សម្ដេចធិបតី ជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

(Facebook Page ផ្ទាល់ខ្លួនសម្ដេចធិបតី)៖ នារសៀលនេះ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។  ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដម Anwar ដែលបានបន្តដេីរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រេីប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។

សម្ដេចធិបតី ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ៣ រូប ដែលរងរបួសពីការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់

(Facebook សម្ដេចធិបតី)៖ ព្រឹកនេះរួមជាមួយភរិយា បានចុះទៅសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។ សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចរបស់យើងដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។ ព្រមជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមចូលរួមរំលែកទុក្ខសារជាថ្មីជូនដល់ក្រុមគ្រួសារសពប្អូនប្រុស ឌី ណៃ ដែលបានទទួលមរណ:ភាពនៅក្នុងឧប្បទ្ទវហេតុនៃការបាញ់ប្រហារនេះ និងសូមវិញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ។ កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត។