សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤» និង «ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាពេលនេះ ។ សន្និបាតរយៈពេល ២ ថ្ងៃនេះ ផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទាំងថ្នាក់ជាតិ និង ក្រោមជាតិ ព្រមទាំង អង្គការ, សមាគម, សហគ្រាស, សហជីព និងដៃគូអភិវឌ្ឍន៍ដើម្បីផ្លាស់ប្តូរមតិយោបល់, បទពិសោធ និងឧត្តមានុវត្ត សម្រាប់ជាធាតុចូល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងាររបស់ក្រសួងនៅឆ្នាំបន្ទាប់ ឱ្យកាន់តែប្រសើរ ។ ការរៀបសន្និបាតនេះ ត្រូវធ្វើឡើង ដើម្បីតាមដាន, ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម-ការងារ, ចំណុចខ្លាំង និងចំណុចខ្វះខាត, កាលានុវត្តភាព និងបញ្ហាប្រឈមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាដេញដោលឱ្យបានគ្រប់ជ្រុងជ្រោយ ដែលឈានដល់ការដាក់ចេញនូវកញ្ចប់វិធានការសម្រាប់កែទម្រង់ស្ថាប័ន, លើកកម្ពស់អភិបាលកិច្ច និងកែលម្អក្របខ័ណ្ឌគតិយុត្ត ឱ្យស្របតាមកម្មវិធីនយោបាយដែលរាជរដ្ឋាភិបាល…