សម្ដេចធិបតី សន្ទនាទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពាក់ព័ន្ធការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន
នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ យើងក៏បានពិភាក្សាគ្នា អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។