ការដកស្រង់សេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «បិទសន្និបាតបូកសរុបការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច»

(១) ការងារអធិការកិច្ច គឺរៀបចំផ្ទះខ្លួនយើងអោយស្អាត មុននឹងបញ្ចប់ ខ្ញុំសូមធ្វើចំណាប់អារម្មណ៍បន្ថែមបន្ដិចទៅលើកិច្ចការអធិការកិច្ចនេះ អំពីចំណុចមួយចំនួនដែលសំខាន់សំរាប់កិច្ចការរាជរដ្ឋាភិបាលអាណត្តិទី៧។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ក៏ដូចជាយុទ្ធសាស្រ្ត​ចតុកោណកន្លងទៅ ស្នូលធំបំផុត គឺអភិបាលកិច្ច។ អភិបាលកិច្ច បានន័យថាម៉េច? រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ។ រៀបចំផ្ទះយើងឱ្យស្អាត ទើបមានផាសុខភាព ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ។ ទស្សនៈនេះ គឺត្រូវបន្ត។ ពីមួយអាណត្តិទៅមួយអាណត្តិ កិច្ចការនេះត្រូវបានធ្វើជាបន្តបន្ទាប់។ ក្នុងន័យនេះ ដូចនៅក្នុងរបាយការណ៍បានគូសបញ្ជាក់ ក្រសួងអធិការកិច្ច ដែលយើងទើបតែប្ដូរឈ្មោះ ប៉ុន្តែភារកិច្ចនៅតែបន្ត ក៏បានដើរតួនាទីសំខាន់។ (២) ការងារងារត្រួតពិនិត្យជាគោលការណ៍ស្នូលនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ការប្ដូរឈ្មោះនេះ បញ្ជាក់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នៅក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។ បើសិនជាការគ្រប់គ្រងរដ្ឋមិនអាចធ្វើទៅបានដោយប្រសិទ្ធភាពទេ បើគ្រប់គ្រងតែខ្លួនឯងមិនទាន់ច្បាស់លាស់? បើដៃជើងរបស់យើងច្រើន ប៉ុន្តែដៃជើងចេះតែដើរទៅព័ន្ធជើងគ្នា ដួល (តើអាច)ដើរទៅឆ្ងាយយ៉ាងណា។ សួរថាតើរដ្ឋទៅធ្វើការងារអីបាន? អញ្ចឹង កំណែទម្រង់អធិការកិច្ចស្ថាប័នរបស់ជាតិជាកិច្ចការសំខាន់។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ការ​ងារតាមដានត្រួតពិនិត្យជាគោលការណ៍ស្នូល។ (៣) កែទម្រង់ ពង្រឹងអភិបាលកិច្ច ធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង ឈ្លាសវៃ និងស្អាតស្អំ គោលការណ៍ស្នូល…