សេចក្ដីអធិប្បាយនិងសុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីចែកសញ្ញាបត្រ និងសម្ពោធសាខាវាលស្បូវនៃមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល សាកលវិទ្យាល័យជាតិគ្រប់គ្រង

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ សវននិស្សិតជ័យលាភីគ្រប់ព្រះអង្គជាទីគោរពសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិកសិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតជ័យលាភីទាំងអស់ជាទីស្រលាញ់រាប់អាន។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមពិធីប្រគល់សញ្ញាបត្រដល់សវននិស្សិត ក៏ដូចជានិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សរុបជាង ៥ ០០០ អង្គ/នាក់។ នៅក្នុងនោះ មានស្រ្តីរហូតទៅដល់ ៦១,៥% ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំសិក្សា ២០២១-២០២២ និងឆ្នាំ ២០២២-២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ នាពេលនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ពុះពារការប្រឈមពីការងារ ជីវភាពរស់នៅ រួមទាំងការសិក្សាផង ដើម្បីបញ្ចប់ការសិក្សាដោយជោគជ័យ នេះក៏ជាកម្មវិធីទី១ ក្រោយពីរាជរដ្ឋាភិបាលបានបង្កើត ដែលនៅក្នុងតួនាទីថ្មីនេះ ខ្ញុំបានមកជួបនិស្សិតនៅក្នុងកម្មវិធីចែកសញ្ញាបត្រ។ ពីមុន ក៏បានចែកច្រើនដែរ តែពេលនេះ ជាលើកទី១ … កន្លងទៅក៏មានការស្នើសុំ ហើយក៏សូមការយោគយល់ពីបណ្ដាសាកលវិទ្យាល័យមួយចំនួន ដែលរយៈពេលមុននេះជាប់(កម្មវិធី)ច្រើនក្នុងកិច្ចការផ្សេងៗ។ ប៉ុន្តែ ការចែកសញ្ញាបត្រនេះក៏នៅបន្តនៅពេលខាងមុខទៀត ជាអាទិភាពធំនៅក្នុងការលើកទឹកចិត្តទៅដល់និស្សិតទាំងអស់…