សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការ​ងារក្រសួងបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ឯកឧត្តម លោកជំទាវ គណៈធិបតី ភ្លៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ ជាទីស្រលាញ់រាប់អាន។ ថ្ងៃនេះ, ខ្ញុំមានកិត្តិយស ដែលបានចូលរួម ក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងបរិស្ថាន នៅថ្ងៃនេះ ។ ដំបូង ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើន រួមទាំង សមិទ្ធផលថ្មីៗ ដែលសម្រេចបានក្នុងរយៈពេល ៤ ខែ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និង ការលើកទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីឆ្ពោះទៅដល់ការសម្រេចបាន «ភាពស្អាត ភាពបៃតង និង ចីរភាព» ដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានធ្វើ របាយការណ៍យ៉ាងពិស្តារអម្បាញ់មិញនេះ ។ ជាក់ស្តែង, វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈ ការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និង…