ការដកស្រង់សេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤

(១) រក្សា/ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងធានាគុណភាពនិងភាពជឿជាក់នៃមុខទំនិញ រក្សានិងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ជាអភិក្រមដែលយើងត្រូវព្យាយាមនិងអនុវត្ត​ឱ្យបានគ្រប់ពេលវេលា។ ពាក្យនេះស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ។ ទី១ ការរក្សាទីផ្សារ។ វាមិនមែនយើងចូលទៅធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសមួយ គេទិញ(របស់)យើងរាល់ឆ្នាំនោះទេ បើយើងមិនខំប្រឹងថែរក្សាប្រេន។ នេះគឺជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់។ (ទី២)ទីផ្សារដែលបើកហើយ គឺព្យាយាមថែរក្សា ធានាគុណភាពទំនិញ និងផលិតផល និងធានាភាពជឿជាក់ឱ្យបាន។ (ពេល)មិនទាន់បានទីផ្សារ មិនអីទេ។ តែបានហើយ បាត់ទៅវិញ វាមានបច្ច័យអាក្រក់​។ មិនត្រឹមតែបាត់លទ្ធភាពនាំចេញ រកចំណូលបន្ថែមនោះទេ ប៉ុន្តែបើសិនជាបាត់ដោយសារយើងថែរក្សាគុណភាព(មិនបាន)និងបាត់ដោយជឿជាក់មិនបាន ជាកត្តាធំណាស់ដែលអាចនឹងជះឥទ្ធិពល(មិនល្អ) … បើបាត់ដោយសារកត្តាអ្នកទិញ វាជារឿងមួយ ប៉ុន្តែយ៉ាងណាកុំឱ្យបាត់ដោយសារកត្តាអ្នកលក់ … (២) បង្កើនបរិមាណផលិតផល, បង្កើនមុខទំនិញនាំចេញ និងធ្វើពិពិធកម្មពង្រីកទីផ្សារថ្មី បើថែរក្សាបានវាជួយទៅដល់ការពង្រឹង។ ពង្រឹងបានន័យថា (ទី១)បង្កើនបរិមាណនៃការនាំចេញនូវផលិត​ផលនីមួយៗនៅផ្សារហ្នឹង។ ទី២ បង្កើនមុខទំនិញដែលនាំចេញ។ បានន័យថា ទ្វារយើងបើកហើយៗ ជាទូទៅ មិនដែលបើកម្ដងឱ្យ​ ១០០ភាគរយទេ។ គេឱ្យបើកជាជំហាន។ ពេលដែលយើងថែរក្សាបាននូវគុណភាព នូវផលិតផល នូវភាពជឿទុកចិត្តទៅលើផលិតផលកម្ពុជា យើងផ្ដល់ឱកាសទៅដល់ការពង្រីកបន្ថែម ជាពិ​សេសផលិតផលមួយចំនួន ព្រោះប្រទេសជាច្រើន…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មី ជំហានទី ១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ិស៊ិបាស៊ី វីនតារ៉ូ (ISHIBASHI Rintaro) អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន,   ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា,ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល​ និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់, [សេចក្តីអធិប្បាយ] (១) សង់ផែកុងតៃន័រទឹកជ្រៅថ្មី និងដាក់ឱ្យប្រើប្រាស់គ្រឿងចក្រ ដើម្បីពង្រីកសមត្ថភាពនិងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ថ្ងៃនេះ ជាកិត្តិយសដែលខ្ញុំបានមកចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅ ជំហានទី១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២ គ្រឿង។ សូមថ្លែងអំណរគុណដល់ ឯកឧត្តមអនុរដ្ឋមន្ត្រី អ៊ិស៊ិបាស៊ិ វីនតារ៉ូ និងគណៈប្រតិភូជប៉ុន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកយាយ លោកតា អ៊ំពូមីង បងប្អូន ជាពិសេសមន្ត្រី និយោជិត កម្មករ-កម្មការិនីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់។ កាលពីថ្ងៃទី១ ឧសភា ដែលជាទិវា(ពលកម្មអន្តរជាតិ)ជាប្រចាំរាល់ឆ្នាំ សម្តេចបានជួបសំ​ណេះសំណាលជាមួយបងប្អូននៅទីនេះមិនដែលខាន។ បើតាមខ្ញុំចាំគឺសឹងតែរាល់ឆ្នាំ…