សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ន នោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគតកាល ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ
[ពី ផេច សម្តេចធិបតី] នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅក្រុងសៀមរាប នៃខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ ក្នុងអត្ថន័យឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្ដានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់ទន្លេទៅនឹងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងមិនអាចកាត់ផ្ដាច់បានពីកិច្ចសហប្រតិបត្តិការ និងការពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្តនៅក្នុងតំបន់ ជាពិសេសប្រទេសតាមដងទន្លេមេគង្គទាំង ៥ នៃក្របខណ្ឌអនុតំបន់មេគង្គ ។ មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពពេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំ ក្នុងប្រវត្តិសាស្រ្ត ហើយកត្តាសុខសន្តិភាពនេះ បានជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឱ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសជាតិ ដែលធ្លាប់បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃបង្ហូរឈាម និងរបបប្រល័យពូជសាសន៍អស់រយៈពេលរាប់ទសវត្សរ៍ ។ លើសពីនេះ កត្តាសុខសន្តិភាព ក៏បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ការវិនិយោគ…