សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមហាផ្ទៃដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្តដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់ផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋា
[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធជួបជុំគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គក្នុងការអនុវត្តការងារកន្លងមក ។ នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាស្ថាប័នស្នូលមួយរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ ។ ក្រសួងមហាផ្ទៃក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយ ថ្នាក់ជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់ផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ពិតណាស់ គោលនយោបាយ ឬផែនការអាចនៅត្រឹមតែនៅលើក្រដាសតែប៉ុណ្ណោះ ប្រសិនបើគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតសោត ក៏នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកដឹកនាំសម្របសម្រួល។ សម្តេចធិបតី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ, មន្ត្រីរដ្ឋបាលស៊ីវិល, មន្ត្រីពន្ធនាគារ…