សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងឋានៈដល់ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញតួនាទី និងភារកិច្ច ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈការធ្វេីប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិកាន់តែច្រេីន
[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ ដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ ។ នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ។ ឈរលើស្មារតីនៃការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈដែលជាចំណុចស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាលបានផ្តល់តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀតការងារកែទម្រង់ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យអាទិភាពគន្លឹះផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលរួមមានអប់រំ និងសុខាភិបាល ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង…