សារពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិក្នុងប្រទេស និងនិស្សិតនៅអ៊ីស្រាអែល អំពីការរៀបចំផ្លាស់ទីនិស្សិតទៅកាន់តំបន់មានសុវត្ថិភាព(ជាប់ប្រទេសអេហ្ស៊ីបនិងហ្សកដេន) តាមការស្ម័គ្រចិត្ត

ជូនចំពោះ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិ អំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់បងប្អូននិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២ នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្ថិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តដាក់នូវរាល់ការវិវឌ្ឍនៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្ដាប់បាននូវសុខទុក្ខ ជាពិសេស នូវសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា គឺមួយសប្ដាហ៍មុននេះ។ ដោយសារតែស្ថានភាពវិវឌ្ឍប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស នៅតំបន់កាហ្សា ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដេន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំ​បន់កាហ្សា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅ​ និងហាត់ការ​មួយរយៈ ទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ…