សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)
[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេស នៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេល ទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាត ក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺ អាចធ្វើឱ្យយើងចែករំលែកបាននូវផ្លែផ្កានៃការអភិវឌ្ឍ ដល់ប្រជាពលរដ្ឋ គ្រប់ៗរូបស្មើៗគ្នា ។ ដូចបណ្តាប្រទេសនានាដែរ កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារ បច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈ ចាំបាច់…