សម្ដេចធិបតី ថ្លែងអំណរគុណដល់អាជ្ញាធរតាមបណ្ដាខេត្ត ដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋភៀសសឹក និងដល់មហាគ្រួសារខ្មែរដែលកៀរគរមូលនិធិទាំងថវិកា សម្ភារៈ និងស្បៀងអាហារដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក

សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។ ជាមួយនេះ ក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្មជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបម្លាស់ទីមកកាន់ទីជម្រកសុវត្ថិភាព ដើម្បីការពារ និងគេចចេញពីការវាយប្រហារឈ្លានពានទីតាំងភូមិឋាននានាដោយកងទ័ពប្រទេសថៃ។ ទន្ទឹមនឹងនេះដែរ ក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ ទុក្ខលំបាកថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក ដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ឆតាឈ្លានពានដោយព្រះជាណាចក្រថៃ។

សម្ដេចធិបតី ចេញបទបញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំង និងរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃជួយសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹក

ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជម្លៀសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខុមាលភាពរបស់បងប្អូនក្នុងដំណាក់កាលលំបាកនេះ។ ជាមួយគ្នាដែលខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។ ខ្ញុំក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។

សម្តេចធិបតី ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា

យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី Donald Trump ថាកម្ពុជាឯកភាពជាមួយសំណើឱ្យមានការឈប់បាញ់ភ្លាមនិងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។ ជាដំណឹងល្អដែលខ្ញុំបានទទួលពីឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម…