ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត
FN ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាខួប៩០ថ្ងៃនៃការដឹកនាំប្រទេសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង។ ជាមួយនោះ ក៏មានការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពល្អប្រសើរនៃផ្លូវជាតិលេខ៥ ធ្វើឱ្យសម្តេចអញ្ជើញដល់ទីតាំងរៀបចំកម្មវិធីលឿនមុនកាលកំណត់។ ជាមួយនឹងការជួបជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញទៅបោះឆ្នោត។ ជាពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា…