សុន្ទរកថា និងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្ដាញសាកលវិទ្យាល័យ សាយប័រកម្ពុជា សមិទ្ធផលបណ្ដុះបណ្ដាល និងបច្ចេកវិទ្យាឌីជីថល

ឯកឧត្តម លោកជំទាវ សមាជិ​ក ព្រឹទ្ធសភា រដ្ឋសភា សមាជិកា រាជរដ្ឋាភិបាល គណៈអ​ធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំមន្រ្តីរាជការ​​ សាស្រ្តាចារ្យបុគ្គលិកសិក្សា នៃបណ្តាញសាកលវិទ្យាល័យ CYBER កម្ពុជា បងប្អូននិសិត្ស និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួម កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាប័រកម្ពុជានិង​សមិទ្ធផលនានា ក្នុងការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] (១) អ្វីដែលធ្លាប់តែឃើញផលិតនៅក្រៅប្រទេស ពេលនេះអាចធ្វើខ្លួនឯងបានច្រើនខាងផ្នែកបច្ចេកវិទ្យា ទោះមិនទាន់មានទ្រង់ទ្រាយពាណិជ្ជកម្ម សូមអភ័យទោសផង ដែលចាប់ផ្តើមរាងយឺតបន្តិចដោយសារតែរវល់តែជក់ចិត្តមើលនូវសមត្ថភាព និងសមិទ្ធផលដែលបណ្តាសាកលវិទ្យាល័យមួយចំនួនបានបង្ហាញនៅខាងក្រោម។​ ខ្ញុំសូមយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រសួងអប់រំក៏ដូចជាបណ្តាសាកលវិទ្យាល័យនីមួយៗ ព្រមទាំងនិស្សិតផ្ទាល់ដែលបានខិតខំ និងបង្ហាញនូវសមត្ថភាពរបស់ខ្លួនជាពិសេសផ្នែកវិទ្យាសាស្រ្តនេះ … និយាយរួមគឺអ្វីដែលយើងធ្លាប់តែឃើញផលិតនៅក្រៅប្រទេស ឥឡូវយើងធ្វើខ្លួនឯងបានច្រើន។ ទោះបីភាគច្រើន​​​មិនទាន់មានលទ្ធភាពទៅជាផ្នែកពាណិជ្ជកម្មធំក៏ដោយ ប៉ុន្តែយើងអាចធ្វើច្រើនខាងផ្នែកបច្ចេកវិទ្យានេះ។ [បញ្ចប់សេចក្តីអធិប្បាយ ១] ជាដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ដៃគូសហប្រតិបត្តិការ ដែលបានរួមជាមួយគ្នានៅក្នុងការបង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីនេះ។ ផ្អែកតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ…