ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា;
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
លោក សុង ហៃលាង (Song Hailiang) ប្រធានក្រុមហ៊ុន China Conmmunications Contruction Company (CCCC) និង China Communications Construction Group (CCCG);
គណៈធិបតី ភ្ញៀវកិត្តិយស ដៃគូវិនិយោគ និងអង្គពិធីទាំងមូលជាទីមេត្រី!
[ចាប់ផ្តើមសេចក្ដីអធិប្បាយ១]
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលត្រឡប់មកក្នុងខេត្តតាកែវក្នុងកម្មវិធីជាប្រវត្តិសាស្ត្រមួយនេះ
«បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២»។ ខានមកមកតាកែវមួយរយៈ អ្វីដែលសំខាន់គឺមានភាពប្រែប្រួលតែខ្ញុំទេ។ អាយុច្រើន និងសក់ស។ អ្វីដែលមិនប្រែប្រួលគឺភាពរួសរាយរាក់ទាក់ និងភាពកក់ក្ដៅរបស់អ្នកតាកែវ។ ទោះបីជាសក់ខ្ញុំស ក៏អត់មានអ្នកហៅខ្ញុំតា ហៅត្រឹមអ៊ំ។ អ៊ំស្រីម្នាក់ជូនពរខ្ញុំអោយបានអាយុ១២០។ ខ្ញុំសូមជូនពរទាំងអស់គ្នាអោយរស់បានអាយុដល់១២០។ មានប្អូនប្រុសម្នាក់ស្នើសុំខ្ញុំ(នូវអ្វី)ដែលខ្ញុំមិនអាចអោយបាន គឺជូនពរគាត់អោយបានកូនមួយទៀត។ ខ្ញុំថាសុំខុសមនុស្សហើយ ព្រោះបងក៏សុំគេអត់បានដែរ។ ទៅសុំប្រពន្ធបានត្រូវជាងសុំខ្ញុំ។ បើសុំប្រពន្ធអត់ទាន់បានទៅសុំអ្នកតា។
(១) គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នឹងអភិវឌ្ឍកសិ–ឧស្សាហកម្ម និងឧស្សាហកម្ម នៅខេត្ត៤ នាទិសនិរតី និងបណ្តាខេត្តពាក់ព័ន្ធប្រយោល
ថ្ងៃនេះ ខ្ញុំរីករាយ(នឹងចូលរួម)ពិធីបើកការដ្ឋាន ដូច(បានរៀបរាប់)ក្នុងរបាយការណ៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ដែលបានបញ្ជាក់អំពីសារៈសំខាន់ និងបច្ចេកទេសនៃការសាងសង់។ (គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២) កំណាត់ទី២ នេះមានប្រវែង ១៥១,៦ គីឡូម៉ែត្រ, ចាប់ផ្ដើមពីព្រែកពោធិ៍ ខេត្តកណ្ដាល ទៅដល់សមុទ្រ ខេត្តកែប ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ជាពិសេសការអភិវឌ្ឍទិសនិរតី ដែលជាទិសសំខាន់មួយ ក្នុងនេះគឺមានខេត្ត៤ដែលពាក់ព័ន្ធផ្ទាល់ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ (នៅមាន)ខេត្តដែលពាក់ព័ន្ធប្រយោលគឺខេត្តកំពង់ស្ពឺ ក៏អាចទាញផលពីនេះបានដែរ ទាំងផលនៃការអភិវឌ្ឍកសិ–ឧស្សាហកម្ម ក៏ដូចជាឧស្សាហកម្ម។ ខេត្តកំពង់ស្ពឺឥឡូវគឺជាខេត្តឧស្សាហកម្មមួយ ស្ថិតនៅចន្លោះខេត្តព្រះសីហនុ និងរាជធានីភ្នំពេញដែលជាមជ្ឍមណ្ឌលពាណិជ្ជកម្ម។ បានផ្លូវទឹកថែមមួយទៀត (វាផ្តល់ជា)សក្ដានុពលដល់(បណ្តា)ខេត្តជាប់នេះ។ បើខេត្តកំពង់ស្ពឺអាចរីកបាន (ការអភិវឌ្ឍនឹង)រាលទៅដល់កំពង់ឆ្នាំ។ ពេលដែលរោងចក្រចាប់ផ្ដើមបើកនៅកំពង់ស្ពឺ (ដី)ច្រើនឡើងថ្លៃ។ (អ្នកវិនិយោគ)គេរត់ទៅកំពង់ឆ្នាំង។
(២) ផ្លូវទឹកហ្វូណនតេជោ តភ្ជាប់ពីសមុទ្រទៅផ្លូវទឹកសាប ពីទិសខាងជើងរហូតមកដល់ទិសខាងត្បូង និងតភ្ជាប់ក្នុងតំបន់
ខណៈកំពង់ឆ្នាំងរីក ខេត្តពោធិ៍សាត់ក៏ចាប់ផ្ដើមរីក។ កាលពីឯកឧត្តម វ៉ី សំណាង នៅជាអភិបាលខេត្តកំពង់ស្ពឺ ថាខេត្តរលាក់កងជើង ជាកន្លែងដែលដាច់ស្រយាលក្រីក្រ ពិបាកក្នុងការតភ្ជាប់។ ជំនាន់សង្គ្រាមផ្ទៃក្នុង កំពង់ស្ពឺក៏ជាខេត្តដែល(មានការ)វាយ(ប្រហារ)គ្នាច្រើន។ មានការឈរជើងរបស់ខ្មែរក្រហមនៅទីនោះ។ ប៉ុន្តែ ពេលនេះបានតភ្ជាប់គ្នាដោយមានផ្លូវខ្វាត់ខ្វែង។ សង្ឃឹមថាផ្លូវទឹកមួយនេះ ជាសសៃឈាមដែលតភ្ជាប់មិនត្រឹមខេត្ត៤ ដែលជាប់ផ្ទាល់ពីរាជធានីភ្នំពេញទេ ប៉ុន្តែក៏ជាការតភ្ជាប់ពីសមុទ្រទៅផ្លូវទឹកសាប ពោលគឺនឹងភ្ជាប់ខេត្តដែលនៅជាប់ទន្លេសាប ទន្លេមេគង្គ តាំងពីទិសខាងជើងរហូតមកដល់ទិសត្បូង។
ថ្ងៃមុន ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមក(ទស្សនកិច្ចនៅកម្ពុជា)។ ខ្ញុំក៏បាននិយាយជាមួយគាត់ថា កម្ពុជានិងឡាវ បានចរចាគ្នាបើកច្រកដឹកជញ្ជូនផ្លូវគោកពីកម្ពុជាទៅចិនតាមរយៈឡាវ។ ថ្ងៃក្រោយ ឡាវក៏អាចប្រើផ្លូវទឹកចូលតាមកម្ពុជាទៅសមុទ្រដូចគ្នា ដោយបង្កើតភាពប្រទាក់ក្រឡាពីឡាវទៅប្រទេសជិតខាង … ការអភិវឌ្ឍព្រែកជីកមួយនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ខេត្តទាំងនេះទេ គឺអាចតភ្ជាប់ទៅទាំងក្នុងតំបន់ផង។ ការកសាងដែលមានចក្ខុវិស័យវែងឆ្ងាយ ចាប់ផ្ដើមតាំងពីអាណត្តិមុន ដែលសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានរៀបចំចាត់ចែងនិងផ្ដល់គោលការណ៍សិក្សា ដើម្បីបើកច្រកផ្លូវមួយនេះ។
(៣) កសាងផ្លូវទឹកហ្វ៊ូណនតេជោ ក្នុងទិសដៅធ្វើអោយកម្ពុជាកាន់តែរឹងមាំ ម្ចាស់ការធានាជីវភាពរស់នៅ និងមានសមត្ថភាពលើគ្រប់វិស័យ
ខ្ញុំបានធ្លាប់លើក និងអម្បាញ់មិញឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកពីអត្ថប្រយោជន៍(នៃផ្លូវទឹកនេះ)យ៉ាងក្បោះក្បាយហើយដែរ។ គោលដៅធំនៃគម្រោងនេះ គ្មានអ្វីក្រៅពីលើកស្ទួយកិត្តិយស លើកស្ទួយសមត្ថភាពរបស់ជាតិ ដើម្បីធ្វើឱ្យជីវភាពរបស់នៅរបស់ប្រជាជនបានរីកចម្រើន ធ្វើអោយកម្ពុជាកាន់តែរឹងមាំ(នោះទេ)។ នេះគឺជាគោលដៅនៃការកសាងព្រែកជីកនេះ។ ព្រែកជីកមានប្រវត្តិសាស្ត្រ។ ពីដើម អង្គរបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ការកសាងព្រែកជីកនេះ ក៏ដើម្បីដើរតាមលំនាំពីជំនាន់មុន ដែលខាងពាណិជ្ជកម្មរបស់យើងបានប្រទាក់ក្រឡាជាមួយពិភភលោកតាមរយៈផ្លូវទឹក។ នៅអូរកែវ អតីតផែធំ និងមានឆ្លងកាត់មកអង្គរបុរី។ ការកសាងនេះគឺជាការពង្រីកបន្ថែម ដោយយកលំនាំដែលដូនតាយើងបានមើលឃើញសក្ដានុពលនៅទីនេះ។ យើងជាកូនចៅជំនាន់ក្រោយកសាងនិងបន្តកសាងតទៅទៀត ក្នុងទិសដៅធ្វើអោយខ្មែរកាន់តែរឹងមាំ មានភាពម្ចាស់ការធានាជីវភាពរស់នៅ និងសមត្ថភាពរបស់កម្ពុជាធានាម្ចាស់ការលើគ្រប់វិស័យ។ ការផ្ដល់នូវសារៈសំខាន់ខាងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលច្រើនអាណត្តិមកនេះ មានចក្ខុវិស័យច្បាស់លាស់សំដៅបង្កើនសមត្ថភាពឯករាជ្យភាព ក៏ដូចជាភាពម្ចាស់ការបង្កើតកម្លាំងសេដ្ឋកិច្ចរបស់យើង។
(៤) មិនថាវិញ្ញាសារលំបាកនិងមិនប្រាកដប្រជាយ៉ាងណាក្តី កម្ពុជាមានភាពម្ចាស់ការជំនះ និងដើរទៅមុខ
យើងសម្ពោធសមិទ្ធិផលនៅថ្ងៃនេះ គឺយើងដើរទៅមុខ ប៉ុន្តែក៏ត្រូវទទួលស្គាល់ថា កម្ពុជាស្ថិតក្នុងដំណាក់កាលមួយដែលមានបញ្ហាមួយចំនួន មានវិញ្ញាសារដែលប្រឈមមួយចំនួន។ បញ្ហាអធិបតេយ្យភាព បញ្ហាសេដ្ឋកិច្ចការឡើងថ្លៃប្រេង ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ ម្សិលម្ងៃ រូបភាពក្នុងហ្វេសប៊ុក pop up គឺពេលដែលដល់ខួបមួយឆ្នាំឬ២ឆ្នាំ វារំលឹក។ ឃើញរូបដេកនៅលើគ្រែ ពេលទៅរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ជំនាន់កូវីដ-១៩ ក៏នឹកថាទើបតែ៥ ឆ្នាំគត់ គឺពឺឆ្នាំ២០២១ … បើយើងប្រៀបធៀបពេលនេះ យើងកំពុងតែប្រឈមវិញ្ញាសារមួយចំនួនដែលយើងមិនទាន់ដឹងថាដើរទៅយ៉ាងណា។
មានសង្គ្រាម ការដោះស្រាយរឿងទឹកដី ជនភៀសសឹក បន្ថែមទៅលើវិបត្តិពីសង្គ្រាមនៅមជ្ឍិមបូព៌ា ដែលប៉ះពាល់ដល់ប្រេងឥន្ធនៈ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ … ប៉ុន្តែឃើញរូបហ្នឹង ក៏គិតថាក្នុងរយៈពេល៥ ឆ្នាំនេះ កម្ពុជាយើងបានទទួលនូវវិញ្ញាសារស្មុគស្មាញធំៗ ច្រើន។ មានកូវីដ-១៩។ ចប់ពីកូវីដ–១៩ចូលដល់ផលវិបត្តិសេដ្ឋកិច្ចពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ ក្រោយពីសង្គ្រាមអ៊ុយក្រែន យើងប្រឈមមុខជាមួយបញ្ហារឿងពន្ធបដិកាជាសកល។ ក្រោយពីនោះយើងមានសង្រ្គាមឈ្លានពានប៉ះពាល់អាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលមកដល់ម៉ោងនេះ (ក៏កើតជា)វិបត្តិថាមពលដែលយើងត្រូវប្រឈម។ អ្វីដែលជាការចាប់អារម្មណ៍ ទោះបីវិញ្ញាសារលំបាកនិងមានភាពមិនប្រាកដប្រជាយ៉ាងណា ក៏កម្ពុជាអាចមានភាពម្ចាស់ការក្នុងការជំនះ និងដើរទៅមុខបាន។ នេះគឺជាការពិត។
ខ្ញុំយកតែរឿងកូវីដ-១៩ (មកប្រៀបធៀប)ជាមួយនឹង(ស្ថានការណ៍)បច្ចុប្បន្ន ដែលយើងមានការប្រឈមរឿងអធិបតេយ្យភាព រឿងសង្គ្រាម រឿងប្រេងឥន្ធៈ ជីវភាពរស់នៅ។ បងប្អូនអាចចាំ(បានហើយ)។ អ្នកតាកែវ តំបន់ខ្លះអាចប៉ះពាល់ ប៉ុន្តែបងប្អូនអ្នកភ្នំពេញ ខេត្តកណ្ដាលគឺដឹងច្បាស់ … ខ្ញុំថា៥ ឆ្នាំមុន ស្ថានភាពលំបាកជាងនេះច្រើនណាស់។ ពេលនោះ ជាពេលដែលការរីករាលដាល(កម្រិត)សហគមន៍ចាប់ផ្ដើម។ ពេលនោះ លើពិភពលោក សូម្បីប្រទេសមហាអំណាច មានមនុស្សស្លាប់គរជើងគ្នា។ រូបភាពដែលយើងឃើញលើហ្វេសប៊ុក នៅប្រទេសមួយចំនួន ដូចជាឥណ្ឌា មានមនុស្សស្លាប់គរជើងគ្នា។ កាលពីពេលនោះ យើងមិនទាន់មានការព្យាបាលច្បាស់លាស់ទេ។
ខ្ញុំចាំថ្ងៃ១៤(មេសា)ចូលឆ្នាំ។ ទេវតាចុះ។ ឆ្នាំនោះអត់បានទៅទទួលទេវតាទេ។ ប្រជាពលរដ្ឋក៏អត់បានចូលឆ្នាំដែរ ព្រោះមិនអាចអោយអ្នកភ្នំពេញមកលេងបានទេ។ យប់នោះ ជាមួយគ្រួសារ ខ្ញុំនៅរៀបមជ្ឍមណ្ឌលចត្តាឡីស័ក មជ្ឍមណ្ឌលព្យាបាលជំងឺស្រាលនៅកោះពេជ្រ។ គឺជាពេលដែលមិនទាន់មានភាពច្បាស់លាស់។ (មិនដឹងថា)តើស្ថានភាពពេលនោះ(នឹងវិវត្ត)ទៅណា? គឺងងឹតឈឹងតែម្ដង។ ពីមុនហ្នឹង ២០១៩-២០២១ យើងទប់បានក្នុងសហគមន៍មិនអោយរីកទេ។ ប៉ុន្តែចាប់ពីដើមខែកុម្ភៈ ក្នុងមួយថ្ងៃ(មានការឆ្លងពី)១០០០នាក់ទៅ ២០០០នាក់ នៅក្នុងទីក្រុងភ្នំពេញ។ កាលនោះ មិនទាន់(សំរេចឱ្យ)ព្យាបាលនៅ(តាម)ផ្ទះទេ គឺត្រូវយកមកដាក់នៅមណ្ឌល(ប្រមូលផ្តុំ ឯការ)ចាក់វ៉ាក់សាំងក៏មិនទាន់(បានសព្វ)ស្រួលបួល។
(៥) មិនលើកទង់ជ័យស មន្ត្រីពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ និងទ័ពអាវសចូលរួម និងជំនឿទុកចិត្តរបស់ប្រជាជន ធ្វើអោយកម្ពុជាជំនះបាន កូវីដ១៩
ពេលដែលពិភពលោកកំពុងតែមានមនុស្សស្លាប់ច្រើន ក្នុងមួយថ្ងៃៗ ដោយកន្លែងខ្លះ ចូលដល់រាប់ម៉ឺន/សែននាក់ យើងអាចជំនះបាន(លើកូវីដ១៩ ដោយផ្អែកលើ)កត្តាបី។
ទី១៖ ខ្ញុំបានចូលរួមមួយផ្នែកក្នុងគោលដៅជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលសម្ដេចតេជោដឹកនាំនៅពេលនោះ គឺទោះបីជាស្ថានភាពងងឹត មិនមានភាពច្បាស់លាស់យ៉ាងណា ក៏យើងមិនអាចដេកដួល លើកទង់ជ័យសចំពោះស្ថានភាពនោះទេ។ មានតែខិតខំដោះស្រាយសភាពការណ៍ រៀបចំមណ្ឌលចត្តាឡីស័ក រៀបចំកន្លែងព្យាបាល (កសាងនិងរៀបចំមន្ទី)ពេទ្យ រកថ្នាំដើម្បីព្យាបាល ដែលនេះគឺជាការដាក់ទិសដៅដើម្បីជួយដល់ជីវិតរបស់ប្រជាពលរដ្ឋ។
អរគុណឧកញ៉ា ពុង ឃាវសែ ដែលកាលពីពេលនោះបានអោយមជ្ឍមណ្ឌលកោះពេជ្រដែលជាកន្លែងរៀបការ (អោយធ្វើជាមជ្ឈមណ្ឌលចត្តាឡីស័ក) … ដាក់បានប៉ុន្មានពាន់នាក់នៅទីនោះ។ រៀបចំបានលឿន។ ឧកញ៉ា ពុង ឃាវសែ ថ្ងៃនេះមានវត្តមាន ក៏បានចូលរួមក្នុងការកសាងសមិទ្ធិផល តាមចក្ខុវិស័យនិងការដាក់ទិសដៅ។
ទី២៖ ការខិតខំចូលរួមរបស់មន្ត្រីពាក់ព័ន្ធទាំងអស់ គ្រប់ក្រសួងស្ថាប័ន រាជធានី/ខេត្ត កងកម្លាំងប្រដាប់អាវុធ ជាពិសេសទ័ពអាវស(ពេទ្យ)របស់យើងអនុវត្តគោលការណ៍ ម្ចាស់ការនៅក្នុងការទប់សភាពការណ៍។ ពេលកូវីដ-១៩ អត់មានអ្នកណាជួយអ្នកណាទេ។ (ម្នាក់ៗ)រៀងៗខ្លួន។ កូវីដ-១៩ វាយទូទាំងពិភពលោកព្រមៗគ្នា។ គ្មានអ្នកណាជួយអ្នកណាបានទេ។ សូម្បីជើងយន្តហោះក៏បានបិទដែរនៅនាដំណាក់កាលដំបូង។
ទី៣៖ ការជឿទុកចិត្ត និងការចូលរួមរបស់ប្រជាជន។ ជាកត្តាធំ។ បើសិនជាគ្មានការចូលរួមនិងការទុកចិត្តរបស់ប្រជាជនពេលនោះទេ យើងធ្វើមិនបានទេ។ បើសិនជាពេលដែលយើងបិទខ្ទប់ សូម្បីពេលនោះយើងសុំផ្អាកសិន តែយើងមិនអាចផ្អាកទេវតាចុះទេ។ យើងផ្អាកចូលឆ្នាំ តែសងពេលក្រោយ។ បើសិនជាប្រជាជនពេលនោះជំទាស់ ជំនះមិនព្រមនៅភ្នំពេញ នាំគ្នាបុកទៅផ្ទះនៅស្រុក ប្រហែលជារីករាលដាល ព្រោះពេលនោះផ្ទុះខ្លាំងនៅភ្នំពេញ។ បងប្អូនដែលកំពុងធ្វើការនៅភ្នំពេញ បុកសម្រុកមកតាកែវ អាចនាំមកចែកចាយពេញ(ខេត្ត)។ តែប្រជាជនយើងយល់។ ពេលដែលចាក់វ៉ាក់សាំង មានការឃោសនាច្រើនណាស់ថាកុំអោយជឿ (ត្បិតតែ)ចាក់ទៅ (នឹង)មិនអាចមានកូនបាន។ តែប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងបានទទួលចាក់(វ៉ាក់សាំង)។
(៦) ការផ្ដល់វ៉ាក់សាំងរបស់រដ្ឋាភិបាលចិន និងការសម្រេចចិត្តរបស់កម្ពុជាដែលច្បាស់លាស់និងទទួលខុសត្រូវ
ក្នុងដំណាក់កាលនោះ ក៏សូមអរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់វ៉ាក់សាំង SHINOVAC ដំបូងគេ។ ខ្ញុំចាំ។ ខ្ញុំឈរនៅលេខទីមួយទទួលចាក់មុនគេ។ កាលពីពេលនោះ សម្ដេចតេជោ ក្នុងនាមជាអ្នកដឹកនាំដែលទទួលខុសត្រូវ បានសម្រេចិត្ត(ទទួលអោយចាក់)ថ្នាំ២ គឺ(វ៉ាក់សាំងដែល) WHO ផ្ដល់ការឯកភាព។ រីឯថ្នាំប៉ុន្មានមុខទៀត នៅមិនទាន់មានការឯកភាពទេ។ ការសម្រេចចិត្តរបស់ក្រុមការងារពេលនោះមានការលំបាក ថាតើត្រូវរង់ចាំថ្នាំដែល WHO(ផ្ដល់ការឯកភាព)ទេ? បើសិនជាចាំ យើងមិនដឹងថាដល់ពេលណាទើបបានទទួលទេ។ ពេលនោះ ប្រទេសមហាអំណាចដណ្ដើមគ្នាយក។ កម្ពុជាមិនដឹងពេលណាបាន។ កូវីដ-១៩ចាប់ផ្ដើមសម្លាប់ប្រជាពលរដ្ឋក្នុងទ្រង់ទ្រាយមួយហើយ។ ដោយឡែក ថ្នាំដែលយើងទទួលពីចិន មានការតេស្ដលើប្រជាជនចិន, អារ៉ាប់, ឥណ្ឌូនេស៊ី។ បើតាមធម្មតា ជាស្ដង់ដាថ្នាំ បើអត់មានតម្រូវការបន្ទាន់ គេត្រូវប្រើពេលរាប់ឆ្នាំដើម្បីធ្វើពិសោធន៍។ តែនេះ(ជាភាពបន្ទាន់)ដើម្បីការពារជីវិត។
ជាការទទួលខុសត្រូវគឺយើង(ត្រូវសំរេចចិត្តរវាង)មួយ រង់ចាំថ្នាំមកដល់ ខណៈដែលអង្គុយមើលប្រជាពលរដ្ឋត្រូវកូវីដ-១៩ ស៊ីសួតស្លាប់ មួយថ្ងៃៗមិនដឹងប៉ុន្មាននាក់ ឬមួយក៏យើងសម្រេចចិត្តដើម្បីយកថ្នាំដែលប្រទេសជាច្រើនបានចាក់រាប់រយលាននាក់រួចទៅហើយ គ្រាន់តែ WHO មិនទាន់បានផ្ដល់ការឯកភាពមកអោយប្រជាពលរដ្ឋ។ ដោយសារសម្ដេចតេជោបានសម្រេចចិត្តយកថ្នាំនោះមកអោយប្រជាពលរដ្ឋយើង ទើបយើងអាចគ្រប់គ្រងបាន។ នេះគឺជាការសម្រេចចិត្តមួយដែលមានភាពច្បាស់លាស់និងទទួលខុសត្រូវ។ ហេតុអីបានជាខ្ញុំត្រូវចាក់មុនគេ? តាមពិត សម្ដេចតេជោត្រូវចាក់មុនគេ។ គាត់ថា បើគាត់សម្រេចចិត្តយកថ្នាំហ្នឹងមក គាត់ត្រូវទទួលខុសត្រូវ។ ប៉ុន្តែថ្នាំនេះគេចាក់តែអ្នកដែលមានអាយុ ៦០ឆ្នាំចុះក្រោម ដូចនេះគាត់មិនអាចចាក់បាន។ គាត់ថាបើចាក់មិនបាន សមាជិកគ្រួសារគាត់ត្រូវតែជាអ្នកទីមួយ។ បើមានបញ្ហាអីយើងត្រូវខុសត្រូវមុនគេ។ កុំអោយប្រជាជនចាក់មុន។ ដោយហេតុនេះ ខ្ញុំបានឈរនៅលេខ០០១។ ប៉ុន្តែ ក្រោយមក មានបញ្ហាបច្ចេកទេសទៅចេញរូបមនុស្សស្រីលេខ ០០១។
(៧) រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគិតនិងដាក់វិធានការស្តីពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាំងពីដំបូង
ត្រឡប់មកថ្ងៃនេះ រឿងមិនខុសគ្នាទេ។ បញ្ហាភាពមិនច្បាស់លាស់រឿងទឹក។ ឥឡូវ (ទី១) ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមិនដែលមិនបានគិត និងមិនបានធ្វើទេ គឺយើងដាក់ចេញវិធានការតាំងពីដំបូង។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសុំគោលការណ៍ធ្វើការឧបត្ថម្ភធនដោយស្ងៀមស្ងាត់ជំហានដំបូង។ បន្ទាប់មក យើងចាប់ផ្តើមចុះអត្រាពន្ធប្រេងនាំចូលដោយអាករពិសេសលើអគ្គិសនី សម្ភារៈអគ្គិសនី ម៉ូតូអគ្គិសនី ឡានអគ្គិសនី។ ពន្ធចុះមកសូន្យ នៅក្នុងដំណាក់កាលដ៏លំបាកនេះ។ យើងឧបត្ថម្ភការទម្លាក់ថ្លៃប្រេងដូចជា ៦កាក់កន្លះ។ មកដល់ពេលនេះ ក្នុងមួយខែ រដ្ឋត្រូវថយចំណូល ៥០លានដុល្លារ តាមរយៈការបន្ថយអាករពិសេសនៃពន្ធនេះ។
បន្ថែមលើហ្នឹង ដើម្បីធានានូវថ្ងៃអគ្គិសនីកុំឲ្យឡើង មកដល់ម៉ោងនេះ EDC បានចេញ ៣៥លានដុល្លារហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះដើម្បីទប់ថ្លៃ ព្រោះតម្លៃប្រេងឡើង(នាំឱ្យ)តម្លៃផលិតឡើង។ ប្រទេសខ្លះតម្លៃអគ្គិសនីឡើង(ថ្លៃ) ដូចនៅ Singapore ឡើងហើយ។ នៅកម្ពុជាយើងទប់។ មិនមែនទប់ដោយចៃដន្យទេ គឺរដ្ឋតាមរយៈ EDC ក៏ជាផ្នែកមួយរបស់រដ្ឋ មកដល់ម៉ោងនេះ តាមទិន្នន័យល្ងាចមិញ បានចេញ ៣៥លានដុល្លារហើយ។ បើសិនវាបន្ត នឹងបន្ថែមទៀតដើម្បីធានាថ្លៃប្រេង។ ប្រទេសណាក៏ឡើងដែរ ប៉ុន្តែយើងទប់ប៉ុណ្ណេះបានក៏ជួយសម្រួលមួយចំនួន ហើយសង្ឃឹមថា(តាមរយៈ)កិច្ចការ(សម្ពាធលើប្រជាពលរដ្ឋក៏)បានធូរ។
ទោះជាយ៉ាងណាក៏ដោយ បើវាមានរយៈពេលវែង ស្ថានភាព(បែបនេះនៅ)បន្តទៀត យើងកំពុងគិតវិធានការមួយចំនួនដើម្បីជួយបន្ថែមទៀតទៅតាមលទ្ធភាព។ ទោះបីជារដ្ឋត្រូវថយ ៥០លានមួយខែក៏ដោយ (ដែលជាទំហំមួយ)មិនតិចទេ រដ្ឋសុខចិត្តថយពន្ធ(៥០លានក្នុងមួយខែនេះ)តែទុកលុយឲ្យប្រជាពលរដ្ឋ។ ម្សិលមិញ ថ្លៃប្រេងម៉ាស៊ូត និងប្រេងសាំង ហាក់ដូចចុះបន្តិច។ យ៉ាងណាក្តី ស្ថានភាពវាមិនទាន់ចប់ទេ ដោយសារតែសង្រ្គាមមិនទាន់ចប់។ ទោះជាយ៉ាងណា នេះជាឧទាហរណ៍នៃការយកចិត្តទុកដាក់ និងចក្ខុវិស័យក្នុងការដោះស្រាយ(ស្ថានភាព)ដែលមានភាពមិនច្បាស់លាស់។ រាជរដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋ មិនមែនតែក្នុងពេលសប្បាយទេ មិនមែនតែពេលអបអរសាទរទេ ប៉ុន្តែក៏ទាំងពេលលំបាក ដោយរដ្ឋាភិបាលនៅជាមួយប្រជាជន និងចាត់វិធានការដោះស្រាយតាមលទ្ធភាពដែលអាចធ្វើបាន។ នេះគឺជាចក្ខុវិស័យ។
(៨)មន្រ្តីរាជការនិងក្រសួងស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែង និងសូមប្រជាពលរដ្ឋចូលរួម
ទី២ ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យនៅទីនេះ (បាន)វិលជុំរហូត។ មួយរយៈតាំងពីផ្ទុះសង្រ្គាមមក អ្នកដែលស្នូលៗប៉ុន្មាន power រាងចុះបន្តិច។ ប៉ុន្តែ ឥឡូវបានសាកថ្មឡើងវិញ។ គ្រប់គ្នាលែងចង់លាបសក់ហើយ។ ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ គាត់លាបអត់កើត។ ឥឡូវ សក់ខ្ញុំសអញ្ចឹងយូរទៅ ប្រពន្ធថាបងឯងមិនបាច់លាបទេ តែលាបគេលែងស្គាល់។ តែខ្ញុំថាអត់អីទេ ចាំដោះស្រាយបញ្ហាព្រំដែនចប់ ខ្ញុំលាបកុំឲ្យចាញ់សម្តេចពុក។ ថ្ងៃមុនទៅប្រជុំ ព្រះអង្គ Sultan របស់ប្រ៊ុយណេគាត់កំប្លែងដាក់ថា “គួរតែឯកឧត្តម ជាឪពុករបស់សម្តេចតេជោ។ សម្តេចតេជោ សក់ឡើងក្មេងជាងកូន” … ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល តាមដានជាប់ជាប្រចាំ រកប្រភពប្រេងផ្សេងៗ។ ក្នុងការដោះស្រាយកូវីដ-១៩ ក៏មានវិស័យឯកជន សប្បុរសជន និងក្រុមហ៊ុនបរិច្ចាគចូលរួមជាច្រើន។ នៅទីនេះក៏វិស័យឯកជនយើងចូលរួមនៅក្នុងការជួយទុក្ខមួយចំនួន។
ទី៣ (ជាចំណុច)សំខាន់។ សូមអំពាវនាវរបស់ប្រជាពលរដ្ឋចូលរួម ដើម្បីឲ្យមានជោគជ័យ។ វាអត់បានល្អឥតខ្ចោះ វាអាចមានការលំបាកខ្លះ អត់ដូចចិត្ត ដូចកាលជំនាន់កូវីដ-១៩ អញ្ចឹង។ បងប្អូនខ្លះរអ៊ូ។ ពេលធ្វើចត្តាឡីស័ក ហេតុអ្វីមិនឲ្យខ្ញុំទៅ។ ដាច់បាយហើយ។ តែបងប្អូនយោគយល់។ កន្លែងខ្លះ ពេលចូលឆ្នាំ បងប្អូនខ្លះត្រូវទៅជួបគ្រួសារ ប៉ុន្តែយើងដាច់ខាតត្រូវតែបិទ។ បងប្អូនយោគយល់។ អញ្ចឹង ដំណាក់កាលនោះ ទោះបីជារាជរដ្ឋាភិបាលខិតខំ ក៏យើងមិនអាចទប់ចរន្តបានទាំងស្រុងនៃបុព្វហេតុ ឬមួយក៏មូលហេតុ បានន័យថាយើងមិនអាចធ្វើឲ្យសង្គ្រាមនៅមជ្ឈិមបូព៌ាឈប់ទេ បើសិនជាដៃគូអ្នកដែលពាក់ព័ន្ធមិនឈប់។ យើងបានតែអំពាវនាវ បានតែចង់ឲ្យឈប់តែប៉ុណ្ណឹង។ ប៉ុន្តែ យើងអាចខិតខំធ្វើ ហើយខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋ អ្វីដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញនេះ ខិតខំចាត់វិធានការជាក់ស្តែង។ សូម្បីតែនៅជិតយើង ខ្ញុំមិននិយាយប្រទេសណាទេ ប្រទេសខ្លះចូលចិត្តបង្អាប់ប្រទេសកម្ពុជា។ (ដូចជា)ម្សិលម្ង៉ៃនៅក្នុងសភា សមាជិកសភាខ្លះបានបន្ទោសរដ្ឋាភិបាលថា ហេតុអ្វីដើរយឺតជាងកម្ពុជាក្នុងការទម្លាក់ពន្ធជួយប្រជាពលរដ្ឋ។ ខ្ញុំនិយាយតែប៉ុណ្ណឹងចុះ។ ប៉ុន្តែសូមជំរាបថា យើងចាត់វិធានការ យើងមិនដេកស្ងៀមទេ។ ពេលខ្លះមានការទម្លាក់ពន្ធ ឬឧបត្ថម្ភទុន។ វិធានការមួយចំនួន យើងមិនបានផ្សព្វផ្សាយទាន់ពេលវេលា ប៉ុន្តែយើងបញ្ចេញសកម្មភាពជាក់ស្តែង បញ្ចេញទុនជាក់ស្តែងដើម្បីដោះស្រាយ។
(៩) សូមយោគយល់ សន្សំសំចៃប្រេង សន្សំសំចៃភ្លើង កាត់បន្ថយចំណាយលើការធ្វើដំណើរ
ដោយហេតុនេះ ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ទី១ ធ្វើការយោគយល់ ទី២ សន្សំសំចៃប្រេង សន្សំសំចៃភ្លើង ព្រោះវាពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ខ្លួន។ រដ្ឋបាលរាជធានីខេត្ត រៀបចំចូលឆ្នាំ ប៉ុន្តែ យើងក៏ត្រូវមើលដែរ។ កន្លែងណាដែលអស់មនុស្សហើយ ម៉ោង៩ បិទភ្លើង កុំទុកចោលដល់ភ្លឺ។ ទេវតាចុះម៉ោងប៉ុន្មាន? ទេវតាអត់ត្រូវការភ្លើងទេ។ កន្លែងដែល(ត្រូវការការពារ)សុវត្ថិភាពហ្នឹង យើងទុកចុះ។ ចូលរួមទាំងអស់គ្នាមួយដៃមួយជើង។ ថ្ងៃមុនបានឲ្យឯកឧត្តម ហង់ ជួនណារ៉ុនសិក្សាថាបើសិនជាស្ថានភាពវាបន្តទៅថ្ងៃមុខបែបនេះ (សម្តេចតេជោក៏បានលើកឡើងឱ្យបានគិតគូររឿងនេះ) តើសាលាមួយចំនួន ឧទាហរណ៍ថាសាលាកម្រិតមធ្យមសិក្សាមួយចំនួនតាមទីប្រជុំជនដែលមានលទ្ធភាពរៀនតាម online អាចឱ្យអនុវត្តបានទេ? បឋមសិក្សារៀននៅជាប់ផ្ទះ អាហ្នឹងឲ្យទៅរៀន។ ប៉ុន្តែឲ្យវាយតម្លៃជាក់ស្តែង។ យើងសង្ឃឹមថាវិបត្តិ និងបញ្ហានេះវាមិនយូរអង្វែង ប៉ុន្តែយើងក៏ត្រូវត្រៀមលក្ខណៈដូចម្តេច។ បានន័យថា កាត់បន្ថយការធ្វើដំណើរ ការចំណាយលើការធ្វើដំណើរ។ អញ្ចឹង យើងនឹងគិតគូរវិធានការផ្សេងៗ ជាពិសេសក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារមានបញ្ហាមួយចំនួន យើងគិតគូរជាបន្តទៀត។ ខ្ញុំបានលើកហើយថាដែលយើងនិយាយអំពីស្ថានភាពនៃការអបអរសាទរ ការបើកនិងត្រៀមពីធីបុណ្យចូលឆ្នាំ យើងក៏មិនភ្លេចនូវវិញ្ញាសារប្រឈមនានាដែលយើងកំពុងជួបប្រទះ។ យើងមិនភ្លេចពីការដោះស្រាយជូនប្រជាពលរដ្ឋ ជនភៀសសឹក និងកងទ័ពរបស់យើងនោះទេ។ ត្រូវតែបន្តធ្វើ។
(១០) ព្រែកជីកហ្វូណន ដើម្បីឯករាជ្យនិងភាពម្ចាស់ការតភ្ជាប់ពីផ្ទៃក្នុងប្រទេស គ្រប់មធ្យាបាយ ទាំងផ្លូវថ្នល់ និងផ្លូវដែក ព្រមទាំងផ្លូវទឹក
ឥឡូវ ភ្ជាប់គ្នាជាមួយនឹងព្រែកជីកហ្វូណនក៏ដូចគ្នា។ ព្រែកជីកហ្វូណននេះ យើងឃើញធ្វើការសម្ពោធកំណាត់ទី១ ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ឥឡូវយើង(ឈានដល់)កំណាត់ទី២។ មានអ្នកខ្លះថាគម្រោងនេះគាំងហើយ។ អត់គាំងទេ។ យើងបានធ្វើការជាប្រចាំ ដោះស្រាយជាប្រចាំ។ សួរថាស្រួលទេ? អត់ស្រួលទេ។ មានបញ្ហាប្រឈម ប៉ុន្តែហេតុអ្វីបានជាយើងត្រូវធ្វើព្រែកជីកហ្វូណនមួយនេះ? ឯកឧត្តម ស៊ុន ចាន់ថុលបានរាយការណ៍ពីអត្ថប្រយោជន៍អម្បាញ់មិញច្រើនហើយ។ បងប្អូនក៏ដឹងដែរ។ ខ្ញុំចូលមកអម្បាញ់ម៉ិញ អ៊ំៗ នៅកន្លែងនេះ ប្រាប់ថាសប្បាយចិត្ត។ កន្លែងដែលពីមុនធ្លាប់តែនៅខាងក្រោយ កន្លែងខ្លះដីកប់ខាងក្នុង បន្តិចទៀតទៅជាមុខផ្លូវទឹក និងតំបន់ឧស្សាហកម្ម។ អញ្ចឹង ខាងណោះមានផ្លូវជាតិ ខាងណេះមានផ្លូវទឹក។ ផ្លូវទឹកមិនមែនសម្រាប់ទូកដរទេ គឺផ្លូវទឹកសំរាប់កប៉ាល់រាប់ពាន់តោនដឹកទំនិញ។ ផ្លូវនៅតាមបណ្តោយនេះ ក៏នឹងរៀបចំជាមជ្ឈមណ្ឌលភស្តុភារកម្ម ឧស្សាហកម្ម ជាប្រព័ន្ធធារាសាស្រ្តជូនប្រជាពលរដ្ឋ …។
បងប្អូនអាចយល់ច្រើនលើកិច្ចការនេះ។ មានចក្ខុវិស័យច្បាស់លាស់ មិនមែនត្រឹមជាគម្រោងប្រវត្តិសាស្រ្ត និងដើរតាមគន្លងដូនតាដែលយកភូមិសាស្រ្តកន្លែងនេះជាកម្លាំងសេដ្ឋកិច្ច តាមរយៈពាណិជ្ជកម្មនោះទេ ប៉ុន្តែ យើងបានធ្វើតាមបច្ចេកវិទ្យាថ្មីដើម្បីអនាគតរាប់សិបឆ្នាំ ជាពិសេសគឺឯករាជ្យនិងភាពម្ចាស់ការ ក្នុងការភ្ជាប់ពីផ្ទៃក្នុងប្រទេស គ្រប់មធ្យាបាយ ទាំងផ្លូវគោក (ដោយ)ផ្លូវគោកមានផ្លូវថ្នល់ និងផ្លូវដែក ដែលយើងនឹងរៀបចំពង្រាយបន្ថែមទៀត និងផ្លូវទឹកមកតាមខេត្ត។
ថ្ងៃមុនឃើញឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តម ប៉េង ពោធិ៍នា ជិះអូប៊័រតាមគន្លងចាស់។ ខ្ញុំថាថ្ងៃណាមកលួចជិះនឹងគេដែរ។ តែមិនលួចជិះ(ទេ ព្រោះ)ត្រូវរំខានដល់កងកម្លាំងបងប្អូនពង្រាយពេញហ្នឹង។ ទាល់តែលួចជិះ។ កន្លែងខ្លះ ខ្ញុំទៅខេត្តលួចទៅដល់ ចេញមកវិញទូទាំងខេត្តដឹងអត់? គាត់ថាលួចដឹងដែរ ព្រោះខេត្តមួយៗគេដឹង។ តែចូលដែនដីគេៗ ដឹងហើយៗ យើងក្លែងភេទម៉េចក៏ដោយ។ លេខឡានប្តូរតែ២ ទៅ៣ ដងទេ គេចាំបាត់ហើយ។ ជួនកាលគេមើលតែតៃកុង ក៏ដឹងបាត់។ អញ្ចឹងហេតុអ្វីបានជាលួចដឹង? គេថា ព្រោះបងលួចមក អញ្ចឹងខ្ញុំលួចដឹងដែរ។ សូមមើលទិដ្ឋភាពទាំងនេះឲ្យហើយ។ ពេលដែលអនុវត្តចប់គម្រោង យើងលែងបានឃើញទិដ្ឋភាពដើមហើយ។
ការវិវត្តកន្លែងហ្នឹង មិនអាចប្រៀបធៀបទៅជាមួយភ្នំពេញទេ មិនអាចប្រៀបធៀបព្រែកជីកហ្វូណនជាមួយ Panama Canal ទេ។ ប៉ុន្តែ យើងអាចប្រៀបធៀបទីតាំងភូមិសាស្រ្តកន្លែងនេះពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតបាន ដើម្បីឃើញការវិវត្ត។ អញ្ចឹង ជិះទូកដើម្បីមើលឲ្យឃើញ(ទិដ្ឋភាពទាំងនេះ) ពេលដែលកប៉ាល់ធំ(អាចធ្វើនាវាចរណ៍បាន)អាចជិះកប៉ាល់មើលទៀត និងអាចប្រាប់ថា “កាលដែលខ្ញុំមកជាក់ស្តែងពេលមុន វាមានសភាពអញ្ចឹង។ ឥឡូវវាអញ្ចេះ។” អ្នកដែលធ្លាប់មកកម្ពុជានៅក្នុងដំណាក់កាលសង្រ្គាម និងដំណាក់កាលបច្ចុប្បន្ន គេថាមានមោទនភាពដែលឃើញការវិវត្តរបស់យើង។ នេះជាការពិត។
(១១) ព្រែកជីកហ្វូណនតេជោនឹងនាំដល់ការស្តារខ្លងពីភ្នំពេញទៅកំពង់ឆ្នាំង ទៅកំពង់ចាម និងទៅស្ទឹងត្រែងភ្ជាប់ការដឹកជញ្ជូនតាមផែពហុបំណង
ចំណុចទី៣ គឺការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង។ គម្រោងនេះ មិនអាចជោគជ័យបានទេ បើសិនជាមិនមានការចូលរួមរបស់ប្រជាពលរដ្ឋ។ អម្បាញ់មិញ ក្នុងក្រសួងស្ថាប័ន មានក្រសួង មានក្រុមការងារ ព្រោះកិច្ចការនេះមិនមែនគ្រាន់តែគូសវាសទេ គឺចរចា។ សូម្បីតែរដ្ឋមន្រ្តីការបរទេសចិន ក៏ហៅ ឯកឧត្តម ស៊ុន ចាន់ថុល ថាជា “mister canal” ឬឯកឧត្តម ព្រែកជីក ព្រោះនិយាយរួម ចាប់តាំងពីដើមទី សិក្សាពីដំបូង លើកយោបល់សម្តេចតេជោឲ្យសិក្សាចេញមក មកដល់ខ្ញុំ គឺដើរចរចាគ្រប់ទិដ្ឋភាព បច្ចេកទេស ហិរញ្ញវត្ថុ និងមិនត្រឹមតែចរចាខាងក្រៅទេ ចរចាខាងក្នុង។ ខាងក្នុងតឹងជាងអីទៀត ព្រោះការគិតគូរ ត្រួសត្រាយផ្លូវ ដូវដែលមានជារបាយការណ៍អម្បាញ់មិញនេះ ពេលដែលបើកកម្រិតទី១ យើងចាប់ផ្តើមវាស់វែងលើដី។ យើងចាប់ផ្តើមកែតម្រូវ។ ជំហានទី២ យើងធ្វើដូចគ្នា។ ប៉ុន្តែអ្វីដែលយូរគឺនៅការកែតម្រូវយ៉ាងណាធ្វើឲ្យប៉ះពាល់តិចដល់ប្រជាពលរដ្ឋ។ ជាពិសេសកុំឲ្យប៉ះពាល់ភូមិករប្រជាពលរដ្ឋ … មិនអាច zero បានទេ ព្រោះវាត្រូវការគន្លងខ្លះ។ យើងកាត់បន្ថយឲ្យច្រើនមែនទែន ភាគច្រើនដីស្រែ កាត់កាត់បន្ថយភូមិឲ្យបានច្រើនជាអតិបរមា។
នេះជាការខិតខំប្រឹងប្រែងនៃក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារដោះស្រាយផលប៉ះពាល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ប៉េង ពោធិ៍នា ក្រសួងពាក់ព័ន្ធ ឯកឧត្តម សាយ សំអាល់ ខាងក្រសួងដែនដី ឯកឧត្តម ឌិត ទីណា កិសកម្ម ឯកឧត្តម ថោ ជេដ្ឋា និងក្រុមការងារធនធានទឹក … ហើយរដ្ឋបាលខេត្តទាំង៤ ដែលពាក់ព័ន្ធ ក៏សូមអរគុណចំពោះការចូលរួម។ អរគុណដល់ក្រុមហ៊ុនដៃគូ ដែលមានយើងរូបមន្តទី១ ភាពជាដៃគូរវាងរដ្ឋនិងឯកជន។ នេះជាគម្រោង BOT ដែលលើកនេះមានដៃគូខ្មែរ ៥១ ភាគរយ ក្នុងនោះមានទាំងផែព្រះសីហនុ ផែស្វយ័តភ្នំពេញ បូកជាមួយក្រុមហ៊ុន OCIC ចូលរួមគ្នាខាងភាគីខ្មែរ … សង្ឃឹមថា កំណាត់ទី១ ដើរ នៅពេលដែលយើងបញ្ចប់តាមផែនការ។ យើងអាចចរាចរទៅដូចគ្នា។
គម្រោងនេះ មិនមែនត្រឹមតែព្រែកជីកនេះមួយទេ។ វានឹងរីកដល់ការស្តារខ្លង ពីភ្នំពេញទៅកំពង់ឆ្នាំង ពីភ្នំពេញទៅកំពង់ចាម ហើយពីកំពង់ចាមទៅស្ទឹងត្រែង។ ទៅតាមបណ្តោយហ្នឹង ព្រោះខ្សាច់វាកកច្រើន។ យើងត្រូវការភ្ជាប់ការដឹកជញ្ជូន។ ឥឡូវនៅកំពង់ឆ្នាំងនេះ រៀបចំផែពហុបំណង … ថ្ងៃក្រោយនៅទិសឦសាននឹងអាចរៀបចំបន្ថែមទៀត ដើម្បីប្រទាក់ក្រឡាបាន។ អញ្ចឹងដឹកពីទន្លេទៅសមុទ្រ ដឹកពីសមុទ្រទៅទន្លេ មិនចាំបាច់ចាំឡើងគោក។ តាមទន្លេមិនសូវស្ទះចរាចរណ៍ដូចតាមគោកទេ ហើយការដឹកជញ្ជូនក៏ថោកជាង។ អញ្ចឹងយើងនឹងអាចភ្ជាប់ទំនាក់ទំនង(បានងាយ)។ ការកសាងគម្រោងនេះ ទាមទារឲ្យមានការយោគយល់និងចូលរួម ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលអាចពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់តាមគន្លងនេះមេត្តាយោគយល់។
(១២) ប្រែក្លាយដីមួយចំនួនពីការដាំស្រូវ ទៅជាដាំដំណាំផ្សេងដែលបានផល ឬចំណូលខ្ពស់ជាង ឬធ្វើឧស្សាហកម្ម
តាមរបាយការណ៍និងក្រុមការងារដែលបានចុះ ប្រជាពលរដ្ឋយើងភាគច្រើនយល់ ព្រោះគម្រោងនេះ … ជាគម្រោង BOT ដែលឯកជនជាអ្នកចេញទុនធ្វើ ប៉ុន្តែផលប្រយោជន៍មិនមែនសម្រាប់តែក្រុមហ៊ុនដឹកជញ្ជូនផ្តាច់មុខទេ គឺសម្រាប់ផលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសខេត្ត៤។ (ចំពោះ)ទីកន្លែងដែលធ្លាប់តែធ្វើស្រែ ធ្វើចំការ នៅខាងក្រោយផ្លូវជាតិចេញរាប់គីឡូបានទៅដល់ បន្តិចទៀតក្លាយជាកន្លែងភ្ជាប់ផ្លូវទឹក និងអមព្រែកជីកហ្នឹងគឺមានធ្វើផ្លូវសងខាងចល័តទៀត។ អញ្ចឹងគឺងាយស្រួលចល័តចុះឡើង។
ថ្ងៃមុន ទៅស្វាយរៀង ខ្ញុំថាខេត្តស្វាយរៀង ជាពិសេសខាងបាវិតនិងជាប់បាវិត “ថ្ងៃក្រោយយើងមិនបាច់ដាំស្រូវទេ។ យើងដាំរោងចក្រ”។ មានអ្នកយកទៅលេងសើច។ គេថាអញ្ចឹងបានអ្វីហូប? មួយឆ្នាំ បើនិយាយអំពីសន្តិសុខស្បៀង យើងនាំចេញ(ស្រូវអង្ករ)ទៅក្រៅរាប់លានតោន។ ឧទាហរណ៍ ស្រូវអង្ករមួយឆ្នាំក្នុងប្រទេស យើងប្រើអស់តែ ៦លានតោនទេ តែយើងផលិតបាន ១៤លានតោន។ យើងនាំទៅក្រៅ។ បានន័យថាយើងមិនចាំបាច់ប្រើផ្ទៃដីដូចរាល់ឆ្នាំដើម្បីផលិតស្រូវ ហើយនាំចេញតែស្រូវនោះទេ។ យើងអាចកាត់បន្ថយផ្ទៃដីមួយចំនួនឱ្យប្រែក្លាយពីដាំស្រូវ ទៅដាំដំណាំផ្សេងដែលបានផល ឬមួយក៏ចំណូលខ្ពស់ជាង ឬធ្វើឧស្សាហកម្ម ឬធ្វើអ្វីដែលមានចំណូលខ្ពស់ជាង។ ឧទាហរណ៍ កាត់បន្ថយពី ១៤លានតោន ទៅត្រឹម ១០លានតោន ហើយនាំចេញ ៥លានតោនចុះ។
ប៉ុន្តែ បើប្រែក្លាយដីនេះ ពីដាំស្រូវធ្វើចំការ ដែលនាំចេញឧទាហរណ៍ ១ម៉ឺនហិកតា រកបាន ១០០លាន(ដុល្លារ)ពីកសិកម្ម ដោយបង្កើតការងារសម្រាប់កសិករបានមួយម៉ឺនគ្រួសារ ព្រោះមួយម៉ឺនហិកតាថាម្នាក់មួយហិកតាចុះ ហើយយកមួយម៉ឺនហិកតានេះ ទៅរៀបចំជាសកម្មភាពសេដ្ឋកិច្ចស្អីមួយដូចជា ឧស្សាហកម្ម សេវាកម្ម ឬមួយអ្វីដែលមានផលចំណូលខ្ពស់ជាង វានឹងនាំឲ្យមួយម៉ឺនហិកតានេះ អាចនាំចំណូលជូនជាតិរាប់ពាន់លានដុល្លារ ជាជាង ១០០លានដុល្លារ។ ការបង្កើតការងារ និងឧស្សាហកម្មនេះហើយ ដែលធ្វើឲ្យយើងរីកចម្រើនកាន់តែខ្លាំង។ អញ្ចឹង ន័យបែបហ្នឹង មិនមែនថាកម្ពុជាលែងផលិតស្រូវអង្ករហូប និងលែងដាំបន្លែបង្កានោះទេ។ ខេត្តបាត់ដំបងក៏នៅ។
ខ្ញុំបានប្រាប់ទៅឯកឧត្តម ឌិត ទីណា សន្តិសុខស្បៀងជាការងារចាំបាច់ ប៉ុន្តែទន្ទឹមនឹងសន្តិសុខស្បៀងនេះ ក៏យើងត្រូវគិតអំពីចំណូលរបស់ប្រជាពលរដ្ឋ។ បើយើងមានលើសហើយ កន្លែងខ្លះពិនិត្យមើលលទ្ធភាព(ប្រែក្លាយ) ព្រោះបើលើស មានតែនាំចេញ។ (តើការ)នាំចេញជាផលិតផលកសិកម្ម ឬជាផលិតផលឧស្សាហកម្ម មួយណាបានផលច្រើនជាងដើម្បីចំណូលប្រទេសជាតិ បៀវត្ស និងចំណូលជូនប្រជាពលរដ្ឋ។ អញ្ចឹងនៅតាមបណ្តោយ ១៥១គីឡូម៉ែត្រ ឬ ១៨០គីឡូម៉ែត្រ បើមួយកំណាត់ទី១ ខ្ញុំថា ឱកាសក្លាយជាតំបន់ឧស្សាហកម្ម មានច្រើនជាងនៅខេត្តកណ្ដាល ប៉ុន្ដែតំបន់នេះ ដែលបច្ចុប្បន្នសុទ្ធតែជាស្រូវអង្ករ ដាំបន្លែឬមួយកសិកម្មធ្វើអីអត់បានទេ។
(១៣) ការដឹកជញ្ជូនក៏ថោកនិងមានអគ្គិសនីតាមបណ្តោយព្រែកជីកហ្វូណនតេជោ នឹងទាក់ទាញកាវិនិយោគរោងចក្រកសិឧស្សាហកម្ម បង្កើតការងាររាប់ម៉ឺនកន្លែង
អញ្ចឹង នៅពេលដែលព្រែកជីកនេះធ្វើហើយ ប្រតិបត្ដិការមួយរយៈតាមបណ្ដោយនេះ កន្លែងខ្លះនឹងនៅជាតំបន់កសិកម្មដដែល អាចក្លាយទៅជាកសិឧស្សាហកម្ម ព្រោះរោងចក្រផលិតផលកសិឧស្សាហកម្ម រៀបចំជាផលិតផលអីបានយកមកដាក់ហើយ ព្រោះការដឹកជញ្ជូនក៏ថោកនិងមានភ្លើងចូលមកដល់។ កាលពីមុន គេធ្វើក្បែរផ្លូវថ្នល់។ ឥឡូវគេធ្វើក្បែរផ្លូវទឹក ឬមួយកន្លែងខ្លះយើងរៀបចំជាជាមជ្ឈមណ្ឌលភស្ដុភារកម្ម ឬឧស្សាហកម្ម ដែលដីធ្លាប់តែ ៣០០ហិកតា ពីមុនបានតែផលប៉ុន្មានសំរាប់ ៣០០ គ្រួសារ ឥឡូវ វាក្លាយទៅជា ៣០០ហិកតានៃឧស្សាហកម្ម ដែលបង្កើតការងារបានរាប់ម៉ឺននាក់ ចំណូលរាប់ពាន់លានទៅឲ្យអ្នកខេត្តតាកែវ ខេត្តទាំងប៉ុន្មាន និងប្រជាជននៅទូទាំងប្រទេស។ នេះជាការអភិវឌ្ឍទៅមុខ។ ការប្រែក្លាយ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមិនថាព្រែកជីក ឬផ្លូវថ្នល់គឺជាមធ្យោបាយមួយបំរើដល់ការអភិវឌ្ឍផ្សេងទៀត ដែលនឹងនាំចំណូលដល់ប្រជាពលរដ្ឋ។
អំពីការគិតគូរនេះ សូមអរគុណដល់ប្រជាពលរដ្ឋដែលចូលរួមគាំទ្រដល់គម្រោងនេះទូទាំងប្រទេសយល់ពីសារៈសំខាន់នៃគំរោងជាប្រវត្ដិសាស្ដ្រនេះ ហើយក៏សូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែល(ទទួល)រងផលប៉ះពាល់ពីគំរោងនេះ។ ក្រុមការងារនឹងខិតខំដោះស្រាយឲ្យបានសមស្រប។ បើខ្ញុំចេះជ្រែកដីបាន ខ្ញុំជ្រែកហើយ ប៉ុន្ដែជ្រែកមិនចេញ។ បើខ្ញុំចេះញែកបាន ខ្ញុំនឹងពន្លូតដីយើងឲ្យបាន ៣គីឡូបន្ថែមទុកផ្ទះប្រជាជន ទុកកន្លែងនៅដដែល។ ប៉ុន្ដែយើងពង្រីកមិនបាន។ យើងត្រូវធ្វើកិច្ចការនេះ ប្រែក្លាយវាជាគំរោងប្រវត្ដិសាស្ដ្រ ប៉ុន្ដែដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ អញ្ចឹង ដើម្បីឲ្យគំរោងនេះជោគជ័យ វាមិនខុសពីការដោះស្រាយបញ្ហាកូវីដ១៩ ឬវិបត្ដិនោះទេ គឺការដាក់ចក្ខុវិស័យច្បាស់លាស់ ការចូលរួមរបស់មន្ដ្រីរាជការបស់យើងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការគាំទ្រការយោគយល់ចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង។
ខ្ញុំសូមអរគុណទុកជាមុន ហើយសូមឲ្យបងប្អូនគាំទ្រដល់(ការអនុវត្ដ)គំរោងនេះ ជាពិសេសបងប្អូនដែលពាក់ព័ន្ធផ្ទាល់តែម្ដង ទៅលើសកម្មភាពនៃការដោះស្រាយនៃការធ្វើនេះ ហើយក្រុមការងារនៃការដោះស្រាយផលប៉ះពាល់នឹងខិតខំដោះស្រាយឲ្យបានសមស្របជូនប្រជាពលរដ្ឋ។ នេះជាការទទួលខុសត្រូវ។ ដៃម្ខាងចំពោះជាតិ និងអនាគតរបស់ខ្មែរយើង ត្រូវពង្រឹងភាពរឹងមាំរបស់យើង។ យើងត្រូវប្រឹងរឹងមាំខ្លួនឯង។ យើងមិនអាចពឹងអ្នកណារហូតទេ។ ប្រទេសគេៗ មានបញ្ហាត្រូវដោះស្រាយ(ដែរ)។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហា(របស់យើង) ដូចយើងដោះស្រាយបញ្ហាកូវីដ១៩ (និង)ដូចយើងកំពុងដោះស្រាយវិញ្ញាសារលំបាកកន្លងទៅ ដោះសា្រយបញ្ហាប្រឈមនៃវិបត្ដិសេដ្ឋកិច្ចដោយសារសង្គ្រាមបជ្ឈឹមបូព៌ា និងកំពុងតែដោះស្រាយបញ្ហាទឹកដីពីការឈ្លានពាន។ ការកសាងសមិទ្ធផលនេះ ចាំបាច់ទាមទារកត្ដាបីនេះ រួមទាំងការគាំទ្រ និងចូលរួមរបស់ប្រជាជនខ្មែរគ្រប់ទិសទី ជាពិសេសអ្នកពាក់ព័ន្ធនេះឯងទើបទៅរួច។ បើមិនអញ្ចឹង យើងមិនអាចទៅមុខនោះទេ។
[ចប់សេចក្ដីអធិប្បាយ១]
ឯកឧត្តម លោកជំទាវ, លោក លោកស្រី និង អង្គពិធី ជាទីមេត្រី!
ក្នុងគោលបំណងចូលរួមលើកកម្ពស់ការគ្រប់គ្រង និង ការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេ-សមុទ្រ និង កំពង់ផែ, ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ ៤ ចំណុច សម្រាប់ក្រសួងសាធារណការ និង ដឹកជញ្ជូន ដូចខាងក្រោម៖
ទី១. ត្រូវបន្តជំរុញប្រសិទ្ធភាពនៃការដឹកជញ្ជូនផ្លូវទឹកទន្លេ-សមុទ្រ, តាមរយៈ ការតភ្ជាប់ទន្លេមេ ជាមួយដៃទន្លេ, បឹង, ស្ទឹង, ព្រែក និង ប្រឡាយ, ឆ្ពោះទៅកាន់សមុទ្រ ដើម្បីផ្សារភ្ជាប់ទីក្រុង, ទីជនបទ និង តំបន់តាមដងទន្លេ ស្ទឹង ព្រែក ជាមួយតំបន់ផលិតកម្ម កសិកម្ម និង ទេសចរណ៍ ។ ទន្ទឹមនេះ, ត្រូវបន្តពង្រីកការតភ្ជាប់នៃបណ្តាញដឹកជញ្ជូនផ្លូវទឹក ជាមួយបណ្តាញដឹកជញ្ជូនពហុមធ្យោបាយផ្សេងទៀត ដើម្បីកាត់-បន្ថយចម្ងាយ, ពេល ថ្លៃដឹកជញ្ជូន និង ឧបសគ្គនានា ។
ទី២. ត្រូវបន្តពង្រឹងគុណភាព, សមត្ថភាព និង សក្តានុពល នៃវិស័យដឹកជញ្ជូនផ្លូវទឹក នៅកម្ពុជា ឱ្យក្លាយជាឧស្សាហកម្មដឹកជញ្ជូនផ្លូវទឹក និង កំពង់ផែ ពិតប្រាកដ, ព្រមទាំងត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និង កំពង់ផែ ។
ទី៣. ត្រូវជំរុញឱ្យការដឹកជញ្ជូនធុនធ្ងន់ ផ្លាស់ប្តូរពីផ្លូវថ្នល់មកផ្លូវទឹក ឬ ផ្លូវដែក ដើម្បី, ម៉្យាង កាត់បន្ថយការខូចខាតផ្លូវថ្នល់, ការកកស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍, និង ម៉្យាងទៀត កាត់បន្ថយថ្លៃដឹកជញ្ជូន និង ការបំភាយឧស្ម័នផ្ទះកញ្ចក់ ។
ទី៤. ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និង ការកសាងមូលធានមនុស្ស ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក និង កំពង់ផែ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក និង កំពង់ផែ នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត, ជាពិសេស ត្រូវសិក្សាអំពីតម្រូវការធនធានមនុស្សសម្រាប់ការងារសិក្សាស្រាវជ្រាវក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក និង កំពង់ផែ, ទំាងបរិមាណ និង គុណភាព, ដោយផ្អែកលើទំហំការងារជាក់ស្តែង, ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃលទ្ធផលការងារ, ការរៀបចំគោល-នយោបាយ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស, ការ-កែទម្រង់រចនាសម្ព័ន្ធមុខងារ និង ការអនុវត្តការងារ ជាដើម ។
មុននឹងបញ្ចប់, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក-រដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេស, ក៏ដូចជា ថ្នាក់ដឹកនាំ និង មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងស្ថាប័ន, រដ្ឋបាលខេត្តពាក់ព័ន្ធ, និង ក្រុមហ៊ុនសាងសង់ ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សារៀបចំគម្រោង និង បានផ្ដល់កិច្ចសហការល្អ ក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជា-ពលរដ្ឋ និង បញ្ហាប្រឈមដទៃទៀត នាពេលកន្លងមក, ព្រមទាំងបានជំរុញឱ្យមានវឌ្ឍនភាពនៃការអនុវត្តគម្រោងតាំងពីពេលចាប់ផ្តើមរហូតមកដល់ការរៀបចំពិធីបើកការដ្ឋានចាប់ផ្ដើមការសាងសង់ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២» នាពេលនេះ ។
ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ សូមបន្តផ្ដល់កិច្ចសហការ និង ការសម្របសម្រួល បង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដើម្បីឱ្យដំណើរការគម្រោងបានបញ្ចប់ជាស្ថាពរ ជាពិសេស ស្នើសុំការយោគយល់ អធ្យាស្រ័យ បំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវប្រឈម និង រងផលប៉ះពាល់ពីការអភិវឌ្ឍគម្រោងនេះ ។ ជាមួយនេះ អង្គភាពគ្រប់គ្រងគម្រោង ដែលដឹកនាំដោយក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវយក-ចិត្តទុកដាក់ខ្ពស់លើការចុះពិនិត្យការងារសាងសង់ ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើផ្នែកបច្ចេកទេស និង វិធានសុវត្ថិភាព ក្នុងដំណើរការសាងសង់ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវជំរុញបញ្ចប់ការងារដោះស្រាយផលប៉ះពាល់នៃគម្រោងនេះ ឱ្យបានឆាប់ ដើម្បីឱ្យការងារសាងសង់ប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុក ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១៤) “ផ្ទះថ្មីមិនដូចផ្ទះចាស់” ប៉ុន្ដែរាជរដ្ឋាភិបាលបានខិតខំធ្វើកិច្ចការដោះស្រាយបញ្ហាជាជំហានៗ
មុននឹងបញ្ចប់នេះ ខ្ញុំសូមឱកាស ទី១ រំលឹកគុណទៅដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ កងរាជអាវុធហត្ថ ដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុទឹកដីរបស់យើង ក៏ដូចជាអរគុណដល់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់ជាន់ថ្នាក់នៅសមរភូមិមុខ រួមទាំងវីរៈយុទ្ធជន នគរបាល ដែលកំពុងឈរជើងត្រៀមការពារបូរណភាពទឹកដីដ៏ឧត្តុង្គឧត្តម។ ខ្ញុំក៏សូមអរគុណទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងគ្រប់ទិសដីទាំងអស់ដែលបានគាំទ្ររាជរដ្ឋាភិបាល ក៏ដូចជាវីរៈយុទ្ធជនរបស់យើងក្នុងការខិតខំរកដំណោះស្រាយការពារទឹកដីរបស់យើង។
ជាមួយគ្នានេះ ចំពោះបងប្អូនជនភៀសសឹកដែលមិនទាន់ត្រឡប់ទៅផ្ទះវិញនៅពេលនេះ រាជរដ្ឋាភិបាលពុំបានភ្លេចបងប្អូននោះទេ។ ជិតចូលឆ្នាំ ទោះយើងមានការអបអរសាទរក្នុងការចាប់ផ្តើមសាងសង់សមិទ្ធផលថ្មីដើម្បីខ្លួនយើងរឹងមាំ ដើម្បីពង្រឹងភាពម្ចាស់ការក្នុងការការពារទឹកដីក៏ដោយ យើងនៅតែគិតគូរពីការលំបាករបស់បងប្អូន ខិតខំដោះស្រាយជាជំហានៗ … មកដល់ម៉ោងនេះ ជនភៀសសឹកខ្លះដែល(ភូមិករ)ពាក់ព័ន្ធនៅតំបន់ដែលមិនអាចត្រឡប់ទៅវិញបាន ដោយសារកន្លែងទាំងនោះគ្រប់គ្រងដោយកងទ័ពថៃ មានចំនួនប៉ុន្មានម៉ឺននាក់នោះ យើងបានដោះស្រាយធ្វើផ្ទះអោយស្នាក់នៅជាបណ្ដោះអាសន្ន។
ពិតណាស់ ផ្ទះថ្មីមិនដូចផ្ទះចាស់ទេ។ ខ្ញុំឃើញបងប្អូនបង្ហោះតាមហ្វេសប៊ុក។ ផ្ទះចាស់ បងប្អូនកសាង ២០ ទៅ ៣០ឆ្នាំ ជាតំលៃខិតខំដោយញើសឈាម។ ផ្ទះថ្មី សង់ក្នុងរយៈពេលប៉ុន្មានខែ (ពិតជា)មិនដូចទេ។ កន្លែងថ្មី មិនទាន់មានដើមឈើ វាក្ដៅ។ វាអត់ដូចផ្ទះចាស់ មានសួន មានអីនោះទេ។ ប៉ុន្ដែរាជរដ្ឋាភិបាលបានខិតខំធ្វើកិច្ចការជាជំហានៗ ដោះស្រាយបញ្ហា។ ដូចខ្ញុំធ្លាប់បានលើកចំពោះប្រជាជនភៀសសឹក ដំណាក់កាល៣ ដែលយើងត្រូវធ្វើភ្លាមពេលដែលសង្គ្រាមផ្ទុះ។ ទី១ ការសង្គ្រោះជីវិត ដោយជម្លៀសឲ្យចេញពីកន្លែងស្លាប់ ដោយគ្រាប់ផ្លោង។ ប្រជាពលរដ្ឋដែលគេចចេញមកពីបឹងត្រកួន ជោគជ័យ បើសិនជានៅផ្ទះ ចៀសមិនផុតពីអាចគ្រោះថ្នាក់ ព្រោះជាសមរភូមិក្ដៅ ទាំងគ្រាប់បែក និងយន្ដហោះ។ អញ្ចឹង ត្រូវជម្លៀសគាត់ចេញ។ ដោះស្រាយតំរូវការជាក់ស្ដែង។
(១៥) ចាប់ផ្តើមពីធ្វើឲ្យប្រជាពលរដ្ឋបានរស់ គ្មានរបួសនិងស្លាប់ មកមានតង់ជ្រក មានទឹកបាយហូប មកធ្វើឱ្យប្រសើរឡើង និងកំពុងស្ដារឡើងវិញជាជំហានៗ
អ្នកនៅឧត្តរមានជ័យ ព្រះវិហារ តំបន់ប្រយុទ្ធគ្នាដូចគ្នា ធ្វើម៉េចឲ្យរស់សិន កុំឲ្យរបួសនិងស្លាប់។ ទៅដល់កន្លែងនោះមានតង់ជ្រកសិន មានទឹកបាយហូប ដោះស្រាយតាមលទ្ធភាពដែលអាចធ្វើបានជាបន្ទាន់។ ពេលដែលផ្ទុះខ្លាំង ក្នុងប៉ុន្មានថ្ងៃកើនពីក្រោម ១០ម៉ឺននាក់ … ពីដំណាក់កាលទី១ រហូតទៅដល់ ៧០ម៉ឺននាក់ រាលទៅដល់ ៨ខេត្ត តាំងពីព្រះវិហារ ដល់ កោះកុង។ អញ្ចឹងយើងត្រូវដោះសា្រយបន្ទាន់។ ទី២ (បន្ទាប់ពី)ជួយសង្គ្រោះហើយ ជាដំណាក់កាលនៃការធ្វើឲ្យប្រសើរឡើង។ បានន័យថា ដំបូងទៅអត់មានអីទេ ក្រោយមកយើងរៀបតង់ឲ្យ តង់មូរ មានកុងផ្លាកេ ឲ្យស្រួលចរាចរណ៍ មានខ្យល់លំហូររៀបបង្គន់អនាម័យជូន។ ឥឡូវ យើងឈានដល់ដំណាក់មួយទៀត គឺដំណាក់កាលពីការធ្វើប្រសើរឡើងទៅការស្ដារឡើងវិញជាជំហាន។
ក្នុងការរៀបចំផ្ទះនេះ ខ្ញុំសូមអរគុណ និងកោតសរសើរក្រុមការងារសាងសង់ផ្ទះ។ ពេលដែលដាក់ផែនការមកខ្ញុំ ប្រហែលជាពីរបីខែមុនថាត្រូវតែធ្វើឲ្យបានមុនចូលឆ្នាំ គិតទៅរាប់ពាន់ផ្ទះ។ ខ្ញុំធ្លាប់តែឃើញផ្ទះហោះហើរ អាចធ្វើបាន ដល់តែផ្ទះចាក់សរសរអីស្រួលបួលគាត់ធ្វើបានប៉ុន្មានពាន់ផ្ទះ … អញ្ចឹងយើងបានដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋបណ្ដោះអាសន្នក្នុងការកសាង និងស្ដារឡើងជីវភាពបណ្ដើរៗ។ គាត់មិនអាចនៅក្នុងតង់រហូត នៅពឹងអំណោយជំនួយទេ។ គាត់ត្រូវរកកន្លែងមានផាសុកភាពស្រួលបួល។ មិនដូចផ្ទះដើមដែលគាត់មានទេ ដូចជាបងប្អូនខ្លះតស៊ូ ២០ឬ ៣០ឆ្នាំ នៅបឹងត្រកួនអី កសាងបានផ្ទះខ្លះ កន្លែងខ្លះមាន business រាប់លានដុល្លារ យើងមិនអាចទៅសង់ទាំងអស់នឹងជូនគាត់ទេ ប៉ុន្ដែហោចណាស់យើងបានផ្តល់ជំរកមួយសមរម្យ ប្រសើរជាងនៅក្នុងតង់ និងបង្កលក្ខណៈឲ្យបងប្អូននៅកន្លែងខ្លះចាប់ផ្ដើមលក់និងបង្កើតសកម្មភាព(សេដ្ឋកិច្ច)។
នៅកន្លែងជនភៀសសឹក (ការរៀបចំ)លឿនជាងអតីតយុទ្ធជនខ្លះ។ អតីតយុទ្ធជនភាគច្រើន សុទ្ធតែចាស់ជរា ដែលគាត់ទៅនៅ។ ប៉ុន្ដែជនភៀសសឹក ទោះបីបងប្អូនបាត់បង់ទ្រព្យសម្បត្ដិប៉ុន្ដែស្មារតី និងភាពច្នៃប្រឌិតរបស់គាត់នៅមាន។ អញ្ចឹងដាក់ភ្លាម ចាប់ផ្ដើមលក់ដូរបង្កើតភូមិបាន។ ពិតណាស់ ទើបបង្កើតដំបូងអត់បានដើរទាំងអស់ទេ។ បង្កើតដំបូងគ្មានដើមឈើទេ រកពេលដាំដើមឈើ ឬដាំផ្ទះ ព្រោះយើងមានពេលត្រឹមតែបីខែ មុនចូលឆ្នាំមុនខែវស្សា។ អញ្ចឹងដាំផ្ទះមុនសិន ដាំផ្ទះ តទឹក ភ្លើងបានខ្លះហើយៗ បន្ទាប់មកបានកសាងសាលាបណ្ដោះអាសន្នសំរាប់សិស្សរៀន …។
កិច្ចការនេះ ខ្ញុំសូមអរគុណ និងកោតសរសើរក្រុមការងាររបស់សមាគមអតីតយុទ្ធជន ដែលឯកឧត្តម គន់ គីម ដឹកនាំ និងជំរុញផ្ទាល់ ចុះផ្ទាល់។ ម្សិលមិញ ឃើញតាមហ្វេសប៊ុក ទៅនិយាយលេងជាមួយអ៊ំៗ មីងៗ តាមក្រោមផ្ទះ។ អរគុណដល់ក្រុមការងារខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ប្រជាជនច្រើនរាប់ពាន់គ្រួសារ។ កន្លែងខ្លះ ខ្ញុំឃើញគេបង្ហោះ … សូមយោគយល់។ ធ្វើ៣ ទៅ ៤ពាន់(ផ្ទះ) ជួនកាលវាឆកល្វែងខ្លះ មិនមែន៣ឬ ៤ពាន់ហ្នឹងខុសទាំង៣ ឬ៤ពាន់ទេ ប៉ុន្ដែមានកន្លែងខ្លះត្រូវពិនិត្យឡើងវិញ។ ឯកឧត្តម អ៊ំ រាត្រី ថ្ងៃមុនម៉ោងជិត ៣ភ្លឺ ឃើញមានអ្នកបង្ហោះតាមហ្វេសប៊ុក រឿងចាប់ឆ្នោតចាប់អីហ្នឹង។ ខ្ញុំបាន screenshot បាញ់ទៅ ឯកឧត្តម អ៊ំ រាត្រី។ ព្រឹកឡើងបានគាត់ឆ្លើយ។ គាត់ឆ្លើយភ្លាម និងរៀបចំ។ ខ្ញុំឲ្យឯកឧត្តម ឌិត ទីណា ក្រុមការងារ(ឯកឧត្តម) សាយ សំអាល់ (ឯកឧត្តម)គន់ គីម ធ្វើការទទួលខុសត្រូវឲ្យបានល្អ ដោះស្រាយកុំឲ្យមានបញ្ហា ឲ្យចំគោលដៅល្អ … បើមានការឆកល្វែង ត្រូវរកវិធីដោះស្រាយ។
សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនភៀសសឹកតែម្ដង សូមមេត្តាយោគយល់។ យើងមិនអាចសង់ផ្ទះវីឡាជូនបងប្អូនវិញទេ។ យើងមិនអាចដាំដើមឈើ យើងមិនអាចមានការងារដូចនៅបឹងត្រកួនក្នុងដំណាក់កាលនេះទេ ប៉ុន្ដែចាប់ផ្ដើមពីនេះ យើងរួមគ្នាកសាងបន្ដដើម្បីឲ្យយើងអាចស្ដារជីវភាពប្រជាជនយើងក្នុងដំណាក់កាលបណ្ដោះអាសន្ន។ បណ្ដោះអាសន្នក៏ដោយ ក៏មិនត្រូវដេកដួល … ខ្ញុំដឹងថាបងប្អូនបាក់ទឹកចិត្ត បងប្អូនឈឺចាប់ដោយការបាត់បង់ ហើយខ្ញុំជឿថាប្រជាជនខ្មែរទាំងអស់មើលតាមហ្វេសប៊ុក មានអារម្មណ៍ចែករំលែកនូវការឈឺចាប់ ការបាត់បង់ ការអាណិតអាសូរ ទម្រាំអ្នកនៅទីនោះតស៊ូ ៣០ឆ្នាំ កសាងបានផ្ទះ … គ្រាប់ធ្លាក់ រត់តែមួយខោ ដោយគិតថា ការបាញ់គ្នាចប់ នឹងត្រឡប់ទៅវិញ …។
ខ្ញុំសរសើរ និងអរគុណចំពោះការយោគយល់ និងការតស៊ូអត់ធ្មត់របស់បងប្អូនប្រជាពលរដ្ឋ ដែលសហការល្អជាមួយអាជ្ញាធរដែនដីដើម្បីដោះស្រាយរួមគ្នា។ មកដល់ម៉ោងនេះ ទោះបីជាយើងនៅមានការឈឺចាប់ ការចង់បានត្រឡប់ទៅដី(ជាភូមិករ)វិញក្តី ប៉ុន្ដែក្នុងដំណាក់កាលអន្ដរកាលនេះ យើងត្រូវមើលអ្វីដែលមាននៅក្នុងដៃហើយចាប់ផ្តើមខំពង្រឹងទៅ។ ការដោះស្រាយរឿងទឹកដី រដ្ឋាភិបាលមិនចោលទេ។ បន្ដិចទៀតខ្ញុំនិយាយរឿងហ្នឹង។ មិនមែនបានន័យថាអោយបងប្អូនទៅនៅនោះ យើងឈប់ទាមទារដែនអធិបតេយ្យភាពស្របច្បាប់របស់យើងទេ។ ខ្ញុំនិយាយច្រើនដងហើយ។
(១៦) បើយន្តការការទូតនៅសល់តែ១% … ក៏ត្រូវតែព្យាយាមឲ្យអស់លទ្ធភាពសិន ព្រោះជាជម្រើសដែលមិនបង្ហូរឈាម
ខ្ញុំសូមបញ្ជាក់(អំពី)មធ្យោបាយនៅក្នុងការធ្វើ(ទាមទារដែនអធិបតេយ្យ)។ យើងខំចៀសពីសង្រ្គាម។ បងប្អូនចាំទេ ខ្ញុំបានជួបអ្នកបឹងត្រកួន ភូមិជោគជ័យ ភូមិព្រៃចាន់ ក្រោយផ្ទុះលើកទី២។ ពេលដែលផ្ទុះលើកទី១ ចាប់ផ្ដើមមានបន្លាលួសពីខែ១០។ បងប្អូនខ្លះថាមិនវាយ រើបន្លាលួស។ យើងថាខំអត់ធ្មត់ព្រោះបើផ្ទុះគឺទាំងភូមិតែម្ដង។ ពេលនោះមិនទាន់ផ្ទុះលើកទី២ ទេ។ តែ ៦ផ្ទះ(ព័ទ្ធលួស) ហើយផ្ទះនៅជោគជ័យដូចជាច្រើនផ្ទះបន្ដិចដែល(ថៃ)ព័ទ្ធ។ យើងរកវិធីជំរុញធ្វើម៉េចត្រូវដោះស្រាយតាមបច្ចេកទេស តាមសន្ដិវិធី វាស់វែង បើលើសខ្វះអីយ៉ាងម៉េច យើង(ចរចាគ្នា)។ វាមានកន្លែងខ្លះដែលយើងចូល(គេ) និងកន្លែង(ខ្លះ)ដែលគេចូលវិញ។ កាត់កងដើម្បីយកតម្រឹមតាមផែនទីប្រវត្តិសាស្ដ្រដែលយើងមាន កិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា។ ប៉ុន្ដែបើយើងផ្ទុះពេលនោះស្ថានភាពវានឹងធំ។
មុនខែ ១២ ត្រឹមការគិតទេ ប៉ុន្ដែពេលផ្ទុះខែ១២ អ្វីដែលយើងគិតនិងខ្លាចបារម្ភបំផុតបានកើតមាន គឺទាំងភូមិត្រូវខ្ទេចតែម្ដង។ ទោះបីជាកន្លែងដែលនៅខាងក្រៅមិនមានការឈូសឆាយ(ក្តី) តើផ្ទះណាមិនត្រូវគ្រាប់ខ្ទេច? នេះជាសោកនាដកម្ម។ តើយើងចង់ដោះស្រាយបែបនេះតទៅទៀតទេ? ផ្ទះដែលបងប្អូននៅបណ្ដោះអាសន្នវាមិនដូចផ្ទះដើម តែវាល្អជាងតង់នៅវត្តដែលជាជំរុំជនភៀសសឹក។ ជំរុំជនភៀសសឹកវាមិនល្អប៉ុន្ដែដំណាក់កាលនោះវាល្អជាងកន្លែងដែលត្រូវគ្រាប់ផ្លោង។ ឥឡូវ ប្រសិនបើផ្ទុះឡើងវិញទៀត ៣០០០ ខ្នងនេះ ប្រសិនបើនៅក្នុងរង្វង់គ្រាប់ផ្លោង ប្រហែលជាវាយតែពីរបីថ្ងៃអស់ហើយ បើ(ប្រើគ្រាប់) ១៥៥(មីលីម៉ែត្រ)ស្អីៗ មកៗ។ សំណួរសួរថា យើងចង់ទេ? អញ្ចឹង ការដោះស្រាយដោយសន្តិវិធី គឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើ ដើម្បីការពារអធិបតេយ្យភាពជាតិ។ ជម្រើសដែលមិនបង្ហូរឈាម គឺគ្រប់យន្តការនិងមធ្យោបាយ ជាអាទិភាពធំបំផុត គឺយន្តការដែលមិនបង្ហូរឈាម មិនស្លាប់ បើសិនជាយន្តការនេះនៅមានសង្ឃឹមក្នុងការដោះស្រាយ។ ខ្ញុំប្រាប់គេថា បើសិនជាយន្តការការទូតនៅសល់តែ១% ដែលអាចដោះ ដោយមិនទាន់បិទផ្លូវ ឬងាប់នោះទេ គឺខ្ញុំត្រូវតែព្យាយាមវាឲ្យអស់លទ្ធភាពសិន។
យើងមិនអាចបោះបង់ចោល យកជីវិតប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងការបំផ្លិចបំផ្លាញ … ការវាយគ្នាវាមិនចប់ សងទៅសងមក នោះទេ … ក្រៅពីយោធា នគរបាល អាវុធហត្ថដែលបានពលីលើសមរភូមិ របួសនៅសមរភូមិ ប្រជាពលរដ្ឋស៊ីវិលច្រើនក៏របួសនិងស្លាប់ច្រើនដែរ។ កន្លែងដែលមិនជាប់ក្នុងការព័ទ្ធក៏ដោយ កន្លែងខ្លះមិនទាន់ចូលបានផង ប្រជាជននៅតំបន់ជនភៀសសឹកនៅឡើយ ដោយសារគ្រាប់បែក គ្រាប់មិនទាន់ផ្ទុះ។ សាលារៀនខ្លះសល់តែគ្រោងទេ … សម្រាប់កម្ពុជា សម្រាប់រាជរដ្ឋាភិបាល ដំណោះស្រាយដែលជាអាទិភាពចម្បងដែលប្រកាន់យកគឺដោះស្រាយតាមផ្លូវច្បាប់ដោយសន្តិវិធីដើម្បីចៀសវាងការបង្ហូរឈាម។
(១៧) ជ្រើសរើសការចរចាការទូត និងតាមផ្លូវច្បាប់ ដោយដំណោះស្រាយទ្វេភាគីជាអាទិភាពទីមួយ
សួរថា ដំណោះស្រាយហ្នឹងមានអ្វីខ្លះ? វាមានជម្រើសច្រើន។
ទី១ យន្តការទ្វេភាគី។ ហ្នឹងក៏ត្រូវជាយន្តការច្បាប់និងការទូតដែរ។ ទាល់តែការទូតនិយាយគ្នា ចរចាគ្នាផ្អែកទៅលើច្បាប់ ផ្អែកលើសន្ធិសញ្ញា ច្បាប់អន្តរជាតិ មិនប្រើប្រាស់កម្លាំងយកទឹកដី តែផ្ទុយទៅវិញ ប្រើប្រាស់សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់។ ទី២ យន្តការតំបន់ មានអាស៊ានជាដើម។ ទី៣ យន្តការអន្តរជាតិ មាន UN មានតុលាការ(អន្តរជាតិ) មានអីផ្សេងៗទៅ។ សួរថាកម្ពុជាយកជម្រើសមួយណា? សម្រាប់កម្ពុជា រាល់ជម្រើសទាំងអស់ មិនទាន់បិទទ្វារនៅឡើយទេ។ ជម្រើសស្អីក៏ដោយឲ្យតែជួយទាមទារ ការពារអធិបតេយ្យភាព កម្ពុជានឹងធ្វើ។ ជម្រើសដែលឲ្យកម្ពុជាអាចទទួលជោគជ័យដោយមិនបង្ហូរឈាមប្រជាពលរដ្ឋតទៅទៀត ទោះបីជាយូរបន្តិច តឹងទ្រូងបន្តិច តែត្រូវខំអត់ធ្មត់។ ដរាបណា ជម្រើសការទូត និងផ្លូវច្បាប់មិនទាន់បិទ យើងត្រូវប្រើវាឲ្យអស់លទ្ធភាព។
ខ្ញុំយល់ បងប្អូនខ្លះឃើញគេសង់សំណង់នេះ ឈូសនេះ/នោះ អស់សង្ឃឹម លែងជឿជាក់។ ខ្ញុំថា ទោះបីជានៅសល់តែ ១% ក៏យើងត្រូវតែប្រើឱកាសសាកល្បងវា ព្រោះជម្រើសទាំងអស់នេះមិនមាន(កំណត់)ថារើសបានតែមួយនោះទេ។ ប្រើអីក៏បាន ប្រើពេលណាក៏បាន សំខាន់យើងចេះប្រើស្អី ប្រើពេលណា ដើម្បីសម្រេចគោលបំណងរបស់យើង។ បច្ចុប្បន្ន យើងជ្រើសរើសយកអី? ដំណោះស្រាយចរចាការទូត ផ្លូវច្បាប់ ដោយយកអាទិភាពទីមួយ គឺដំណោះស្រាយទ្វេភាគី។ ហេតុអីបានជាយើងយកទ្វេភាគី? ខ្ញុំទទួលស្គាល់ បងប្អូនខ្លះអស់ជំនឿលើការដោះស្រាយទ្វេភាគី (ត្បិត)វាយូរពេក។ ម្ង៉ៃៗ ឃើញតែគេធ្វើនេះ/នោះ។ ខ្ញុំមិនបន្ទោសទេ។ បងប្អូនឈឺចាប់ និងបារម្ភប៉ុណ្ណា អ្នកដោះស្រាយប្រហែលជា(ឈឺចាប់និងបារម្ភ)គុណនឹង១០ ប៉ុន្តែ យើងមិនអាចធ្វើអីតាមចិត្តក្ដៅ ធ្វើតែមួយជ្រុង ដោះតែរឿងនេះមួយតាមមធ្យោបាយដែលមិនត្រូវ វានាំតែខាតជីវិតរបស់ប្រជាជន ខាតឱកាសក្នុងការដោះស្រាយបញ្ហា។
(១៨) ជំរើសដោះស្រាយទ្វេភាគីពីព្រោះជាផ្នែកមួយនៃយន្តការការទូតនិងច្បាប់ ហើយជាវិធានការលឿន
សួរថា តើកម្ពុជាដោះស្រាយទ្វេភាគីនេះ មូលហេតុអី? កាលពីចុះពីយន្តហោះមកពីបារាំងថ្ងៃមុន អ្នកកាសែតម្នាក់សួរឯកឧត្ដម ហ្សង់ ហ្រ្វង់ស្វ័រតាន់ ហេតុអីក៏រដ្ឋាភិបាលមិនព្រមធ្វើអន្តរជាតូបនីយកម្មនៃជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអីបានជាដោះស្រាយទ្វេភាគី? គាត់មិនយល់ពាក្យអន្តរជាតូបនីយកម្ម។ ពាក្យ អន្តរជាតូបនីយកម្ម គឺយកបញ្ហានេះទៅអន្តរជាតិ។ សួរថា តើតាំងពីផ្ទុះរហូតមកដល់ពេលនេះ យើងនៅទ្វេភាគីរហូតទេ? អត់ទេ។ បាញ់គ្នាភ្លាម ថ្ងៃទីមួយ យើងបានបញ្ជូនលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ … ខ្ញុំស៊ីញ៉េផ្ទាល់ដៃ ហើយបញ្ជូនលិខិតទៅថ្នាក់ដឹកនាំអន្តរជាតិមួយចំនួន រួមទាំងអគ្គលេខាធិការ UN ទៀត។ បទឈប់បាញ់លើកទី១ ថ្ងៃ២៨ កក្កដា មិនមែនដោយទ្វេភាគីទេ គឺមានការចូលរួម ទី១ ប្រធានអាស៊ាន (ទី២) ចិន និងអាមេរិក … នេះហើយអន្តរជាតូបនីយកម្មនោះ គឺអន្តរជាតិបានចូលមកពាក់ព័ន្ធតាំងពីដើមទី យើងមិនបានបិទទ្វារនៅតែពីរនាក់នោះទេ។ វត្តមាន AOT ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលមកកត់ត្រា … នេះគឺជានិមិត្តរូបជាក់ស្ដែងជាប្រចាំនៃការពាក់ព័ន្ធនៃអន្តរជាតិ គ្រាន់តែក្នុងក្របខ័ណ្ឌតំបន់។ ទស្សនកិច្ចរបស់បណ្ដាទូតផ្សេងៗ តាមកន្លែង … ខ្ញុំទស្សនកិច្ចនៅអឺរ៉ុប អាមេរិក បារាំង ជួបជាមួយថ្នាក់ដឹកនាំ ក៏យើងបានប្រាប់។
សួរថា ហេតុអីបានជាយើងមិនទៅតាមហ្នឹងរហូត? ហេតុអីបានជាយើងមកដោះស្រាយទ្វេភាគី? សូមបញ្ជាក់ថា យន្តការទ្វេភាគីនេះ ទី១ ជាផ្នែកមួយនៃយន្តការដោះស្រាយដោយការទូតនិងច្បាប់។ ដូចខ្ញុំបានបញ្ជាក់ គឺជាជម្រើសដែលឲ្យយើងចៀសផុតពីការបង្ហូរឈាមឡើងវិញរបស់ប្រជាជននិងកងទ័ពរបស់យើង។ ជម្រើសនេះបានសម្រេចនូវគោលដៅអាទិភាពធំមួយរបស់យើង គឺបញ្ចៀសពីការប្រើហិង្សាវាយគ្នាម្ដងទៀតដើម្បីយកទឹកដី វាយមិនចេះចប់ទេ។ វាយចុះឡើងៗ នៅតែចរចាគ្នាដដែល។ អ៊ុយក្រែននិងរុស្សី វាយគ្នា៣ឆ្នាំ ទីបញ្ចប់នៅតែចរចាគ្នាដដែល។ អ៊ីស្រាអែល ហ្កាហ្សា អ៊ីរ៉ង់ ចុងក្រោយនៅតែចរចាដដែល។ បើសិនជាច្រកចរចានៅតែធ្វើបាន បញ្ចៀស(ការវាយគ្នា) យើងនៅតែប្រើវា។
ទី២ វិធានការទ្វេភាគីគឺជាវិធានការលឿនបំផុត។ យន្តការផ្សេងទៀត ប្រើរាប់ខែ។ កន្លែងខ្លះរាប់ឆ្នាំ។ មានតែបបួលគ្នាមកអង្គុយចរចាទេ បានលឿន។ ឥឡូវឯកឧត្ដម ឡាំ ជា បបួលប្រជុំ JBC។ កាលមុន គេថា រដ្ឋាភិបាលគេមិនទាន់កើត។ ឥឡូវបង្កើតហើយ។ ត្រូវតែមកអង្គុយនិយាយគ្នា លឿនជាង។ បើយើងទៅយន្តការអន្តរជាតិ រាប់ខែរាប់ឆ្នាំ។ ចន្លោះហ្នឹង តើអ្នកណាធ្វើអី? ដាក់ទៅ អង្គុយចាំរាប់ឆ្នាំ។ អត់ធ្វើអីទាំងអស់។ ចុះរឿងរាល់ថ្ងៃនៅលើដីនេះ វានៅដូចម៉េច? វាកាន់តែវឹកវរទៅទៀត។ អញ្ចឹង វានៅតែត្រូវរើសយកយន្តការ(ទ្វេភាគី)នេះ មកដោះ។ បើយន្តការនេះដោះដោយការស្មោះត្រង់រវាងភាគីទាំងពីរ គឺងាយស្រួលបញ្ចប់ណាស់ ព្រោះយន្តការយើងមានស្រាប់ ហើយ JBC, RBC, GBC ដោះស្រាយ ២០ឆ្នាំ យើងធ្វើការងារបន្តទៀត។ ពិតណាស់ នៅក្នុង២០ឆ្នាំជាង តាំងពីយើងស៊ីញ៉េ ឧទាហរណ៍ថា MoU 2000 JBC វាមានបញ្ហាលើសខ្វះគ្នាបន្តិចបន្តួច តវ៉ាចុះឡើង ប៉ុន្តែសមិទ្ធផលវាធំណាស់ ៨០០គីឡូម៉ែត្រ ៧៤បង្គោល លេខបង្គោល៧៣ តែ៧៤បង្គោលយើងបានឯកភាពគ្នា ៤៣បង្គោល អញ្ចឹងវាជាង៥០% ដែលឯកភាពគ្នា។
(១៩) បើដោះស្រាយបានតាមយន្តការទ្វេភាគី ដំណោះស្រាយនឹងមានភាពយូរអង្វែង
យើងនៅបន្តធ្វើតទៅទៀត។ យកគោលការណ៍ហ្នឹងទៅ។ កម្ពុជាគ្មានចង់រំលោភដែនអធិបតេយ្យភាពអ្នកណាទេ តែកម្ពុជាមិនអាចឲ្យអ្នកណារំលោភលើដែនអធិបតេយ្យភាពរបស់ខ្លួនដែរ។ យើងត្រូវប្រើយន្តការនេះ វាស់វែងឲ្យដឹងច្បាស់ថារបស់អ្នកណាៗ ទូទាត់គ្នា គិតគូរគ្នា រកវិធីដោះស្រាយគ្នាផ្អែកទៅលើមូលដ្ឋានកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុសញ្ញា ផែនទីដែលមានស្រាប់បន្សល់ពីសម័យអាណានិគម។ អញ្ចឹង បើដោះស្រាយតាមវិធីនេះបាន វាដោះស្រាយបានយូរអង្វែង។ បើរវល់តែវាយគ្នា សងសឹកគ្នាទៅមក វាមិនចប់ … នេះជាមូលហេតុដែលថាយើងពឹងទៅលើយន្តការទ្វេភាគី ជាជម្រើសអាទិភាពទីមួយ ដែលប្រើប្រាស់នៅពេលនេះ។ ដរាបណាគ្មានសញ្ញាណាថាយន្តការទ្វេភាគីនេះបានងាប់ ឧទាហរណ៍ គេលុបចោល គេឈប់ប្រើ ឬដោះលែងរួចនោះទេ យើងនៅតែប្រើវាដើម្បីដោះស្រាយបញ្ហា ទោះបីជាពេលខ្លះយឺតក៏ដោយ ប៉ុន្តែវាប្រសើរជាងអត់លទ្ធផល ហើយបើវាយគ្នា នឹងមានការស្លាប់ហើយថយក្រោយទៀត អត់បានដើរទៅមុខទេ ព្រោះឈប់ជឿទុកចិត្តគ្នា លែងនិយាយគ្នា លែងវាស់វែងជាមួយគ្នា។
(២០) អភិក្រមការងាររបស់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ គឺ “ដៃម្ខាងជាតិ/ទឹកដី ដៃម្ខាងប្រជាពលរដ្ឋ”
ការរើសយកយន្តការទ្វេភាគី អ្នកវិភាគជាច្រើនបានធ្វើការវិភាគដោយសារស្ថានភាព។ អ្នកខ្លះឈានទៅដល់ការអស់សង្ឃឹម លែងជឿ១០០%ទៅលើយន្តការទ្វេភាគី។ ខ្ញុំមិនមែនគ្រូទាយទេ។ បងប្អូនខ្លះ គ្រូទាយថាអាហ្នឹងនឹងមិនទៅមុខទេ។ ខ្ញុំមានតែការវិភាគវាយតម្លៃ ផ្អែកទៅលើសមិទ្ធកម្ម និងភស្ដុតាងជាក់ស្ដែងលើដី និងលទ្ធភាពនៃជម្រើសនីមួយៗ ពិភាក្សាជាមួយក្រុមការងារវាយតម្លៃ។ យើងជ្រើសរើសបែបនេះ។ អញ្ចឹង ដែលវាយតម្លៃថាជម្រើសទ្វេភាគីក្នុងចំណោមនេះ ទោះបីវាមិនជាជម្រើសដែលល្អឥតខ្ចោះ តែវាជាជម្រើសដែលប្រសើរសមស្របជាងគេក្នុងចំណោមជម្រើសដែលមិនល្អឥតខ្ចោះក្នុងការដោះស្រាយបញ្ហា តែយើងសម្រេចត្រូវដោះស្រាយពេលនេះ ជាការទទួលខុសត្រូវ។ យើងមិនចង់ដើរលឿន តែវា(បែជា)យឺត។ ម៉េចបានជាថា លឿន តែវាយឺត? លឿនតែវាមិនទៅតាមលំដាប់លំដោយ …។
ធ្លាប់ឃើញភ្លើងស្តុបទេ។ អ្នកខ្លះភ្លើងមិនទាន់ខៀវផង ប្រញាប់ទៅលឿនថាទៅឲ្យបានមុនគេ ទៅដល់ស្ទះនៅមុខដដែល។ មួយកំណាត់មុនមិនទាន់ទៅផុត អ្នកទៅពីក្រោយទៀតទៅដល់ដែរ … អញ្ចឹងការដើររបស់រាជរដ្ឋាភិបាល គឺមានការគិតគូរ និងមានលំដាប់លំដោយច្បាស់លាស់។ ទោះបីជាយើងមិនស្រែកឡាំប៉ា មិនក្ដុងក្ដាំងវាយស្គរ ដែលនាយករដ្ឋមន្រ្តីត្រូវឡើង Facebook រាល់ថ្ងៃថា “ថ្ងៃនេះ ខ្ញុំគិតគូរព្រំដែន” រាល់ថ្ងៃអញ្ចឹងនោះទេ។ ឯកឧត្ដម ប៉ែន បូណា បានប្រកាសរាល់ថ្ងៃ។ ការគិតគូរ រកវិធីដោះស្រាយ មិនឈប់ទេ(អំពី)រឿងអធិបតេយ្យភាព រឿងព្រំដែនជាក់ស្ដែងរបស់យើង។ ដៃម្ខាងជាតិ ដៃម្ខាងទឹកដី ដៃម្ខាងប្រជាពលរដ្ឋ ត្រូវដើរទន្ទឹមគ្នា នេះជាអភិក្រមនៃការងាររបស់រាជរដ្ឋាភិបាលរបស់យើងគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការដោះស្រាយព្រំដែនជាមួយថៃ។
(២១) កម្ពុជានិងថៃនៅមានចំណុចរួមមួយចំនួន ដែលធ្វើឱ្យយន្តការទ្វេភាគីមានភាពសមស្រប
ចំណុចទី៣ នៅមានជំនឿថា យន្តការទ្វេភាគីជាជម្រើសដ៏សមស្របបំផុតក្នុងពេលនេះ។ មកដល់ម៉ោងនេះ ទន្ទឹមនឹងការខុសគ្នាលើដីមួយចំនួន រវាងកម្ពុជានិងថៃ ក៏នៅមានចំណុចរួមមួយចំនួនដែរ។ បើថាយើងលែងត្រូវគ្នាទាំងអស់ ទើបទ្វារបិទ។ តែបើយើងនៅត្រូវគ្នាលើចំណុចគន្លឹះខ្លះ យើងគិតថាវាអាចដើរទៅមុខ។ ចំណុចអ្វីខ្លះដែលរួម?ទីមួយ ជំហររបស់កម្ពុជាគឺដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ … ម្សិលម្ង៉ៃ រដ្ឋាភិបាលថ្មីរបស់ឯកឧត្ដម Anutin ប្រកាសគោលនយោបាយចំណុចទី៩.២ ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ (ថា)បន្តដោះស្រាយស្ថានភាពថៃ-កម្ពុជាតាមសន្តិវិធី និងយន្តការទ្វេភាគីដែលមានស្រាប់។ នេះជាចំណុចរួមមួយដែលយើងមាន។
អញ្ចឹង គោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងពីរដែលជាអ្នកកាន់គន្លឹះក្នុងការដោះស្រាយ មានជាសាធារណៈហើយ។ ចំណុចទីពីរ កម្ពុជាគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំង KL Accord ថ្ងៃទី២៦ តុលា និងការប្រកាសរួមថ្ងៃទី២៧ ខែធ្នូ។ មកដល់ម៉ោងនេះ ទាំងរដ្ឋាភិបាលថៃ ទាំងយោធាថៃ អត់ទាន់មានប្រកាសទាត់ចោលនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧នោះទេ មានតែបញ្ជាក់ហើយបញ្ជាក់ទៀតថា គេនៅគោរពសេចក្ដីប្រកាសរួម ថ្ងៃ២៧ ខែធ្នូ។ អញ្ចឹងជំហរ២នេះវាត្រូវគ្នា ហើយមិនមែនជាជំហរធម្មតា ជាជំហរគន្លឹះនៃការដោះស្រាយទ្វេភាគីតាមច្បាប់ តាមបច្ចេកទេសនៃការវាស់វែងនេះឯង។
យន្តការដែលមានស្រាប់ មានអី្វក្រៅពី JBC រឿងព្រំដែននេះ។ កិច្ចព្រមព្រៀងដែលមានស្រាប់ មានទាំងអតីតកាល ទាំងថ្មីៗនេះចាប់ពីផ្ទុះអាវុធមក យើងមានទាំង GBC, RBC, KL Accord, មានទាំង JS។ នេះជាមូលដ្ឋានដែលយើងសម្រេចថា យន្តការទ្វេភាគីនៅតែជាយន្តការសមស្របបំផុត ដែលយើងមិនអាចបោះវាចោល ហើយទៅរំពឹងមេឃរំពឹងផ្កាយនោះទេ។ ត្រូវតែប្រើវាឲ្យអស់លទ្ធភាពដើម្បីដោះស្រាយបញ្ហាឲ្យឆាប់ចប់ជូនបងប្អូនប្រជាពលរដ្ឋ … សង្ឃឹមថាគាត់អាចត្រឡប់ទៅដីដែលគាត់មាន ទោះបីផ្ទះចាស់វាខូចខាត យើងអាចសាងសង់ឡើងវិញនៅកន្លែងនោះពេលដែលដោះស្រាយចប់។ នេះហើយជាការដោះស្រាយតាមអភិក្រមការទូត និងច្បាប់។ បងប្អូនខ្លះយល់ថា ច្បាប់ ការទូត ទាល់តែប្ដឹងទៅ ICJ ទៅនេះ/នោះ។
(២២) បើបោះចោលកិច្ចព្រមព្រៀងទ្វេភាគី បានន័យថាទាត់ចោលឱកាសដោះស្រាយបញ្ហា
សម្រាប់កម្ពុជា មិនមែនមានជម្រើសតែមួយទេ។ យើងមាន៣-៤ ដើរមួយណា ពេលណា អភិក្រមយ៉ាងម៉េច ដើម្បីសម្រេច។ ម៉ោងថ្មើរនេះ នៅតែវិធីហៅមកជាមួយគ្នា ចរចា យកផែនទីដែលបន្សល់ពីកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ដោះស្រាយជាមួយគ្នាទៅ។ ថៃគាត់និយាយភាគច្រើន Joint Statement មាន ១៦ចំណុច ប៉ុន្តែចំណុចសំខាន់មាន២។ ចំណុចដែលបានប្រើតាំងពីថ្ងៃ២៧ មកដល់ពេលនេះ ភាគច្រើនគឺប្រើចំណុចទី២ ដែលពាក់ព័ន្ធនឹងការឈរជើងរបស់កងកម្លាំង ដែលនិយាយថា ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត មិនត្រូវឲ្យមានសកម្មភាពចល័តកម្លាំងដោយរាប់បញ្ចូលទាំងល្បាតចូលទីតាំងរបស់ភាគីម្ខាងទៀត។
ពិតណាស់ វាមានការគោរព និងការមិនគោរពមួយចំនួន ប៉ុន្តែនេះជាកិច្ចព្រមព្រៀងដែលចំណុចទី១ បានប្រើ។ ពាក្យថា គោរពនូវសេចក្ដីប្រកាសរួម មិនមែនបានន័យថា គោរពតែមួយចំណុចហ្នឹងទេ វាត្រូវគោរពទាំង១៦ចំណុច។ ចំណុចសំខាន់គឺចំណុចទី៣ សម្រាប់យើង។ ខ្ញុំសូមអាន … ចំណុចទី៣ ដែលជាមូលដ្ឋានសម្រាប់ធ្វើការងារបន្ត៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួម រួមទាំងចំណុចទី២ ឈរជើងនៅត្រង់ណានៅត្រង់ហ្នឹង មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន ឬព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែន JBC បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង»។
នេះបានន័យថា ផ្អែកលើអ្វីដែលមានស្រាប់ JBC ត្រូវចុះមកចាប់ផ្ដើមវាស់វែងទៅ មិនបាច់ទៅចរចាអីទៀត គឺអាហ្នឹងកិច្ចព្រមព្រៀងហ្នឹង អត់មានមកចរចា JBC អីទៀតទេ។ ធ្វើតាមហ្នឹងទៅ។ «ភាគីទាំងពីរ ឯកភាពគ្នាថា នឹងប្រើយន្តការដែលមានស្រាប់ក្នុងគណៈកម្មការចម្រុះព្រំដែន JBC ដើម្បីធានាសន្តិភាព»។ អញ្ចឹង គោលនយោបាយ ៩.២ របស់រាជរដ្ឋាភិបាល Anutin ដែលប្រកាសម្សិលម្ង៉ៃ ដោះស្រាយដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ គឺ JS នេះឯង ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះលើទីតាំងជាក់ស្ដែង ដែលរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ បានន័យថាម៉េច? តាំងពីដើមមក ២០ឆ្នាំហើយ ក្រុម JBC ចុះទៅដល់ មិនដែលជាន់មីនទេ មានតែទាហានទេដែលជាន់មីន ព្រោះពេលដែលចុះទៅ គេមានក្រុមដោះមីនមួយក្រុមភ្ជាប់ទៅជាមួយ JBC មិនចាំបាច់កងទ័ពទៅដោះមីនឲ្យស្អាតសិន ទើបបានគេទៅទេ។
ក្នុងកិច្ចព្រមព្រៀងនេះតម្រូវឱ្យប្រើប្រាស់យន្តការ JBC ចុះទៅ មិនចាំបាច់ដោះមីនហើយបានទៅទេ គឺក្រុមយន្តការ JBC នេះ ដែលមានក្រុមដោះមីនទៅធ្វើដូច ២០ឆ្នាំហើយ គឺទៅភ្លាម ភាគីទាំង២ ឯកភាពគ្នាថាគណៈកម្មាធិការចំណុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះការវាស់វែងនិងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។ អញ្ចឹងតំបន់ព្រៃចាន់ ជោគជ័យ បឹងត្រកួន ថ្មដា ជាអាទិភាព ក្នុងកិច្ចព្រមព្រៀងទ្វេភាគី។ បើយើងបោះចោលកិច្ចព្រមព្រៀងទ្វេភាគី ទៅរកកន្លែងផ្សេង បានន័យថាយើងបានទាត់ចោលឱកាសដោះស្រាយបញ្ហា។
(២៣) សង្ឃឹមថា “រដ្ឋាភិបាលថៃ” នឹងរៀបចំក្បាលម៉ាស៊ីន JBC ហើយចាត់តាំងអនុវត្តឱ្យស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី
សួរថា តើយើងជឿ១០០% (ឬទេ?) បងប្អូនអ្នកវិភាគខ្លះថាអត់ជឿ។ សម្រាប់រាជរដ្ឋាភិបាល មិនមែនគ្រូទាយទេ។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគឺផ្អែកទៅលើភស្តុតាងជាក់ស្តែង និងមិនបានគិតគូរវាយតម្លៃ ទាយទេ … រដ្ឋាភិបាលប្រទេសថៃប្រកាសសុខចិត្តដាក់ក្នុងគោលនយោបាយថ្មីរបស់ខ្លួន ដែលយើងនៅរង់ចាំមើល មាននិយាយច្បាស់ក្រឡែតថា “ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការដែលមានស្រាប់”។ ខ្ញុំគិតថាប្រហែលជាមិនភ៎ទេ។ បើភ៎ចាំបាច់សរសេរធ្វើអី។ ប៉ុន្តែអាហ្នឹងការអនុវត្តជាក់ស្តែង។ ទី២ ទាំងទាហានទាំងអីគោរព Join statement។ អញ្ចឹង សូមឱ្យយើងផ្សព្វផ្សាយ ឯកឧត្តម ស្វាយ ស៊ីថា ក្រុមការងារផ្សព្វផ្សាយអំពី Join statement នេះ ចំណុចទី៣ ឱ្យប្រជាពលរដ្ឋយើង។ កន្លងទៅភាគច្រើនទាក់ត្រឹមមួយកំណាត់ទី២ អ្នកណាឈរកន្លែងណានៅហ្នឹង។ ដល់ពេលចំណុចខ្លាំងនេះ ដល់ពេលហើយដែលត្រូវធ្វើ ព្រោះឥឡូវសូម្បីតែរដ្ឋាភិបាលថៃ គោលនយោបាយក៏ដូចជាមួយយើង គឺគោរព JS ហើយចាប់ផ្តើមធ្វើយន្តការដែលមានស្រាប់គឺដោះស្រាយបញ្ហាដោយសន្តិវិធី។
ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថៃនឹងរៀបចំក្បាលម៉ាស៊ីន JBC ហើយចាត់តាំងអនុវត្តឱ្យស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី JS ថ្ងៃទី២៧ ស្របតាមអ្វីដែលយន្តការមានស្រាប់គឹ JBC ដើម្បីដោះស្រាយ។ នេះជាអភិក្រមដែលយើងប្រកាន់យកថាជាជម្រើសទ្វេភាគីទាល់តែដោះអស់។ បើវាបុកថ្មទៅលែងកើតហើយ បានយើងរកវិធីសាស្ត្រថ្មី។ ប៉ុន្តែបើនៅតែ ១% ក៏យើងតែរុលទៅមុខ ហើយព្យាយាមពង្រីកឱ្យទៅជា ១០០% ដើម្បីយើងសម្រេចការដោះស្រាយ។ នេះជាអភិក្រមនៃការដោះស្រាយ មិនមែនយើងស្ងាត់ យើងស្ងៀម យើងដេកស្ពឹក យើងបបួលគ្នារាំលេងអបអរសាទរឆ្នាំថ្មី ភ្លេចជនភៀសសឹក ភ្លេចផ្ទះ ភ្លេចសម្បែងនោះទេ។ យើងធ្វើជាប់ជាប្រចាំ មិនមែនដេកអេះពោះកើតផ្ទះ ៣០០០ខ្នងទេ មិនមែនដេកអេះពោះកើត Statement តវ៉ាចេញលិខិតបបួលគេវាស់វែងនោះទេ។ យើងធ្វើដើម្បីដោះស្រាយ។
(២៤) “… ដោះឱ្យបានចប់ជាស្ថាពរ កុំឱ្យប្រជាជននិងប្រជាជនមើលមុខគ្នាមិនចំរាប់តំណតទៅទៀត …”
ដែលខ្ញុំគិតថាហេតុអីយើងធ្វើយន្តការទ្វេភាគី … ព្រោះវិធីហ្នឹងទី១ ជៀសពីការបង្ហូរឈាម តាមទិសដៅនៃការដោះស្រាយដោយសន្តិវិធី ទី២ គឺវាលឿន។ ទៅ UN ទៅអាស៊ានទៅអីវាយូរ។ អញ្ចឹង បើយន្តការលឿននេះហើយជាពិសេសមានការព្រមព្រៀងលើចំណុចសំខាន់មួយចំនួន ប្រើទ្វេភាគីហ្នឹងទៅ។ ខ្ញុំអត់ទាន់ដឹងថាជោគជ័យ ឬមិនជោគជ័យទេ។ ខ្ញុំមិនមែនគ្រូទាយទេ។ ប៉ុន្តែ អ្វីដែលខ្ញុំវាយតម្លៃ និងដាក់ចេញគឺផ្អែកលើការគិតគូរគ្រប់ជ្រុងជ្រោយ។ បើសិនជាយើងនៅមានសង្ឃឹមដោះស្រាយទាមទារអធិបតេយ្យភាពដោយមិនបង្ហូរឈាម មិនបំផ្លាញអាយុជីវិតប្រជាជន កងទ័ព នគរបាលជាតិ ដោះឱ្យបានចប់ជាស្ថាពរ កុំឱ្យវានៅរាំរ៉ៃ ប្រជាជនមើលមុខគ្នាមិនត្រូវរាប់តំណតទៅទៀត។ ដែលធ្លាប់ជាមិត្តនឹងគ្នា ៦ខែមុន ចូលឆ្នាំជាអ្នកភូមិផងរបងជាមួយគ្នា ឥឡូវក្លាយទៅជាមើលមុខគ្នាមិនត្រូវ។ (យើងត្រូវតែខិតខំ) កុំឱ្យវា(បន្តមានអរិភាព)នៅហ្នឹងទៀត។ ឱ្យឆាប់ត្រូវគ្នាវិញទៅ។ បើនៅមានសង្ឃឹមក្នុងការដោះស្រាយបែបនេះ រាជរដ្ឋាភិបាលនឹងរើសជម្រើសនេះ ហើយខិតខំដោះស្រាយឱ្យអស់លទ្ធភាព។ ការដោះស្រាយការទូតនិងនយោបាយ គឺប្រកាន់យកការដោះស្រាយការទូតនយោបាយទ្វេភាគី។
(២៥) “… សុំឱ្យកាន់ជើងយុត្តិធម៌និងច្បាប់ … ប្រើច្បាប់ ប្រើសន្ធិសញ្ញា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន …”
សូមបញ្ជាក់ បងប្អូនខ្លះឱ្យតែលឺថាអន្តរជាតិ គាត់ថាទាល់តែប្តឹង ICJ បានអន្តរជាតិ។ មិនមែនទេ។ ដោយហេតុនេះ ថ្ងៃមុនអ្នកកាសែតសួរឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់ ហេតុអីបានយើងមិនធ្វើអន្តរជាតិតូបនីយកម្ម ខណៈដែលតាំងពីថ្ងៃទីមួយយើងបានផ្ញើរលិខិតទៅអង្គការសហប្រជាជាតិ ប្រធានអាស៊ានបញ្ចប់ ហើយយើងនៅបន្ត ខ្ញុំទៅជួបជាមួយថ្នាក់ដឹកនាំខាងក្រៅប្រទេស ដែលថ្ងៃមុនជួបឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង។ គេសួរឯកឧត្តម ហ្សង់ហ្រ្វង់ស័រ តាន់ តើ សម្តេចធិបតីមានទៅសុំបារាំងឱ្យជួយទេ? ឯកឧត្តមគាត់ពន្យល់ ប៉ុន្តែបងប្អូនខ្លះស្តាប់មិនយល់។ ឯកឧត្តម គាត់ថាកម្ពុជាមិនបានទៅសុំបារាំងឱ្យជួយកាន់ជើងកម្ពុជាទេ។ គាត់សុំបារាំងឱ្យជួយជំរុញឱ្យមានការអនុវត្តច្បាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ល្ងាចមិញ អាស៊ីសេរីស្អីមួយ គេវាយប្រហារថា មេដឹកនាំខ្មែរទៅបារាំងមិនសុំគេកាន់ជើងកម្ពុជា ហើយអត់កំណើត (ក្នុងពេលដែល)ខ្លួនឯងស្តាប់មិនទាំងយល់ផង។ ខ្ញុំមិនទៅសុំប្រទេសណាឱ្យកាន់ជើងខ្ញុំទេ។ ខ្ញុំសុំឱ្យគេកាន់ជើងយុត្តិធម៌និងច្បាប់។ នេះគឺជាអ្វីដែលកម្ពុជាចង់បាន។ បើខ្លួនខុសហើយទៅឱ្យ(គេកាន់ជើងដូចម្តេច)។ អត់ទេ។ គឺប្រើច្បាប់ ប្រើសន្ធិសញ្ញា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ាន។
ដោះស្រាយតាមយន្តការដែលមានស្រាប់។ សូមឱ្យតែគាត់ជំរុញភាគីទាំងអស់គោរពតាមច្បាប់។ នេះហើយគឺជាការជួយកម្ពុជា។ ព្រោះវាជាជំហរកម្ពុជា។ យើងមិនទៅឱ្យអ្នកណាកាន់ជើងអ្នកណាទេ។ មិនបាច់ទេ។ យើងទៅបង្ហាញពីស្ថានភាពជាក់ស្តែង ការកាន់កាប់ទឹកដី។ ពិតមែនហើយ វាមាន JS ប៉ុន្តែកាន់កាប់ស្តែងវាហួសព្រំដែនកាន់កាប់។ មានការសាងសង់សំណង់នៅលើដីខ្មែរ រូបព្រះពុទ្ធមាន យើងទៅពន្យល់បង្ហាញពីស្ថានភាពជាក់ស្តែង។ អត់បង្កាច់បង្ខូចទេ។ មានភស្តុតាង។ ប៉ុន្តែ អ្វីដែលស្នើសុំគឺឱ្យគាត់ជួយជំរុញការអនុវត្ត និងគោរពច្បាប់អន្តរជាតិតែប៉ុណ្ណឹងទេ។ បើច្បាប់នេះដាក់ហើយកាត់ក្តីថាកម្ពុជាខុស កម្ពុជាទទួល។ តែបើកម្ពុជាមិនខុសភាគីផ្សេងខុសគឺត្រូវទទួលដូចគ្នា។ ខ្ញុំសូមតែប៉ុណ្ណឹង។ បកទៅវិញ នេះហើយជាការស្នើសុំរបស់កម្ពុជា គឺសុំយុត្តិធម៌ស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណឹង។
ឯកឧត្តម ហ្សង់ហ្រ្វង់ស័រ តាន់ ខំព្រៀងសារដើម្បីពន្យល់ជាសាធារណៈ។ ខ្ញុំថា ឥឡូវចាំខ្ញុំពន្យល់តែម្តងទៅ។ មិនមែនទៅរកគេឱ្យកាន់ជើង។ ខ្ញុំទៅបង្ហាញការពិត ផ្តល់ភស្តុតាង ហើយសុំឱ្យជួយដោះស្រាយដោយស្របច្បាប់ ឱ្យគ្រប់ភាគីគោរពតែច្បាប់ទៅ។ កម្ពុជាអត់ខ្លាច។ រឿងតែប៉ុណ្ណឹង។ នេះជាជំហរកម្ពុជាតាំងដើមទី។ នេះជាអ្វីដែលខ្ញុំបានបញ្ជាក់ជូនបងប្អូន … ខ្ញុំសូមអរគុណចំពោះការចូលរួមមតិយោបល់ជាច្រើនរបស់ប្រជាពលរដ្ឋ ពិសេសអ្នកវិភាគ។ អ្នកវិភាគភាគច្រើនមានហេតុផល ប៉ុន្តែវាមានមួយពីរវិភាគហើយជេរទៀត។ មានបណ្ឌិតស្អីមួយ ខ្ញុំខ្ជិលបញ្ចេញឈ្មោះ។ មួយថ្ងៃៗ អង្គុយតែវិភាគ។ គ្រាន់តែឯងរៀបចំបុណ្យប្រពៃណីជាតិ ក៏ជេរថារដ្ឋាភិបាលអត់បានការ គ្រាន់តែធ្វើផ្ទះឱ្យប្រជាពលរដ្ឋហ្នឹង ក៏ថារដ្ឋាភិបាលអត់កំណើត។ ពិតណាស់ ក្នុងការយកទស្សនៈ ការពន្យល់ ការដាក់ទិសដៅនីមួយៗ របស់រដ្ឋាភិបាល កន្លែងខ្លះយើងមិនអាចពន្យល់គ្រប់ទេ។
(២៦) កម្ពុជាចង់បានសន្តិភាព សហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រជាជននិងអធិបតេយ្យភាព ដោយសន្តិវិធី ទោះបីជាត្រូវការពេលយូរបន្តិចក៏ដោយ
ដូចការពន្យល់ថ្ងៃនេះ។ ហេតុអីបានជាខ្ញុំពន្យល់អំពី(សារសំខាន់នៃ)យន្តការទ្វេភាគីថ្ងៃនេះ។ គឺដោយសារខ្ញុំរង់ចាំមើលគោលនយោបាយរបស់រដ្ឋាភិបាលថ្មី(របស់ថៃ)ចេញមកយ៉ាងម៉េច។ តើយើងត្រូវរកជម្រើសមួយណា។ តើទ្វេភាគីនៅបើកឬអត់? ព្រោះពីមុនមានប្រកាសថាត្រូវតែលុប។ បន្តិចៗ គណៈកម្មាធិការព្រឹទ្ធសភាថាត្រូវតែលុបនេះលុបនោះ។ មើលជាក់ស្តែងដើម្បីយើងដាក់យន្តការឱ្យត្រូវ។ បើសិនជាភាគីថៃគាត់ព្រម(ដោះស្រាយតាម)សន្តិវិធី យន្តការដែលមានស្រាប់ (គឺវា)ចំអ្វីដែលយើងធ្វើអត់ខុស។ ខ្ញុំប្រកាសថ្ងៃនេះតែម្តង ដើម្បីឱ្យយល់ ហើយចេញមកពន្យល់បងប្អូនយើងនៅទីនេះ។ ៦សន្លឹកដូចគ្នា។ អ្នកលេងកាតេ (មិនមែនខ្ញុំល្មោភបៀរទេ) ប៉ុន្តែ … បើសិនជាបង្ហាញគេ ហើយប្រាប់ថាលេងយ៉ាងម៉េច អាត់បីក៏នៅតែទីវដែរ។
ទី១ ដោះស្រាយកុំឱ្យស្លាប់ទៀត។ ទាមទារ(ដែនអធិបតេយ្យមក)វិញ តាមមធ្យោបាយការទូតនិងច្បាប់។ នៅក្នុងជម្រើសការទូតនិងច្បាប់ ប្រើអ្វី ប្រើពេលណា ដើម្បីដោះស្រាយបាន។ នេះដែលខ្ញុំពន្យល់(នៅថ្ងៃនេះ)។ ហេតុអីបានជាខ្ញុំមិនពន្យល់ថ្ងៃមុន … គឺចាំមើលគេទម្លាក់បៀរ(របស់គេ)ស្អី បានយើងលេងបៀរស្អី។ រឿងតែប៉ុណ្ណឹង។ ខ្ញុំជឿថា បងប្អូនច្រើនឆ្ងល់ ហេតុអីបានរដ្ឋាភិបាលមិនចេញមកពន្យល់។ សូមទោសខ្ញុំមានតែ ៦សន្លឹកទេ បានន័យថា ៧ជម្រើស។ វាមិនដឹងពន្យល់ស្អីទៀតក្រៅពីការតេហ្នឹង។ បានន័យថាយើងរវល់តែកាន់ ៦សន្លឹក ស្រាប់តែគ្នាយើងមកពីក្រោយ ជាពិសេសមេ(ប្រពន្ធ)មកពីក្រោយ មើលពន្យល់ខ្ញុំមើលតាប៉ិ លេងយ៉ាងម៉េចហ្នឹង ហើយយើងដៃម្ខាងខ្លាចប្រពន្ធ ដៃម្ខាងខ្លាចចាញ់គេ ឥឡូវយកមួយណា? បើចាញ់គេ ទៅដល់ផ្ទះប្រពន្ធរករឿងទៀត។ អញ្ចឹងសុខចិត្តឱ្យគាត់ខឹងសិនចុះ ចាំយើងលេងបានស្រេចភារកិច្ច ចាំពន្យល់គាត់ក្រោយ។ ប្រជាជនដូចគ្នា។ យើងចង់បានសន្តិភាព សហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រជាជននិងអធិបតេយ្យភាពដោយសន្តិវិធីវិញ ទោះបីជាត្រូវដោះស្រាយយូរបន្តិច។ សូមប្រជាពលរដ្ឋយើងយោគយល់ទៅលើការងារនេះ។
(២៧) បើទោះជា “សង្ឃឹមថាទៅមុខតែ១% ក៏រដ្ឋាភិបាលត្រូវតែប្រើយន្តការទ្វេភាគីដែរ ដើម្បីអាយុជីវិតប្រជាពលរដ្ឋ និងសន្តិភាពយូរអង្វែង”
បងប្អូនដឹងទេថាតឹងទ្រូងជាងគេគឺស្អីទេ? គឺចង់់ពន្យល់ តែមិនអាចពន្យល់បាន។ សូម្បីតែគ្នាឯងហ្នឹងក៏ពន្យល់មិនបានផង។ សូម្បីតែនៅអចិន្ត្រៃយ៍របស់រដ្ឋាភិបាលក៏មិនទាន់ដឹងផង។ កន្លែងខ្លះ យើងពន្យល់ជាជំហាន។ ពេលខ្លះវាលឿន ការងារបត់បែន ដូចបន្លាលួសចេញមកនៅព្រៃចាន់ ជោគជ័យ។ ដំបូង ហេតុអីបានយើងយកជម្រើសនេះជម្រើសនោះ។ ហេតុអីបានជាយើងយកមូលដ្ឋានច្បាប់ សូម្បីតែថ្នាក់ដឹកនាំខាងលើ ពេលខ្លះយូរៗបានទៅពន្យល់គាត់ម្តង។ ពេលវេលាវាលឿន ហើយវាប្រកបដោយភាពមិនពិតប្រាកដ។ ដូចកាលកូវីដ-១៩ ខ្ញុំនិយាយកាលពីថ្ងៃទី១១ ឆ្នាំ២០២១ យើងស្ថិតនៅក្នុងដំណាក់កាលភ័យខ្លាចមិនដឹងថាតើរាលដាលស្លាប់នៅកម្ពុជាប៉ុន្មាន? អត់ទាន់ដឹងទេ។ ថ្ងៃនេះយើងហ៊ាននិយាយដោយភាពជឿជាក់ថាយើងធ្វើត្រូវ។ តែពេលនោះមិនដឹងថាជម្រើសមួយណាត្រូវមួយណាខុសទេ។ រៀបចំមណ្ឌលធំហ្នឹងមិនដឹងថាដាក់ទៅឆ្លងលើសហ្នឹង គ្រោះថ្នាក់ជាងហ្នឹង ឬយ៉ាងម៉េច? តែបើដាក់នៅផ្ទះដាក់មិនកើត នៅពេទ្យមួយបន្ទប់ម្នាក់នៅអត់កើត ឆ្លងរាប់ពាន់។
រឿងព្រំដែនមិនទាន់ចប់ទេ នៅតទៅទៀត។ តែយើងនឹងខិតខំដោះស្រាយ។ ទោះជាយ៉ាងណា ក៏យើងឃើញមានការស្របគ្នាមួយចំនួននៃយន្តការទ្វេភាគី។ អញ្ចឹង សូមបងប្អូនមានការយោគយល់។ កន្លែងខ្លះរដ្ឋាភិបាលមិនបានទៅទូងស្គរអង្គុយពន្យល់រាល់ថ្ងៃ រដ្ឋាភិបាលមិនបានលោតទៅអន្តរជាតិ ឬមួយក៏ធ្វើអ្វីតាមបងប្អូនចង់បាន រដ្ឋាភិបាលមិនបានឃើញថាដាក់ជម្រើសក្តៅ ឃើញគេរាយធុងឱ្យវាយធុងទេ … សង្ឃឹមថា ការតឹងទ្រូង និងការអត់ធន់ក្នុងរយៈពេលខ្លីនេះនឹងជួយឱ្យយើងឆាប់បាន(ល្អប្រសើរ) ជាជាងធូរទ្រូងរយៈពេលខ្លី តែតឹងទ្រូងរយៈពេលវែង។ តើយកមួយណា? ខ្ញុំសុខចិត្តថា តឹងទ្រូងរយៈពេលខ្លី តែដោះស្រាយបញ្ហាបានយូរអង្វែងសម្រាប់ជាតិយើង … បងប្អូនមើលតាមហ្វេកប៊ុក … តាមដានសភាពការណ៍ ថ្ងៃនេះស្លាប់ប៉ុន្មាន របួសប៉ុន្មាន ភៀសសឹកប៉ុន្មាន ប្រជាពលរដ្ឋចេញឬអត់ អ្នកខ្លះជាប់នៅក្នុងផ្ទះ នៅលើប្រាសាទ … ឈរដោះស្រាយអត់ស្រួលទេ។ ម៉ោងឈប់បាញ់ ឈប់ឬអត់? … ខ្ញុំមិនដឹងថាអ្នកតាកែវ(ដឹងប៉ុន្មាននាក់ទេ) កាលមុន កាលឈប់បាញ់លើកទី១ ឈប់នៅម៉ោង ១២យប់ ខ្ញុំចរចានៅកូឡាឡាំពួរ ឡើងលើយន្តហោះចុះមកដល់ម៉ោង៨ មានអ្នកបន្ទោសតាមហ្វេកប៊ុកទៀត … ពេលនោះបងប្អូនចង់ឱ្យវាឆាប់ចប់ កុំឱ្យវាបាញ់គ្នាស្លាប់។ ឈប់បាញ់លើកទី ២ យើងឈាន់ដល់ការព្រមព្រៀងមិនផ្លូវការ២ ឬ៣ដង តែមិនចប់។
អញ្ចឹងថ្ងៃ២៧ អង្គុយអ៊ុតមើលអាម៉ោង ១០ព្រឹក ហ្នឹងវាយ៉ាងម៉េច ជាពិសេសនៅចុងម៉ោង ព្រោះចុងម៉ោងហ្នឹងគឺចាំបាច់ណាស់។ តើវាឈប់ ឬមួយក៏ផ្ទុះវិញ។ មុនដល់ថ្ងៃ ២៧ហ្នឹង សម្រេចបានមានកិច្ចព្រមព្រៀងឈប់បាញ់ដូចជា ២ដង ដែលម៉ាឡេស៊ីគាត់ព្យាយាម ឈប់មួយម៉ោង។ ឈប់មែន។ មួយម៉ោងក្រោយផ្ទុះទៀត។ តឹងទ្រូងណាស់។ ជាពិសេសកាន់ទូរស័ព្ទ។ ស្តាប់អាយកូម។ វាឈប់ឬអត់។ វាយ៉ាងម៉េច? ផ្ទះប៉ុន្មាន អីប៉ុន្មាន? ក្រោយពីចប់ ធ្វើម៉េចទៀតដើម្បីឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះវិញបាន។ ដោះស្រាយការផ្ទុះយ៉ាងម៉េច កុំឱ្យប៉ះពាល់ប្រជាពលរដ្ឋ ក្មេងៗប៉ុន្មាននាក់ ស្លាប់ដោយសារគ្រាប់បែកចង្អោម។ ឈប់បាញ់ហើយធ្វើម៉េចឱ្យវាឈប់ ព្រោះផ្ទះ ៣០០០ខ្នង ធ្វើលឿនមែន ប៉ុន្តែការកម្ទេចលឿនជាងហ្នឹងទៀត។ បើដោះស្រាយដោយក្តៅ វាមិនចប់ទេ ទៅមកៗរហូត។ ទាល់តែរកវិធីអីពន្លត់ឱ្យវាចប់ទៅ ដើម្បីយើងមកដោះស្រាយ។
នេះហើយគឺជាអភិក្រមដែលរដ្ឋាភិបាលធ្វើ។ ឥឡូវខ្ញុំពន្យល់បន្ថែម។ ខ្ញុំនិយាយតែនយោបាយការទូតទេ។ បងប្អូនលឺទេ។ លឺតែការទូតនិងច្បាប់។ អត់ដឹងអីទេ ព្រោះខ្ញុំមិនអាចរំលេចជម្រើសប៉ុន្មាន តែថ្ងៃនេះខ្ញុំបានបញ្ជាក់បន្ថែមទៀត។ ការទូតនិងច្បាប់នេះ យើងយកទ្វេភាគី ហ្នឹងក៏ការទូតនិងច្បាប់ដែរ ហើយវាលឿន វាអាចអង្គុយដោះស្រាយបញ្ហាទ្វេភាគី។ ទាល់តែទ្វេភាគីដោះ។ អ្នកពាក់ព័ន្ធដោះ។ អញ្ចឹង បើមានចំណុចរួមហើយ ប្រើវាទៅកុំបោះវាចោល។ បងប្អូនខ្លះអាចថាកុំជឿ។ រឿងជឿមិនជឿខ្ញុំមិនដឹងទេ តែបើទោះជាសង្ឃឹមថាវាទៅមុខ១% ក៏រដ្ឋាភិបាលត្រូវតែប្រើដែរដើម្បីសេចក្តីសុខ ព្រោះវាជារឿងជីវិតប្រជាពលរដ្ឋ រឿងសន្តិភាពយូរអង្វែង។ អញ្ចឹងឱកាសតូចមួយក៏ជាអ្វីដែលយើងត្រូវចាប់ឱ្យជាប់ ពង្រីកវាឱ្យធំដើម្បីទៅជាសក្តានុពលក្នុងការដោះស្រាយបញ្ហា។ នេះគឺជាការដោះស្រាយដែលភ្ជាប់ជាមួយជនភៀសសឹក ឱ្យផ្ទះបណ្តោះអាសន្ន ជួយស្តារជីវភាពឱ្យគាត់ដកដង្ហើម ក្រៅពីនោះនៅដោះស្រាយបញ្ហាទឹកដីបន្តទៀត តាមយន្តការដែលមានស្រាប់។
(២៨) អរគុណរដ្ឋាភិបាលចិនបានផ្តល់ជំនួយដល់ជនភៀសសឹក សកម្មចូលរួមការចរចា និងការសម្របសម្រួលការប្រជុំរវាងភាគីកម្ពុជានិងថៃ
ខ្ញុំសង្ឃឹមថាកម្ពុជានិងថៃ នឹងអាចធ្វើការងារនេះ ផ្អែកទៅលើអ្វីដែលយើងប្រកាសរៀងៗខ្លួន ដោះស្រាយដោយសន្តិវិធី យន្តការដែលមានស្រាប់ កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ជាពិសេសនៅ JS ដែលយើងមានចំណុចទី៣ នេះ ដែលឱ្យ JBC ចាប់ផ្តើមចុះវាស់វែងលើកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រោះយើងបានធ្វើហើយមុនផ្ទុះអាវុធ ខែ១២។ យើងចុះវាស់បង្គោល ៥២ ដល់ ៥៩ និងយើងចុះ(បង្គោល) ៤២ ដល់៤៧ បានមួយជំហាន។ ឥឡូវចាប់ផ្តើមធ្វើទៀតទៅ។ ចាប់ផ្តើមទៅវាស់នៅថ្មដា នៅតំបន់មានបញ្ហាមួយចំនួន ផ្អែកតាមបច្ចេកទេសទៅ។ នេះគឺជាកិច្ចការ និងគោលដៅរបស់រាជរដ្ឋាភិបាល។ ខ្ញុំសូមយកឱកាសនេះពន្យល់ជូនបងប្អូននៅទីនេះ ក៏ដូចជាបងប្អូនដែលរំពឹងចាំមើលនៅផ្ទះ … (អំពី)រឿងដែលថា មានការផ្សព្វផ្សាយផុសផុល ម៉េចក៏កម្ពុជាស្ងាត់ម្លេះ មិនឃើញបាតុកម្មពេញផ្លូវរាល់ថ្ងៃលើកប៉ាដាទាមទារ រឿង JBC រឿងអី។
ប៉ុន្តែ នៅក្នុងអារម្មណ៍ប្រជាពលរដ្ឋ យុវជនរបស់យើង ចុះជាមួយយុវជនតាមខេត្ត … រាយការណ៍មកខ្ញុំ ចុះប៉ុន្មានអាទិត្យ ប្រធានបទដែលធំជាងគេបំផុតគឺរឿងព្រំដែន។ រដ្ឋាភិបាលដោះយ៉ាងម៉េច? ធានាអធិបតេយ្យយ៉ាងម៉េច? ថ្ងៃនេះ ខ្ញុំទម្លាក់បៀរមួយសន្លឹកទៀតឱ្យមើល ដោយសារមានការឯកភាពគ្នាលើជំហរ។ ខ្ញុំសង្ឃឹមថាអាចដោះស្រាយក្នុងពេលខាងមុខ រក្សាសន្តិភាព ឈប់វាយគ្នា ដោះស្រាយបញ្ហាបូរណភាពទឹកដីតាមច្បាប់ កិច្ចព្រមព្រៀងសន្ធិសញ្ញា អនុសញ្ញាដែលមានស្រាប់ ហើយកិច្ចព្រមព្រៀងដែលមានថ្មីៗនេះ រួមទាំង KL និងJS ថ្ងៃ ២៧ ខែ១២ នេះគឺដោះស្រាយតាមយន្តការ JBC ដែលមានស្រាប់។ អរគុណណាស់ ជូនទៅដល់រដ្ឋាភិបាលចិន ទី១ បានជួយដល់ជនភៀសសឹកតាមរយៈការផ្តល់ជំនួយជាថវិកា និងជួយដោះស្រាយការលំបាក។ ទី២ សកម្មចូលរួមចរចា លើកទី១ ថ្ងៃ ២៨ ខែកក្កដា ក៏ដូចជាការសម្របសម្រួលដោយឯកឧត្តម (រដ្ឋមន្ត្រីការបរទេសចិន) វ៉ាង យី ដែលបានកោះប្រជុំនៅសៀងហៃ នៅកន្លែងមួយចំនួន រវាងភាគីកម្ពុជានិងថៃ ដើម្បីបន្តកិច្ចការនេះ។
ដោយហេតុនេះ សូមបងប្អូនយល់និងជ្រាប។ រដ្ឋាភិបាល ទោះបីជាមិនបានស្រែកឡាំប៉ារាល់ថ្ងៃ អំពីការដោះស្រាយរឿងអធិបតេយ្យភាព តែមិននៅស្ងៀមទេ។ ឥឡូវដោះស្រាយយ៉ាងម៉េច ខ្ញុំពន្យល់ហើយ នៅមានដំណើរទៅមុខតទៅទៀត។ ខ្ញុំសូមទោសសិន និងបង្ហាញតាមជំហាន។ តែទិសដៅតែមួយទេ គឺរកសន្តិភាព ដោះស្រាយទឹកដី និងសេចក្តីសុខជូនប្រជាពលរដ្ឋ តាម(គ្រប់)មធ្យោបាយ។ បើនៅមានសង្ឃឹម ដំណោះស្រាយដោយសន្តិវិធី យើងមិនត្រូវចោលវាទេ។ លើកលែងតែថាភាគីទាំងអស់បិទច្រកទ្វេភាគី និងបិទច្រកច្បាប់ ហ្នឹងយើងមិនដឹងថា … នៅតែខិតខំរកស្អីកុំឲ្យវាមានផ្ទុះ កុំឲ្យវាមានស្លាប់ កុំឲ្យរបួស។ ទាំងសងខាងដូចតែគ្នាទេ …ឯកឧត្តម Jean Francois Tain មិនបាច់ពន្យល់ទេ។ ខ្ញុំពន្យល់ជំនួសហើយ … មិនបានសុំឯកឧត្តម ម៉ាក្រុង ឲ្យកាន់ជើងទេ។ ឯកឧត្តម Jean Francois Tain គាត់និយាយច្បាស់ថាកម្ពុជាមិនបានទៅសុំបារាំងឲ្យកាន់ជើងកម្ពុជាទេ គឺសុំឲ្យបារាំង ក៏ដូចជាភាគីមិត្តមានថ្នាក់ដឹកនាំចិនក៏យើងបានលើក ថ្នាក់ដឹកនាំ UN អីទាំងអស់ គឺថាសុំធ្វើម៉េចឲ្យជំរុញភាគីទាំងពីរគោរពច្បាប់អន្តរជាតិ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន មិនប្រើប្រាស់កម្លាំងដោះស្រាយព្រំដែន តែដោះស្រាយព្រំដែនដោយសន្តិវិធី … បើគេគាំទ្រជំហរហ្នឹង គឺគាំទ្រកម្ពុជា។ ខ្ញុំគិតថា ថៃក៏យកជម្រើសហ្នឹង។ គេគាំទ្រភាគីទាំងពីរដោះស្រាយដោយសេចក្តីសុខ។
(២៩) កម្ពុជាត្រូវតែមានសមត្ថភាពម្ចាស់ការកម្រិតធំមួយដើម្បីជាមូលដ្ឋានរស់យូរអង្វែង
នេះគឺជាអ្វីដែលខ្ញុំសូមបញ្ជាក់ជូន។ ខានកាន់មេក្រូយូរ អញ្ចឹងកាន់ម្តងយូរបន្តិចចុះ។ រាល់ដងតែមួយម៉ោងវាបែកញើស។ តែថ្ងៃនេះធ្លាក់ខ្យល់។ គេថា តាកែវវិបត្តិថាមពល ប្រេងឡើងថ្លៃហើយនៅបើកម៉ាស៊ីនត្រជាក់ចោលទៀត តាំងពីព្រឹក ម៉ាស៊ីនត្រជាក់ធម្មជាតិ។ សង្ឃឹមថាព្រែកជីកមួយហ្នឹង នឹងនាំនូវសមិទ្ធផល ជាពិសេសកម្លាំងសេដ្ឋកិច្ចផ្សេងៗ មកខេត្តតាកែវ … អម្បាញ់មិញ ខាងតាកែវអួតរឿងពងទា។ គេហៅពងសំណាង។ ថ្ងៃក្រោយមិនត្រឹមតែពងទានិងបង្គងទេ គឺអាចនាំផលិតផលដែលគាត់មានអ្នកប្រុងមកធ្វើ semiconductor គ្រឿងបង្គុំអគ្គិសនីរាប់រយលាននៅហ្នឹងទៀត។ ហេតុអ្វីបានជាគេមក? គេមើលឃើញថាតិចទៀត មានផ្លូវទឹកនេះវាថោក … ផ្លូវទឹកអស់ថ្លៃ តែថ្លៃដឹកជញ្ជូនតាមផ្លូវទឹកវាថោក … បន្តិចទៀត សមិទ្ធផលច្រើនយ៉ាងនឹងមកខេត្តតាកែវ។ ខេត្តកណ្តាលថ្ងៃនេះក៏មកដែរ។ ជាប់នឹងព្រលានយន្តហោះ ឧកញ៉ា ពង្ស ខៀវសែ ខេត្តកណ្តាលមានប្រឡាយមួយ … អញ្ចឹងធ្វើភស្តុភារកម្មពីអាកាសដល់ដី មកតាមទឹកចេញទៅ។
ថ្ងៃក្រោយ (កម្ពុជានឹងមាន)សក្តានុពលប្រទាក់ក្រឡា។ ទាំងអស់ដើម្បីអ្វី? សង្គ្រាមក្តី ជម្លោះក្នុងពេលថ្មីៗនេះ បានបង្ហាញឲ្យយើងកាន់តែមានភាពចាំបាច់នៅក្នុងការពង្រឹងខ្លួនឯងគ្រប់វិស័យ។ បទពិសោធន៍កូវីដ១៩ (ប្រាប់ថា)បើសិនជាពេទ្យយើងគ្មានសមត្ថភាពក្នុងការព្យាបាល គ្មានមន្ត្រីទទួលខុសត្រូវ ថវិកាជាតិយើងមានមិនគ្រប់សម្រាប់ទិញវាក់សាំង នោះយើងដោះស្រាយមិនបានទេ។ យើងមានភាគីមិត្តដែលបានជួយ ប៉ុន្តែភាគច្រើនគឺពេទ្យយើងម្ចាស់ការ។ ពេទ្យយើងទទួលការបណ្តុះបណ្តាលក្នុងប្រទេស។ បើសិនជាយើងមិនបានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលពេទ្យយើង ដូចដែលខ្ញុំនិយាយ កាលហ្នឹងខ្ញុំទទួលពេទ្យធ្ងន់មួយគឺពេទ្យហ្លួងម៉ែ។ ពេទ្យហ្នឹងធ្ងន់។ កន្លែងខ្លះ អ្នកដែលចូលត្រូវវាយតម្លៃ សូម្បីតែបាញ់ទៅឲ្យពេទ្យនៅក្រៅប្រទេសមើលថា រលាកសួតហ្នឹងប្រហែលជាសល់តែ១០% ទេ ដែលអាចរស់ ក៏សមត្ថភាពរបស់ពេទ្យយើងព្យាបាលរស់។ គ្រប់វិស័យ ទៅថ្ងៃក្រោយ ទាំងសន្តិសុខជាតិ ការពារជាតិ ទាំងសេដ្ឋកិច្ច ទាំងបច្ចេកវិទ្យា យើងចាំបាច់ត្រូវតែមានសមត្ថភាពម្ចាស់ការខ្លួនឯងក្នុងកម្រិតធំមួយក្នុងការអភិវឌ្ឍសមិទ្ធផលនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡានេះ ដើម្បីជាមូលដ្ឋានរស់យូរអង្វែង ដោយជំនាន់ក្មួយៗ កូនក្មូយៗ ចៅក្មូយៗ កាន់តែរីកចម្រើនរឹងមាំ ម្ចាស់ការខ្លួនឯង។
(៣០) “សន្តិភាពរកបានដោយលំបាក តែការការពារសន្តិភាព ត្រូវតែធ្វើឲ្យបានជាដាច់ខាត” … បទពិសោធន៍រយៈពេលខ្លីមកនេះ បានបង្រៀនថា “ត្រូវរៀនរស់ដោយខ្លួនឯង”
ពេលខ្លះ ពេលប្រឈមការលំបាក បានធ្វើឲ្យយើងចាប់អារម្មណ៍នៅក្នុងការប្រឹង។ ការកែទម្រង់ច្រើនណាស់ ដែលអាចធ្វើទៅបាននៅពេលដែលការលំបាក ព្រោះពេលដែលជោគជ័យកែធ្វើអី។ គេថាបើល្អហើយ កែអី។ នៅពេលដែលបញ្ហាមកដល់ យើងឃើញចំណុចខ្សោយ បានចាប់ផ្តើម។ កាន់តែឈឺ កាន់តែងាយស្រួលក្នុងការវះកាត់ ព្រោះទឹកចិត្តតែមួយត្រូវពង្រឹងខ្លួនឯង … កិច្ចការច្រើនដែលយើងបានធ្វើ ពង្រឹង ក្នុងស្ថាប័នមួយចំនួនបានធ្វើ ទោះជាយើងមិនបានប្រកាសក៏ដោយ។ យើងបានធ្វើកំណែទម្រង់ ម្ចាស់ការខ្លួនឯង ការពារជាតិ សន្តិសុខជាតិ និងបច្ចេកវិទ្យា។ ក្នុងរយៈពេលប៉ុន្មានខែនេះ យើងកែសម្រួលច្រើន វះកាត់ច្រើន ដូរក្នុងស្ថាប័នសំខាន់មួយចំនួន ក្បាលម៉ាស៊ីន កាត់បន្ថយស្ថាប័នចំណុះមួយចំនួន បង្កើតការពង្រឹងទៅលើយន្តការ ពង្រឹងចំណុចខ្សោយគ្រប់វិស័យទាំងអស់ដើម្បីខ្លួនឯង។
អញ្ចឹង ទៅមុខទៀត យើងនឹងបន្តកិច្ចការនេះតាមទិសដៅតែមួយ គឺធ្វើយ៉ាងណាឲ្យកម្ពុជាកាន់តែរឹងមាំ កម្ពុជាកាន់តែរីកចម្រើនតកូនតចៅទៅថ្ងៃមុខ ទើបប្រទេសយើងមានសុខដុមរមនា។ សន្តិភាពបានដោយសារភាពម្ចាស់ការក្នុងការថែរក្សា និងការពារសន្តិភាព។ និយាយឲ្យខ្លី មិនអាចសុំសន្តិភាពបានទេ។ ខ្ញុំមិនបាច់និយាយលំអិតថាត្រូវធ្វើម៉េចទេ។ សន្តិភាពរកបានដោយលំបាក តែការពារសន្តិភាពត្រូវតែធ្វើឲ្យបានជាដាច់ខាត ជាពិសេសបទពិសោធន៍ក្នុងរយៈពេលខ្លីមកនេះ បានបង្រៀនថាយើងត្រូវរៀនរស់ខ្លួនឯង កន្លែងខ្លះដែលកាលមុនយើងគិតថាទិញសំភារៈនេះសំភារៈនោះពីក្រៅមកថោកជាង ឥឡូវទោះបីវាថ្លៃត្រូវតែធ្វើខ្លួនឯង ឲ្យតែវាដើរ ដើម្បីបើមានសភាពការណ៍ យើងអាចម្ចាស់ការខ្លួនឯង … ច្បាប់ខ្លះ ៣ខែយើងធ្វើបាន ពិនិត្យ ១០% ដល់មានសភាពការណ៍តែ ៣ថ្ងៃ យើងធ្វើបាន ៩០% … ច្បាប់អី អ្នកដឹងបានដឹង។ នេះគឺជាការប្តេជ្ញាចិត្ត។
(៣១) “សូមឲ្យចូលឆ្នាំៗ នេះ គ្រប់ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍”
ថ្ងៃនេះ សូមអបអរសាទរ ហើយអរគុណសាជាថ្មី កោតសរសើរចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និយាយរួម អ្នកសិក្សាពីដើមទី ផ្តួចផ្តើម ហើយជំរុញរហូតតភ្ជាប់តាំងពីអាណត្តិមុនមកដល់ពេលនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដោះស្រាយការដឹកនាំ សម្របសម្រួលក្រុមការងារ ដោះស្រាយផលប៉ះពាល់ ក្រុមការងារចុះវាស់វែងជាក់ស្តែង ក្រុមការងារក្រសួងដែនដីនគរូបនីយកម្ម ក្រសួងធនធានទឹក ក្រសួងកសិកម្ម ព្រោះជាគំរោងដែលមានការពាក់ព័ន្ធគ្នា។ មិនអាចធ្វើអត់គិតពីវិស័យធនធានទឹក វិស័យជលសាស្ត្រ វិស័យកសិកម្មបានទេ។ ធារាសាស្ត្រធ្វើយ៉ាងម៉េច ដោះយ៉ាងណា។ ទទួលខុសត្រូវរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដែលជួយសម្របសម្រួល ជាពិសេសប្រជាពលរដ្ឋដែលបានគាំទ្រគម្រោងប្រវិត្តសាស្ត្រនេះ និងការយោគយល់របស់បងប្អូនប្រជាពលរដ្ឋដែលអាចត្រូវរងផលប៉ះពាល់ និងការដោះស្រាយនេះ។ សូមចូលរួមដើម្បីយើងបានសមិទ្ធផលជាតិយើងរាប់រយឆ្នាំ តកូនតចៅ តទៅទៀត។
ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំក៏ឆ្លៀតឱកាសដើម្បីអរគុណទៅដល់ប្រជាពលរដ្ឋរបស់យើងដែលបានខិតខំនៅក្នុងឆ្នាំចាស់ ហើយក៏សូមប្រសិទ្ធពរដោយ ទី១ សូមឲ្យអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់។ ឃើញរៀបចំហើយល្អ។ ការរៀបចំល្បែងប្រពៃណីអីហ្នឹង ប៉ុន្តែមើលការងារសន្តិសុខសណ្តាប់ធ្នាប់។ សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជន សូមរក្សាសីលធម៌ សេចក្តីថ្លៃថ្នូរ កុំធ្វើអីផ្តេសផ្តាសនាំឲ្យហ្មងសៅ សប្បាយទាំងអស់គ្នា កុំសប្បាយតែខ្លួនឯង បង្កការឈឺចាប់ទៅគេ។ ថ្ងៃមុនឃើញមួយក្រុមទៅចាប់ធ្វើបាបក្មេងស្រីម្នាក់ជិះម៉ូតូណានោះ។ គ្នាកូនស្រីផងអីផង។ អត់បានទេ។ គិតគេដូចកូនយើង។ ដូចម្តាយយើង។ ដូចបងយើង។ កុំលេងអី។ ប្រពៃណី ល្បែងប្រជាប្រិយ សូមកំសាន្តជួបជុំគ្រួសារឲ្យសប្បាយ។
ចរាចរណ៍សូមឲ្យប្រយ័ត្ន។ ទោះបីជាប៉ូលីសអត់ផាកលុយក៏ដោយ មិនមែនបានន័យថាសល់លុយយកទៅផឹកស្រវឹងដើម្បីជិះបុកគេទេ។ អត់ឲ្យរួចខ្លួនទេ។ រឿងផឹកស្រវឹងហើយបុកគេ ពីដើមអាណត្តិមកនេះ ថ្ងៃមុនមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយបុកគេស្លាប់ ៦នាក់ មិនទាន់ចេញផង។ អត់គិតថាប្រធាននាយកដ្ឋានអីទេ។ អត់មានសងលុយហើយចេញទេ។ ត្រូវតែទទួលខុសត្រូវ។ បើស្រវឹង។ បុកស្លាប់វាមិនមែន(ចេតនា?)ទាំងអស់ទេ។ គ្មានអ្នកណាមានចេតនាទេ លើកលែងតែអ្នកហ្នឹងមានបំណងធ្វើមនុស្សឃាត។ (បើមិនដូចនោះទេ)គ្មានចេតនាឲ្យគេស្លាប់ទេ។ ប៉ុន្តែ(ត្រូវពិនិត្យ)ការទទួលខុសត្រូវរបស់ខ្លួន។ បើសិនជាបើកសុខៗ មនុស្សរត់កាត់បុកស្លាប់ ហ្នឹងជារឿងមួយ។ ប៉ុន្តែ បើខ្លួនឯងដឹងថាខុសច្បាប់ហើយ ផឹកស្រវឹងទៅកាន់ចង្កូត បានន័យថាយើងយកជីវិតគេ។ បងប្អូនអើយ សម័យឥឡូវគេផ្សាយពាណិជ្ជកម្មឡានទំនើប ប្រព័ន្ធ airbags កាលមុនមានតែ ២ ឥឡូវមាន ១២ គេធ្វើតេស្តបុកក្រឡាប់ម៉េចក៏មនុស្សអត់ស្លាប់ តែកុំភ្លេចថាមនុស្សនៅក្រៅឡាន នៅតែឆ្អឹងទេ។ ដូចពី ១០០០ឆ្នាំមុនឡានបុកបាក់ស្លាប់ដូចតែគេទេ អញ្ចឹងបើមិនស្លាប់ខ្លួនឯង ឡានទំនើប កុំសំលាប់គេនៅក្រៅ គិតគេផង។
សំរាប់ការចូលឆ្នាំថ្មី ខ្ញុំសូមជូនពរឲ្យចូលឆ្នាំនេះគ្រប់ខេត្តទាំងអស់គ្មានគ្រោះថ្នាក់ចរាចរណ៍។ គោរពគ្នាទៅវិញទៅមក អត់ប្រញាប់ទៅណាទេ។ បើប្រញាប់មែនទែន យកទ្រឹស្តីខ្ញុំ គ្រឿងស្រវឹងជាថ្នាំបង្រួញដី។ យល់ទេ។ ធម្មតាពីភ្នំពេញទៅតាកែវ បើកប៉ុន្មាន? ១ ម៉ោងកន្លះ។ តែបើផឹកស្រវឹងតែមួយប៉ប្រិចភ្នែកទេ។ កុំបើក។ ដេកទៅ។ ធ្មេចតែភ្នែក។ បើកភ្នែកដល់បណ្តោយ។ យករូបមន្តហ្នឹង។ បើស្រវឹង កុំបើកបរ ដេកទៅឲ្យគេបើក។ ទៅសៀមរាប ៤ម៉ោង … ដាក់មួយស្រវឹងដេកនៅក្នុងឡាន។ មួយប៉ប្រិចភ្នែក ដឹងតែទៅដល់ហើយ … បើថាងងុយគេងក៏ដោយ កុំបើក។ មិនចាំបាច់តែស្រវឹងទេ។ គ្រោះថ្នាក់។ ខ្ញុំធ្លាប់នៅអង់គ្លេសម្តង។ ព្រឹកឡើងម៉ោង៥ បើកឡានពីកន្លែងខ្ញុំរៀន ២០០គីឡូ ទៅទទួលមិត្តភក្តិនៅ Heathrow ហើយប៉ុន្មានថ្ងៃមុនអត់សូវបានដេកល្បឿនប្រហែលជា ១០០ជាងគីឡូមួយម៉ោង … មានអារម្មណ៍ថាបើកភ្នែក។ ទាល់តែឡានក្រោយស៊ីភ្លេ បានដឹងថាខ្លួនធ្មេចភ្នែក។ វិះក្រឡាប់គ្រោះថ្នាក់។ បើមានអ្នកនៅខាងមុខ បិទភ្នែកបន្តិចគឺបុកគេហើយក្រឡាប់ខ្លួនឯង។ បើងងុយគេង គេងទៅ ឬមិនបាច់ចេញដំណើរតែម្តង។ រកកន្លែងសុវត្ថិភាពគេង។ មិនចាំបាច់ស្រវឹងទេ តែអារម្មណ៍មិនល្អ គេងមិនស្រួល គ្រោះថ្នាក់ដូចគ្នា។ គ្រោះថ្នាក់ខ្លួនឯង ព្រោះជួនកាលក្រឡាប់ធ្លាក់លូអី ភាគច្រើនមួយប៉ប្រិចភ្នែកហ្នឹង។ អញ្ចឹងសុវត្ថិភាពជាចំបង ព្រោះឥឡូវអត់សង្គ្រាម អ្វីដែលសម្លាប់ប្រជាជនយើងច្រើនជាងគេ របួសច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍។
សូមយកឱកាសនេះធ្វើការផង។ ខាងក្រសួងមហាផ្ទៃ ខាងនគរបាលជាតិរបស់យើង អាជ្ញាធរ ស្នងការខេត្ត អាវុធហត្ថខេត្ត ចរាចរណ៍យើងឆែក ត្រួតពិនិត្យជាតិអាល់កុល តែមិនបាច់ច្រើនពេកទេ មិនបាច់មួយគីឡូមួយទេ។ highway អីមិនបាច់ទេ។ បើឆែកហ្នឹង អត់ស្រវឹង ដឹងតែ ៥គីឡូក្រោយគាត់អត់ស្រវឹងទេ។ ប៉ុន្តែធ្វើម៉េចសម្រួល ធ្វើការណែនាំ។ ម្ចាស់ការខ្លួនឯង កុំចាំបាច់ពឹងលើមន្ត្រីនគរបាល ឬមួយក៏អាវុធហត្ថ។ ម្ចាស់ការទទួលខុសត្រូវខ្លួនឯង។ មិត្តភក្តិទៅជាមួយគ្នា បើថាអ្នកណាស្រវឹងខ្លាំង កុំឲ្យកាន់(ចង្កូត)។ បើគេមិនខ្លាចស្លាប់ គេស្រវឹង យើងត្រូវការទៅជួបគ្រួសារដែរ សុំបើកទៅ ព្រោះមួយឡានហ្នឹង បើទៅៗទាំងអស់ហើយ មិនមែនជិះមួយឡាន តៃកុងឡានទៅកំពង់ឆ្នាំង អ្នកជិះក្រោយទៅតាកែវទេ។ ទៅជាមួយគ្នា។ តាកែវលែងទៅជារឿងហើយ។ តាកែវ ឬកំពង់ស្ពឺ ដែលមានរឿងបើកឡានពាក់មួកសុវត្ថិភាព មិនមែនកំពង់ស្ពឺទេ។ ជិះទៅចំពេលគេគប់គ្នា។ វាស៊យតាកែវ។ បើកឡានធម្មតា ក្មេងៗគប់គ្នា ត្រូវមួយ។ ថ្ងៃក្រោយគេថាមកតាកែវ ពាក់មួកសុវត្ថិភាព។ បើកំពង់ស្ពឺឲ្យកង់បីពាក់មួកសុវត្ថិភាពម្តងទៅ។
(៣២) “… រដ្ឋសុខចិត្តខាត ឱ្យតែប្រជាជនសន្សំលុយបានទៅផ្ទះ …” និង “… ព្រលានយន្តហោះចាស់ទុកជាព្រលានបំរុង និងទុកឲ្យប្រជាជនដើរធ្វើកីឡា …”
ឯកឧត្តម ឃួន ស្រេង មកដែរ។ ចូលឆ្នាំហ្នឹង ឡានយើងរៀបដដែល ៦០០គ្រឿង។ ទោះប្រេងឡើងថ្លៃក៏អត់ថយឡានដែរ។ ប៉ុន្តែអ្នកជិះកាន់តែច្រើន ខ្ញុំជឿ។ អញ្ចឹងបានថា រដ្ឋសុខចិត្តខាតច្រើនចុះ តែឲ្យប្រជាជនសន្សំលុយបានទៅផ្ទះ។ អញ្ចឹង អ្នកភ្នំពេញ ចេញពីភ្នំពេញទៅតាមខេត្ត អ្នកតាកែវចង់ទៅឆ្ងាយអី អាចជិះម៉ូតូទៅភ្នំពេញហើយឡើងឡានក្រុងពីហ្នឹងទៅ។ កុំឲ្យខាត … មិនមែនឡើងឡាន ឆែកទៅឃើញថាទាល់តែអ្នកភ្នំពេញបានឲ្យជិះអីទេ។ អ្នកតាកែវចង់ទៅបន្ទាយមានជ័យ អស់ ១០ឬ២០ម៉ឺន ជិះតែពីតាកែវទៅដល់ភ្នំពេញ អស់តែ ៥ម៉ឺន ឡើងហ្វ្រីមានទឹកទៀត។
សុំរៀបចំ។ យើងបើកព្រលានយន្តហោះចាស់ថ្ងៃនេះ។ ក្រុមការងាររៀបចំព្រលានយន្តហោះចាស់ មិនមែនព្រលានយន្តហោះថ្មីទេ គឺបើកថ្ងៃនេះឲ្យប្រជាពលរដ្ឋចូលកំសាន្ត។ ឃើញរៀបចំមានទៅលេងអី décor អីល្អរបស់គេ។ បើអ្នកណាមាន concept អី យើងបើកសាកល្បងមួយរយៈខ្លី។ ដល់ក្រោយចូលឆ្នាំ យើងវាយតម្លៃហើយ យើងនឹងរៀបចំឲ្យបានស្រួលបួលដើម្បីបើកជាប្រចាំឲ្យបងប្អូនចូល។ ព្រលានចាស់នោះ ទី១ យើងទុកជាព្រលានបំរុង ក្នុងករណីដែលមានការចាំបាច់។ ព្រលានថ្មីមានបញ្ហា យើងចុះ។ ទី២ គឺនៅក្នុងពេលដែលទុកហ្នឹង យើងទុកឲ្យប្រជាជនទៅដើរកីឡាស្អីៗ។ កន្លែងខ្លះរៀបចំ concert ដូចថ្ងៃមុនគេជួលបើកពិពណ៌ឡានអញ្ចឹងទៅ។ ក្រោយចូលឆ្នាំនេះ ឯកឧត្តម ហាវណ្ណាល់ ថាគេប្រុងជួលធ្វើពិពណ៌អីផ្សេងៗ។ ចេះតែបើកទៅ។ កន្លែងហ្នឹងវាធំ បង្កើតទៅ ធ្វើ concert ធ្វើអីទៅ ហើយអ្នកភ្នំពេញទៅរត់ហ្នឹងទៅ ២០០ ហិកតាជាង។ រត់មួយជុំហ្នឹងបែកញើសដែរ។ រត់ឬដើរជុំវិញហ្នឹង ហើយនៅហ្នឹងមានស្រាប់ ប្រព័ន្ធទឹក មានប្រឡាយ ចាត់ទុកថាវាជាបឹង មានស្មៅ មានបេតុង។ យើងធ្វើការបាន។ អ្នកតាកែវក៏ស្វាគមន៍ដែរ។ ឥឡូវផ្លូវជាតិនេះបានហើយ ពីដូនកែវទៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣ ឡើងលឿន ទៅដល់ព្រលាន លេងកីឡាអីតិចទៅ។ មកផ្ទះវិញមក។ មែនតើ ចុះខ្ញុំឃើញអ្នកភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មកបង្កង មកពងទាកូនតាកែវដែរហ្នឹង។ ពីដូនកែវទៅផ្លូវជាតិលេខ៣ លឿន ហើយតិចទៀតបានព្រែកជីកនេះទៀត ជិះតាមកាណូតទៅទៀត។
ថ្ងៃនេះគឺសុំតែប៉ុណ្ណឹងចុះ។ មិនថែមទៀតទេ … បានហើយយើងត្រូវសម្ពោធផង។ អរគុណសាជាថ្មី ហើយជូនពរ ប្រសិទ្ធពរជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ទូទាំងប្រទេស ឯកឧត្តម លោកជំទាវ អស់លោកទាំងអស់នៅទីនេះ ឲ្យទទួលបានសុភមង្គលល្អ សុខភាពមាំមួន និងជោគជ័យនៅឆ្នាំថ្មី ជាពិសេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាព និងដោះស្រាយបញ្ហានានាបានជោគជ័យ ដើម្បីប្រជាពលរដ្ឋយើងបានសេចក្តីសុខ សេចក្តីចម្រើន។ សូមអរគុណ៕
[ចប់សេចក្ដីអធិប្បាយ២]



