សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត
[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញបងប្អូនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលនេះឆ្លុះបញ្ចំាងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ» ។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ត និងបញ្ជាក់ដល់បងប្អូនមានពិការភាពថា «បងប្អូនមិននៅឯកោនោះទេ» ព្រោះមាន សម្តេចធិបតីផ្ទាល់ រួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកបងប្អូនមានពិការភាពជាមូលធនមនុស្សដ៏មានសក្តានុពល និងបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណយុទ្ធសាស្ត្រទី ១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន…