សុន្ទរកថានិងសង្កថា សម្តេចធិបតី ហ៊ុន ម៉ាណែត បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល
ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គពិធី ជាទីមេត្រី! ១. ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសិស្សមន្ត្រី និង កម្មសិក្សាការី ដែលជាជ័យលាភីបានបញ្ចប់ការសិក្សា ដោយជោគជ័យនៅឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំសិក្សា ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ ហើយភាពជោគជ័យដ៏ធំនេះសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និង ការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពីសំណាក់ស្វាមី ឬ ភរិយា និង ក្រុមគ្រួសារ របស់សិស្សសិក្ខាកាមទាំងអស់។…