សុន្ទរកថារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក-សមាជិកា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ​តំណាងស្ថាប័នអង្គទូតនានាប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនជនពិការ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានមកចូលរួមក្នុងឱកាសប្រារព្ធទិវា ជនមានពិការភាពកម្ពុជា​លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយ​នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ដែលរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ខ្ញុំជឿ​ជាក់យ៉ាងមុតមាំថា ប្រធានបទនៃទិវាជន មានពិការភាពក្នុងឆ្នាំ២០២៣នេះ នឹងក្លាយជាឱកាសជំរុញ​លើក​ទឹក​ចិត្ត និងលើកកម្ពស់សិទ្ធិដល់ជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយនូវកតញ្ញត្តាធម៌ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យប្រោស​ព្រះ​រាជទានព្រះរាជសារជូនបងប្អូន និងក្មួយៗមានពិការភាព ព្រមទាំងជនរួមជាតិទាំងអស់ ក្នុងឱកាសទិវាជន​មានពិការភាពឆ្នាំ២០២៣នេះ។ ទិវាជនមានពិការភាពនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់​ជនមានពិការភាពប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ចាប់តាំងពីទសវត្សរ៍​ឆ្នាំ​១៩៥០ នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ…