ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាអង្គព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsusi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ដ៏អធិកអធមនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំង ត្រូវប្រុងប្រៀបត្រៀមអន្តរាគមន៍ករណីភ្លើងឆេះ និងខ្វះទឹកប្រើប្រាស់
(ជាពិសេស) បានត្រឡប់មកវិញ ជួបជាមួយនឹងបងប្អូន ក្រោយពីយើងជួបគ្នាកាលពីជាង ៤ខែមុន ដើម្បីសម្ពោធចាប់ផ្ដើមដំណើរការនូវការសាងសង់ដំណាក់កាលទី១ នៃកំពង់ផែ និងការពង្រីកនៃកំពង់ផែរបស់យើង … អាកាសធាតុរាងក្ដៅបន្ដិច។ ម៉ោង ៨ ព្រឹក មានអារម្មណ៍ដូចម៉ោង ១(ថ្ងៃត្រង់)។ ប៉ុន្មានថ្ងៃនេះ សីតុណ្ហភាពឡើងក្ដៅ មិនមែនតែយើងទេ នៅពិភពលោករបស់យើង (ក៏កំពុងឡើងកម្ដៅផងដែរ)។ ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងស្ថាប័នជំនាញ ត្រូវប្រយ័ត្ន ជាពិសេស អាជ្ញាធរមូលដ្ឋាន ប្រយ័ត្នរឿងទី១ ភ្លើងឆេះ និងទី២ រឿងទឹក ជាពិសេសទឹកប្រើប្រាស់របស់យើង។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ពីការចុះត្រួត(ពិនិត្យ)តាមបណ្ដារាជធានីខេត្តទាំងអស់ ហើយធ្វើការជាមួយនឹងក្រសួងធនធានទឹក អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដាននិងត្រៀមអន្តរាគមន៍។ សូមឯកឧត្តម អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ អគ្គស្នងការ តាមទីកន្លែង ត្រៀមកម្លាំងអន្តរាគមន៍ក្នុងករណីដែលរដូវប្រាំងមិនមានភ្លៀងយូរជាងនេះ។ បើតាមឧតុនិយម ធានាថាដើមខែឧសភានេះ មានភ្ញៀង។ ឥឡូវយើងមានភ្លៀងប៉ុន្មានខេត្តហើយ។ អញ្ចឹងសូមយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។
(២) ក្រសួងអប់រំ បើអាកាសធាតុក្ដៅខ្លាំង ទី១ ផ្លាស់ប្ដូរម៉ោងសិក្សា ទី២ ពិនិត្យទឹកប្រើប្រាស់និងសម្រាប់ហូប ឬទី៣ ផ្អាកការសិក្សាបណ្ដោះអាសន្ន
ខ្ញុំបានណែនាំឱ្យក្រសួងអប់រំ ឯកឧត្តម ហង់ជួន ណារ៉ុន ហើយក៏ឃើញក្រសួងអប់រំចេញគោលការណ៍ណែនាំ ជាពិសេសនៅតាមសាលារៀនក្មេងតូចៗ បើថ្ងៃណាពាក់ព័ន្ធទៅនឹងសីតុណ្ហភាពឡើងលើស ៤០អង្សា សូមឱ្យពិនិត្យមើល៖ ទី១ ម៉ោងពេលរៀន ជាពិសេសម៉ោង ១០ ដល់ម៉ោង ២ហ្នឹង កែ(សម្រួល)ម៉ោងទៅ … (ទី២)គិតគូររឿងទឹកប្រើប្រាស់ និងហូប។ (ទី៣)ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រង បើសិនជាក្ដៅខ្លាំងលើ ៤០អង្សា មិនអំណោយផលក្នុងារសិក្សា អាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យនៅអង្គុយ(រៀនទាំងអាកាសធាតុកំពុងក្ដៅខ្លាំង)។ តាមហ្វេសប៊ុក ម្សិលមិញ កន្លែងខ្លះសិស្សយកកន្សែងត្រជាក់ជ្រលក់ទឹកមកដាក់លើក្បាល។ នៅអង្គុយរាប់ម៉ោង។ មិនល្អទេ។ ថ្ងៃណាក្ដៅខ្លាំង គឺគណៈគ្រប់គ្រងផ្អាកការសិក្សា ឱ្យសិស្សសម្រាកចុះ ព្រោះវាមិនចំណេញទេ ដែលឱ្យកូនក្មេង ជាពិសេសក្មេងតូចៗទៅអង្គុយនៅក្នុងកន្លែងដែលមិនអំណោយផល ក្ដៅខ្លាំង(រហូតដល់)ជាង ៤០អង្សា។ ថ្ងៃមុន តាមព័ត៌មាននៅភូមា ឡើងចង់ ៤៨,៥អង្សា ពាក់កណ្ដាលទឹកពុះទៅហើយ។ អញ្ចឹងសូមឱ្យ(ប្រុងប្រយ័ត្ន)។ បើយើងនៅតាមប៊ុយរ៉ូ មានម៉ាស៊ីនត្រជាក់ មានកង្ហារ។ សាលាខ្លះនៅតាមជនបទ យើងពិបាក។ អញ្ចឹងសូមឱ្យយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។
[ចប់សេចក្ដីអធិប្បាយ១]
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំតែងតែបានណែនាំដល់ស្ថាប័នជំនាញឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតគ្រប់ៗរូប ដែលក្នុងនោះ សិទ្ធិកម្មករ និងសេរីភាពសហជីពត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ហើយយើងក៏បាននិងកំពុងពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងបានបង្កើតនូវយន្តការជាច្រើន ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ឱ្យមានភាពកាន់តែល្អប្រសើរផងដែរ។ ជាងនេះទៀត យើងតែងតែបានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ដូចជា៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់នាពេលកន្លងមក ជាពិសេសឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបកើនដល់ ២០៤ដុល្លារអាមេរិកក្នុងមួយខែ និងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់កម្មករ-កម្មការិនី និងយុវជន យុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗជាដើម។
ដូចដែលខ្ញុំបានគូសបញ្ជាក់អម្បាញ់មិញ ជារៀងរាល់ឆ្នាំ បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ តែងតែបានរីករាយជួបជុំគ្នាអបអរសាទរទិវាពលកម្មអន្តរជាតិនេះ ហើយការប្រារព្ធពិធីអបអរនៅទីនេះ គឺនៅតែមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់រាជរដ្ឋាភិបាល និងពិសេសក្នុងពេលកន្លងទៅ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពេលនេះជាមួយរូបខ្ញុំផ្ទាល់ ហើយក៏ជាឱកាសដ៏ល្អមួយដែលខ្ញុំបានមកចូលរួមជួបជុំសប្បាយរីករាយ និងចូលរួមលើកទឹកចិត្តបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាអង្គភាពសហគ្រាសសាធារណៈមួយ ក្នុងចំណោមអង្គភាពទំាងឡាយ ដែលមានស្នាដៃខ្ពស់គួរឱ្យកោតសរសើរ និងបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណផងដែរ ជូនចំពោះថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីធានាបាននូវប្រសិទ្ធភាព និងស្ថិរភាពអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យចំណូលកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។
ផ្អែកលើលទ្ធផលនៃការវិភាគស៊ីជម្រៅអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ រួមទាំងនិន្នាការសកលធំៗ បញ្ហាប្រឈម និងកាលានុវត្តភាព រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែង និងត្រូវអនុវត្តជា ៥ដំណាក់កាល សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខ ដោយរក្សាបាវចនា “ការងារ” និងវិស័យអាទិភាព “មនុស្ស” នៅលំដាប់ទី១ ដដែល ដើម្បីជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ យើងនឹងនៅតែបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតជាសំខាន់លើការកែទម្រង់ស្ថាប័ន ការពង្រឹងអភិបាលកិច្ច ការកែតម្រូវក្របខ័ណ្ឌគតិយុត្ត ការជំរុញបរិវត្តកម្មឌីជីថល ការរៀបចំជំនាញឡើងវិញ និងការបង្កើនជំនាញ (Reskilling and Upskilling) និងការដោះស្រាយបញ្ហានៃភាពស៊ីសង្វាក់គ្នារវាងការបណ្ដុះបណ្ដាល និងតម្រូវការទាំងប្រភេទ និងគុណភាពជំនាញ ដើម្បីរក្សាស្ថិរភាពទីផ្សារការងារ លើកកម្ពស់ជីវភាពកម្មករ-និយោជិត រក្សាការពារសន្តិសុខសង្គម កែលម្អលក្ខខណ្ឌការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។
វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត។ ដោយឡែក ចំពោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិ ដែលមានចរិតជាអង្គភាពយុទ្ធសាស្រ្តក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក និងនាពេលបច្ចុប្បន្ន ហើយនិងបន្តទៅអនាគត។
តាមរយៈរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អម្បាញ់មិញនេះ បានលើកឡើងអំពីតួនាទី និងសារៈសំខាន់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជាបច្ចុប្បន្ន និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ តាមរយៈទីតាំងអំណោយផលស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត ក្នុងការធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។ កំពង់ផែនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺណ័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៣) ការលើកដាកទំនិញនៅកំពង់ផែដល់កម្រិតសមត្ថភាព បង្ហាញពីសក្តានុពលនិងភាពប្រកួតប្រជែង
តាមដែលឯកឧត្តម លូ គឹមឈុន បានធ្លាប់រាយការណ៍ បើតាមស្ដង់ដារផែរបស់យើងនេះ គឺយើងទទួលបានក្នុងមួយឆ្នាំ ៥៥ម៉ឺន TEU តែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ យើងទទួលបានលើសហ្នឹង ចង់ ៥០% គឺ ៧៩ម៉ឺន TEU ជាងទៅហើយ។ និយាយលេខមូល ៨០ម៉ឺន TEU ក្នុងមួយឆ្នាំ/កុងតឺណ័រ។ មកលើកមុន ខ្ញុំថាច្នៃប្រឌិតដូចរម៉កអញ្ចឹង។ ជប៉ុនធ្វើម៉ូតូជិះបាន ២នាក់ កម្ពុជាច្នៃម៉ូតូជិះបាន ២០នាក់។ ផែរបស់យើងកំពុងតែមាន capacity វាដល់កម្រិត ដែលវាក៏បង្ហាញអំពីសក្ដានុពល និងភាពប្រកួតប្រជែងរបស់យើង។ បើនិយាយពីធុរកិច្ចវិញ គឺមានម៉ូយច្រើន តែផលិតមិនទាន់។ អញ្ចឹងទីផ្សារអាចមានលទ្ធភាពបើកបាន បើយើងបង្កើនផលិតភាព និងបង្កើនគុណភាពសេវា។ ក្នុងឆ្នាំ២០២៣ នេះ បើតាមរបាយការណ៍ យើងកើនចំណូលថវិកាអាជីវកម្មឡើង ៥,៤២% ត្រូវជា ៩៥លានដុល្លារអាមេរិក។ បើនិយាយពីកំណើនប្រចាំឆ្នាំវិញ យើងមាននាវាចូល ១៥០៦ គ្រឿង កើនឡើងជាង ៤% ប៉ុន្តែទំនិញដែលផ្ទុកនោះ កើនឡើង ៣៥,៤២%។ ចំនួននាវាកើន ៤% ប៉ុន្តែទំនិញដាក់ណែនចូលឡើង ៣៥% គឺថាកន្លែងនេះសក្ដានុពលធំ។
(៤) ផែបង្កើនសេដ្ឋកិច្ច និងចំណូលជូនរដ្ឋ ព្រមទាំងដើរតួនាទីជាចលករជំរុញវិស័យផ្សេងៗឱ្យរីកចម្រើន
ប៉ុន្តែ ជាកំពង់ផែមួយ យើងមិនគិតតែចំណូលមកក្នុងកន្លែងនេះទេ។ ផែដើរតួនាទីសំខាន់មិនមែនតែខ្លួនឯងមួយជាច្រកនិងជាកន្លែងបង្កើនសេដ្ឋកិច្ច និងបង្កើនចំណូលជូនរដ្ឋទេ ប៉ុន្តែកំពង់ផែដើរតួនាទីសំខាន់ជាចលករសម្រាប់ជួយជំរុញវិស័យផ្សេងៗឱ្យរីកចម្រើន និងវិស័យសេដ្ឋកិច្ចជាតិ។ ផែជាតួអង្គមួយដែលជាអ្នកសម្របសម្រួលតូចនៅនឹងកន្លែង ប៉ុន្តែសម្របសម្រួលទូទាំងប្រទេស។ ផែជំរុញកំណើនសេដ្ឋកិច្ច ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន។ នៅទូទាំងពិភពលោក ការដឹកជញ្ជូនតាមទឹកមានជាង៩០% ព្រោះវាមានតម្លៃថោក។ មួយកប៉ាល់ដឹកបានរាប់ពាន់កុងតឺណ័រ។ យន្តហោះឬក៏រទេះភ្លើងដឹកមិនបានច្រើន ហើយប្រើពេលយូរ។ (ដឹកជញ្ជូនតាមកប៉ាល់)តម្លៃថោក។ ការដឹកជញ្ជូនតាមផ្លូវទឹកនេះវាជួយពង្រីកភាពប្រកួតប្រជែងខាងវិស័យឧស្សាហកម្ម កសិ–ឧស្សាហកម្ម សូម្បីតែនាំចេញផលិតផលកសិកម្មក៏ត្រូវការ។ បើសិនជាតម្លៃថ្លៃពេកបូកគ្រាន់តែដឹកជញ្ជូនក៏លំបាកដែរ ប្រកួតមិនឈ្នះគេទេ គឺពិបាកនៅក្នុងការប្រកួតប្រជែង។ បានន័យថា ផែនៅទីនេះដើរតួនាទីជាចលករសំខាន់ណាស់។
(៥) ទោះជាទីតាំងល្អ បើគ្មានចក្ខុវិស័យ គ្មានគោលនយោបាយ និងការចាត់វិធានការត្រឹមត្រូវ មិនអាចទាញបានផលល្អទេ
ក្នុងរបាយការណ៍របស់(រដ្ឋមន្ត្រីសាធារណៈនិងដឹកជញ្ជូន) ឯកឧត្តម ប៉េង ពោធិ៍នា មានការវាយតម្លៃរបស់ជំនាញ ថាផែនេះជាកន្លែងល្អបំផុត។ យើងមានអាជ្ញាបណ្ណធ្វើទឹកប្រៃនេះ កម្រិត១ និងកម្រិត២ នៅ ៨ ទីតាំង ប៉ុន្តែកន្លែងនេះមានទីតាំងសក្ដានុពល ជាពិសេសធម្មជាតិល្អជាងគេ។ ទីតាំងនេះមានសក្ដានុពល អាចបង្កើត/ពង្រីកសកម្មភាពផែ និងសកម្មភាពសម្រាប់តំបន់ឆ្នេរខេត្តព្រះសីហនុ ជាមូលដ្ឋាននៃការរីកចម្រើនផ្នែកឧស្សាហកម្ម កម្មន្តសាល និងវិស័យផ្សេងៗទៀត បន្ថែមទៅលើវិស័យទេសចរណ៍។ ប៉ុន្តែ (ទោះបីជា)ទីតាំងល្អពិតប្រាកដ (ក៏យើង)មិនអាចច្នៃអស់ទេ បើសិនជាយើងគ្មានចក្ខុវិស័យ គោលនយោបាយត្រឹមត្រូវ និងចាត់វិធានការដើម្បីទាញផលនេះឱ្យកាន់តែល្អ។ អញ្ចឹងហើយ ទីតាំងនេះ ដីកន្លែងនេះ មានរាប់លានឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំ ១៩៥៦យើងបានប្រែក្លាយទីតាំងដីកន្លែងនេះចាប់ផ្ដើមកសាងផែទឹកជ្រៅ នៅជំនាន់សង្គមរាស្ត្រនិយម។ ឆ្នាំ១៩៦០បានកែច្នៃបើកដំណើរការធ្វើពាណិជ្ជកម្ម អាជីវកម្ម ទាញសក្ដានុពលបានមួយកម្រិត។ សង្គ្រាមបានផ្អាកនូវការដឹកទំនិញចេញចូល។ (មានសកម្មភាព)តិចតួច ដែលភាគច្រើនដឹកតែសព្វាវុធ ឬមួយស្បៀងសម្រាប់សង្រ្គោះពេលសង្គ្រាម។ ឥឡូវសក្ដានុពលរបស់យើងបានកើនមកវិញ។ យើងបានធ្វើការពង្រឹងនិងពង្រីកបានជាច្រើនកម្រិត ច្រើនដំណាក់កាលហើយ។
(៦) បញ្ហាប្រឈម៣នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ ជំរៅទឹករាក់ ទីលានស្តុកទំនិញមានកំណត់ និងមិនទាន់ប្រទាក់ក្រឡាអស់លទ្ធភាពជាមួយប្រព័ន្ធដឹកជញ្ជូនផ្សេងទៀត
ដែលយើងឈានមកដល់សមត្ថភាព ៥៥ម៉ឺន TEU កុងតឺណ័រ/មួយឆ្នាំនេះ គឺយើងបានស្តារនិងពង្រីកសមត្ថភាព បានច្រើនហើយ ប៉ុន្តែក៏នៅមានកម្រិតនៅឡើយដែរ។ ភាពប្រឈមរបស់យើងនៅទីនេះ ទី១ គឺ(ផ្លូវនាវាមាន)ទឹករាក់នៅឡើយ។ យើងជីកបានតែ១៣ម៉ែត្រ ប៉ុន្តែកប៉ាល់ដែលអាចដឹកចូលមកនេះបាន មាន ៩ម៉ែត្រជាង ដឹកបាន ៤ម៉ឺនតោន។ កប៉ាល់ដែលដឹកទំនិញមកកម្ពុជាត្រង់អាចចូលដល់ បានតែ ១៨%ទេ។ សល់ប៉ុន្មានទៀត យើងត្រូវផ្ទេរកប៉ាល់។ ៨២% ត្រូវផ្ទេរកប៉ាល់នៅក្រៅប្រទេស ជាពិសេសនៅសិង្ហបុរី។ កប៉ាល់ធំចូលមកអត់បាន ត្រូវចតនៅទីនោះ។ យើងត្រូវផ្ទេរកប៉ាល់តូចៗ ចំណាយអស់ច្រើន ធ្វើឱ្យតម្លៃដឹកជញ្ជូនថ្លៃ។ បញ្ហាប្រឈមទី២ គឺទីលានស្ដុកទំនិញមានកំណត់។ លំហផែសម្រាប់ស្ដុកកុងតឺណ័រមានកំណត់។ យើងរាយគ្នាទៀត ទាំងទំនិញរាយ និងកុងតឺណ័រនៅជាមួយគ្នា ព្រោះយើងអត់ជម្រើស។ បើមិនអញ្ចឹងទេ អត់ដឹងដាក់នៅណាឬមួយក៏គេអត់ចូលតែម្ដង។ អញ្ចឹងយើងត្រូវយកទាំង២។ (បញ្ហាប្រឈម)ទី៣ មិនទាន់មានការរៀបចំជាប្រទាក់ក្រឡាគ្នាឱ្យអស់លទ្ធភាពនៅឡើយ ជាមួយនឹងប្រព័ន្ធដឹកជញ្ជូនផ្សេងទៀត ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។ នេះជាបញ្ហាធំៗ មួយចំនួនដែលយើងឃើញថាទន្ទឹមជាមួយហ្នឹង អាជីវកម្មយើងមានម៉ូយច្រើន សក្ដានុពលខ្លួនយើងមិនទាន់មានសមត្ថភាពដើម្បីពង្រីកគ្រប់គ្រាន់ដើម្បីចាប់យកភ្ញៀវទាំងអស់នោះទេ។ កន្លែងខ្លះយើងនៅពឹងច្រមុះគេដកដង្ហើមនៅឡើយ។ បានន័យថាម៉េច? ៨២% ត្រូវពឹងទៅលើផែគេផ្សេងដើម្បីដឹកចូល។ បើសិនជាគេបិទ គេមានបញ្ហា យើងត្រូវ(ជួប)ការលំបាក។ យើងពឹងគេដើម្បីដកដង្ហើម ដោយសារ(ផែ)យើងរាក់ កប៉ាល់ភាគច្រើនមិនទាន់ចូលបាន មិនត្រឹមតែតម្លៃនោះទេ។
(៧) ព្យាយាមប្រែក្លាយផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់
យើងមានកិច្ចការដែលត្រូវធ្វើបន្ថែម ដើម្បីឱ្យផែខេត្តព្រះសីហនុដើរតួនាទីសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចយើង។ ប្រទេសនានាលើពិភពលោក បទពិសោធន៍ ខេត្តឬមួយរដ្ឋរបស់ប្រទេសណាដែលមានផែទឹកជ្រៅ … ដូចរដ្ឋរដ្ឋកាលីហ្វរញ៉ានៅអាមេរិក សេដ្ឋកិច្ចឈរនៅលេខ៩ ឬ ១០ លើពិភពលោកទៅហើយ។ ប្រទេសតូចៗ ជាច្រើន ដូចសិង្ហបុរី ហុងកុង យកផែជាតួនាទីជំរុញមួយភាគធំនៃសេដ្ឋកិច្ចរបស់គាត់។ ខ្ញុំគិតថា ផែខេត្តព្រះសីហនុនេះ មិនត្រឹមតែបង្កើនចំណូលនៅនឹងកន្លែងនោះទេ ប៉ុន្តែអាចធ្វើជាចលករសម្រាប់បង្កើនសេដ្ឋកិច្ចខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រ និងប្រទេសទាំងមូលតែម្ដង។ ហេតុនេះហើយយើងត្រូវមានមហិច្ឆតាខ្លាំង ដែលថានៅឆ្នាំ២០៥០ មិនត្រឹមតែធ្វើផែនេះដើម្បីជាផែទឹកជ្រៅរបស់កម្ពុជាទេ ប៉ុន្តែត្រូវខិតខំព្យាយាមឱ្យអស់លទ្ធភាពដើម្បីប្រែក្លាយជាកំពង់ផែតំបន់និងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ … ក្នុងកិច្ចការនេះ ខ្ញុំបានជជែកជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន Kishida កាលជួបគាត់នៅជប៉ុន និងបានស្នើសុំជប៉ុនមកជួយសិក្សាបច្ចេកទេស។ ខាង JICA ក៏បានធ្វើការ។ យើងកំពុងសិក្សាផែនការមេដើម្បីអភិវឌ្ឍជាដំណាក់កាល។
(៨) ការពង្រីកផែទាំង ៣ ដំណាក់កាល – ទី១ បញ្ចប់នៅឆ្នាំ២០២៦ ទី២ នៅឆ្នាំ២០២៨ និងទី៣ នៅឆ្នាំ២០២៩
ពីដំបូងដីទទេ។ ឆ្នាំ១៩៥៦ យើងចាប់ផ្ដើមកសាងកំពង់ផែទឹកជ្រៅ។ មកដល់ម៉ោងនេះ យើងចេញបានប៉ុណ្ណឹង។ ឆ្នាំ ២០២៣ យើងបានពង្រីកជំហានទីមួយ។ ឆ្នាំ២០២៩ យើងនឹងបញ្ចប់ការពង្រីក ៣ ជំហាននេះ ដែលអាចឱ្យកប៉ាល់ ពីគ្រប់តំបន់នៅលើពិភពលោកចេញចូលដោយត្រង់បាន។ ពេលនោះយើងស្ដារផ្លូវចរដល់ ១៧ម៉ែត្រជាង។ កំពង់ផែមានផែនការថា មិនត្រឹមតែ ២០២៩ ពង្រីកបាន ៣ ជំហានហ្នឹងទេ តែត្រៀមទៅដល់ ២០៥០ ទៅហើយ។ ការគិតគូរវែងឆ្ងាយចាំបាច់ត្រូវតែមាន គឺប្រឹងឱ្យអស់លទ្ធភាពតែម្ដង។ ដើម្បីធ្វើអោយទឹកជ្រៅ កាលពីថ្ងៃទី២២ ខែធ្នូ យើងបានបុកគ្រឹះសាងសង់ពង្រីកផែ ដំណាក់កាលទី១ ដែលនឹងបញ្ចប់នៅឆ្នាំ២០២៦។ ពេលចប់ យើងអាចឈានទៅទទួល ៩៣% នៃនាវាដែលចូលមកកម្ពុជា។ ពី ១៨% ទៅ ៩៣% មិនធម្មតាទេ។ បានន័យថាកប៉ាល់ភាគច្រើនមិនចាំបាច់ទៅឆ្លងកាត់សិង្ហបុរី ដើម្បីលើកដាក់ដែលត្រូវបង់ថ្លៃឱ្យគេ ហើយយើងអាចកាត់ថ្លៃដឹកជញ្ជូនមកកម្ពុជាមួយកុងតឺណ័រ ២០០ដុល្លារ។ ពេលនោះយើងបង្កើនភាពប្រកួតប្រជែងបាន។
៩៣% អាចចូលត្រង់មកដល់តែម្ដង។ ជំហាននេះ យើងសម្រេច(វិនិយោគ) ២៤៣លានដុល្លារ។ ជំហានទី២ គឺគម្រោងសំរាប់ ២០២៥–២០២៨ ដែលជីកបន្ថែមចេញទៅក្រៅរហូតដល់ ១៦ម៉ែត្រកន្លះ ដែលធ្វើឱ្យនាវាពីតំបន់អាស៊ីប៉ាស៊ីហ្វិក ១០០%អាចចូលមកក្នុងផែយើង។ (សមត្ថភាពនេះនឹង)បង្កើនការលើកដាក់ទំនិញពី ៥៥ម៉ឺន TEU នាពេលនេះ ទៅ១លាន ៨សែន TEU ជាង ក្នុងមួយឆ្នាំ។ ថ្លែដឹកជញ្ជូនរបស់យើង ក៏ធ្លាក់ចុះ … ជំហានទី៣ គឺសំរាប់២០២៦–២០២៩ ចប់ឆ្នាំ២០២៩ ជាពេលដែលយើងជីកដល់ ១៧ម៉ែត្រកន្លះ មិនត្រឹមតែនាវាមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទេ នាវាដែលចេញពីអាមេរិក អឺរ៉ុប ១០០% ចូលមកកម្ពុជាតែម្ដង ដោយមិនចាំបាច់ពឹងទៅប្រទេសណា។
(៩) គោលនយោបាយច្បាស់លាស់ ចក្ខុវិស័យត្រឹមត្រូវ ផែនការច្បាស់លាស់ក្នុងការអនុវត្ត ប្រែក្លាយដីមួយដុំ ទៅជាអ្វីដែលមានសក្ដានុពលសម្រាប់ជាតិខ្មែរ
នេះហើយការកែច្នៃដីមួយដុំដែលកើតមានរាប់លានឆ្នាំ ទៅជាតំបន់មួយដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ និងពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា ជួយទៅដល់គ្រប់វិស័យ និងប្រជាជនទាំងប្រទេស។ នេះហើយដែលថា គោលនយោបាយច្បាស់លាស់ ចក្ខុវិស័យត្រឹមត្រូវ ផែនការច្បាស់លាស់ក្នុងការអនុវត្ត ទើបប្រែក្លាយដីមួយដុំនេះទៅជាអ្វីដែលមានសក្ដានុពលសម្រាប់ជាតិខ្មែរ។ មិនមែនជាការកើតឡើងដោយចៃដន្យ ដោយឯកឯងនោះទេ។ នេះហើយការខិតខំពង្រីករបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ២៥ឆ្នាំ ប្រែក្លាយកន្លែងនេះ ហើយនឹងបន្តទៅទៀត។ ប៉ុណ្ណឹងបែកញើសហើយ ទម្រាំថែមកុងតឺណ័រមកទៀត មិនដឹងបែកញើសប៉ុណ្ណា។ យើងជាគ្រឹះស្ថានសាធារណៈ-ឯកជន កាន់តែចំណេញច្រើន ផលប្រយោជន៍ច្រើនចែកទៅដល់បុគ្គលិកនៅកន្លែងនេះ ពង្រីកការងារកាន់តែច្រើន អ្នកដែលធ្វើការកាន់តែមានលទ្ធភាពដើម្បីជីវភាពរស់នៅកាន់តែល្អ។
(១១) ជប៉ុននាំមុខជួយអភិវឌ្ឍផែខេត្តព្រះសីហនុ, ជាប្រទេសទី២ ជួយកម្ពុជាពង្រឹងហេដ្ឋារចនាសម្ព័ន្ធ
ខ្ញុំសូមយកឱកាសនេះអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលមានឯកឧត្ដមអគ្គរដ្ឋទូតនៅទីនេះ។ ជប៉ុនគឺជាប្រទេសនាំមុខនៅក្នុងការជួយអភិវឌ្ឍផែខេត្តព្រះសីហនុនេះ និងជាប្រទេសទី២ ដែលជួយកម្ពុជានៅក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ស្ពាន នៅកម្ពុជា។ ជប៉ុនបានជួយកម្ពុជាច្រើនណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម គ្រប់វិស័យ។ ក្នុងរយៈពេល៨ខែនេះ តាំងពីខ្ញុំឡើងមក(ធ្វើជានាយករដ្ឋមន្ត្រី យើងបានធ្វើការជាមួយគ្នាច្រើន) … ស្អែកយើងនឹងជួបគ្នាទៀតនៅរោងចក្រតូយូតា រោងចក្រដំឡើងរថយន្តជប៉ុន មកផលិតនៅកម្ពុជា។ យើងនឹងជួបគ្នាដើម្បីសម្ពោធសមិទ្ធផល។ ខ្ញុំបានជួបគាត់សម្ពោធកំណាត់ផ្លូវជាតិលេខ៥ ដែលជាឥណទានពីជប៉ុន កន្លែងពិពិធកម្មទឹកស្អាតនៅជើងឯក អាទិត្យមុននៅខេត្តសៀមរាបមជ្ឈមណ្ឌលវះកាត់ជំងឺធ្ងន់នៅខេត្តសៀមរាប និងគ្រោងដើម្បីជំរុញនូវការកសាងមជ្ឈមណ្ឌលសុខភាពថ្នាក់តំបន់នៅទីនោះ និងនៅខេត្តកំពង់ចាម។ ថ្ងៃនេះ ជួបគ្នានៅផែខេត្តព្រះសីហនុ។ ស្អែកជួបគ្នានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីយើងសម្ពោធសមិទ្ធផល។
(១២) សង្ឃឹមជប៉ុនបន្តជួយ Master plan សម្រេចចក្ខុវិស័យផែព្រះសីហនុ ជាមជ្ឈមណ្ឌល logistic និងជាកំពង់ផែទឹកជ្រៅថ្នាក់តំបន់ នៅឆ្នាំ២០៥០
ក្នុងន័យនេះ តំណាងឱ្យប្រជាជនកម្ពុជា ខ្ញុំសូមឆ្លៀតឱកាសអរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ជាពិសេសឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានជួយខិតខំក្នុងការសម្របសម្រួលការងារកិច្ចសហប្រតិបត្តិការ និងជួយដល់កម្ពុជាក្នុងការកសាងប្រទេស។ តាំងពីនៅចរចា មិនទាន់មានសន្តិភាព ជប៉ុនបានដើរតួនាទីសំខាន់។ ខ្ញុំធ្លាប់បានជួប ឯកឧត្តម យ៉ាស៊ូស៊ី អាកាស៊ី (អាយុ ៩០ឆ្នាំ) នៅជប៉ុន។ គាត់ដើរតួនាទីច្រើន។ កងទ័ពជប៉ុនក៏ធ្លាប់ជួយច្រើននៅទីនេះ។ កម្ពុជាជាប្រទេសទីមួយដែលកងទ័ពជប៉ុនបានបញ្ជូនទ័ពមកជួយថែរក្សាសន្តិភាពនៅក្រៅប្រទេស ក្រោយពីសង្គ្រាមលោកលើកទី២។ ឥឡូវជប៉ុនក៏នឹងបន្តជួយរៀបចំ Master plan។ សង្ឃឹមថា ជប៉ុននឹងបន្តជួយដើម្បីកសាងផែទីនេះដើម្បីបានសម្រេចចក្ខុវិស័យឱ្យផែខេត្តព្រះសីហនុក្លាយជាមជ្ឈមណ្ឌល logistic តំបន់និងកំពង់ផែទឹកជ្រៅតំបន់ផងដែរ នៅឆ្នាំ២០៥០។ យើងធ្វើកិច្ចការនេះជាមួយគ្នា ពិនិត្យលទ្ធភាពដើម្បីពង្រីកនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីធ្វើឱ្យដើរ … បញ្ហាទីមួយ គឺភូមិសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធ ទឹករាក់និងទីកន្លែង។ ឥឡូវយើងមានកំណត់ទីកន្លែង។ ពេលដែលយើងកសាងពង្រីកនេះ នឹងអាចដាក់បានបន្ថែម។ យើងច្នៃនៅនឹងកន្លែង។ អម្បាញ់មិញមក ឯកឧត្តម លូ គឹមឈុន បានបញ្ជាក់ យើងច្នៃផែទំនិញរាយទៅដាក់ផែកុងតឺណ័រ ព្រោះផែកុងតឺណ័របើប្រៀបធៀបជាម៉ែត្រការ៉េ គឺយកកុងតឺណ័របានចំណូលខ្ពស់ជាងឥវ៉ាន់រាយ។ អញ្ចឹងកំពង់ផែខេត្តព្រះសីហនុ ក៏គិតជាការ៉េ … អញ្ចឹងយើងទំនើបកម្ម យើងធ្វើឱ្យកាន់តែរឹងមាំ កាន់តែល្អ។
(១៣) ជំរុញកំណើនឧស្សាហកម្ម រៀបចំប្រទាក់ក្រឡាជាមួយតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ និងរៀបចំជា Transshipment តំបន់
ឯការប្រឈមមួយទៀត គឺយើងមិនទាន់ប្រើប្រាស់សក្ដានុពលរបស់កំពង់ផែក្រុងព្រះសីហនុជាចលករអស់ទេ។ ហេដ្ឋារចនាសម្ព័ន្ធមួយហើយ ប៉ុន្តែកំពង់ផែស្វយ័តនេះម្នាក់ឯង មិនអាចមានតែហេដ្ឋារចនាសម្ព័ន្ធមួយមុខទេ។ អត់គ្រប់ទេ។ យើងត្រូវប្រើឱ្យអស់លទ្ធភាព។ បានន័យថា តើអាចធ្វើអីខ្លះនៅកន្លែងនេះ? ទី១ យើងជំរុញកំណើនឧស្សាហកម្ម និងរៀបចំប្រទាក់ក្រឡាជាមួយតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ ដើម្បីជំរុញឱ្យបានផល។ កាលមកខែមុន យើងបានជំរុញឱ្យរៀបចំជាតំបន់ Transshipment ប៉ុន្តែឥឡូវយើងនៅចរចា នៅពាក់ព័ន្ធនីតិវិធីគយមួយចំនួនដែលមិនទាន់ចេញ។ ថ្ងៃមុន ជួបជាមួយ ឯកឧត្តម គុណ ញឹម ដែរ។ ឥឡូវយើងនៅមានទំនិញតិចដែលទាក់ទងនឹង Transshipment នេះ។ Transshipment បានន័យថារបស់ដែលគេដឹកមក អត់ត្រូវការបង់ពន្ធ ត្រូវការឆ្លងទេ ប៉ុន្តែវាលើសគេអាចដាក់ផ្ញើនៅយើង បង់ថ្លៃសេវាឃ្លាំងយើង។ អម្បាញ់មិញ ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម លូ គឹមឈន់ ថានៅមានចំនួនតិច។ ពេលបន្តិចទៀត ដែលយើងមានជំរៅទឹកកាន់តែជ្រៅ (ឥវ៉ាន់ប្រភេទនេះនឹង)គរកាន់តែច្រើន។ ខ្ញុំថាឥឡូវវាមានលទ្ធភាព ២ តិច ដោយសារអី? ក្រែងលោមាន់ ហើយនិងពងមាន់ ក្រែងលោមកពីយើងអត់មានអាហ្នឹង បានគេមិនដឹកមកផ្ញើ។ គេដឹកទៅនោះតែម្តង។
(១៤) ក្រុមការងារចំពោះកិច្ចខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចុះធ្វើការជាស្ថាប័ន/អង្គភាពពាក់ព័ន្ធ តាមដាន ដោះស្រាយ ពន្លឿនការអនុវត្តបទបញ្ជា
អញ្ចឹងខ្ញុំសូមឱ្យពន្លឿននីតិវិធីនេះ។ ខ្ញុំនឹងឱ្យក្រុមការងារចំពោះកិច្ចពីខុទ្ទកាល័យរបស់ខ្ញុំ ចុះធ្វើការជាមួយគយ ជាមួយនឹងផែ ជាមួយនឹងក្រសួងសាធារណការ ដើម្បីពន្លឿនការងារហ្នឹង។ ឥឡូវខ្ញុំមានយន្តការមួយចំណុះនាយករដ្ឋមន្រ្តី ធ្វើកិច្ចការតាមដាននិងដោះស្រាយបញ្ហា។ ការតាមដាន ត្រួតពិនិត្យដោះស្រាយបញ្ហា ជាការងារដែលចាំបាច់ដែលត្រូវតែធ្វើ។ រាល់បទបញ្ជារបស់នាយករដ្ឋមន្ត្រីត្រូវតែទម្លាយ។ ខ្ញុំត្រូវតែតាមដានជាប់ជាប្រចាំថាដល់ណាហើយ។ កុំមួយឆ្នាំក្រោយស្ងាត់។ អញ្ចឹងជំហានទី ១ គឺយន្តការដែលមានស្រាប់ ក្រសួងស្ថាប័ន CDC ធ្វើការសហការគ្នា ដោះស្រាយមួយភាគធំហើយ ជួនកាលនៅគន្លឹះមួយពីរទេ ត្រូវការវះកាត់ភ្លាមៗ។ អញ្ចឹងកុំឱ្យចាំយូរ គឺខ្ញុំមានបង្កើតយន្តការមួយហៅកម្លាំងអន្តរាគមន៍ពិសេស គឺបើគម្រោងណា ផែនការណា បទបញ្ជាណាដាក់ទៅនៅមានមិនទាន់ដាច់ស្រេច ឬមួយក៏នៅស្ទះ យូរមិនដាច់ស្រេច សម្របសម្រួលស្ថាប័នហើយ យើងធ្វើភាគច្រើនហើយនៅខ្វះ គឺនឹងបញ្ជូនក្រុមការងារអន្តរាគមន៍របស់នាយករដ្ឋមន្ត្រីចុះទៅជួយសម្របសម្រួលឱ្យដាច់តែម្តង។ ការងារនេះយើងធ្វើបាន ៥ខែហើយ នៅសល់នីតិវិធីបន្តិចបន្តួចទេ។ អញ្ចឹងខ្ញុំនឹងបញ្ជូនក្រុមការងារនេះដើម្បីធ្វើការជាមួយគយ ជាមួយនឹងផែព្រះសីហនុ ជាមួយសាធារណការ ស្ថាប័នពាក់ព័ន្ធដើម្បីរាយការណ៍ឱ្យខ្ញុំត្រង់ថាវាទើសកន្លែងណា ខ្វះកន្លែងណា ដើម្បីផ្តាច់វា កុំឱ្យវានៅពាំត្រណោតយូរពេក។
(១៥) ដើម្បីក្លាយជាផែតំបន់ឬមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ត្រូវផ្តើមពីការផ្គុំគ្នាក្នុងប្រទេស
ខ្ញុំអត់ធ្វើការងារជំនួសស្ថាប័នទេ ខ្ញុំរៀបចំដើម្បីជួយទម្លុះ ដោះស្រាយបញ្ហាមួយចំនួនដើម្បីកុំឱ្យស្ទះ។ អញ្ចឹងរឿង Transshipment នេះ គឺនឹងចាត់មួយក្រុមមកធ្វើការជាមួយគយ ជាមួយស្ថាប័នពាក់ព័ន្ធផែព្រះសីហនុ ដើម្បីធ្វើភ្លាម។ ថ្ងៃមុនជួបជាមួយឯកឧត្តម គុណ ញឹម ថានៅសល់តែនីតិវិធីបន្តិចបន្តួច។ អញ្ចឹង យើងមើលប្រហែលជាពាក់ព័ន្ធជាមួយអន្តរក្រសួង ឬមួយអី ដើម្បីធ្វើការងារនេះ។ ខ្ញុំអត់ចង់និយាយច្រើនដង។ និយាយយូរៗ អៀនខ្លួន និយាយហើយវាអត់ចេញ។ ខ្ញុំមិនសូវនិយាយទេ តែបើនិយាយទាល់តែធ្វើវាឱ្យចេញ។ អញ្ចឹងយើងត្រូវរុញឱ្យចេញការងារនេះ។ ឥឡូវយើងធ្វើ Transshipment។ អញ្ចឹង ទាក់ទងការងារនេះយើងនឹងបន្តធ្វើ … មហិច្ឆតាធ្វើឱ្យខេត្តព្រះសីហនុ ឬមួយផែព្រះសីហនុ ទៅជាផែតំបន់ ឬមួយក៏ជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ វាចាប់ផ្តើមពីការផ្គុំគ្នានៅក្នុងប្រទេសជាមុន។ ទាល់តែមានមាត្រដ្ឋាននៅក្នុងប្រទេស បានវាអាចមាត្រដ្ឋាននៅក្រៅប្រទេស។ អញ្ចឹងមាត្រដ្ឋាននៅក្នុងប្រទេសមិនអាចផែនៅកន្លែងនេះ បង្កើតមកស្អីៗទាំងអស់ដាច់ឆ្កុយនោះទេ វាត្រូវតែមានប្រទាក់ក្រឡាគ្នាជាមួយនឹងគ្រប់កន្លែងផ្សេងៗទៀតនៅក្នុងប្រទេស។
(១៦) ពង្រីកវិសាលភាពផែនការមេអភិវឌ្ឍខេត្ត ៤ យកខេត្តព្រះសីហនុជាគោល
អញ្ចឹង យើងត្រូវគិតកិច្ចការសំខាន់ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស។ កិច្ចការនេះយើងបានធ្វើច្រើនក្នុងអាណត្តិនេះ ហើយនឹងបន្តធ្វើតទៅទៀត។ ឥឡូវផ្លូវគោកមកដល់នេះ យើងមានបណ្តាញផ្លូវជាតិលេខ៤។ យើងនៅបន្តប្រើប្រាស់ ហើយបន្តជួសជុល និងមានលទ្ធភាពធ្វើឱ្យប្រសើរឡើងទៅថ្ងៃមុខ។ យើងមានផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ។ កំពុងតែធ្វើផ្លូវពីកំពត ហើយ(ភ្ជាប់)នឹងកំពង់សោម ដែលមួយកង់នោះមានបញ្ហា។ ឥឡូវកំពុងសិក្សាធ្វើម៉េចឱ្យបានបច្ចេកទេសពីវាលរេញទៅ។ ដូចប៉ុន្មានគីឡូ (២០គីឡូម៉ែត្រ) ដែលមានបញ្ហា។ រកវិធីធ្វើម៉េចដើម្បីធានាការដឹកជញ្ជូន។ បើកច្រកពីនោះទៀត។ បន្តិចទៀតយើងត្រូវប្រទាក់ក្រឡាគ្នា។ កាលមុនយើងធ្វើផែនការអភិវឌ្ឍខេត្តព្រះសីហនុ។ ខ្ញុំបានឱ្យទៅពង្រីកវិសាលភាពនៃផែនការមេ។ យើងឱ្យក្រុមហ៊ុនជំនាញមួយជួយធ្វើផែនការ។ ខ្ញុំឱ្យទៅពង្រីកថាធ្វើតែខេត្តព្រះសីហនុមិនបានទេ។ យើងត្រូវធ្វើខេត្តទាំង ៤ ជាប់គ្នា។ យកខេត្តព្រះសីហនុជាគោល ប៉ុន្តែត្រូវមានខេត្តទាំង ៣ ទៀតភ្ជាប់ជាមួយក្នុងផែនការមេនេះ … រួមគ្នា កុំឱ្យប្រកួតប្រជែង។ កន្លែងណាដាក់ជាអាទិភាពធំសម្រាប់ឧស្សាហកម្ម កន្លែងណាសម្រាប់វិស័យទេសចរណ៍ កន្លែងណាកសិ-ឧស្សាហកម្ម … ការរៀបចំនេះគឺត្រូវបន្តធ្វើ …។
(១៧) ធ្វើឱ្យផ្លូវដែកមានស្រាប់ប្រសើរឡើង ដើម្បីធានាការដឹកជញ្ជូនទាំងមនុស្សទាំងទំនិញ
ឥឡូវ យើងក៏ត្រូវធ្វើទំនើបកម្មផ្លូវដែកឱ្យប្រសើរឡើង។ ថ្ងៃមុនឃើញក្រុមហ៊ុន Royal Railway ក៏បានបញ្ជាទិញទូររថភ្លើងពីជប៉ុន ដើម្បី Upgrade ។ ខ្ញុំថាថ្ងៃណាមួយលួចជិះតាំងពីមុនឡើងបោះឆ្នោត តែលួចជិះមិនទាន់បាន …ឥឡូវយើងមានផ្លូវដែលមានស្រាប់។ ឥឡូវកុំទាន់គិតផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿនថ្លៃណាស់ ទុកថ្ងៃក្រោយ ធ្វើម៉េចឱ្យប្រសើរឡើងនូវផ្លូវដែកដែលយើងមានស្រាប់ ដើម្បីធានានូវការដឹកជញ្ជូនទាំងមនុស្ស ទាំងទំនិញ។ ឥឡូវយើងមាន ២កង់ ១កង់ខាងជើងពីប៉ោយប៉ែតមកភ្នំពេញ ហើយ ១កង់ខាងត្បូងពីភ្នំពេញមកខេត្តព្រះសីហនុ ទិសនិរតី។ កង់ខាងត្បូងនេះ យើងរត់បាន ៨០គីឡូ/១ម៉ោងសម្រាប់អ្នកដំណើរ។ ថ្ងៃមុនដូចឃើញដូចនៅរលាក់នៅឡើយ។ សង្ឃឹមថាទូរមកថ្មីនេះ អ្នកឧកញ៉ា គិត ម៉េង ថាជិះទៅស្រួល ដូចជិះយន្តហោះអញ្ចឹង។ ដឹកទំនិញបាន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែនៅខាងជើងយើងអត់ទាន់បង្កើនល្បឿនបានទេ។ ពេលវេលាធ្វើឱ្យការដឹកជញ្ជូនក៏លំបាក។ ក្រសួងសាធារណការបានរៀបចំផែនការដើម្បីធ្វើកំណាត់ហ្នឹង … ដើម្បីឱ្យវារត់បាន ៨០គីឡូ/ម៉ោង ដូចខាងត្បូងដែរ។ មួយជំហានទៅតាមហ្នឹងសិន។ ការដឹកជញ្ជូនតាមផ្លូវដែក តាម Container នេះ តិចណាស់។ បើគិតជាចំនួនបាន ៦% ទៅ ៧% តែប៉ុណ្ណោះនៃទំនិញមកដល់កំពង់ផែយើង ដែលដឹកតាមរថភ្លើងចូលមក។ ប៉ុន្មានលានតោនហ្នឹង ដឹកតែ ៦% ទៅ ៧% តាមរថភ្លើង … ត្រូវពង្រឹងទៅលើផ្លូវដែកនេះ។
(១៨) ធ្វើការជាមួយអាជ្ញាធរស្រុក ដើម្បីសំរបសំរួលចរាចររថភ្លើងឆ្លងកាត់ដោយសុវត្ថិភាព
សូមឱ្យក្រសួងសាធារណការពិនិត្យមើល … ធ្វើជាបន្ទាន់កន្លែងណាដែលអាចធ្វើទៅបានព្រោះកុំឱ្យបន្តិចៗ ខ្ញុំបាញ់ហ្វេកប៊ុកទៅ ឯកឧត្តម ប៉េង ពោធិ៍នា ព័ត៌មានមករថភ្លើងបុកឡានទៀតហើយ។ សូមបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ជាពិសេសគោរព(ចរាចរណ៍)។ កន្លែងខ្លះ យើងអត់មានរនាំងហ្នឹង អត់មានមនុស្ស(យាម) កន្លែងខ្លះមានហើយក៏នៅតែ(បុក)ទៀត។ ថ្ងៃមុនគេថតឱ្យខ្ញុំ រថភ្លើងឈប់ គេដាក់រនាំង ហើយមានអ្នកដែលកាន់ទង់ជ័យ ស្រាប់តែម៉ូតូមួយជិះមកបុកប៉ារ៉ាសហ្នឹង។ សូមប្រយ័ត្នទាំងអស់គ្នាព្រោះគ្រោះថ្នាក់។ ត្រូវដោះភ្លាម ព្រោះទៅថ្ងៃក្រោយ យើងអាចធ្វើស្ពានធ្វើអីកន្លែងឆ្លងកាត់រយៈពេលមធ្យមនិងវែង … កន្លែងណាដែលខ្វះរនាំង ខ្វះមនុស្សត្រូវពិនិត្យមើល។ មនុស្សមិនចាំបាច់កុងត្រាជាមួយក្រសួងសាធារណការបញ្ជូនពីភ្នំពេញទៅទេ។ កន្លែងខ្លះមើលជាមួយបញ្ជាការការពារនៅមូលដ្ឋាន ឧបត្ថម្ភគាត់បន្ថែម ហើយធ្វើការជាមួយអាជ្ញាធរស្រុកតែម្តង នៅនឹងកន្លែងដើម្បីដល់ម៉ោងគាត់អាចជួយធ្វើបាន។ នេះជាដំណោះស្រាយបណ្តោះអាសន្ន ប្រឈមភ្លាម ច្នៃប្រឌិត។ យើងកុំចាំ។ យើងយកគាត់បណ្តុះបណ្តាលបង្រៀន ហើយមានវិធីតាម Telegram … កន្លែងណាធំចាំយើងបញ្ជូនពីកណ្តាលទៅ។ ថវិកាបានច្នៃហើយនៅក្នុងការធ្វើនេះ។
(១៩) ក្នុងរយៈពេលខ្លី មធ្យម និងវែង ការដឹកជញ្ជូនផ្លូវគោកនិងផ្លូវអាកាស មានសក្តានុពលជាងផ្លូវទឹក
រីឯ ផ្លូវអាកាស ព្រលានយន្តហោះខេត្តព្រះសីហនុ យើងនឹងជំរុញធ្វើឱ្យកាន់តែប្រសើរ និងការហោះហើរកាន់តែច្រើនឡើង។ ប៉ុន្តែសក្តានុពលដឹកជញ្ជូនតាមផ្លូវអាកាស បើប្រៀបធៀបជាមួយផ្លូវគោក ផ្លូវទឹក គឺយើងនៅទីនេះគឺរយៈពេលខ្លី មធ្យម និងវែង គឺនៅតែផ្លូវគោក និងផ្លូវអាកាសមានសក្តានុពលជាង ហើយធំ។ ប៉ុន្តែយើងគិតគូរពីការរៀបចំ ព្រោះកិច្ចការខ្លះ ទំនិញខ្លះ ក៏ត្រូវបង្កើនតាមហ្នឹង។ ឥឡូវគេ Order Online អីត្រូវការលឿន … មួយទៀត ការភ្ជាប់ផ្លូវទឹកសំខាន់ណាស់ រវាងផ្លូវទឹកនិងផ្លូវទឹក។ ឥឡូវយើងមានអាជ្ញាបណ្ណដែលបានផ្តល់ហើយ ដូចជា ៨ សម្រាប់ផែទឹកប្រៃ។ ខ្ញុំបានឱ្យគោលការណ៍ ឯកឧត្តម ស៊ុន ចាន់ថុល កាលពីប៉ុន្មានខែមុន សិក្សាពីផែនការយុទ្ធសាស្ត្រដើម្បីប្រទាក់ក្រឡាគ្នា រវាងកំពង់ផែដែលមានស្រាប់ ដែលបានអាជ្ញាបណ្ណ និងដែលគ្រោងអភិវឌ្ឍធ្វើយ៉ាងណាដើម្បីតម្រង់ទិស ដើម្បីឱ្យយើងជួយគ្នា ជាជាងកំពង់ផែដែលប្រកួតគ្នាស្លាប់រស់ ដួលទាំងអស់គ្នា។ ធ្វើយ៉ាងណាប្រទាក់ក្រឡាគ្នា។ ដោយសារយើងជិតគ្នា ហើយផែទឹកជ្រៅនៅទូទាំងពិភពលោកមិនងាយនៅជិតគ្នាទេ ព្រោះទំហំនិងមាត្រដ្ឋានវាអត់ចំណេញ។ បើកហាងតែគុជមួយចំណេញខ្លាំង បើក ៣ នៅក្បែរគ្នាមិនធានាថាចំណេញទេ ជួនកាលអាចឡុងចុងទាំងអស់គ្នា … តែបើលក់របស់ស្រដៀងៗគ្នា ប្រកួតប្រជែង ឬមួយយ៉ាងម៉េច? តែក៏អាចរីកចម្រើនក្នុងកម្រិតណាមួយជាគ្នា។ ត្រូវតែសហការគ្នា។
(២០) ពីនេះដល់ឆ្នាំ ២០៥០ មិនផ្តល់អាជ្ញាបណ្ណអោយសាងសង់ផែកម្រិត១ ទៀតទេ
យើងពិនិត្យមើលផែ មានកម្រិត១ ដូចផែព្រះសីហនុនេះដែលថាស្តង់ដារអន្តរជាតិ ផែកម្រិត២ ដែលជាផែដែលអាចជួយមកទ្រទ្រង់ប្រទាក់ក្រឡាជាមួយផែកម្រិត១ ដើម្បីនាំចេញ។ ផែកម្រិត ២ ដូចជាយើងមានឱ្យគោលការណ៍ ៣។ ខ្ញុំបានផ្តល់គោលការណ៍ឯកភាពជាបឋមហើយ។ ពីនេះទៅដល់ឆ្នាំ២០៥០ អត់ឱ្យអាជ្ញាបណ្ណទៀតទេ សម្រាប់ផែកម្រិត១ នេះ។ ទុកឱ្យផែដែលមាន៣ នេះ ដកដង្ហើមដើម្បីរស់ ដើម្បីរីកសិន។ បើយើងឱ្យច្រើនពេក ទោះថ្ងៃក្រោយប្រាប់ថាកន្លែងនេះក៏មានទឹកជ្រៅអាចធ្វើថែមទៀត ក៏អត់ឱ្យអាជ្ញាបណ្ណដែរឱ្យថែរក្សាមួយ ពីរ បី នេះអភិវឌ្ឍប្រទាក់ក្រឡាគ្នាសិន ឱ្យរីកសិន។ ផែមួយៗធំណាស់។ ដោយឡែក យើងមានផែកម្រិត ២ ផែកម្រិត ៣ ដូចផែ ឧកញ៉ា ម៉ុង ផែអីហ្នឹង ដែលតូចៗ មិនអាចដឹកទំនិញជាអន្តរជាតិ។ ដឹកចេញពីគាត់មកដើម្បីផ្គត់ផ្គង់ តភ្ជាប់ជាមួយនឹងផែយើងនៅទីនេះ ហើយនាំចេញទៅអន្តរជាតិ ទៅថ្ងៃក្រោយ។ អញ្ចឹងត្រូវធ្វើផែនការមួយដើម្បីសម្របសម្រួលការប្រឡាក់ក្រឡាផែទាំងអស់។ ប្រទាក់ក្រឡាពីតំបន់សេដ្ឋកិច្ចពិសេស ដែលយើងរុញឧស្សាហកម្ម បន្តិចទៀតនៅឆ្ងាយ ដឹកតាមផ្លូវគោកអាចថ្លៃ។ អញ្ចឹងដឹកតាមផ្លូវទឹក។ ត្រូវគិតគូរពីការប្រឡាក់ក្រឡាគ្នានេះ។ ថ្ងៃ ៦ ខែ មិថុនា ខ្ញុំត្រូវទៅសម្ពោធផែកំពត។ ជជែកគ្នាឲ្យផែទាំងពីររួមគ្នា។ នៅកំពតយើងមានពីរ(ផែ) គិតមើល អាចផែមួយសម្រាប់តែឧស្សាហកម្ម ឧទាហរណ៍ រ៉ែ និងប្រេងទៅ។ កន្លែងនេះទុកតែសម្រាប់កុងតឺណ័រ និងទេសចរណ៍ទៅ។ នៅកំពតស្រដៀងគ្នាជាមួយផែនេះ។ យើងជួយគ្នាកម្រិតអីទៅ។ មិនគួរយកប្រេង យកកន្លែងស្លរ៉ែមកដាក់ផែខេត្តព្រះសីហនុទេ។ ទុកកន្លែងនេះជួលដីដាក់កុងតឺណ័រ ហើយផ្ដោតជំនាញលើកុងតឺណ័រវិញដើម្បីបានចំណេញ។
(២១) កំពង់ផែកំរិត១ គួរចែកគ្នាផ្ដោតទៅលើសកម្មភាពជាគោលដៅ ព្រោះទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
យើងចែកគ្នា ហើយត្រូវប្រទាក់ក្រឡាគ្នា (ប្រើប្រាស់)ប្រព័ន្ធដឹកជញ្ជូនយ៉ាងម៉េច។ ការដឹកពីអន្ដរជាតិមកកប៉ាល់ធំៗ តែចែកចាយពីកន្លែងនេះទៅផែក្នុងប្រទេស មិនចំាបាច់វិនិយោគធំពេកទេ។ អាចភ្ជាប់ត្រឹមតែប៉ុន្មានម៉ឺនតោនល្មមដឹកជញ្ជូនទៅ ឬមួយប៉ុន្មានពាន់តោន ដើម្បីយើងដឹកចែកចាយនៅខាងក្នុង។ ជួនកាល capacity កន្លែងនេះមួយនៅមានកំណត់។ អញ្ចឹង យើងអាចជជែកគ្នាជាមួយផែមួយទៀត ចែកគ្នាប្រភេទទំនិញ ឬក៏ទំនិញដូចគ្នា តែអ្នកណាផ្ដោតទៅលើអី? ព្រោះផ្ដោតទៅលើ(ទំនិញ)មួយៗវាទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ បើឲ្យផែនឹងផ្ដោតលើកុងតឺណ័រ ប្រាកដជារោងចក្រក្រុមហ៊ុនផ្សេងទៀតដែលវិនិយោគពាក់ព័ន្ធកុងតឺណ័រច្បាស់ជាយកមកដាក់នៅនេះហើយ។ បើកន្លែងហ្នឹងឱ្យផ្ដោតលើទេសចរណ៍ ប្រាកដជាគេទៅបង្កើតតំបន់ទេសចរណ៍នៅកន្លែងហ្នឹង ឬក្បែរនោះហើយ។ វាពាក់ព័ន្ធគ្នាអញ្ចឹង។ បើតែយើងមិនរៀបចំផែនការច្បាស់លាស់តម្រង់ទិសទេ ទីផ្សារសេរីសុទ្ធ ក្រែងវាអត់(សង្គតភាព)។ កន្លែងនេះក៏មានដូចគ្នា កន្លែងនោះក៏មាន។ ដោយសារអី? ដោយសារកាលពីមុនរដ្ឋាភិបាលថ្មីកើត ខ្ញុំបានស្ដាប់ផែនការខេត្តព្រះសីហនុថារៀបចំការអភិវឌ្ឍជាខេត្តពហុវិស័យ មានតំបន់សេដ្ឋកិច្ច កសិ-ឧស្សាហកម្ម តំបន់ទេសចរណ៍ ពុះខេត្តជា zone។ ពេលជាមួយគ្នា ខ្ញុំបានទទួល master plan ពីវិស័យឯកជនដែលគាត់សិក្សាអស់រាប់លានដុល្លារពីខេត្តកោះកុង (ថានឹង)ធ្វើដូចគ្នា។ បើសិនជាខ្ញុំអនុញ្ញាតឲ្យធ្វើទាំងពីរនេះ រលំទាំងពីរ ព្រោះខេត្តមានតែប៉ុណ្ណឹង ហើយពុះតូចៗ ទៅជាកសិ-ឧស្សាហកម្ម ទេសចរណ៍ ហើយខេត្តមួយទៀតដូចគ្នាពុះតូចៗ អញ្ចឹងយើងនឹងញែកគ្នា។ អញ្ចឹងផែនការមេនេះ តើកន្លែងណាសម្រួចទៅលើអីតែម្ដង ទើបយើងតម្រង់ទិសបាន។
(២២) រដ្ឋចូលរួមដាក់គោលនយោបាយតម្រង់ទិស ទុកឱ្យឯកជនប្រកួតប្រជែង
(យើងអនុវត្តសេដ្ឋកិច្ច)ទីផ្សារសេរី តែមិនប្រាកដថារដ្ឋត្រូវតែដកឃ្លាថយ ១០០% នោះទេ។ វាមិនខុសពីប្រដាល់សេរីទេ។ វាមិនប្រាកដថាមានអាជ្ញាកណ្ដាលនៅ ឬអ្នកបច្ចេកទេសនៅមើល ដើម្បីថាអ្នកនឹងរំលោភ(លក្ខខណ្ឌ)អីនោះទេ។ ប្រដាល់សេរី អ្នកឯងប្រដាល់មែន ប៉ុន្ដែអ្នកឯងនៅក្នុងសង្វៀន។ ប្រដាល់សេរីមិនអាចយកកាំបិតទៅចាក់គេទេ។ ប្រដាល់សេរីមិនមែនកីឡាកាសយកកៅអីទៅវ៉ៃគេទេ … ហាមមិនឲ្យ(វាយកន្លែងគ្រោះថ្នាក់ដល់ជីវិត) ប្រកួតប្រជែងដូចគ្នា។ អញ្ចឹងកន្លែងខ្លះនៅក្នុងការតម្រង់ទិស រដ្ឋត្រូវចូលដាក់ជាគោលនយោបាយជាតម្រង់ទិស ប៉ុន្ដែក្នុងក្របខណ្ឌនៃការអភិវឌ្ឍនេះ ពេលអនុវត្ដជាក់ស្ដែង លំហនេះរដ្ឋដកខ្លួនថយដើម្បីឲ្យវិស័យឯកជនប្រកួតប្រជែង។យើងជួយតម្រង់ទិសជាយុទ្ធសាស្ដ្រឲ្យហើយ ព្រោះដំណាក់កាលមាន ៣ កម្រិតយុទ្ធសាស្ដ្រ តម្រង់ទិសជារួមរយៈពេលវែង ជាមួយនឹងការប្រតិបត្ដិខាងយុទ្ធវិធី បានន័យថាធ្វើរាល់ថ្ងៃ។ ធ្វើរាល់ថ្ងៃ ធ្វើការងារតូចៗ ចាំបាច់ត្រូវតែសកម្ម ដើម្បីរយៈពេលយូរ។ ប៉ុន្ដែបើយើងមិនដឹងថាទៅទិសណា ថ្ងៃក្រោយច្របូកច្របល់។ អញ្ចឹងហើយបានជារដ្ឋត្រូវរៀបផែនការរយៈពេលវែង ដើម្បីឲ្យវិស័យឯកជនចូលរួមអនុវត្ដតាមហ្នឹង។
(២៣) សហការ តម្រង់ទិស និងផ្តល់ទិន្នន័យវិភាគ សំរាប់វិស័យឯកជនដែលចង់សាងសង់ផែទឹកជ្រៅ
អញ្ចឹង វាប្រទាក់ក្រឡាគ្នាក្នុងផ្លូវគមនាគមន៍តាមប្រព័ន្ធទឹកនេះ ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាតាមរយៈការកសាងផែ ឲ្យមានសង្គតភាព និងភាពប្រទាក់ក្រឡាគ្នា ជួយបំពេញគ្នាទៅវិញទៅមករវាងផែទឹកប្រៃកម្ពុជា។ យើងត្រូវធ្វើ ហើយនឹងបន្ដធ្វើតទៅទៀត ហើយសហការជាមួយវិស័យឯកជនដើម្បីតម្រង់ទិសឲ្យគាត់ ព្រោះយើងត្រូវមានលទ្ធភាពប្រាប់គាត់ ព្រោះវិស័យឯកជនគាត់ចាំសួរយើងដែរ។ ឧទាហរណ៍ថា ក្រុមហ៊ុនមួយមានដីមួយកន្លែង ស្រាប់តែក្រុមហ៊ុនវិនិយោគក្រៅប្រទេសចង់សាងសង់ផែទឹកជ្រៅ។ គាត់មិនដឹងធ្វើចំណេញមិនចំណេញទេ គាត់អត់មានទិន្នន័យវិភាគ។ អញ្ចឹងគាត់សុំយើង។ យើងឲ្យ។ ដល់គាត់ធ្វើទៅរលំ គ្រោះថ្នាក់។ ខាតទាំងគាត់ ខាតទាំងយើង (ព្រោះ)បានន័យថា យើងមិនចង់ឲ្យធុរកិច្ចវិនិយោគណាធំៗ បើកនៅស្រុកខ្មែរត្រូវរលំនោះទេ។ គ្រោះថ្នាក់ណាស់សម្រាប់រូបភាពកម្ពុជា។ អញ្ចឹង យើងត្រូវប្រាប់គាត់ថា ពី(រយៈពេល)នេះ ដល់ ២០៥០ ខ្ញុំអត់ឲ្យទេ គំរោងសង់ផែប្រភេទមួយហ្នឹង។ ឲ្យច្បាស់តែម្ដង ដើម្បីឲ្យគាត់ប្រើដីសម្រាប់ធ្វើអី(ផ្សេង)វិញ។ ខាងឯកជនគាត់មានភាពបត់បែនជាងរដ្ឋ។ បើកន្លែងហ្នឹងធ្វើ(មិនបាន) គាត់រករូបមន្ដអីផ្សេង ដើម្បីឲ្យដីកន្លែងហ្នឹងចំណេញហើយ។ បើធ្វើផែទឹកជ្រៅមិនចំណេញ យើងប្រាប់គាត់ថាធ្វើមិនបាន គាត់នឹងច្នៃអាហ្នឹងជាតំបន់សេដ្ឋកិច្ចពិសេស ឬអីផ្សេងៗ ឬវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ហើយ។ បើយើងមិនប្រាប់គាត់ ទាល់តែធ្វើហើយបានថាខុស នេះទើបជាបញ្ហា។
(២៤) ការស្នើសុំសាងសង់ផែទឹកប្រៃផ្សេងពីកម្រិត១ អាចធ្វើតាមនីតិវិធី ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង/ស្ថាប័នជំនាញ សិក្សាហានិភ័យផ្នែកធុរកិច្ចអោយបានហ្មត់ចត់
រដ្ឋជួយក្នុងការតម្រង់ទិស ខ្ញុំសូមយកឱកាសនេះជាការជូនដំណឹង ហើយសម្រាប់ការស្នើសុំផែប្រភេទផ្សេងៗ ទៀតនៅទឹកប្រៃនេះ គឺសូមធ្វើការស្នើសុំតាមនីតិវិធី ហើយសូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នជំនាញសិក្សាឲ្យបានច្បាស់ម៉ត់ចត់ ជាពិសេសលើហានិភ័យផ្នែកធុរកិច្ចតែម្ដង។ ប្រសិនឲ្យគាត់បើក ត្រូវឲ្យគាត់ចំណេញ ឲ្យអ្នកមានស្រាប់ចំណេញផង កុំដណ្ដើមម៉ូយគ្នា បើផ្សារយើងនៅតូច … ត្រូវហ៊ានតម្រង់ទិស ហ៊ានប្រាប់។ បើធ្វើៗកម្រិតណា ហើយយើងជួយកម្រិតណា យើងត្រូវមានផែនការច្បាស់លាស់។ ការឲ្យអាជ្ញាប័ណ្ណកាន់ទុកនេះ ក៏កុំដែរ។ កុំឲ្យងាកទៅកន្លែងណាក៏ជាតំបន់ផែទឹកជ្រៅ។ អញ្ចឹងប្រាប់គាត់ត្រង់តែម្ដងទៅ ថាធ្វើអាហ្នឹងមិនបានទេ ធ្វើអីផ្សេងទៅ ដើម្បីឲ្យគាត់គិត។ អញ្ចឹងខ្ញុំសូមជូនដំណឹងតាមនេះ ដើម្បីរួមគ្នា ដើម្បីជោគជ័យទាំងអស់គ្នានៃវិស័យឯកជន ព្រោះវិស័យឯកជនត្រូវជោគជ័យខ្លាំងដើម្បីឲ្យប្រទេសជាតិខ្លាំង។ នេះជាផែរបស់រដ្ឋ ប៉ុន្ដែយើងដូចជាគ្រឹះស្ថានសាធារណៈ ប៉ុន្ដែមានផែផ្សេងទៀតជាផែឯកជន យើងក៏ត្រូវតែជួយដើម្បី(ជោគជ័យ) ប្រទាក់ក្រឡាគ្នា ព្រោះរដ្ឋមិនអាចធ្វើម្នាក់ឯងទាំងអស់ទេ ហើយរដ្ឋក៏គ្មានគំនិតមិនឲ្យវិស័យឯកជនចូលរួមដែរ។ តំបន់ភស្ដុភារកម្ម តំបន់ប្រទាក់ក្រឡាហេដ្ឋារចនាសម្ព័ន្ធត្រូវមានវិស័យឯកជនចូលរួម រដ្ឋជួយកម្រិតណា ដើម្បីរស់ទាំងអស់គ្នា ប៉ុន្ដែរដ្ឋត្រូវមានការទទួលខុសត្រូវក្នុងការតម្រង់ទិស និងជួយគាត់ ដោយផ្ដើមចេញពីការឲ្យយោបល់ ប្រឹក្សាត្រឹមត្រូវ រួមទាំងការផ្ដល់អាជ្ញាប័ណ្ណនិងសិទ្ធិ ជួយធានាថាតើពេលណាដែលត្រូវឲ្យ license បន្ថែមទៀតដើម្បីឲ្យគាត់ធានារស់ ហើយទីកន្លែងណា។
(២៥) ក្រសួង/ស្ថាប័នពាក់ព័ន្ធគប្បីចេញបកស្រាយពីករណីផែសាងសង់ដោយកម្ចីពី ADB
ការវិនិយោគសាងសង់ផែ មិនដូចបើកហាងតែគុជទេ។ ហាងតែគុជដាក់ទុន ២ ម៉ឺន អាចបើកបាន។ ប៉ុន្ដែផែនេះគ្រាន់តែធ្វើ ៣ ជំហាននេះ ជិត ១ ពាន់លាន ដុល្លារ។ ជំហានទី ១ ចំណយអស់ ២៤០ លាន ជំហានទី២ និងទី ៣ អស់ ៦០០ លានទៀត សរុប ៩៤០ លានដុល្លារ។ ផែនៅកំពតធ្វើដោយ(កម្ចីពី) ADB។ បន្ដិចទៀតយើងប្រទាក់ក្រឡាគ្នា។ មានអ្នកខ្លះធ្វើច្រើនហើយ ម៉េចអត់ដើរ។ បន្ដិចទៀតក្រសួងសាធារណការនឹងចេញពន្យល់ឲ្យបានច្បាស់ ព្រោះផែមួយៗ មិនមែនធ្វើឡើងមកដោយចៃដន្យទេ។ ដូចជាផែ ADB មានការសិក្សាពី ADB។ យើងត្រូវធ្វើឲ្យវាដើរ … ក្រសួងសាធារណការនិងក្រសួងជំនាញសូមចេញ(ពន្យល់) ព្រោះមិនមែននាយករដ្ឋមន្ដ្រីត្រូវកាន់មេក្រូពន្យល់ទេ។ ត្រូវ(អ្នក)បច្ចេកទេសចេញ(ពន្យល់)។ ថ្ងៃមុនឃើញអ្នកណាចេញសារមកវាយ(ប្រហារ)រឿងហ្នឹង ហើយគេ share រាប់លាននាក់។ អញ្ចឹង ក្រសួងចាំបាច់ត្រូវក្ដាប់ឲ្យជាប់ ចេញភា្លមពន្យល់ភ្លាម ដើម្បីឲ្យប្រជាជនដឹង។ កុំឲ្យថារដ្ឋយើងធ្វើហ្នឹងមិនទទួលខុសត្រូវ ចេះតែយកលុយមកចាយ។ ដើម្បីផលប្រយោជន៍ យើងត្រូវចេញទៅពន្យល់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋយើងភាគច្រើនមិនដឹង។ អញ្ចឹងប្រសិនបើគាត់លឺតែគេនិយាយតែម្ខាង ហើយយើងស្ងាត់គេគិតថាពិត។ ឯកឧត្តម ស៊ុន ចាន់ថុល ដឹងរឿងហ្នឹងព្រោះជាអ្នកដឹកនាំពីមុន ហើយសហការជាមួយឯកឧត្តម ប៉េង ពោធិ៍នា ត្រូវចេញពន្យល់រឿងហ្នឹង។ យើងមានផែនការគ្រប់ជ្រុងជ្រោយ…។
(២៦) កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ប្រទាក់ក្រឡារវាងទឹកសាប និងទឹកប្រៃ
ទី២ ប្រទាក់ក្រឡាគ្នាប្រព័ន្ធផ្លូវទឹករវាងទឹកសាប ទឹកប្រៃ។ អម្បាញ់មិញក្នុងផែនទីនៅក្រៅ បើបងប្អូនមិនទាន់បានឃើញ(ចាំ)ទៅមើល។ ទៅមើល(ផែនទី)ប្រទេសរបស់យើង និងមុខព្រួញដើម្បីភ្ជាប់ទឹកសាបនិងទឹកប្រៃ។ អំពីព្រែកជីកហ៊្វូណន-តេជោ ខ្ញុំសូមយកឱកាសនេះអរគុណប្រជាពលរដ្ឋយើងទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងពិភពលោក ដែលបានចេញសារគាំទ្រគម្រោងប្រវត្ដិសាស្ដ្រដើម្បីប្រយោជន៍ជាតិមួយនេះ។ (វា)ភា្ជប់ដង្ហើមកសិករនៅខេត្តក្រចេះ នៅតាមបណ្ដោយទន្លេសាបដើម្បីដឹកទំនិញចេញមកក្រៅ។ ទំនិញចូលពីពិភពលោក ចង់ទៅភ្នំពេញ និងទៅខេត្តក្រចេះ ថ្ងៃក្រោយដឹកតាមនេះបាន។ cruise line ចូលមកចតនៅនេះ។ ថ្ងៃក្រោយឡើងគោកហើយ ថែមថ្ងៃឲ្យគាត់ជិះទៅលេងនៅភ្នំពេញ។ ជួនកាលគាត់មកលេងសមុទ្រនៅទីនេះ មិនសូវយូរថ្ងៃទេ។ អ្នកខ្លះជិះ ៣-៤ខែ cruise មួយៗ។ បើគាត់ឈប់នៅតាមផែគ្រប់ប្រទេសមួយៗ សឹងតែស្រដៀងគ្នាទាំងអស់ទៅហើយ មានខ្សាច់ដូចគ្នា ខុសតែមនុស្ស ប្រទេស និងភាសា។ អញ្ចឹងអាចភ្ជាប់ដំណើរទៅអង្គរវត្ដតាមផ្លូវទឹក។ ឥឡូវយើងឡើងពីភ្នំពេញទៅអង្គរវត្ដ មានកាណូតលឿន តែផ្លូវទឹកមកនេះមិនមានទេ។ ថ្ងៃក្រោយ បើភ្ជាប់ពីនេះទៅបាន ជាការល្អ។ ទេសចរនៅកាន់តែយូរ … គុណភាពទេសចរណ៍មិនសំដៅទៅលើតែបរិមាណដែលមានទេ គឺគិតពីទាំងចំនួនថ្ងៃដែលគាត់នៅ។ បើមកយើង ព្រឹកចេញទៅវិញល្ងាច មិនល្អប៉ុន្មានទេ យើងរាប់ចំនួន ប៉ុន្ដែចូលព្រឹកចេញល្ងាច ជួនកាលវេចបាយទឹកមកខ្លួនឯងផង ចប់បាត់។ ប៉ុន្ដែ បើគាត់នៅមួយថ្ងៃ គាត់ត្រូវសម្រាក ហើយបើគាត់ត្រូវសម្រាកនៅអូតែលផ្កាយ ១០០០ ក៏ដោយ (បានន័យថា)គាត់បោះតង់ ក៏គាត់ត្រូវការទិញទឹកទិញបាយហូបដែរ។ អញ្ចឹងបើគាត់នៅកាន់តែយូរកាន់តែល្អ។
(២៧) ផែភ្នំពេញ ជាដៃគូសំខាន់របស់ផែខេត្តព្រះសីហនុ សំរាប់ការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក
រីឯ ការដឹកកសិផល ខ្ញុំមិនចាំបាច់ពន្យល់ច្រើនទេទៅលើកិច្ចការងារនេះ ព្រោះបងប្អូនប្រហែលអាចដឹងពីផលប្រយោជន៍ ជាពិសេសផែខេត្តព្រះសីហនុនេះ នឹងមានដៃគូសំខាន់មួយទៀត ដែលអាចធ្វើបាន គឺផែភ្នំពេញយើងតែម្ដង។ យើងភ្ជាប់គ្នា។ ប្រព័ន្ធផ្លូវទឹកនេះ យើងត្រូវគិតគូរពីការធានា ការភ្ជាប់យ៉ាងណា។ នេះហើយជាការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បីកន្លែងនេះក្លាយជាមជ្ឈមណ្ឌលភស្ដុភារកម្មបាន ទាល់តែមាត្រដ្ឋានទំនិញភាគច្រើននៃកម្ពុជាចេញមកចូលនៅកន្លែងនេះ … បើសិនយើងបង្កើតមាត្រដ្ឋានតែកន្លែង តែទំនិញនៅរប៉ាត់រប៉ាយដដែលវាមិនអាចសំរេច(គោលដៅទេ)។ អញ្ចឹងត្រូវដឹកទាំងគោក ទាំងទឹក អាកាស ប៉ុន្ដែគោក និងទឹកបុកមកកន្លែងនេះ ជាតំបន់មួយស្ដុកធំសម្រាប់ចែកចាយ ឬមួយចូលមកសម្រាប់ចែកបន្តទៅទៀត។ នេះមិនមែនត្រឹមតែជាគោលនយោបាយចក្ខុវិស័យ ប៉ុន្ដែផែនការយើងបានចាត់តាំងអនុវត្ដរួចទៅហើយ។ ផែនការលើក្រដាសវាគ្មានតម្លៃទេ តែត្រូវការចាត់តាំងអនុវត្ដ។ ផ្លូវគោក យើងធ្វើបានច្រើនហើយ។ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿន ឥឡូវបន្ថែមល្បឿនលឿនទៅទិសខាងកើតកំពុងចាប់ផ្ដើមធ្វើ។ បន្ដិចទៀត ល្បឿនលឿនភ្ជាប់ទៅទិសខាងជើង ផ្លូវដែកកំពុងធ្វើបន្ថែមទៀត យើងមានបណ្ដើរៗ។
(២៨) កំពង់ផែ និងព្រលានយន្តហោះ បង្ហាញពីតួនាទីស្នូលនៃខេត្តព្រះសីហនុជាប្រព័ន្ធធានាសេដ្ឋកិច្ច
ផ្លូវទឹក យើងមានផែ យើងធ្វើនៅទីនេះកំពុងពង្រីកបុកគ្រឹះហើយ ធ្វើពង្រីក(ជំហាន)ទី ១-២-៣ រហូតឆ្នាំ២០២៩។ ផែប៉ុន្មានទៀត កំពុងតែធ្វើ នៅកោះកុងដូចកំពុងតែធ្វើដែរ ឧកញ៉ា លី យ៉ុងផាត់ នៅទីនោះ។ ផែឧកញ៉ា ម៉ុង(ឬទ្ធី) កំពុងដំណើរការ។ ផែស្ទឹងហាវ កែវ ម៉ាលី និងផែកំពត យើងធ្វើហើយ។ មិនមែនខ្ញុំនិយាយខ្យល់ទេ។ យើងបានរៀបចំផែនការប្រទាក់ក្រឡាគ្នាពេលដែលធ្វើចប់។ ១ខែ ៥ថ្ងៃទៀត ទៅសម្ពោធផែទឹកជ្រៅមួយទៀត(កំពត)។ ផ្លូវអាកាស យើងកំពុងធ្វើព្រលានយន្ដហោះអន្ដរជាតិមួយចប់ និងមួយទៀតចប់ឆ្នាំក្រោយ។ ខេត្តព្រះសីហនុនេះ យើងចរចាជាមួយក្រុមហ៊ុន VINCI ផ្ដល់គោលការណ៍ហើយ ដើម្បីគាត់ធ្វើកាន់តែប្រសើរឡើង។ ថ្ងៃក្រោយ ភ្ជាប់ខេត្តសៀមរាប-ខេត្តព្រះសីហនុ-ខេត្តភូកេតអី direct បន្ថែមទៀត ដើម្បីយើងបើកច្រកហោះហើរបន្ថែម។ នេះហើយគឺជាប្រព័ន្ធធានានូវសេដ្ឋកិច្ចរបស់យើង ហើយផែខេត្តព្រះសីហនុយើងនេះដើរតួនាទីស្នូល។ បងប្អូននៅអង្គុយទីនេះ កត់ទុកទិន្នន័យថ្ងៃនេះ ថតរូបទុក ៦ ឆ្នាំទៀតបងប្អូនអាចប្រៀបធៀបបានហើយ។ ៦ ឆ្នាំទៀត យើងធ្វើជំហានទី ៣ ចប់ហើយ កប៉ាល់ធំៗនឹងចូលមកយើងកាន់តែច្រើន។ ឯកឧត្តម លូ គឹមឈុន ថតទុកនូវឯកសារទាំងអស់ហ្នឹង ថ្ងៃក្រោយមិនបាច់ពន្យល់ទេ ដាក់រូបទន្ទឹមគ្នាតែម្តងទើបចំណេញ។ ដាក់កន្លែងហ្នឹង ២០២៤, ២០២៦, ២០២៩ កន្លែងនេះអី? គាត់មិនមែនគិតត្រឹម ២០២៩ ទេ តែគិតដល់ ២០៥០ ទៀត …។
(២៩) អ្នកវិភាគ៖ “មិនដែលឃើញគំរោងណាមួយមានចលនាជាតិនិយមនៅពីក្រោយដូចគម្រោងព្រែកជីកហ៊្វូណន-តេជោ”
ថ្ងៃមុន ខ្ញុំបានមើលសំណើមួយជំហានហើយ។ នេះគឺជាកិច្ចការចាំបាច់ដែលត្រូវធ្វើ។ ចំពោះព្រែកជីកហ៊្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឲ្យបាន។ គេសួរខ្ញុំ។ ខ្ញុំសុំបញ្ជាក់ម្តងទៀត។ ទី១ រាជរដ្ឋាភិបាលអត់មានគម្រោងដើម្បីរៃអង្គាសពីបងប្អូនទេ។ មានបងប្អូនខ្លះចង់បង្កើតមូលនិធិ បង្កើត account ដើម្បីទទួលយកថវិកាប្រជាពលរដ្ឋ បងប្អូនខ្លះគាត់ចង់បរិច្ចាគ។ អ្នកខ្លះថាបើសិនបង្កើតមូលនិធិ ខ្ញុំចូល ១០ ម៉ឺន ខ្ញុំចូល ៤ ពាន់។ អត់សំខាន់រឿងចំនួនលុយប៉ុន្មានទេ។ សំខាន់រឿងទឹកចិត្តរបស់យើង។ ខ្ញុំឃើញសន្ទុះគាំទ្ររបស់ប្រជាជនធំណាស់ចំពោះគម្រោងព្រែកជីកមួយនេះ។ ម្សិលមិញ ខ្ញុំជួបអ្នកវិភាគម្នាក់។ គាត់តាមដានសភាពការណ៍ខ្មែរ។ គាត់ថាមិនដែលឃើញគម្រោងណាមួយដែលមានចលនាជាតិនិយមនៅពីក្រោយជាងគម្រោងព្រែកជីកហ៊្វូណន-តេជោនេះទេ។ អ្នកដែលមាននិន្នការណាផ្សេងៗ ទុកមួយឡែក។ នេះគឺជាផលប្រយោជន៍ជាតិ មិនថាអ្នកណាធ្វើនោះទេ។ ខ្ញុំក្តាប់បានថាមានក្រុមមួយនៅអាមេរិក បានផ្សព្វផ្សាយគ្នាគាត់ដាក់ផែនការដើម្បីបង្កើតយន្តការបដិសេធព្រែកជីកហ៊្វូណន-តេជោ។ ខ្ញុំថា អ្នកឯងដើរក្រឡាខុសហើយ។ ប្រជាពលរដ្ឋទូទាំងប្រទេសរាប់លាននាក់ ទាំងចាស់ទាំងក្មេង យល់ពីតម្លៃនៃព្រែកជីកមួយនេះ ហើយបានផ្តល់ការគាំទ្រឲ្យយើង។
(៣០) មានឬគ្មានការចូលរួមវិនិយោគ កម្ពុជាប្តេជ្ញាធ្វើព្រែកជីកហ៊្វូណនតេជោឲ្យបាន
រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត។ សម្តេចតេជោបានផ្តួចផ្តើមធ្វើការងារនេះ។ កាលពីថ្ងៃ២៩ (មេសា) លោកបានបញ្ជាក់ហើយពីសារៈសំខាន់និងការប្តេជ្ញាចិត្ត។ រដ្ឋាភិបាលអាណត្តិទី៧ នេះត្រូវតែអនុវត្តគម្រោងនេះឲ្យចេញ។ អ្នកខ្លះ និយាយម្សិលមិញ វាយប្រហារថាគំរោងហ្នឹងយើងទៅខ្ចីលុយ។ អត់ទេ។ គំរោងហ្នឹង ជាគម្រោង B.O.T ឯកជន ដូចផ្លូវល្បឿនលឿន ឲ្យក្រុមហ៊ុនឯកជនគាត់ខ្ចីថវិកា គាត់វិនិយោគ យើងឲ្យសិទ្ធិគាត់ប៉ុន្មានឆ្នាំដើម្បីធ្វើអាជីវកម្ម។ ចប់ពីហ្នឹងគឺផ្ទេរមកឲ្យយើង។ អ្នកខ្លះថា ចុះបើក្រុមហ៊ុនហ្នឹងទៅរកលុយមិនបាន ខ្ញុំថាមានឬគ្មានការចូលរួមរបស់វិនិយោគបរទេស កម្ពុជាត្រូវតែធ្វើឲ្យបាននូវព្រែកជីកមួយនេះ។ អត់ធ្វើនៅពេលដែលខ្ញុំអាយុ ៩០ ឆ្នាំទេ។ ខ្ញុំប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល ថាធ្វើម៉េចជំរុញការចាប់ផ្តើមនៅក្នុងដំណាក់កាលឆ្នាំ២០២៤ ឬយ៉ាងយូរ ២០២៥។ តែសង្ឃឹម។ ខែ៧ ខែ៨ នេះ យើងនឹងចុះកិច្ចព្រមព្រៀងសម្បទានមួយ ព្រោះខែ១០ កាលខ្ញុំទៅចិន យើងបានធ្វើ agreement framework សម្រាប់ធ្វើហើយ …។
(៣១) អ្នកបង្កើតចលនាប្រឆាំងព្រែកជីកហ៊្វូណនតេជោ ប្រឆាំងចលនាជាតិខ្មែរ នឹងមិនជោគជ័យទេ
សូមផ្តាំទៅអ្នកបង្កើតចលនាប្រឆាំង។ អ្នកឯងមិនជោគជ័យទេ។ អ្នកឯងប្រឆាំងចលនាជាតិរបស់ប្រជាជនខ្មែរ ដើម្បីផលប្រយោជន៍ប្រវត្តិសាស្រ្តរបស់កូនខ្មែរ។ បើមិននិយាយក៏គ្មានអ្នកណាថាគដែរ។ រឿងប្រធានបទអីមួយគគោក ចាំបាច់ទៅប្រឆាំងផលប្រយោជន៍ប្រជាជនខ្មែរធ្វើអី។ យើងខំប្រឹងធ្វើផែនេះ ជីកបន្ថែមចំណាយជិត ១០០០ លាន ដោយខ្ចីឥណទានពីជប៉ុន។ តើយើងវិនិយោគជិត ១០០០ លានធ្វើអី? ធ្វើដើម្បីបានតែធ្វើ? អត់ទេគឺ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចនៅក្នុងវិស័យដឹកជញ្ជូន ជួយសេដ្ឋកិច្ចរបស់យើងនៅទូទាំងប្រទេស ជាពិសេស ដកដង្ហើមតាមច្រមុះខ្លួនឯង កុំចាំបាច់កប៉ាល់ចូលទៅប្រទេសផ្សេង។ ថ្ងៃណាមួយគេកិកកុក ដំឡើងថ្លៃ charge យើងគ្រោះថ្នាក់។ បើសិនជាងគេតម្លើង port fee យើងត្រូវបង់ថ្លៃដែរ។ វារាលមកដល់យើង។ អញ្ចឹងបើចូល direct មកដល់យើងៗ ជាអ្នកគ្រប់គ្រងតម្លៃម្ចាស់ការខ្លួនឯង អត់មានទៅពឹងគេ។
(៣២) គ្មានគោលការណ៍ឱ្យកម្ពុជាជាមូលដ្ឋានរបស់ប្រទេសណាមួយ ប្រឆាំងប្រទេសណាមួយទៀតឡើយ
ព្រែកជីកភ្ជាប់ផ្លូវទឹក … មិនមែនយើងផ្តាច់ការដឹកជញ្ជូនច្រកទន្លេមេគង្គក្រោមដែលមានស្រាប់នោះទេ។ យើងក៏នៅបន្តធ្វើ។ ថ្ងៃក្រោយទំនិញខ្លះពីវៀតណាមចង់ដឹកឡើងមកតាមហ្នឹងចេញមកផែនេះទៅថៃតាមទឹក ក៏កាន់តែស្វាគមន៍។ ប្រើទាំងអស់គ្នា។ ពីឡាវមកក៏យើងស្វាគមន៍ដែរ។ កុំយករឿងសេដ្ឋកិច្ចសង្គម ភ្ជាប់ជាមួយនឹងនយោបាយ ឬជាមួយនឹងរឿងកងទ័ព។ ខ្ញុំមេទ័ពដែរ។ ខ្ញុំមេទ័ពជើងគោកទេ។ ឯកឧត្តម ទៀ វិញ មេទ័ពជើងទឹក។ ប៉ុន្តែ ខ្ញុំជឿថាឯកឧត្តមយល់ហើយ។ នាវាចម្បាំងដឹកកប៉ាល់ហោះមិនអាចចូលព្រែកជីករាក់ ៥ ម៉ែត្រនោះទេ … កម្ពុជាក៏គ្មានគោលការណ៍ឲ្យដាក់ប្រទេសជាមូលដ្ឋានឲ្យប្រទេសណាប្រឆាំងប្រទេសណាដែរ។ គ្មានទេ។ យើងរួមសេចក្តីសុខ សាមគ្គីគ្នាដើម្បីផលប្រយោជន៍ជាតិ។ យើងចង់បានតែសុខទេ សង្រ្គាមចប់យូរមកហើយ។
(៣៣) កម្ពុជាមិនជ្រើសអ្នកណា ប្រឆាំងអ្នកណាទេ … សង្ឃឹមនយោបាយភូមិសាស្រ្ត មិនឈានដល់ការប៉ះទង្គិចគ្នា ឬមួយធ្វើឲ្យបាត់ស្ថិរភាពក្នុងតំបន់ ឬមួយពិភពលោកដូចក្នុងទសវត្សរ៍ទី៧០ និងទី៨០ ទៀតទេ
ម្សិលមិញ ខ្ញុំចូលរួមទទួលទានអាហារលក្ខណៈគ្រួសារជាមួយស៊ុលតង់ ប្រ៊ុយណេ។ សម្តេចលោកយាងមក ជួបជាមួយសម្តេចតេជោ។ ខ្ញុំចូលរួមព្រឹក។ អង្គុយអាហារនៅជាន់ទី ៣៦ នៅអគារវឌ្ឍនៈ។ បែរមកខាងក្រៅមើលរាជធានីភ្នំពេញ។ យើងឃើញបឹងកក់ យើងឃើញអគារខ្ពស់ៗ។ ព្រះអង្គស៊ុលតង់ មានបន្ទូលថា កាលគាត់មកប្រជុំឆ្នាំ២០២២ កម្ពុជាធ្វើម្ចាស់ផ្ទះនោះ អត់មានទេ។ គាត់ថាកម្ពុជាមានអគារខ្ពស់បំផុត ៧ជាន់។ ឥឡូវខ្ពស់ៗ។ សម្ដេចតេជោលោកចង្អុលប្រាប់។ (ក្នុងសចម្ងាយ)មួយគីឡូដីនោះ នៅវត្តនាគវ័ន្ត លោកអាយុ ១៣ ឆ្នាំ គ្មានសាលាទៅដល់ដូចកូនខ្មែរជំនាន់ឥឡូវទៅដល់ភូមិ/ឃុំ/ស្រុកគាត់ទេ។ លោកត្រូវបែកពីឪម៉ែ មកស្នាក់នៅវត្តរៀន។ កន្លែងនេះគឺជាកន្លែងដែលពិបាក ទឹកភ្លើងស្អីៗ។ លោកថាឆ្នាំ១៩៧៩ លោកចូលមកភ្នំពេញជួបតែ ៧០ នាក់គត់នៅភ្នំពេញ អត់មានស្ទះចរាចរណ៍ដូចរាល់ថ្ងៃទេ។ នេះហើយជាការបន្សល់ទុកនៃសង្រ្គាម ហើយសង្រ្គាមចេញពីអី? ពីការដែលកម្ពុជាតូចមួយធ្លាក់នៅក្នុងអន្ទាក់នៃសង្រ្គាមមហាអំណាច។ អញ្ចឹងកម្ពុជាកុំយករឿងជម្លោះភូមិសាស្រ្តតំបន់មកដាក់ខ្លួន។ កម្ពុជាមិនមានជម្រើសទៅចាប់យកអ្នកណាប្រឆាំងអ្នកណាទេ។ កម្ពុជាត្រូវតែសាមគ្គីគ្នា។ សង្ឃឹមថា នយោបាយភូមិសាស្រ្ត ការប្រកួតប្រជែង មិនឈានទៅដល់ការប៉ះទង្គិចគ្នា ឬមួយធ្វើឲ្យបាត់ស្ថិរភាពនៅក្នុងតំបន់ ឬនៅមួយពិភពលោកដែលធ្វើឲ្យដូចនៅក្នុងទសវត្សរ៍ទី៧០ ទី៨០ តទៀតទេ។
(៣៤) កម្ពុជាបញ្ជូនទ័ពមួកខៀវទៅរក្សាសន្តិភាព … មាន Gene អ្នកធ្វើប្រាង្គប្រាសាទរាប់ពាន់កន្លែង
កុំយករឿងនេះមកកម្ពុជា។ កម្ពុជាចង់តែរស់ដោយសេចក្តីសុខ ចង់ឲ្យតែកូនចៅខ្មែរឃើញនូវពន្លឺសន្តិភាព ថែរក្សាឲ្យបាន។ ចង់ឲ្យតែកូនខ្មែរអាចធានាបាននូវសមិទ្ធផលផ្សេងៗ ដើម្បីផលប្រយោជន៍របស់ខ្លួន … មិនមែនថាយើងសំងំសុខ យើងមិនជួយអ្នកណាទេ។ យើងជួយ។ យើងបញ្ជូនទ័ពមួកខៀវទៅក្រៅ។ យើងចូលរួមក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មតំបន់។ យើងជួយប្រឆាំងភេរវកម្ម មិនមែនយើងសំងំសុខទេ។ ប៉ុន្តែ ក្នុងរូបភាពរស់បានសេចក្តីសុខ គឺកូនខ្មែរគ្រប់ជំនាន់ចៀសឲ្យផុតពីសង្គ្រាមដែលយើងធ្លាប់មាន ៥០០ ឆ្នាំ ហើយយើងបន្តទៅមុខបន្តទៀត ដោយភាពសុខដុមរមនា និងភាពរីកចម្រើនកសាងសមិទ្ធផលធំៗ ជូនជាតិតទៅទៀត។ ក្នុងរយៈពេល ៤០ ឆ្នាំនេះ យើងកសាងសមិទ្ធផលច្រើន។ ក្នុងរយៈពេល ៨ ខែ ខ្ញុំមានឱកាសសម្ពោធសមិទ្ធផលលក្ខណៈប្រវត្តិសាស្រ្តធំៗ ដែលបានកសាងចាប់ពីអាណត្តិសម្តេចតេជោប៉ុន្មានអាណត្តិមក។ ព្រលានយន្តហោះកម្រិតអន្តរជាតិ កំពង់ផែកម្រិតអន្តរជាតិ ផ្លូវ បន្តិចទៀតព្រែកជីកប្រវត្តិសាស្រ្តកម្រិតធំ។ បើដរាបណាយើងមានឱកាស មានសុខសន្តិភាព កូនខ្មែរមិនអន់ទេ។ បុព្វបុរសយើង ពេលមានសុខសន្តិភាព ជាប្រទេសមហាអំណាចធ្វើប្រាង្គប្រាសាទរាប់ពាន់កន្លែងបាន។ កូនខ្មែរជំនាន់ក្រោយក៏មាន Gene នោះដែរ គ្រាន់តែអត់ឱកាស។ ឥឡូវឱកាសធំបំផុតគឺការថែរក្សាសុខសន្តិភាព ស្ថេរភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីយើងបន្តកសាងសមិទ្ធផលប្រវត្តិសាស្រ្តតទៅទៀត។
(៣៥) ព្រែកជីកហ៊្វូណនតេជោ មិនបង្ហូរទឹកចោលទៅសមុទ្រ តែបំរើការដឹកជញ្ជូន ជាប្រព័ន្ធស្រោចស្រព បង្កើតតំបន់ឧស្សាហកម្ម និងបង្កើតការងារ
អ្នកខ្លះថា ធ្វើអា(ព្រែកជីក)ហ្នឹង ទឹកនឹងហូរទៅសមុទ្រអស់។ បងប្អូនខ្លះប្រហែលជាមិនដឹងទេ។ រាល់ថ្ងៃទឹកកំពុងហូរពីទន្លេមេគង្គ ពីទន្លេបាសាក់ ទៅសមុទ្រ។ ថ្ងៃមុនខ្ញុំថា ៨ ពាន់ម៉ែត្រគូប។ មិនមែនទេ បូកទាំងទន្លេបាសាក់ ទាំងទន្លេមេគង្គក្រោម ១៨ ០០០ ម៉ែត្រគូបក្នុងមួយវិនាទី។ មួយម៉ែត្រគូប ស្មើ ១ ពាន់លីត្រ។ អញ្ចឹងគុណទៅ។ ហូររាល់ថ្ងៃ។ ហូរមួយវិនាទីប៉ុណ្ណឹងអត់អស់ផង។ ព្រែកជីកយើងធ្វើមានរនាំងមានសន្ទះ។ មួយវិនាទីហូរ ៣,៦ ម៉ែត្រគូប។ ហូរតែប្រហែល ៣០០០ លីត្រទេ។ ធម្មតាហូរមួយសែនលីត្រជាង/វិនាទី អត់អស់ផង។ យើងហូរម៉េចអស់។ អញ្ចឹង កុំភ័យព្រួយថាព្រែកជីកនេះធ្វើទៅ ហូរទឹកចូលសមុទ្រអស់។ ទន្លេមេគង្គ ទន្លេបាសាក់រាល់ថ្ងៃអត់មានរនាំងទេ ហូរធម្មជាតិ។ ព្រែកជីកយើងមានសន្ទះ។ បើក ២៤ ម៉ោង ក៏អត់ហូរទៅដូច(ធម្មជាតិ)នោះដែរ។ អញ្ចឹងអត់ហូរទឹកទន្លេអស់ទេ … សូមបញ្ជាក់ទិន្នន័យក្នុងមួយវិនាទី ១៨ ០០០ ម៉ែត្រគូប ហូររាល់ថ្ងៃ … ព្រែកជីកហ៊្វូណនអត់នាំទឹក(ទៅចាក់ចោលទៅសមុទ្រទេ) ប៉ុន្តែផ្ទុយទៅវិញនាំទឹកយកមកដើម្បីភ្ជាប់ពីការដឹកជញ្ជូន និងប្រព័ន្ធស្រោចស្រពឲ្យប្រជាកសិករតាមបណ្តោយព្រែក បង្កើតតំបន់ឧស្សាហកម្មផ្សេងៗ បង្កើតការងារឲ្យប្រជាពលរដ្ឋ … សូមអរគុណសាជាថ្មី សុទ្ធតែជាផែនការយុទ្ធសាស្រ្តក្នុងការភ្ជាប់ប្រទាក់ក្រឡាគ្នា។ យើងមិនអាចធ្វើអីមួយដោយគ្មានយុទ្ធសាស្រ្តនោះទេ។
(៣៦) ជំរុញអោយចេញជារូបរាងនូវប្រព័ន្ធផ្លូវដែក ផ្លូវដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទីក ពិពិធកម្មសេវា និង transshipment
យើងរៀបចំបែបនេះហើយ យើងអញ្ជើញវិស័យឯកជនមកវិនិយោគនៅក្នុងគម្រោងដែលស្របទៅតាមហ្នឹង។ យើងអត់ទៅដណ្តើមការងារវិស័យឯកជនទេ។ យើងអត់ទៅឈប់ឲ្យវិស័យឯកជនវិនិយោគធ្វើផែ ធ្វើតំបន់សេដ្ឋកិច្ចពិសេស ធ្វើរោងចក្រនោះទេ យើងនៅលើកទឹកចិត្តឲ្យជួយ ប៉ុន្តែយើងជួយតម្រង់ទិស និងជួយផ្តល់គោលការណ៍។ ថ្ងៃនេះយើងបានជួបគ្នាជាថ្មី ហើយសូមជម្រាបជូនបងប្អូនអ្នកខេត្តព្រះសីហនុ ជាពិសេសអ្នកនៅទីនេះអំពីវឌ្ឍនភាពរបស់យើង។ បួនខែនេះ យើងវិវឌ្ឍស្អីខ្លះ និងស្អីខ្លះបានដើរទៅមុខហើយ។ យើងនឹងបន្តធ្វើតទៅទៀត។ អ្នកដែលបានផ្ទាល់គឺនៅទីនេះ។ ដូចខ្ញុំនិយាយ កុំភ័យឬដេកព្រួយ ឮពី ៥០ពាន់ ទៅ ១លាន ២សែន បែកញើសទៀតហើយ។ បន្ថែមកម្លាំង វានឹងបន្ថែមចំណូល។ ពង្រឹងប្រព័ន្ធផ្លូវដែក ផ្លូវដឹកជញ្ជូនរបស់យើង ប្រព័ន្ធឡូជីស្ទីក កសាងបន្ថែម រៀបចំពិពិធកម្មសេវា ថែមទាំង transshipment ដែលត្រូវគិតគូរធ្វើម៉េចទម្លាយឲ្យចេញ។ អរគុណដល់អគ្គនាយករដ្ឋានគយ និងរដ្ឋាករ ជាមួយនឹងកំពង់ផែ ក្រសួងសាធារណការ ដែលកន្លងទៅបានដើរទៅមុខ ប៉ុន្តែនៅសល់មួយចំនួនតូចយើងនឹងទម្លុះវា។
(៣៧) រៀបចំគោលនយោបាយបន្ថែមជំរុញវិស័យឧស្សាហកម្ម និងកម្មន្តសាល សម្រាប់ខេត្តព្រះសីហនុ
ក្រុមការងារនឹងជួយសម្របសម្រួល … យើងកុំអាលនិយាយថាមកតិច។ តែមកតិចអាចដោយសារវាមកតិចមែន បច្ចុប្បន្នដោយសារផែយើងមិនទាន់ជ្រៅ។ តែមកតិចមួយទៀតដោយសារវាស្មុគស្មាញនៅយើង។ ចង់ចូលដាក់ transshipment ទាល់តែសុំក្រដាសនៅភ្នំពេញ។ យើងអត់ទាន់ប្រតិភូកម្មមកដល់នេះ។ អញ្ចឹង នឹងពិនិត្យមើលតើអាចប្រតិភូកម្មសិទ្ធិមកធ្វើនៅហ្នឹងអត់ .. តើវាប៉ះពាល់អី? ដើម្បីយើងជំរុញកិច្ចការនេះ។ តំបន់សេដ្ឋកិច្ចដូចគ្នា។ យើងបើកយូរហើយ។ ត្រូវធ្វើម៉េចទៀតដើម្បីឲ្យចំណេញ ឲ្យប្រកួតប្រជែង តើរដ្ឋត្រូវអីបន្ថែមទៀត? ខ្ញុំបានផ្តល់គោលការណ៍ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាក្របខណ្ឌគោលនយោបាយដើម្បីរៀបចំជំរុញបន្ថែមទៀត គោលនយោបាយសម្រាប់ខេត្តព្រះសីហនុ ជាពិសេសទិសដៅលើវិស័យឧស្សាហកម្ម និងកម្មន្តសាល។ ខេត្តនេះ គឺខេត្តសក្ដានុពលគ្រប់វិស័យទាំងអស់ តែត្រូវដឹងអ្វីដើរមុន សក្ដានុពលធំ បញ្ហាចំពោះមុខ។ ទេសចរណ៍ក៏យើងមាន ប៉ុន្តែទេសចរណ៍វាមានដោយកន្លែង។ កន្លែងដែលមានសកម្មភាពទេសចរជានិច្ច គឺនៅតាមបណ្ដាកោះ។ សក្ដានុពលធំជាង។ នៅកន្លែងនេះ យើងត្រូវដឹង គឺឧស្សាហកម្ម។ អចលនទ្រព្យក៏មានដំណាក់កាលដែរ។ ឥឡូវយើងកំពុងដោះស្រាយភាពជាប់គាំង ហើយវិស័យអចលនទ្រព្យ ទូទាំងពិភពលោក ម៉ោងនេះនៅមិនទាន់ងើបឡើងវិញពេញនោះទេ។ យើងនឹងបន្ត។
(៣៨) អនុវត្តគោលនយោបាយវិនិយោគផ្ដោតលើអចលនទ្រព្យ គិតឲ្យធំ តែធ្វើឲ្យតូច មានក្រុមការងារចំពោះកិច្ចសម្របសម្រួល
អ្វីដែលមានសក្ដានុពលធំ តែដែលយើងឃើញថាមានម៉ូយច្រើន មិនទាន់មានកៅអីអង្គុយគ្រប គាត់ត្រូវតកន្ទុយគ្នារង់ចាំ។ យើងប្រមូលបានតិច ឬមួយគាត់ទៅផ្សេង។ អញ្ចឹងត្រូវជំរុញគោលនយោបាយដើម្បីយើងអនុវត្តនៅទីនេះ។ ឆ្នាំនេះ យើងបានអនុវត្តគោលនយោបាយមួយចំនួនវិនិយោគនៅខេត្តព្រះសីហនុ ផ្ដោតលើអចលនទ្រព្យ។ បានដើរទៅមុខហើយ។ មិនលឿនទេ តែដើម្បីយើងដោះស្រាយភាពជាប់គាំង និងលើកទឹកចិត្ត។ ថ្ងៃមុនដូចមាន ៩ – ១០ គម្រោងបានដាក់សំណើ។ យើងរុញបណ្ដើរៗ។ ៤៤ គម្រោងបានដើរ … ឥឡូវយើងមានក្រុមហ៊ុន ៤៤ បានដាក់(សំណើ)ដើម្បីគាស់ឡើងវិញ តាំងពីយើងប្រកាសកាលពីខែមករា។ ហើយ ៨ បានឯកភាពចាប់ផ្ដើមដំណើរការ។ មានឃើញស្នើថ្ងៃមុន ក្រុមហ៊ុនមួយដូចប៉ុន្មានរយលានមកវិនិយោគថែមទៀត ដូចជា ៥០០លាន។ បាន approve ហើយ ផ្ដល់គោលការណ៍ហើយ គាត់នឹងរៀបចំដើម្បីវិនិយោគនៅទីនេះ។
ទៅមុខទៀត យើងនឹងរុញ ជាពិសេសខាងឧស្សាហកម្មនិងកម្មន្តសាល។ (ត្រូវគិតពី)ការដោះស្រាយគោលនយោបាយយ៉ាងម៉េច ដើម្បីរុញ(ការវិនិយោគ)ឲ្យមក ព្រោះឥឡូវ តំបន់សេដ្ឋកិច្ចយើងមួយចំនួននៅនេះកល់ហើយ។ យើងត្រូវពង្រីកបន្ថែមទៀត។ កន្លែងដែលមិនទាន់ដើរ ច្នៃធ្វើម៉េច បញ្ហាយ៉ាងម៉េច ដើម្បីដោះ។ គិតឲ្យធំ តែធ្វើឲ្យតូច។ គិតគ្រប់ជ្រុងជ្រោយដាក់ចេញផែនការរួម ប៉ុន្តែពេលអនុវត្តត្រូវមើលពីគម្រោងមួយៗ បើសិនជាយើងដាក់តែគោលការណ៍ តែគម្រោងមួយៗវានៅជាប់គាំង វាអត់ចេញ វាអត់កក្រើក ធ្វើឲ្យអាធំវាមានបញ្ហា។ អញ្ចឹងហើយបានយើងមានក្រុមការងារចំពោះកិច្ច ឯកឧត្ដម ហ៊ាន សាហ៊ីប នៅទីនេះ ដឹកនាំ ហើយសម្របសម្រួល។
(៣៩) ទាក់ម៉ូយថ្មីផង ធ្វើអោយអ្នកមកស្រាប់កក់ក្ដៅនិងរស់ស្រួលជាមួយគ្នាផង
ថ្ងៃមុន ខ្ញុំប្រាប់នៅក្នុងគណៈរដ្ឋមន្រ្តី ឱ្យរៀនយកបទពិសោធនៅទីនេះដើម្បីរៀបចំវិធីទម្លុះ។ បានន័យថា ក្រុមការងារចំពោះកិច្ចនេះទៅដោះស្រាយជាក្រុម។ យន្តការដោះស្រាយដែលម្សិលម្ង៉ៃ ខ្ញុំនិយាយពេលជួបជាមួយបងប្អូនជាង ៥ពាន់នាក់នៅភ្នំពេញ រឿងហៅគេមកថ្មី ទាក់ម៉ូយហើយ ប៉ុន្តែ សំខាន់ត្រូវធ្វើឲ្យអ្នកដែលមកស្រាប់ ឲ្យគាត់សប្បាយចិត្ត កក់ក្ដៅ និងរស់ស្រួលជាមួយយើង។ នេះជាការងារចាំបាច់។ សំខាន់បំផុតការដោះស្រាយកង្វល់របស់គាត់។ អញ្ចឹងបានជារាប់អាណត្តិហើយ យើងបង្កើតយន្តការជជែក ពិភាក្សា ពិគ្រោះយោបល់ យន្តការរាជរដ្ឋាភិបាលជួបជាមួយវិស័យឯកជន យន្តការក្រុមការងារជួបជាមួយវិស័យឯកជនតាមប្រទេស តាមតំបន់ ដែលយន្តការទាំងនេះបានដាក់ចេញគោលការណ៍ដោះស្រាយមួយចំនួន ដឹកនាំ អនុវត្ត ដោះស្រាយ ប៉ុន្តែមិនបានអស់ទេ។
(៤០) យន្តការចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជួយដោះស្រាយដំណាក់កាលស្ទះចុងក្រោយ
អាណត្តិថ្មីនេះ ខ្ញុំត្រូវការរៀបចំយន្តការមួយចំណុះឲ្យខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយជំហានចុងក្រោយ។ បានន័យថាម៉េច? យន្តការដែលមានស្រាប់ គាត់នឹងបន្តដោះស្រាយ ដោះបានច្រើន ឧទាហរណ៍មាន ១០ ចំណុច គាត់ដោះបាន ៨ ប៉ុន្តែនៅសល់ ២ ដែលធ្វើឲ្យស្ទះ។ ដោយសារ ២ ហ្នឹងហើយដែលធ្វើរូបភាពដោះស្រាយមិនចេញ។ អញ្ចឹងត្រូវការទ័ពពិសេសនេះ ចេញពីខុទ្ទកាល័យនាយករដ្ឋមន្រ្តីទៅជួយសម្របសម្រួលទម្លុះទម្លាយ។ ទៅអត់ធ្វើការងារដូចការដោះស្រាយដំណាក់កាល ២ ថ្នាក់ ឬមួយដែលមានស្រាប់នោះទេ។ យើងប្រជុំមានបញ្ហាអី។ យើងទៅជួបស្ថាប័ននោះដើម្បីជួយដោះស្រាយ។ ក្រុមនេះគឺអត់ទៅដោះស្រាយបែបនេះទេ ព្រោះដោះស្រាយបែបនេះ វាអាចនៅស្ទះដោយសារវាមានលក្ខណៈជួនកាលទៅជួបស្ថាប័នមួយដោះអត់ចេញ ព្រោះវាប្រទាក់ក្រឡាស្ថាប័នផ្សេងទៀត។ អញ្ចឹងពេលដែលដោះស្រាយករណីមួយៗ គឺក្រុមនេះត្រូវដោះជាក្រុមតែម្ដង។
ឧទាហរណ៍ ថាមានបញ្ហាជាមួយគយ។ យន្តការទី១ គឺពេលដែលជួបពិភាក្សាគ្នាហើយ ឧ. ក្រុមហ៊ុន ក បានជួបពិភាក្សាហើយ។ យើងបានទៅឲ្យដោះស្រាយជាមួយគយហើយ។ គយខំប្រឹងដោះហើយ ប៉ុន្តែនៅសល់គន្លឹះមួយពីរដែលពាក់ព័ន្ធជាមួយកសិកម្ម ឬជាមួយអី គឺអាចជួយបាន។ ត្រូវរុញគាត់ រត់លិចកើត វាអត់ចេញ។ អញ្ចឹង ក្រុមការងារនេះចុះទៅ គឺត្រូវទៅជាមួយគ្នា ដោះស្រាយត្រីភាគី។ បានន័យថា ក្រុមការងារទៅជាក្រុម ជាមួយនឹងវិស័យឯកជនអ្នកស្នើសុំ ជាមួយស្ថាប័នគយតែម្ដង។ ដោះជាមួយគ្នា អង្គុយតុជាមួយគ្នា ជាត្រីភាគី ដូចស្ថាប័នអាជ្ញាកណ្ដាលរបស់កម្ពុជាដោះស្រាយរឿងចរចាប្រាក់បៀវត្សអញ្ចឹង។ យើងដោះបែបនេះទើបចេញ។ មិនបាច់ដោះជាកញ្ចប់អីទេ។ ដោះមួយៗឲ្យចេញតែម្ដង។ មិនបាច់ដោះមួយវិស័យទេ ដោះក្រុមហ៊ុនមួយៗឲ្យបាន ដោះករណីមួយៗឲ្យបាន។ ថ្ងៃនេះ ដោះមួយបាន ស្អែកដោះមួយទៀត មួយខែនេះដោះបានតែ ៣០ ករណី វាក្លាយទៅជា ៣០ ករណី ដែលមិនជាប់គាំងទៅហើយ។
(៤១) យន្តការចំណុះខុទ្ទកាល័យនាយករដ្ឋមន្រ្តី រាយាករណ៍ត្រង៉ សួរយោបល់ផ្ទាល់ ទទួលដោះស្រាយភ្លាមៗ
នេះហើយជាអ្វីដែលត្រូវធ្វើឲ្យមានភាពរស់រវើក។ ដោះឲ្យចេញ។ កុំឲ្យគេថា អ្វីដែលនាយករដ្ឋមន្រ្តីនិយាយនៅលើវេទិកាចេះតែស្រួល តែដោះខ្លួនឯងដោះមិនចេញ។ ត្រូវតែមានយន្តការតាមដាន ត្រួតពិនិត្យ និងទម្លាយការងារនេះ។ ក្នុងយន្តការមួយនោះ គឺយន្តការដែលមានទ័ពពិសេសដំណាក់កាលចុងក្រោយ ជួយអន្តរាគមន៍ ដោះទម្លាយឲ្យបានចប់ជាស្ថាពរនេះតែម្ដង។ អញ្ចឹងឧទាហរណ៍ជាក់ស្ដែង រឿង Transshipment នេះ នឹងបញ្ជូនក្រុមនេះឲ្យមក។ ក្រុមនេះមិនមែនអ្នកណាណីទេ សុទ្ធតែអ្នកដែលមានបទពិសោធនៅក្នុងវិស័យ មានទាំងឯកជន មានទាំងអ្នកសេដ្ឋកិច្ចក្នុងក្រសួងសេដ្ឋកិច្ច ក្រសួងសុទ្ធតែជំនាញទាំងអស់ដែលបានធ្វើការសហការជាមួយ។ តែសំខាន់មិនមែនគាត់ចេះជាងស្ថាប័នផ្សេងៗដែលធ្វើទេ។ អ្វីដែលខុសគ្នានោះ ស្ថាប័នជាអ្នកដោះ វិស័យឯកជនជជែកគ្នាដោះ ប៉ុន្តែអ្វីដែលខុសគ្នា គឺរាយការណ៍ direct ប្រចាំថ្ងៃមកឲ្យខ្ញុំ។ ចេញពីប្រជុំភ្លាម រាយការណ៍ឲ្យខ្ញុំភ្លាម។ កិច្ចការខ្លះគឺសួរយោបល់ខ្ញុំ ពេលខ្លះ កំពុងតែប្រជុំ សុំខ្ញុំភ្លាម។ ខ្ញុំឲ្យគោលការណ៍ដោះចេញភ្លាម។ ចប់ប្រជុំហើយបាត់។ នេះហើយគឺជាការបង្កើតយន្តការដោះស្រាយ ដែលយើងទៅទាក់ម៉ូយហើយ ខ្លាចបំផុត ម៉ូយមកហើយ ទៅវិញប្រាប់ថាកុំមកវ៉ើយ។
(៤២) អ្នកដែលទាក់ម៉ូយពូកែបំផុត គឺអ្នកដែលបានមកនិងកំពុងវិនិយោគស្រាប់ហ្នឹងកន្លែង
ទី២ អ្នកដែលទាក់ម៉ូយពូកែជាងគេបំផុត គឺអ្នកដែលវិនិយោគស្រាប់។ បើក្រុមហ៊ុនជប៉ុន ត្រូវទាក់ម៉ូយក្រុមហ៊ុនជប៉ុនមកទៀត គឺទាល់តែក្រុមហ៊ុនជប៉ុនដែលរកស៊ីចំណេញនៅទីនេះ ពង្រីកនៅទីនេះ រកស៊ីស្រួលនៅទីនេះ។ គាត់ជាអ្នកទៅប្រាប់គ្នាគាត់។ ក្រុមហ៊ុនជប៉ុនស្ដាប់គ្នាគាត់ជាងស្ដាប់ខ្ញុំ។ ជឿចុះ។ ដណ្ដឹងកូនគេដូចតែគ្នាដែរមែនទេ? ទៅវាយតម្លៃអីហើយ នៅតែសួរពួកម៉ាកដែលស្គាល់ មើលម៉េចដែរកូនកម្លោះហ្នឹង? រកអ្នកច្បាស់។ ប៉ុន្តែ ដើម្បីរួមគ្នា ខ្ញុំសូមអរគុណណាស់ជូនទៅដល់ស្ថាប័នមន្រ្តីរបស់យើង ដែលខិតខំយកចិត្តទុកដាក់ សុំឲ្យដាក់ការងារនេះជាផលប្រយោជន៍រួមដើម្បីជាតិ ជាស្នាដៃរបស់ស្ថាប័នមួយៗ ដើម្បីផលប្រយោជន៍ជាតិរបស់យើង។ តែជាតិយើងចំណេញ ស្ថាប័នយើងក៏ចំណេញដែរ។ បើស្ថាប័នយើងចំណេញ ខ្លួនយើងម្នាក់ៗក៏ចំណេញដែរ …។
(៤៣) ក្រសួង/ស្ថាប័នជំនាញត្រូវប្រតិកម្មរហ័សនិងគ្រប់ជ្រុងជ្រោយ ផ្សព្វផ្សាយតាមគ្រប់ប្រព័ន្ធឲ្យប្រជាពលរដ្ឋដឹងពីការពិត
ថ្ងៃទី៣(ឧសភា) ខ្ញុំនឹងទៅជួបជាមួយអ្នកសារព័ត៌មាន … រាល់ថ្ងៃនេះ ដំណោះស្រាយច្រើនគឺតាមទូរស័ព្ទ ស្រួល ស្ងាត់។ កន្លែងខ្លះ ឃើញមានបាតុភាពភ្លាម គ្រាន់តែ screenshot រុញមក ស្អែកឡើងដោះស្រាយ។ កន្លែងខ្លះ ដែលដោះចប់ យើងមិនបានពន្យល់ ប្រជាពលរដ្ឋមិនដឹង យករឿងចាស់មក។ ថ្ងៃមុន ព្រឹកឡើងសម្ដេចកិត្តិ គាត់ខលមកខ្ញុំ ក្នុងនាមជាម្ដាយនិងកូនថា រឿងរុនតាឯកហ្នឹងយ៉ាងម៉េច ថាកាត់ប្រាក់ កាត់អីម៉េច ពេលដែលយើងដូរ(ទីលំនៅ)? បានខ្ញុំជម្រាបគាត់ថា រឿងនេះយើងដោះស្រាយប៉ុន្មានខែរួចទៅហើយ។ ប្រជាពលរដ្ឋបានហើយ។ តែគេយករឿងចាស់មកផូស។ ដល់អញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ពេលដែលរដ្ឋាភិបាលឡើងថ្មី កាត់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ? អត់ទេ។ យើងផ្ដល់អត្ថប្រយោជន៍ យើងបំពេញជូនគាត់ ប៉ុន្តែយើងដោះហើយ ការជូនដំណឹងមានហើយ តែមិនគ្រប់។ អញ្ចឹងខ្ញុំបញ្ជាក់ទៅភ្លាមដើម្បីឲ្យធ្វើការផ្សព្វផ្សាយឡើងវិញ។ អញ្ចឹងគឺធានានៅក្នុងប្រសិទ្ធភាពក្នុងការដោះស្រាយ។
ដូចអម្បាញ់មិញ ខ្ញុំនិយាយថា ឯកឧត្ដម ប៉េង ពោធិ៍នា ឯកឧត្ដម ស៊ុន ចាន់ថុល បើគេវាយរឿងហ្នឹង គេលើកមកបំភ្លៃបញ្ហារឿងកំពង់ផែនៅកំពត ត្រូវតែចេញទៅពន្យល់ភ្លាម។ ប្រជាពលរដ្ឋគាត់អត់ដឹង។ គាត់ជាម្ចាស់ប្រទេស គាត់ក៏មានសិទ្ធិបារម្ភថាតើផែដែលយើងនិយាយ មិនដើរមែនឬអី? យើងត្រូវមានសិទ្ធិការពារ។ កុំឲ្យខ្ញុំការពារម្នាក់ឯង។ ក្រសួងស្ថាប័នជំនាញត្រូវប្រតិកម្មរហ័ស ហើយប្រតិកម្មឲ្យគ្រប់ជ្រុងជ្រោយ។ កុំចេញតែក្រដាសមួយសន្លឹកក្នុងផេចរបស់ខ្លូនហើយចប់។ ដល់ទៅមើលមានតែ ១០ views។ នៅពេលដែលគេវាយយើង គេមើលរាប់លាន។ ត្រូវផ្សព្វផ្សាយទាំងអស់ ដាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយឲ្យគ្រប់ ឲ្យប្រជាពលរដ្ឋយើងដឹងថា ការពិតវាដូចម្តេច។
ល្ងាចមិញ ខ្ញុំឲ្យឯកឧត្ដម ទៀ សីហា ក្រសួងការពារជាតិ អគ្គបញ្ជាការ ឬមួយជើងគោក ចេញបំភ្លឺភ្លាមរឿងថ្ងៃមុនជាអកុសល ដែលយើងមានផ្ទុះគ្រាប់ដោយសារបច្ចេកទេសនៅភូមិភាគ៣ (ហើយ)ក្ដៅ(ផង)។ ជាអកុសលដែលមានយោធិនយើង ២០ រូប បានទទួលមរណភាព។ មានអ្នកទៅបំភ្លៃថា ទ័ពចាប់ផ្ដើមបះបោរ ប្រជាជនភ័យ មិនស្រួលមានអ្នករៀបចំបង្វេច ហើយថាអាហ្នឹងបន្តិចទៀតប្រទេសយើងនឹងក្រឡាប់ហើយ។ ទៅជារឿងណាផ្សេងនោះ។ អញ្ចឹង សុំឲ្យក្រសួងការពារជាតិចេញពន្យល់ភ្លាមពីបញ្ហានេះ។ រឿងបែបនេះយើងត្រូវពន្យល់ឲ្យគាត់ដឹង។ ខេត្តព្រះសីហនុក៏បានធ្វើការពន្យល់។ គ្រប់បណ្ដារាជធានី/ខេត្តទាំងអស់ត្រូវធ្វើ។ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់អំពីផលប្រយោជន៍ពិតប្រាកដ ថាតើយើងធ្វើដើម្បីអី? បានផលអីឲ្យប្រទេស? បានផលអីឲ្យកំពង់ផែនេះ? ហើយបានផលអីដល់ខេត្តព្រះសីហនុ? ប្រជាជនអ្នកខេត្តព្រះសីហនុក៏យល់ សួរថាតើធ្វើផែហ្នឹងបានផលអីឲ្យខ្ញុំ? រីកសកម្មភាពឧស្សាហកម្ម ទេសចរណ៍ និងអ្វីៗដើម្បីប្រជាពលរដ្ឋយើងនៅទីនេះ។ ខេត្តកំពង់ស្ពឺក៏ជាប់ដែរ តាមបណ្ដោយផ្លូវហ្នឹង ខេត្តនេះជាខេត្តខ្សែបន្ទាត់ ដឹកជញ្ជូនតាមផ្លូវជាតិលេខ៤អីមកកន្លែងផែ។ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង ប្រទាក់ក្រឡាគ្នា រីកទៅដល់ក្រោម។
(៤៤) ពង្រឹងសក្ដានុពល ពិសេសភស្ដុភារកម្ម ឧស្សាហកម្ម ទេសចរណ៍ ដើម្បីខេត្តព្រះសីហនុ ជាខេត្តមានសក្ដានុពលអាចចិញ្ចឹមមនុស្សកន្លះប្រទេស និងជំរុញការរីកចម្រើននៃវិស័យផ្សេងៗទៀតទូទាំងប្រទេស
ខ្ញុំបានចេញយន្តការវិនិយោគឆ្នាំ២០២៤ សំរាប់ខេត្តព្រះសីហនុ។ សូមបន្តខិតខំដោះស្រាយបញ្ហា ហើយសូមលើកទឹកចិត្តឲ្យវិនិយោគទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសចាប់យកឱកាសនៅខេត្តព្រះសីហនុនៅឆ្នាំ២០២៤នេះ។ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត ខិតខំរៀបចំគោលការណ៍ដោះស្រាយបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នៅខេត្តព្រះសីហនុ។ ឃើញក្រុមការងារចុះមកអនុវត្តលើគោលដៅប្រព្រឹត្តខុសច្បាប់មួយចំនួន។ សូមបន្តធ្វើតទៅទៀតដើម្បីខេត្តព្រះសីហនុកាន់តែល្អ។ យើងនឹងបន្តធ្វើយ៉ាងណាឲ្យខេត្តនេះ ក្លាយទៅជាខេត្តសក្ដានុពលមួយដែលអាចចិញ្ចឹមកន្លះប្រទេសបាន តាមរយៈការពង្រឹងសក្ដានុពល ជាពិសេសផ្នែកវិស័យភស្ដុភារកម្ម វិស័យឧស្សាហកម្ម ទេសចរណ៍ នៅទីនេះតែម្ដង ដើម្បីបម្រើទៅឲ្យការរីកចម្រើនគ្រប់វិស័យផ្សេងៗទៀតទូទាំងប្រទេសរបស់យើង។ ត្រូវការការចូលរួមទាំងអស់គ្នា។ បងប្អូនទាំងអស់នៅទីនេះ នឹងបានទទួលបានផលផ្ទាល់ និងទូទាំងប្រទេសនូវផលដោយប្រយោលផងដែរ។
[ចប់សេចក្ដីអធិប្បាយ២]
ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះថ្ងៃនេះ រួមជាមួយសមិទ្ធផលរបស់កំពង់ផែដែលសម្រេចបានរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍន៍សម្រាប់ពេលអនាគត ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែក្រុងព្រះសីហនុ ក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដូចតទៅ៖
ទី១. ជំរុញការអភិវឌ្ឍចំណតផែជំហានទី២ និងទី៣ ឲ្យបានលឿនតាមផែនការគ្រោងទុក កុំឲ្យមានពន្យារពេលជាបន្តបន្ទាប់ ពីព្រោះថា នៅពេលគម្រោងនេះសាងសង់រួចរាល់ នឹងអនុញ្ញាតឱ្យនាវាបានចូលមក។ ដូចខ្ញុំនិយាយអញ្ចឹង ទាញផលអតិបរមា។
ទី២. ជំរុញការរៀបចំផែនការមេ (Master Plan) សម្រាប់អនាគតកំពង់ផែស្វយ័តក្រុងព្រះសីហនុពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដើម្បីប្រែក្លាយកំពង់ផែនេះជាកំពង់ផែកុងតឺណ័រទឹកជ្រៅស្នូលរបស់កម្ពុជា និងជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទិក (Logistic Hub)។
ទី៣. ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេសមកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ទី៤៖ ជំរុញការធ្វើទំនើបកម្មកំពង់ផែ (Port Digitalization) ឱ្យក្លាយជា E-Port នៅពេលអនាគត។
សង្ឃឹមយ៉ាងមុតមាំថា សន្ទុះនៃការអភិវឌ្ឍរីកចម្រើននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍន៍នេះ និងទូទាំងប្រទេស។
- ឯកឧត្ដម លោកជំទាវ អង្គពិធីទាំងមូល!
ខ្ញុំសូមយកឱកាសនេះផងដែរ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេស ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការទាំងអស់ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំបំផុត។
ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងមូល ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់ល្អប្រសើរ និងខ្លាំងក្លាថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងាររបស់យើងចំពោះមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងនាមជាកំពង់ផែបម្រើឱ្យវិស័យពាណិជ្ជកម្មកម្រិតអន្តរជាតិយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ ខ្ញុំក៏សូមណែនាំផងដែរចំពោះគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់នៅទីនេះ សូមបន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែកនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះ គឺជាប្រការដ៏សំខាន់បំផុតក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិ និងអ្នកផ្តល់ជំនួយទាំងឡាយមកលើការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។
ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ និងឧទ្ទិសទិវាពលកម្មដ៏មានអត្ថន័យនេះ ឱ្យក្លាយទៅជាទិវានៃសាមគ្គីភាព ភាតរភាព សមភាពសម្រាប់ពលករកម្ពុជា ក៏ដូចជាសម្រាប់មហាគ្រួសារនៃសង្គមជាតិកម្ពុជាទាំងមូល។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ខិតខំពង្រឹងនូវភាពសុខដុមរមនារវាងគ្នា និងគ្នាឱ្យបានជាអតិបរមា ដើម្បីភាពសុខដុមរមនានៃមហាគ្រួសារសង្គមជាតិខ្មែរយើងទាំងមូល ជាពិសេសរវាងនិយោជិត និងនិយោជកដែលប្រៀបបីដូចប្ដីនិងប្រពន្ធ ដែលត្រូវតែមានការបំពេញឱ្យគ្នាទៅវិញទៅមក។
ជាទីបញ្ចប់ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ រួមទាំងបងប្អូនបុគ្គលិក ពលករខ្មែរ ដែលកំពុងធ្វើការទាំងក្នុង និងក្រៅប្រទេសទាំងអស់ ជាពិសេសក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះ សម្រាប់កម្មករ/ការិនី បុគ្គលិកកំពង់ផែស្វយ័ត ១ ២៤៥ នាក់ ម្នាក់ៗទទួលបានអាវយឺតមួយ និងថវិកា ៥ ម៉ឺនរៀល។ ជូនសាលាក្រុងព្រះសីហនុ ថវិកា ២លានរៀល។ ក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៣លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀលផងដែរ៕