សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ សម្ពោធអគារតេជោសែននៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលគណៈអធិបតី និងអង្គពីធីសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសោមនស្សរីករាយ ដែលបានមកចូលរួម ក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤» របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មកពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន នាពេលនេះ។ ថ្ងៃនេះគឺយើងបានសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារដ៏ស្គឹមស្កៃនេះផងដែរ ដែលជានិមិត្តរូបនៃការដំណើរទៅមុខរបស់យើង។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ជាពិសេស នៅឆ្នាំ២០២៣ ដូចជា ការពង្រីកវិសាលភាពការងាររបស់ក្រសួង តាមរយៈការផ្លាស់ប្តូរឈ្មោះពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម…