កម្មការិនី ទួលបានការវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ

តាមរយៈបេសកកម្ម TYDA បានចុះពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី បុគ្គលិកប្រកបរបរក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ប្អូនស្រី សែម សុផាន់ណា អាយុ ៤០ឆ្នាំ រស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរងគ្រោះថ្នាក់បាក់ជើង វះកាត់ដាក់ដែកនាពេល កន្លងមក តែមិនទាន់បានវះកាត់ដកដែកចេញវិញ ដោយសារខ្វះលទ្ធភាព ។ នៅពេលនេះគាត់ ទទួលបានការវះកាត់យកដែកចេញ ដោយជោគជ័យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ និង អាចអនុញ្ញាតឲ្យគាត់ចេញទៅផ្ទះហើយ ។ ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។

ក្រុមគ្រូពេទ្យឯកទេសរបស់សមាគម TYDA វះកាត់ទ្រនាប់ឆ្អឹងកងចង្កេះ

ប្អូនប្រុស ដុង សុភា អាយុ ៣២ឆ្នាំ មានបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះ បណ្តាលឱ្យមានការឈឺចាប់ខ្លាំងជាយូរឆ្នាំមកហើយ ។ ប្អូនប្រុស បានទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហើយត្រូវបានបញ្ជូនមកព្យាបាល និងវះកាត់ដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគម TYDA នៅគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ។ បច្ចុប្បន្ន អាការរបស់ប្អូនប្រុសចាប់ផ្ដើមស្រស់បស់ឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញផងដែរ។ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក គឺឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។

គ្រូពេទ្យស្ម័គ្រចិត្តចុះអប់រំសុខភាពសហគមន៍ក្រីក្រ ជួយអ្នកជំងឺដំបៅជើងរលួយរ៉ាំរ៉ៃ

អ៊ំស្រី រស់ សុខុម អាយុ ៥៧ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ មានដំបៅជើងរលួយរ៉ាំរ៉ៃ និងឆ្លងមេរោគ ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម ហើយគ្រប់គ្រងជាតិស្ករមិនបានល្អ ព្រោះមានជីវភាពខ្វះខាត ។ ក្រោយពីគ្រូពេទ្យស្ម័គ្រចិត្តចុះអប់រំសុខភាពសហគមន៍ក្រីក្រកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក បានឃើញ និងស្នើសុំអន្តរាគមន៍ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីជួយព្យាបាលអ៊ំស្រី ។ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី, អ៊ំស្រី រស់ សុខុម ត្រូវបានបញ្ជូនមកព្យាបាលវះកាត់ តាមដានកម្រិតជាតិស្ករ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ការវះកាត់ទទួលបានជោគជ័យ ហើយកម្រិតជាតិស្កររបស់អ៊ំស្រីត្រូវគ្រប់គ្រងបានល្អប្រសើរ ដែលបច្ចុប្បន្ន អ៊ំស្រីត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ និងបន្តតាមដានយ៉ាងទៀងទាត់ជាមួយក្រុមគ្រូពេទ្យយើង ។ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក គឺបានឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។