សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន»
ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានក្តីសោមនស្ស ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និងបរិយាប័ន្ន»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបានសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិនានាជាច្រើន រៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។ ខ្ញុំកត់សម្គាល់ឃើញថា ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ វិទ្យាស្ថាន CDRI បានរៀបចំសន្និសីទប្រចាំឆ្នាំនេះចំនួន ១៤ លើករួចមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០២២ ដោយតែងតែទទួលបានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។…