ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងក្រុមហ៊ុនខ្មែរហ្រ្វេសមីល (Khmer Fresh Milk)
លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនកម្មករ កម្មការិនីទាំងអស់ ជាទីស្រលាញ់!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុនខ្មែរហ្រ្វេសមីល (Khmer Fresh Milk)» ដែលជាសមិទ្ធផលថ្មី, ផ្តល់នូវគុណតម្លៃជាប្រវត្តិសាស្រ្ត សម្រាប់វិស័យកសិកម្មកម្ពុជា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ កសិដ្ឋានគិរីសួគ៌ ជាមួយនឹងគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
[ចាប់ផ្ដើមសេចក្ដីអធីប្បាយ១]
(១) តាកែវល្បីឈ្មោះដោយពងទាកូន និងបង្កង ពេលនេះមានទឹកដោះគោស្រស់ថែមទៀត
សូមអរគុណ និងសូមអបអរសាទរដល់អ្នកខេត្តតាកែវ ដែលមានផលិតផលប៉ូវកម្លាំងបន្ថែមទៀត។ អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តអួតថា ខេត្តតាកែវឥឡូវមានផលិតផលប៉ូវមួយទៀតហើយ។ ពីមុនធ្លាប់មានតែពងទាកូន។ បើពងទាកូន គឺល្បីណាស់ ល្បីឆ្លងប្រទេស។ ពងទាកូនតាកែវ ហើយមានបង្កង។ កាលមុន ធ្លាប់មានពងមាន់(ចិញ្ចឹមក្នុងកសិដ្ឋាន)សម្ដេចវិបុលបញ្ញា។ ផលិតផល(ទឹកដោះគោ)បន្ថែមនៅខេត្តតាកែវ ចែកចាយទូទាំងប្រទេស ធ្វើឱ្យល្បីស្រុកខ្មែរទៀត។ សូមអបអរសាទរ ផលិតផលអ្នកតាកែវ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង បងប្អូនជនរួមជាតិទាំងអស់ ពិសេស ការពាំនាំផ្ដាំផ្ញើជូនពរ ប្រសិទ្ធពរ សម្រាប់ឆ្នាំថ្មីប្រពៃណីជាតិដែលចូលមកដល់នេះ នូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជូនបងប្អូនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ។
(២) អ្នកខេត្តតាកែវ ៨៦,៦៧% ដោយឡែកអ្នកស្រុកបាទី ៨៨,៩៥% បោះឆ្នោតបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា
ក្នុងឱកាសនេះផងដែរ ខ្ញុំក៏សូមឆ្លៀតឱកាសអរគុណដល់បងប្អូនអ្នកស្រុកបាទី ខេត្តតាកែវ ដែលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ បានផ្ដល់ការគាំទ្រ ជឿទុកចិត្ត តាមរយៈការបោះឆ្នោតច្រើនកុះករជូនដល់គណបក្សប្រជាជនកម្ពុជា។ នៅខេត្តតាកែវ យើងមាន(ប្រជាជនចុះឈ្មោះបោះឆ្នោត) ៩០% បានទៅបោះឆ្នោត (ក្នុងនោះ) ៨៦,៦៧% បោះឆ្នោតជូនគណបក្សប្រជាជន។ នៅស្រុកបាទីយើងនេះ មាន ៩៣,៣៩% បានអញ្ជើញទៅបោះឆ្នោត ហើយ ៨៨,៩៥% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សូមអរគុណ។ នេះបញ្ជាក់អំពីការជឿទុកចិត្តរបស់បងប្អូន និងការផ្ដល់ទំនុកចិត្តរបស់បងប្អូនជូន(គណបក្សប្រជាជនកម្ពុជា) ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ និងថ្នាក់ដឹកនាំជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ជឿទុកចិត្តទៅដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅ ដែលបានធ្វើកិច្ចការនិងអនុវត្តគោលនយោបាយ ដើម្បីផ្ដល់នូវភាពរីកចម្រើន និងភាពសម្បូរសប្បាយជូនប្រទេសជាតិនិងប្រជាជនយើង។
(៣) ប្រែជាកន្លែងចិញ្ចឹមគោយកទឹកដោះ ចែកចាយផលិតផលអាហារូបត្ថម្ភជូនប្រជាពលរដ្ឋ
ជាក់ស្ដែង (សមិទ្ធផលដែលយើង)សម្ពោធនៅថ្ងៃនេះ មិនមែនចាប់ផ្ដើមឡើងនៅក្នុងអាណត្តិទី៧ នេះទេ។ កន្លែងនេះ តាំងពីឆ្នាំ ១៩៨២ គឺ ៤០ឆ្នាំហើយ ត្រូវបានយកជាមជ្ឈមណ្ឌលបង្កាត់ពូជគោ។ ក្នុងដំណើរទស្សនាអម្បាញ់មិញ (មគ្គុទេសក៏)ប្រាប់ថា ឥឡូវគេលែងត្រូវការគោឈ្មោលហើយ។ គេធ្លាប់តែហៅគោបា (គោ)សំណាង ឥឡូវប្រហែលជាលែងសំណាងទៀតហើយ។ គោបាខ្លះ គេលែងត្រូវការហើយ។ គេត្រូវការបំពង់ទីបមួយទេ … សួរថាគោឈ្មោលទៅណា។ ថាបញ្ជូនទៅកន្លែងដែលអាចកាប់សាច់លក់។ អ្នកតាកែវ កន្លែងខ្លះគេលែងចិញ្ចឹមគោសម្រាប់ភ្ជួរស្រែហើយ។ កន្លែងខ្លះចិញ្ចឹមដើម្បីកាប់សាច់។ កន្លែងខ្លះចិញ្ចឹមថែទាំព្រោះស្រលាញ់គោ។ នេះជាការវិវឌ្ឍ ៤០ឆ្នាំកន្លងមក។ យើងនៅរក្សាកន្លែងនេះជាទីចិញ្ចឹមនិងបង្កាត់ពូជគោចែកចាយទូទាំងប្រទេស។ តែយើងប្រែជាការបើកក្រុមហ៊ុនវិស័យឯកជន ដើម្បីចិញ្ចឹមគោយកទឹកដោះ ចែកចាយផលិតផលប្រភេទផ្សេង សម្រាប់អាហារូបត្ថម្ភជូនប្រជាពលរដ្ឋរបស់យើង។ គោលនយោបាយនៃការទាក់ទាញវិស័យវិនិយោគឯកជន និងការពង្រឹងវិស័យកសិកម្ម បានដំណើរការមក ៤០ឆ្នាំជាង ហើយកាន់តែវិវឌ្ឍន៍ …។
(៤) ជំរុញលើកទឹកចិត្តធ្វើផលិតកម្មទឹកដោះគោស្រស់ឱ្យមានលទ្ធភាពចែកចាយនៅទូទាំងប្រទេស
ខ្ញុំគិតថា លោកអ៊ំពូមីង បងប្អូនប្រជាពលរដ្ឋនៅទីនេះ អាចយល់ ហើយការដែលផ្ដល់ការទុកចិត្តកាលពីខែកក្កដា ឆ្នាំ ២០២៣ ជូនគណបក្សប្រជាជនកម្ពុជា ជូនសម្ដេចតេជោ ជូនទៅដល់ថ្នាក់ដឹកនាំដែលបានចុះមកជួយនៅក្នុងមូលដ្ឋានខេត្តតាកែវ ស្រុកបាទី តាមបណ្ដាឃុំ និងក្រុមការងារដែលចុះមកនេះ គឺប្រាកដជាបានឃើញនូវអ្វីដែលជាសច្ចធម៌ និងការខិតខំប្រឹងប្រែង(របស់គណបក្សប្រជាជនកម្ពុជា)។ ការគាំទ្ររបស់លោកតាលោកយាយ អ៊ំពូមីង បងប្អូននេះ បានផ្ដល់នូវថាមពលនិងការប្ដេជ្ញាចិត្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅក្នុងការខិតខំបម្រើប្រជាពលរដ្ឋតទៅទៀត។ ជាក់ស្ដែង នៅទីនេះយើងបានជោគជ័យហើយ។ ថ្ងៃនេះ យើងមកដើម្បីលើកទឹកចិត្ត ហើយជម្រុញឱ្យកន្លែងផលិតនៅទីនេះ កាន់តែមានកំណើន កាន់តែមានលទ្ធភាពចែកចាយនៅទូទាំងប្រទេស ផ្ដល់ផលដល់កសិករនៅតំបន់នេះបន្ថែមទៀត …។
[ចប់សេចក្ដីអធិប្បាយ១]
អញ្ចឹងទាក់ទងទៅនឹងរបាយការណ៍របស់ឯកឧត្តម ឌិត ទីណា ខ្ញុំសូមអរគុណចំពោះរបាយការណ៍សង្ខេបរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ហើយខ្ញុំសូមអបអរសាទរចំពោះកសិដ្ឋាន កសិដ្ឋានគិរីសួគ៌ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន តាំងពីជំហានដំបូង រហូតក្លាយជាកសិដ្ឋានធំជាងគេ ក្នុងចំណោមកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ចំនួន ៤ នៅកម្ពុជា ដែលមានខ្សែច្រវាក់ផលិតកម្មទំនើប និង មានសមត្ថភាពផលិតទឹកដោះគោស្រស់ និង ផលិតផលធ្វើពីទឹកដោះគោ ប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិ ។ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបមិនធ្លាប់មានពីមុនមក, ជោគជ័យរបស់ ក្រុមហ៊ុនខ្មែរ ហ្វ្រេសមីល គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើផ្នែកចិញ្ចឹមគោយកទឹកដោះ និង ផលិតទឹកដោះគោ ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបង្កើន និង ផ្ទេរចំណេះដឹង និង បទពិសោធន៍ ដល់កម្មករ និង និយោជិតកម្ពុជា ផងដែរ (Knowledge Spillovers) ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៥) ការផ្ទេរជំនាញជួយអោយការអភិវឌ្ឍមាននិរន្តរភាពនិងចីរភាព
នេះជាកិច្ចការសំខាន់។ ការអភិវឌ្ឍទាំងឡាយ ត្រូវមានរូបរាង ត្រូវមានផែនការ ត្រូវមានចក្ខុវិស័យក្នុងការធានានូវនិរន្តរភាពនិងចីរភាព តាមរយៈការផ្ទេរនូវជំនាញ។ ពីដើម ដែលចេញពីប្រទេសមានសង្រ្គាម ឆ្នាំ១៩៧៩ យើងខ្វះធនធានមនុស្សមែនទែន។ យើងកសាងប្រទេសពីបាតដៃទទេរ។ កសាងធនធានមនុស្សសំខាន់ … ពីដើមទសវត្សរ៍ទី៩០ ពេលដែលយើងបោះឆ្នោតដំបូង បង្កើតរដ្ឋាភិបាលឆ្នាំ ១៩៩៣ នៅចុងទសវត្សរ៍ទី៨០ យើងប្ដូរពីសេដ្ឋកិច្ចផែនការមកសេដ្ឋកិច្ចទីផ្សារសេរី ជាពិសេសនៅក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលដំណាក់កាលទី១ យើងត្រូវការជំនួយច្រើនពីជំនាញបរទេស។ យើងបានហៅរក(អ្នក)ជំនាញ ជាទីប្រឹក្សាពីធនាគារពិភពលោក ពីធនាគារអាស៊ី ពី IMF មកជួយសរសេរផែនការ។ កាលពីខ្ញុំស្រាវជ្រាវឯកសារក្នុងពេលសិក្សា ឯកសារភាគច្រើន ត្រូវបានជួយសរសេរដោយ consultant ឬអ្នកជំនាញបរទេស … ប៉ុន្តែមកដល់ពេលនេះ រាល់ផែនការទាំងអស់ដែលរាជរដ្ឋាភិបាលដាក់ចេញ គឺសរសេរដោយសមត្ថភាពកូនខ្មែរមន្រ្តីរបស់ខ្មែរ។
(៦) កូនខ្មែរឥឡូវ មានសមត្ថភាពកសាងកាន់តែធំ កាន់តែប្រសើរ ម្ចាស់ការខ្លួនឯងផងដែរ
ក្រោយពីចប់សង្រ្គាមឆ្នាំ ១៩៩៨ រហូតដល់កូវីដ១៩ យើងអាចដឹកនាំប្រទេសឱ្យមានកំណើនជាង៧% ជាប្រទេសដែលលឿនជាងគេក្នុងចំណោមប្រទេស ១០ លើពិភពលោក ដោយបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងរយៈពេលដ៏ខ្លី ដោយសារការខិតខំ ដោយសារសមត្ថភាពនៅក្នុងការកសាងផែនការ ការដឹកនាំអនុវត្តផែនការរបស់មន្រ្តី/កូនខ្មែរ ដែលភាគច្រើនទទួលបានការបណ្ដុះបណ្ដាលនៅក្នុងប្រទេស។ ជួបជាមួយនឹងលោកប្រធានក្រុមហ៊ុន គាត់ប្រាប់ថា ពីពេលយើងបើកក្រុមហ៊ុនដំបូង ត្រូវការអ្នកបច្ចេកទេសេពីក្រៅច្រើន តែ ឥឡូវនៅសល់អ្នកបច្ចេកទេសតែពីររូបទេ។ ក្រៅពីនោះ គឺកូនខ្មែរទាំងអស់ដែលបានម្ចាស់ការសិក្សា។ នេះជានិមិត្តរូបនៃការរីកចម្រើន។ ខ្ញុំធ្លាប់តែនិយាយជារឿយៗនៅតាមវេទិកា(នានាថា) កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងអ្វីដែលធំកាន់តែធំ កាន់តែល្អប្រសើរនោះទេ ប៉ុន្តែថែមទាំងកសាងដោយទឹកដៃកូនខ្មែរទៀត … រាល់ការទាក់ទាញការវិនិយោគ ការបណ្ដុះបណ្ដាលផ្សេងៗ ត្រូវផ្សារភ្ជាប់គ្នាពីការផ្ទេរជំនាញនេះឯង។
(៧) ឲ្យតែមានឱកាស ខួរក្បាលកូនខ្មែរមានសមត្ថភាពមិនធម្មតា
កូនខ្មែរអាចទទួលបានបច្ចេកវិទ្យាពីការផលិតនៅស្រុកគេ … ហើយបច្ចេកវិទ្យាខ្លះ យើងអាចផលិតនៅក្នុងស្រុករួចទៅហើយ ជាពិសេសផ្នែក IT បច្ចេកវិទ្យាឌីជីថល។ ឥឡូវ យើងមិនមានការចាំបាច់នឹងទិញនូវកម្មវិធីជាច្រើន។ ពីមុនយើងទិញសូម្បីតែកម្មវិធីគ្រប់គ្រងទិន្នន័យនៅក្នុងផ្សារ។ កន្លែងខ្លះយើងទិញពីមុន ហើយឲ្យអ្នក IT ស្រុកគេធ្វើមក។ យើងទិញមក(តម្លៃ) ២០ ទៅ ៣០ម៉ឺនដុល្លារ។ ឥឡូវយើងផលិតខ្លួនឯង យើងធ្វើខ្លួនឯង។ មួយវឹកកូវីដ-១៩ នេះ ក្រសួងប្រៃសណីយ៍ រួមជាមួយបណ្ដាក្រសួងបានធ្វើកម្មវិធី ហើយថ្ងៃមុននេះកម្មវិធី Verify.com របស់យើង ទៅប្រឡងបានមេដាយមាសទៀតនៅក្នុងចំណោមប្រទេសអាស៊ាន។ ខួរក្បាលកូនខ្មែរ ឲ្យតែមានឱកាស ពិតជាមិនធម្មតា។ គោមកពីអូស្រា្តលី ក៏អាចចិញ្ចឹមរស់នៅស្រុកខ្មែរដែរ។ មានទឹកដោះ។ អាណិតតែគោឈ្មោលទេ។ តែយើងអាចផលិតនៅស្រុកយើង ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកយើង។
(៨) បង្កើនផលិតភាព(កសិកម្ម)ដើម្បីបង្កើនចំណូលផ្ទៃក្នុងប្រទេស
ការទាក់ទាញ(ការវិនិយោគ)មកបន្ថែមទៀត គឺដើម្បីធានាបង្កើតការងារ បង្កើនបច្ចេកវិទ្យា បង្កើនសមត្ថភាព និងម្ចាស់ការខ្លួនឯង ជាពិសេសក្នុងវិស័យកសិកម្មនេះ។ ប្រទេសច្រើនណាស់ធ្វើផលិតកម្មកសិកម្ម។ ប្រទេសតិចណាស់ដែលគ្មានធនធានធម្មជាតិ ដែលពិបាករកដីក្នុងការផលិត ដូចជាសិង្ហបុរី មិនអាចផលិត គឺគាត់ត្រូវនាំចូលច្រើន។ ប្រទេសនៅក្នុងអាស៊ានសឹងតែទាំងអស់ ជាប្រទេសកសិកម្ម ដែលការនាំចេញមានភាពប្រកួតប្រជែង។ អញ្ចឹងទាមទារឲ្យយើងបង្កើនផលិតភាព(កសិកម្ម)ដើម្បីបង្កើនចំណូលផ្ទៃក្នុងប្រទេស។ ពីមុន ដីយើងធំ កូនតូចៗ។ ឥឡូវប្រជាពលរដ្ឋកាន់តែកើន តែដីស្រែយើងមិនកើនទេ។ កន្លែងខ្លះកាន់តែតូច ព្រោះកូនធំឡើង ពុះចែកកូនៗ។ ឥឡូវបានកូនខ្លះទៅធ្វើការក្រៅពីកសិកម្ម។ កន្លែងខ្លះ ខ្ញុំសួរនៅតាកែវ អត់មានអ្នកធ្វើស្រែចម្ការផង ត្រូវជួលដីហ្នឹងឲ្យគេ ព្រោះកូនទៅធ្វើការក្នុងឧស្សាហកម្ម ដែលគាត់បានចំណូលខ្ពស់ជាង។
(៩) មិនសំខាន់ថាកសិករដាំអ្វីនោះទេ តែគឺជួយឱ្យបានចំណូលច្រើន និងបានផលចំណេញ
ទោះជាយ៉ាងណាក៏ដោយ តម្រូវការ(ហូបចុក)កាន់តែខ្ពស់ ត្រូវការការផលិតឲ្យកាន់តែមានប្រសិទ្ធភាព។ អញ្ចឹងការផលិតមិនមែនត្រឹមតែបរិមាណទេ ត្រូវធានាថាចំណូលរបស់គាត់បានកើន។ ចំណូលបានន័យថាម៉េច? គឺអ្វីដែល(នៅសល់ បន្ទាប់ពី)ផាត់ចេញនូវថ្លៃដើមការផលិត ធ្វើឱ្យមានភាគនៅសល់បន្ទាប់ពីការលក់ចេញ រាប់ថាជាការចំណេញដែលរក្សាទុក។ អញ្ចឹង ទាមទារអោយមានបច្ចេកវិទ្យា និងការជួយជាច្រើនដើម្បីកាត់បន្ថយនូវថ្លៃដើមផលិតនេះ។ ជួនកាល យើងអាចបង្កើនទិន្នផលស្រូវ ឧទាហរណ៍ ពី ១ហិកតា បាន ៣តោន ទៅ ៥តោន។ យើងតែងគិតថា នយោបាយកសិកម្មរបស់យើង មិនសំខាន់លើអ្វីដែលកសិករដាំនោះទេ សំខាន់គឺអ្វីដែល(ជួយឱ្យ)គាត់បានចំណូលច្រើន ហើយបានផលចំណេញច្រើន។ ជួនកាល កន្លែងមួយ បើសិនជាធ្វើស្រូវ យកចំណូលមិនបានច្រើនអញ្ចេះទេ។ ចិញ្ចឹមគោយកទឹកដោះបានច្រើនជាង។ កន្លែងខ្លះដែលធ្លាប់ដាំដំណាំ ឥឡូវបើដូរប្រភេទដំណាំបាន(ទិន្នផល)ខ្ពស់ជាង។ យើងត្រូវគិតតាមហ្នឹង។
(១០) គោលនយោបាយសំរួលមួយចំនួន រួមទាំងការមិនយកពន្ធដីស្រែ ជួយដល់កសិករ
នេះហើយគឺជាគោលការណ៍ និងការខិតខំរបស់យើង ទន្ទឹមនឹងការរកទីផ្សារ។ ប៉ុន្តែយើងត្រូវរកប្រភេទដែលធានានូវការកាត់បន្ថយតម្លៃដើម។ រាជរដ្ឋាភិបាលតាំងពីមុនមក បានចេញគោលនយោបាយជាច្រើន (រួមមានការបញ្ចុះថ្លៃ)វត្ថុធាតុដើមក្នុងវិស័យកសិកម្ម និងមិនយកពន្ធដីស្រែ។ ដីស្រែ ដីកសិកម្មរបស់កសិករ យើងក៏មិនយកពន្ធ។ យើងជួយបន្ថយថ្លៃភ្លើង … ពិតណាស់នៅមានការប្រកួតប្រជែង។ យើងនឹងខិតខំបន្ថែមទៀតលើរឿងហ្នឹង។ ម្សិលមិញ បិទសន្និបាតក្រសួងធនធានទឹក ក៏បានឲ្យគោលការណ៍ស្ដារប្រឡាយជាច្រើន។ គោលនយោបាយក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋឆ្នាំនេះ ដូចនៅតាកែវមានស្រូវប្រាំងច្រើនដែរ ដែលក្រសួងធនធានទឹកចុះជួយអន្តរាគមន៍។ ក្រៅពីកសិកម្ម យើងត្រូវរុញប្រភេទសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ដូចជា ឧស្សាហកម្ម រោងចក្រ។ ឥឡូវយើងបង្កើតហេដ្ឋារចនាសម្ព័ន្ធ រុញផលិតផលទេសចរ ដោយហេតុថាមានព្រលានយន្តហោះមកក្បែរនេះ បន្តិចទៀត នឹងមានការរីកចម្រើនហើយ …។
(១១) រួមគ្នាធ្វើពិពិធកម្មផលិតផលបានពីគោ គឺពីយកសាច់ មកយកទឹកដោះ
កសិកម្មនៅតែដើរតួនាទីសំខាន់។ ខ្ញុំក៏សូមអរគុណផងដែរចំពោះក្រុមហ៊ុន គិរីសួគ៌ និងក្រុមហ៊ុន ឬកសិដ្ឋានចិញ្ចឹមគោផ្សេងៗ ដែលបានចូលមកក្នុងទីផ្សារកម្ពុជា។ កាលមុន ចិញ្ចឹមគោកាប់សាច់ ឥឡូវចិញ្ចឹមគោយកទឹកដោះ។ យើងធ្វើពិពិធកម្មផលិតផលរបស់យើង។ រាជរដ្ឋាភិបាលដើរតួមួយផ្នែក កសិករដើរតួមួយផ្នែក។ ពិតណាស់ ផលិតផលកសិកម្មឡើងចុះ យើងពិបាកធានា ក្នុងមួយឆ្នាំៗ ជួនកាលឆ្នាំនេះស្រូវឡើងថ្លៃ ឆ្នាំក្រោយតាង៉ែនឡើងថ្លៃ។ អញ្ចឹងបានជាគេថា ជួនកាលស្វាយចន្ទីឡើងថ្លៃ ជួនកាលកៅស៊ូឡើងថ្លៃ។ នេះការការប្រែប្រួលនៃទីផ្សារពិភពលោក។ ប៉ុន្តែ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំរៀបចំគោលនយោបាយធានាឲ្យបានអស់លទ្ធភាពនូវទីផ្សារ និងតម្លៃថេរមួយចំនួន ចំពោះផលិតផលយុទ្ធសាស្រ្តមួយចំនួន ដូចយើងដាក់កញ្ចប់ថវិកា ១០០លានដុល្លារដើម្បីត្រៀមអន្តរាគមន៍សម្រាប់កសិផលមួយចំនួន។ តែពេលជាមួយគ្នានេះ គឺលើកទឹកចិត្តក្នុងការវិនិយោគបន្ថែម។
ជាងនេះទៅទៀត ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទាំង៤ នៅកម្ពុជាគឺបានចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ ជាពិសេស កុមារ និងសិស្ស ដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាង្គកាយ និងប្រាជ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។ ទិន្នន័យនៃការនាំចូលផលិតផលទាក់ទងនឹងទឹកដោះគោនេះ បើគិតជាប្រចាំឆ្នាំ ៩៨ពាន់តោន ក្នុងមួយឆ្នាំ។ ផលិតផល គិតជាថវិកាសរុប ៧៣៤ លានដុល្លារ។ អញ្ចឹងហើយបានជាក្មេងៗ ជំនាន់ក្រោយ យើងនិយាយជាមួយគាត់ដែលមានអាយុ ១៤ ទៅ ១៥ឆ្នាំ សុទ្ធតែងើយមើលទៅលើ។ អម្បាញ់មិញចូលមកនេះ ក្មួយៗខ្លះអាយុ ១១ឆ្នាំ ចង់កម្ពស់ខ្ញុំទៅហើយ។ និយាយត្រង់ ខ្ញុំមានកំពស់ ១ម៉ែត្រ៦៨ ខ្វះ ២ហ៊ុន បាន ១ម៉ែត្រ៧០។ ពីជំនាន់ខ្ញុំ បើបានពី ១ម៉ែត្រ៧០ឡើង ជាការល្អណាស់។ អញ្ចឹងខំទៅរកជញ្ជីង។ សេវាជញ្ជីងថ្លឹងនិងវាស់កំពស់នៅតាមមុខវាំងកាលនោះ ថ្លឹងទៅគីឡូស្រាល និងវាស់កម្ពស់ខ្ពស់ … (ឡើងដល់) ១ម៉ែត្រ៧០ជាង។ តែជាមួយអាហារូបត្ថម្ភបច្ចុប្បន្ន ក្មេងៗ លូតលាស់លឿន ដែលនេះក៏ជាគោលការណ៍ដែរ។
(១៣) គុណភាពអាហារក្នុងការហូបចុកពីក្មេង មានផលប៉ះពាល់នៅពេលចាស់
ក្រសួងអប់រំ និងរាជរដ្ឋាភិបាល ជាមួយដៃគូបានដាក់ចេញជាគោលនយោបាយអាហារូបត្ថម្ភសម្រាប់បឋមសិក្សា ដូចជាប៉ុន្មានរយសាលានៅក្នុង ១០ខេត្ត សម្រាប់ប៉ះប៉ូវ ជួយចេញនូវអាហារូបត្ថម្ភ ជាពិសេសកសិផលនៅក្នុងមូលដ្ឋាន ហើយយើងនឹងពង្រីកការជួយនេះទៀត។ ទោះបីមិននៅក្នុងកម្មវិធីនេះក៏ដោយ ខ្ញុំគិតថា ឪពុកម្ដាយជាច្រើនអាចផ្ដល់នូវអាហារូបត្ថម្ភ ជាពិសេសគុណភាព។ គុណភាពអាហារនេះសំខាន់ណាស់ ការហូបចុកតាំងពីក្មេង គឺអាចមានផលប៉ះពាល់ដល់ពេលចាស់។ ថ្ងៃមុនខ្ញុំជួបមិត្តភក្តិរបស់ខ្ញុំម្នាក់។ គាត់ជាវេជ្ជបណ្ឌិតនៅសិង្ហបុរី។ គាត់ថាហេតុអីបានជានៅប្រទេសកំពុងអភិវឌ្ឍមនុស្សអាយុ ៣០(ឆ្នាំ)ជាង ចាប់ផ្ដើមមានទឹកនោមផ្អែម? អ្នកខ្លះថា មកពី១៨(ឆ្នាំ)ទៅចាប់ផ្ដើមចេះហូបស្រាបៀរ … ប៉ុន្តែគាត់បាននិយាយថា មួយផ្នែក ដោយសារពេលនៅពីតូចឪពុកម្ដាយចូលចិត្តទិញរបស់ផ្អែមឱ្យហូប មានជាតិស្ករច្រើន។ ការគិតគូរអាហារូបត្ថម្ភក្នុងសាលា និងនៅផ្ទះគឺជាកិច្ចការសំខាន់ ដែលប៉ះពាល់ដល់សុខភាពរយៈពេលវែងតែម្ដង។
(១៤) ធានាគុណភាពនិងតម្លៃសមរម្យ ដើម្បីកាត់បន្ថយការនាំចូលផលិតផលកសិកម្ម
ដូចនៅទីនេះ ដែលជាផលិតផលបច្ចេកទេសខ្ពស់ គុណភាពខ្ពស់ អានាម័យសម្រាប់សុខភាពពិតប្រាកដ គឺជាអ្វីដែលយើងត្រូវលើកទឹកចិត្ត។ សង្ឃឹមថា ផលិតផលក្នុងស្រុកជាច្រើននឹងបានដើរតួនាទីកាន់តែសំខាន់ នៅក្នុងការជំនួសឱ្យផលិតផលនាំចូលពីក្រៅប្រទេស។ កន្លងទៅខ្ញុំបានចេញគោលការណ៍មួយ កាលពីបិទសន្និបាតក្រសួងពាណិជ្ជកម្ម ឱ្យមួយផ្នែកនៃការធ្វើលទ្ធកម្មគ្រឿងសង្ហារិមនៅក្នុងស្ថាប័នរដ្ឋប្រចាំឆ្នាំ បង្វែរពីការទិញផលិតផលខាងក្រៅ មកទិញផលិតផលក្នុងស្រុក ព្រោះផលិតផលក្នុងប្រទេសយើងខ្លះ រួមទាំងគ្រឿងសង្ហារិម ផលិតបានល្អ និងមានគុណភាពល្អ។ ឥឡូវយើងផលិតនាំចេញក្រៅប្រទេសទៀត។ ការគាំទ្រដែលអាចធ្វើទៅបានទាំងរដ្ឋ ឯកជន និងប្រជាពលរដ្ឋយើងគឺត្រូវរួមគ្នា។ សង្ឃឹមថាផលិតផលជាច្រើនអាចផលិតនៅក្នុងស្រុក ផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើងតែម្ដង ជាពិសេសវិស័យកសិកម្ម ដែលឈានទៅកាត់បន្ថយការនាំចូល ប៉ុន្តែត្រូវធានាគុណភាពនិងតម្លៃសមរម្យ។ យើងត្រូវគិតទាំង២គឺ គិតទាំងអ្នកហូប និងអ្នកផលិត ទាំងកសិករនិងអ្នកទិញប្រើប្រាស់ … កាត់បន្ថយតម្លៃដើមតាមរយៈការជួយអនុគ្រោះពន្ធផ្សេងៗ ដែលអាចធ្វើទៅបាន ថ្លៃទឹក/ភ្លើង សម្រាប់កសិកម្ម ជំនួយដែលអាចធ្វើយ៉ាងម៉េចបាន។ ជីធ្វើយ៉ាងណាដើម្បីឱ្យគិតតម្លៃកាន់តែប្រកួតប្រជែង។
(១៥) ការភ្ជាប់គ្នារវាងផលិតផលក្នុងស្រុកនិងបណ្តាក្រុមត្រូវការសេវា ឬការនាំចេញនៅហ្នឹងកន្លែង
ការប្រកួតប្រជែងរបស់យើងនៅមានកម្រិតនៅឡើយ។ ក្រសួងស្ថាប័នត្រូវខិតខំបន្តទៀត។ ធ្វើយ៉ាងណាយើងធានាគ្រប់វិស័យ។ ប៉ុន្តែមួយទៀតក៏ត្រូវការភ្ជាប់ទៅក្នុងទីផ្សារក្នុងស្រុក។ ផ្សារក្នុងស្រុករបស់យើងមានច្រើន មានផ្សារទំនើប ផ្សារធម្មតា។ យើងមានបណ្ដាញភោជនីយដ្ឋាន យើងមានបណ្ដាញសណ្ឋាគារ វិស័យទេសចរជាច្រើន ដែលយើងអាចជួយទីផ្សារនៅទីនេះ។ អញ្ចឹងការភ្ជាប់គ្នាជាមួយនឹងផលិតផលក្នុងស្រុក ការនាំចេញនៅហ្នឹងកន្លែងគឺជាកិច្ចការសំខាន់។ ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធជាច្រើនបានខិតខំធ្វើការងារនេះ ហើយបន្តយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។ អម្បាញ់មិញ តាមការសាកសួរ នៅទីនេះអាចឈានទៅផ្គត់ផ្គង់និងពង្រីកទីផ្សារទឹកដោះគោបាន។ ខ្ញុំសួរថា បើយើងលក់តម្លៃហ្នឹង ប្រៀបធៀបតម្លៃនៅក្រៅប្រទេស នាំចូលយ៉ាម៉េច? ថាតម្លៃយើងធូរជាងគេ។ ធូរហ្នឹងដើម្បីទាក់ម៉ូយ សុខចិត្តខាតឬមួយធូរនៅចំណេញទៀត? ធូរហើយនៅចំណេញ …។
(១៦) ហិរញ្ញប្បទានកសិកម្ម បញ្ជូនមន្ត្រីកសិកម្ម បន្ទាបថ្លៃភ្លើង បង្កើនការស្តារប្រឡាយ មានគោលដៅបង្កើនផលិតភាព បន្ថយចំណាយ ពង្រីកលទ្ធភាពប្រកួតប្រជែង
ហ្នឹងហើយដែលយើងចង់រុញធ្វើម៉េចឱ្យបានកសិឧស្សាហកម្មច្រើន។ ការផលិតរៀបចំជារូបមន្ត មាត្រដ្ឋានតាមរយៈការរៀបចំចងក្រងជាសហគមន៍កសិករទំនើប ដើម្បីឱ្យការអន្តរាគមន៍ជួយមានប្រសិទ្ធភាព ការដាក់ចេញនូវហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម ការជួយបញ្ជូនមន្ត្រីកសិកម្មចូលមកក្នុងតាមបណ្ដាឃុំ តាមបណ្ដាមូលដ្ឋានដែលមានសក្ដានុពលកសិកម្ម គឺសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយធ្វើយ៉ាងណាឱ្យផលិតភាពយើងខ្ពស់ កាត់បន្ថយចំណាយ។ មិនអាចធ្វើតែមួយមុខរួចទេ។ មិនអាចទម្លាក់ពន្ធ ហើយគិតថាហ្នឹងជួយឱ្យប្រកួតប្រជែងជាមួយគេបានទេ។ ត្រូវដោះស្រាយគ្រប់មុខ។ ភ្លើងក៏យើងខិតខំ។ ជាបន្តបន្ទាប់ចរចាជាមួយ EDC ដែលឆ្នាំនេះជួយបានយ៉ាងម៉េច។ ប្រព័ន្ធធារាសាស្ត្រ យើងកាយប្រឡាយបន្ថែមដើម្បីធានាការផលិតបានច្រើន។ ៤០ឆ្នាំនេះ យើងបានធ្វើហើយនៅបន្ត(ធ្វើ)តទៅទៀត។
(១៧) បច្ចេកវិទ្យាជួយកាត់បន្ថយថ្លៃដើមផលិត និងជួយតម្លើងផលិតភាព
ពេលជាមួយគ្នា ត្រូវខិតខំរកនូវបច្ចេកវិទ្យាដែលអាចទាញ(មកប្រើ)បាន។ បច្ចេកវិទ្យាធ្វើឱ្យយើងជួយកាត់បន្ថយតម្លៃនៃការផលិត ជួយឱ្យយើងតម្លើងផលិតភាព។ ដី ១០ហិតាដូចគ្នា គេរកបានមួយឆ្នាំ ១ម៉ឺន(ដុល្លារ) យើងរកបានមួយឆ្នាំ ៥ពាន់(ដុល្លារ)។ អត់ចាំបាច់ពង្រីកដីទេ បង្កើតបច្ចេកវិទ្យា … ឧទាហរណ៍បែបនេះ គឺគោលដៅធំសម្រាប់កសិកររបស់យើង។ មិនសំខាន់លើថាដាំដុះអ្វីនោះទេ ប៉ុន្តែអ្វីដែលមានទីផ្សារ ហើយខិតខំដើម្បីកាត់បន្ថយ(ចំណាយថ្លៃដើម)។ ឧទារហណ៍នៅទីនេះ ដែលខ្ញុំឃើញ ផលិតផលគុណភាព តម្លៃទាប។ យើងយកគោមកពីក្រៅ យើងអាចបង្កើត យើងអាច(ផលិត)នៅក្នុងស្រុកបាន។ បន្តិចទៀតអាចចែកចាយនៅតាមកន្លែងផ្សេង ពង្រីកមូលដ្ឋានផលិតនៅកន្លែងនេះ។ នេះគឺជាអ្វីដែលជាគំរូមួយដែលយើងខិតខំ។
ក្នុងន័យនេះ ខ្ញុំសូមអរគុណ សូមកោតសរសើរសាជាថ្មីចំពោះកសិដ្ឋានចិញ្ចឹមគោទឹកដោះគិរីសួគ៌ដែលបានយកចិត្តទុកដាក់បង្កើតផលិតភាព បង្កើននូវភាពប្រកួតប្រជែងនិងផ្គត់ផ្គង់នៅទីផ្សារដែលជាផលិតផលខ្មែរ។ យើងមិនអាចទៅបង្ខំប្រជាពលរដ្ឋឱ្យទិញផលិតផលខ្មែរបានទេ។ ខ្ញុំអាចបញ្ជាក្រសួងស្ថាប័ន ក្នុងមួយឆ្នាំធ្វើលទ្ធកម្មប៉ុន្មានភាគរយទិញគ្រឿងសង្ហារឹមរបស់ខ្មែរ ប៉ុន្តែខ្ញុំមិនអាចទៅបញ្ជាលោកអ៊ំពូមីងថាឡើងផ្សារត្រូវតែទិញ(ទឹកដោះគោខ្មែរ)នោះទេ។ ត្រូវតែមានភាពប្រកួតប្រជែង។ យើងក៏មិនអាចហាមឃាត់ផលិតផលដែលធ្វើឱ្យមានភាពសម្បូរបែបនោះដែរ។ យើងត្រូវឱ្យមានផលិផលសម្បូរបែប ដើម្បប្រជាពលរដ្ឋជ្រើសរើស ទាំង(ផលិតផល)ក្នុងប្រទេសនិងក្រៅប្រទេស។
(១៨) ភ្ជាប់គ្នារវាងផលិតផលមានគុណភាពនិងតម្លៃសមរម្យ ទៅនឹង ទីផ្សារក្នុងស្រុក
អម្បាញ់មិញ ខ្ញុំបានប្រាប់ក្មួយៗ ទើបរាំសង្ក្រាន្ដហើយតាមសាលា។ យើងឱ្យមានការរៀបចំសម្បូរបែបនៅក្នុងសាលាគ្រាន់តែរក្សាសណ្ដាប់ធ្នាប់ឱ្យបានសប្បាយ។ អ្វីទាំងអស់ត្រូវមានជម្រើស។ អ្វីទាំងអស់ត្រូវមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសរបស់អ្នកប្រើ របស់អ្នកទិញ។ នេះហើយជាមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារសេរី ដែលយើងត្រូវបន្តលើកស្ទួយ … អ្វីដែលយើងអាចធ្វើបានគឺជួយគ្នា រួមគ្នា ភ្ជាប់ផលិតផលនៅហ្នឹងកន្លែងដែលមានគុណភាពនិងតម្លៃសមរម្យ (ទៅអ្នកប្រើប្រាស់)។ ទីផ្សារក្នុងស្រុកមិនតូចទេ។ យើងដាក់ផែនការភាគច្រើនរុញទៅទីផ្សារក្រៅស្រុក ប៉ុន្តែទីផ្សារក្នុងស្រុក គ្រាន់តែខ្ញុំនិយាយអម្បាញ់មិញនេះ កម្ពុជានាំចូល ៨ពាន់តោនផលិតផលទឹកដោះគោ។ អញ្ចឹងអាចពង្រីកវិសាលភាពច្រើននៅខាងក្នុង ភ្ជាប់ជាមួយនេះ។
(១៩) ចែករំលែកជោគជ័យ/ផលលាភរបស់សហគ្រាស/កសិដ្ឋាន ដល់បុគ្គលិក
បើ(ធ្វើបាន)ជោគជ័យនៅតាកែវ ហើយអាចជោគជ័យនៅកន្លែងផ្សេងទៀតបាន នោះជាអ្វីដែលយើងចង់បាន។ ពង្រីកមិនត្រឹមតែកសិករទេ មិនមែនតែក្រុមហ៊ុនទេ អ្នកដែលមានការងារនៅទីនេះ អាចត្រូវការផលិតផលមួយចំនួនចំណីសត្វអី អាចធ្វើកុងត្រាជាមួយប្រជាជននៅក្បែរហ្នឹងតាមលទ្ធភាពអាចធ្វើទៅបាន អោយដាំដុះ។ ពង្រីកផលិតកម្មគឺពង្រីកតម្រូវការអ្នកបច្ចេកទេសនិងកម្មករ ពង្រីកនូវតម្រូវការនិងការចែករំលែកផលលាភដែលយើងទទួលបាន។ ជោគជ័យរបស់សហគ្រាស/កសិដ្ឋាន គឺចែករំលែកទៅដល់បុគ្គលិកនៅខាងក្នុង។ បុគ្គលិកនេះយកទៅចែករំលែកបន្តដល់អ្នកផ្សារក៏បានប្រាក់ខែ ឡើងផ្សារទៅទិញបន្តៗទៀត។ នេះហើយជាអ្វីដែលជាចង្វាក់ផលិតកម្ម និងខ្សែច្រវាក់នៃផលសេដ្ឋកិច្ច …។
[ចប់សេចក្ដីអធិប្បាយ២]
ជាមួយនេះ, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តតាកែវ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ក្រុមហ៊ុន ដៃគូ ដែលបានចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ, ផ្តល់ការគាំទ្រ និង កិច្ចសម្របសម្រួលចាំបាច់ដល់ ក្រុមហ៊ុនខ្មែរហ្វ្រេសមីល តាំងពីដំណាក់កាលដំបូង រហូតឈានដល់ការសម្រេចបានដំណើរការយ៉ាងល្អប្រសើរ ក្នុងខ្សែច្រវាក់ផលិតកម្មចិញ្ចឹមគោយកទឹកដោះ និង ផលិតផលទឹកដោះគោសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា ។
ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព និង ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដែលយើងយកចិត្តទុកដាក់ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងឈានទៅដល់ការដាកទិញដៅជម្រុញប្រទេសយើងឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ដើម្បីសម្រេចគោលដៅនេះ ក្រសួងស្ថាប័នពាក់ព័ន្ធនានា បាន និង កំពុងខិតខំប្រឹងប្រែងពន្លឿន និង ពង្រីកកម្មវិធីកែទម្រង់ និង ការអនុវត្តគោលនយោបាយ និង យុទ្ធសាស្រ្តគន្លឹះៗរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម, ការទទួលខុសត្រូវខ្ពស់ និង ការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ។ ដោយឡែក, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន និង កំពុងជំរុញ អនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី ៥ និង ទី ៦ ដែលខ្ញុំបានរៀបរាប់អម្បាញ់មិញនេះ គឺសំដៅលើកស្ទួយកម្រិតផលិតភាព និងជួយដល់កសិករនៅមូលដ្ឋានតែម្ដង។
ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជា ដៃគូយ៉ាងសំខាន់នៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ច។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(២០) ចរចាពង្រីកដៃគូពាណិជ្ជកម្ម សំដៅបើកច្រកធានាឱ្យផលិតផលកាន់តែមានទីផ្សារ
នៅក្នុងរយៈពេល ៧ខែ ដែលរាជរដ្ឋាភិបាលថ្មីបានបង្កើតឡើងនោះ យើងបានខិតខំលើកទឹកចិត្តទាំងវិស័យវិនិយោគឯកជននៅក្នុងប្រទេស ក៏ដូចជាវិនិយោគពីក្រៅប្រទេស ការទាក់ទាញនិងការជួប ការលើកទឹកចិត្តផ្សេងៗបូកជាមួយនឹងការទាក់ទាញការវិនិយោគមកក្នុងប្រទេស គឺមានចំណាប់អារម្មណ៍ច្រើន(ក្នុងការមកវិនិយោគ)នៅកម្ពុជារបស់យើង។ យើងខិតខំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ថ្នាក់រាជធានីខេត្តក៏បានធ្វើការយ៉ាងសកម្មជាមួយនឹងដៃគូនៅក្រៅប្រទេស ថ្នាក់ជាតិក្រសួងស្ថាប័នពាក់ព័ន្ធ ក៏យើងបានធ្វើការក្នុងការពង្រីកដៃគូពាណិជ្ជកម្ម ចរចាពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសមួយចំនួនសំដៅបើកច្រកទ្វារបន្ថែមទៀត ដើម្បីធានាឱ្យពិពិធកម្មនៃផលិតផលរបស់យើងកាន់តែមានទីផ្សារ ហើយកាន់តែមានចំណូលច្រើន។ អម្បាញ់មិញ ឯកឧត្តម ឌិត ទីណា និយាយបន្ដិចពាក់ព័ន្ធរឿងផលិតផល ហាឡាល។ ពីមុនយើងមានការនាំចេញសាច់ ផ្គត់ផ្គង់នៅក្នុងស្រុក។ គ្រាន់តែសាច់គោហ្នឹង ក៏មានប្រភេទដែរ។ ទីផ្សារក៏ខុសគ្នា។ យើងទើបតែចរចានិងចុះហត្ថលេខាកិច្ចព្រមព្រៀងសេរីជាមួយនឹងប្រទេសអារ៉ាប់។ ក្នុងនោះ គេមើល(ឃើញ)សក្ដានុពលនាំចេញនូវផលិតផលបែបនេះ។ អញ្ចឹងផលិតផលបែបនេះ យើងនាំចេញទៅណា?
(២១) សឹងតែ ៩០% នៃប្រទេសលើពិភពលោក នាំចេញផលិតផលកសិកម្ម
យើងបានទីផ្សារហើយ។ ត្រឡប់មកវិញ យើងធ្វើការជាមួយសហគមន៍កសិករអ្នកចិញ្ចឹមសត្វ។ ជួនកាល ចិញ្ចឹមសត្វប្រភេទនេះ ទីផ្សារប្រកួតប្រជែងលំបាក … ដាំ/ចិញ្ចឹមដូចគ្នា តែដូចតែបច្ចេកទេស យើងអាចមានទីផ្សារ។នេះហើយដែលយើងដើររកភាពប្រកួតប្រជែងគ្រប់កន្លែង។ អាស៊ានទាំង ១០នេះ លើកលែងតែសឹង្ហបុរី ដែលនាំចេញផលិតខ្លួនឯងតិច ហើយព្រុយណេតូច។ ក្រៅពីហ្នឹងផលិតខ្លួនឯង។ ប្រទេសខ្លះផលិតខ្លួនឯងហើយនាំចូល ប្រទេសខ្លះផលិតហើយនាំចេញ និងប្រកួតជាមួយយើង។ នៅទូទាំងពិភពលោកដែលមានរាប់រយប្រទេសនេះ សឹងតែ ៩០% នាំចេញផលិតផលកសិកម្ម។ អញ្ចឹងទាមទារឱ្យយើងខិតខំរកទីផ្សារ ខិតខំច្នៃប្រឌិត។ ការវិនិយោគនេះ មិនត្រឹមតែ(កសិកម្ម)ហ្នឹងទេ គ្រប់វិស័យទាំងអស់ ទាំងឧស្សាហកម្ម ទាំងទេសចរណ៍ …។
(២២) ៣ខែដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា សំរេចឱ្យវិនិយោគ ២២០០លានដុល្លារ បង្កើតការងារ ១០៧ ពាន់កន្លែង
នៅក្នុងឆ្នាំ ២០២៣ នេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងអាណត្តិទី៧មកដល់ម៉ោងនេះ យើងមាន ២៦៨ គម្រោងដែលបានអនុវត្តន៍(នៅក្នុង)ឆ្នាំ ២០២៣។ ក្នុងនោះមានគម្រោង ២៤៧ ជាគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២១, ជាមួយទុនវិនិយោគសរុប ៤៩០០ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងកម្ពុជា។ សួរថា នៅឯណា។ អត់ឃើញ។ ទៅសួរ CDC។ CDC អាចចង្អុលបង្ហាញថា គម្រោងហ្នឹងគេដាក់នៅឯណា មានដីនៅឯណា។ ឧទាហរណ៍ គម្រោងដែលមកសម្ពោធនេះ ជាគម្រោងពង្រីក តែយើងមានគម្រោងពង្រីកផ្សេងៗទៀត ២១កន្លែង។ ក្នុងឆ្នាំ ២០២៤នេះ គិតតែ ៣ខែដើមឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍បានអនុវត្តគម្រោងថ្មី គម្រោងពង្រីកផលិតកម្ម ១០៦គម្រោង ដែលមានទុនវិនិយោគ សរុប ២២០០ លានដុល្លារសហរដ្ឋអាមេរិក ហើយអាចបង្កើតការងារបានជាង ១០៧ពាន់(កន្លែង) បានន័យថា ១០៧ ០០០ កន្លែង។ នេះទាល់តែប្រើពាក្យអស់។ មិនស្រួលមានអ្នកចាប់យកថាបង្កើតបានតែ ១០៧កន្លែងទៀត។
ដូចថ្ងៃមុន ក្រសួងកសិកម្មនាំបង្កងប៉ាក ២០គីឡូចេញទៅដើម្បីធ្វើតេស្ដមុននឹងនាំអាធំទៅ។ គេវាយប្រហារថាក្រសួង/ប្រទេសយើងទាំងមូល នាំចេញបាន ២០គីឡូ។ មុននឹងនាំអាធំទៅរាប់តោន គេយក(មួយចំនួន)ទៅធ្វើតេស្ដ។ ដល់អ្នកកាត់យក កាត់យកតែប៉ុណ្ណឹង។ អញ្ចឹងសូមផ្សាយឱ្យអស់។ បង្កើតការងារក្នុងរយៈពេល ៣ខែនេះ … គ្រោងជាង ២២០០ លានដុល្លារ ពេលដែលអនុវត្តគម្រោងនេះចេញទាំងអស់ គឺ(បង្កើតការងារ)ជាង ១០ម៉ឺនកន្លែងសម្រាប់ប្រជាជនយើង។ គម្រោងនៅកម្ពុជា ខុសពីគម្រោងនៅប្រទេសផ្សេងៗ … មុននឹងអនុម័ត ភាគច្រើនមានលក្ខខណ្ឌតម្រូវ គឺត្រូវមានដី ត្រូវមានកន្លែងច្បាស់លាស់ ទីតាំង(ច្បាស់លាស់)។ បើអត់ដី មានកុងត្រាជួលដីអីច្បាស់លាស់ ដែលថាមុននឹងខ្ញុំឱ្យទាល់តែអ្នកឯងបង្ហាញឆន្ទៈ បង្ហាញ(គម្រោង)ពិប្រាកដ ច្បាស់យ៉ាងហោច ៧០% ថាអ្នកឯងចង់ធ្វើ។ មិនមែនគ្រាន់តែថាឮតែគម្រោងៗ (ឱ្យធ្វើ)នោះទេ។ គម្រោងមួយចំនួនបានអនុវត្តបណ្ដើរទៅហើយ ការពង្រីកក្ដី ការកសាងថ្មីក្ដី …។
(២៣) បង្កើតបរិស្ថានសុខសន្ដិភាព ស្ថិរភាព លើកទឹកចិត្តការវិនិយោគ
អ្នកខ្លះថា នាយករដ្ឋមន្រ្តីថ្មី ដើរទាក់ម៉ូយទាក់តែខ្យល់។ ឥឡូវខ្ញុំប្រាប់ ក្នុងមួយត្រីមាសដំបូងនេះ ជាង ១០៧គម្រោងមានតម្លៃ ២២០០ លានដុល្លារដែលបានចុះបញ្ជី ធ្វើកិច្ចការបំពេញលក្ខខណ្ឌជាច្រើននៅកម្ពុជា។ គម្រោងដែលអនុវត្តនេះ គឺយើងនឹងបន្តធ្វើ និងបន្តជំរុញបន្ថែមទៀត។ ប៉ុន្មានថ្ងៃមុន មានក្រុមវិនិយោគធំៗ មកពីហុងកុង ម៉ាកាវ អឺរ៉ុប និងកូរ៉េ។ ខែឧសភានេះ ខ្ញុំទៅកូរ៉េ ជួបជាមួយនឹងប្រធានាធិបតី Yoon Suk Yeol ចរចាបន្ថែមទៀតពីការទាក់ទាញវិនិយោគបន្ថែមមកដើម្បីបង្កើត(ការងារ) … ទម្រាំបង្កើតរោងចក្រនៅទីនេះបាន រោងចក្រ ក្រុមហ៊ុនមួយៗ ត្រូវមកធ្វើការសិក្សា រដ្ឋាភិបាលត្រូវដាក់គោលនយោបាយលើកទឹកចិត្ត ត្រូវផ្ដល់ការគាំទ្រ បង្កើតបរិស្ថាន សុខសន្ដិភាព ស្ថិរភាព … ដើម្បីបានផលត្រូវការខិតខំប្រឹងប្រែងទាំងអស់គ្នា មិនមែនតែខ្ញុំនោះទេ។ មន្រ្តីក្រសួងស្ថាប័ន រាជធានីខេត្តទាំងអស់ គឺជាអ្នកដែលខិតខំធំ។ ខ្ញុំបានត្រឹមតែទាក់ម៉ូយមកទេ។
(២៤) ខេត្តនីមួយៗ ប្រឹងប្រែងទាញការវិនិយោគ ដើម្បីបានផលដល់ប្រជាពលរដ្ឋ
គេមកឬមិនមក ជោគជ័យឬមិនជោគជ័យ អាស្រ័យទៅលើក្រសួងស្ថាប័ន ដែលដឹកនាំសម្របសម្រួល លើកទឹកចិត្តផ្ទាល់ទៅលើគោលនយោបាយ ជាមួយនឹងអាជ្ញាធរខេត្ត អាជ្ញាធរដែន ដែលសម្រួលឱ្យគេធ្វើ កុំឱ្យខំទាញមកដាក់ទុនវិនិយោគហើយ ដោះស្រាយដីឱ្យគេមិនចេញ។ ដីឱ្យគេ ១០០ហិកតា មកដល់សល់តែ ១០ហិកតា។ ត្រូវតែធានា។ គេមកធ្វើហើយ ត្រូវធ្វើយ៉ាងណាឲ្យមាននិរន្តភាព។ បានន័យថា សុខដុមនីយ៍កម្មនឹងគ្នា។ អញ្ចឹងខ្ញុំសូមអរគុណណាស់ ជាក់ស្តែងនៅទីនេះស្រាប់ ដែលថាចាប់ផ្តើមឡើងពីគោប៉ុន្មានក្បាល ឥឡូវមានជិត ១ពាន់ក្បាល ហើយពង្រីកខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែរីកធំ។ ផលិតទឹកដោះគោ ចិញ្ចឹមមេគោ ឥឡូវផលិតយ៉ាអ៊ួរប៉ូវកម្លាំងថែមទៀត … ខ្ញុំឃើញថា មានការគាំទ្ររបស់ក្រសួងកសិកម្ម ឯកឧត្តម វេង សុខុន (អតីតរដ្ឋមន្ត្រីកសិកម្ម)បូកជាមួយឯកឧត្តម ឌិត ទីណា (រដ្ឋមន្ត្រីបច្ចុប្បន្ន)បន្តការងារនេះ មន្ត្រីកសិកម្ម មន្ទីរកសិកម្ម និងអាជ្ញាធរខេត្ត។ អញ្ចឹងចឹងសុំបន្តតទៅទៀត ហើយខេត្តនីមួយៗ ឃើញខិតខំប្រឹងប្រែង ប្រកួតប្រជែងគ្នាដើម្បីទាញការវិនិយោគចូលបន្តទៀត ព្រោះយើងជាអ្នកអនុវត្តផ្ទាល់ សិទ្ធិនិងការទាក់ទាញ ទាក់ម៉ូយ ការប្រកួតប្រជែងរបស់យើង បានផលអ្នកណា គឺបានផលប្រជាពលរដ្ឋនៅក្នុងខេត្តយើង ខេត្តនីមួយៗ។
(២៥) អភិវឌ្ឍសេដ្ឋកិច្ច គឺធ្វើអោយប្រជាពលរដ្ឋមានបាន មានសិទ្ធ មានឱកាស និងមានជំរើស
សេដ្ឋកិច្ចនៃប្រទេស(ទាំងមូល)បូកចូលគ្នាពីសេដ្ឋកិច្ចនៃខេត្តមួយៗ។ នៅប្រទេសមហាអំណាចមួយចំនួន ផ.ស.ស របស់រដ្ឋមួយឈរនៅលំដាប់ទី៩ លើពិភពលោក។ ជួនកាល ដោយសារខេត្តមួយមានសក្តានុពល ដូចជាខេត្តតាកែវមិនតូចតាចប៉ុន្មានទេ។ ខេត្តកសិកម្មមិនយូរមិនឆាប់ ក្លាយទៅជាខេត្តឧស្សាហកម្ម។ ឥឡូវក៏ខេត្តឧស្សាហកម្មច្រើនដែរ … ឥឡូវយើងមានហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ក៏មិនតូចដែរ។ ខ្ញុំខានមកភ្នំតាម៉ៅយូរ។ ពីក្មេងធ្លាប់ជិះកង់មក។ ជិះកង់មកទន្លេបាទី … ភ្នំជីសូរាងឆ្ងាយបន្តិច … ឥឡូវយើងបានធ្វើច្រើន … ភ្លើងមកដល់ ទឹកមកដល់ ផ្លូវ ការធានា ការបង្កើតការងារ ការបង្កើនចំណូលជូនប្រជាពលរដ្ឋជាមូលដ្ឋាន។ ខ្ញុំឧស្សាហ៍ថា ពាក្យ អភិវឌ្ឍន៍សេដ្ឋកិច្ច មានន័យថាម៉េច? ពាក្យអភិវឌ្ឍន៍សេដ្ឋកិច្ចកុំបាច់ពន្យល់ទ្រឹស្តីសេដ្ឋកិច្ច។ ពាក្យសាមញ្ញ ធ្វើឲ្យប្រជាជនមានបាន។ ប្រជាជនមានសិទ្ធិសេរីភាព ប្រជាជនមានឱកាសរៀនសូត្រ មានឱកាសព្យាបាលជំងឺ មានឱកាសដើរហើរ មានជម្រើសនៅក្នុងការរកការងារ បានចំណូល ការងារកាន់តែកើន ឱកាសជីវភាពកាន់តែធូរធារ។
ពីមួយថ្ងៃទៅមួយថ្ងៃ ភូមិឃុំយើងកាន់តែរីកចម្រើន ហ្នឹងហើយដែលហៅថាការអភិវឌ្ឍនោះ គឺរុញឲ្យដល់មូលដ្ឋាន រុញឲ្យដល់ប្រជាពលរដ្ឋ ហើយការរុញនិងការវិវត្តដែលយើងធ្វើនៅទីនេះ មិនមែនរោងចក្រនេះនៅភ្នំពេញទេ ពិតណាស់ពីនេះទៅភ្នំពេញឥឡូវអត់ឆ្ងាយទេ។
(២៦) ខេត្តតាកែវមានជំរើសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍
កាលខ្ញុំធាក់កង់យូរណាស់។ បានន័យថាម៉េច? សម្រាប់ប្រជាពលរដ្ឋឥឡូវដែលមានលទ្ធភាពប្រើម៉ូតូ ប្រើរថយន្ត អត់ឆ្ងាយទេ។ បើកាលមុនអត់លទ្ធភាព ធាក់កង់យូរណាស់ ជិះរ៉ឺម៉ក់យូរណាស់។ ផ្លូវលំបាកពីមុន ធ្វើដំណើរយូរណាស់។ ពីនេះទៅដល់ផ្លូវជាតិមិនស្រួលទេ តែឥឡូវស្រួល។ ភ្លើងមកដល់។ ពីមុនប្រើចង្កៀង។ ឥឡូវភ្លើងអគ្គិសនី។ ហ្នឹងហើយដែលយើងរុញរោងចក្រមកដល់ទីនេះបាន បើសិនជានៅទីនេះគ្មានភ្លើង គ្មានទឹក គ្មានផ្លូវដឹកជញ្ជូន ប្រហែលជារោងចក្រគីរីសួគ៌អត់មកទីនេះទេ។ ផលិតផលទឹកដោះគោត្រូវការដឹកជញ្ជូនលឿន ហើយត្រូវការត្រជាក់ … សាច់គោគេអាចបង្កក … យើងត្រូវរុញ ហើយអភិវឌ្ឍបន្តទៀត។ ខេត្តតាកែវ ដែលជាខេត្តកសិកម្ម ទៅមុខយើងមានជម្រើសច្រើន។ យើងមានជម្រើសនៅក្នុងការឧស្សាហកម្ម កសិកម្មនៅទីនេះ និងទេសចរណ៍។ ជាគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ ឥឡូវយើងបានពង្រីកផ្លូវជាតិលេខ២ យើងមានផ្លូវចាក់ទៅផ្លូវ២១ ខាងកោះធំ ឆ្លងកាត់មិនបាច់ចាំទៅដល់តាខ្មៅ … ចង់ទៅផ្លូវជាតិលេខ ៣ ចាក់ពីដូនកែវចេញទៅ។ ហ្នឹងយើងមានយូរហើយ ប៉ុន្តែឥឡូវវាស្រួល។ តិចទៀតព្រលានយន្តហោះមកខេត្តកណ្តាល ជិតមិនឆ្ងាយទេពីបាទីនេះ ហើយកន្លែងនេះនឹងទៅជាតំបន់ឧស្សាហកម្មក្នុងផែនការរបស់ព្រលានយន្តហោះ ដែលបាន reserve ដីរាប់ពាន់ហិកតាធ្វើជាតំបន់ឧស្សាហកម្ម ដែលបន្តិចទៀតនឹងនៅជិតផ្ទះអ្នកតាកែវ។
(២៧) រាជរដ្ឋាភិបាលបន្តនាំការអភិវឌ្ឍទៅដល់មូលដ្ឋាន គ្រប់ទិស និងគ្រប់កន្លែង
គម្រោងព្រែកជីកមួយដែលនាំនាវាពីសមុទ្រមកទន្លេបាសាក់ គឺព្រែកជីកហ្វូណនក៏មកកាត់កន្លែងហ្នឹង។ អញ្ចឹងអ្នកដែលបានទទួលផលជាក់ស្តែងគឺអ្នកខេត្តតាកែវ ហើយអ្នកបាទីហ្នឹងក៏ជាអ្នកដែលទទួលផល។ ខ្ញុំជឿថាក្រោយពីផ្គុំគ្នាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ មានទឹក មានផ្លូវ មានផ្លូវទឹកដែលនាំទៅជាប់សមុទ្រ នៅតាមបណ្តាខេត្តនៃទិសនិរតីនេះ ជាពិសេសខេត្តតាកែវអាចមានជម្រើសច្រើន ក្នុងការពង្រីកផលិតកម្ម។ ថ្ងៃមុនឃើញវិទ្យុណាមួយសំភាសន៍ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់សណ្តរព្រែកក្នុងគម្រោងព្រែកជីក។ បងប្អូនថាឥឡូវកសិករមានផ្លូវ បើសិនមានផ្លូវទឹកហ្នឹងទៀត ប្រាកដជាមានដាក់រោងចក្រហើយ … បង្កើតឲ្យអ្នកតាកែវ អ្នកកណ្តាល អ្នកកំពត អ្នកកែប ឬមកដល់អ្នកភ្នំពេញទៀត … រាជរដ្ឋាភិបាលនៅតែបន្តធ្វើរុញឲ្យដល់មូលដ្ឋាន រុញទៅដល់គ្រប់ទិស គ្រប់កន្លែង។ យើងមានគោលនយោបាយពង្រីកប៉ូលសេដ្ឋកិច្ច ដែលឥឡូវមាន ៥ គឺភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប បាត់ដំបង និងខាងទិសឥសាន។ ប៉ូលមួយៗ មានសក្តានុពលរៀងៗខ្លួន។ នៅក្នុងទិសនិរតីនេះ ចន្លោះភ្នំពេញជាមួយនឹងខេត្តព្រះសីហនុ សក្តានុពលធំណាស់។ ការអភិវឌ្ឍគឺធ្វើឱ្យពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានបានច្រើនជាងមួយជំនាន់មុន។ ហ្នឹងហើយការអភិវឌ្ឍ។ កុំឲ្យដូចជំនាន់ប៉ុលពត ដែលប្រើតាំងពីវត្តជាកន្លែងចិញ្ចឹមសត្វ តាំងពីមានសាលាទៅរុះចោលខ្ទេច។ យើងបានប្រឹងប្រែងពីសាលាតូចទៅសាលាធំ ពីវត្តមានប៉ុន្មានទៅជាវត្តកើនចំនួន ពីថ្នល់ផ្លូវដីទៅជាផ្លូវកៅស៊ូ ហើយពីភ្លើងចង្ក្រៀងទៅជាភ្លើងអគ្គិសនី ពីព្រែកតូចទៅជាព្រែកប្រវត្តិសាស្រ្តមួយ សម្រាប់បំរើប្រជាពលរដ្ឋ។
(២៨) ព្រែកជីកហ្វូណនតេជោ មិនមែនជាការគំរាមកំហែង តែជាការជួយដល់ការដឹកជញ្ជូន/ពាណិជ្ជកម្មក្នុងតំបន់
ប៉ុន្មានថ្ងៃនេះក៏មានការជជែកគ្នាច្រើនណាស់។ ខ្ញុំសូមចំណាប់អារម្មណ៍បន្តិច។ ឃើញមានការជជែកមិនចប់អំពីព្រែកជីកហ្នឹង។ ព្រែកជីកនេះជាគម្រោងប្រវត្តិសាស្ត្រ ដែលផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង។ ព្រែកជីកហ្វូណនតេជោ នៅតំបន់អង្គរបុរីនៃអាណាចក្រហ្វូណននេះ យើងពង្រីកឡើងវិញ។ (ក្នុងប្រវត្តិសាស្ត្រ)ប្រទេសយើង(ធ្លាប់)ជាមហាអំណាច។ ពេលដែលសេដ្ឋកិច្ចយើងរីកលូតលាស់ ព្រែកជីកនេះនឹងបំរើដល់ការបង្កើនសេដ្ឋកិច្ចជាតិ ជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែរឹងមាំ។ ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋយើងជាច្រើនដែលបានយល់ពីសារៈសំខាន់ ហើយបានបញ្ចេញមតិគាំទ្រការរៀបចំព្រែកជីកដើម្បីបង្កើននូវ(លទ្ធភាព)សេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងខេត្តនៃទិសនិរតីនេះ។ ព្រែកជីកនេះនឹងមិនបំរើត្រឹមតែទិសនិរតីទេ គ្រាន់តែថាទិសនិរតីបានផលផ្ទាល់។ ប៉ុន្តែព្រែកជីកនេះមានផលតភ្ជាប់ទៅដល់ទិសផ្សេងៗទៀត។ ការដឹកជញ្ជូនតាមផ្លូវទឹកតាំងពីទិសឦសាន ពីខេត្តក្រចេះជាដើម ដែលនៅជាប់ទន្លេមេគង្គ និងសូម្បីតែខាងបាត់ដំបង ឬនិយាយថាបណ្តាខេត្តជុំវិញទន្លេសាប ក៏ថ្ងៃក្រោយអាចដឹកជញ្ជូនទំនិញតាមផ្លូវទឹកមកដែរ។ (សំរាប់ទំនិញត្រូវ)ទៅវៀតណាម យើងរុញមកខាងនេះ … មានជំរើសច្រើន។ កម្ពុជារឹងមាំក៏ជួយទៅដល់មិត្តយើងក្នុងតំបន់នោះដែរ មិនមែនជាការគំរាមកំហែងទេ។
(២៩) ព្រែកជីកហ៊្វូណនតេជោ ជួយសំរួលសកម្មភាពសេដ្ឋកិច្ចរវាងសមុទ្រនិងផ្ទៃក្នុងប្រទេស
ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋយើង ហើយការយល់របស់ប្រជាពលរដ្ឋយើងជាច្រើន។ ក្នុងពេលជាមួយគ្នា ក៏មានការបញ្ចេញទស្សនៈមួយចំនួនពាក់ព័ន្ធនឹងកង្វល់។ ខ្លះថា ព្រែកជីកនេះធ្វើដើម្បីអ្វី? អស់លុយអត់ប្រយោជន៍។ បងប្អូនមួយចំនួនមានមតិថា ព្រែកជីកនេះធ្វើមិនកើត។ បានតែឈ្មោះ។ វារាក់ពេក។ ដឹកបានតែកាណូតនេសាទត្រីតូចៗ។ សូមបញ្ជាក់អញ្ចេះ ព្រែកជីកនេះ មុខកាត់ ១០០ ម៉ែត្រ មានជំរៅ(សំរាប់នាវាចរ) ៤,៧ ម៉ែត្រ (អាចទទួលការដឹកជញ្ជូនដោយ)សាឡង់បានទំងន់ផ្ទុក ៣ ពាន់តោន។ បើយើងប្រៀបធៀបពី(សមត្ថភាពដឹកតាម)ទន្លេមេគង្គ នៅខែប្រាំងយើងអាច(ធ្វើនាវាចរកម្មដែលផ្ទុក)បាន ៣ ពាន់តោន និងនៅខែវស្សាបាន ៥ពាន់តោន។ អញ្ចឹង ៣ ពាន់តោនមិនតូចទេ។ មានទូកនេសាទនៅទន្លេសាបណាមានចំណុះ ៣ ពាន់តោនទេ។ អញ្ចឹងព្រែកជីកនេះនឹងជួយដល់ការដឹកកុងតៃន័រតាមសាឡង់/កប៉ាល់ ជួយសំរួលសេដ្ឋកិច្ច តាមបណ្ដោយព្រែកនិងភ្ជាប់ពីសមុទ្រមក(ផ្ទៃក្នុងប្រទេស)។ ដូចនេះ សំរាប់បងប្អូនដែលមានកង្វល់ថាព្រែកជីកនេះនឹងចំណាយលុយអត់ប្រយោជន៍ (គួរតែពិចារណាឡើងវិញ)។ មិនមែនគ្មានប្រយោជន៍ទេ ជាពិសេស(អត្ថប្រយោជន៍)ទី២ (ការសំរួលសកម្មភាពសេដ្ឋកិច្ចតាមបណ្តោយព្រែក)នេះ បានផលជាក់ស្ដែងដល់ប្រជាពលរដ្ឋ ក្នុងដឹកជញ្ជូន កាត់បន្ថយចំណាយការដឹកជញ្ជូន រួមទាំងកសិកផល ព្រោះថ្លៃដឹកជញ្ជូនខ្ពស់ អ្នកទិញ(សេវាក៏ត្រូវបង់ថ្លៃ) ព្រោះអ្នកដែលទិញគឺកសិករ បូកទាំងថ្លៃដឹកជញ្ជូនយកទៅលក់ទីផ្សារពិភពលោក … ការនាំចូលដូចគ្នា។ ជួនកាលនាំចូលជីមក តែតំលៃដឹកជញ្ជូនខ្ពស់ តម្លៃជីក៏ខ្ពស់ដែរ។ អញ្ចឹងកាត់បន្ថយបានច្រើន នេះជាការជួយសំរួល។
(៣០) ពង្រីកផ្លូវទឹកធម្មជាតិ សិក្សាដោយអ្នកជំនាញលំដាប់ពិភពលោក និងគោរពតាមច្បាប់ជាអន្តរជាតិ
ខ្លះថា ខ្លាចប៉ះពាល់បរិស្ថានក្នុងប្រទេស។ ធ្វើទៅប៉ះពាល់ប្រព័ន្ធទឹក ប្រព័ន្ធអេកូឡូស៊ីសំរាប់ត្រី។ ខ្ញុំសូមបញ្ជាក់ថា ទី១ ព្រែកជីកនេះប្រវែង ១៨០គីឡូម៉ែត្រ មិនមែនជីកថ្មីទាំងអស់ទេ។ នៅក្នុង ១៣៥គីឡូម៉ែត្រ ជាផ្លូវទឹកធម្មជាតិដែលមានស្រាប់។ គ្រាន់តែពង្រីកទេ … យើងជីកថ្មីតែ ៧គីឡូម៉ែត្រប៉ុណ្ណោះ … និងមានការសំរួល ៣៨ គីឡូម៉ែត្រ កុំឲ្យវាកោងខ្លាំង(សំរាប់)កប៉ាលធំៗ។ តែប៉ុណ្ណឹងទេ។ រឿងប៉ះពាល់បរិស្ថាន(ដោយសារ)ការជីកថ្មី មិនមានទេ។ យើងធ្វើតាមលំអានចាស់(ដោយគ្រាន់តែ)ពង្រីក។
ទី២ ដែលថាខ្លាចប៉ះពាល់ដល់ប្រព័ន្ធទឹក ប៉ះពាល់ដល់លំហូរទឹកនៅទន្លេបាសាក់ ទន្លេមេគង្គនោះ សូមបញ្ជាក់ថាយើងបានសិក្សាផ្នែកបរិស្ថានច្បាស់ណាស់ គឺការសិក្សា EIA ឬផលប៉ះពាល់ផ្នែកបរិស្ថានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានយ៉ាងម៉េច។ គំរោងនេះយើងសិក្សា ២៦ខែ ដោយក្រុមអ្នកស្រាវជ្រាវ វិស្វករកំរិតពិភពលោកប្រមាណជាង ៤០ នាក់។ មានសាស្ដ្រាចារ្យពីសាកលវិទ្យាល័យជំនាញលើពិភពលោក វិស្វករលំដាប់ពិភពលោក ខាងជំនាញជលសាស្ដ្រ ជំនាញបរិស្ថាន ជំនាញសង្គមសេដ្ឋកិច្ច … យើងមិនធ្វើអីប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទេ។ បើធ្វើៗ ឲ្យល្អជាងមុន បើធ្វើឲ្យអាក្រក់ជាងមុន កុំធ្វើ។ ធ្វើហើយបានការថ្កោលទោសទៀត មិនចាំបាច់ធ្វើទេ។ ទាល់តែយើងប្រាកដណាស់ថាអ្វីដែលយើងធ្វើមិនត្រឹមតែគិតពីផលសេដ្ឋកិច្ចទេ តែក៏ទាំងបរិស្ថាន និងផលត្រីរយៈពេលវែង។ ឥលូវព្រែកតូចអត់មានត្រីច្រើនទេ។ ពេលយើងពង្រីក ១០០ម៉ែត្រ ក៏អាចមកផលត្រីមកតាមនេះច្រើន។ អ្នកខ្លះភ័យខ្លាចទឹកទន្លេ(ហូរ)ទៅសមុទ្រអស់។ គេមានបច្ចេកទេស(រាំងស្កាត់) និងបានធ្វើតេស្ដទាំងខែប្រាំងខែវស្សា។
ទី៣ យើងគោរពតាមច្បាប់អន្ដរជាតិ … គណៈកម្មការមេគង្គ កិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ មាត្រាទី៥ ដែលតំរូវឲ្យប្រទេសនៅតាមបណ្ដោយទន្លេមេគង្គត្រូវជូនដំណឹង និងព័ត៌មានលំអិតទៅដល់គណៈកម្មាការមេគង្គអំពីការធ្វើអ្វីមួយក្នុងទឹកដីរបស់ខ្លួនដែលពាក់ព័ន្ធនឹងទឹកទន្លេនេះ។ ទឹកទន្លេសំរាប់ប្រើប្រាស់រួម។ អញ្ចឹងយើងបានជូនព័ត៌មាននេះទៅដល់(គណៈកម្មាការ)តាមបច្ចេកទេសអស់ហើយ។
(៣១) រដ្ឋធម្មនុញ្ញហាមប្រាមមូលដ្ឋានទ័ពបរទេសលើទឹកដី មិនប្រើប្រទេសជាមូលដ្ឋានប្រឆាំងប្រទេសផ្សេង និង ជាក់ស្តែង មិនមាននាវាចម្បាំងចូលមិនបានទេ
ចុងក្រោយ ប៉ុន្មានថ្ងៃនេះ មានអ្នកវិភាគនៃកាសែតមួយថា ធ្វើ(ព្រែកជីក)នេះដើម្បីឲ្យប្រទេសមហាអំណាចមួយយកនាវាចំបាំងមកដាក់(ក្បែរ)ប្រទេសមួយទៀត ជាការបង្កើតនូវហានិភ័យ។ ខ្ញុំសូមប្រាប់ថា ទី១ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា គ្មានឲ្យមូលដ្ឋានទ័ពបរទេសលើទឹកដីរបស់ខ្លួនទេ។ កម្ពុជាក៏គ្មានមហិច្ឆតា គ្មានគោលគំនិត និងភាពក្លាហានក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ យើងមិនឲ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីប្រទេសកម្ពុជានោះទេ។ ទី២ យើងមិនឲ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងប្រទេសណានោះទេ កុំថាមូលដ្ឋានទ័ព សូម្បីធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយ ក៏យើងមិនឲ្យនោះដែរ។ ទី៣ សំរាប់ជំរៅទឹក ៤,៥ ម៉ែត្រ តើយកកប៉ាល់ចំបាំងដឹកយន្ដហោះចូលម្តេចបាន។ កប៉ាល់ចំបាំងមួយៗ ដឹកសុទ្ធតែ ៥ម៉ឺនតោន ខ្លះទៅដល់ ១០ម៉ឺនតោន យន្ដហោះនៅលើនឹងរាប់គ្រឿង។ ជំរៅ ៤,៥ម៉ែត្រ វានឹងកឿងតាំងពីក្រៅ។
(៣២) មិនបង្កើតសត្រូវ ធ្វើសន្តិសហវិជ្ជមាន មិនឱ្យប្រទេសជួបសង្គ្រាម ស្រាយបញ្ហាព្រំដែនបន្សល់ពីជំនាន់មុន
ថ្ងៃមុនសម្តេចតេជោបានបញ្ជាក់ហើយ វាគ្មានការចាំបាច់អីដែលត្រូវយកកន្លែងនេះជាមូលដ្ឋានគំរាមកំហែងប្រទេស(ដទៃនោះទេ)។ កម្ពុជាគ្មានបង្កើតសត្រូវជាមួយប្រទេសណាទេ។ យើងប្រកាន់ជំហរមិត្តជាមួយគ្រប់ប្រទេសទាំងអស់។ មិនយកប្រទេសណាជាសត្រូវទេ។ យើងសហការរស់ជាមួយគ្នាដោយសុខដុមនីយកម្ម។ គោលនយោបាយអន្ដរជាតិ គឺធ្វើទំនាក់ទំនងមិត្តភាពជាមួយគ្រប់ប្រទេស … ធ្វើម៉េចកុំឲ្យតែផ្ទុះសង្គ្រាម(ក្នុងប្រទេស)ខ្លួនឯងទៅ។ គ្មានពេលទៅធ្វើសង្គ្រាមជាមួយប្រទេសណាទេ … បញ្ហាព្រំដែនដែលមានបន្សល់ទុកតាំងពីជំនាន់មុនមក ជំនាន់អាណានិគមអីមក យើងខិតខំដោះស្រាយដោយសន្ដិវិធី។ បច្ចេកទេសយោគយល់គ្នាធ្វើការ កន្លែងខ្លះយើងដឹកដៃគ្នាធ្វើការរកផលប្រយោជន៍សេដ្ឋកិច្ចរួម។ ថ្ងៃមុននៅថៃ (យើង)ជជែកគ្នារកតំបន់ត្រួតស៊ីគ្នា។ យើងត្រូវចរចាពីកិច្ចការព្រំដែនដោយទទួលខុសត្រូវ និងប្រើពេលវេលា។ កន្លែងត្រួតស៊ីគ្នាមានប្រេងយើងត្រូវជជែកគ្នាយកផលយកមកអភិវឌ្ឍប្រទេសរៀងៗ ខ្លួន។ ទៅថ្ងៃមុខ សន្ដិសុខថាមពលសំខាន់ … ជជែកគ្នាធ្វើដើម្បីបង្កើនមិត្ត។ ធ្វើការជាមួយគ្នាជាមិត្តភាព។
(៣៣) កម្ពុជារីកចម្រើនជាភាពវិជ្ជមានសម្រាប់តំបន់និងពិភពលោក គ្មាននាវាចម្បាំង មានតែនាវាដឹកទំនិញនិងទេសចរ
អញ្ចឹងសំរាប់អ្នកវិភាគដែលខំយកជ្រុងមួយជាទស្សនៈទៅដាក់នៅក្នុងកាសែតបរទេស សូមបញ្ជាក់កម្ពុជាគ្មានមហិច្ឆតា និងគោលបំណងយកប្រទេសខ្លួនឯងទៅធ្វើសង្គ្រាមជាមួយប្រទេសណាទេ ទោះជាសង្គ្រាមការទូត សេដ្ឋកិច្ច ឬមួយសង្គ្រាមប្រដាប់អាវុធ។ យើងមានតែខិតខំពង្រឹងចំណងមិត្តភាព ឲ្យមានការយោគយល់គ្នាដើម្បីផលប្រយោជន៍ទាំងអស់គ្នា។ កម្ពុជារីកចម្រើន គឺជាភាពវិជ្ជមានសម្រាប់បណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់ នៅលើពិភពលោក។ អញ្ចឹងរឿងព្រែកជីកហ្វូណន ដែលទាក់ទងអ្នកតាកែវ សូមកុំមានការបារម្ភថាធ្វើព្រែកហ្នឹងទៅ គេនឹងយកនាវាចំបាំងមកដាក់ក្បែរផ្ទះ។ យកតែនាវាដឹកទំនិញ យកតែសម្ថភាពបើករោងចក្រមកដាក់តាមបណ្តោយសណ្តព្រែកជីក ដើម្បីឲ្យអ្នកតាកែវ អ្នកខេត្តកណ្តាល អ្នកខេត្តកំពត អ្នកខេត្តកែបមានលទ្ធភាពតភ្ជាប់គ្នាទៅសមុទ្រ និងមានទេសចរចូលមកទៀត។ អ្នកតាកែវចង់ទៅកែបទៅកំពត ជិះឡានស្ទះពេកឡើងកាណូតទៅបណ្តោយ។ មានជម្រើសច្រើន។ កសិផលដឹកចេញតាមកាណូត តាមកប៉ាល់។ នេះជាផលក្នុងការរុញសេដ្ឋកិច្ចមកមូលដ្ឋាន រុញឲ្យដល់ដៃប្រជាពលរដ្ឋ រុញឲ្យដល់ដៃអ្នកតាកែវ រុញឲ្យដល់ដៃអ្នកកែប រុញឲ្យដល់ដៃអ្នកកំពត រុញឲ្យដល់ដៃអ្នកមណ្ឌលគិរី រតនគិរី រុញការវិនិយោគឲ្យដល់នោះដើម្បី គឹយកថវិកាចែកប្រជាជនដល់ហោប៉ៅ។
(៣៤) បង្កើតបរិស្ថាន លើកទឹកចិត្តវិនិយោគ បង្កឱកាសនិងចលករជំរុញសេដ្ឋកិច្ចរឹងមាំពីមួយជំនាន់ទៅមួយជំនាន់
ការវិនិយោគបង្កើតរោងចក្ររាប់លាននៅទីនេះ បង្កើតចំណូលជូនដល់កសិករ … កូនចៅប្រជាពលរដ្ឋផ្ទាល់ ហើយកូនចៅប្រជាពលរដ្ឋយកទៅទិញតពីអ្នកផ្សារ បង្កើតបានផលទៀត។ យើងបន្តធ្វើគោលយោបាយនេះឲ្យមានបានគ្រប់កន្លែង។ នេះគឺជាអ្វីដែលយើងត្រូវធ្វើ ពីមួយជំនាន់ទៅមួយជំនាន់ឲ្យកាន់តែល្អប្រសើរ។ កម្ពុជាមិនអាចជប់ប្រទេសអោយមានស្មើអាមេរិកនោះទេ ហើយអាមេរិកក៏មិនអាចជប់ប្រទេសឲ្យស្មើឋានទេវតានោះដែរ មានតែធ្វើបន្តិចម្តងៗ ចាប់ផ្តើមពីការធានាបរិស្ថាន សុខសន្តិភាព ស្ថេរភាព កុំឲ្យមានសង្រ្គាមផ្ទៃក្នុង និងសង្រ្គាមជាមួយប្រទេសណា។ បង្កើតបរិស្ថានដែលល្អសម្រាប់ការវិនិយោគ លើកទឹកចិត្តឲ្យវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ កសិករ កម្មករ និយោជិត មន្រ្តីរាជការរបស់យើង បងប្អូនកូនក្មួយខិតខំរៀនសូត្រ មានឱឝាសរៀនសូត្រសុខភាពកាន់តែល្អ មានឱឝាសក្នុងការប្រកបរបរ និងជាចលករជំរុញសេដ្ឋកិច្ចកាន់តែរឹងមាំពីមួយជំនាន់ទៅមួយជំនាន់។
ពីជំនាន់ខ្ញុំមកលេងទីនេះជិះកង់មក។ ជំនាន់កូនខ្ញុំជិះឡាន។ ឲ្យកូនខ្ញុំជិះម៉ូតូវាមិនជិះទេ វាថាក្តៅ។ កូនចៅលោកអ៊ំ លោតា លោកយាយ ក្មួយៗ ខ្លះ ម៉ែទិញកង់ឲ្យជិះ អត់ជិះទេ។ មែនទេ? ជំនាន់អ៊ំពូមីង ទៅរៀនដើរ។ ជំនាន់កូនយ៉ាងហោចណាស់មានកង់។ អញ្ចឹងទម្រាំចៅទៀត ឬមួយចៅទួតឲ្យកាន់តែសំបូរសប្បាយជាងនេះ។ យើងឃើញហើយ នៅផ្ទះនៅភ្នំពេញ ពីមុនផ្ទះមួយនៅ ១០ គ្រួសារ នៅ ៥ គ្រួសារ បែកភ្នំពេញមក ចែកគ្នាផ្ទះអត់នៅទេ ទៅនៅរួមគ្នា។ ឥឡូវផ្ទះខ្លះកូនបំបែកទិញផ្ទះល្វែងផ្ទះអីអញ្ចឹងទៅ។ ផ្ទះមួយៗ គេធ្វើមកដាក់ឡានតែមួយទេ។ បើបើកតាមបុរី ភាគច្រើនឡានចតពេញផ្លូវ។ ដោយសារផ្ទះខ្លះបើកូន៥ ម៉ូតូ៥ ឡាន១ ជួនកាលឡាន២។ ភាគច្រើនជាប្រជាជនមានជីវភាពមធ្យម។ យើងមានប្រជាជនដែលនៅមានជីវភាពក្រីក្រ។ យើងត្រូវបន្តជួយ។ គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ បន្តពីអាណត្តិទី ៦ គឺគាំពារសង្គមច្រើន ជួយពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋដែលក្រីក្រ និងងាយរងគ្រោះ ជួយផ្តល់អាហារូបករណ៍ ១ លាន ៥ សែននាក់ ជួយផ្តល់ការគាំពារសុខភាព ជួយបង្កើតការងារ ជួយជំរុញឱ្យមានលទ្ធភាពរកចំណូលបាន ទៅជាអ្នកមានជីវភាពមធ្យម ជួយលើកទឹកចិត្តឲ្យមានការវិនិយោគ បង្កើតសំណង់បង្កើតផ្ទះដែលមានតម្លៃសមរម្យ … ក្នុងប៉ុន្មានឆ្នាំនេះទោះជាគាំងដោយសារកូវីដ-១៩ យើងនៅតែបន្តខិតខំដោះស្រាយលើកិច្ចការនេះ។
(៣៥) ក្រសួងដែនដីនគរូបនីយកម្មនិងធនាគារជាតិ លើកទឹកចិត្តដល់វិស័យអចលនទ្រព្យដោះស្រាយជូនអតិថិជន
រដ្ឋាភិបាលមិនបានដេកអេះពោះ ហើយមើលការលំបាករបស់ប្រជាជននោះទេ។ ខាងក្រសួងដែនដីនគរូបនីយកម្ម (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី) ឯកឧត្តម សាយ សំអាល់ ធ្វើការរាល់ថ្ងៃជាមួយបូរី ជាមួយប្រជាពលរដ្ឋដែលទិញ(ផ្ទះ) ដើម្បីដោះស្រាយបន្តិចម្តងៗ … ខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាទាំងម្ចាស់បុរីទាំងបងប្អូនដែលទិញ ដែលយោគយល់។ យើងខិតខំជួយគ្នា ការលំបាកទាំងអស់គ្នា។ ខ្ញុំមិនថារូបមន្តណាខុសគ្នា។ បុរីមួយៗមានរូបមន្តខុសៗគ្នា។ លទ្ធភាពខុសៗគ្នា។ ប៉ុន្តែសូមឲ្យបងប្អូនជឿទុកចិត្តចុះ រដ្ឋាភិបាលមិនបានដេកស្ងៀមនោះទេ … គោលដៅធំបំផុតគឺដោះស្រាយបញ្ហាជូនអតិថិជន ធ្វើយ៉ាងម៉េចឲ្យក្រុមហ៊ុនអភិវឌ្ឍហ្នឹងមានលំនឹង បន្តដោះជូនទៀត។ រាជរដ្ឋាភិបាលខិតខំជាប្រចាំដោះស្រាយបញ្ហា ព្រោះយើងមិនអាចបំផ្លាញសេដ្ឋកិច្ចនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះទេ។ វាឡើងចុះ។ ពេលលំបាកយើងរួមគ្នាដោះ ពេលជោគជ័យបងប្អូន មានលទ្ធភាពឡើងទៀត …។
ខ្ញុំបានដាក់គោលការណ៍ជូន ឯកឧត្តម សាយ សំអាល់ មន្រ្តីរបស់ក្រសួងដែនដី ធនាគារជាតិដោះស្រាយ/បន្ថយសម្ពាធមួយចំនួនក្នុងវិស័យធនាគារដើម្បីមានលទ្ធភាពអាចជួយពង្រីកទុន លើកទឹកចិត្តដល់វិស័យអចលនទ្រព្យឲ្យមានលំនឹង។ កន្លែងណាមានបញ្ហាត្រូវខិតខំដោះស្រាយដោយទទួលខុសត្រូវ។ គ្រាន់តែយូរនិងឆាប់ យើងមិនអាចយករូបមន្តសម្លាប់មេមាន់ទេ។ ត្រូវឲ្យមេមាន់នៅរស់ដើម្បីយកពងមាន់មកដល់បងប្អូនប្រជាពលរដ្ឋ … ដោះស្រាយជូនអតិថិជនជាលំដាប់លំដោយ ជាបន្តបន្ទាប់ សូមមានការយោគយល់ការអំណត់។ យើងបានធ្វើជាប្រចាំ ហើយបងប្អូននៅតាមកន្លែងអភិវឌ្ឍដែលមានបញ្ហាបានជួបជាមួយក្រសួងបរិស្ថានជាច្រើនហើយ គ្រាន់តែយើងមិនផ្សព្វផ្សាយ។ អញ្ចឹងការខិតខំដោះស្រាយបញ្ហាប្រជាជនមានលទ្ធភាពទិញផ្ទះមុនកូវីដ-១៩ ហើយមានបញ្ហា បានធ្វើមានអ្នកខ្លះដំណើរការឡើងវិញ។ បុរីចាប់ផ្តើមដើរឡើងវិញ ប៉ុន្តែដោយប្រុងប្រយ័ត្ន។ ខ្ញុំជឿថាទៅមុខទៀតវិស័យអចលនទ្រព្យនឹងឡើងវិញ។
មានវិបត្តិសេដ្ឋកិច្ចបែបនេះ ក៏អាចនឹងមានវិបត្តិអចលនទ្រព្យ។ នៅអាស៊ានក៏ធ្លាប់មានមកហើយ ឆ្នាំ ១៩៩៧ ឆ្នាំ ១៩៩៩។ ប៉ុន្តែពេលលំបាកនេះ រាជរដ្ឋាភិបាលត្រូវធ្វើការជាមួយនឹងដៃគូពាក់ព័ន្ធទាំងអស់ដើម្បីរកដំណោះស្រាយ ដែលគោលដៅធំគឺប្រជាពលរដ្ឋ គឺអតិថិជននេះឯង។ សូមបន្តសហការដើម្បីធ្វើការងារទៀត។ អ្វីដែលខ្ញុំនិយាយនេះ គឺដើម្បីលើកទឹកចិត្តវិស័យឯកជនក្នុងការផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋយើងដែលបែកផ្ទះ មានកូនមានចៅ អត់អាចនៅតែផ្ទះ(តែមួយ)។ គាត់មានការងារ ប្រាក់បៀវត្សកើនជាបន្តបន្ទាប់អាចមានលទ្ធភាពទិញដោយបង់រំលោះផ្សេងៗ ដោយប្រុងប្រយ័ត្ន។ យើងដោះឥឡូវនេះ និងទៅមុខទៀតនឹងបង្កលក្ខណៈ។ នេះហើយគឺការខិតខំធ្វើឲ្យប្រជាជនមានការប្រែប្រួលពីក្រីក្រទៅជីវភាពមធ្យម …។
(៣៦) លើកទឹកចិត្តវិនិយោគអចលនទ្រព្យ បង្កើតលំនៅដ្ឋានទំនើបតម្លៃសមរម្យ មានការយកចិត្តទុកដាក់ពីធនាគារជាតិនិងអាជ្ញាប័ណ្ណស្ថាប័ន
នៅពេលដែលស្ថានភាពល្អ អ្នកណាក៏អួតបានដែរ ប៉ុន្តែពេលដែលលំបាក ត្រូវរកវិធីដោះស្រាយដែលកាត់បន្ថយនូវភាពអវិជ្ជមានអតិបរមាជូនដល់ប្រជាពលរដ្ឋ កាត់បន្ថយនូវភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងន័យនេះគឺអតិថិជន។ រូបមន្តនេះលំបាក។ ខ្ញុំសូមអរគុណចំពោះក្រសួងដែនដី មន្រ្តីពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុនវិនិយោគពិតប្រាកដ បូកជាមួយអតិថិជនរាប់ពាន់នាក់នៅទូទាំងប្រទេស ភាគច្រើនដែលមានការយោគយល់គ្នា។ យើងបន្តខិតខំរកវិធី ដោះស្រាយ។ ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងដោយសារវាពាក់ព័ន្ធទៅនឹងគោលនយោបាយរបស់យើង។ ឥឡូវយើង កំពុងតែលើកទឹកចិត្តនៅក្នុងការវិនិយោគបន្ថែមទៀតក្នុងផ្នែកអចលនទ្រព្យ។ ក្រុមហ៊ុនពីក្រៅប្រទេសមករៀបចំគោលនយោបាយ រៀបចំការវិនិយោគដើម្បីបង្កើតលំនៅដ្ឋានកាន់តែទំនើបតម្លៃកាន់តែសមរម្យបន្ថែមទៀត ដោយលើកនេះ ទាំងអ្នកទិញទាំងអ្នកលក់ប្រាកដជាប្រុងប្រយ័ត្ន ហើយធនាគារជាតិរបស់យើងជាមួយនឹងអាជ្ញាប័ណ្ណស្ថាប័ន ក៏នឹងបង្កើនការយកចិត្តទុកដាក់ … ទីផ្សារអចលនទ្រព្យឡើងចុះ មិនអាចថាពេលឡើងយើងឡើង ដល់ពេលចុះឲ្យវាចុះរហូតលែងឡើងវិញនោះទេ។ យើងត្រូវមានតម្លាភាព។ លើកទឹកចិត្តដើម្បីធ្វើការងារនេះ។ បៀវត្សមន្រ្តីរាជការទោះតិចឬច្រើនយើងឡើងជាប្រចាំ។ (ប្រាក់ឈ្នួល)កម្មករកម្មការិនីឡើងតិចឬច្រើនយើងឡើងជាប្រចាំ។ អញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំលទ្ធភាពតម្រូវការក៏កាន់តែធំ។ កូនកាន់តែធំហើយ កូននៅតូចនៅជាមួយយើងបាន កូនធំឡើងមានប្រពន្ធ មានកូនគេចង់បែកផ្ទះ។ កន្លែងខ្លះយើងមានដី យើងចែកឲ្យគាត់។ ធ្វើការបានគាត់មកធ្វើផ្ទះ។ កន្លែងខ្លះគាត់សន្សំលុយទិញដីធ្វើផ្ទះខ្លួនឯង។ អញ្ចឹងត្រូវមានរូបមន្តហិរញ្ញប្បទាន … សូមបញ្ជាក់ប៉ុណ្ណេះថា អំពីកំណើនសេដ្ឋកិច្ចរបស់យើងនៅក្នុងវិស័យអចលនទ្រព្យក្តី វិស័យកសិកម្ម វិស័យទេសចរណ៍ក្តី រាជរដ្ឋាភិបាលខំប្រឹងរុញដើម្បីបង្កើនការងារ បង្កើនចំណូល។ វិស័យកសិឧស្សាហកម្ម វិស័យពាណិជ្ជកម្ម វិស័យកាត់ដេរ និងវិស័យផ្សេងៗដែលមាននេះ គឺយើងខំធ្វើយ៉ាងណាដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋយើង ជាពិសេសរួមគ្នាឆ្លងកាត់ដំណាក់កាលនៃការលំបាកនេះ។
(៣៧) រំពឹងកំណើនសេដ្ឋកិច្ចមាន ៦,៦ភាគរយ ដោយមានភាពរួសរវើក ការបន្តវិនិយោគ ការបង្កើតថ្មី
យើងមិនងាយជួបវិបត្តិផ្ទួនៗ បែបនេះទេ។ ពីដើមឡើយ យើងធ្លាប់មាន ពេលខ្លះជំងឺអាសន្នរោគពិភពលោកប៉ុន្មានឆ្នាំទៅសម្លាប់មនុស្សរាប់សែននាក់រាប់លាននាក់។ ចប់ទៅ ក៏មិនមានវិបត្តិសេដ្ឋកិច្ចទេ។ កើនឡើងវិញ។ ពេលខ្លះគឺវិបត្តិសេដ្ឋកិច្ចតែឯងទៅ គឺអត់មានវិបត្តិរឿងជំងឺរាតត្បាតទេ។ តែឆ្នាំ ២០១៩ មកនេះ យើងចាប់ផ្តើមពីជំងឺរាតត្បាតបូកជាមួយនឹងអតិផរណាសេដ្ឋកិច្ច បន្ទាប់មកសង្រ្គាមផ្ទួនៗទៀត។ ប៉ុន្តែសំរាប់សេដ្ឋកិច្ចកម្ពុជា មកដល់ម៉ោងនេះ ពិតណាស់មានការថយបន្តិចជំនាន់កូវីដ-១៩ តែរាជរដ្ឋាភិបាលបានធ្វើអោយមានកំណើនឆ្នាំទៅដល់ ៥,៦ ភាគរយ ឆ្នាំនេះរំពឹង ៦,៦ ភាគរយ។ កំណើននេះបានន័យថាសកម្មភាពសេដ្ឋកិច្ចនឹងបន្ត។ ខ្ញុំជឿថាយើងមានអតិផរណាដែលប៉ះពាល់ចំណូលប្រជាពលរដ្ឋ ប៉ុន្តែពេលជាមួយគ្នាសេដ្ឋកិច្ចយើងក៏មានការរស់រវើក ការបន្តវិនិយោគថ្មីៗ បង្កើតថ្មីៗ ជាក្តីសង្ឃឹម។ ប្រទេសខ្លះនៅជិតយើង មិនបានឡើងដូចយើងទេ សូម្បីប្រទេសមួយចំនួននៅអឺរ៉ុប។ អឺរ៉ុបខាងលិច ក្រុមហ៊ុនបិទតកន្ទុយគ្នា។ ក្រុមហ៊ុនខ្លះមិនមែនគ្រាន់តែបិទនៅអឺរ៉ុបទេ បិទសាខាគាត់ទូទាំងពិភពលោកទៀត ព្រោះត្រូវកាត់បន្ថយ។ សម្រាប់កម្ពុជា ការរីកចម្រើនកំណើនសេដ្ឋកិច្ចរបស់យើងបាន រក្សាលំនឹង ហើយយើងត្រូវខិតខំផ្នែកណាដែលយើងរុញបានបន្ត ដូចជាវិស័យទេសចរណ៍ដើម្បីឱ្យមានកំណើនឡើងវិញជួយទៅដល់កសិកម្មជួយដល់(វិស័យ)អីផ្សេងៗ។ វិស័យកសិកម្មយើងជួយបានកំរិតណាយើងជួយ។ វិស័យឧស្សាហកម្មទាក់ទាញវិនិយោគបានកំរិតណាយើងជួយ។
(៣៨) ធ្វើឲ្យសេដ្ឋកិច្ចមានលំនឹងនិងកំណើនបានឆាប់ ដូចមុនពេល កូវីដ១៩
កន្លែងណាដែលជាប់គាំងជាប់ស្ទះ យើងរក(ដំណោះស្រាយ)ជូន។ កន្លែងណាដែលដើរទៅមុខយើងដាក់ចេញគោលនយោបាយមួយចំនួនដើម្បីផ្ដល់ការលើកទឹកចិត្តជូន។ ស្ដារឡើងវិញទាំងអស់គ្នា។ ដំណាក់កាលនេះយើងគិតថាជាដំណាក់កាលកំពុងស្ដារ និងចាប់ផ្ដើមកំណើនឡើងវិញ … រាជរដ្ឋាភិបាលដឹងថាប៉ុន្មានឆ្នាំនេះមានការប៉ះពាល់ដល់ប្រាក់ចំណូល។ រាជរដ្ឋាភិបាលនឹងបន្ដធ្វើឲ្យលំនឹងសេដ្ឋកិច្ចនិងកំណើនឆាប់ត្រឡប់មកវិញដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាជនកើនឡើងដូចមុនពេលកូវីដ១៩ ឲ្យបានឆាប់រហ័ស … យើងធ្វើកិច្ចការទាំងនេះជាប្រចាំ ជាពិសេសនៅក្នុងអាណត្ដិទី៧ នេះ ឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលអត់បានសំរាកក្នុងដំណាក់កាលរាត្រីទឹកឃ្មុំនោះទេ។ គេប្រាប់ខ្ញុំថា ក្រោយពីបោះឆ្នោតរដ្ឋាភិបាលមានរយៈពេល ៩០ ថ្ងៃជារាត្រីទឹកឃ្មុំ។ ខ្ញុំថារដ្ឋាភិបាលអត់មានរាត្រីទឹកឃ្មុំទេ។ បើរដ្ឋាភិបាលមានរាត្រីទឹកឃ្មុំ រវល់ជប់លៀងជ័យជំនះ ៩០ថ្ងៃនោះ ប្រហែលជាមានការលំបាកច្រើន។ ប្រជាពលរដ្ឋត្រូវការរដ្ឋាភិបាលរត់ពីថ្ងៃដំបូង។ អញ្ចឹងបានរត់ ហើយខិតខំរត់បន្ដដើម្បីប្រជាពលរដ្ឋ។ អ៊ំពូមីង ប្រជាពលរដ្ឋនៅកន្លែងនេះសូមជឿទុកចិត្តចុះ។ ដរាបណារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននៅបន្ដមានឱកាសបំរើប្រជាពលរដ្ឋ យើងនឹងខិតខំឲ្យអស់លទ្ធភាព ធ្វើឲ្យកាន់តែមានការអភិវឌ្ឍ ការរីកចំរើននៅគ្រប់កន្លែងមិនឲ្យឈប់នោះទេ។
(៣៩) មានសន្ដិសុខផ្លូវកាយ មានសេរីភាពប្រតិបត្ដិសាសនា រៀនសូត្រ ប្រកបការងារ ពង្រឹងសមត្ថភាពកូនចៅគ្រប់ជំនាន់
ផ្ដើមចេញពីការថែរក្សាសន្ដិភាព ស្ថិរភាព ឲ្យបាន ធ្វើឲ្យប្រជាជនមានឱកាសសប្បាយចិត្ត កុំឲ្យទៅណាមានការព្រួយបារម្ភពីរឿងសន្ដិសុខ បញ្ហាអស្ថិរភាព សង្គ្រាម។ សន្ដិសុខផ្លូវកាយមានសេរីភាពប្រតិបត្ដិសាសនា មានសេរីភាពរៀនសូត្រ ការងារផ្សេងៗ មានឱកាសផ្សេងៗ … ពង្រឹងនូវសមត្ថភាពរបស់កូនចៅគ្រប់ជំនាន់ដើម្បីធ្វើយ៉ាងណាឲ្យយើងកាន់តែមានភាពជោគជ័យ ជាមួយហេដ្ឋារចនាសម្ព័ន្ធបន្ថែម ទាញផលបានដល់ប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់ ជាពិសេសអ្នកតាកែវ អ្នកបាទីតែម្តង ដែលបន្តិចទៀតមានព្រលានយន្តហោះអន្តរជាតិធំជាងគេនៅក្នុងប្រទេសខ្មែរ ព្រែកជីកប្រវត្តិសាស្ត្រនៅក្បែរហ្នឹង បូកជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ផលនៅទីនេះកាន់តែច្រើន។ កន្លែងនេះ ដែលឃើញតែវាលស្រែ នឹងក្លាយទៅជារោងចក្រ។ ខ្ញុំជឿថា ១០ ឬ២០ ឆ្នាំទៀត កន្លែងនេះនឹងប្រែប្រួលកាន់តែទំនើប។ ខ្ញុំនឹងមកនេះ។ ពេលចូលនិវត្តន៍ ខ្ញុំនឹងដើរមើល។ ឥឡូវឲ្យគេសន្សំរូបថត កន្លែងដែលមុនបើកការដ្ឋាន រវាងមុននិងពេលទៅសម្ពោធ បើកមើលវាខុសគ្នាយ៉ាងម៉េច។ ទាល់តែអ្នកនៅហ្នឹងបានដឹងថាកន្លែងនេះរីកអភិវឌ្ឍយ៉ាងម៉េច … អ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះបានដឹងថាផ្លូវនេះខុសពីជំនាន់ឆ្នាំ ១៩៩០ យ៉ាងម៉េច ឆ្នាំ ២០០០ យ៉ាងម៉េច។ អត់យកអ្នកបាទីទៅប្រៀបធៀបភ្នំពេញទេ។ តាមមិនទាន់ភ្នំពេញទេ ហើយក៏មិនបាច់ប្រណាំងជាមួយនឹងភ្នំពេញដែរ … អ្នកតាកែវ អ្នកបាទី ត្រូវប្រកួតប្រជែងជាមួយអ្នកបាទីកាលពី៥ ឆ្នាំមុន ១០ឆ្នាំមុន ឲ្យការវិវត្តកាន់តែលឿន។ អ៊ំពូមីងបងប្អូនកូនចៅក្មួយៗ មួយជំនាន់ៗ ក៏ដូចគ្នា … ត្រូវធ្វើឲ្យពីមួយជំនាន់ទៅមួយជំនាន់រៀនបានខ្ពស់។ ជំនាន់លោកតាលោកយាយ រត់ពីសង្គ្រាម អ៊ំ លោកតា យាយ ខ្លះអត់ទាន់បានរៀនស្រួលបួលផង។ ឥឡូវមានចៅមានកូនរៀនចប់វិទ្យាល័យ រៀនចប់មហាវិទ្យាល័យ។
(៤០) មិនមែនគ្រាន់តែជាក្តីសង្ឃឹម តែជាបង្កើតទីផ្សារសំរាប់ផលិតផលក្នុងស្រុកជាក់ស្តែង
យើងនឹងបន្តដោះស្រាយនូវអ្វីដែលប្រជាជនចង់បាន រុញទៅដល់មូលដ្ឋាន ហើយចាំមើលក្នុង ២០ឆ្នាំទៀត មកតាម៉ៅមើលយ៉ាងម៉េច មកកន្លែងនេះមើល គីរីសួគ៌នឹងទៅជាអ្វី? ឥឡូវគោ ៩០០ ក្បាល ១០ឆ្នាំទៀតឡើងប៉ុន្មានពាន់ក្បាល? ផលិតទឹកដោះគោ យ៉ាអ៊ួរ ទីផ្សារបានប៉ុន្មាន។ ផលិតផលក្នុងស្រុកធានាបានទីផ្សារប៉ុណ្ណេះ ក្នុង ១០ឆ្នាំ ក្នុង១៥ឆ្នាំ ២០ឆ្នាំទៀត តើផលិតផលក្នុងស្រុកយើងពង្រីកបានប៉ុនណា? … កាលខ្ញុំនៅរៀន ទឹកក្រូចមួយកំប៉ុងក៏នាំចូលពីក្រៅទាំងអស់ ទឹកសុទ្ធមួយដប(ក៏នាំចូល)។ កាលនោះយើងមិនសូវប្រើទឹកសុទ្ធទេ។ ឥឡូវងាកទឹកសុទ្ធៗ។ ក្មួយៗខ្លះមិនចេះដាំទឹកទេ ព្រោះប្រើទឹកសុទ្ធ។ យើងធ្វើខ្លួនឯងបានផលិតផលច្រើន។ ទឹកដោះគោក៏យើងធ្វើខ្លួនឯង យ៉ាអួរយើងក៏ធ្វើខ្លួនឯង។ ខោអាវភាគច្រើនយើងធ្វើខ្លួនឯង តុទូយើងក៏ធ្វើខ្លួនឯង។ យើងផលិតខ្លួនឯងបានច្រើន។ Apps តាមទូរស័ព្ទ តាមបច្ចេកវិទ្យាធ្វើខ្លួនឯងច្រើន។ ផលិតផលក្នុងស្រុក គ្រាន់តែទឹកដោះគោដូច ១៥%។ សង្ឃឹមថា ១០ឆ្នាំ ឬ១៥ឆ្នាំទៀត ភាគរយនេះនឹងកើន ហើយកសិផលគ្រប់មុខក៏ដូចគ្នា។ នេះមិនមែនគ្រាន់តែសង្ឃឹមទេ ក្រសួងកសិកម្មបានខិតខំដាក់ទិសដៅបង្កើតទីផ្សារក្នុងស្រុក។ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម អាជ្ញាធររាជធានី/ខេត្ត កំណត់ថាផលិតផលកសិកម្មជាទិសដៅត្រូវធ្វើ។ ពីមុន យើងអត់សោះ ០% ទឹកដោះគោនាំពីក្រៅមក ១០០% ឥឡូវយើង(ផ្គត់ផ្គង់ខ្លួនឯង)១៥% ហ្នឹងជាមោទនភាពដែលយើងត្រូវមាន។
(៤១) “អួត” ពីស្ពាន ព្រលានយន្តហោះ ព្រែកជីក ផ្លូវហាយវេ ព្រោះជាមោទនភាពជាតិ
ពីមុន យើងអត់ដែលធ្វើបានស្ពានអីសោះ ឥឡូវយើងធ្វើបានស្ពាន … មានអ្នកថា(មាន)ប៉ុណ្ណឹងអួតអី? នៅស្រុកខ្មែរ បើយើងមិនធ្លាប់មាន ឥឡូវយើងធ្វើបាន យើងអួតមែនឬអត់? កូនអ៊ំធ្លាប់តែរៀនបានលេខចុងប៉ូច ខែនេះរៀនបានលេខ១ អួតគេពេញផ្សារ ព្រោះជាអ្វីដែលយើងខិតខំប្រឹងប្រែង។ មិនមែនអួតសម្រាប់ខ្ញុំទេ គឺអួតពីសមិទ្ធផល និងមោទនភាពជាតិខ្មែរ។ ពាក្យថាអួត ស្ដាប់មួយម៉ាត់ ន័យអវិជ្ជមាន តែអួតបានន័យថា លើកបញ្ជាក់នូវអ្វីដែលយើងធ្វើបាន។ កម្ពុជាមិនធ្លាប់មានព្រលានយន្តហោះកម្រិត 4F។ យន្តហោះផ្លូវឆ្ងាយមួយចំនួនកន្លងទៅ មិនងាយហោះមកកម្ពុជាទេ។ តែទៅមុខ នឹងហោះមកបាន។ ពីមុន យើងមិនដែលធ្វើព្រែកជីកធំភ្ជាប់ទៅសមុទ្រ បន្តិចទៀតយើងធ្វើបាន។ ជាមោទនភាពរបស់យើង។ ផ្លូវហាយវេ យើងមិនដែលមាន ឥឡូវយើងធ្វើហើយមួយពីកំពង់សោមមកភ្នំពេញ បន្តិចទៀតយើងនឹងធ្វើបន្តភ្ជាប់ទៅទៀត។ នេះហើយការមោទនភាព ជាការលើកយកមកសរសើរ និងលើកមកដើម្បីសម្ដែងមោទនភាព។ អ្នកដែលថាខ្ញុំអួតថាទៅចុះ ព្រោះខ្ញុំអួតមែន ព្រោះនេះជារបស់ខ្មែរ ធ្វើនៅស្រុកខ្មែរ ហើយមួយផ្នែកធំគឺកូនខ្មែរជាអ្នកចូលរួមធ្វើតែម្ដង។
(៤២) ជោគជ័យរបស់អ្នកវិនិយោគជាសក្តានុពលនិងជាសារដ៏មានសារសំខាន់
គេវាយខ្ញុំរឿង២ រឿងទាក់ម៉ូយ និងរឿងអួត។ ឥឡូវខ្ញុំបន្តប្រើពាក្យនេះ ព្រោះខ្ញុំមានមោទនភាព។ ទាក់ម៉ូយ ខ្ញុំនៅបន្តនិយាយ ព្រោះខ្ញុំដើរទាក់ម៉ូយមែន ទៅបញ្ចុះបញ្ចូល។ ទាំងនេះគឺជាសមិទ្ធផលរួមរបស់ជាតិរបស់យើង។ ខ្ញុំមិនអួតថាខ្ញុំរូបស្រស់ជាងគេទេ។ ខ្ញុំក៏មិនទាក់ម៉ូយយកមកដាក់ធ្វើរោងចក្រនៅដីចម្ការខ្ញុំដែរ។ ខ្ញុំអត់មានដីចម្ការទេ។ តែយកមកឲ្យកសិករ ឲ្យប្រជាពលរដ្ឋរបស់ខ្ញុំ។ ឥឡូវ គិរីសួគ៌ ទាក់ម៉ូយមកពង្រីកបន្ថែមទៀត។ យើងធ្វើជោគជ័យហើយ។ ខ្ញុំសង្ឃឹមថា ភាពជោគជ័យរបស់ គិរីសួគ៌ នឹងទាក់ម៉ូយអ្នកផ្សេងទៀតមកវិនិយោគក្នុងកសិកម្មក្នុងស្រុកយើង ព្រោះឃើញសក្ដានុពល … ជាសារធំណាស់ … ហ្នឹងហើយជាការទាក់ម៉ូយធំ។ មិនមែនខ្ញុំជាអ្នកនិយាយទេគឺលទ្ធភាពជាក់ស្ដែងរបស់អ្នកវិនិយោគដែលជោគជ័យនៅទីនេះ។ អ្នកវិនិយោគជោគជ័យនៅទីនេះ គឺបានមកពីការគាំទ្ររបស់ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ។ បើប្រជាពលរដ្ឋយើងមិនគាំទ្ររោងចក្រនៅនេះទេ ខ្ញុំថារោងចក្រមិនបានសេចក្ដីសុខទេ។ បើផ្សារមិនគាំទ្រផលិតផល មិនទិញ តើម៉េចធ្វើម៉េច។ បើប្រជាពលរដ្ឋមិនឲ្យកូនមកធ្វើការនៅនេះផង តើធ្វើម៉េច។ ហ្នឹងហើយជាសមិទ្ធផលរួម ដែលខ្ញុំអួតគឺដោយសារខ្មែរយើងរួមគ្នាកសាងបានសមិទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់កាន់តែធំឡើងជាប្រវត្តិសាស្រ្តសម្រាប់ខ្លួនយើង។ ហ្នឹងហើយការអួតរបស់យើង។ ខ្ញុំនៅតែបន្តអួតទៀត នៅបន្តទាក់ម៉ូយទៀត ដែលរួមគ្នាទាក់ម៉ូយថែមទៀត ដើម្បីកូនចៅយើង កាន់តែមានសមិទ្ធផលបានកាន់តែច្រើន។ បើថាអួត តែមកដល់ម៉ោងនេះ អត់មានលទ្ធផល (នោះទើបជាមិនបានការ)។ គ្រាន់តែមួយត្រីមាសនេះ ជាង ១០៦ គម្រោងមកវិនិយោគ គ្រោងដាក់ទុន ២២០០ លានដុល្លារ … ដោយសារលទ្ធផលបែបនេះ ដែលខ្ញុំហ៊ានអួត ហើយអួតកាន់តែខ្លាំងទៀត។ ព្រោះអី? យើងបានចូលរួមមួយផ្នែកតូចមកធ្វើដែរ។ ផលទាំងអស់ដែល ១០៦គម្រោងហ្នឹង បានផលទៅអ្នកណា? បានផលទៅតាមភូមិស្រុករបស់យើង បានផលទៅដល់ប្រជាពលរដ្ឋរបស់យើងដែលមានការងារធ្វើនេះឯង។ អញ្ចឹងខ្ញុំខំប្រឹងធ្វើ គ្រាន់តែនិយាយមិនបានឬអី? បើថាហ្នឹងខ្ញុំអួត បន្តនិយាយទៀតចុះ …។
(៤៣) ទោះបីនៅមានឆកល្វែង សូមប្រជាពលរដ្ឋជឿជាក់ថាការគាំទ្រគណបក្សប្រជាជនមិនខុសទេ
ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋកម្ពុជា លោកអ៊ំ ពូមីង នៅទីនេះ ខ្ញុំសូមបញ្ជាក់នូវអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ និងបន្តធ្វើជូនបងប្អូន។ អ្វីដែលនឹងកើតមានសម្រាប់អ៊ំ ពូមីង បងប្អូន។ សូមឲ្យបងប្អុននៅទីនេះ លោកតា លោកយាយនៅទីនេះ គួរជាទីមោទនភាព ជាការសប្បាយរីករាយ ដែលជាអំណួតរបស់អ្នកតាកែវនៅទីនេះ សូមឲ្យបានដឹងឮទាំងអស់គ្នា។ ការសប្បាយរីករាយ និងការមោទនភាព មិនមែនក្អេងក្អាងនោះទេ ដែលជាការលើកទឹកចិត្ត។ ធ្វើបែកញើសហើយ និយាយបន្តិចមិនបានឬ? ខំឡើងកាន់មេក្រូ មុនចេញចរចាម្ដងៗជួនកាលម៉ោង ២ភ្លឺដែរណា ចេញទៅក្រៅដាច់យប់ដែរណា ដើម្បីចេញទៅត្រូវចរចាអីជាមួយគេ។ ចរចានឹងវិស័យឯកជនអីគេ? ចរចាជាមួយរដ្ឋាភិបាលអីគេ? ចរចាយ៉ាងម៉េចដើម្បីបានផលមកយើង? សម្ដេចតេជោ លោកថា ៨ខែហ្នឹង ដឹងហើយណា។ គាត់បង្អាប់។ ឥឡូវនិយាយដើមគាត់ដាក់មេក្រូបន្តិចចុះ គាត់ប្រាកដជាមើលហើយ។ ខ្ញុំតែមួយផ្នែកទេ មន្ត្រីរបស់យើងគ្រប់ជាន់ថ្នាក់បានធ្វើការនៅទីនេះ។ មានការឆកល្វែង កន្លែងខ្លះយើងមិនទាន់ដោះស្រាយបានទាន់តាមតម្រូវចិត្តរបស់អ៊ំ ពូមីង បងប្អូន ដោះស្រាយយឺតនៅកន្លែងខ្លះ កន្លែងខ្លះយើងធ្វើបាន។ សូមមេត្តាយោគយល់។ ប៉ុន្តែ សូមលោកតា/យាយ អ៊ំ ពូមីង បងប្អូន ប្រជាពលរដ្ឋជឿជាក់តែមួយថា ការដែលលោកតា/យាយ អ៊ំ ពូមីង បងប្អូនបានផ្ដល់ការគាំទ្រទៅដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើប្រជាពលរដ្ឋបន្តទៅទៀតមិនខុសទេ គឺរាជរដ្ឋាភិបាលអាណត្តិទី៧នេះ និងអាណត្តិក្រោយៗទៀត បើមានការគាំទ្រពីប្រជាពលរដ្ឋ នឹងបន្តបម្រើប្រជាពលរដ្ឋអត់មានការនឿយហត់ទេ។ សូមអរគុណណាស់ ចំពោះការទុកចិត្ត និងការផ្ដល់ឱកាសនេះ។
[ចប់សេចក្ដីអធិប្បាយ៣]
ក្នុងន័យនេះ, ដើម្បីបន្តជំរុញវិស័យចិញ្ចឹមគោយកទឹកដោះ និងឧស្សាហកម្មកែច្នៃចំណីអាហារក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខ្ញុំសូមយកឱកាសនេះ ផ្តាំផ្ញើ និងផ្តល់អនុសាសន៍បន្ថែមមួយចំនួន៖
ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្ដល់កិច្ចសហការល្អ និងជួយសម្របសម្រួលដល់ ក្រុមហ៊ុនខ្មែរហ្វ្រេសមីល ក្នុងដំណើរការខ្សែច្រវាក់ផលិតកម្មចិញ្ចឹមគោយកទឹកដោះ និងផលិតផលទឹកដោះគោ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម ផលិតភាព និងភាពប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា និងការនាំចេញ។
ទី២. ខ្ញុំសូមលើកទឹកចិត្តដល់ ក្រុមហ៊ុនខ្មែរហ្វ្រេសមីល ពិនិត្យលទ្ធភាពពង្រឹង និងពង្រីកសមត្ថភាពផលិតកម្ម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក និង រួមចំណែកដល់ការធានាបាននូវសន្តិសុខស្បៀង និង អាហារូបត្ថម្ភ, ព្រមទាំងត្រូវបន្តពង្រឹងគុណភាព និង អនាម័យ ដើម្បីរក្សាបាននូវទំនុកចិត្ត និង ការជឿជាក់ពីអតិថិជន ឱ្យបានកាន់តែទូលំទូលាយ ។
ទី៣. ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ត្រូវពិនិត្យលទ្ធភាពបង្កើនដំណាំចំណីសត្វ ដោយសហការក្នុងភាពជាដៃគូជាមួយកសិករ និង សហគមន៍ជុំវិញកសិដ្ឋាន តាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្រោមកិច្ចសម្របសម្រួលពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រដ្ឋបាលខេត្តតាកែវ និង អាជ្ញាធរមូលដ្ឋាន ដោយក្រុមហ៊ុនត្រូវផ្តល់ពូជ ចំណេះដឹង និង ជំនាញបច្ចេកទេសនៃការចិញ្ចឹម ដើម្បីផ្តល់ឱកាសឱ្យកសិករចូលរួមចិញ្ចឹមគោទឹកដោះជាលក្ខណៈសហគមន៍ ឬ ជាសហគ្រិន សំដៅបង្កើនប្រាក់ចំណូលកាន់តែប្រសើរជូនបងប្អូនកសិករ ។
ទី៤. ខ្ញុំស្នើឱ្យ ក្រុមហ៊ុនខ្មែរហ្វ្រេសមីល បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងការស្រាវជ្រាវផ្ដល់កិច្ចបច្ចេកទេសវិទ្យាបង្កាត់ពូជគោយកទឹកដោះ ដែលស៊ាំទៅនឹងអាកាសធាតុ និង ជំងឺ, ផ្តល់ទិន្នផលទឹកដោះគោខ្ពស់ និងឈានទៅបង្កើតពូជគោយកទឹកដោះរបស់កម្ពុជាឱ្យបានច្រើននាពេលអនាគត ។
ទី៥. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រុមហ៊ុនខ្មែរហ្វ្រេសមីល បង្កើនកិច្ចសហការល្អជាមួយគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង ៣ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតមកហាត់ការ និង ពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍ដល់និស្សិតឆ្នើមឱ្យទៅរៀនជំនាញបន្ថែមនៅបរទេស ជាពិសេស នៅប្រទេសអ៊ីស្រាអែល ដែលមានកម្មវិធីហាត់ការស្រាប់ជាមួយគ្រឹះស្ថានអប់រំកសិកម្មទាំង ៣ ដើម្បីចូលរួមកសាងធនធានមនុស្ស, ម៉្យាង, សម្រាប់បង្កើនផលិតភាពរបស់ក្រុមហ៊ុន និង, ម៉្យាងទៀត, សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យមានភាពប្រកួតប្រជែងខ្ពស់ ។
ទី៦. កសិដ្ឋានចិញ្ចឹមគោទឹកដោះនៅកម្ពុជា និងក្រុមហ៊ុន ខ្មែរហ្វ្រេសមីល គួរពិនិត្យលទ្ធភាព និង សហការជាមួយ ក្រសួងអប់រំ យុវជន និង កីឡា ដើម្បីផ្គត់ផ្គង់ទឹកដោះគោស្រស់ ដែលជាអាហារូបត្ថម្ភបំប៉នសុខភាព និង បង្កើនប្រាជ្ញា សម្រាប់សិស្សានុសិស្ស ក្នុងតម្លៃសមរម្យ នៅតាមសាលារៀន, ជាក់ស្ដែងចាប់ពីដើមឆ្នាំ ២០២៣ រហូតដល់បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមគោទឹកដោះអូម៉ បាន និង កំពុងសហការជាមួយសហភាពសហ-ព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងការផ្តល់ទឹកដោះគោស្រស់ខ្លះដោយឥតគិតថ្លៃ ជូនដល់កុមារ និង និស្សិតក្រីក្រនៅរាជធានីភ្នំពេញចំនួនជិត ២ ០០០ នាក់ ជាអាហាររូបត្ថម្ភបំប៉នសុខភាព និង ប្រាជ្ញាបន្ថែម ដែលនេះ គឺជាការរួមចំណែកគាំទ្រដល់សុខុមាលភាពកុមារ, យុវជន និង ដល់ការគាំពារសង្គម ។
ទី៧. ខ្ញុំសូមយកឱកាសនេះ, អំពាវនាវដល់ វិស័យឯកជន ពិសេសគ្រប់អាជីវកម្មដែលប្រើប្រាស់ផលិតផលទឹកដោះគោ ដើម្បីផលិតផលិតផលសម្រេចជូនអតិថិជន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទំាងអស់ សូមចូលរួមគាំទ្រផលិតផលទឹកដោះគោស្រល់ផលិតក្នុងស្រុក និង ផលិតផល ផលិតក្នុងស្រុកដទៃទៀត ដើម្បីជួយលើកកម្ពស់ផលិតផលកសិកម្ម និង វិស័យម្ហូបអាហារនៅកម្ពុជាឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត ។
ជាថ្មីម្តងទៀត, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនខ្មែរហ្វ្រេសមីល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តតាកែវ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ក្រុមហ៊ុនដៃគូ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមគាំទ្រ សហការដ៏ល្អជាកម្លាំងរួមដ៏រឹងមាំ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមគួរជាទីមោទនៈ ក្នុងវិស័យកសិកម្មជូនជាតិ និង ប្រជាជនកម្ពុជា ។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(៤៤) លេងល្បែងប្រពៃណីអោយបានច្រើន ដោយច្នៃប្រឌិត ដោយអភិវឌ្ឍនិងការអភិរក្សជាមួយគ្នា
មុននឹងបញ្ចប់ ក្នុងឱកាសឆ្នាំថ្មីខ្ញុំសូមឱ្យអាជ្ញាធរខេត្តសហការជាមួយក្រុមការងារជាតិ ក្រុមការងារ ដែលចុះជួយពង្រឹងដើម្បីជួយនៅក្នុងការរៀបចំ ទីកន្លែង(ឱ្យមាន)បរិស្ថានល្អ មើលសណ្ដាប់ធ្នាប់ ជាពិសេសយកចិត្តទុកដាក់លើបញ្ហាសន្តិសុខក្នុងកម្មវិធីឱកាសប្រារព្ធពិធីបុណ្យ(ចូលឆ្នាំ)នៅទីនេះ អនាម័យ ឱ្យបានសប្បាយ។ ឆ្នាំនេះយើងអត់មានរៀបចំអង្គរសង្រាន្តទេ ប៉ុន្តែសង្រាន្តនៅអង្គរយើងរៀប សង្ក្រាន្តនៅខេត្តសៀមរាបយើងរៀប សង្ក្រាន្តនៅតាមសាលា នៅក្នុងខេត្តសៀមរាបយើងរៀប សង្ក្រាន្តនៅខេត្តតាកែវយើងរៀប … អម្បាញ់មិញខ្ញុំសួរក្មួយៗបានសង្ក្រាន្តមួយតង់បាត់ទៅហើយ សប្បាយមួយតង់រួចទៅហើយ។ យើងរៀបចំនៅខេត្ត រៀបចំឱ្យបាន(ល្អ)។ ចំពោះប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន សូមចូលរួមឱ្យសប្បាយ។ យើងបង្កើតនូវល្បែងសម្បូរបែប មិនហាមឃាត់ទេ ល្បែងសម្បូរបែប។ ប៉ុន្តែ សូមយកចិត្តទុកដាក់ចាប់អារម្មណ៍លេងឱ្យបានច្រើនល្បែងប្រពៃណីរបស់យើង។ ច្នៃប្រឌិត។ ល្បែងប្រពៃណីយើងច្នៃបានច្រើនណាស់ បោះអង្គុញអាចបោះបានច្រើន ល្បែងផ្សេងៗដែលយើងយកច្នៃ … រាំវង់ រាំក្បាច់។ មិនមែនថាមិនឱ្យរាំបទញាក់ទេ តែយើងក៏មិនភ្លេចរាំក្បាច់ប្រពៃណី និងមានការសម្ដែងក្នុងសង្ក្រាន្តតាមសាលាខ្លះ គេមានរបាំអប្សរា របាំគោះត្រឡោក។ កន្លែងខ្លះគេមានបង្ហាញម៉ូត ជាមួយរាំត្រុដិអីអញ្ចឹងទៅ។ ការអភិវឌ្ឍនិងការអភិរក្សវាទៅជាមួយគ្នា។ បងប្អូនជាច្រើនបានលើកយោបល់។ ខ្ញុំថា យើងធ្លាប់ក្មេងដែរតើ ការសប្បាយដោយទទួលខុសត្រូវ។ សប្បាយនៅក្នុងសាលាលោកគ្រូអ្នកគ្រូមើល សប្បាយរាំលេងជាកន្លែងរាំមិនមែនក្បាច់ល្បុក្កតោទេ។ ក្មួយៗ រាំជាន់ជើងគ្នាងាកមកញញឹមដាក់គ្នាទៅ …។
ព្រឹកមិញ ជិះឡានមក ខ្ញុំមើលនៅ Pub Street មនុស្សទៅណែន។ គ្រប់គ្នាដើរស្រួលតាមលំដាប់ … អ្នកខម្មិនថាឃើញបងប្អូនយើងមកលេងដើរប៉ះគ្នាសុំទោសគ្នាទៅវិញទៅមក។ យើងសប្បាយរៀបចំ decor រៀបចំអីភ្ញៀវអន្តរជាតិគេមក។ សប្បាយក្នុងសាលាកុំចេញទៅសប្បាយពេញផ្លូវ។ ថ្ងៃមុនក្មួយៗ នៅភ្នំពេញ សប្បាយក្នុងសាលាមិនអស់ចិត្តគាត់មកមួយប្រាវម៉ូតូផ្អើលភ្នំពេញទៅ។ ខ្ញុំសួរអភិបាលរាជធានី សួរទៅស្នងការភ្លាមបងធំមកពីច្រើនម្លេះ? អត់ទេ ក្មួយៗគាត់សប្បាយហើយជ្រុលចេញទៅក្រៅ មិនទាន់អស់ចំហាយ។ ថាអត់ទេសប្បាយនៅក្នុង សប្បាយគោរពគ្នាសប្បាយ កុំបន្លំកុំធ្វើអីប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ ជាពិសេសក្មួយនារីៗ សប្បាយទាំងអស់គ្នា។ល្ខោនមានឬអត់ចូលឆ្នាំ? អត់មានទេ។ មានតន្ត្រីខ្នាតតូច។ ម្សិលមិញខ្ញុំជួបអ្នករៀបចំកម្មវិធីជិតចូលឆ្នាំនៅកោះកុង គេថាជួលបានល្ខោនតាកែវទៅ។ ល្ខោនតាកែវដាច់ណាស់ កន្លែងខ្លះកក់ ៣ខែមិនបាន។ ល្ខោនបាសាក់ដូចគ្នាតែល្ខោនតាកែវហាងឆេងខ្ពស់ណាស់។ សូម្បីឯកឧត្តមអភិបាលខេត្តអ្នកល្ខោនដែរពីមុន សម្លេងពិរោះ។ យើងលើកទឹកចិត្តសិល្បៈគ្រប់ទម្រង់។ លេងសប្បាយគោរពគ្នាទៅវិញទៅមក មើលបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ លោកគ្រូ អ្នកគ្រូឱកាសយើងរួមគ្នាសប្បាយ។
[បញ្ចប់សេចក្ដីអធិប្បាយ៤]
ក្នុងឱកាសចូលឆ្នាំថ្មីនេះ, ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្រ្វេសមីល» និងក្នុង ឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ, ខ្ញុំសូម ជូនពរ ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី អង្គពិធី, សូមប្រកបដោយពុទ្ធពរនិង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
ក្មួយៗសប្បាយប្រយ័ត្នប្រយែង កុំឱ្យគេថាតាកែវទៀតហើយ។ ស្នងការមកទេ? មក។ កុំឱ្យ(គេថា)តាកែវទៀតហើយ។ ជិះឡានពាក់មួកសុវត្ថិភាព។ តែ១នាក់,២ នាក់, ១ក្រុម, ២ក្រុម ដែលចៃដន្យធ្វើឱ្យតាកែវ ទៀតហើយ កុំឱ្យមានទៀត។ បុគ្គលិកកម្មករ/ការនី ១២៧ នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ១៧៥នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល, ក្មួយៗសិស្សានុសិស្ស ២ ១០៨ នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៉ិចមួយដើម ថវិកា១ម៉ឺនរៀល, យុវជនកាយរិទ្ធ កាកបាទក្រហម ២០០នាក់ ម្នាក់ថវិកា២ម៉ឺនរៀល, ជូនវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ថវិកា ២លានរៀល, ជូនវិទ្យាល័យ សុខ អាន ទន្លេបាទី ថវិកា២លានរៀល, មណ្ឌលសុខភាពកណ្ដឹងថវិកា ២លានរៀល, សាលាស្រុកបាទី ២លានរៀល, ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣លានរៀល។ ម៉េចហើយក្មួយៗគ្រាន់តែប្រកាសភ្លាមគិតគូរគ្រប់គ្នាថាបានប៉ុន្មានចេញទៅណា? ទៅលេងភ្នំតាម៉ៅល្អ។ សូមអរគុណ៕
[បញ្ចប់សេចក្ដីអធិប្បាយ៥]