សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការសិក្សាដាក់តំបន់ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិដ៏កម្ររបស់កម្ពុជា ព្រមទាំងស្នើឱ្យដាក់ពាក្យ «សង្ក្រាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះបទុមចេតិយក្នុងវត្តមណីរតនារាម ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតី គូសបញ្ជាក់ថា សមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលកើតមាននាពេលបច្ចុប្បន្ន គឺអាស្រ័យកត្តា ៤ យ៉ាង មានជាអាទិ៍ ទី១.កត្តាសុខសន្តិភាព ដ៏មានតម្លៃមហិមា ហើយត្រូវរក្សាឱ្យបានគង់វង្សយូរអង្វែង ព្រោះថាក្នុងសម័យសង្គ្រាមវត្តអារាមអាចក្លាយជាទីតាំងសមរភូមិ ប៉ុន្តែក្នុងសម័យសន្តិភាពទីតាំងសមរភូមិទាំងទ្បាយបានប្រែក្លាយមកជាកន្លែងកសាងសមិទ្ធផលបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ។ ទី២. កត្តាសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានានា ទី៣. កត្តារីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនដែលនាំឱ្យមានសទ្ធាជ្រះថ្លាក្នុងការចូលរួមក្នុងការកសាងសមិទ្ធផលសាសនាដែលខ្លួនគោរពបដិបត្តិ និង ទី៤.វប្បធម៌នៃការចែករំលែកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នានិងគ្នា ។ សម្តេចធិបតី បានបន្តទៀតថា សាសនា គឺជាប្រភពផ្ដល់គុណតម្លៃសម្រាប់សង្គម ហើយបានផ្សារភ្ជាប់សកម្មភាពមនុស្សទៅនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មនសិការ ផ្នត់គំនិត និងឥរិយាបថមនុស្សនៅក្នុងសង្គម ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណតិ្តទី៧ បន្តថែរក្សាកេរតំណែលរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់…