការរារែកចិត្តក្នុងការការពារទឹកដី។ វាធ្វើឲ្យស្លាប់របួស ។ បើយើងមិនប្រមូលផ្ដុំគ្នា ពេលផ្ទុះអាវុធ ភាគីម្ខាងទៀតមិនអាណិតយើងទេ។ គេនៅតែបាញ់យើង។ និយាយឲ្យច្បាស់អញ្ចឹងទៅ។ ម៉ោងថ្មើរនេះ ទាហានចេញច្បាំង ទាហានត្រៀមច្បាំងការពារបូរណភាពទឹកដី ត្រូវមានការទុកចិត្តគ្នា។ ទឹកចិត្តធំណាស់។ សាមគ្គីឯកភាពជាតិ លើសខ្វះមី ត្រីងៀត លើសខ្វះស្អីៗ ចាំនិយាយគ្នាក្រោយ។ ក្រសួងការពារជាតិ ខិតខំធានាផ្គត់ផ្គង់សព្វបែបយ៉ាង។ កន្លែងខ្លះអាចថាមិនបានល្អដូចកន្លែងខ្លះទៀត។ នៅលេណដ្ឋាន ទីបញ្ជាការក្រោយ វាបានល្អជាងនៅលេណដ្ឋានជួរមុខ ដែលយើងទើបបញ្ជូនកំលាំងទៅមានតែតង់ ទើបនឹងជីកលេណដ្ឋាន។ អាហារវាមិនងាយស្រួលទេ។
សូមកុំឲ្យរឿងលើសខ្វះបន្ដិចបន្ដួចយកមកជារឿងមើលបំណាំគ្នា នៅពេលដែលហានិភ័យធំបំផុតគឺអាយុជីវិតរបស់កងទ័ពយើង ភាពជោគជ័យរបស់កងទ័ពយើងក្នុងការការពារទឹកដី។ ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរពិតប្រាកដ បើថាមិនបានគាំទ្ររាជរដ្ឋាភិបាលទេ ក៏សូមកុំចេញសារ ឬ សកម្មភាពណា ដែលវាយបំបាក់ស្មារតីសាមគ្គី ឯកភាពជាតិ នៅពីក្រោយកងទ័ព ជាពិសេសកុំវាយបំបាក់សតិអារម្មណ៍កងទ័ពជួរមុខរបស់យើងឲ្យសោះ។ បើគាត់មានសតិអារម្មណ៍មិនមូល តើយើងនឹងបាត់បង់ស្អី? គឹបាត់បង់អាយុជីវិត(និង)ទឹកដី។ ខ្ញុំសូមអំពាវនាវអ្នកនយោបាយទាំងអស់នៅគ្រប់មជ្ឈដា្ឋនទាំងអស់ មិនថាអ្នកប្រឆាំង ឬ គាំទ្រ (រាជរដ្ឋាភិបាល) មិនថានៅក្នុង ឬ ក្រៅប្រទេសទេ សូមរួមគ្នាទៅម៉ោងថ្មើរនេះ ស្ថានភាពប្រែប្រួលមិនទាន់ចប់ទេ។ ការចោទប្រកាន់ ការលើកពីជំហរផ្សេងៗនោះ វានៅដដែល។
(១៨) កងទ័ពជួរមុខ មិនត្រៀមរំលោភទឹកដីប្រទេសដទៃ តែដាច់ខាតការពារទឹកដីកម្ពុជាបើមានការឈ្លានពានដោយកំលាំងអាវុធ
ការចល័ត(ទ័ព) រៀបចំលេណដ្ឋានផ្សេងៗរបស់កងទ័ពថៃ ដែលនៅធ្វើរាល់ថ្ងៃ បន្ដិចទៀតខ្ញុំនិយាយ ម្សិលមិញគេចោទកងទ័ពខ្មែរថាបែរកាណុងទៅគេ។ ឯកឧត្តម ទៀ សីហា ថា “ធម្មតាទេ វាមិនដែលដាក់កាណុង មកក្នុង(ផ្ទះខ្លួនឯង)ទេ”។ មិនមែនបានន័យថា យើងបាញ់រំលោភអ្នកណាទេ។ កុំភ្លេចអ្នកចោទយើងនោះ ចល័តទ័ព កាយលេណដ្ឋានថ្មី អូសកាំភ្លើងធំថ្មីរាល់ថ្ងៃ។ ទោះបី JBC ចប់ក៏ដោយ។ អញ្ចឹង ម៉ោងថ្មើរនេះកងទ័ពរបស់យើងត្រូវមូលគំនិតគ្នា។ ខ្ញុំសូមអរគុណនិងកោតសរសើរកងទ័ពរបស់យើងនៅជួរមុខ ដែលមានទឹកចិត្តអង់អាចក្លាហាន សាមគ្គី ឯកភាពជាតិ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដនៅក្នុងពេលនេះ។
អ្នកវិភាគក្បាលទំពែកមួយនោះ ដំបូងឡើយទៅថតទាហានយើងអត់ស្បែកជើងនៅជួរមុខ។ ស្បែកជើងគាត់មានតែគាត់ពាក់ស្បែកផ្ទាត់។ ធ្វើអីគាត់។ ពីក្បាលដល់ចុងជើង ធានាថាទាហានមាន Cartouchiere កាំភ្លើង មួក ឯកសណ្ឋាន រហូតទៅដល់ស្បែកជើង តង់។ ប៉ុន្ដែ នៅជួរមុខបងប្អូនខ្លះអត់ចូលចិត្តពាក់ស្បែកជើងកវែងហ្នឹង ជាពិសេសទាហានខ្មែរក្រហមដែលធ្លាប់ច្បាំង អត់ពាក់ស្បែកជើងម៉ៃហ្វស ដែលមានពីរ(ប្រភេទ) មួយស្បែកទាំងអស់ ដែលវាជួយការពារទប់ជើង ហើយបើមានអីការពារទប់ជង់ជើង និងមួយ (ប្រភេទ)ទៀត ស្បែកវារហើយជាង។ ភាគច្រើនគេយកប្រភេទរហើយ។ ប៉ុន្ដែ រហើយក៏ដោយ បើនៅ២៤ ម៉ោង វាក្ដៅដែរ ស្រោមជើងក៏វាសើម។ អញ្ចឹង(ស្បែកជើង)ផ្ទាត់ហ្នឹងហើយ។
អញ្ចឹង (កងទ័ព)នៅ(ជួរ)ខាងមុខ (ទោះ)ស្បែកជើងផ្ទាត់ក៏ដោយក៏មិនមានទឹកចិត្តខ្លាចក្នុងការប្រយុទ្ធការពារទឹកដីទេ។ កងទ័ពយើងដឹងច្បាស់ថា មិនបានត្រៀមរំលោភទឹកដីនរណាមួយមីលីម៉ែត្រទេ ប៉ុន្ដែត្រៀមដាច់ខាតការពារទឹកដីយើងមិនឲ្យបាត់មួយមីលីម៉ែត្រណាទេ ជាពិសេសការប៉ុនប៉ងឈ្លានពានដោយប្រើប្រាស់កំលាំងប្រដាប់អាវុធ។ នេះជាទឹកចិត្តបងប្អូនកងទ័ពយើង។ ខ្ញុំសូមកោតសរសើរ។
សូមចូលរួមរំលែកទុក្ខបងប្អូនយើងមួយចំនួន ដែលទទួលគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្មកន្លងទៅ។ មានអ្នកខ្លះឈឺ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបំពេញកាតព្វកិច្ចរៀងៗខ្លួន។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ កងទ័ព ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ធានាម្ចាស់ការក្នុងការពង្រឹងប្រៀបច្បាប់ ចរចាធ្វើការងារខាងការទូត បច្ចេកទេស JBC បូកជាមួយនឹងការប្រើប្រាស់ច្បាប់អន្ដរជាតិ ប៉ុន្ដែ (ក៏)បានត្រៀមលក្ខណៈការពារទឹកដី ប្រសិនបើមានការចាំបាច់ប្រើប្រាស់កំលាំងយោធា។ កងទ័ពយើងត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីប្រឈម(សត្រូវឈ្លានពាន)។
(១៩) ប្រទេសតូច ប្រជាជនតិច សេដ្ឋកិច្ចមានកម្រិត ធៀបជាមួយភាគីម្ខាងទៀត ប៉ុន្ដែកម្ពុជាមានស្មារតី សាមគ្គី ឯកភាព ប្រជាជាតិមួយ
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរព្រះគុណថ្វាយប្រគេនព្រះត្ថេរានុត្ថេរៈគ្រប់ព្រះអង្គ សូមថ្វាយ (ព្រះរាជអំណរគុណ) ព្រះមហាក្សត្រ មហាក្សត្រិយ៍នៃយើង ជូនសម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិយើង ដែលចាប់ពីថ្ងៃទី២៨ (ឧសភា) មកបានបង្ហាញស្មារតីជាតិនិយម ស្នេហាជាតិពិតប្រាកដ រួមគ្នាជាធ្លុងមួយ ទាំងអ្នកនៅក្នុងនិងក្រៅប្រទេសផ្ដល់កំលាំងចិត្តដល់កងទ័ពជួរមុខ មន្ដ្រីរបស់យើងដែលធ្វើការ ទាំងគណៈកម្មាធិការព្រំដែន មន្ដ្រីការទូតដែលនឹងចេញទៅធ្វើការ និងកំពុងធ្វើជាយន្ដការមុខព្រួញការទូត កងកំលាំងប្រដាប់អាវុធ តាមរយៈការជួយផ្ដល់កំលាំងចិត្តគ្រប់បែបយ៉ាង គ្រប់រូបភាព ការផ្ដល់ថវិកា គ្រឿងហូបផ្សេងៗ ជារឿងមួយ ប៉ុន្ដែសំខាន់បំផុតការមូលចិត្តគំនិតគ្នាជាមួយកងទ័ពដើម្បីការពារជាតិ … នៅក្នុងបណ្ដាញសង្គមរបស់យើង។ អរគុណចំពោះការជឿទុកចិត្តលើរដ្ឋាភិបាលក្នុងការខិតខំដោះស្រាយបញ្ហានេះដោយទទួលខុសត្រូវ ដើម្បីការពារអធិបតេយ្យភាព និងឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ប្រទេសយើងតូច ប្រជាជនក៏តិច កម្រិតសេដ្ឋកិច្ចមិនទាន់ខ្ពស់បើប្រៀបធៀបជាមួយភាគីម្ខាងទៀត ប៉ុន្ដែអ្វីដែលសំខាន់គឺស្មារតី សាមគ្គី ឯកភាព ប្រជាជាតិមួយនាពេលនេះ។
(២០) ពិធីដើរសំដែងការគាំទ្រ ជាកំលាំងចិត្ត ជាថាមពល បញ្ជាក់ថា ជាតិនិងប្រជាជននៅពីក្រោយដល់រាជរដ្ឋាភិបាលនិងកងកំលាំងប្រដាប់អាវុធជួរមុខ
ស្អែកនេះ សភាពសហព័ន្ធយុវជនរៀបចំពិធីដើរគាំទ្ររាជរដ្ឋាភិបាល និងកងទ័ព កងកំលាំងប្រដាប់អាវុធជួរមុខ បង្ហាញស្មារតីជាតិ។ ឯកឧត្តម ហ៊ុន ម៉ានី រាយការណ៍មកខ្ញុំថា ផែនការតែប៉ុន្មានម៉ឺននាក់ទេ ប៉ុន្ដែឥឡូវអ្នកស្ម័គ្រចិត្តចូលមកចង់ពេញហ្នឹងហើយ។ ដំបូងថាធ្វើតែ ២ម៉ឺន នាក់ទេ។ ឥឡូវអ្នកសុំ(ស្ម័គ្រ)ចិត្តចូល (រួមដើរមាន) ១០ម៉ឺននាក់ហើយ មិនទាន់គិតអ្នក(ដែលនឹង)បង្ហាញមុខ ដោយអត់បានអញ្ជើញទេ។ (អញ្ចឹង)អាចច្រើនជាងហ្នឹង។ នេះបង្ហាញពីស្មារតីរួមគ្នារបស់ប្រជាជាតិយើង។ ទាំងអស់នេះជាកំលាំងចិត្ត ថាមពល សំរាប់ជួយដល់កងកំលាំងរបស់យើង បញ្ជាក់ថាអ្វីដែលគាត់ធ្វើនេះគឺត្រឹមត្រូវ។ (ដោយសារ)មានប្រទេសជាតិនិងប្រជាជននៅពីក្រោយពួកគាត់ៗ មានទឹកចិត្តការពារដាច់ខាត លះបង់ជីវិត លះបង់នូវអ្វីៗ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីរបស់យើង។ រាជរដ្ឋាភិបាលក៏សូមធានា ថានឹងខិតខំឲ្យអស់លទ្ធភាពប្តូរផ្តាច់ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ការពារផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើងឲ្យបានជាដាច់ខាត។
(២១) បាននិងបន្តអនុវត្តអភិក្រម៣ គឺ បច្ចេកទេស ច្បាប់អន្តរជាតិ និងយោធា ដោយយោធានឹងឆ្លើយតបតែកាលណាមានការប៉ុនប៉ងឈ្លានពាន
សួរថា ទៅមុខយើងត្រូវធ្វើអ្វី? តើហេតុអ្វីបានជាយើងត្រូវប្តឹងរឿងនេះទៅ ICJ? ប្តឹងទៅ ICJ ទាល់តែភាគីទាំងពីរដោះស្រាយមិនចេញ។ អ្នកខ្លះថា ហេតុអ្វីបានជាប្តឹងតែ ៤ចំណុចហ្នឹង មិនដាក់ព្រំដែនទាំងមូល? ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ខ្ញុំសូមបញ្ជាក់បន្តិច។ ទី១ អភិក្រម/គោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺ ទី១ ប្រើយន្តការបច្ចេកទេសដោះស្រាយបញ្ហាទ្វេភាគី ដោយគណៈកម្មាធិការព្រំដែនចំរុះ JBC ដែលមានស្រាប់ និងទី២ ប្រើប្រាស់យន្តការច្បាប់គាំទ្រការដោះស្រាយបញ្ហាបច្ចេកទេស រួមទាំងច្បាប់អន្តរជាតិខ្លះ ដែលអាចគាំទ្រទៅដល់យន្តការបច្ចេកទេសទ្វេភាគី។ ប៉ុន្តែ នៅកន្លែងណាដែលយន្តការទ្វេភាគីមិនអាចដោះបាន ដូចជារឿងនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី យើងត្រូវប្រើប្រាស់យន្តការអ្នកទី៣ គឺយន្តការអន្តរជាតិ ដូចជា ICJ នេះដើម្បីដោះស្រាយ។
បើយើងទុកវាឲ្យនៅរ៉ាំរៃ ហើយបើសិនជាក្នុងពេលនេះ យន្តការនេះកំពុងតែបន្ទាន់ ឬដំណើរការដោះស្រាយមិនទាន់ចប់ ស្រាប់តែមានការប៉ុនប៉ងឈ្លានពានដោយកងកម្លាំងប្រដាប់អាវុធមកលើកម្ពុជា រាជរដ្ឋាភិបាល និងកងទ័ពរបស់យើង នឹងត្រៀមខ្លួនជាស្រេចការពារបូរណភាពទឹកដី។ នេះគឺជាអភិក្រម៣ ដែលយើងធ្វើ ដែលយើងបាននិងបន្តអនុវត្ត។ បច្ចេកទេស ច្បាប់អន្តរជាតិ និងយោធា តែយោធាគឺយើងមិនធ្វើមុនទេ។ យើងឆ្លើយតប បើសិនជាមានការប៉ុនប៉ងឈ្លានពាន។ កម្ពុជាតែងតែប្រើប្រាស់គោលការណ៍ មិនគាំទ្រការប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានអ្នកណា។ ដោយហេតុនេះហើយ កម្ពុជាបានបោះឆ្នោតគាំទ្រ UN ពីដើមទី ប្រឆាំងនឹងរុស្ស៊ីប្រើប្រាស់កម្លាំងចូលអ៊ុយក្រែន។ ប្រទេសជាច្រើនភ្ញាក់នឹងការប្រកាន់ជំហរនោះ។ ហេតុអ្វីបានជាកម្ពុជា កម្ពុជាបោះឆ្នោតអញ្ចឹង ក្នុងពេលដែលរុស្ស៊ីជាមិត្តចាស់។ នៅពេលដែលចិន និងវៀតណាមបោះផ្សេង។ កម្ពុជាមានហេតុផលរបស់ខ្លួន។ កម្ពុជាធ្លាប់ស្គាល់រសជាតិការឈ្លានពានហើយ នៅឆ្នាំ២០០៨-២០១១ …។
(២២) លើព្រំប្រទល់ជាង ៨០០គីឡូម៉ែត្រ គណៈកម្មាធិការព្រំដែនចម្រុះទាំងពីរ តាំងពីឆ្នាំ២០០០ បានឯកភាពគ្នាលើបង្គោល៤៣ ក្នុង ៧៣ឬ ៧៤បង្គោល
បើសិនជាមានការឈ្លានពានបែបនេះទៀត (ទោះបី)យើងមិនត្រូវការបែបនេះក្តី យើងក៏នៅតែត្រៀមខ្លួនការពារអធិបតេយ្យភាពជាតិរបស់យើង។ កម្លាំងរបស់យើងដាក់នៅនោះ មិនមែនដាក់តាំងទេ។ យើងមិនឈ្លានពានអ្នកណាទេ។ មូលហេតុអ្វីបានជាយើងមិនយក ៨០០គីឡូម៉ែត្រដាក់ទៅ ICJ? ដូចខ្ញុំនិយាយអញ្ចឹង មុននឹងទទួលយកពិនិត្យ ទាល់តែ ICJ មើលថារឿងហ្នឹងភាគីទាំងសងខាង ឬមួយប៉ុន្មានពាក់ព័ន្ធហ្នឹង ដោះស្រាយអស់លទ្ធភាពហើយ។ វាមិនទៅមុខ។ ចំពោះផែនទីរបស់យើង ព្រំប្រទល់ ៨០០គីឡូម៉ែត្រជាងជាមួយនឹងថៃ គណៈកម្មាធិការព្រំដែនចម្រុះទាំងពីរ កន្លងទៅបានធ្វើការងារជាច្រើន តាំងពីឆ្នាំ២០០០ មក ហើយក៏មានការឯកភាពគ្នាលើបង្គោល ៤៣ រួចហើយ។ នៅចន្លោះបង្គោល៤៣ នេះ យើងអាចឯកភាពគ្នាតាមព្រំដែនមួយចំនួនដើរតាមផ្លូវទឹក ឬមួយក៏ខ្សែត្រង់ ដែលមិនមានវិវាទជាមួយគ្នា។
ក្នុងប្រវែង ៨០០គីឡូម៉ែត្រនេះ មាន ៧៤បង្គោល។ លេខ៧៣ ប៉ុន្តែមាន៧៤ បង្គោល ដោយសារ(បង្គោល) ២២ មាន A និងB។ យើងហៅសាមញ្ញៗថា ៧៣បង្គោល។ យើងរកឃើញ ឯកភាពគ្នា ៤៣បង្គោលហើយ។ បើយើងបកក្រោយ យកមួយកញ្ចប់យកទៅដាក់ បានន័យថាយើងផ្អាកធ្វើការងារផ្សេងទៀត។ អញ្ចឹងខ្មែរនៅតែមានភាពស្រពេចស្រពិល(អំពីខ្សែព្រំដែន)ទាំង ៨០០គីឡូម៉ែត្រ។ អញ្ចឹងដោះណាមុនដោះណាក្រោយ។ ដោះមួយចំណុចៗ ប្រើពេលរាប់ឆ្នាំ។ គ្រាន់តែសិង្ហបុរី និងម៉ាឡេស៊ី រឿងដែនទឹកមួយនោះ ឯកភាពគ្នាយកជម្លោះកន្លែងមួយទៅ ទម្រាំតែចេញ ១៥ឆ្នាំ។ ហ្នឹងឯកភាពគ្នាទៅផង។ គេប្តឹងតាំងពីជាង ២០ឆ្នាំ តាំងពីចាប់ផ្តើមប្តឹង ទម្រាំតែយើងយកផែនទីទាំងមូល បានន័យថាកាលណាចប់ទេ។
(២៣) មិនទាន់បានជជែកគ្នាអំពីព្រំដែនទឹកជាមួយថៃទេ
អញ្ចឹងយកល្អ យើងដោះស្រាយតាមយន្តការទ្វេភាគី នៅកន្លែងណាដែលយើងអាចដោះស្រាយទ្វេភាគីបាន។ បន្តធ្វើទៅដោយការទទួលខុសត្រូវរៀងៗខ្លួន។ យន្តការដែលបានឯកភាពគ្នាហើយ JBC ធ្វើទៀតទៅ អត់មានវិវាទ។ បោះទៅ។ សល់កន្លែងដែលមិនឯកភាពគ្នា យើងខិតខំចរចា។ បើដោះមិនចេញ យើងទៅប្តឹងយន្តការទី៣។ នេះខ្ញុំមិនទាន់និយាយដល់ព្រំដែនទឹកទេ ព្រោះយើងមិនទាន់បានជជែកគ្នា។ យើងជជែកតែរឿងព្រំដែនគោកទេ។ ព្រំដែនទឹកជាមួយថៃ មិនទាន់បានជជែកគ្នានោះទេ។ វាមានរឿង OCA រឿងបច្ចេកទេស រឿងសេដ្ឋកិច្ច តែព្រំដែនទឹកមិនទាន់បានជជែកគ្នា។ អញ្ចឹង ការប្តឹងផ្តល់ឬស្អី យើងមិនទាន់បានជជែកគ្នា … កន្លែងដែលជជែកគ្នាហើយ តែមិនត្រូវគ្នា វាក៏មានដែរ មិនមែនឲ្យតែជជែកមិនត្រូវគ្នាភ្លាម ក៏ទៅ(រកយន្តការទី៣)ទេ។ ទាល់តែជជែកអស់លទ្ធភាព បានយកទៅតុលាការគេពិនិត្យមើល។ នេះក៏មិនមែនជាជម្រើសចុងក្រោយ ឬមួយបញ្ចប់ទេ។ យើងធ្លាប់ប្តឹងរឿងប្រាសាទព្រះវិហាររួចហើយ។ ឥឡូវយើងយក៤ នេះមកដោះសិន។ ថ្ងៃក្រោយ បើដោះមិនចេញទៀត កន្លែងណាផ្ទុះអាវុធទៀត យើងដាក់កន្លែងនោះមួយទៀត។ រឿងតែប៉ុណ្ណឹង។ ឥឡូវធ្វើ៤ នេះសិន។ អ្នកខ្លះគិតថាដូចបកចេកអញ្ចឹង។ ដាក់ម្តង ដាក់ឲ្យអស់ទៅ ព្រំដែន ៨០០គីឡូម៉ែត្រហ្នឹង។ ខ្ញុំថាដាក់កាន់តែច្រើន ឱកាសដែលតុលាការនឹងបោះចោលកាន់តែច្រើន … ដោះខ្លួនឯងសិន។ កន្លែងណាដោះចេញ ដោះទៅ កន្លែងណាដោះមិនចេញ ចាំយកមកឲ្យខ្ញុំ។ បើដោះមិនចេញ ប្រាប់ផង តើវាមានហានិភ័យអីខ្លាំង បានឲ្យខ្ញុំដោះ។
(២៤) ការប្រកាន់គោលជំហររកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ គឺចង់ដោះស្រាយតាមវិធីសន្តិភាព និងប្រើច្បាប់អន្តរជាតិ ជាជាងប្រើកម្លាំងបាយ
ហេតុអ្វីបានជាយើងចាំបាច់នាំរឿង ៤ចំណុចនេះទៅតុលាការ? ឥឡូវ ភាគីថៃនៅតែទាមទាររុញមកយន្តការទ្វេភាគីវិញ ហើយគេបានប្រកាសមិនទទួលស្គាល់នូវយុត្តាធិការរបស់ ICJ។ យ៉ាងណាក្តី ទោះជាទទួលឬមិនទទួលស្គាល់ កម្ពុជានៅតែបន្តនិតីវិធីប្តឹងនៅទីនោះ និងខិតខំដើម្បីឲ្យរកដំណោះស្រាយនេះបាន ដើម្បីបញ្ចប់ (ការមិនចុះសំរុង)។ បើមិនអញ្ចឹងទេ វានាំឲ្យបន្តមានឱកាសរ៉ាំរៃរហូតដល់ពេលណាទៀត។ រឿង ៤ចំណុចនេះ ជាពិសេសរឿងតាមាន់ធំ តើដោះទៅមុខតាមទ្វេភាគីរួចទេ? ហេតុអ្វីបានជាកម្ពុជាសម្រេច(ទៅតុលាការ)? មកពីជប៉ុនវិញ ខ្ញុំបានឡើងទៅជួរមុខមើលស្ថានភាព។ ចុះមកវិញ ខ្ញុំបានពិភាក្សាជាមួយសម្តេចតេជោ ឯកឧត្តម ឡាំ ជា ជាមួយខាងជំនាញព្រំដែន ហើយយើងក៏សម្រេចចិត្តរុញ(ការស្នើសុំអន្តរាគមន៍ពីតុលាការ)ទៅ ដោយសារអ្វី? យើងវាយតម្លៃថា បញ្ហានេះជាប់គាំងនៅទ្វេភាគីហើយ។ ដោយសារអ្វី?
ទី១ ទោះបីជាមាន MOU ថៃនិងកម្ពុជា ឆ្នាំ២០០០ ដែលថានឹងប្រើប្រាស់ផែនទីបន្សល់ទុកពីបារាំង ក្រុមភូមិសាស្ត្រឥណ្ឌូចិន ១៩០៤-១៩០៧ អត់មានអ្នកណាប្រើទេ គឺ(ថៃ)នៅតែប្រើផែនទីឯកតោភាគី ១/៥០០០ ជាសំអាងក្នុងការទាមទារ។ ហ្នឹងរឿងបច្ចេកទេស។ អ្វីដែលសំខាន់នោះ គឺមានការទាមទារនិងការប្រកាសជាផ្លូវការរបស់អ្នកនយោបាយ រួមទាំងកងទ័ពថៃ ថាប្រាសាទតាមាន់ធំជារបស់គេ ដោយគ្មានការចរចា។ ពេលគឺថានៅក្នុងទឹកដីថៃរួចទៅហើយ។ អញ្ចឹង វាស្មើនឹងស្អី? ចង់ចរចាទ្វេភាគីម៉េចបាន បើមេដឹកនាំយោធារបស់ប្រទេសមួយនោះ ប្រកាសក្តែងៗថា ជារបស់គេទៅហើយ។ ចរចាទ្វេភាគីទៅវាមិនរួច បូកជាមួយចលនាជាតិជ្រុលនិយមមួយចំនួនរបស់បក្សប្រឆាំងថៃ នាំគ្នាឡើងមកមើលកន្លែងហ្នឹង។ អញ្ចឹងបានន័យថាម៉េច? វាស្មើនឹងទាមទារយកជាឯកតោភាគីផ្តាច់បាត់ទៅហើយ។
បើឲ្យដោះស្រាយតាមផ្លូវនយោបាយ សួរថាតើរដ្ឋាភិបាលថៃមួយណា ហ៊ានដោះស្រាយតាមផ្លូវនយោបាយ ហ៊ានទទួលស្គាល់ការពិត? យើងឯកភាពគ្នាប្រើផែនទីបារាំង-សៀម ដែលចេញពីសន្ធិសញ្ញាបារាំងសៀម ១៩០៧ បានបន្សល់ទុក និងដែលឯកភាពគ្នាប្រើហើយ។ តែគេចាក់សោរហើយ។ អញ្ចឹងកម្ពុជាសល់ជំរើសអី? ចរចាបច្ចេកទេសទៅលែងរួចហើយ ព្រោះនយោបាយកំណត់។ ចូលទៅមើលកាសែតថៃឡើងវិញទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់នយោបាយរបស់ថៃបានប្រកាសក្តែងៗប៉ុន្មានខែមុនថា ភូមិសាស្ត្រហ្នឹងនៅខេត្តសូរិន្ទ។ អញ្ចឹងវាដល់ពេលដែលវាចប់ទៅហើយ។
អ្វីដែលសំខាន់ មុននឹងព្រឹត្តិការណ៍ថ្ងៃ ២៨ ឧសភា យើងនៅមានច្រកចេញ។ ប៉ុន្តែក្រោយពីថ្ងៃ ២៨ ឧសភា ពេលដែលទ័ពរាប់ពាន់នាក់នៅសងខាង កាំភ្លើង រថក្រោះទាំងសងខាង រុញទៅទល់គ្នាហើយ បើមិនរកវិធីសាស្រ្តក្នុងការពន្លត់ទេ គឺវានឹងអាចផ្ទុះសង្គ្រាម។ អញ្ចឹង ចាំបាច់ត្រូវបញ្ជូនសារនេះទៅអន្តរជាតិ ដើម្បីបង្កកបញ្ហានៅលើដី។ រឿងតែប៉ុណ្ណឹង។ ខ្ញុំសង្ឃឹមថា អន្តរជាតិនឹងមើលឃើញគោលជំហរកម្ពុជា។ ព្រឹកមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោះហៅទូត ២៧នៅកម្ពុជា និងចែកព័ត៌មានទៅបណ្តាទូតនៅក្រៅប្រទេសដើម្បីនិយាយអំពីជំហរថា ហេតុអ្វីបានជាកម្ពុជាទៅ ICJ។
យើងគិតថា ជំរើសទ្វេភាគីមិនអាចទៅរួចទេ ហើយបើទុកអោយរ៉ាំរ៉ៃ អាចប៉ះគ្នាក្នុងពេលនេះ ឬពេលទៅមុខទៀត បើយើងមិនរកដំណោះស្រាយ។ នៅកន្លែងទាំង៤ នេះ មុំ៣ ទើបនឹងវាយគ្នាហើយ។ តាមាន់ តាក្របីនេះ វាយគ្នា២០១១ ហើយជិតផ្ទុះទៀតហើយ។ ទ័ពត្រៀមប្រយុទ្ធរៀងៗ ខ្លួនហើយ។ នេះជាហេតុផលនៃការសម្រេចចិត្តរបស់យើង។ ដោយសារកត្តានេះក្តៅដល់កម្រិតមួយដែលវាអត់ច្រកចេញ។ បណ្តាប្រទេសនៅលើពិភពលោកដែលស្រលាញ់សន្តិភាព (អាចយល់បានថាដែល)កម្ពុជាប្រកាន់គោលជំហរឲ្យតុលាការយុត្តិធម៌អន្តរជាតិនេះដោះស្រាយដោយសារអ្វី? ដោយសារយើងចង់ដោះស្រាយដោយសន្តិភាព និងប្រើច្បាប់អន្តរជាតិជាជាងប្រើកម្លាំងបាយ។
(២៥) កម្ពុជានឹងទទួលយកសាលក្រមរបស់តុលាការ ហើយសង្ឃឹមថាភាគីថៃក៏ដូចគ្នា
មេភូមិភាគ២ ថៃ បានស្រែកថា “ហ្នឹងជាដីរបស់គេ។ បើមិនចេញ ទាល់តែវាយគ្នាយក”។ ជំហរបែបនេះ កម្ពុជាមិនមែនជាអ្នកគំរាមទេ។ ម្សិលមិញហ្នឹង ខាងគេថា កម្ពុជាគំរាម។ រដ្ឋាភិបាលកម្ពុជាគំរាមគ្រប់បែបយ៉ាង។ តាមពិតអត់សោះ។ យើងពិបាកដែរ។ ពេលខ្លះគេគំរាម គេរករឿង គេឌឺគ្រប់បែបយ៉ាង ដល់យើងតគេថាយើងឌឺគេ គំរាមគេ។ គេត្រូវរហូត … គេវាយយើងរហូត។ ពិតណាស់ កម្ពុជាមានអំណត់ ស្រលាញ់សន្តិភាព ព្រោះស្គាល់សង្រ្គាមច្រើនហើយ។ ប៉ុន្តែ យើងក៏មិនអាចនៅស្ងៀមឲ្យគេបន្តជាន់គ្រប់បែបយ៉ាង គ្រប់ពេលនោះទេ។ យើងត្រូវម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ។ ពិតណាស់ទំនាក់ទំនងមិត្ត យើងត្រូវបន្តធ្វើ។ ប៉ុន្តែ បើមិត្តមិនគោរពគ្នា យើងក៏មិនអាចឲ្យអ្នកឯងជាន់បានដែរ។ ប្រជាជាតិខ្មែរមួយ យើងមិនអាចឲ្យគេមើលងាយនោះទេ។ ជាពិសេស យើងអត់បានខុសសោះ។ ជំហរដែលយើងទៅតុលាការអន្តរជាតិនេះ មានពិបាកអីបងប្អូន។ បើត្រឹមត្រូវទាំងអស់គ្នា ទៅៗ។ មែនអត់? បើអ្នកត្រឹមត្រូវ ខ្លាចអីតុលាការ? កម្ពុជាអត់ខ្លាចទេ។ តុលាការកាត់សេចក្តីយ៉ាងម៉េច យើងនឹងទទួលយកសាលក្រម សាលដីការរបស់តុលាការ។ យើងអត់ខ្លាចទេ។ សង្ឃឹមថាភាគីថៃក៏ដូចគ្នា។ យើងថ្ងៃណាមួយ ជ្រើសរើសយកផ្លូវសុចរិត ផ្លូវត្រង់ រកអ្នកទី៣ ដែលអាចទុកចិត្ត ដូចជាយន្តការតុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ កុំឲ្យកូនខ្មែរនិងកូនថៃនៅរ៉ាំរ៉ៃជាមួយគ្នារឿងប្រាសាទ រឿងដែលយើងដោះមិនចេញនៅតាមាន់ធំ តាមាន់តូច តាក្របី នៅមុំបីនេះ។ ដោះបញ្ចប់វាតែម្តងទៅ កុំឲ្យនៅស្រពេចស្រពិលវាយគ្នាតទៅទៀត។
(២៦) ការប្តឹងទៅតុលាការអន្តរជាតិ ដោះស្រាយតាមសន្តិវិធីជាជម្រើសល្អបំផុត អាចថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយថៃ
អត់មានលាក់ទេ។ អត់ខ្លាចទេ។ ខ្ញុំសូមឲ្យប្រជាពលរដ្ឋខ្មែររបស់យើងគ្រប់និន្នាការទាំងអស់ អ្នកក្នុង អ្នកក្រៅ អ្នកគាំទ្ររដ្ឋាភិបាល អ្នកមិនគាំទ្ររដ្ឋាភិបាល ទុកប្រយោជន៍ជាតិជាធំ។ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដើម្បីធ្វើការងារនេះបន្ត។ ការងារខ្លះយើងមិនអាចបញ្ចេញព័ត៌មាន ដោយវាពាក់ព័ន្ធទៅលក្ខន្តិកៈ ពាក់ព័ន្ធទៅនឹងកិច្ចការតុលាការ។ សូមកុំធ្វើយ៉ាងណាឲ្យបែកបាក់នូវអារម្មណ៍ជាតិ បង្កើតរឿងសូម្បីតែនីតិវិធីឯកសារតតាំងគ្នាក្នុងតុលាការនេះ។ វាមានដំណាក់កាលស៊ើបសួរ ស៊ើបអង្កេតអីមួយចំនួន។ គេមិនឲ្យបញ្ចេញជាសាធារណៈទេ។ នៅក្រៅដូចគ្នា។ អញ្ចឹងសូមកុំទាមទារ។ ខ្ញុំសូមបញ្ចាក់ កន្លែងដែលយើងអាចបង្ហាញបានទៅសាធារណៈ យើងមិនខ្លាចទេ តែកន្លែងខ្លះយើងត្រូវគោរពនីតិវិធីតុលាការ។ សូមឲ្យជឿតែមួយថា យើងមិនមែនលេងសៀកទេ។
ឃើញអ្នកខ្លះបង្ហោះតាមហ្វេសប៊ុកថា យើងប្រឈមមុខជាមួយនឹងថៃ រឿងព្រំដែន យើងបិទច្រកព្រំដែនសុទ្ធតែជាការលេងសៀករវាងរដ្ឋាភិបាលកម្ពុជា និងថៃ។ បងប្អូនអើយ! គិតថាយើងបិទរបងស្អីៗហ្នឹង សុទ្ធតែថាយើងលេងល្ខោនដើម្បីចំណេញនយោបាយ។ ខ្ញុំមើលទៅវាហួសចិត្តតែម្តង។ សូមថាផ្អាក។ ឈប់បង្កើតក្តីស្រមៃរបៀបបែបនេះ។ ពេលខ្លះខ្ញុំអង្គុយសើច។ អាយុ ៨០ឆ្នាំ មិនព្រមចូលនិវត្តន៍ទេ។ ជិះយន្តហោះទៅរៃអង្គាសលុយ កាន់មេក្រូតាមវត្ត ហើយជេររហូត។ កូនចៅគាត់ប៉ុន្មានអ្នកគឺពូកែខាងឌឺរហូត។ ឥឡូវឌឺខ្ញុំឌឺចុះ ប៉ុន្តែសូមធ្វើអ្វីកុំឌឺឲ្យប៉ះពាល់ទឹកចិត្តកងទ័ព។ កុំឌឺពាក់ព័ន្ធទៅនឹងភាពឈ្នះរបស់យើងនៅតុលាការ តែប៉ុណ្ណឹង។ ជឿទុកចិត្តទៅ ម៉ោងថ្មើរនេះមិនត្រូវធ្វើអោយមានរឿងបែកបាក់ទេ។ ខ្ញុំមិនចង់តបទៅគ្នាឯងទេ។ យល់សារខ្ញុំប៉ុណ្ណឹងហើយ។ អ្វីដែលខ្ញុំនិយាយនេះ គឺនឹងប្រឈមមុខជាមួយអ្នកជិតខាងរបស់យើង ដែលកំពុងតែទាមទាររឿងបញ្ហាព្រំដែនជាមួយគ្នា។
កម្ពុជាប្រកាន់ជាប់ជានិច្ចគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃនិងប្រទេសជិតខាង។ អញ្ចឹង ក្នុងន័យនេះ ការប្តឹងទៅតុលាការអន្តរជាតិ ដោះស្រាយតាមសន្តិវិធីនេះ ជាជម្រើសល្អបំផុត ដែលយើងអាចថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ មិនមែនជាការបំផ្លាញនោះទេ។ ផ្ទុយទៅវិញបើយើងដោះតាមផ្លូវផ្សេង ដូចជាកងកម្លាំងប្រដាប់អាវុធ ហ្នឹងហើយដែលងាយបែកបាក់នោះ។ អញ្ចឹង យើងរើសយកជំហរទៅតុលាការអន្តរជាតិ ជ្រើសយកសន្តិភាព និងច្បាប់អន្តរជាតិ ដោះស្រាយដើម្បីរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការ កុំឲ្យរឿងនៅកន្លែង៤ នេះ ប៉ះពាល់ទំនាក់ទំនងផ្សេងទៀត។ ម៉ាឡេស៊ី និងសិង្ហបុរីដូចគ្នា។ ដោះមិនចេញ គេបបួលគ្នានាំរឿងពាក់ព័ន្ធប្រទេសទាំង២ ទៅតុលាការ។ តុលាការកាត់ម៉េច គេយកអញ្ចឹង។ ប្រទេសផ្សេងទៀត ច្រើនណាស់ ម៉ាឡេស៊ី ជាមួយឥណ្ឌូនេស៊ី គេធ្វើរបៀបហ្នឹង។ អញ្ចឹង យើងដល់ពេលល្មមធ្វើហើយ។
(២៧) បើកច្រកព្រំដែនឱ្យទៅស្ថានភាពដូចមុនថ្ងៃ ៧មិថុនា ជាបុរលក្ខខណ្ឌចរចារឿងកងទ័ពបន្ថែមទៀត
ទី២ យើងបន្តទំនាក់ទំនងបែបនេះ។ សួរថា ទៅមុខទៀតបញ្ហាព្រំដែនយ៉ាងណា។ បញ្ហានេះ វារាលមកដល់ព្រំដែន។ រឿងបិទព្រំដែន។ រឿងនេះខ្ញុំបានបញ្ជាក់ហើយ។ កាលពីថ្ងៃទី១៤ ខែមិថុនា ក្នុងកិច្ចប្រជុំ JBC ភាគីថៃ សុំឲ្យយើងដាក់បញ្ហាបិទព្រំដែនចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំ។ ខ្ញុំបានប្រាប់ទៅឯកឧត្តម ឡាំ ជា ហើយឯកឧត្តម ឡាំ ជា ក៏បានឯកភាពថា រឿងហ្នឹងមិនមែនជាកិច្ចការរបស់ JBC ។ JBC ទទួលខុសត្រូវតែរឿងបច្ចេកទេសព្រំដែនទេ។ រឿងបិទផ្លូវ បិទព្រំដែនអី មិនមែនរឿងរបស់គាត់ទេ។ ប៉ុន្តែមួយទៀត វាសាមញ្ញបំផុត ពេលដែលទ័ពថៃបិទព្រំដែនជាឯកតោភាគី ដោយមិនបានប្រាប់យើង … អញ្ចឹងវាក៏ស្រួលណាស់ថា បើបិទជាឯកតោភាគី ក៏សូមបើកវិញជាឯកតោភាគីទៅ។ វាចប់ហើយ។ កម្ពុជាចាំតែទទួលទេ។ កម្ពុជាគ្មានបំណងធ្វើឲ្យប៉ះពាល់ដល់បងប្អូនដែលរស់នៅតាមបណ្តោយព្រំដែនទេ។ គ្មានបំណងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គមនោះទេ។ ប៉ុន្តែ សុខៗ គេបិទ។ ឥឡូវធ្វើម៉េច? បើគេខោកយើងមួយក្រញ៉ហើយៗ មកបបួល(ចរចា?) មិនបានទេ។ កម្ពុជាក៏មិនចង់រករឿងដែរ។ យើងធ្វើសម្បទានដល់ប៉ុណ្ណេះ។ យើងសម្បទានថា រឿងនេះយើងអត់ចរចាទេ ប៉ុន្តែបើសិនជាថៃបើកវិញដោយឯកតោភាគី យើងនឹងបើកឡើងវិញដែរ។ ៥ ម៉ោងក្រោយក៏ដោយ ដើម្បីឲ្យលំហូរនៃទំនិញបានដូចដើម។ យើងសម្បទានដល់ប៉ុណ្ណេះ ព្រោះកម្ពុជាមានសិទ្ធិបើកឬមិនបើក។ ប៉ុន្តែដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ប៉ុន្តែបើហៅគ្នាមកដើម្បីអង្គុយចរចាបើក អត់ទេ។ ថៃបិទមុន បើកមុនទៅ។ ចប់ហើយ។ ហ្នឹងរឿងតែប៉ុណ្ណឹងតើ។
ខ្ញុំបានបញ្ជូនសារនេះ។ ខ្ញុំបាននិយាយតាមទូរស័ព្ទជាមួយជំទាវ Paetongtarn យប់ថ្ងៃ ១៥ មិថុនា យប់ម្សិលម្ង៉ៃ ប្រាប់ថាកិច្ចចរចាផ្សេងៗ ទាហាននិងទាហាន ដើម្បីកែសម្រួលកងទ័ពទាំងសងខាងកុំឱ្យប្រឈម។ ប៉ុន្តែការធ្វើនីមួយៗ ត្រូវផ្អែកទៅលើទំនុកទុកចិត្តជាបុរេលក្ខខណ្ឌ។ ទំនុកទុកចិត្ត សូមបង្កើតមុនមក គឺតាមរយៈការបើកច្រកព្រំដែនឱ្យទៅស្ថានភាពដូចមុនថ្ងៃ ៧មិថុនា ដែលថៃដាក់ដោយឯកតោភាគីឡើងវិញ។ បើធ្វើការហ្នឹងឱ្យស្មើឡើងវិញបាន បានជាបុរលក្ខខណ្ឌគិតពីរឿងចរចា រឿងកងទ័ពបន្ថែមទៀតបាន។ កម្ពុជាអត់ស្រឡាញ់សង្គ្រាមទេ។ នេះច្បាស់ប៉ុណ្ណឹង។ អញ្ចឹង បើសិនជាភាគីថៃមានសុច្ឆន្ទៈពិតប្រាកដក្នុងការកែសម្រួលកងទ័ពទាំងសងខាង ត្រូវបង្ហាញសុច្ឆន្ទៈមុនសិន បង្ហាញបុរេលក្ខខណ្ឌ គឺព្រំដែនត្រូវបើកទាំងសងខាងទៅលក្ខខណ្ឌដូចដើមវិញ ចាំនិយាយពីរឿងកងទ័ព។ នេះគឺជាគោលការណ៍ជាក់ស្តែង ដើម្បីឱ្យព្រំដែនបើកធម្មតាមិនបាច់ចរចាគ្នាទេ។
សូមឱ្យតែកងទ័ពថៃបើកទៅ ព្រោះបិទៗ តែខ្លួនឯង បើកតែខ្លួនឯងទៅ។ កម្ពុជានឹងឆ្លើយតបទៅវិញ។ សូមតែប៉ុណ្ណឹង។ ឥឡូវបងប្អូនគិតមើលបើមានឆន្ទៈពិតប្រាកដរឿងអីពិបាកក្នុងការគ្រាន់តែបើកច្រក មែនទេ? កម្ពុជារង់ចាំតែឆ្លើយតបទៅតាមហ្នឹង។ លក្ខខណ្ឌនេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែលនៅទីនេះ … ខ្ញុំបញ្ជាក់ថ្ងៃនេះដើម្បីបញ្ជូនសារ ហើយខាងកាសែត ខាងអីចាប់យកទៅ … ខ្ញុំបញ្ជាក់ជំហររួចហើយ។ យើងស្រឡាញ់សន្តិភាព យើងស្រឡាញ់កិច្ចសហប្រតិបត្តិការ យើងចង់ឱ្យអ្វីៗត្រឡប់ទៅដូចដើមវិញ។ រឿងព្រំដែនឆ្លងទៅ សារេកងទ័ពក៏សារេទៅ ប៉ុន្តែវាមានលំដាប់លំដោយរបស់វា។ រឿងដក ៤ចំណុចពី ICJ អត់ដកទេ។ វាទ័លច្រករួចទៅហើយ។ ប៉ុន្មានខែមកនេះវាបង្កើតនូវគំនាបនយោបាយ គំនាបស្អីទៅលែងរួចហើយ រហូតទៅដល់ទាហាន(ឡើងទល់មុខគ្នា)។ ងាយស្រួលទេ បាល់នៅក្នុងដៃរបស់ភាគីថៃហើយ … គន្លឹះដើម្បីឈានទៅដល់ការចរចា កែសម្រួលស្ថានភាពដើម គឺនៅតែរឿងច្រកព្រំដែន ដែលបិទដោយឯកតោភាគីថ្ងៃ ៧(មិថុនា)។
(២៨) សូមប្រជាពលរដ្ឋថៃដែលប៉ះពាល់ពីការដឹកជញ្ជូនបន្លែផ្លែឈើមក/ឆ្លងកាត់កម្ពុជា ប្រាប់កងទ័ពថៃឱ្យបើកច្រកដូចស្ថានភាពមុនថ្ងៃ ៧មិថុនា ជាការស្រេច
សូមឱ្យប្រជាពលរដ្ឋថៃ អ្នកដែលប៉ះពាល់រឿងការដឹកជញ្ជូនផលិតផល ផ្លែឈើ បន្លែ អីមកកម្ពុជា ឆ្លងកាត់កម្ពុជា បើសិនជាមានការលំបាកសូមប្រាប់ទៅកងទ័ពថៃឱ្យបើកច្រកទៅ ចប់ហើយ។ សាមញ្ញបំផុត។ កសិករថៃដែលត្រូវនាំចូលមកកម្ពុជា នាំចូលទៅណាផ្សេងទៀតតាមកម្ពុជា ងាយស្រួល សាមញ្ញ។ យើងចង់ឱ្យព្រំដែនឆ្លងទៅតាមធម្មតាទេ ត្រឡប់ទៅស្ថានភាពមុនថ្ងៃ ៧(មិថុនា) វិញ។ អញ្ចឹង សូមឱ្យខាងកងទ័ពថៃដែលជាអ្នកផ្តួចផ្តើមមុន ធ្វើការមុនទៅ គឺចប់ហើយ អត់មានចរចាអីទេ។ សាមញ្ញបំផុត ឯកតោភាគីបិទ ឯកតោភាគីបើកគឺចប់រឿង បញ្ហាដោះស្រាយ(បាន)។ អញ្ចឹង តើឯកតោភាគី ចាប់ផ្តើមមុននោះមានឆន្ទៈពិតប្រាកដ ឬអត់? សូមឱ្យប្រជាពលរដ្ឋទាំងខ្មែរទាំងថៃរបស់យើងសួរទៅ។ លក្ខខណ្ឌកម្ពុជាបញ្ជាក់ច្បាស់ហើយពេលនេះ។ ដើម្បីទៅស្ថានភាពដើមស្រួលវិញ វាចាប់ផ្តើមពីការបើកច្រកព្រំដែនដោយឯកតោភាគី ដែលភាគីថៃដាក់មុននោះ។ បើកវិញទៅ។ កម្ពុជានឹងបើកឡើងវិញយ៉ាងយូរ ៥ម៉ោង ក្រោយហ្នឹង។ បើអាហ្នឹងបើកហើយទាំងសងខាង ប្រជាពលរដ្ឋទៅវិញទៅមកធម្មតាហើយ កងទ័ពអាចជជែកគ្នា។ ព្រោះបើមិនដូច្នោះ មិនមានលក្ខខណ្ឌអីបញ្ជាក់ពីសុច្ឆន្ទៈផង។
(២៩) ត្រៀមទទួលនិងរកការងារជូនពលករ ទទួលនិងបន្តអោយនិស្សិតសិក្សាដោយអាហារូបករណ៍ និងព្យាបាលអ្នកជំងឺដែលវិលមកប្រទេសវិញ
សូមបញ្ជាក់ ជាសារចុងក្រោយរបស់ខ្ញុំសម្រាប់ប្រជាពលរដ្ឋពលកររបស់យើងនៅថៃ។ ក្នុងករណីដែលបងប្អូនមានការចាប់អារម្មណ៍ចង់ត្រឡប់មកវិញ ខ្ញុំល្ងាចមិញ បានបញ្ជាឱ្យទៅក្រសួងការបរទេស ទូតនៅបាងកក ស្ថានកុងស៊ុល ព្រោះបងប្អូនខ្លះអត់មានឯកសារ អត់មានអី អ្នកខ្លះទៅយូរហើយ ឱ្យធ្វើលិខិតជូនពួកគាត់កុំបាច់តឹងពេក។ មកដល់ច្រកព្រំដែន សា្ថប័នរបស់យើងឱ្យតែជនជាតិខ្មែរចូលមក។ មកដល់ក្នុងរដ្ឋបាលខេត្តទាំង ៧នៅជាប់ព្រំដែន ត្រៀមជួយជាមួយក្រសួងសុខាភិបាល។ បើមកជាទ្រង់ទ្រាយធំ យើងនឹងមានត្រៀមរថយន្តសម្រាប់បងប្អូនមកដល់ស្រុកកំណើត។ ក្រសួងការងារដាក់កន្លែងភ្ជាប់ការងារនៅព្រំដែន ភ្នាក់ងារមុខរបរនៅទីនោះដើម្បីភ្ជាប់ការងារ។ ក្នុងករណីបងប្អូនដែលមកយើងត្រៀមលក្ខណៈជួយ។
នៅប្រទេសថៃ កន្លែងខ្លះចាប់ផ្តើមបំផុសការរើសអើង ការមើលងាយ មើលស្រាលប្រជាពលរដ្ឋយើងនៅទីនោះ។ ប្រជាជនខ្មែរជាប្រជាជនស្លូតត្រង់។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស សូមប្រកាន់ជំហរច្បាស់លាស់ ប្រកាន់ក្រមសីលធម៌ កុំធ្វើបាប ឬមួយក៏រើសអើងបងប្អូនថៃនៅកម្ពុជា។ កុំលេងល្បែងបែបនេះ។ គេធ្វើរឿងរបស់គេ មិនចាំបាច់យើងទៅដុត ឬមួយជេរ ឬមួយទៅចាប់ប្រជាជនថៃនៅកម្ពុជានោះទេ។ ថៃក៏មានអ្នកល្អ អ្នកអាក្រក់។ នៅថៃក៏មានទាក់ទងនឹងស្មារតីជាតិនិយម អ្នកខ្លះមើលងាយជនជាតិខ្មែរយើង ក៏មានអ្នកស្រឡាញ់យើងនៅនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ បងប្អូនរបស់យើង ពលករខ្មែរយើងនៅប្រទេសថៃ ក្នុងករណីដែលបងប្អូនចង់វិលត្រឡប់មក រាជរដ្ឋាភិបាលត្រៀមលក្ខណៈដើម្បីជួយបងប្អូន។ យើងរួមគ្នាកសាងប្រទេសបន្តទៅទៀត។
ប្រទេសយើងមិននៅត្រឹមហ្នឹងទេ។ ដរាបណាយើងថែរក្សាសុខសន្តិភាព សាមគ្គីឯកភាពជាតិ យើងនឹងកាន់តែរឹងមាំតទៅទៀត។ មិនមែនត្រឹមតែភ្លើង និង Internet នោះទេ ។ ការផលិតគ្រប់វិស័យ ទំនាក់ទំនង ការបណ្តុះបណ្តាល ការរៀនសូត្រអប់រំផ្សេងៗ។ នេះជាសារចុងក្រោយរបស់ខ្ញុំទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករក៏ដូចជាអ្នកកំពុងរស់នៅរៀនសូត្រ ធ្វើការងារ នៅទីនោះ។ អំពីការទៅព្យាបាល ខ្ញុំបានឱ្យឯកឧត្តម ឈាង រ៉ា ក្រសួងសុខាភិបាលត្រៀម។ បើទៅ(ថៃ) មិនទទួលបានការព្យាបាល ត្រឡប់មកវិញដឹកជញ្ជូនយកមក ដើម្បីយើងព្យាបាល។ រាជរដ្ឋាភិបាលត្រៀមលក្ខណៈព្យាបាលជូនដោយមិនគិតថ្លៃ ដើម្បីយើងជួយដល់បងប្អូនយើង។ និស្សិតរបស់យើង បើថាត្រូវមកវិញ មកយកអាហារូបករណ៍រៀន Free នៅកម្ពុជាអត់មានការលំបាកនោះទេ។ យើងអត់មានទៅដាច់ខ្យល់ស្លាប់ដោយសារមិនមានជម្រើសនោះទេ។
(៣០) កម្ពុជាបន្តគោលការណ៍សាមគ្គី មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លើមូលដ្ឋាននៃការគោរពគ្នា ស្មើភាពគ្នា គោរពអធិបតេយ្យភាពជាតិទៅវិញទៅមក ផ្អែកទៅលើច្បាប់
យើងធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាងទាំងអស់។ យើងធ្វើការលក់ដូរ ការទំនាក់ទំនងរៀនសូត្រ ផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយប្រទេសផ្សេងៗលើសកលលោក តែមិនមែនបានន័យថាយើងអត់មានលទ្ធភាពដើម្បីធ្វើខ្លួនឯងនោះទេ … ទោះជាយ៉ាងណាក៏ដោយ យើងនៅតែបន្តគោលការណ៍ ស្មារតី សាមគ្គី មិត្តភាព កិច្ចសហប្រតិបត្តិការទៅលើគ្រប់វិស័យ។ ប៉ុន្តែ ឈរនៅលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ស្មើភាពគ្នាគោរពអធិបតេយ្យភាពជាតិទៅវិញទៅមក។ នេះជាមូលដ្ឋាននៃទំនាក់ទំនងកម្ពុជាជាមួយមិត្តជិតខាង ជាមួយនឹងប្រទេសផ្សេងៗ។ ទំនាក់ទំនងការទូតល្អផ្អែកទៅលើច្បាប់ និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក នេះគឺជាបុរេលក្ខខណ្ឌនៃការធ្វើទំនាក់ទំនងគ្នាល្អទៅថ្ងៃអនាគត … ខ្ញុំគិតថា ថែម ២០នាទីនេះ អាចគ្រប់គ្រាន់សម្រាប់បងប្អូនយល់។
សូមយកពេលកាយរឹទ្ធិបន្តិចទៅចុះ។ ប៉ុន្តែ កាយរឹទ្ធិ ឬមិនកាយរឹទ្ធិ ក៏ជាជាតិខ្មែរដែរ។ បងប្អូនក៏ត្រូវមានសិទ្ធិដឹងអំពីគោលនយោបាយរបស់រដ្ឋាភិបាលដែរ។ អ្នកដែលស្តាប់តាម Live ពីនេះរាប់លាននាក់ ជាជនជាតិខ្មែរក៏ត្រូវការស្តាប់ ការបកស្រាយឱ្យបានក្បោះក្បាយគ្រប់ជ្រុងជ្រោយពីប្រមុខរដ្ឋាភិបាលដែរ ជាជាងឃើញអក្សរ ២ ឬ៣ បន្ទាត់លើហ្វេសប៊ុក។ អញ្ចឹង ជាកាតព្វកិច្ច ខ្ញុំសុខចិត្ត បែកញើស ចុកជើង ស្ពឹកជើងបន្តិចចុះ តែមានកាតព្វកិច្ចជូនព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើអីខ្លះ នឹងបន្តធ្វើអីទៀត ដើម្បីការពារបូរណភាពទឹកដី ឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់យើង។ អញ្ចឹងខ្ញុំសូមត្រឡប់មករឿងយើងវិញ។
[ចប់សេចក្តីអធិប្បាយ២]
ឈរលើស្មារតីនេះ ដើម្បីពង្រីកចលនាកាយរឹទិ្ធជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើន និង ស័ក្តិសមជាសមាជិកសកម្ម របស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ, ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. គណៈអភិបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីកសាងសមាជិកកាយរឹទិ្ធនៅមូលដ្ឋានរៀងៗខ្លួនបានរឹងមាំ ដែលជាបុគ្គលឆ្នើមសម្រាប់ជាឧត្តមប្រយោជន៍ចំពោះសង្គមជាតិ។
ទី២. កាយរឹទ្ធិជាតិកម្ពុជាត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួង-ស្ថាប័ន អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និងគ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិនានា, ទាំងថ្នាក់តំបន់ និង ពិភពលោក, ជាពិសេស សមាគមកាយឫទ្ធិនារីកម្ពុជា, សហភាពសភាកាយរឹទិ្ធពិភពលោក, សមាគមកាយរឹទិ្ធអាស៊ាន សម្រាប់សហប្រតិបតិ្តការក្នុងតំបន់ និង វិស័យ ឯកជន, សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា និង ធើ្វការផ្លាស់ប្តូរកម្មវិធីអប់រំកាយរឹទិ្ធកម្ម (Exchange program), ការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្ម, និង អភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និង ពិភពលោក ។
ទី៣. ក្រុមប្រឹក្សា និង គណៈកម្មាធិការប្រតិបត្តិកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិ ត្រូវបន្តរៀបចំ និង ជួយពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និង សកម្មភាពការងាររបស់កាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ឱ្យមានដំណើរការកាន់តែប្រសើរ, ជាពិសេស ត្រូវរៀបចំ «គោលនយោបាយ និង កម្មវិធីសម្រាប់កាយរឹទិ្ធរៀមច្បង» និង បង្កើតឱ្យបាននូវ «ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង» ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និង គ្រប់គ្រងកម្លាំងកាយរឹទិ្ធរបស់យើង ។
ទី៤. គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ឯកជន ដែលពុំទាន់បានរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធ ត្រូវសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង កាយរឹទិ្ធជាតិកម្ពុជា ដើម្បីរៀបចំការផ្សព្វផ្សាយអំពីការងារកាយរឹទិ្ធកម្មដល់ប្អូនៗនិសិ្សត សំដៅកសាងកម្លាំងកាយរឹទិ្ធរៀមច្បង នៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និង គុណ-ភាព ។
ទី៥. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្ម ដល់មេដឹកនាំកាយរឹទិ្ធ នៅតាមគ្រឹះស្ថានសិក្សា ឱ្យក្លាយទៅជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ដើម្បីរៀបចំកម្មវិធីអប់រំកាយរឹទិ្ធកម្ម នៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ។
ទី៦. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុស និង ផ្សព្វផ្សាយចលនាកាយរឹទិ្ធនៅគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរធនធាន (មូលនិធិកាយរឹទិ្ធ) ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំកាយរឹទិ្ធកម្ម និង សកម្មភាពរបស់កាយរឹទិ្ធជាតិកម្ពុជា ។
ទី៧. ការងារពង្រឹងសកម្មភាពកាយរឹទិ្ធនៅទូទាំងប្រទេសមិនអាចប្រព្រឹត្តទៅដោយគ្មានការចូលរួម និង កិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័នរដ្ឋ និង ឯកជនបានឡើយ ។ ក្នុងន័យនេះ, ខ្ញុំសូមឆ្លៀតយកឱកាស អំពាវនាវដល់ សប្បុរសជន, ទាំងវិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី, សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និង មធ្យោបាយនានា ដើម្បីជំរុញការងារអប់រំកាយរឹទិ្ធកម្មនេះ ឱ្យកាន់តែរស់រវើក និង មានប្រសិទ្ធភាព សម្រាប់រួមចំណែកដល់ការលើកកម្ពស់ការអប់រំផ្នែកសីលធម៌ ក្នុងគ្រប់ស្រទាប់យុវជនកម្ពុជា ។
យោងតាមស្មារតីនៃអង្គមហាសន្និបាតវិសាមញ្ញ ខ្ញុំពិតជាមានសេចក្តីត្រេកអរ ឥតឧបមា និង សូមយកឱកាសនេះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែង-អំណរគុណជាអនេកប្បការដល់អង្គមហាសន្និបាតវិសាមញ្ញ ដែលបានបោះឆ្នោតជាឯកច្ឆន្ទ សូមគោរពអញ្ជើញ សម្តេចទាំងទ្វេ ជា «ព្រឹទ្ធាចារ្យគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា» ព្រមទាំងខ្លួនខ្ញុំផ្ទាល់ និង ភរិយា ជា «គរុគណនៃកាយរឹទិ្ធជាតិកម្ពុជា» ។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំសូមគំាទ្រ និង វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃមហាសន្និបាតវិសាមញ្ញ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការដឹកនាំចលនាកាយរឹទិ្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍកុមារ និង យុវជន ឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ, ផ្លូវចិត្ត, ផ្លូវបញ្ញា និង ផ្លូវសង្គម ឱ្យក្លាយជាពលរដ្ឋល្អ និង មានការទទួលខុសត្រូវ ក្នុងសហគមន៍ជាតិ និង អន្តរជាតិ ។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលមហា-សន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា និង អនុសាសន៍ ដែលខ្ញុំបានលើកឡើងខាងលើ ដែលនឹងក្លាយជាមូលដ្ឋាន និងជាធាតុចូល សម្រាប់យកទៅពង្រឹងចលនាកាយរឹទិ្ធជាតិកម្ពុជា ឱ្យកាន់តែមានសក្តានុពលថែម ទៀត ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរដល់ ឯកឧត្តម លោកជំទាវ, លោក លោកស្រី និង ក្មួយៗកាយរឹទ្ធិ សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់សុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និងពរទំាង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
ខ្ញុំសូមប្រកាសទទួលស្គាល់ការធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង របស់កាយរឹទិ្ធជាតិកម្ពុជា តាមស្មារតីនៃអង្គមហាសន្និបាតវិសាមញ្ញ និង សូមប្រកាសបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» នាពេលនេះ។ សូមអរគុណ៕