. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
. ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត បណ្ដាប្រទេសនានា ប្រចាំកម្ពុជា;
. គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស
. អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ» លើកទី២១ នៅលើដងទន្លេវ៉ៃគោដ៏ល្អផូរផង់ នាពេលនេះ។
ការប្រារព្ធ «ទិវាមច្ចជាតិ» នៅថ្ងៃទី ១ ខែ កក្កដា ជារៀងរាល់ឆ្នាំ ដែលចាប់តាំងពីឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង ថែរក្សា និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋយើង និងកូនចៅជំនាន់ក្រោយរបស់យើង។ ម្យ៉ាងទៀតការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងធំធាត់នៅរដូវទឹកឡើង ដែលជាប្រភពអាហារចម្បងរបស់បងប្អូនប្រជាពលរដ្ឋ និងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ។ រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិគឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារ មច្ឆជាតិគឺជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និង អាចរក្សាទុកបាន, មច្ឆជាតិ ជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាជនគ្រប់ស្រទាប់, និង សម្បូរទៅដោយមីក្រូសារធាតុ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យក «ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និង បរិយាប័ន្ន» គឺជាបញ្ចកោណទី៤ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយមាន «ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព» គឺជាមុំទី២, និង «ការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ» គឺជាមុំទី៣។ ជាក់ស្តែង, សម្រាប់វិស័យកសិកម្មជារួម, រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និង បង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម, ក៏ដូចជា ធានាសុវត្ថិភាពម្ហូបអាហារ, និង គ្រប់គ្រងធនធានដី ព្រៃឈើ និង ជលផល ប្រកបដោយចីរភាព; គោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា សំដៅលើកកម្ពស់ចំណេះដឹងផ្នែកកសិកម្មទំនើប, និង ជំរុញការផ្ទេរ និង ចាប់យកបច្ចេកវិទ្យា និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍន៍វិស័យកសិកម្ម តាមអនុវិស័យ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) មានផលិតផលតែនាំចេញមិនបាន ប្រជាជនក្នុងប្រទេសប្រើប្រាស់មិនអស់
ខ្ញុំសូមធ្វើការកោតសរសើរជូនថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំជំរុញវិស័យនេះ។ ឯកឧត្តម ឌិត ទីណា បានលើកអម្បាញ់មិញអំពីសមិទ្ធផល ដែលពីមួយឆ្នាំទៅមួយឆ្នាំ យើងកាន់តែអាចទៅ(មុខ)បាន។ កសិកម្មគឺមានបញ្ហាប្រឈម មិនមែនមិនមានការប្រឈមទេ។ ការប្រែប្រួល ជាពិសេសស្ថានភាពលើពិភពលោក (ធ្វើអោយមានការប្រែប្រួល)តម្លៃកសិផលនីមួយៗ មិនដូចផលិតផលក្នុង(វិស័យ)ឧស្សាហកម្ម(ទេ) ដែលយើងធានាតម្លៃបានច្រើន។ ប្រទេសយើងជាប្រទេសតូច ហើយការនាំចេញទៅទីផ្សារកសិផល ទាំងបរិមាណនិងតម្លៃ គឺយើងខិតខំផ្ទេរទៅឱ្យកសិករ។ បើមានផលិតផលហើយ តែយើងនាំចេញអត់បាន ប្រជាជន ១៧លាននាក់ប្រទេសយើងនៅក្នុងប្រទេសហូបអត់អស់ទេ។ ឧទាហរណ៍ នៅក្នុងមួយឆ្នាំយើងផលិតស្រូវបាន ១២លានតោន (យើងមានមនុស្ស)១៧លាននាក់ ដូចនេះយើងប្រើអស់ប្រហែលតែខ្ទង់ ៥ឬ៦ លានតោន។ សល់ពាក់កណ្តាលទៀត យើងត្រូវធានា(ថា)ទីផ្សារ(ដើម្បីលក់)។
(២) ការរកទីផ្សារគឺរកច្រក និងបង្កើតឱកាសឱ្យកសិផលរបស់កសិករ
រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំធ្វើការចរចា និងការបើកច្រកផ្សេងៗ នាពេលកន្លងទៅ។ សេនាធិការឱ្យរាជរដ្ឋាភិបាល(នេះ ប្រឹងធ្វើ)នៅក្នុងការងារអី គឺការងារបម្រើឱ្យកសិករ។ ការរកទីផ្សារមិនមែនឱ្យរដ្ឋ មិនមែនឱ្យមន្ត្រីកសិកម្មទេ តែការរកទីផ្សារគឺដើម្បីរកច្រក បង្កើតនូវឱកាសឱ្យកសិផលរបស់កសិករបានចេញទៅទីផ្សារ។ ពិតណាស់ កសិករមិនអាចយកទៅលក់ត្រង់ឱ្យទៅក្រុមហ៊ុននៅចិន ឬក្រុមហ៊ុននៅអាមេរិក នៅអឺរ៉ុបទេ។ ប៉ុន្តែ ដោយសារមានទីផ្សារនៅទីនោះ បានមានការបញ្ជាទិញតាមខ្សែច្រវាក់មក រហូតមកដល់កសិកររបស់យើង។ ការចរចាមួយៗ មិនមែនធម្មតាទេ។ ការចរចាបើកផលិតផល វាអត់ខុសពី(ការលក់ដូរកសិផលក្នុងប្រទេស)យើងទេ។
(៣) ផលិតបានហើយ ត្រូវដើររកទីផ្សារ ផ្តល់ការអនុគ្រោះ ផ្តល់ការទាក់ទាញ និងផ្តល់ការធានាអំពីគុណភាព
នៅក្នុងប្រទេសក៏ដោយ មិនប្រាកដថាយើងធ្វើអីបានមួយ មានទីផ្សារនោះទេ ទាល់តែដើរទៅរក(ទីផ្សារដើម្បី) លក់ ផ្តល់ការអនុគ្រោះ ផ្តល់ការទាក់ទាញ ផ្តល់ការធានាគុណភាពនានា។ ជាពិសេស អ្នកទិញខ្លះគាត់មានតម្រូវការខ្ពស់។ ឧទាហរណ៍ ទឹកមាត់ត្រចៀកកាំ។ យើងនាំចេញទៅចិន។ ចរចារាប់ឆ្នាំ ទម្រាំតែបាន។ ប្រហែលជា ៤ទៅ៥ឆ្នាំ (តាម)ខ្ញុំចាំ(បាន)។ ប្រទេសមួយៗ មានស្តង់ដារបស់គេ។ មិនចេះតែនាំចូល(បានទេ) ជាពិសេសចំណីអាហារ ព្រោះគេគិតសុខភាពប្រជាពលរដ្ឋរបស់គេ។ (បើមាន)ប្រើគីមីលើស ស្តង់ដារភូតគាមអនាម័យមិនស្អាត មិនឱ្យចូលទេ។ ខ្លាចនាំមេរោគចូលទៅ។ យើងត្រូវ(ផ្តល់ការ)ធានា និងចរចាច្បាស់ណាស់ ហើយត្រូវបន្តតាមជាប់ ទម្រាំតែបានមួយៗ។ ផ្លែទុរេន ត្រី ផលិតផលទឹកសាប ទឹកប្រៃរបស់យើង វារីវប្បកម្មរបស់យើង។
(៤) រាជរដ្ឋាភិបាលបញ្ចេញថវិកា ៦០លានដុល្លារជួយរោងម៉ាស៊ីនកិនស្រូវទិញស្រូវពីប្រជាកសិករ
ឯកឧត្តម លោកជំទាវ បងប្អូនប្រជាពលរដ្ឋ(អាចសួរ)ក្រសួងកសិកម្មថា របស់ខ្លះផលិត(បានហើយ) ម៉េចមិនទៅរក(ទីផ្សារ)? ទៅរកហើយ ខិតខំចរចា តែ ទីផ្សារឡើងចុះ។ ឆ្នាំខ្លះ ស្រូវ/អង្ករថ្លៃ (ដោយសារតែបាតុភូត) El Niño (ដែលធ្វើឱ្យការដាំដុះ)មិនសូវផលិតបាន។ ពីរឆ្នាំមុន អង្ករឡើងថ្លៃ។ ដល់ឆ្នាំបន្ទាប់ ប្រទេសឥណ្ឌាបញ្ចេញស្តុករបស់គាត់មក (ថ្លៃ)វាធ្លាក់។ យើងបានខិតខំរកវិធី(ដើម្បីទប់តម្លៃស្រូវ/អអ្ករ)។ ដើម្បីជួយទប់ រាជរដ្ឋាភិបាលបញ្ចេញថវិកា រាប់សិបលានដុល្លារទៅរោងម៉ាស៊ីនកិនស្រូវ។ ឆ្នាំទៅ យើងចេញប្រាក់ប្រមាណ ៦០លានដុល្លារ ដើម្បីអន្តរាគមន៍ជួយម៉ាស៊ីនកិនស្រូវទៅទិញស្រូវពីប្រជាកសិកររបស់យើង។ នេះជារឿងពិតជាក់ស្តែង។ ពេលដែលស្រូវអង្ករឡើងថ្លៃ ស្រូវប្រាំងធ្វើច្រើន ខ្វះទឹក អញ្ចឹងក្រសួងធនធានទឹកធ្វើអន្តរាគមន៍ ដើម្បីធានា(ថាបងប្អូនទទួលបានផល)។
(៥) វិធានការរបស់រដ្ឋគឺសំដៅឱ្យប្រជាពលរដ្ឋទុកប្រាក់ក្នុងហោប៉ៅឱ្យបានច្រើន
អញ្ចឹង បើកទីផ្សារមានហើយ យើងខិតខំធ្វើអោយតម្លៃមានតុល្យភាព។ ឡើងចុះ តែយើងខិតខំធ្វើឱ្យបានល្អ។ ការធានាផលិតផល (ក្នុងគោលដៅ)ធ្វើម៉េចឱ្យប្រជាពលរដ្ឋទុកក្នុងហោប៉ៅឱ្យបានច្រើន។ យើងខិតខំរក(ទីផ្សារ) ទម្លាក់តម្លៃវត្ថុធាតុដើម ការផលិត ការធ្វើផ្លូវដឹកជញ្ជូន ការតភ្លើងចូល ដែលប្រជាជនអាចប្រើភ្លើងជាជាងប្រើប្រេង ហើយទម្លាក់ថ្លៃ(ភ្លើងសម្រាប់ប្រើប្រាស់ក្នុងការ)បូមទឹករបស់អគ្គិសនីកម្ពុជា មិនយកពន្ធលើដីកសិកម្ម និងផលិតផលកសិកម្ម ឬមួយឧបករណ៍កសិកម្មជាច្រើន នេះគឺជាផ្នែកទាំងឡាយ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្មដាក់ចេញ និងក្រសួងស្ថាប័នពាក់ព័ន្ធ(បានធ្វើអន្តរាគមន៍ជួយដល់កសិករក្នុងគ្រាកន្លងទៅ)។
(៦) បើកផ្លូវទៅទផ្សារចិនតាមផ្លូវគោក តាមរយៈឡាវ សំរាប់កសិផលតំបន់ភាគឦសាន និងភាគខាងជើង
ខ្ញុំសុំធ្វើការកោតសរសើរ ជាពិសេស ចំពោះការចរចាបើកផ្លូវបន្ថែមទៀត។ ឆ្នាំនេះ យើងបានចរចាបើកផ្លូវលើកដំបូងជាមួយចិនតាមផ្លូវគោក តាមរយៈឡាវ។ ពីមុន យើងដឹកទៅទីផ្សារចិន តែ(តាមផ្លូវ)ទឹកៗទេ។ ឥឡូវ យើងអាចដឹកកសិផលទៅតាមផ្លូវគោកឡើងត្រង់ទៅចិន។ ការគិតគូរអំពីការតភ្ជាប់ ជាពិសេសនៅតំបន់ភាគឦសាន ភាគខាងជើងរបស់យើង (គឺជា)ការធានា(ថា)កសិផល(មានផ្លូវនាំចេញ)តាមរយៈផ្លូវគោកនេះ ដោយមិនចាំបាច់ដឹកចុះមកភ្នំពេញទេ ហើយដឹកចេញទៅខាងវៀតណាមទេ។ បានន័យថា បើកច្រកបន្ថែម។ នេះគឺសុទ្ធតែស្ថិតនៅក្នុងការចរចាបើក(ច្រកទៅរកទីផ្សារ)ដើម្បីធានាបាននូវផលិតផលរយៈពេលវែង។ ពិតណាស់ ការចរចាបើកច្រក វាប្រើពេលយូរ ប៉ុន្តែយើងបើកច្រកបាន។ ប៉ុន្តែ បើកច្រកបាន យើងមានចីរភាពនិងជួយក្នុងរយៈពេលវែងដល់កសិករ និងដល់ប្រជានេសាទរបស់យើង។ សុំក្រសួង(ពាក់ព័ន្ធ)ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីយើងធានានាំចេញផលិតផលឱ្យបានកាន់តែច្រើនដើម្បីពង្រីកសក្តានុពលទីផ្សារជូនកសិករ។
(៧) ការប្រឹងប្រែងបើកច្រកគឺដើម្បីភ្ជាប់ទីផ្សារទៅសមត្ថភាពប្រជាពលរដ្ឋនិងជីវភាពប្រជាពល
រដ្ឋធ្វើ ប៉ុន្តែមិនមែនធ្វើដើម្បី ឯកឧត្តម ឌិត ទីណា ទេ។ ខ្ញុំមិនជឿថា ឯកឧត្តម ឌិត ទីណា មានស្រែ ១ម៉ឺនហិកតាសម្រាប់(ផលិត)នាំចេញទេ … (ការប្រឹងប្រែងទាំងអស់នេះ)សុទ្ធតែធ្វើយ៉ាងណាដើម្បីភ្ជាប់សមត្ថភាពរបស់ប្រជាពលរដ្ឋផង និងជីវភាពប្រជាពលរដ្ឋ។ រដ្ឋបម្រើរាស្ត្រ។ យើងខិតខំ។ ពេលខ្លះ វាមិនបានដូចចិត្តយើងមែន តែសូមមានការយោគយល់។ ខ្ញុំរំលេចថានេះគឺអ្វីដែលយើងបានខិតខំធ្វើ។ ពេលខ្លះដូចចរចា ៣-៤ ឆ្នាំហ្នឹង យើងមិនអាចចរចាម្តង ទៅធ្វើសន្និសីទកាសែត(ផ្សព្វផ្សាយ)ម្តងនោះទេ។ ពិតហើយ ប្រជាពលរដ្ឋយើងប្រហែលជាមិនដឹងទេថា ការខិតខំចរចានេះ ទម្រាំតែបានបើកទីផ្សារយកផលិតផលមួយៗ ទៅក្រៅ តើមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីបច្ចេកទេសបានខិតខំកម្រិតណានោះទេ។ ដែលយើងបើកច្រកនេះបាន គឺជោគជ័យមួយ។ ខ្ញុំនិយាយម្តងទៀត ដែលខិតខំបើកច្រកទាំងនេះមិនមែនដើម្បីអ្នកណាក្រៅពីដើម្បីប្រជាពលរដ្ឋ ប្រជាកសិករ ប្រជានេសាទរបស់យើងនេះទេ។
[ចប់សេចក្ដីអធិប្បាយ២]
ចំពោះអនុវិស័យជលផល, រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការកែទម្រង់ស៊ីជម្រៅវិស័យជលផល ឆ្នាំ២០១៥-២០២៤ សំដៅលុបបំបាត់ឡូត៍នេសាទ ដើម្បីប្រគល់សិទ្ធិគ្រប់គ្រង និងទាញផលទៅឱ្យប្រជាពលរដ្ឋ តាមរយៈសហគមន៍នេសាទ; យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍវារីវប្បកម្ម សំដៅជំរុញការចិញ្ចឹមត្រី និង វារីសត្វផ្សេងៗ ដើម្បីកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ និង ធានាការផ្គត់ផ្គង់ទីផ្សា; ផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង និង ការអភិរក្សធនធានជលផល ឆ្នាំ២០២០-២០២៩ សំដៅស្តារប្រព័ន្ធអេកូឡូស៊ី, និង ការពារតំបន់ជម្រកត្រីពងកូន, ទាំងក្នុងតំបន់បឹងទន្លេសាប និង តំបន់ឆ្នេរ; និង ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ២០១០-២០១៩ សំដៅតម្រង់ទិសដៅអភិវឌ្ឍជលផល ដោយបែងចែកជា ៣ សសរស្តម្ភចម្បង គឺ ជលផល, វារីវប្បកម្ម, និង ការកែច្នៃក្រោយប្រមូលផល និង ពាណិជ្ជកម្ម។
ទន្ទឹមនេះ, រាជរដ្ឋាភិបាល ក៏កំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមច្ឆជាតិ, និង ដោះស្រាយ ជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បងក្នុងអនុវិស័យជលផល ដូចជា៖ ការបាត់បង់ជម្រក, ការប្រែប្រួលអាកាសធាតុ និង ការនេសាទហួសកម្រិត, តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ដោយបង្កើនការល្បាត និង ទប់ស្កាត់បទល្មើសនេសាទ, និង ការគោរព និង អនុវត្តតាមរដូវបិទនេសាទ; ការបង្កើត និង ការពារតំបន់អភិរក្សជលផល ដោយស្តារ និង ការពារទីជម្រកធម្មជាតិ; ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយបង្កើត និង ពង្រឹងតួនាទីសហគមន៍នេសាទ, និង ការអប់រំ និង ផ្សព្វផ្សាយ; ការពង្រឹងប្រព័ន្ធតាមដានធនធានជលផល ដោយធ្វើឌីជីថលូបនីយកម្ម; និង ការលើកកម្ពស់ការស្រាវជ្រាវ និង នវានុវត្តន៍ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ, អង្គការអន្តរជាតិ និង ដៃគូអភិវឌ្ឍ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៨) សូមប្រជានេសាទនិងសហគមន៍នេសាទ រួមចំណែកទប់ស្កាត់បទល្មើសនេសាទរដូវត្រីពង
ខ្ញុំសូមយកឱកាសធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំនៅទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង ដើម្បីអភិរក្សធនធានធម្មជាតិ និងជលផល។ ខ្ញុំក៏សូមឲ្យប្រជានេសាទ សហគមន៍ ជាពិសេសចូលរួមចំណែកក្នុងការអភិរក្សនេះ។ កិច្ចការនេះសំខាន់ ពិសេសក្នុងខែត្រីពងនេះ ខែបិទនេសាទ ដែលយើងចែកជាបី(តំបន់) គឺមុនគេខេត្តស្ទឹងត្រែង ដែលចាប់ផ្តើមពីថ្ងៃទី១ ឧសភា។ បន្ទាប់មកចូល តំបន់ខាងជើង ដែលយើងបិទចាប់ពីថ្ងៃទី១ មិថុនា រហូតដល់ ៣០កញ្ញា ក្នុងនោះមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងផ្នែកមួយនៃភ្នំពេញ កណ្តាលនៅខាងជើង កន្លែងខ្សែស្របទន្លេបួនមុខ។ បន្ទាប់មក គឺដំណាក់កាលក្រុមទីបីចាប់ផ្តើមពីថ្ងៃ១ កក្កដា បានន័យថា ចាប់ផ្តើមពីថ្ងៃនេះទៅ ដែលយើងបិទឡូត៍នេសាទ។ ការបិទនេសាទនៅរដូវត្រីពងនៅខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ មួយផ្នែកនៃភ្នំពេញ ខេត្តកណ្តាល ដែលនៅខាងត្បូងនៃខ្សែស្របចតុមុខ។ កិច្ចការនេះសំខាន់។
(៩) បិទនេសាទ ៤ខែ ដើម្បីទុកអោយកើនបរិមាណត្រី និងពង្រាយត្រីអោយបានគ្រប់កន្លែង
យើងបិទបួនខែនេះដើម្បីអី? មានផលពីរ។ ទីមួយ រដូវត្រីពង។ បើយើងចាប់តែមេវាមួយមានពងពេញពោះ វាស្មើនឹងដូចយើងសម្លាប់ត្រីរាប់ពាន់ក្បាល។ ទីពីរ បើយើងចង់ចាប់ក៏ចាប់បានតែអ្នកនៅតំបន់នោះ ដែលមានឡូត៍ ដែលត្រីពងហ្នឹង។ ភាគច្រើនចូលទៅក្នុងឡូត៍នៅខាងសៀមរាប ខាងលើ។ អ្នកនៅក្រោម អត់បានទេ។ ក្នុងពីរឆ្នាំនេះ ខ្ញុំបានបញ្ជាឲ្យកងទ័ពជើងគោកបញ្ចេញកម្លាំងដាក់ពង្រាយជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ចដែលធ្លាប់ប្រតិបត្តិ(ការបង្រ្កាបបទល្មើសផ្សេងៗ) ដោយសារទំហំកើនឡើងនៃការនេសាទវាធំ ជាពិសេសនេសាទខុសច្បាប់ក៏មានច្រើន។ ការប្រើប្រាស់ឧបករណ៍នេសាទកាន់តែទំនើប ជាពិសេសឆក់ក្ដៅ ឆក់ត្រជាក់ ឬមួយក៏សំណាញ់។ ថ្ងៃមុន មានអ្នកទៅបំផុសឱ្យប្រជាពលរដ្ឋទៅឆក់(ត្រី)រាប់រយនាក់។ គេថា ទៅឆក់(ទៅ)។ ដូចកាលមុន គេមានអ្នកបំផុសចាប់ដី ទៅចាប់ទៅ បើសិនជាបានច្បាស់ យកមកលក់។ ឥឡូវអ្នកបំផុសហ្នឹងថាឲ្យប្រជាពលរដ្ឋទៅឆក់។ បើឆក់បាន គេទិញ អញ្ចឹងទៀត។ តែបើប្រឈមច្បាប់ ប្រជាជនអ្នកប្រឈមច្បាប់ គេរួចខ្លួន។ ឥឡូវរកឲ្យមើល ចាប់ឲ្យបានអ្នកដែលបំផុសប្រជាពលរដ្ឋ(ទៅបង្កឱ្យ)មានបញ្ហា ដើម្បីយើងការពារជលផល។
(១០) “ស៊ូសម្បូរ ថ្លៃថោក បានរស់ទាំងអស់គ្នា ជាជាងគ្មានត្រី ត្រីថ្លៃ”
ក្នុងពីរឆ្នាំនេះ ឆ្នាំទៅនិងឆ្នាំទៅមួយនេះ ដោយសារការអភិរក្សនិងការទប់ស្កាត់នេះ (ឃើញថាបរិមាណ)ត្រីបានកើនឡើង។ បញ្ហាតែមួយទេ ត្រីចុះថោក។ ឥឡូវ ប្រជានេសាទថា ត្រីវាកើនច្រើន តែត្រីវាចុះថោក បើសិនជាត្រីវាកើតហើយថ្លៃ អញ្ចឹង ថ្លៃដូចកាលពីខ្វះ កាន់តែល្អ។ តែវាអត់បានអញ្ចឹង។ ស្អីក៏ដោយតែវាច្រើន វាសម្បូរ វានឹងចុះតម្លៃហើយ។ ប៉ុន្តែចែកគ្នារស់ទៅ។ ខ្ញុំសួរអ្នកគ្រូនៅទីនេះ បានទៅនេសាទឯណាទេ? បានប្រាក់ខែមកទៅទិញត្រីដែរហ្នឹង។ បើត្រីចុះថ្លៃហើយសម្បូរមិនស្រួល។ អញ្ចឹង ប្រជានេសាទ តែមួយលាននាក់ឬមួយក៏ពីរលាននាក់ទៅចុះ ប៉ុន្តែពេលដែលត្រីឡើងថ្លៃ ឬពេលដែលត្រីខ្សត់ លំបាកទាំងអស់គ្នា។ ត្រីខ្សត់ សូម្បីតែប្រជានេសាទនៅខេត្តនៅជាប់ទន្លេហ្នឹង ក៏រកត្រីមិនបានផង ហើយអ្នកទិញក៏ថ្លៃ។ អញ្ចឹង ខ្ញុំថា ស៊ូសម្បូរត្រី ហើយត្រីថោកចុះ បានរស់ទាំងអស់គ្នា ជាជាងអត់ត្រីហើយត្រីឡើងថ្លៃ។ មែនទេ? សូមឲ្យមានការយោគយល់ ជាពិសេស(កុំធ្វើ)ការឆក់ត្រី ឬមួយក៏លួចទៅ(នេសាទ)ក្នុងតំបន់ឡូត៍នេសាទ ព្រោះខែត្រីពង ជាពិសេសបើត្រីពងហ្នឹងនៅខាងលើ គេចាប់អស់ អត់មានត្រីដែលហូរមក សំរាប់អ្នកនៅភាគខាងក្រោមទេ។
(១១) បើពងហើយ ត្រីចុះក្រោមអស់ គប្បីជំរុញសកម្មភាពវារីវប្បកម្ម
ម្សិលមិញ ខ្ញុំបានជួបជាមួយឯកឧត្តម ប្រាក់ សោភ័ណ និងសួរថា ម៉េចទៅត្រីនៅសៀមរាប? គាត់ថា ត្រីប៉ុន្មានឆ្នាំនេះកើន។ គាត់ថា ប្រជាពលរដ្ឋសប្បាយចិត្ត។ ប៉ុន្តែខេត្តសៀមរាប អភ័ព្ធ។ ដោយសារអី្វ? នៅចុងគេខាងលើ។ ពេលត្រីពងហ្នឹង ត្រីវានាំគ្នាទៅពងនៅខាងលើ ដល់ពេលវាញាស់ធំធាត់ វាហែលមកក្រោមអស់។ អញ្ចឹង អ្នកដែលបានផលនៅកំពង់ឆ្នាំង ពោធិ៍សាត់ នៅស្អីហ្នឹង ហូរមកនៅក្រោមនេះ។ ប៉ុន្តែ ខ្ញុំឲ្យគិតមើលថា ឥឡូវយើងមិនអាចហាមត្រីទេ មិនអាចដាក់ចរាចរណ៍ ឬចេញច្បាប់ថា ខែនេះពងហើយ ត្រូវនៅហ្នឹង កុំហែលទៅណា អត់បានទេ ហើយយើងក៏មិនទៅធ្វើរបាំងរាប់គីឡូដែរ។ ប៉ុន្តែនៅនោះ ឃើញថា ជំរុញវារីវប្បកម្ម ធ្វើអីសហគមន៍អីហ្នឹងទៅ។ ឯត្រីផ្សេងទៀតដែលពងនៅនោះ ដល់វាចុះមកក្រោមវិញ (គ្រាន់បាន)ចែកគ្នា។ នៅទីនេះក៏ដូចគ្នា។ បើបញ្ហា គឺអ្នកនៅនៅក្រោម។ ដូចទឹកអញ្ចឹង ប៉ុន្មានថ្ងៃនេះ នៅកំពង់ធំមានការជជែកចែកទឹកគ្នារវាងកសិករដែលនៅខាងលើ និងអ្នកនៅក្រោម។ អញ្ចឹង ត្រូវមានវិធីចែកគ្នារស់។ រកវិធីដូរម៉ោងគ្នា ដូរពេល(យកទឹក)។ បើមិនអញ្ចឹង អ្នកលើបូមអស់។
(១២) “មានបឹងទន្លេសាបមួយជាប្រភពត្រី កុំឱ្យអត់ត្រីហូប និង/ឬនាំចូលត្រី និង/ឬត្រីថ្លៃ”
ត្រីដូចគ្នា។ បើយើងអត់ថែរដូវត្រីពងនេះទេ ពេលដែលពងវានៅលើយើងចាប់អស់ អ្នកនៅខាងក្រោមកាន់តែខ្សត់។ អញ្ចឹង ត្រីមេមួយអាចបង្កើតកូនរាប់រយរាប់ពាន់ក្បាល ចែក ១៧លាននាក់ ត្រូវការហូប។ អញ្ចឹង ក្នុងការអនុវត្តការពង្រឹងនេះ គឺសុំយល់។ ប្រជាពលរដ្ឋដែលទៅរកត្រីនៅក្នុងឡូត៍ ឬមួយក៏ឆក់ ក៏ត្រូវការផ្គត់ផ្គង់ជីវភាព ប៉ុន្តែអ្នកដែលហូប ១៧លាននាក់ហ្នឹង ត្រូវការ protein ពីត្រីតម្លៃសមរម្យដែរ។ អញ្ចឹង (ទុក)ឲ្យវាសម្បូរទៅបានចែកគ្នារស់។ នៅក្នុងឡូត៍នេសាទដែលយើងបិទហ្នឹង បងប្អូននេសាទខាងក្រៅចុះ តែនៅក្នុងហ្នឹងត្រូវការពារឲ្យបានហ្មត់ចត់ ដើម្បីចែក ១៧លាននាក់។ នេះខ្ញុំអត់និយាយរឿងនាំចេញទេ ត្រូវធានាសន្តិសុខស្បៀងផ្ទៃក្នុង។ កុំឲ្យប្រទេសយើងមានបឹងទន្លេសាបមួយទាំងមូលជាប្រភពត្រី ទៅជាកន្លែងអត់ត្រីហូប នាំចូលត្រីឬមួយក៏ត្រីថ្លៃ។ (ត្រូវមាន)ត្រីប្រហុក ត្រីផ្សេងៗ ឲ្យបានច្រើន។ នេះជាគោលការណ៍នៅក្នុងការអភិរក្ស។ មិនអាចធ្វើបាន(ជោគជ័យទេ) បើសិនជារាជរដ្ឋាភិបាលធ្វើតែម្នាក់ឯង។ ត្រូវការការចូលរួម ជាពិសេសសហគមន៍នេសាទ ប្រជានេសាទរបស់យើង។
(១៣) កែសម្រួលបទដ្ឋានគតិយុត្តិស្តីពីការនេសាទ ដោយគិតពីជីវភាពរបស់ប្រជានេសាទនិងសហគមន៍នេសាទ
ឥឡូវយើងធ្វើការកែសម្រួលមិនត្រឹមតែការអភិរក្សទេ តែបទដ្ឋានគតិយុត្តិ ច្បាប់របស់យើង ក៏ដូចជាកែសម្រួលក្រឡាមង ដើម្បីឲ្យប្រជានេសាទបន្ថយពី ៣សង់ទីម៉ែត្រមក ២កន្លះ ហើយមានភាពបត់បែនតាមហ្នឹង ទៅតាមចំនួនត្រីច្រើនតិច។ ហ្នឹងទុកឲ្យក្រសួងពិនិត្យមើល ដើម្បីយើងការពារ ជាពិសេសប្រជានេសាទរបស់យើង ប្រជាជនធម្មតា។ មិនមែនក្រុមហ៊ុនទេ។ ក្រុមហ៊ុនត្រូវគោរពតាមច្បាប់មួយ ប៉ុន្តែមិនអាចឲ្យក្រុមហ៊ុន ឬអ្នកដែលមានលទ្ធភាពធ្វើធំៗហ្នឹងប្រមូលទាំងអស់ អត់ឲ្យអ្នកនេសាទតូចតាចទេ។ ត្រូវគិតអ្នកនេសាទតូចតាចធំជាង។ អញ្ចឹង យើងអភិរក្សនេះ គឺដើម្បីបានផលច្រើនទាំងអស់គ្នា។ អ្នកនេសាទត្រឹមតែមង ត្រឹមតែអី គាត់ទៅបង់បាន។ ក្រឡាអីផ្សេងៗ យើងគិតតាមហ្នឹង។ កាលមុនច្បាប់ហ្នឹង ចេញម្តងហើយមិនអនុវត្ត ដោយសាររឿងក្រឡា ព្រោះដាក់ទៅវាអត់ស្របទៅតាមស្ថានភាពជាក់ស្តែង។ អញ្ចឹងសូមឲ្យពិនិត្យមើល ប៉ុន្តែឲ្យគិតគូរពីជីវភាពរបស់ប្រជាជន និងសហគមន៍ ហើយសូមឲ្យមានការចូលរួមជួយ។
(១៤) រករូបមន្តបង្កើនសមត្ថភាពមូលដ្ឋាន និងមន្ត្រីជំនាញគ្រប់គ្រងដែននេសាទ ជាជាងយកកងទ័ពទៅប្រចាំ
សូមមើលផង ការអូសលៀស។ អូសម្តងៗ ៣០ ទៅ៤០តោន អូសទាំងអាតូចទាំងអាធំខ្ទេចអស់។ ខ្ញុំបញ្ជាឲ្យកងទ័ពជើងគោកដែលនៅចាំទន្លេសាបចេញធ្វើការ។ ពីរឆ្នាំនេះ កងទ័ពជើងគោកបង្ក្រាបបទល្មើសធម្មជាតិ ទាំងទឹក ទាំងគោក ដល់រឿងព្រំដែនចេញទៅការពារឯព្រំដែនទៀត ការពារទឹកដីទៀត។ ចូលរួមជាមួយរដ្ឋបាលជលផល ជាមួយសមត្ថកិច្ចផ្សេងៗ ជាមួយសហគមន៍ ធ្វើការជាមួយគ្នា រករូបមន្តណាមួយ ដែលមានចីរភាព។ យើងមិនចង់ប្រើកងទ័ព ប្រើកម្លាំងបន្ថែមទេ។ រករូបមន្តណាដែលមានការទទួលខុសត្រូវទាំងអស់គ្នា។ ថ្ងៃក្រោយសហគមន៍ទទួល មានសមត្ថភាពគ្រប់គ្រាន់ អាជ្ញាធរមូលដ្ឋានអាចជួយការពារបាន។ ឥឡូវយើងខ្សត់កម្លាំង ផ្សំនឹងការល្មើសនេះមានច្រើនជាងមុន។ អញ្ចឹង ត្រូវការកម្លាំងរបស់កងទ័ព។ ប៉ុន្តែដូចខ្ញុំនិយាយ គឺត្រូវរករូបមន្តណាមួយដែលថ្ងៃក្រោយយើងអាចបង្កើនសមត្ថភាពមូលដ្ឋាន សមត្ថភាពមន្ត្រីជំនាញសម្រាប់គ្រប់គ្រង ជាជាងយើងយកកងទ័ពទៅចងជើងនៅក្នុងទឹក។ កងទ័ពមានភារកិច្ចធ្វើច្រើនទៀត។
(១៥) ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ដោយគោរពផលប្រយោជន៍ប្រជាជនភាគច្រើន
រាជរដ្ឋាភិបាលចេញជាបទបញ្ជាឲ្យពិនិត្យមើលកិច្ចការងារនេះ ប៉ុន្តែធ្វើយ៉ាងណាដាក់ផលប្រយោជន៍ប្រជាជនជាធំ។ ផលប្រយោជន៍ប្រជាជនមានពីរ គឺប្រជាជនភាគតិចនិងប្រជាជនភាគច្រើន។ ត្រូវយកប្រជាជនភាគច្រើន។ អ្នកដែលមានលទ្ធភាពធ្វើធំៗ លទ្ធភាពដែលអាចបំផ្លាញត្រីកម្រិតខ្ពស់មានតិចទេ ត្រូវបង្ក្រាប បើអ្នកហ្នឹងធ្វើខុសច្បាប់ ដើម្បីការពារឆ្នាំងបាយ ការពារអាងទឹកឱ្យមានត្រីកាន់តែច្រើន ពេលដែលត្រីក្នុងឡូត៍ហ្នឹងពងធំទៅ ទឹកឡើងមក វាចេញទៅចែកទូទាំងប្រទេស។ ឯកឧត្តម ប្រាក់ សោភ័ណ កុំហាមត្រីហ្នឹងកុំឲ្យហែលចុះមកក្រោម។ ប៉ុន្តែហាមក៏មិនកើតដែរ បឹងទន្លេសាបធំណាស់។ នេះជាកិច្ចការដែលយើងធ្វើ ពាក់ព័ន្ធទៅនឹងជលផលនេះ។
[ចប់សេចក្ដីអធិប្បាយ២]
ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមច្ឆជាតិ និងដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បងក្នុងអនុវិស័យជលផល, ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និង អភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ត្រូវបន្តអភិរក្សត្រីមេពូជ និង វារីសត្វកំពុងរងគ្រោះ។ ទន្ទឹមនេះ, ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំង ចាត់វិធានការណ៍ច្បាប់ម៉ឺងម៉ាត់ ចំពោះការផលិត ចែកចាយ និង ប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា៖ ឧបករណ៍ឆក់ និង ស្បៃមុង ជាដើម។
ទី២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដី បន្តជំរុញការធ្វើវារីវប្បកម្មគ្រប់រូបភាព តាមរយៈ ការលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស និងនវានុវត្តន៍ក្នុងអនុវិស័យវារីវប្បកម្ម, ព្រមទាំង បង្កាត់ភ្ញាស់ពូជវារីសត្វកម្រដែលប្រឈមនឹងការផុតពូជ និង ផលិតកូនត្រីពូជដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ សំដៅធានាចីរភាពនៃធនធានជលផល និង សន្តិសុខស្បៀង, បង្កើនប្រាក់ចំណូលរបស់វារីវប្បករ, និង កាត់បន្ថយការនាំចូល និង សម្ពាធមកលើធនធានជលផលធម្មជាតិ។
ទី៣. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹងសមត្ថភាពសមាគមវារីវប្បករកម្ពុជា តាមរយៈ ការតម្រង់ទិសផែនការផលិតកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និង ការកែច្នៃ នាំចេញ ដោយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីទទួលបានការគាំទ្រ, ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញប្បទាន, ដល់វារីវប្បករ និង អ្នកកែច្នៃនាំចេញផលិតផលជលផល។
ទី៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពន្លឿនការចុះបញ្ជីដីរដ្ឋនៅតំបន់គ្រប់គ្រងជលផល ដូចជា៖ កន្លែងអភិរក្សជលផល, កន្លែងសហគមន៍នេសាទ, ដីព្រៃលិចទឹក, និង ដីព្រៃកោងកាង ដែលជាជម្រកវារីសត្វពងកូន និង ធំធាត់។
ទី៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអប់រំ ផ្សព្វផ្សាយ និង ណែនាំប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមការពារតំបន់គ្រប់គ្រងជលផល, កន្លែងអភិរក្សជលផល, ដីព្រៃលិចទឹក, និង ដីព្រៃកោងកាង, ព្រមទាំង ជំរុញចលនាដាំព្រៃលិចទឹក និង ព្រៃកោងកាងឡើងវិញ ដើម្បីផ្តល់ជម្រកសម្រាប់វារីសត្វគ្រប់ភេទ និង ធានាចីរភាពធនធានជលផលជាតិ។
ទី៦. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវគិតគូររៀបចំឱ្យមានប្រធានបទសម្រាប់ «ទិវាមច្ឆជាតិ» នៅឆ្នាំក្រោយៗ ដើម្បីផ្ដល់ទិសដៅច្បាស់លាស់, ផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗ, និង លើកកម្ពស់ការយល់ដឹងជាសាធារណៈ ឱ្យស្របតាមបរិការណ៍សង្គម-សេដ្ឋកិច្ច។
មុននឹងបញ្ចប់, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការ-បុគ្គលិក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, វិស័យឯកជន, និង ដៃគូអភិវឌ្ឍ ដើម្បីរៀបចំ «ទិវាមច្ឆជាតិ» លើកទី២១, ជាមួយការលែងកូនត្រី និង វារីសត្វ, និង ការតាំងបង្ហាញនូវបច្ចេកវិទ្យាវារីវប្បកម្ម និង ផលិតផលជលផល។ ជាមួយនេះ, ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេស ប្រជានេសាទ ចូលរួម ថែរក្សា ការពារ អភិរក្ស និង អភិវឌ្ឍ ធនធានជលផលជាតិ ឱ្យបានគង់វង្ស ដោយប្រើប្រាស់តែឧបករណ៍នេសាទដែលច្បាប់បានអនុញ្ញាត, និង សូមគិតថា «ការអនុវត្តច្បាប់គឺមិនមែនដើម្បីកាត់ផ្តាច់ជីវភាពរបស់បងប្អូននោះទេ, ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូន និង កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា»។
ឆ្លៀតឱកាសនេះ, ខ្ញុំសូមចូលរួមអបអរសាទរ និង កោតសរសើរដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ-បុគ្គលិក នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា រដ្ឋបាលខេត្តសាមី ចំពោះជោគជ័យនៃការចុះបញ្ជី ក្តាមថ្មកោះកុង, សូត្រមាសភ្នំស្រុក, ស្វាយឧត្តរមានជ័យ, និង ស្វាយចន្ទីកំពង់ធំ ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា(Geographical Indication – GI) ដែលជាការទទួលស្គាល់ និង បញ្ជាក់គុណភាព សម្រាប់ផលិតផលទាំងនេះ សំដៅបង្កើនទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក និង ក្រៅប្រទេស។ ជាងនេះទៀត ខ្ញុំពិតជាមានការពេញចិត្ត និងសូមកោតសរសើរយ៉ាងក្លៀវក្លា ចំពោះជោគជ័យដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាន ក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោត ទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ក្នុងឆ្នាំ២០២៥។ខ្ញុំសូមលើកទឹកចិត្តឱ្យរួមគ្នាបំពេញបេសកកម្មដ៏មានសារៈប្រយោជន៍នេះបន្ត និង បន្ថែមទៀត !
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៦) ការអភិរក្ស មិនត្រឹមតែជួយត្រីមានស្រាប់ឱ្យកើនទេ តែជួយថែរក្សានិងបង្កើនត្រីជិតផុតពូជផងដែរ
[ចប់សេចក្ដីអធិប្បាយ៣]
ជាទីបញ្ចប់, ជាមួយការចូលរួមអបអរសាទរ «ទិវាមច្ឆជាតិ ១ កក្កដា» លើកទី២១, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធី សូមទទួលបាននូវសេចក្ដីសុខចម្រើន និង ជោគជ័យគ្រប់ភារកិច្ច, ព្រមទាំង សមប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាតឡើយ។[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
ថ្ងៃនេះ មានយុវជនកាយរិទ្ធ កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសមាគម អមត យុវជនគណបក្ស យុវជនសមាគមរាជសី សម្ព័ន្ធសារព័ត៌មានឯករាជ្យ យុវជនមនសិកាពលរដ្ឋល្អ ក្រុមនិស្សិតសាកលវិទ្យាល័យ និងវិទ្យាស្ថានពហុបច្ចេកទេស សរុប ១១៣៥នាក់ (ជូប)ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនក្មួយៗសិស្សានុសិស្ស ១២៧០នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិចមួយដើម ថវិកា ១ម៉ឺនរៀល។ ជូនលោកគ្រូអ្នកគ្រូ ២៥១នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនវិទ្យាល័យស្វាយរៀង វិទ្យាល័យហ៊ុនសែនចេក មួយវិទ្យាល័យ ២លានរៀល និងសាកលវិទ្យាល័យស្វាយរៀង ៥លានរៀល។ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ៥លានរៀល សាលាក្រុងស្វាយរៀង ២លានរៀល ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ៥លានរៀល។ និងក្រុមតន្រ្តីសម័យ ១០ លានរៀល៕


