សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម

[ពី ផេច សម្តេចធិបតី] សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ», ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតី បានមានប្រសាសន៍ថា ខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក គឺត្រូវបានប្រារព្ធឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ហើយក៏បាន និងកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងសមិទ្ធផលថ្មីៗរបស់កម្ពុជាលើឆាកអន្តរជាតិ ។ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមលះបង់ក្នុងបុព្វហេតុអភិវឌ្ឍជាតិកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, អង់អាចក្លាហាន, មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ក៏តែងបានទ្រទ្រង់ថែរក្សាការពារសុខសន្តិភាព, ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ដែលស័ក្តិសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរឆ្លងកាត់របស់កម្ពុជា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ « ខួប​អនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ,២៤ មករា ១៩៩៩- ២៤ មករា ២០២៤»

អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ-ឈ្នះ!ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ! ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលសេនានុព័ន្ធ អនុព័ន្ធយោធានានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា;នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានចំណាយពេលចូលរួមពិធីដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមយកឱកាសនេះ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោកទាំងអស់ ដែលមានវត្តមាននៅទីនេះ។ ខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលប្រារព្ធឡើង ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ហើយបាននិងកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងសមិទ្ធផលថ្មីៗរបស់កម្ពុជាលើឆាកអន្តរជាតិ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស…