ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា
[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Chang Won Sam បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបផងដែរថា កម្ពុជាជាប្រទេសទីមួយ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី ចាប់តាំងពីឯកឧត្តមបំពេញតួនាទីជាប្រធាន KOICA កាលពីឆ្នាំ២០២៣។ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្តងកាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះ ឯកឧត្តមបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…