ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឺទ្ធសភា សភា រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» ដែលបានសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាពេលនេះ។
រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន គឺជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» ខណៈដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម គឺជា «ឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ», បានឆ្លុះបញ្ចាំងតាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន ដោយលើកស្ទួយការប្រើប្រាស់ និផលិតកម្មក្នុងស្រុកដើម្បីលើកកម្ពស់ជីវភាពប្រជាជន ដោយបង្កើតការងារ និងជំនាញ, ការជំរុញនវានុវត្តន៍ ដោយចាប់យកបច្ចេកវិទ្យាថ្មី និងការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល ដោយតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
សម្រាប់ការវិវឌ្ឍនេះ តាមរបាយការណ៍ផ្អែកទៅលើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២៖
- កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណជាង ៧៥ ម៉ឺនមូលដ្ឋាន។
- សហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រើប្រាស់កម្លាំងពលកម្មសរុបជិត ៣ លាននាក់, ក្នុងនោះ ស្ត្រីជិត ១,៨៥ លាននាក់។
- សហគ្រាសធុនមីក្រូ តូច និង មធ្យម រួមចំណែកប្រមាណ ៦៣% នៃ ផសស និងផ្តល់ការងារលើសពី ៧០%, ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
ជាក់ស្ដែងចំនួនផលិតផលចុះបញ្ជី៖
- តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, យើងមានផលិតផលចំនួន ១ ៣៣៦ មុខ ត្រូវបានចុះបញ្ជី នៅឆ្នាំ២០២៣, នៅឆ្នាំ២០២៤ ចំនួននោះកើនដល់ ២ ១៥៨ មុខ, ចំនួន ៣ ៦២៥ មុខ នៅឆ្នាំ២០២៥ ហើយដោយឡែកគ្រាន់តែ ៥ខែ ដើមឆ្នាំ២០២៦ យើងមានចំនួន ២៣៥៣ មុខ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ការបង្កើនការផលិតដើម្បីដោះស្រាយសេចក្តីត្រូវការក្នុងស្រុក មិនមែនឈានទៅបំបាត់ការនាំចូលទេ
បានន័យថា (បើពិនិត្យតួលេខផលិតផលដែលត្រូវបានចុះបញ្ជី ៥ខែដើមឆ្នាំ២០២៦នេះ) ផលិតផលមានការកើនឡើង។ នេះគឺជាមោទនភាពមួយ។ អ្វីដែលរាជរដ្ឋាភិបាលចង់ឃើញ គឺការជំនួសការនាំចូលអោយបានច្រើន។ សេដ្ឋកិច្ចយើងគឺសេដ្ឋកិច្ចបើកចំហ ជាសេដ្ឋកិច្ចទីផ្សារ។ ពាក្យថាចំហ គឺយើងក៏ចេញ គេក៏ចូល។ បើចង់ហាមគេមិនឱ្យចូល ទាល់តែគេហាមយើងមិនឱ្យចេញ។ អញ្ចឹង ការបង្កើនការផលិតខ្លួនឯងដើម្បីដោះស្រាយ(សេចក្តីត្រូវការក្នុងស្រុក)នេះ មិនមែនឈានទៅលុបបំបាត់ការនាំចូលទេ ប៉ុន្តែជាទិសដៅ គឺជំនួសការនាំចូលទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឧទាហរណ៍ របស់ហូបមួយប្រភេទ។ ពេលនេះ យើងនាំចូល៨០%។ ទៅថ្ងៃក្រោយ យើងឈានទៅនាំចូលតែ២០% (ដោយ)យើង(ផលិត)ជំនួសនៅក្នុង(ប្រទេស)ក្នុង៨០% នេះ …។
(២) ចង់ឱ្យ MSME អាចផលិតជំនួសទំនិញនាំចូល ជាស្បៀងអាហារ គ្រឿងសង្ហារិម គ្រឿងប្រើប្រាស់
ថ្ងៃមុន ខ្ញុំជួបជាមួយសមាគមស៊ីម៉ងត៍។ បច្ចុប្បន្ន សមាគមស៊ីម៉ងត៍ រោងចក្រផលិតស៊ីម៉ងត៍ យើងអាចធានាផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។ យើងផលិតរហូតទៅដល់ ១០លានតោន នៅពេលដែលតម្រូវការក្នុងស្រុកមាន ៨លានតោន។ អញ្ចឹង ការនាំចូលគឺកាត់បន្ថយមែនទែន។ ពិតណាស់ អតិថិជនខ្លះចង់បានស៊ីម៉ងត៍ប្រភេទអ្វីដែលយើងមិនមានផលិតក្នុងស្រុក ប៉ុន្តែជាមោទនភាពដែលពីមុនយើងនាំចូលសឹងតែ៨០% ឬដែលដំបូងឡើយ អាចថាសឹងតែទាំងអស់។ ឥឡូវយើងឈានដល់ការផលិត(ក្នុងស្រុក)ជំនួសការនាំចូលនេះ ដោយសមត្ថភាពខ្លួនឯង។ យើងចង់ឃើញផ្នែក SME ដែលជាសិប្បកម្ម អាច(ផលិត)ជំនួស(ទំនិញនាំចូលបាន) ជាពិសេសស្បៀងអាហារ ឬមួយក៏គ្រឿងសង្ហារិម ឬមួយក៏គ្រឿងប្រើប្រាស់។ អ្វីដែលឃើញ(សំរេចបាន)នៅក្នុងការអភិវឌ្ឍនេះគឺជាមោទនភាពរបស់យើង។
(៣) ឱ្យការផលិតនិងការគាំទ្រផលិតផលក្នុងស្រុកមានសន្ទុះកើនឡើងដោយសារចង់ពង្រឹងម្ចាស់ការ
លោកឧកញ៉ា តែ តាំងប៉ បានធ្វើរបាយការណ៍(ដោយបង្ហាញថា) ក្រោយពីមានបញ្ហាព្រំដែន ការផលិតក្នុងស្រុកមានសន្ទុះកើនឡើង និងការគាំទ្រផលិតផលក្នុងស្រុកក៏មានការកើនឡើង។ នេះគឺចំណុចវិជ្ជមានមួយ ជាព័ត៌មានល្អមួយ ប៉ុន្តែយើងត្រូវសួរខ្លួនឯងថា តើការកើនឡើងនេះ ដោយសារយើងខឹងគេ ដោយសារអត់ជម្រើស ឬមួយក៏ដោយសារយើងចង់ពង្រឹងសមត្ថភាពម្ចាស់ការខ្លួនឯង? (ជា)ចម្លើយ បើចង់បានចីរភាពត្រូវតែជាចំណុចទី៣។ កុំដោយសារខឹងអ្នកណាមួយបានខំប្រឹង។ (បែប)ហ្នឹងបានតែមួយឆាវទេ។ តិចទៀតត្រូវរ៉ូវគ្នាវិញ វាចប់។ យើងអត់ជម្រើស ដោយសារគ្មានអីចូលមកទៀត បានយើងខំប្រឹង បន្តិចទៀតមានជម្រើស យើងលែងខំប្រឹងហើយ។ បើយើងខំប្រឹងដោយសារផ្ទៃក្នុងខ្លួនយើងចង់អនុវត្ត ចង់ម្ចាស់ការ ចង់រីកចម្រើនខ្លួនឯង ទោះបីគ្មានអ្នកណាដែលត្រូវខឹង គ្មានអ្នកណាដែលត្រូវបិទជម្រើសក៏ដោយ ឬមានជម្រើសផ្សេងក៏ដោយ ក៏យើងនៅតែដាក់ទិសដៅពង្រឹងខ្លួនឈានទៅភាពម្ចាស់ការឱ្យកាន់តែច្រើន។ នេះទើបជាចីរភាព។
(៤) ក្រុមហ៊ុនស៊ីម៉ង់ត៍រីកចំរើនខ្លាំង ដោយសារអតិថិជនមានជំនឿលើគុណភាព និងតម្លៃសមរម្យ
នេះជាអ្វីដែលយើងត្រូវគិត។ កុំចាំដល់ពេលប្រឡងបានទន្ទេញមេរៀន។ បើអញ្ចឹងយើង(ប្រលង)អត់ជាប់ទេ ឬបានត្រឹមតែប្រឡងជាប់ ព្រោះអ្នកខ្លះពូកែប្រឡង តែមិនពូកែធ្វើទេ។ ប្រឡងបានពិន្ទុល្អ តែដល់ទៅធ្វើនៅក្រិនត្រង់ហ្នឹង។ បានន័យថាជិតប្រឡងបានគាត់ខំ។ អ្នកខ្លះគឺស្រាវជ្រាវខ្លួនឯងជាប់ជាប្រចាំ ពង្រឹងខ្លួនឯងជាប់ជាប្រចាំ។ យើងចង់បានសមត្ថភាពបែបនេះ។ សួរថា តើកត្តាក្នុងខ្លួនឬក្រៅខ្លួនដែលជំរុញឱ្យយើងត្រូវបង្កើនសមត្ថភាព? … ឧទាហរណ៍ នៅក្រុមហ៊ុនស៊ីម៉ងត៍ ហេតុអីបានជាអាចឈានទៅដល់ការជំនួសការនាំចូលបាន? មិនមែនដោយសារគាត់ទើបជំនួស(ការនាំចូលនៅ)ឆ្នាំ២០២៥ ក្រោយពីយើងវាយគ្នានេះទេណា។ គាត់បានឈានទៅដល់(មានសមត្ថភាព)ជំនួសនេះ (តាំងពី)មុនមានបញ្ហាព្រំដែនផង។ គាត់មិនមែនរីកចំរើនខ្លាំង ដោយសាររដ្ឋាភិបាលបិទមិនឱ្យស៊ីម៉ងត៍ពីក្រៅចូលទេ ប៉ុន្តែដោយសារអតិថិជនមានជំនឿ និងជឿទៅលើផលិតផលក្នុងស្រុក ដោយសារគុណភាព និងតម្លៃសមរម្យ ដែលគាត់អាចធានាបាន។
(៥) មិនអាចដាក់បម្រាមមិនឱ្យនាំទំនិញចូលបាន ព្រោះយើងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
អញ្ចឹង អ្វីដែលឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍អម្បាញ់មិញនេះ ប្រាកដណាស់ គឺការពង្រឹងសមត្ថភាព ពង្រឹងគុណភាព តម្លៃសមរម្យ ដែលទាញយកបេះដូង និងការទុកចិត្តរបស់អតិថិជន។ យើងមិនអាចបង្ខំប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ ឱ្យគាំទ្រផលិតផលរបស់ក្រុមហ៊ុន SME ឬក្រុមហ៊ុនស៊ីម៉ងត៍ក្នុងស្រុកបានទេ។ យើងក៏មិនអាចដាក់បម្រាមមិនឱ្យទំនិញចូល(បានដែរ) ព្រោះយើងជាសមាជិក(អង្គការពាណិជ្ជកម្មពិភពលោក) WTO។ ប្រសិនបើយើងដាក់បម្រាមមិនឱ្យស៊ីម៉ងត៍ក្រៅចូល គេក៏មិនឱ្យស៊ីម៉ងត៍យើងចេញដែរ។ តាមព័ត៌មាន ស៊ីម៉ងត៍របស់យើង (ក្រៅពី)ផលិត(សម្រាប់ផ្គត់ផ្គង់)ក្នុងស្រុកហើយ (នៅ)នាំចេញទៅក្រៅ កាលមុនដូចជាជាង ២ម៉ឺនតោនឯនោះ។ ក្រោយមកក៏បានធ្លាក់មកវិញមួយចំនួន។ នេះគឺការប្រកួតប្រជែងទីផ្សារសេរី។
(៦) គុណភាពផលិតផលពាក់ព័ន្ធដល់សុខភាពនិងជីវិតរបស់មនុស្ស
ខ្ញុំជឿថា ប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក។ ពិតណាស់ថា អាចមានកត្តាខាងក្រៅមួយចំនួននៅឆ្នាំនេះ ដោយសារមានរឿងបិទព្រំដែនមួយចំនួន ប៉ុន្តែបើចង់ឱ្យការគាំទ្រមាននិរន្តរភាពបាន ទាល់តែផលិតផលក្នុងស្រុកមានគុណភាព មានតម្លៃសមរម្យ (ទើប)អាចជំនួសអ្វី(ដែលនាំចូលពីក្រៅ)បាន។ ដូចគ្នា យើងអ្នកផលិត ប៉ុន្តែយើងក៏អ្នកប្រើប្រាស់ដែរ។ សិប្បកម្មមួយអាចផលិតនំ ប៉ុន្តែក៏ត្រូវការទិញទឹកត្រី ទិញស្អីពីក្រៅ។ អញ្ចឹង គាត់ក៏មានជម្រើសដូចគ្នា។ បើយើងត្រូវទៅទិញទឹកត្រីនាំចូល ឬមួយទឹកត្រីផ្ទៃក្នុង ត្រូវតែគិតគូរពីគុណភាពនិងតម្លៃសមរម្យ។ ខ្ញុំសូមបញ្ជាក់ថា កត្តាគុណភាពនេះជាកត្តាសំខាន់ ព្រោះវាពាក់ព័ន្ធទៅដល់សុខភាពនិងជីវិតរបស់មនុស្ស។ ចាត់ទុកថាផលិតផលរបស់យើងថាជាផលិតផលលក់ឱ្យអ្នកប្រើប្រាស់។ ប៉ុន្តែជាមួយគ្នា ការទទួលខុសត្រូវក្នុងការ(ដំណើរការ)ផលិត និងផលិតផលរបស់យើងក៏ជាកត្តាសំខាន់។
ល្ងាចមិញ ក្រសួងសុខាភិបាលបានហាមឃាត់ឡេណាមួយនោះ ដែលពិនិត្យទៅមានសារធាតុបារ៉តច្រើន ដែលលាបទៅប៉ះពាល់ដល់សុខភាពផ្ទៃក្នុង។ យើងត្រូវកែសម្រួល។ បើក្រុមហ៊ុនដែលផលិតឱ្យយើង ថានាំចូលពីក្រៅមានបញ្ហា ត្រូវឱ្យក្រុមហ៊ុនទទួលខុសត្រូវ។ បើថាធ្វើតេស្តមិនត្រូវគ្នា ត្រូវយកមកឆែកឡើងវិញឱ្យច្បាស់។ ប៉ុន្តែ ជាកាតព្វកិច្ច កុំចាំរដ្ឋចាប់ កុំចាំរដ្ឋទៅធ្វើតេស្ត គឺយើងត្រូវទទួលខុសត្រូវខ្លួនឯង ព្រោះនេះគឺជាបញ្ហា។ ថ្ងៃមុនឃើញមានរឿងត្រីសាម៉ុងនិងត្រីត្រោត។ បើយើងមិនគិតអំពីគុណភាពរបស់យើង ឬមួយក៏ធ្វើផលិតផល(ឱ្យមានគុណភាពទេ) អតិថិជន(ដែល)យើងរកបាន ១០ឆ្នាំ (នឹង)បែក(អស់)តែម្តង ព្រោះគេចាំថា “យើងបាត់គុណភាព បាត់ការទទួលខុសត្រូវ”។ ភាពច្បាស់លាស់ ភាពស្មោះត្រង់ ការទទួលខុសត្រូវ គុណភាព និងតម្លៃត្រូវដើរទន្ទឹមគ្នា ព្រោះជាគន្លឹះនៃភាពចីរភាព។
(៧) MSME ត្រូវដាក់ទិសដៅពង្រឹងពីមីក្រូ ទៅតូច ទៅមធ្យម និងទៅធំ ស្របតាមការអត្ថប្រយោជន៍រួម
រាជរដ្ឋាភិបាលនឹងបន្តជួយ។ យើងបានខិតខំដោះស្រាយបញ្ហាជាច្រើន។ យើងកាត់បន្ថយពន្ធ យើងសម្រួលនីតិវិធី ធ្វើយ៉ាងណាជួយជំរុញផលិតផលក្នុងស្រុក។ ប៉ុន្តែ បើថាឱ្យរដ្ឋចេញគោលការណ៍បិទ ឈប់ឱ្យយកផលិតផលប្រភេទណាពីក្រៅប្រទេស មិនថាមកពីប្រទេសណាទេ រឿងហ្នឹងទៅអត់រួចទេ ព្រោះយើងជាសមាជិក WTO ហើយទីពីរក៏វានឹងបិទច្រករបស់យើង មិនឱ្យចេញទៅក្រៅដែរ។ ដូចខ្ញុំនិយាយអញ្ចឹង បើមិនឱ្យស៊ីម៉ងត៍គេចូល គេក៏មិនឱ្យស៊ីម៉ងត៍ចេញដែរ មិនឱ្យថ្មម៉ាបគេចូល គេក៏មិនឱ្យថ្មម៉ាបចេញដែរ។ នេះនៅក្នុងស្ថានភាពដែលយើងជាសមាជិករបស់ទីផ្សារពិភពលោក។ ថ្ងៃនេះ សូម SME ដាក់ទិសដៅថាយើងមិនត្រូវនៅតែ SME រហូតទេ។ ត្រូវដាក់ទិសដៅពង្រឹងខ្លួនឯង ដើម្បីពីមីក្រូ ទៅតូច ពីតូច ទៅមធ្យម មធ្យមទៅធំ។ ដាក់ទិសដៅដើម្បីពង្រឹងខ្លួនឯង។ មហិច្ឆតាត្រូវមាន តែគឺមហិច្ឆតាសមស្របទៅតាមការអភិវឌ្ឍសង្គមនិងអត្ថប្រយោជន៍រួម។ មិនមែនមានន័យថា យើងមិនចង់រីក(នោះទេ) តែ(យើង)រីកក្នុងន័យស្រប រីកក្នុងន័យសុច្ចរិតភាព រីកក្នុងន័យបង្កើតនូវការជឿទុកចិត្តនិងការប្រកួតប្រជែង។
(៨) ចរន្តគាំទ្រផលិតផលក្នុងស្រុក ក្រោយជម្លោះព្រំដែន នឹងបន្តមានយូរអង្វែង
ខ្ញុំសង្ឃឹមថា ចលនានិងចរន្តរីកចម្រើននៃការគាំទ្រផលិតផលក្នុងស្រុក ដែលយើងបានឃើញនៅឆ្នាំ២០២៥ ក្រោយជម្លោះព្រំដែននេះ នឹងនៅតែមាន ហើយបន្តមានយូរអង្វែងតទៅទៀត។ រឿងទីផ្សារសេរី វានៅតែ(ជាប្រតិសកម្មរវាង)អ្នកផ្គត់ផ្គង់និងអ្នកត្រូវការ។ បើអ្នកត្រូវការគាំទ្រហើយ បើអ្នកផ្គត់ផ្គង់អត់មានលទ្ធភាពធ្វើឲ្យដែលគាត់អាចទទួលយកបានទេ គឺអ្នកត្រូវការនឹងមានជម្រើសផ្សេង។ កុំចាំជម្រើសដែលថា ត្រូវតែបិទ ត្រូវតែអ្វី។ អត់ទេ។ គឺជម្រើសគាំទ្រផលិតផល(ក្នុងស្រុក) គឺដោយសារយើងកាន់តែរឹងមាំ យើងកាន់តែមានភាពសម្បូរបែប ដែលឃើញចំនួនពីឆ្នាំ២០២៣ តែ ៣ឆ្នាំមុន យើងមានតែ ១ ៣៣៦មុខទេ ដែលបានចុះបញ្ជី។ ឥឡូវ គ្រាន់តែ ៥ខែដំបូង យើងឡើង ២៣៥៣(មុខ)។ បានន័យថា កើនឡើងចង់មួយជាពីរហើយ បើប្រៀបធៀបពេញមួយឆ្នាំ២០២៣។ នេះគឺជាចំណុចវិជ្ជមានរបស់យើង។
(៩) ទំនិញផលិតនៅកម្ពុជា វាយស្លាកកម្ពុជា កាន់តែច្រើន ធៀបនឹងទំនិញនាំចូល បញ្ជាក់ពីសមត្ថភាពនិងភាពធន់នៃកម្ពុជា
ខ្ញុំជឿថាយើងនៅមានសក្តានុពលច្រើនណាស់ក្នុងការផលិត (និងនាំ)ចូលទៅក្នុងផ្សារ។ យើងឃើញហើយ ផលិតផលកម្ពុជាមានអ្វីខ្លះ។ ផលិតផលនាំចូលមានអ្វីខ្លះ។ ខ្ញុំសង្ឃឹមថា ថ្ងៃក្រោយផលិតផលរបស់កម្ពុជា វាយស្លាកកម្ពុជា មិនមែនធ្វើនៅក្រៅប្រទេស ហើយវាយស្លាកធ្វើនៅកម្ពុជាទេ។ មិនមែនយកពីក្រៅមកបកស្លាក ហើយដាក់ស្លាកកម្ពុជាទេ គឺផលិតនៅកម្ពុជា វាយស្លាកកម្ពុជា នឹងនៅតាមទីផ្សារលក់កាន់តែច្រើន ធៀបទៅនឹងវត្ថុនាំចូល។ នេះគឺជាអ្វីដែលយើងទាំងអស់គ្នាចង់បាន។ មិនមែនតែខ្ញុំចង់បានទេ។ វាបញ្ជាក់អំពីសមត្ថភាព និងភាពធន់នៃកម្ពុជាខ្លួនឯង។ ចុះយើងចំណាយទៅក្រៅរាប់ពាន់លាន(ដុល្លារទិញទំនិញនាំចូល)។ និយាយតែគ្រឿងហូប និងរបស់ប្រើប្រាស់តូចតាចក្នុងផ្ទះ យើងអាចធ្វើបាន។ បើថាធ្វើដល់ ឧទ្ធម្ភាគចក្រ ធ្វើដល់គ្រឿងអេឡិចត្រូនិក ទូរស័ព្ទខ្ពស់ៗ ហ្នឹងយើងមិននិយាយទេ។ ប៉ុន្តែ របស់ប្រើប្រាស់ក្នុងផ្ទះ (ក្នុង)ចង្ក្រានបាយ គិតជាលុយរាប់ពាន់លាន(ដុល្លារ)។
ចុះរាប់ពាន់លានហ្នឹងពីណា? គឺប្រជាជនយើង(អ្នកទិញ)។ មិនមែនលុយខ្ចីពីគេ ខ្ចីពីធនាគារពិភពលោកយកមកចាយទេ គឺលុយប្រជាពលរដ្ឋយើង។ អញ្ចឹង តើរាប់ពាន់លាននេះ អាចជួយទ្រទ្រង់ Business ទ្រទ្រង់ធុរកិច្ចក្នុងស្រុក(បានទេ?)។ ខ្ញុំថានឹងអាចធ្វើបាន។ យកតែ ៣០%(នៃពាន់លាន)ឬ ៣០០លានយកមកជួយ ក៏ជួយបានវិស័យមួយចំនួនដែរ។ ជួយបាន SME ច្រើន។ ប៉ុន្តែ សំខាន់ការតភ្ជាប់។ ហ្នឹងហើយដែលតាំងពីមុនសភាពការណ៍ផ្ទុះអាវុធ ខ្ញុំបានឲ្យគោលការណ៍ ឯកឧត្តម ហែម វណ្ណឌី, លោកជំទាវ ចម និម្មល ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុ គិតគូររៀបចំ។ ឧទាហរណ៍ នៅតំបន់ទេសចរណ៍ខេត្តសៀមរាប យើងអាចភ្ជាប់ជាមួយសហគមន៍សិប្បកម្ម ផលិតផលិតផលទេសចរ កាត់បន្ថយការនាំចូល។ ជួនកាល យើងចូលទៅក្នុង ឃើញរូបតាព្រហ្មមួយក៏ផលិតពីក្រៅមកដែរ។ ពិតហើយ នៅក្រៅ គេផលិតបានតម្លៃថោកជាង ប៉ុន្តែយើងត្រូវរក(វិធីនិងលទ្ធភាព)ដាក់ទិសដៅ។ មិនបាច់យកម្ដង ១០០មុខទេ។ យកមកម្ដងតែប៉ុន្មានមុខហ្នឹង។ ធ្វើសិនទៅ។ មុខហ្នឹងរឹងមាំ យើងពង្រីកតទៅទៀត។ បើយើងចាប់ច្រើនពេក វាទៅអត់រួច។
(១០) រដ្ឋឲ្យក្រុមហ៊ុនទឹកដោះគោខ្ចីលុយពី ARDB ក្នុងអត្រាការប្រាក់ទាបបំផុត និងផ្តល់ដីដាំស្មៅឲ្យគោ
ពេលដែលមានសភាពការណ៍ មកដល់ម៉ោងនេះ ខ្ញុំបានឲ្យវាយតម្លៃ។ ឥឡូវយើងរុញផលិតផល ៥មុខដែលជាអាទិភាព មានទឹកដោះគោ មី ស្ករស មានប៉ុន្មានមុខទៀត និងផលិតផលកសិកម្មក៏មានប៉ុន្មានមុខ ដែលត្រូវជំរុញ។ រដ្ឋត្រូវជួយយ៉ាងម៉េចដើម្បីធ្វើ(ឱ្យដើរ) ព្រោះទីផ្សារមានហើយ។ ឧទាហរណ៍ ឥឡូវប្រជាពលរដ្ឋយើងប្រើប្រាស់ទឹកដោះគោឆៅ(ផលិតក្នុងស្រុក) មិនថាប្រើនៅក្នុងកាហ្វេ ឬមួយក៏ប្រើប្រាស់នៅផ្ទះហូបទេ។ ទីផ្សារក្នុងស្រុកយើងមាន។ មានអ្នកផលិតក្នុងស្រុក(មាន)គុណភាព ដែលប្រជាពលរដ្ឋយើងគាំទ្រ។ ប៉ុន្តែ សួរទៅ យើងផ្គត់ផ្គង់បានតែ ២០%ទេ។ អញ្ចឹង រដ្ឋត្រូវយកអាទិភាពជួយ(ដល់ការផលិត)ផលិតផលនោះ។ ដោយយើង(ផ្គត់ផ្គង់)បានតែ២០% ហើយទីផ្សារយើងនៅខ្វះ៨០% ទៀត រួមដោយយើងមានទីផ្សារ មានអ្នកផលិត គ្រាន់តែសមត្ថភាពទៅអត់រួច អញ្ចឹងថ្ងៃមុន យើងបានគិតគូរ (ទី១) ឲ្យខ្ចីលុយពី ARDB ដោយខ្ញុំឲ្យទម្លាក់ការប្រាក់ហ្នឹង ឬមួយទៅសូន្យ ឬមួយក៏ទាបបំផុត។ ទី២ ផ្តល់ដីប៉ុន្មានពាន់ហិកតា Free ដល់ ២-៣ ក្រុមហ៊ុន ដើម្បីដាំស្មៅឲ្យគោ មិនបាច់ជួលធ្វើអី។
(១១) ធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ និងគាំទ្រផលិតផលក្នុងស្រុក រីកដុះដាលដោយគុណភាពនិងតម្លៃសមរម្យ
យើងជួយគាត់តាមរបៀបអញ្ចឹង។ តែក្រុមហ៊ុន(ផលិតផលិតផលពីទឹកដោះគោ)ត្រូវធានាពង្រីកផលិតផល ធានាគុណភាព ដើម្បីពង្រីកទីផ្សាររបស់យើង។ នេះគឺជារូបមន្តនិងឆន្ទៈជួយគ្នា រវាងរដ្ឋនិងវិស័យឯកជន។ ជាគោលដៅ (ការធ្វើដូច)នោះ គឺមិនមែនដោយសារយើងខឹងអ្នកនេះឬអ្នកនោះឬយើងអត់ជម្រើសទេគឺយើងនៅមានជម្រើសជាការនាំចូលពីប្រទេសនានា ប៉ុន្តែយើងចង់ពង្រឹងភាពម្ចាស់ការខ្លួនឯង។ ទោះបីមានភាពប្រកួតប្រជែងនិងការបើកចំហក៏ដោយ យើងធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់និងគាំទ្រផលិតផលក្នុងស្រុកឱ្យរីកទៅបានគុណភាពល្អនិងតម្លៃសមរម្យ។ (ធ្វើបានតាម)គោលដៅនេះទើបមានចីរភាព។ នេះជាឧទាហរណ៍មួយ។ រដ្ឋនឹងបន្តមើលអាទិភាពប៉ុន្មានមុខទៀតដែលត្រូវជួយក្នុងវិស័យកសិកម្ម ដូចជាបន្លែ ផ្លែឈើមួយចំនួនដើម្បីជំនួសឱ្យការនាំចូល។ នេះជារូបមន្តដែលយើងត្រូវតាំងចិត្តដោយសារយើងខឹងអ្នកណា មិនមែនដោយសារយើងអត់ជម្រើសក្នុងរយៈពេលខ្លី ឬយើងត្រូវរស់រយៈពេលខ្លីមួយសិន ឬបណ្ដោះអាសន្នសិននោះទេ តែជាការដាក់ចិត្ត តាំងចិត្តរយៈពេលវែង ឈានទៅជំនួសការនាំចូល តាមរយៈការផលិតក្នុងស្រុករបស់ប្រជាជននិងដើម្បីផ្គត់ផ្គង់ប្រជាជនយើង។
(១២) ខំផលិតផលិតផលមានគុណភាព តម្លៃសមរម្យ អតិថិជនបន្តគាំទ្រ ធ្វើឱ្យទីផ្សារមានចីរភាព
ជាជាងផ្ទេរលុយទៅក្រៅ (យើង)ចាយក្នុងស្រុក។ ផលិតផលដែលយើងផលិត មានផលិតផលខ្លះដែលនាំចូលវត្ថុធាតុដើមពីក្រៅច្រើន ខិតខំដើម្បីជំនួសការនាំចូលវត្ថុធាតុដើមដែលអាចធ្វើទៅបាន ផលិតក្នុងស្រុក គឺជាខ្សែច្រវាក់ផលិតកម្ម។ ដូចផលិតកង់ឡាន ដូចផលិតទឹកដោះគោ ផលិតអីផ្សេងៗ យើងខិតខំធ្វើបាន។ (ផលិតផល)ស្ករស … ពង្រឹងការផលិតក្នុងស្រុកផ្គត់ផ្គង់ទៅឲ្យទីផ្សារ។ នេះគឺជាចក្ខុវិស័យរបស់ប្រជាជាតិយើង។ ដើម្បីពង្រឹងខ្លួនឯង ទាល់តែយើងរួមគ្នាគាំទ្រផលិតផលក្នុងស្រុក។ ផលិតផលក្នុងស្រុក ទាល់តែអ្នកផលិតរួមគ្នាដាក់ទឹកចិត្តថា យើងត្រូវខិតខំកសាងសមត្ថភាព កសាងផលិតផលដែលមានសុខភាព គុណភាពល្អ តម្លៃសមរម្យ អតិថិជននៅបន្តគាំទ្រ។ ការថែរក្សាទីផ្សារដែលមានចីរភាព គឺយើងប្រើទីផ្សារដើម្បីកាន់កាប់ទីផ្សារ។ នេះគឺជាមធ្យោបាយទីផ្សារសេរី។ យើងពង្រីកការកាន់កាប់ទីផ្សាររបស់យើង ទើបមាននិរន្តភាព។ រដ្ឋាភិបាលមិនអាចធ្វើអីក្រៅពីជួយនឹងបានទេ។ យើងប្រកួតប្រជែងដោយយុត្តិធម៌ ស្មើភាព ស្របតាមច្បាប់អន្តរជាតិ ជាមួយនឹងប្រទេសផ្សេងៗ។
នៅលើពិភពលោក ភាគច្រើនលើសលប់ សហគ្រាសមីក្រូ តូច និងមធ្យម ជាតួអង្គសំខាន់ដែលបង្កើតការងារច្រើន បង្កើតចំណូលច្រើន។ ខ្ញុំបានប្រាប់ទៅមិត្តជាច្រើនថា នៅកម្ពុជាក៏ដូចគ្នា។ កាលខ្ញុំនៅរៀន ខ្ញុំសរសេរនិក្ខេបបទថ្នាក់បណ្ឌិតផ្ដោតទៅលើ SME ព្រោះខ្ញុំគិតថារូបមន្តកម្ពុជាគឺ SME។ ប្រទេសតូច យើងអត់ទៅរំពឹងថាយើងមានក្រុមហ៊ុនយក្ស ឬពឹងផ្អែកលើក្រុមហ៊ុនយក្ស៤ -១០ ដូចអាមេរិកទេ។ ប៉ុន្តែ យើងផ្អែកទៅលើ SME បានន័យ SME ជាក្រុមហ៊ុនដែលជំនាញផលិត។ បើមិនផលិតទាំងស្រុង ក៏ផលិត(ផ្នែកណាមួយឬមួយចំនួន)ក្នុងខ្សែច្រវាក់នៃការផ្គត់ផ្គង់។ ផ្ដល់អាទិភាពទៅ SME ជួយ SME ឲ្យរីក ព្រោះ SME គឺជាកត្តាសំខាន់ដែលបង្កើតការងារ បង្កើតគុណភាពផលិតផល ដែល(នឹងតាំងជំហររបស់)កម្ពុជា ជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្មពិភពលោក។
ឥឡូវយើងមានរោងចក្រដំឡើងរថយន្តសម្រាប់ទីផ្សារក្នុងស្រុក។ យើងមានរោងចក្រផលិតបង្គុំអគ្គិសនី យើងមានរោងចក្រផលិតនូវផលិតផលមួយចំនួនដែលកើតពីការផ្គុំគ្រឿងបង្គុំពីខាងក្រៅ។ ទៅថ្ងៃក្រោយយើងចង់ផលិតគ្រឿងបង្គុំនៅខាងក្នុងឲ្យបានច្រើន។ នេះហើយគឺ SME។ យើងមិនអាចយកក្រុមហ៊ុន(វិនិយោគ) ១០០០លាន(ដុល្លារ)មួយទៅផលិតត្រឹមតែខ្ចៅរថយន្តទេ។ យើងអាចយកក្រុមហ៊ុនមួយ ២០-៣០ លានដុល្លារទៅផលិតខ្ចៅរថយន្តសម្រាប់ផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Toyota ក្រុមហ៊ុន Ford ជាដើម។ ការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនិងគោលនយោបាយអនុគ្រោះ(ផ្នែក)ពន្ធ គឺផ្ដោតទៅលើ SME ដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិតកម្ម។ ថ្ងៃមុន ទៅសម្ពោធក្រុមហ៊ុនតូយ៉ូតា ខ្ញុំថាគួរគិតមើល ពីការកុងត្រាជាមួយក្រុមហ៊ុនក្នុងស្រុកណាមួយផលិតពូកហ្នឹងមើល៎។ យើងផលិតពូកនាំចេញទៅអ៊ីតាលីហើយតើ។ នេះគឺជាចក្ខុវិស័យ។ ទាំងអស់នេះគឺ SME ហើយ។ ក្រុមហ៊ុន SME គេគិតចំនួន។ យើងគិតចំនួនមូលធន និងចំនួនបុគ្គលិក។ អញ្ចឹង ភាគច្រើនស្ថិតនៅក្នុង SME ហ្នឹងឯង។
(១៣) បន្តគោលនយោបាយសង្គមកិច្ចប្រមូលផ្តុំកម្លាំងមូលធនជាតិ ជំរុញសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
សហគ្រាសមីក្រូ ធុនតូច ធុនមធ្យម គឺភាគច្រើននៅក្រៅប្រព័ន្ធជាអាទិភាពធំសម្រាប់យើង។ សម្រាប់រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ និងបន្តមកអាណត្តិនេះទៀត យើងនៅតែផ្ដល់អាទិភាពដល់វិស័យឯកជន ក្នុងនោះមានការជួយដល់ MSME នេះ។ យើងត្រូវបន្តរួមគ្នាធ្វើអាទិភាពនេះតទៅទៀត។ មិនថាអាណត្តិនេះ អាណត្តិក្រោយនោះទេ នេះគឺជាអាទិភាពរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន។ ខ្ញុំនិយាយហ្នឹងបានដោយយោងថា(គណបក្សប្រជាជនដឹកនាំ)។ បើគណបក្សផ្សេង(ដឹកនាំ) ខ្ញុំមិនដឹងទេ ព្រោះជាគោលនយោបាយគេផ្សេង។ សម្រាប់រាជរដ្ឋាភិបាល(គណបក្សប្រជាជន) យើងនឹងបន្តជួយកសិករ ជួយ MSME និងប្រជាពលរដ្ឋ តាមគោលនយោបាយដែលយើងមានស្រាប់។ យើងនៅតែបន្តគោលនយោបាយសង្គមកិច្ចជួយប្រជាពលរដ្ឋដែលមានបញ្ហាដើម្បីប្រមូលផ្តុំកម្លាំងមូលធនរបស់ជាតិ ទាំងធនធានមនុស្ស និងមូលធនថវិកាជួយជំរុញសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតទៅទៀត។ រាជរដ្ឋាភិបាលនឹងបន្តខិតខំជួយដាក់ចេញវិធានការ ជួយសម្រួល លើកទឹកចិត្ត និងបង្កលក្ខណៈឱ្យវិស័យឯកជន ជាពិសេស MSME ឱ្យមានការរីកចម្រើនកាន់តែប្រសើរជាងនេះទៅទៀត។
[ចប់សេចក្ដីអធិប្បាយ១]
ជាក់ស្តែង, ការសម្រេចឱ្យមានការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងការប្រារព្ធពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យឯកជន, និយាយជារួម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មកម្ពុជា, និយាយដោយឡែក។
ដូចេ្នះ, ពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាស ធុនមីក្រូ តូច និង មធ្យម គឺជាវេទិការាជរដ្ឋាភិបាល និងសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលមានគោលបំណងពិភាក្សាស្វែងយល់អំពី បញ្ហាប្រឈម និងដាក់ចេញនូវវិធានការគោលនយោបាយ និងការលើកទឹកចិត្ត ឱ្យកាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណងសាមគ្គីភាព, មិត្តភាព និងកិច្ចសហការ រវាងម្ចាស់សហគ្រាស និងក្រសួង-ស្ថាប័ន, គ្រឹះស្ថានហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, សមាគមវិស័យឯកជន, ផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។
ឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលបានកសាងឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក, កម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ តាមរយៈការកែទម្រង់ជាបន្តបន្ទាប់, ការបើកចំហសេដ្ឋកិច្ច និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលបានបង្កើតនូវសមិទ្ធផលជាផ្លែផ្ការាប់មិនអស់។ សន្តិភាពបានបង្កើតលក្ខខណ្ឌអំណោយផលដល់ការវិនិយោគ, ស្ថិរភាពនយោបាយបានបង្កើតទំនុកចិត្ត, ការកែទម្រង់បានបង្កើតឱកាស, ហើយការខិតខំរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន បានប្រែក្លាយឱកាសទាំងនោះទៅជាកំណើន, ការងារ និងប្រាក់ចំណូលគ្រួសារ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការអភិវឌ្ឍវិស័យឯកជន និងការងារ គឺជាបញ្ចកោណទី៣ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយមានការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាមុំទី២។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ឱ្យមានលក្ខណៈពេញលេញ ប្រកបដោយជវភាព តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយគាំទ្រ, ការកាត់បន្ថយភាពស្មុគស្មាញនៃលក្ខខណ្ឌគតិយុត្ត, ការបង្កើតនូវប្រភពហិរញ្ញប្បទានថ្មីៗ, ការពង្រីកបណ្ដាញតភ្ជាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឌីជីថល និងថាមពល, ការជំរុញសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការវិនិយោគលើការស្រាវជ្រាវ និងនវានុវត្តន៍, ការពង្រីកធនធានមនុស្ស និងពង្រឹងមូលធនមនុស្ស និងការបន្តចរចាពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលក៏កំពុងខិតខំកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បង ដែលវិស័យឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា បាននិងកំពុងជួបប្រទះ តាមរយៈ ការកែទម្រង់ប្រព័ន្ធគយ និងពន្ធដារ, ការធ្វើសាមញ្ញកម្មនីតិវិធីចុះបញ្ជី និង អាជ្ញាបណ្ណអាជីវកម្ម, ការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង, ជំនាញ, សីលធម៌ និងវិន័យ, ការជំរុញឌីជីថលូបនីយកម្ម និងការចាប់យកបច្ចេកវិទ្យាថ្មី, ការលើកកម្ពស់សហគ្រិនភាព និងសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្ម, ការលើកស្ទួយនវានុវត្តន៍ និងនវធុរកិច្ច (Startups), ការធ្វើពិពិធកម្មប្រភព និងផលិតផលហិរញ្ញវត្ថុ, ការបង្កើតមូលនិធិគាំទ្រសហគ្រាស, ការតភ្ជាប់ឧស្សាហកម្មប្រតិគមន៍, ការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Clusters) ជាដើម, សំដៅបង្កើនប្រសិទ្ធភាព, ភាពប្រកួតប្រជែង និងនវានុវត្តន៍ របស់វិស័យឯកជន, និយាយជារួម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា, និយាយដោយឡែក។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១៤) កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ដោះស្រាយជាប្រព័ន្ធបញ្ហាប្រឈមចម្បង
នៅក្នុងកិច្ចការ(កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ដោះស្រាយជាប្រព័ន្ធបញ្ហាប្រឈមចម្បង ដែលវិស័យឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា )នេះ យើងក៏បានទទួលព័ត៌មាន និងធ្វើការវាយតម្លៃ ដាក់ចេញគោលការណ៍ជួយសម្រួលបន្ថែមទៀត។ ពីអាណត្តិមុនៗ ក៏យើងបានធ្វើការកែសម្រួលនីតិវិធី ក៏ដូចជាការរៀបចំប្រព័ន្ធឌីជីថលជួយឱ្យមានការរៀបចំចុះឈ្មោះ ចុះបញ្ជីផ្សេងៗ បានកាន់តែប្រសើរឡើង។ ថ្ងៃមុន ខ្ញុំបានឱ្យឯកឧត្តម ហែម វណ្ណឌី (រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍) ពិនិត្យមើលសមត្ថភាពមន្ទីរពិសោធន៍។ ឥឡូវ បើផលិតផល ២០០០ជាង(មុខ)នេះ ក្នុងតែ ៥ខែ យើងសប្បាយមែនប៉ុន្តែបើសិនមើលទៅថា មិនមែនតែ២០០០ ទេ ស្រាប់តែមាន ៥០០០មុខដាក់ពាក្យ តែក្នុង ៥ខែ (យើងមានសមត្ថភាពពិនិត្យ)បានតែ២០០០ មុខ ហ្នឹងគឺយឺត។ ត្រូវពិនិត្យមើល។ យើងមានមន្ទីរពិសោធន៍តាមក្រសួងស្ថាប័នច្រើន។ ខ្ញុំឱ្យពិនិត្យមើលកន្លែងណាដែលមិនចាំបាច់ ឬជាន់គ្នា ត្រូវបង្រួម ដើម្បីបង្កើនសមត្ថភាពមួយកន្លែងឱ្យវារីក ឱ្យលឿន។ ក្រសួងឧស្សាហកម្មត្រូវចេញ(ការសំរេច) ព្រោះផលិតផលខ្លះ ត្រូវមានការអនុញ្ញាតពីក្រសួង(នេះ) ត្រូវការធ្វើតេស្ត។ បើសិនដាក់ផលិតផលមកត្រូវការពេលដល់ទៅ ៣ខែ ៤ខែ ៥ខែ ឬ៦ខែ ទើបចេញបាន វា(ធ្វើអោយ)យឺត(ដំណើរការ)។
ពិនិត្យមើលសមត្ថភាពមន្ទីរពិសោធន៍របស់យើង។ ស្ថាប័នរដ្ឋមិនមែនតែក្រសួងឧស្សាហកម្មទេ ក្រសួងផ្សេងទៀតក៏ដូចគ្នា និយាយរួមរដ្ឋ គឺមានស្ថាប័នផ្តល់សេវាគាំទ្រ។ វិស័យឯកជនគឺជាអង្គភាពដែលត្រូវធ្វើសកម្មភាពទីផ្សារ ផលិតនិងលក់ដូរ។ យើងត្រូវគាំទ្រធ្វើយ៉ាងណាឱ្យបានលឿន។ បើសិនជា នីតិវិធីស្មុគស្មាញ (យើងត្រូវសំរួល ឬ)បើនីតិវិធីស្មុគស្មាញ ក៏យើងមិនអាចឆិនឆៃបានទេ (ព្រោះ)ត្រូវធានាគុណភាព ប៉ុន្តែជួនកាលការពិនិត្យគុណភាព គួរធ្វើតែម្តងឬពីរដងហើយ កុំបាច់ពិនិត្យប្រាំដង។ បើម្តងទៅពីរដងហើយត្រូវទុកចិត្តពីរដងហ្នឹង កុំថាក្រែងពីរនាក់ហ្នឹងអត់ធ្វើត្រឹមត្រូវ … ពីរដងហ្នឹងឱ្យច្បាស់។ កុំបាច់មានអ្នកទៅឆែកច្រើនដងពេក។ ឥឡូវ យើងកំពុងតែជួបបញ្ហាដូចជារឿងគុណភាពចំណីអាហារ។ យើងកំពុងតែសិក្សាដើម្បីបង្រួម។ ប្រហែលជាត្រូវបង្កើតស្ថាប័នរួមមួយ … ឧទាហរណ៍ ម្ហូបអាហារចូលមកតាមច្រកព្រំដែន ត្រូវគយត្រួតពិនិត្យ មកដល់ផ្សារត្រូវក្រសួងពាណិជ្ជកម្ម ចូលទៅក្នុងហាងត្រូវក្រសួងសុខាភិបាល/ទេសចរណ៍ ហើយមិនដឹងថាមាន SOP ឬបទដ្ឋានប្រតិបត្តិហ្នឹងស៊ីគ្នាឬអត់? សូមគិតគូរ។
(១៥) រៀបចំរចនាសម្ព័ន្ធអោយបាន កែលិខិតបទដ្ឋានគតិយុត្តតាមក្រោយ
របៀបដែលខ្ញុំឱ្យគិតគូរ គឺត្រូវយកក្រដាសសមួយសន្លឹកមក កុំយកអ្វីដែលមានស្រាប់។ វាស្មុគស្មាញ។ ក្រសួងស្ថាប័ននីមួយៗ សុទ្ធតែមានអនុក្រឹត្យ ព្រះរាជក្រឹត្យ ស្អីៗ គាំទ្ររបស់ខ្លួន។ ហ្នឹងហើយដែលស្មុគស្មាញ។ អ្នកណាក៏មានសិទ្ធិដែរ។ មើលបញ្ហាស្មុគស្មាញយ៉ាងម៉េច ហើយបើគ្នាច្រើននៅតែមានផលិតផលខូចគុណភាព វាចន្លោះប្រហោងយ៉ាងម៉េច? អញ្ចឹង យកក្រដាសសមួយសន្លឹកមកគូសថាធ្វើម៉េចដើម្បីធានាការគ្រប់គ្រងផលិតផលដោយសង្គតិភាព តម្លាភាព និងប្រសិទ្ធភាព កុំឱ្យវាស្មុគស្មាញ ច្រើនវគ្គ គឺមានការទទួលខុសត្រូវច្បាស់លាស់។ គូសយ៉ាងម៉េច រៀបចំរចនាសម្ព័ន្ធយ៉ាងម៉េច ភារកិច្ចយ៉ាងម៉េច ក្រុមយ៉ាងម៉េច ហើយចាំយកទៅកែលិខិតបទដ្ឋានគតិយុត្ត។ បើសិនយើងចាប់ផ្តើម ប៉ុន្តែចងជើងដោយសារលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ យើងពិបាកណាស់ (ដូចជាថា) ចង់ធ្វើបែបនេះអត់បានទេ ព្រះរាជក្រឹត្យមិនឱ្យធ្វើ។ អត់ទេ! ទាំងអស់ហ្នឹងគឺស្ថានភាពដែលរៀបចំពេលមុនគឺស្ថានភាពពេលមុន។ ពេលនេះ ពិភពលោកបានប្រែប្រួល។ ឥឡូវប្រើ AI ប្រើឌីជីថល (Digital)។ យើងយកឯកសារបទដ្ឋានពី ២០ឆ្នាំមុន ១៥ឆ្នាំមុនមកអនុវត្តអត់កើត។
ជួនកាល ក្រសួង/ស្ថាប័នដែលរៀបចំ ដោះស្រាយតាមជ្រុងរបស់គាត់។ គាត់យកលិខិតបទដ្ឋានមួយដើម្បីដោះ(តែ)ជ្រុង(នោះ ដោយ)អត់បានមើល(ពីជ្រុងដ៏ទៃ) … ជួនកាល ឆ្លងអន្តរក្រសួងមែន ប៉ុន្តែឆ្លងទៅនៅតែមិនអស់។ ដល់អនុវត្តៗ អត់ចេញ វាប្រទាំងប្រទើស។ (យើងត្រូវ)កាត់ត្រង់ហ្នឹងចោល។ (កិច្ចការ)ទាំងអស់នេះ ជួយទាំងអ្នករកស៊ី និងធំបំផុតគឺជួយអតិថិជន ឱ្យបានផលិតផលមួយដែលធានាគុណភាព តាមរយៈនីតិវិធីមិនស្មុគស្មាញ មានការទទួលខុសត្រូវ អ្នកដែលអនុវត្ត មន្រ្តីដែលអនុវត្តក៏ស្រួល មានគោលការណ៍ច្បាស់លាស់ មិនជាន់គ្នា ហើយងាយធ្វើការ។ នេះគ្រាន់តែឧទាហរណ៍មួយទេ។ ថ្ងៃមុន ឃើញផ្អើល គ្រាន់តែចុះបញ្ជីផលិតសាប៊ូអត់ចេញ។ បានគោលការណ៍ពីក្រសួងឧស្សាហកម្ម ភ្លេចក្រសួងសុខាភិបាល ដល់ទៅធ្វើវាខ្ទាស់មួយទៀត។ ឥឡូវផ្គុំគ្នាយ៉ាងម៉េចដើម្បីឱ្យ(ដំណើរការបាន)ស្រួល?
ឥឡូវនេះ យើងបានធ្វើមួយជំហាន ដូចជាដាក់ចុះប៉ុន្មានទៅក្នុង CamDX។ ប៉ុន្តែនៅផលិតផលមួយចំនួន។ ផលិតផលខ្លះ យើងអត់អាចឈិនឆៃទេ ឧទាហរណ៍ សុខាភិបាល។ សុខាភិបាលត្រូវមាននីតិវិធីត្រួតពិនិត្យកម្រិតណាមួយធានាអ្នកប្រើប្រាស់ ប្រើទៅលាបទៅកុំឱ្យមហារីក។ ថ្ងៃមុន មានអាផលិតផលមួយទៀតនោះលាបហើយយកកៅស៊ូទៅរុំ។ នាយទាហានម្នាក់ កាលខ្ញុំនៅអង្គភាពប្រឆាំងភេរវកម្ម គ្នាសម្បុរវាស្រគាំ ដល់ទៅទិញឡេហ្នឹងមកលាប បន្ទាប់ទៅគេដឹកទៅពេទ្យសង្គ្រោះបន្ទាន់។ មិនមែនដោយសារឡេហ្នឹងទេ ដោយសារវិធីសាស្ត្រគឺលាបឡេហ្នឹងហើយយកកៅស៊ូទៅរុំ។ ការលក់ផលិតផល ទាំងការណែនាំពីនីតិវិធីក្នុងការប្រើប្រាស់ត្រូវឱ្យច្បាស់លាស់ បើមិនអញ្ចឹងទេមានបញ្ហា។ ដល់រុំទៅ ខ្យល់តាមស្បែកយើងមានដកដង្ហើមបានឯណា។ គេថារុំទៅថាឆាប់ស។ រឿងនិយាយដូចជារឿងកំប្លែង ប៉ុន្តែជារឿងពិត ហើយវាឆ្លុះបញ្ចាំងពីចំណុចដែលយើងត្រូវពង្រឹង។
ទាក់ទងសុខភាពចំណីអាហារ។ នៅប្រទេសខ្លះមានអង្គភាពមួយត្រួតពិនិត្យទាំងពីរហ្នឹងតែម្ដង។ ឧទាហរណ៍ លក់ថ្នាំនៅឱសថស្ថាន តើលក់ថ្នាំហ្នឹងហួសកាលកំណត់ ឬមួយក៏យ៉ាងម៉េច ឬថ្នាំក្លែងក្លាយ? ហ្នឹងត្រូវការធានាច្បាស់លាស់។ ប៉ុន្តែយើងមិនអាចកាត់ក្រសួងសុខាភិបាលចោលទេ។ យើងមិនអាចឱ្យក្រសួងសុខាភិបាលឆិនឆៃទេ តែក្រសួងសុខាភិបាលត្រូវពិនិត្យរកវិធីសាស្ត្រអីកុំឱ្យវាស្ទះ សម្រួលនីតិវិធីកម្រិតណា ដែលថាអាចធានាបាននូវគុណភាព ពិនិត្យជាមួយគណៈវិជ្ជាជីវៈ ឬមួយក៏ស្តង់ដារណាមួយ។ ទីពីរ ត្រូវពង្រីកសមត្ថភាពនៃអង្គភាពដែលសំខាន់។ ឧទាហរណ៍ យើងមាន ៥ថ្នាក់ ត្រូវការតែ ៣ថ្នាក់ត្រួត លុប ២ថ្នាក់ចោល ទុក ៣ថ្នាក់ ហើយបង្កើនសមត្ថភាព។ បើត្រូវការបង្កើនមនុស្ស បង្កើនការវិនិយោគបន្ថែមឱ្យ(យន្តការ) ៣ថ្នាក់ហ្នឹងមានប្រសិទ្ធភាព ហើយដើរលឿន ក៏យើងត្រូវធ្វើ។ ខ្ញុំបានប្រាប់ឯកឧត្តម ហែម វណ្ណឌី បើថាត្រូវការពង្រីកមន្ទីរពិសោធន៍ ត្រូវការទិញឧបករណ៍/ម៉ាស៊ីនមកថែម ដើម្បីកុំឱ្យផលិតផលដែលប្រជាពលរដ្ឋក្នុងវិស័យ SME ដាក់(ផលិតផល)ទៅ(សុំពិនិត្យ)មុននឹងយកទៅផលិតនោះ ចាំយូរពេក។ យើងត្រូវហ៊ានធ្វើចំណុចហ្នឹង។
(១៦) កែសម្រួលនីតិវិធី ពង្រឹងអ្វីដែលចាំបាច់ ចំគោលដៅ បម្រើសេវាលឿន មានគុណភាព នឹងបង្កើនការទុកចិត្តរបស់អតិថិជន
រឿងហ្នឹងវាចំគោលដៅ។ តែកុំទិញផ្នែកផ្សេងៗ ទៀតដែលវាមិនចាំបាច់។ យករបស់ចាំបាច់ ហើយពង្រីករបស់ហ្នឹង។ បង្រៀនមនុស្សបន្ថែម។ ឧទាហរណ៍ ដើម្បីឱ្យមន្ទីរពិសោធន៍ហ្នឹងមានតែ ២០នាក់ ៣០នាក់ ឬ ៥០នាក់ ម៉ាស៊ីនមានតែ២០ ផលិតផលត្រូវការប្រហែលមួយខែដើម្បីឆ្លង ឬមួយក៏យូរ។ ត្រូវពង្រីកសមត្ថភាពកន្លែងហ្នឹង ព្រោះវាសំខាន់។ អាចថារើសមនុស្សបន្ថែម ទិញម៉ាស៊ីនបន្ថែម ដើម្បីធ្វើម៉េចឱ្យ(ការងារដែលប្រើពេល)ជាងមួយខែហ្នឹង (ត្រូវបាន)កាត់មកត្រឹមតែ ១៥ថ្ងៃឬមួយអាទិត្យឱ្យចេញបាន។ ត្រូវធ្វើការកែសម្រួលនីតិវិធី កាត់បន្ថយ កែទម្រង់អ្វីដែលមិនចាំបាច់ ពង្រឹងនូវអ្វីដែលចាំបាច់ឱ្យចំគោលដៅ ដើម្បីបម្រើសេវាឱ្យបានលឿន ឱ្យបានសុក្រឹត ឱ្យបានគុណភាពច្បាស់លាស់ អត់ឆិនឆៃ ដើម្បីបង្កើនការទុកចិត្តរបស់អតិថិជន។ អតិថិជនយើងមុនគេ គឺសហគ្រាសហ្នឹងឯង។ បើស្រួលក្នុងការធ្វើ សហគ្រាសអត់កាត់ ព្រោះពេលខ្លះចាំយូរពេក គាត់ធ្វើសិនហើយ។ ហ្នឹងរឿងផ្សេងទៀត។ តែបើសិនជាយើងធ្វើនីតិវិធីនេះ យើងចងឱ្យជាប់។ នេះជាការធានាប្រសិទ្ធភាព គុណភាព ទំនុកចិត្តនិងធានាការរីកចម្រើនរបស់ MSME។
(១៧) មិនមែនឱ្យសេវាពិសេសអ្នកវិនិយោគមកពីក្រៅ តែមិនឱ្យអ្នកវិនិយោគក្នុងស្រុកទេ
តាំងពីដើមអាណត្តិ ហើយជាពិសេសមួយឆ្នាំជាងនេះ រដ្ឋបានពិនិត្យមើលនិងកែសម្រួលនីតិវិធីជាច្រើន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល CamDX ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអភិវឌ្ឍ។ ឥឡូវក្រសួងជាច្រើនចូលទៅក្នុងហ្នឹង។ បានន័យថា យើងដាក់ឯកសារមួយក្នុងហ្នឹង គ្រប់ក្រសួង ស្ថាប័នទាំងអស់គឺ(ទទួលបាន) មិនបាច់ចាំអ្នកដាក់ពាក្យកាន់មកមួយគំនរ ២០ឯកសារ ២០រឿងអញ្ចឹងមកក្រសួងទេ។ ទៅដល់ក្រសួងស្ថាប័នមួយទៀត ទាមទារឯកសារដដែល។ គឺដាក់នៅលើហ្នឹង អញ្ចឹងទៅដល់នោះ គេទាញយកមកពិនិត្យមើលតាមកុំព្យូទ័រហ្នឹងហើយ។ ត្រូវឲ្យមិនឲ្យយ៉ាងម៉េចតាមហ្នឹងតែម្តង។ កាត់បន្ថយការប្រើប្រាស់មនុស្ស កាត់បន្ថយនីតិវិធី សម្រួលឲ្យមានភាពសាមញ្ញ ដើម្បីធ្វើយ៉ាងណាឲ្យ MSME ឲ្យវិស័យឯកជនរបស់យើងកាន់តែមានភាពជឿជាក់ និងមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម។
ការធ្វើធុរកិច្ចរបស់សហគ្រិនគឺការប្រកួតប្រជែងរបស់ជាតិ។ អ្នកក្នុងនិងអ្នកក្រៅអត់មានការរើសអើងទេ។ មិនមែនអ្នកវិនិយោគមកពីក្រៅ យើងមានសេវាពិសេសឲ្យគេ ហើយអ្នកក្នុងស្រុកអត់(មាន)ទេ។ ត្រូវតែដូចគ្នាទាំងអស់។ ជាការប្រកួតប្រជែងទាំងអស់។ យើង(អនុវត្ត)ទីផ្សារសេរី។ កម្ពុជាជាសមាជិកនៃប្រទេសអាស៊ាន១១។ យើងជាសមាជិកនៃយន្តការតំបន់ Free Trade ដូច RCEP អីហ្នឹង។ យើងមានការលើកលែងនាំចេញនាំចូលជាមួយប្រទេសច្រើន ប៉ុន្តែកុំភ្លេចថាយើងម្នាក់គេក៏ម្នាក់ ត្រូវប្រកួតប្រជែងជាមួយគ្នា។ ពេលទៅក្រៅប្រទេស ឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ធ្លាប់ចេញទៅជាមួយ យើងឃើញហើយ ទន្ទឹមនឹងថាគណៈប្រតិភូធុរកិច្ចរបស់យើងចេញទៅទាក់ម៉ូយ គណៈប្រតិភូធុរកិច្ចប្រទេសផ្សេងក៏ចេញទៅទាក់ម៉ូយដូចគ្នាដែរ។ យើងត្រូវធានាភាពម្ចាស់ការរបស់យើង។
(១៨) “ពង្រឹងកត្តាវិជ្ជមាន បន្ថយកត្តាអវិជ្ជមាន … បើមិនខ្លាំងខ្លួនឯង គ្មានអ្នកណាជួយទេ”
ទាល់តែថា ផ្ទះរបស់យើងស្អាត ផ្ទះរបស់យើងមានភាពប្រកួតប្រជែង ទើបយើងហ៊ានទៅប្រកួតប្រជែង។ នេះគឺកត្តាសំខាន់។ អ្នករកស៊ីអន្តរជាតិគេរើស។ មកកម្ពុជាក៏បានទីផ្សារ ៦០០លាននៅអាស៊ាន ទៅប្រទេសផ្សេងក្នុងអាស៊ានក៏បានទីផ្សារ(ទំហំដូចគ្នា)។ អញ្ចឹងគេនឹងពិនិត្យមើល។ ក្នុងនោះ ភាពងាយស្រួលនិងតម្លៃនៃការធ្វើធុរកិច្ច ភាពច្បាស់លាស់ អាចកំណត់បាន អាចព្យាករបាននៃបរិយាកាសធុរកិច្ច គឺកត្តាមួយសំខាន់ដែលជួយឲ្យយើងពង្រីកបានសក្តានុពលទាក់ម៉ូយ សក្តានុពលនៃការរីកចម្រើនធុរកិច្ច មិនថាក្នុងជាតិនិងអន្តរជាតិក្នុងកម្ពុជា ដែលវាជាកត្តាទាក់ទាញធំណាស់។ កម្ពុជាមិនតូច ហើយក៏មិនធំនៅក្នុងតំបន់អាស៊ាន។ យើងធំជាងប្រទេសទីម័រឡេស្ត ប្រ៊ុយណេ សិង្ហបុរី ធំជាងឡាវ តែយើងតូចជាងប្រទេសច្រើនទៀត។ អញ្ចឹង យើងអត់ខាតទេ។ គ្មានប្រទេសណាមួយមានកត្តាវិជ្ជមានទាំងអស់(ទេ ហើយក៏)គ្មានប្រទេសណាមួយអវិជ្ជមានទាំងអស់ដែរ។ សំខាន់ធ្វើអីដើម្បីពង្រឹងកត្តាវិជ្ជមានរបស់យើង កាត់បន្ថយកត្តាអវិជ្ជមានរបស់យើងទើបយើងរឹងមាំ។ ការលំបាកដែលយើងប្រឈមនៅក្នុងរយៈពេលកន្លងមកនេះ វាប្រាប់យើងចំណុចមួយយ៉ាងច្បាស់គឺ បើយើងមិនខ្លាំងខ្លួនឯង មិនខំខ្លួនឯង គ្មានអ្នកណាជួយយើងទេ។ បើយើងចង់ខ្លាំងខ្លួនឯង ទាល់តែគ្រប់វិស័យជួយគ្នា សហការគ្នា រដ្ឋជួយវិស័យឯកជន វិស័យឯកជនជួយខ្លួនឯង ដើម្បីជួយអតិថិជន តាមរយៈការខិតខំផលិតរបស់គុណភាព សុច្ចរិតភាព តម្លាភាព គិតគូរពីសុខភាព ផលប្រយោជន៍របស់អ្នកប្រើប្រាស់។
(១៩) ដើម្បីរក្សាទំនុកចិត្តអតិថិជន រដ្ឋជួយសំរួកនីតិវិធី វិស័យឯកជនពង្រឹងសមត្ថភាពនិងគុណភាពការផលិត
ម្សិលមិញ ក្នុងការប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបានលើកឧទាហរណ៍មួយ។ ជារឿងពិតដែរ … ខ្ញុំទៅហូបគុយទាវនៅខេត្តមួយមុននឹងកម្មវិធី។ ចូលទៅដល់ ខ្ញុំកុម្មង់គុយទាវប្រហិតសាច់គោ។ អ្នករត់តុ គាត់ជា Fan របស់ខ្ញុំតាម Facebook បានខ្សឹបប្រាប់ខ្ញុំថា “បង! ខ្ញុំសុំជូនយោបល់បង កុំហូបប្រហិតសាច់គោ”។ ខ្ញុំថាម៉េចបានប្អូនឯងនិយាយអញ្ចឹង លក់ម៉េចដាច់បើប្រាប់គេអញ្ចឹង។ “បង ខ្ញុំស្រឡាញ់បងឯង ខ្ញុំ Fan បងឯង ខ្ញុំប្រាប់ថាបងឯងកុំហូប កុម្មង់ស្អីផ្សេងទៅ”។ ឥឡូវសួរថា បើសិនជាអ្នកលក់ខ្លួនឯងដឹងហើយ ខ្លួនឯងមិនហូបផង តើលក់ឲ្យគេទេ? សុំឲ្យគិតពីរឿងហ្នឹងផង។ បើអត់ដឹងជារឿងមួយ តែបើដឹងហើយ សុំកុំធ្វើបែបនេះ។ រដ្ឋមិនចង់ជាតួអង្គដើរចាប់ទេ។ យើងត្រូវសហការ ព្រោះអតិថិជនរបស់យើង ក៏ជាមនុស្សម្នាក់ដែលស្រឡាញ់កូន ស្រឡាញ់ប្រពន្ធ ស្រឡាញ់សុខភាពដូចយើងដែរ។ បើសិនជាថាផលិតផលហ្នឹងមានបារ៉ត ផលិតផលហ្នឹងមានគ្រឿងដែលផឹកទៅ ញ៉ាំទៅ ធ្វើឲ្យថ្ងៃក្រោយមហារីក សុំដូរទៅ។ ខាតអីបន្តិចបន្តួច គិតទៅវាមិនស្មើនឹងខាតជីវិតគេទេ។ យើងជាប្រទេសកាន់ពុទ្ធសាសនា មិនថាសាសនាណាទេ សាសនាឥស្លាម សាសនាគ្រិស្ត ដូចតែគ្នា គ្មានអ្នកណាចង់ធ្វើបាបអ្នកដទៃទេ។ ដូចខ្ញុំបានលើក មិនថាអ្នកណា កុំថាព្រះមហាក្សត្រឬមួយក៏កសិករ សុខភាពសំខាន់។ មេទ័ពមានទ័ពការពារ អង្គរក្សពាសពេញ ប៉ុន្តែដាក់នៅក្នុងខ្លួនដូចតែគ្នាទេ។ ប្រជាពលរដ្ឋ កសិករក៏ចង់បានសុខភាពល្អ កម្មករសំណង់ក៏ចង់បានសុខភាពល្អ ដូចលោកឧកញ៉ា អ្នកឧកញ៉ា ឬមួយអ្នកធុរកិច្ច។
យើងរួមគ្នាទទួលខុសត្រូវ។ រដ្ឋនឹងជួយសម្រួល។ ប៉ុន្តែ បើវិស័យឯកជនដើរតួនាទីជួយត្រួតពិនិត្យខ្លួនឯង រដ្ឋមិនបាច់ចាំដាក់វិធានការច្រើនជាន់ដើម្បីតាមចាប់ទេ ព្រោះយើងយល់គ្នាហើយ។ អតិថិជនក៏មិនសូវបារម្ភ។ (រឿងនេះវា)ខាតខ្លួនឯងទេ។ បើសិនជាផលិតផលដូចគ្នា តែមានហាងមួយលក់ទៅមានបញ្ហា ឧទាហរណ៍ថា ផ្លែឈើស្អីមួយស្រាប់តែហូបទៅមានបញ្ហា … ឥឡូវរឿងអ្នកលក់សាលម៉ុនគ្រាន់តែហាងមួយទេ តែអាចអ្នកផ្សេងទៀតគិតថា (មានអ្នកបន្លំលក់)ត្រោត(ថាជាសាលម៉ុន)ទាំងអស់។ វាជះ(ផលប៉ះពាល់មក)ទាំងអស់គ្នា ដោយសារការមិនទុកចិត្តគ្នា ហើយការមិនទុកចិត្តជាកញ្ចប់។ បើសិនជាការលក់ដូររបស់អាជីវករមួយមានបញ្ហា វានឹងបង្កើតភាពមិនទុកចិត្តលើផលិតផលសម្រាប់អ្នកជាច្រើន។ ខ្ញុំគិតថា ការរួមគ្នា ការធ្វើការជាមួយគ្នា ទាំងរដ្ឋក៏នឹងខិតខំកាត់បន្ថយនីតិវិធីដើម្បីជួយសម្រួល ហើយវិស័យឯកជនក៏ត្រូវរួមគ្នាធ្វើយ៉ាងណាពង្រឹងសមត្ថភាពនិងគុណភាពនៃការផលិត។ ក្នុងពេលបច្ចុប្បន្ន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា បងប្អូនទាំងអស់ យើងបានជួបបញ្ហាមួយចំនួនដែលពិភពលោកប្រែប្រួល មានពេលល្អមានពេលអាក្រក់ វាដូចថ្ងៃ ដែលថ្ងៃខ្លះភ្លៀង ថ្ងៃខ្លះរាំង ថ្ងៃខ្លះខ្យល់ល្អ អត់ថេរទេ។ ដែលសំខាន់គឺត្រូវពង្រឹងភាពធន់របស់យើង។
[ចប់សេចក្តីអធិប្បាយ២]
បញ្ហាប្រឈមមួយចំនួនដែលយើងបាននិងកំពុងជួបប្រទះ និងអាចជួបប្រទះនៅពេលខាងមុខ៖
- សេដ្ឋកិច្ចពិភពលោកបាននិងកំពុងប្រឈមនឹងភាពមិនច្បាស់លាស់, ការប្រែប្រួលនៃខ្សែច្រវាក់ផ្គត់ផ្គង់, ការកើនឡើងនៃវិធានការការពារពាណិជ្ជកម្ម, ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលបាននិងកំពុងមានផលជះអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។
- កម្ពុជាបន្តទទួលរងនូវការឈ្លានពានពីប្រទេសថៃ និងកម្មវិបាកសេដ្ឋកិច្ច នៃការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
- សេដ្ឋកិច្ចបៃតង, បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត កំពុងកំណត់ឡើងវិញនូវស្តង់ដា និង របៀបប្រកួតប្រជែងនៅលើទីផ្សារតំបន់ និងសកល។
- កម្ពុជានឹងចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ខាងមុខ ដែលនឹងនាំមកនូវការផ្លាស់ប្តូរលើលក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍ។
- ស្តង់ដាផលិតផល, ស្តង់ដាប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ស្តង់ដាប្រព័ន្ធគ្រប់គ្រងគុណភាព, ស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវនៃទីផ្សារ កំពុងក្លាយជារបាំងពាណិជ្ជកម្មស្របច្បាប់។ ជាក់ស្តែង, ក្នុងក្របខ័ណ្ឌអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មស្តង់ដាអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មបទបញ្ញត្តិបច្ចេកទេសអាស៊ាន និងនីតិវិធីវាយតម្លៃអនុលោមភាព កំពុងក្លាយជាវិញ្ញាសា និងតេស្តសមត្ថភាពប្រកួតប្រជែងរបស់ MSME កម្ពុជា ជាមួយបណ្តាប្រទេសអាស៊ាន និង ដៃគូពាណិជ្ជកម្មអាស៊ាន។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
ទោះបីជាមានបញ្ហាប្រឈមខ្លះៗ ដូចខាងលើ យើងក៏មានសក្ដានុពលមួយចំនួនដែលអាចទាញមកពង្រឹងខ្លួនឯង ក៏ដូចជាកិច្ចការមួយចំនួនដែលយើងត្រូវធ្វើក្នុងការកែទម្រង់ដើម្បីឱ្យយើងមានសក្តានុពល និងចាប់បាននូវសក្តានុពលទាំងនោះ។
[ចប់សេចក្តីអធិប្បាយ៣]
កម្ពុជាមានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដូចជា ទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន កម្លាំងពលកម្មវ័យក្មេង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់និងរឹងមាំ ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់និងសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងយន្តការពាណិជ្ជកម្មនានា។
បញ្ហាប្រឈមទាំងនេះ គឺជារំញោចជាកត្តាជំរុញឱ្យយើងមានការកែទម្រង់កាន់តែស៊ីជម្រៅនិងឆាប់រហ័សនៅកម្ពុជា ស្របតាមទិសស្លោក «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាកាលានុវត្តភាព។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
(២០) កំណើនផលិតផលនិងការគាំទ្រក្នុងស្រុក បញ្ជាក់ថាកម្ពុជាជ្រើសយកការពង្រឹងខ្លួនប្រឈមនឹងបញ្ហា
ពេលខ្លះ ការលំបាកគឺជាឱសថដែលជំរុញឱ្យយើងអាចព្យាបាលលឿន។ពេលជួបបញ្ហាប្រឈម យើងមានជម្រើសពីរ។ ជម្រើសទីមួយ គឺដេកដួល យំស្រែក បាក់ទឹកចិត្ត បន់ព្រះឱ្យពេលលំបាកនេះវាកន្លងផុតដើម្បីយើងអាចត្រឡប់ទៅសកម្មភាពដូចដើម។ ជម្រើសមួយទៀត យើងត្រូវប្រឈមវាផ្ទាល់ ដោយមិនរំពឹងថាវាទៅពេលណាផុត។ បើវាទៅក៏ទៅ បើវាមិនទៅ ក៏យើងយកឱកាសនេះពង្រឹងខ្លួនឯងទប់ជាមួយវា។ ពេលព្យុះមក យើងបន់ឱ្យវាផុត តែពេលជាមួយគ្នាយើងត្រូវពង្រឹងខ្លួនឯង កុំឱ្យវាបាក់បែក។ ត្រូវពង្រឹងមូលដ្ឋានរបស់យើង បិទកញ្ចក់ យកឈើទៅវាយ ដើម្បីកុំឱ្យព្យុះនេះវាបំផ្លាញយើងខ្លាំង។ នៅក្នុងដំណាក់កាលដែលយើងប្រឈមនេះ យើងបានសម្រេច(នូវការពង្រឹងខ្លួនជាបន្តបន្ទាប់)។ ខ្ញុំជឿថាបងប្អូនកម្ពុជាបានឃើញ ហើយ តាមរយៈលទ្ធផលនៃការកើនឡើងកំណើនផលិតផលក្នុងស្រុក ការគាំទ្រក្នុងស្រុក គឺយើងបានយកជម្រើសទីពីរ គឺប្រឈមនឹងបញ្ហា ហើយពង្រឹងខ្លួនឯងដើម្បីដោះស្រាយបញ្ហា។ ខ្ញុំសូមធ្វើការអបអរសាទរ និងការកោតសរសើរ។
(២១) ជាងពីរឆ្នាំរបស់រាជរដ្ឋាភិបាល ដែលប្រឈមនឹងវិញ្ញាសានៃសតវត្សរ៍
បញ្ហាដែលយើងជួបក្នុងរយៈពេលជាងពីរឆ្នាំនេះអត់ស្រួលទេ។ ខ្ញុំគិតថា មានវិញ្ញាសាធំៗ ច្រើន។ កន្លែងខ្លះគឺជាវិញ្ញាសានៃសតវត្សរ៍ ដែលយើងមិនដែលជួបពីមុនមក។ ពេលដែលរាជរដ្ឋាភិបាលយើងចាប់ដំណើរការពីខែប្រាំបីឆ្នាំ២០២៣ យើងប្រឈមបញ្ហាមួយចំនួន។ មូលដ្ឋានគ្រឹះរឹងមាំដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ បានកសាងទុកនៅរឹងមាំខ្លះ។ ប៉ុន្តែ យើងនៅមានបញ្ហាមួយចំនួនឧទាហរណ៍ ការសេសសល់ពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់វិស័យអចលនទ្រព្យ និងប៉ះពាល់ទៅដល់សេដ្ឋកិច្ចសកល។ ពេលនោះ មានការជះឥទ្ធិពលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលយើងត្រូវរកវិធីដោះស្រាយ។ បានប៉ុន្មានខែ ក៏ចាប់ផ្តើមមានរឿង CLV-DTA ដែលបង្កើតរឿងអសន្តិសុខមួយទៀត។ យើងគ្រប់គ្រង។
យើងសង្ឃឹមថាឆ្នាំ២០២៤ វានឹងស្រួល ប៉ុន្តែ២០២៤ និងក្រោយមក២០២៥ យើងក៏ជួបប្រទះនឹងរឿងប្លែកៗផ្សេងទៀត។ រឿងធំផ្សេងទៀតគឺទីមួយ ពន្ធបដិការដែលប្រធានាធិបតី Donald Trump បានដាក់នៅទូទាំងពិភពលោក។ រឿងខ្លះយើងមិនដែលជួបមួយសតវត្សរ៍គឺជារឿងដែលយើងត្រូវប្រឈម។ កម្ពុជាចាប់ផ្តើមពី ៤៩% បើយើងមិនរកវិធីដោះស្រាយទប់ទល់ទេគឺនឹងប៉ះពាល់ ព្រោះហ្នឹងជារឿងប្រកួតប្រជែង។ បើយើងជាប់៤៩% នៅពេលដែលប្រទេសផ្សេងទៀតជាប់២០% ឬ២៥% រោងចក្រនឹងរត់ទៅនោះ។ យើងពិបាក តែយើងប្រឈមដោះស្រាយ។ ក្រោយមក យើងធ្លាក់ដល់៣៦%។ ក្រុមការងារឯកឧត្តម ស៊ុន ចាន់ថុល, លោកជំទាវ ចម និម្មល, ឯកឧត្តម គុណ ញឹម ឯកឧត្តម ផាន់ ផល្លា និងមានក្រុមការងារជាច្រើនដែលមិនចាំឈ្មោះ ចាំតែប៉ុន្មាននាក់ដែលឧស្សាហ៍មករាយការណ៍ឱ្យខ្ញុំមុនចេញចរចា។ បូករួមជាមួយនឹងការចរចារឿងបទឈប់បាញ់ យើងបានសំរេចដល់១៩% …។
បន្ទាប់មក យើងជួបជាមួយនឹងសង្គ្រាមឈ្លានពាន។ បើយើងរាប់ប្រវត្តិសាស្ត្រទៅ ១០០ឆ្នាំមុន យើងមានរឿងហ្នឹង។ ឥឡូវយើងមានឆ្នាំនេះ។ តាំងពីជំនាន់ជប៉ុនចូលមកនោះ។ យើងត្រូវប្រឈមដោះស្រាយបញ្ហានេះ ចេញទៅចរចាសន្តិភាពនោះផង។ ខ្ញុំធ្លាប់តែអានសៀវភៅ សម្តេចតេជោចេញទៅចរចាសន្តិភាព ចរចារឿងព្រះមហាក្សត្រ ចរចារឿងអន្តរជាតិ។ ឥឡូវយើងត្រូវប្រឈមក្នុងការដោះស្រាយ។ សង្គ្រាមប្រដាប់អាវុធ អត់មាន B-52 តែមាន F-16។ ជនភៀសខ្លួន ៧០ម៉ឺននាក់ ក្នុងរយៈពេលមួយសប្តាហ៍។ កន្លែងមួយចំនួនច្បាំងគ្នា សិស្ស/ក្មេងអត់បានរៀន។ ផលប៉ះពាល់មានដល់ការភ័យខ្លាចរបស់ទេសចរមកកម្ពុជា អ្នកវិនិយោគ។ គេមើលទៅថាស្រុកខ្មែរមានសង្គ្រាម។ យើងត្រូវយកជម្រើសមួយណា? ចេញទៅចរចាបញ្ចប់ ដោះស្រាយដោយប្រើច្បាប់ ឬមួយក៏ប្រើប្រដាប់អាវុធ? ការសម្រេចចិត្តត្រូវតែធ្វើ ហើយសុទ្ធតែអត់មានមេរៀនណាបង្រៀនរឿងហ្នឹងទេ។ ត្រូវដោះស្រាយម៉េច? តែយើងត្រូវធ្វើការសម្រេចចិត្ត។
បន្ទាប់មក មួយទៀតគឺសង្គ្រាមការពារកេរ្តិ៍ឈ្មោះណី Scam online។ ប្រទេសផ្សេងៗ ក្នុងតំបន់ក៏មានបញ្ហា តែកម្ពុជាត្រូវបានគេរើសយកមកធ្វើជាបាវសាក់ វាយជំនួសគេជំនួសឯង។ តើយើងនៅដេក នៅយំ នៅស្រែកថាអយុត្តិធម៌ ឬមួយក៏យើងត្រូវតែវះកាត់? វាប៉ះសេដ្ឋកិច្ចប្រផេះ សេដ្ឋកិច្ចស និងកេរ្តិ៍ឈ្មោះរបស់យើង។ រាប់សតវត្សរ៍មកហើយ យើងអត់ដែលមានបញ្ហាហ្នឹងទេ។ នេះជាបញ្ហាសតវត្សរ៍ ដែលខ្ញុំថា យើងជួបបញ្ហាសតវត្សរ៍ ក្នុងរយៈពេលពីរឆ្នាំកន្លះនេះច្រើនណាស់។
(២២) ចក្ខុវិស័យនិងទិសដៅស្រាយវិញ្ញាសាធំ៣ គឺឯករាជ្យភាពជាតិ ជីវភាពរស់នៅ និងអាយុជីវិតប្រជាជន
ឥឡូវ វិញ្ញាសាបីធំ ទី១ វិញ្ញាសាសង្គ្រាមឈ្លានពាន ព្រំដែនអធិបតេយ្យភាព និងជីវិតប្រជាពលរដ្ឋ។ វិញ្ញាសាទី២ គឺរឿងកេរ្តិ៍ឈ្មោះ រឿងឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី។ វិញ្ញាសាទី៣ រឿងសេដ្ឋកិច្ច។ នេះជារឿងធំ។ ស្ដារយ៉ាងម៉េចក្នុងដំណាក់កាលដែលពិភពលោកកំពុងតែជួបបញ្ហា។ យើងថាអស់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែយើងចូលសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលជះឥទ្ធិពលកាន់តែកៀកផ្ទះ កាន់តែធ្ងន់ទៅលើតម្លៃ។ អញ្ចឹងផ្ទួនៗ។ សង្គ្រាមព្រំដែនបង្កជីវភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនលំបាក មិនមែនតែប៉ោយប៉ែត គឺតាមព្រំដែន កន្លែងដែលមានសង្គ្រាមតាមបណ្តោយព្រំដែនកម្ពុជា-ថៃប្រជាពលរដ្ឋលំបាក។ កន្លែងខ្លះចូលផ្ទះមិនទាន់បានផង។ ត្រូវប្រើពេល។ គាត់ធ្លាប់តែបង្កបង្កើនផល ប្រមូលផល ពេលនេះគឺអត់មានអីទាំងអស់។ កន្លែងខ្លះរដ្ឋជួយបានផ្ទះជនភៀសសឹកទៅ។ បង្កបង្កើនផលប៉ុន្តែបាត់បង់នូវអ្វីៗ ក្នុងមួយប៉ប្រិចភ្នែក។ ងាកមកក្នុងប្រទេស សង្គ្រាមនៅមជ្ឈិមបូព៌ាបង្កើនតម្លៃ(នាំមក)បញ្ហាក្នុងវិស័យទេសចរណ៍ ការហោះហើរឡើងថ្លៃ ការនាំចេញការផលិតមួយចំនួន ដែលយើងត្រូវប្រឈមបញ្ហាទាំងអស់នេះ។ យើងដោះយ៉ាងម៉េច? យើងត្រូវមានចក្ខុវិស័យនិងទិសដៅច្បាស់លាស់ក្នុងការដោះថា តើយើងចង់បានអីជាអាទិភាព? ការដោះស្រាយបញ្ហាធំទាំងបីនេះ អាទិភាពរបស់រាជរដ្ឋាភិបាលគឺប្រទេសជាតិនិងប្រជាជន ទឹកដី ឯករាជ្យភាពជាតិ និងជីវភាពរស់នៅ អាយុជីវិតប្រជាជនជាគោលធំ …។
(២៣) ការពារទឹកដីដោយសន្តិវិធី ដោយវិធីអត់ធ្មត់ ប្រើច្បាប់អន្តរជាតិឱ្យអស់លទ្ធភាព
ហេតុអីបានជាយើងត្រូវទៅចរចាដើម្បីដោះស្រាយជម្លោះ ជាជាងវាយគ្នាមិនចេះចប់។ វាយគ្នាដូចរុស្ស៊ី-អ៊ុយក្រែន វាយគ្នាបីបួនឆ្នាំ ស្លាប់រាប់លានហើយ។ សុំទោសឯកឧត្តម នៅទីនេះ ប៉ុន្តែនេះជាតថភាពជាក់ស្តែងក្នុងជម្រើសដោះស្រាយ។ វាយគ្នានៅកន្លែងផ្សេងៗ នៅមជ្ឈិមបូព៌ា ចុងបញ្ចប់នៅតែដោះស្រាយដោយចរចាដដែល។ សម្រាប់យើង បើមានជម្រើស ត្រូវដោះស្រាយដោយសន្តិវិធី ការពារទឹកដី ត្រូវតែការពារ តែត្រូវដោះស្រាយដោយវិធីអត់ធ្មត់បន្តិច ប្រើច្បាប់អន្តរជាតិឱ្យអស់លទ្ធភាព ការចរចានៅបន្តទៅមុខ កន្លែងណាទ្វេភាគី យើងចរចាទ្វេភាគី នៅព្រំដែនទឹកព្រំដែនគោក កន្លែងណាដែលទ្វេភាគីបិទទ្វារ នៅពេលដែលថៃលុបកិច្ចព្រមព្រៀង MOU2000 យើងទៅតុលាការអន្តរជាតិ។ UNCLOS គឺជាតុលាការនៅក្រោមឆ័ត្ររបស់ UN ដែលយើងចរចារឿងតុលាការរឿងអីនេះ។
ដើម្បីអី? រក្សាលំនឹងប្រជាពលរដ្ឋតាមព្រំដែន ដែលមានទុក្ខលំបាកហើយទុកមួយដុំកន្លែងហ្នឹង កុំឱ្យវារីក។ ជួយកសាងលំនៅឋានជនភៀសសឹក ហើយឱ្យគាត់មានពេលដកដង្ហើម រកវិធីដោះបញ្ចប់ឱ្យវាមានស្ថិរភាព ព្រោះបើវាយគ្នា វាអត់ចេះចប់ទេ។ ៣០ឆ្នាំក៏មិនទាន់ចប់ដែរ ព្រោះវាយទៅវាយមកៗ។ នេះមិនមែនថាយើងបោះបង់ការទាមទារទឹកដីស្របច្បាប់របស់យើងនោះទេ។ ថៃក៏ទាមទារទឹកដីស្របច្បាប់ យើងក៏ទាមទារទឹកដីស្របច្បាប់។ ឥឡូវយើងមានឯកសារស្របច្បាប់ជាមួយគ្នាហើយ រកពេលធ្វើការជាមួយគ្នាទៅ។ ធ្វើបែបនេះដើម្បីអី? កុំឱ្យប្រជាជនរវល់តែវេចបង្វេចរត់។ គាត់បាត់បង់មួយវគ្គ។ ឥឡូវជួយស្តារកម្រិតណាមួយ រង់ចាំត្រឡប់ទៅវិញ ពេលដែលយើងចរចាបាន។
(២៤) សង្គ្រាមនឹងនាំអោយមានផលប៉ះពាល់ធំដល់សេដ្ឋកិច្ច
ទីពីរ គឺវាប៉ះពាល់ធំទៅដល់សេដ្ឋកិច្ចរបស់យើង។ បានន័យថា ឆ្នាំទៅគ្រាន់តែឮកម្ពុជាមានសង្គ្រាម ទេសចរលុបជើងយន្តហោះអស់៤០% ទៅ ៥០%។ អ្នកវិនិយោគចង់មកដាក់កម្ពុជា ឥឡូវទៅដាក់នៅវៀតណាមនៅអីជាជាងមកយើង។ អ្នកណាចង់មកប្រទេសមានសង្គ្រាម? រដ្ឋយកលុយទៅណា? បើមានសង្គ្រាមទិញតែគ្រាប់យកទៅបាញ់ហ្នឹង។ ឥឡូវ BM មួយកញ្ច្រែងចូល ២០ទៅ៣០ទៅ៤០ម៉ឺនដុល្លារ។ បើយកមកជួយប្រជាពលរដ្ឋក្រីក្រ ជួយបង់ថ្លៃបណ្តុះបណ្តាល ១លាន៥សែននាក់នោះបានច្រើន ជួយពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដូចយើងបានដាក់ចេញ ជួយមកជួសជុលផ្លូវ វាមិនល្អជាងឬ? បាញ់ហើយ គឺអង្គុយ ១០ឬ២០ឆ្នាំ រើសគ្រាប់ដែលនៅសេសសល់ គ្រាប់ផ្ទុះ គ្រាប់ចង្កោម ស្លាប់កុមារយើងប៉ុន្មាននាក់?
ថ្ងៃមុននៅកំពង់ឆ្នាំង មានស្លាប់ម្នាក់ គ្រាប់ចង្កោមដែលសល់ពីជំនាន់វាយគ្នាពីទសវត្ស១៩៧០។ ទម្រាំតែវាយគ្នាឆ្នាំ២០០០ នៅសល់ប៉ុន្មានទៀត។ ហ្នឹងយើងអត់និយាយ។ នេះបានយើងដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់ ព្យាយាមអត់ធ្មត់។ ខ្ញុំសូមអរគុណប្រជាពលរដ្ឋយើងជាច្រើនដែលបានយល់ និងគាំទ្រដល់ការដោះស្រាយតាមវិធីត្រជាក់របស់របស់រាជរដ្ឋាភិបាល តែយើងបានសេចក្តីសុខ ទុកឱកាសពង្រឹងសេដ្ឋកិច្ចសង្គម នៅក្នុងដំណាក់កាលលំបាក ជួយប្រជាពលរដ្ឋយើង ជាជាងបង្កើតបរិស្ថានដែលមានការលំបាកបន្ថែមជូនប្រជាពលរដ្ឋយើង។ នេះជាការដោះស្រាយបន្ទុករបស់រដ្ឋាភិបាលដែលត្រូវដោះស្រាយ។
(២៥) Scam ប៉ះពាល់សេដ្ឋកិច្ចប្រផេះពាក់ព័ន្ធ ប៉ុន្តែយើងត្រូវតែសម្អាតឈ្មោះកម្ពុជា
យើងដឹងហើយ បញ្ហា Scam ប៉ះពាល់សេដ្ឋកិច្ចប្រផេះមួយចំនួនដែលពាក់ព័ន្ធ ប៉ុន្តែយើងអត់មានជម្រើសក្រៅពីសម្អាតឈ្មោះរបស់យើង។ ម្សិលមិញ ក្នុងការប្រជុំ ឯកឧត្តម ថោង ខុន ជាប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ទៅចិន ខណៈយើងបើកទីផ្សារចិន សំណួរតែមួយគត់ដែលប្រជាជនចិនសួរគឺតើកម្ពុជាមានសុវត្ថិភាពឬអត់? ទៅគេចាប់ជម្រិតឬអត់? នេះយើងត្រូវតែទទួល។ យើងខំកសាងតាំងពីបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០២០ ជាង ដែលយើងក្លាយទៅជាប្រទេសដែលមានសុវត្ថិភាពមក គេមករកស៊ី ទម្រាំតែបាន ប្រើជាង ១០ឆ្នាំ ដើម្បីកសាងសមត្ថភាព កេរ្តិ៍ឈ្មោះពីប្រទេសមានសង្គ្រាមមកលែងមាន(សង្គ្រាម)។ ប៉ុន្តែត្រូវការតែមួយឆ្នាំ មិនដល់មួយឆ្នាំផង ដែលកាសែតបរទេសវាយយើង ធ្វើឱ្យយើងក្លាយទៅជា(ប្រទេសរងគ្រោះពី)ទស្សនៈអវិជ្ជមាន។ ជាកន្លែងមួយដែលគេភ័យខ្លាច។ អ្នករកស៊ីម្នាក់មកកម្ពុជា ចុះទៅមើលខេត្តព្រះសីហនុ ដើរមើលអីល្អណាស់ រៀបឡើងយន្តហោះ សួរចៅហ្វាយខេត្ត ឬសួរអ្នកណាទេថា តើខ្ញុំមកនេះគេចាប់ជម្រិតអត់? ខ្ញុំសុំទោស។ នេះនិយាយការពិត។ អត់មានអីត្រូវលាក់ទេ។ យើងត្រូវទទួលស្គាល់បញ្ហាហើយរួមគ្នាសម្អាតវា។ ធ្វើដើម្បីអី? ដើម្បីជីវភាពរស់នៅរបស់ប្រជាជនទាំងអស់។ ខ្ញុំសុំឱ្យបងប្អូនដែលប៉ះពាល់ ឧទាហរណ៍ ដូចអ្នកប៉ោយប៉ែតដែលស្រែកថាឥឡូវស្ងាត់ស្អីៗហ្នឹង ពីមុនអត់ស្ងាត់ ឥឡូវស្ងាត់ ប៉ុន្តែអ្នកព្រំដែនច្រើនណាស់ ក្រៅពីប៉ោយប៉ែតក៏បានស្ងាត់ដោយសារសង្គ្រាម។ សង្គ្រាមមួយផ្នែក គឺយកហេតុផលនៃការវាយ scam នៅកម្ពុជាដើម្បីធ្វើសង្គ្រាម។
(២៦) កាសែតបរទេសទទួលស្គាល់ថា កម្ពុជាមិនមែនជាប្រទេសទទួលបន្ទុក Scam តែម្នាក់ឯង
ខ្ញុំជឿថាឯកឧត្តម ឧកញ៉ា លោកឧកញ៉ា ចេញទៅក្រៅ ជួបជាមួយវិនិយោគិននៅក្រៅប្រទេស ក៏គេអាចសួររឿងហ្នឹងដែរ។ គ្មានអ្នកណាចង់យកលុយទៅវិនិយោគ នៅក្នុងកន្លែងដែលថាព្រួយបារម្ភពីរឿងសុវត្ថិភាពទេ។ សន្សំលុយយកមក។ មកដល់មានបញ្ហា។ រឿងតូចមួយ ប៉ុន្តែវាផ្សព្វផ្សាយច្រើន។ យើងបានខិតខំ។ មិនមែនយើងមិនធ្វើទេ។ ពីចុងអាណត្តិមុន សម្តេចតេជោប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោមធ្វើការងារបង្ក្រាបទាំងនេះ។ ពីដើមអាណត្តិមក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងក្រុមការងារក្រសួងមហាផ្ទៃ ក៏បានធ្វើការងារទាំងនេះ។ ក្រោយមក យើងក៏បានបង្កើតគណៈកម្មាធិការជាតិនៅដើមឆ្នាំមុនដើម្បីបង្ហាញអំពីការសម្រេចចិត្តនិងការប្តេជ្ញាចិត្តនយោបាយ ដែលនាយករដ្ឋមន្ត្រីត្រូវដឹកនាំតែម្តងដើម្បីរួមជាមួយនឹងគ្រប់ក្រសួង-ស្ថាប័ន ប្រមូលកម្លាំងជាតិដើម្បីធ្វើ។ ខ្ញុំតែងតែប្រាប់ថា ដាំកៅស៊ូ កុំដាំដំឡូងមី។ ដាំដំឡូងមីឆាប់បានផលតែវាឱ្យខូចដីយើង។ រឿង scam វាបានលុយលឿន ប៉ុន្តែធ្វើឱ្យខូចមុខមាត់ប្រទេស ពិបាកស្តារ បង្កើតរឿងអីផ្សេងៗ។ សង្គ្រាម មិនថាព្រំដែនឬមួយក៏យុទ្ធនាការបង្ហាញនេះដើម្បីអី? គឺដើម្បីធានាបរិស្ថានការទាក់ទាញនៅកម្ពុជា ប្រកួតប្រជែងរឿងបង្កើនមុខមាត់យើង កុំឱ្យកូនយើងចេញទៅរៀននៅក្រៅ កុំឱ្យខ្មែរយើងចេញទៅក្រៅទៅជួបគេ គេសួរពីរឿងហ្នឹង។ ឱ្យគេសួរថាតើកម្ពុជាមានឱកាសអីវិនិយោគកាន់តែល្អ? រកស៊ីនេះចំណេញអត់? កុំឱ្យមួយម៉ាត់ណាក៏ថា តើខ្ញុំទៅគេចាប់ខ្ញុំអត់? ទៅមានបញ្ហាអត់?
ក្នុងរយៈពេលប៉ុន្មានខែនៃយុទ្ធនាការ បងប្អូនថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច បានខិតខំប្រឹងប្រែង។ ឥឡូវ មើលកាសែត ដែលក្នុងរយៈពេល ៤-៥ ខែមុន គេនិយាយរឿង scam គេចោទតែកម្ពុជា ជាប្រទេសនៃការប្រមូលផ្តុំ និងជាប្រទេសនៃការរស់នៅដោយសុខស្រួលនៃបណ្តុំ scam។ ឥឡូវកាសែតភាគច្រើនលើសលប់ លើកលែងតែថ្ងៃមុនមានអង្គការមួយ Amnesty អីនោះ ដែលអង្គការមួយហ្នឹងមិនដែលទទួលស្គាល់(ការពិតទេ) គិតតែពីវាយយើងរហូត។ គ្រប់កាសែតដែលសរសេររឿង scam បានចេញមកទទួលស្គាល់យុទ្ធនាការវាយ scam នៅកម្ពុជា ហើយឧក្រិដ្ឋជនបានរត់ទៅប្រទេសផ្សេង ហើយប្រទេសផ្សេងៗ ក៏ទទួលស្គាល់ថាខ្លួនមាន។ នេះជាជោគជ័យមួយ ដែលពីប្រាំខែមុនកម្ពុជាជាមនុស្សម្នាក់ដែលទទួលបន្ទុកខ្លួនឯងតែម្តង។ បើយើងមិនលាងខ្លួនឯង មិនចាត់វិធានការខ្លាំងទេ តើយើងអាចស្តារខ្លួនឯងបានទេ? ប្រហែលម៉ោងថ្មើរនេះ កម្ពុជានៅតែជាជម្រកតែម្នាក់ឯងដដែល។ ហើយកុំដេកតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត។ ត្រូវតែងើបឡើង ធ្វើខ្លួនឯង។ វាប៉ះពាល់ ប៉ុន្តែធ្វើអីក៏ដោយគ្មានអីល្អឥតខ្ចោះទេ។ យើងមិនធ្វើអីក៏វាប៉ះ យើងមិនហ៊ានធ្វើអីវាប៉ះធំ។ គេចោទយើងអយុត្តិធម៌ តែយើងមិនហ៊ានធ្វើ នៅដេកត្រឹមតែថា (ក៏វាប៉ះ)។ យើងត្រូវហ៊ានធ្វើ។ អាចប៉ះពាល់សេដ្ឋកិច្ចប្រផេះមួយចំនួន តែ(យើងធ្វើ)ដើម្បីជាតិយើងរស់ ប្រទេសជាតិយើងស្តារមុខមាត់ឡើងវិញ។ នេះហើយគឺអ្វីដែលយើងត្រូវវះកាត់ និងអនុវត្ត ហើយមិនទាន់ឈប់ទេ នៅតែបន្តធ្វើដើម្បីបោសសម្អាតរឿងនេះឱ្យអស់ពីកម្ពុជា។
(២៧) រដ្ឋាភិបាលទម្លាក់ពន្ធនិងឧបត្ថម្ភទុនទប់តម្លៃប្រេង និងមានអគ្គិសនីមួយផ្នែកធំពីប្រភពកកើតឡើងវិញ
ទីបី រឿងសេដ្ឋកិច្ច។ សង្គ្រាមខាងក្រៅ យើងទប់មិនកើតទេ។ យើងសង្ឃឹមថា នឹងមានការដោះស្រាយបញ្ចប់សង្គ្រាមដោយសន្តិវិធីដូចយើងចង់ធ្វើ ប៉ុន្តែរឿងភូមិសាស្ត្រនយោបាយរឿងផ្សេង។ អញ្ចឹង អ្វីដែលកម្ពុជាអាចធ្វើ គឺពេលដែលមានបញ្ហាកើតឡើង យើងត្រូវជួយ។ ក្នុងមួយខែ រដ្ឋត្រូវខាតអស់ប្រហែលជា ៥០លានដុល្លារ គ្រាន់តែទម្លាក់ពន្ធប្រេង និងឧបត្ថម្ភទុនមួយចំនួនទៅក្រុមហ៊ុនដើម្បីយើងទប់(តម្លៃប្រេង)។ ប៉ុណ្ណឹងហើយប្រេងនៅឡើងថ្លៃខ្លះ។ តែយើងអាចថា បើប្រៀបអត្រាភាគរយជាមួយប្រទេសមួយចំនួន យើងនៅរក្សាលំនឹងបាន។ មួយទៀត ដោយសារចក្ខុវិស័យរបស់សម្តេចតេជោ យើងបានពង្រីកប្រភពអគ្គិសនី ពីប្រភពកកើតឡើងវិញ វារីអគ្គិសនី បាន៦២-៦៣% នៃប្រភពអគ្គិសនីរបស់យើង។ វាអត់កើន ដោយសារប្រេងឡើង ប៉ុន្តែថ្លៃពីប្រភពហ្នឹងនៅថេរ។ យើងអាចជួយទប់បាន។ ប៉ុណ្ណឹងហើយ រដ្ឋនៅខាតមួយខែចង់ ៥០លានដុល្លារ។ ទម្លាក់ពន្ធប្រេង ទម្លាក់ពន្ធលើឧបករណ៍អគ្គិសនី រថយន្ត ម៉ូតូអគ្គិសនី ដើម្បីឱ្យប្រជាជន (បានប្រើប្រាស់)។
ឥឡូវ ប្រជាជនឃើញមានលទ្ធភាពទិញរថយន្តថ្មីៗ ជិះតម្លៃសមរម្យ។ កាលមុន មានក្រសួងប៉ុន្មាន ឆ្នាំទៅ លើកយោបល់ឱ្យខ្ញុំ សុំហាមរថយន្តលើសពីប្រាំឆ្នាំកុំឱ្យ ចូល។ ខ្ញុំថាកុំ។ កុំយកឆ្នាំជាគោល។ អ្នកខ្លះលើកយោបល់តាម Facebook ថាគួរតែហាមរថយន្តចាស់កុំឱ្យចូល។ ខ្ញុំថាអត់ទេ ស្ថានភាពសង្គមសេដ្ឋកិច្ចយើងមិនទាន់ធ្វើដូចនោះបានទេ។ ប្រជាពលរដ្ឋយើងភាគច្រើនមិនមានលទ្ធភាពទិញរថយន្តថ្មីទេ។ អ្នករត់តាក់ស៊ី អ្នករត់ដឹកកម្មករមួយចំនួន។ យើងមិនអាចធ្វើបានទេ … យើងត្រូវធានាបច្ចេកទេស។ រឿងឆ្នាំវាមិនសំខាន់ តែធានាបច្ចេកទេស។ បានន័យថា ក្រសួងសាធារណការ និងដឹកជញ្ជូនហ្នឹងត្រូវធ្វើតេស្តបច្ចេកទេស ព្រោះឡានថ្មីក៏ដោយ ជិះបន្តិចវាចាស់ទៅហើយ។ អញ្ចឹង បើយើងហាមមិនឱ្យរថយន្តអាយុលើសប្រាំឆ្នាំចូល អញ្ចឹងតើឡានទិញថ្មី លើសពីប្រាំឆ្នាំឱ្យឈប់ឱ្យជិះឬ? មិនអញ្ចឹងទេ។
ដូចឡាន Vigo ពណ៌ស្លែរបស់ខ្ញុំហ្នឹងរបស់ខ្ញុំ ជិះចង់ជិត ២០ឆ្នាំហើយ នៅតែរត់។ ឆ្នាំ២០០៧ ឥឡូវ ២០២៦ហើយ។ ឥឡូវក្មេងៗ វារត់។ នៅរត់ល្អ។ ប៉ុន្តែថែទាំបច្ចេកទេស(ត្រូវធ្វើជាប្រចាំ)។ អ្វីដែលសំខាន់ យើងមិនចង់ឱ្យប្រជាជនជិះឡានមួយទឹកទេ យើងចង់ឱ្យប្រជាជនមានលទ្ធភាពទិញឡានថ្មីជិះ ប៉ុន្ដែកុំប្រើវិធានការច្បាប់រដ្ឋហាមមិនឱ្យចូល។ រកវិធីទម្លាក់តម្លៃ ឬមួយផលិតក្នុងស្រុក ជួយ(ពន្ធ)អាករដើម្បីថ្ងៃក្រោយគាត់មានលទ្ធភាពទិញឡានថ្មីជិះតម្លៃសមរម្យ។ ហ្នឹងដែលយើងប្រើមធ្យោបាយទីផ្សារដើម្បីពង្រីកទីផ្សារ។ បានន័យថា ប្រជាពលរដ្ឋមានលទ្ធភាពទិញឡានថ្មីកាន់តែច្រើន។ ឥឡូវយើងទម្លាក់ពន្ធ EV ទៅសូន្យហើយ ក្នុងដំណាក់កាលនេះ។ សូន្យ(ពន្ធ)នាំចូល។ អញ្ចឹងមក ឡាន ១២០០០$ នៅតែ ១២០០០$។ វាអត់គុណ២ ទៀតទេ។ ប្រជាពលរដ្ឋយើង(មានលទ្ធភាពទិញឡានថ្មី)។
(២៨) រដ្ឋចំណាយថវិកាសាងសង់ផ្ទះរង់ចាំនិងចិញ្ចឹមជនភៀសសឹក
ទីពីរ ប្រជាពលរដ្ឋដែលវេទនា (គឺ) ជនភៀសសឹក។ រដ្ឋត្រូវចំណាយថវិកាចិញ្ចឹម។ ធ្វើទាំងអស់។ យើងមិនអាចឱ្យប្រជាជនយើងរស់នៅដោយ(វេទនា)ទេ។ ខ្ញុំឃើញបងប្អូនខ្លះទៅថតផ្ទះធ្វើហើយលិចទឹក ហើយទៅ ស្រែករិះគន់។ ចុះ៣០០០ ផ្ទះនោះ (ដែលធ្វើក្នុងពេលមួយខ្លី) វាមានលិចមួយ យើងធ្វើវាមិនទាន់។ (អញ្ចឹង) ឱ្យមានដំបូលជ្រកសិនពេលភ្លៀង។ កន្លែងខ្លះថាម៉េចក៏មិនធ្វើលូ? ហើយធ្វើផ្ទះធ្វើអីធ្វើផ្លូវធ្វើអី? មនុស្សទៅរស់នៅក្នុងលូ ឬមួយក៏នៅក្នុងផ្ទះ? យើងមាន(ពេល) តែ ៣ខែ ដើម្បីធ្វើ(ផ្ទះ)ឱ្យប្រជាជនមុនខែវស្សា។ ៣ ០០០ផ្ទះ យើងត្រូវធ្វើអីដែលសំខាន់(មុន)។ តភ្លើង ធ្វើផ្លូវ ធ្វើផ្ទះឱ្យមានដំបូលឱ្យគាត់សិន … សូមមានការយោគយល់។ សំខាន់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងកន្លែង(ហ្នឹង)យល់ តែពិបាកៗ តែអ្នកឈឺឆ្អាលពី ១០០០គីឡូមកទេតើ។ ព្រឹកឡើងដាក់ដូណាត់ជាមួយកាហ្វេហើយ មកបើកទូរទស្សន៍ជេរ។ អត់មើលថា តើខេត្តស្រុក គណៈកម្មាធិការ(ជាតិគ្រប់គ្រង)គ្រោះមហន្តរាយ ឯកឧត្តម គន់ គីម ក្រុមការងារខំប្រឹងយ៉ាងណាដើម្បីធ្វើ? រដ្ឋាភិបាលចំណាយធនធានប៉ុន្មានដើម្បីធ្វើ។
មានអ្នកខ្លះថា លុយហ្នឹងយើងពុករលួយ (ព្រោះ)ពួក UN ប្រទេសផ្សេងៗឱ្យយើង ៥០លានដើម្បីជួយដល់ជនភៀសសឹកហើយសង់បានផ្ទះប៉ុណ្ណឹង។ ខ្ញុំសូមបញ្ជាក់ ទីមួយគ្មាន ៥០លានមកទេ។ អង្គការ/ប្រទេសមួយចំនួនជួយជា in-kind គឺអ្នកខ្លះជួយតង់ អ្នកខ្លះជួយអីទៅ។ យើងមានតម្លាភាព ចង់មើលយើងមាន។ កន្លែងខ្លះគឺជួយត្រង់ទៅជនភៀសសឹកជាស្បៀងជាអី។ គ្មានដល់ ៥០លានទេ។ ផ្ទះដែលយើងធ្វើនៅកន្លែងនេះគឺជាលុយរបស់យើង។ ទើបក្រោយមកនេះ ដូចមាន World Bank ឬមួយខាងណាឱ្យ ៥០ម៉ឺនដុល្លារ។ យើងធ្វើបានប៉ុន្មានទេ? ដូច ៥០ខ្នង ឬមួយប៉ុន្មានទេ។ ប៉ុន្មានទៀតបែងចែក។ ក្រៅពីហ្នឹង រាប់ពាន់ផ្ទះគឺជាលុយរបស់ជាតិយើង។ បើយើងវាយគ្នា លុយហ្នឹងត្រូវចំណាយទៅលើវាយគ្នា ហើយផ្ទះច្រើនទៀតនឹងត្រូវខ្ទេច។ តែយើងដោះស្រាយបែបនេះ កសាងមូលដ្ឋានជួយប្រជាពលរដ្ឋ។
(២៩) ចំណោទសេដ្ឋកិច្ច-សង្គម ជាវិញ្ញាសាយូរអង្វែង លំបាកជាងគេ និងដែលរដ្ឋឱ្យអាទិភាពធំជាងគេ
ខ្ញុំថា ក្នុងវិញ្ញាសាទាំងអស់ វិញ្ញាសាសេដ្ឋកិច្ច-សង្គមនេះគឺវិញ្ញាសាយូរអង្វែង និងជាវិញ្ញាសាដែលលំបាកជាងគេបំផុត ហើយជាវិញ្ញាសាដែលរដ្ឋឱ្យអាទិភាពធំជាងគេបំផុត។ រឿងព្រំដែន យើងដោះ យើងចរចា យើងប្រើពេលខ្លះ។ រឿង scam យើងវាយមួយប្រាវ ប៉ុន្តែស្តារសេដ្ឋកិច្ចឱ្យប្រជាជនទូទាំងប្រទេស ស្តារបរិស្ថានសេដ្ឋកិច្ចកម្ពុជាឱ្យកម្ពុជា នៅតែជាការទាក់ទាញនិងឈានទៅមូលដ្ឋានខាងមុខទៀត។ នេះគឺជាអ្វីដែលយើងត្រូវតែធ្វើ ហើយធ្វើជាប់ជាប្រចាំ។ មូលដ្ឋាននេះ វាពាក់ព័ន្ធថាគេវាយគ្នារាប់ម៉ឺនគីឡូ វាមកប៉ះយើងដែរ។ ថាព្រំដែនចុះវាជាប់ជាមួយជនភៀសសឹក នៅសល់ ៣-៤ ម៉ឺននាក់។ ៧០ម៉ឺននាក់ត្រូវការបន្ទាន់ ឥឡូវត្រឡប់ទៅវិញខ្លះ។ សេដ្ឋកិច្ចព្រំដែនវាបិទ វាមានបញ្ហា យើងត្រូវបង្វែរការទិញដូរមួយចំនួន កសិផលអីដើម្បីរកទីផ្សារ direct ទៅចិនទៅអីហ្នឹង។ យើងបានធ្វើហើយ។ ពលករ បងប្អូនមកវិញ យើងខំរកការងារជូន ដើម្បីយើងបណ្តុះបណ្តាលអីបន្ថែម។ ប្រជាជនក្រីក្រ យើងធ្វើការជាមួយវិស័យឯកជន សមាគមធនាគារ មីក្រូហិរញ្ញវត្ថុ គាត់ជួយក្នុងការបន្ធូរមិនយកការប្រាក់ លើកលែងការប្រាក់។ សូមអរគុណណាស់។ សម្រាប់យុទ្ធជន យោធិន ពិការ ក៏បានលុបបំណុលជាច្រើន ហើយបានបន្ធូរដល់ជនភៀសសឹកដែលមានបញ្ហា …
(៣០) រដ្ឋាភិបាលទប់ទល់និងដោះស្រាយវិញ្ញាសាកំរិតសតវត្សរ៍ ដោយមិនបោះបង់និងមិនដេកស្តូកទេ
បើបញ្ហាទាំងនេះកើតនៅក្នុងឆ្នាំ២០១៧-១៨ ពេលដែលសេដ្ឋកិច្ចកំពុងតែលឿន ហ្នឹងអត់សូវបញ្ហាទេ តែយើងផ្ទួនៗគ្នា ព្រំដែន បូកជាមួយបញ្ហាដែលសល់ ទាំងក្នុងទាំងក្រៅ ហើយការដោះស្រាយខ្លះ វាប៉ះពាល់បន្ថែមទៅលើសេដ្ឋកិច្ចមួយចំនួន។ ប៉ុន្តែយើងត្រូវយកមួយ។ អញ្ចឹង ក្នុងពីរឆ្នាំកន្លះនេះ វិញ្ញាសាដែលខ្ញុំថា កម្រិតសតវត្សរ៍ ដែលដាក់មកក្នុងពេលផ្ទួនៗគ្នានៅកម្ពុជា ដោយមិនសរសើរខ្លួនឯង ហើយក៏មិនមែនដោះស្រាយបានល្អឥតខ្ចោះទេ ប៉ុន្តែខ្ញុំថា មកដល់ម៉ោងនេះ រាជរដ្ឋាភិបាលទប់ទល់សភាពការណ៍បាន ហើយនឹងបន្តខិតខំដោះស្រាយបន្តទៅទៀត មិនបោះបង់ចោលទេ មិនឃើញបញ្ហាហើយដេកស្តូកនោះទេ តែយើងខិតខំនៅក្នុងការដោះស្រាយបន្ថែម។ ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋ មកដល់ម៉ោងនេះ យើងគិតថាមិនទាន់មានប្រជាជននៅក្នុងប្រទេសដាច់បាយនៅឡើយទេ។ មិនទាន់មានគ្រោះទុរភិក្ស ដូចនៅប្រទេសអាហ្វ្រិក នៅប្រទេសមួយចំនួនដែលថាសង្គ្រាមរហូតដល់មានគ្រោះទុរភិក្ស សូម្បីតែអ្នកយកជំនួយទៅឱ្យ ទៅមិនដល់ផងនោះទេ។ ពិតណាស់ អាជីវកម្មក្នុងដំណាក់កាលនេះ គ្រប់វិស័យទាំងអស់ នៅក្នុងតំបន់ អ្នកដែលដើរទៅក្រៅប្រទេសអាចដឹងហើយ។ នៅក្នុងប្រទេសរបស់យើង វាប៉ះពាល់ វាឡើងចុះ។
(៣១) សង្គ្រាមលើពិភពលោកផ្ទួនៗ បង្កើតការលំបាកបន្ថែមដល់កម្ពុជា
ឥឡូវ ដំណាក់កាលនេះ វាឡើងដល់(កំពូលហើយៗ)កំពុងតែចុះ។ វាដល់ថេរ។ ឥឡូវ សង្គ្រាមផ្ទួនៗមកទៀត វាបង្កើតការលំបាកបន្ថែមទៀត។ ឧទាហរណ៍ វាយគ្នានៅមជ្ឈិមបូព៌ា តែវាមិនមែនប៉ះពាល់តែមជ្ឈិមបូព៌ា ឬអ្នកនាំទំនិញចេញ វាប៉ះពាល់ទាំងយន្ដហោះដែលត្រូវហោះមកកម្ពុជា ដោយសារប្រេងថ្លៃពេក យន្ដហោះមួយចំនួនផ្អាកហោះ។ នៅលើពិភពលោក មានក្រុមហ៊ុនយន្ដហោះច្រើនដែលឡុងចុង ក្នុងរយៈពេលតែពីរខែនេះ។ យន្ដហោះច្រើនត្រូវកាត់ជើងហោះហើរ។ អញ្ចឹង វាប៉ះពាល់ដល់ការលក់ដូររបស់តំបន់ទេសចរ។ ប៉ុន្តែ ដរាបណាយើងនៅមានដង្ហើមចេញចូល យើងនៅបន្តក្តាប់ជាប់សភាពការណ៍ ដាក់ចេញវិធានការ។ ការទទួលស្គាល់ការពិតនៃបញ្ហាជាឱកាសនៅក្នុងការពង្រឹងថែមទៀត។ ការដាក់ចេញនូវ Visa Free សាកល្បងក្នុងរដូវបៃតង … កាលមុនយើងហៅ Low Season ឥឡូវយើងដូរមករដូវបៃតង។ ខ្ញុំថា ឯកឧត្តម ហួត ហាក់ (រដ្ឋមន្ត្រីទេសចរណ៍) “បៃតងឬមិនបៃតង មិនដឹងទេ ដឹងតែរកវិធីទាក់ទាញទេសចរមកបន្ថែម”។
ការលំបាកធ្វើឱ្យយើងរកវិធីដោះស្រាយ។ ហ្នឹងដែលគេសិក្សាទូទៅថាហេតុអីបានជានៅអឺរ៉ុប មនុស្សច្នៃប្រឌិតច្រើនជាងអ្នករស់នៅតំបន់ក្ដៅ? ព្រោះតំបន់ត្រជាក់ បើអត់ខំប្រឹងគឺស្លាប់ … បើគាត់មិនទៅរកវិធីបង្កើតភ្លើង វិធីធ្វើផ្ទះទេ ធ្លាក់ទឹកកកមកត្រជាក់ស្លាប់។ អ្នកតំបន់ក្ដៅ មិនបាច់ខំប្រឹង ព្រោះធម្មជាតិវាមក(អំណោយផល)រកស៊ីដាំអីដើមឈើផ្លែឈើវាដុះ។ តំបន់ត្រជាក់ បើអត់ខំប្រឹង ខែត្រជាក់កកអស់។ យើងដូចគ្នា។ ពេលខ្លះទាល់តែពេលក្ដៅ ពេលដែលយើងលំបាក បានយើងចាប់ផ្ដើមរកវិធី។ ដើម្បីមាននិរន្តរភាព កុំគ្រាន់តែខឹងមួយឆាវ កុំគ្រាន់តែដោយសារអត់ជម្រើស បានយើងប្រឹងមួយឆាវ តែត្រូវយកឱកាសលំបាកនេះ រកមើលចំណុចខ្សោយ ហ៊ានវះកាត់ ហ៊ានកែវា ដើម្បីយើងរស់បានយូរអង្វែង។ ខ្ញុំមិនមែនគ្រាន់តែនិយាយទេ គឺយើងបានធ្វើហើយ។ យុទ្ធនាការការងារមួយចំនួនមានការមិនជឿទុកចិត្ត ប៉ុន្តែបានឈានទៅដល់ការទុកចិត្ត។
ដូច scam ពេលដែលយើងអនុវត្តដំបូង កាសែតបរទេសក៏និយាយថាកម្ពុជាគ្រាន់តែធ្វើដើម្បីជាការបង្ហាញ។ ខ្ញុំជួបជាមួយនឹងភ្ញៀវបរទេសមួយចំនួន គេថា សូមឱ្យកម្ពុជាធ្វើការងារនេះឱ្យមែនទែន កុំធ្វើគ្រាន់តែបង្ហាញ។ មកដល់ម៉ោងនេះ ពេលដែលគេជួប(យើង) គេខុសពីមុន។ គេសរសើរ ហើយកន្លែងខ្លះគេសុំមកមើល Model របស់យើង ហើយគេសុំឱ្យយើងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាសន្និសីទប្រឆាំង scam online នៅកម្ពុជាឆ្នាំនេះ។ ឥឡូវដូចមានជាង ៣០ប្រទេសនឹងមកចូលរួម។ យើងអញ្ជើញថែមទៀត។ យើងអត់ខ្លាច។ គេសុំមករៀនពីបទពិសោធ និងការអនុវត្តរបស់យើង ទាំងការដាក់ចេញច្បាប់និងការអនុវត្តជាក់ស្ដែង។ ត្រូវហ៊ានធ្វើ ប្រឆាំងជាមួយនឹងអ្វីដែលជាការរំពឹងទុក(អវិជ្ជមានអំពយើង)។
(៣២) អង្គភាពពន្ធដារពិសេស ជោគជ័យដោយសារចក្ខុវិស័យ ដាក់ប្រយោជន៍រួមជាគោល រើសមនុស្សត្រូវ
ខ្ញុំធ្លាប់ធ្វើការច្រើន។ ការងារដែលខ្ញុំបានធ្វើ ភាគច្រើនចេញក្បាលទីមក គេច្រើនតែមិនឱ្យតម្លៃប៉ុន្មានទេ។ គេមិនថាជោគជ័យ។ តែដោយសារការស្រុះគ្នានិងឆន្ទៈតែមួយ។ ឧទាហរណ៍រឿងការងារដំបូងរបស់ខ្ញុំគឺអង្គភាពប្រឆាំងភេរវកម្ម។ ចាប់ផ្ដើមពី ៤០នាក់។ ចូលមកដំបូង មានពូៗ ច្រើនដែលទៅសម្ពោធ។ គាត់គិតថាទៅមិនរួចទេ បន្តិចដួលហើយ។ ប៉ុន្ដែ ឥឡូវវាក្លាយទៅជាអង្គភាពមួយដែលនាំមុខក្នុងការទទួលសន្តិសុខ។ ឆ្នាំទៅ យើងចាប់ផ្ដើមអង្គភាពពន្ធដារពិសេសសម្រាប់ដោះស្រាយ gold level ពេលដែលមានមនុស្សច្រើនណាស់ ទាំងមន្ត្រីទាំងអីគិតថាវាមិនខ្មោចទេ ទៅមិនរួចទេ។ តែម៉ោងថ្មើរនេះបានទទួលនូវការគាំទ្រ ហើយជាពិសេសជំនឿទុកចិត្តនៃអ្នកមួយចំនួនធំដែលចូលទៅធ្វើនៅទីនោះមួយរយៈ ហើយរាប់រយក្រុមហ៊ុន gold ទៅទីនោះ។ វាជោគជ័យដោយសារអី? ចក្ខុវិស័យច្បាស់លាស់ ដាក់ផលប្រយោជន៍រួមជាគោល ហើយរើសមនុស្សឱ្យត្រូវ ដែលមានឆន្ទៈដូចគ្នាក្នុងការដឹកនាំអនុវត្ត។ អត់ត្រូវការមនុស្សច្រើនទេ។ ត្រូវការមនុស្សតែមួយចំនួនតូចដែលមានចក្ខុវិស័យ ហ៊ានធ្វើការដូចគ្នា ហ៊ានប្រឈមជាមួយបញ្ហាមួយចំនួន ពិសេសទម្លាប់មួយចំនួនដើម្បីសម្រេចភារកិច្ចឱ្យមាននិរន្តរភាព ហើយយើងនឹងបន្តធ្វើរូបមន្តនេះ។
(៣៣) បន្តកំណែទម្រង់ដើម្បីរស់ រីកធំធាត់ រឹងមាំខ្លួនឯង ត្រូវតែជាចក្ខុវិស័យ
រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នជាច្រើនបានដាក់ចេញទិសដៅកែទម្រង់ដឹកនាំនិងការធ្វើការងារ។ នេះគឺយើងនឹងបន្តធ្វើបន្តទៅទៀត។ យើងបានធ្វើការកែទម្រង់រាប់អាណត្តិមកហើយ តាំងពី១៩៧៩ មកដល់ឥឡូវ។ យើងត្រូវបន្តកំណែទម្រង់ដើម្បីយើងរស់ មិនត្រឹមតែរស់ទេ រីកធំធាត់ទៀត។ បើកែដើម្បីរស់ រឿងមួយ ប៉ុន្តែមិនត្រឹមតែរស់ទេ រស់ហើយរឹងមាំខ្លួនឯង រីកធំធាត់ខ្លួនឯង នេះគឺត្រូវតែជាចក្ខុវិស័យរបស់យើង។ បើកែត្រឹមតែរស់ ទាល់តែមានសភាពការណ៍ រត់ចូលត្រង់សេ។ អត់ទេ។ ត្រូវពង្រឹងសន្តិភាព ពង្រឹងការអភិវឌ្ឍ ពង្រឹងសមត្ថភាពការពារខ្លួនឯង។ គេថារស់ រឹងមាំ រីកធំធាត់ មិនមែនតែម្ដងម្កាលនោះទេ។ ខ្ញុំជឿថាក្រុមហ៊ុនដូចគ្នា មិនរស់ដោយសាររឿងមានបញ្ហាព្រំដែននោះទេ តែចាប់ផ្ដើមយកកាលានុវត្តភាព យកឱកាសដែលលំបាកនេះ នៅពេលដែលប្រជាជនគាំទ្រក្នុង(ស្រុក) ចាប់ផ្ដើមកសាងសមត្ថភាព រីកធំធាត់ ពីមីក្រូ (Micro) ទៅ Small ទៅ Medium ទៅ Large។ ពីក្រុមហ៊ុន medium ទៅជា Large ក្រុមហ៊ុន large ថ្ងៃក្រោយត្រូវដាក់ទិសដៅឈានដល់ផ្សារភាគហ៊ុន ផ្សារអីទៀត។ ការរៀបចំខ្លួនអនុវត្តរបស់យើងត្រូវធានាចក្ខុវិស័យវែងឆ្ងាយ។ យើងមិនអាចរស់ត្រឹមតែមួយរស់នោះទេ។ ប្រទេសយើងដូចគ្នា។
(៣៤) ចេញពី LDC នៅឆ្នាំ២០២៩ ត្រូវហ៊ានប្រឈមបញ្ហាខ្លះ ដើម្បីចាប់ឱកាសបន្ថែម
ទៅមុខ យើងនឹងចេញពីប្រទេសអភិវឌ្ឍតិចតួច LDC ឆ្នាំ២០២៩។ ពេលឥឡូវ យើងនៅជាប្រទេសអភិវឌ្ឍតិចតួច យើងខ្ចីលុយធនាគារពិភពលោក ធនាគារអី គេឱ្យអត្រាសម្បទាន អនុគ្រោះ។ នាំចេញទៅក្រៅ គេឱ្យ GSP ឱ្យអី។ ពេលដែលយើងចេញពីអាហ្នឹង គេនឹងបន្ថយលក្ខខណ្ឌពន្ធ។ គេថា អ្នកឯងរឹងដៃរឹងជើងហើយ លែងឱ្យស្រាលទៀតហើយ។ ការប្រាក់ យើងត្រូវខ្ចីដូចទីផ្សារ ឬមួយយើងចរចាបានប៉ុណ្ណា រកប្រភពអី។ ការនាំចេញ អាចមាន GSP Plus ឬមួយអញ្ចឹងតែវាមិនដូច អានេះទេ។ សួរថា តើយើងចង់នៅឱ្យគេជួយបន្តក់ទឹកឱ្យយើង ហើយនៅក្ររហូត ឬយ៉ាងម៉េច? ឬមួយក៏យើងត្រូវហ៊ានប្រឈម ត្រូវតែឈានចេញពីប្រទេសអភិវឌ្ឍតិចតួចពង្រឹងខ្លួនឯង ប្រឈមជាមួយការលំបាកខ្លះៗ ពង្រឹងខ្លួនឯង ឈានមិនត្រឹមតែត្រឹមចេញពី LDC ទេ ក្លាយទៅជាប្រទេសដែលអភិវឌ្ឍនៅថ្ងៃក្រោយ។ បើមិនអញ្ចឹង យើងមិនហ៊ានចេញមួយជំហាននេះទេ។ យើងនៅដេកឱ្យគេចិញ្ចឹម។ ទៅមិនរួចទេ។ អញ្ចឹង រាជរដ្ឋាភិបាលដាក់គោលការណ៍ថា ត្រូវចេញឆ្នាំ២០២៩ នេះ ហើយតាំងពីមុន២០២៣ ឬតាំងពីអាណត្តិមុន យើងដឹងគោលការណ៍នេះហើយ។ យើងបានខិតខំពង្រឹងមូលដ្ឋានដើម្បីធានាភាពម្ចាស់ការនិងឱ្យកាន់តែមានឱកាសជាងនេះចេញទៅប្រកួតប្រជែង។ ព្រោះនៅកម្រិតនិមួយៗ មានបញ្ហាប្រឈមនិងមានឱកាស។ បើយើងមិនហ៊ានទៅប្រឈមបញ្ហាខ្លះ យើងមិនអាចអាចចាប់ឱកាសបន្ថែមទេ។ ចាប់ឱកាសដើម្បីអី? ដើម្បីឱ្យប្រជាជនយើង ធុរកិច្ចរបស់យើងអាចមានលទ្ធភាព។ តែមរបស់ប្រទេសរបស់យើងកាន់តែរីកចម្រើន។
(៣៥) បន្តនៅជាប្រទេសក្រ ដើម្បីងាយខ្ចីលុយមានការប្រាក់ទាប នឹងមិនរីកចម្រើន
ការរីកចម្រើនរបស់ប្រជាពលរដ្ឋយើង កម្លាំងទិញរបស់យើងកើនឡើង។ អញ្ចឹងបានសួរថា ហេតុអីកម្ពុជាមិនព្រមនៅក្ររហូត ស្រួលគេឱ្យលុយខ្ចីថោក។ បើយើងសម្រេចចិត្តបែបនេះ យើងនឹងមិនរីកចម្រើនទៅណាទេ។ យើងនៅតែក្រមួយជីវិត។ តែត្រូវហ៊ានប្រឈមជាមួយការលំបាកដើម្បីដាក់ទិសដៅ ហើយកែសម្រួលផ្ទៃក្នុងរបស់យើង កែសម្រួលនីតិវិធីរបស់យើង ជួយគ្នា លើកទឹកចិត្តវិស័យឯកជន លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ ពង្រឹងមូលដ្ឋានសេដ្ឋកិច្ច សមត្ថភាពប្រជាពលរដ្ឋ អប់រំបណ្ដុះបណ្ដាល ទាំងក្រសួងអប់រំ ទាំង TVET ដើម្បីឱ្យធនធានមនុស្សរបស់យើងអាចទទួលបាននូវបច្ចេកវិទ្យា អាចទទួលបាននូវរោងចក្រ ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់។ ឥឡូវយើងមានដល់ទៅរោងចក្រដំឡើងរថយន្ត ដែលថារោងចក្រប្រើ Robot មួយចំនួន។ ថ្ងៃក្រោយវាទៅ AI ទៅអីទៀត។ យើងមិនអាចថា ពិភពលោកគេឱ្យ AI ហើយ យើងមិនគួរឱ្យ AI ចូលកម្ពុជាទេ … ហ្នឹងដូចកាល Facebook ចូលមកអញ្ចឹង។ ខ្លះថាត្រូវបិទ Facebook។ ថាអត់អាចបិទបានទេ។ ពិភពលោកវាទៅហ្នឹង។
(៣៦) ពង្រឹងខ្លួនចាកចេញពីប្រទេសប្រាក់ចំណូលមធ្យមកម្រិតទាប ទៅមធ្យមកម្រិតខ្ពស់ និងកម្រិតខ្ពស់
យើងត្រូវតែទទួលស្គាល់បច្ចេកវិទ្យាថ្មី ត្រូវរៀនប្រើវាឲ្យមានសក្តានុពល។ អញ្ចឹង យើងនឹងឈានចេញពី LDC ឆ្នាំ២០២៩ ហើយយើងនឹងខិតខំពង្រឹងខ្លួនយើងបន្ថែមទៀតដើម្បីឲ្យយើងនឹងចាកចេញពីកម្រិតប្រទេសដែលមានប្រាក់បៀវត្សមធ្យមកម្រិតទាប ទៅមធ្យមកម្រិតខ្ពស់និងឈានទៅដល់កម្រិតខ្ពស់នៅថ្ងៃអនាគត។ ចក្ខុវិស័យត្រូវតែដាក់។ អ្នកខ្លះថាដាក់(ខ្ពស់)មិនចេះខ្មាសគេ។ ខ្ញុំអត់ខ្មាសទេ។ បើយើងមិនហ៊ានដាក់ទិសដៅខ្ពស់ ហើយខំប្រឹងនោះទេ យើងនៅតែទាបរហូត។ កុំខ្មាស កុំអៀន គេថាអួតក៏អួតចុះ។ ខ្ញុំមិនអួតសម្រាប់ខ្លួនខ្ញុំ។ ខ្ញុំអួតសម្រាប់ប្រទេសជាតិរបស់យើង។ ប្រទេសជាតិរបស់យើង ប្រជាជនយើង ត្រូវមានមោទនភាពថាយើងត្រូវតែរួមគ្នាដើរទៅមុខ ហើយរស់ខ្លួនឯងពង្រឹងខ្លួនឯង។ ពង្រឹងផ្ទៃក្នុងដោយមានឆន្ទៈចង់ពង្រឹងភាពម្ចាស់ការ មិនមែនពង្រឹងដោយសារខឹងគេមួយឆាវ ពង្រឹងដោយសារយើងជួយបំបាត់ភាពប្រកួតប្រជែង តាមការបាំងមិនឲ្យប្រកួតនោះទេ។ តែត្រូវខិតខំពង្រឹងសមត្ថភាពប្រកួតខ្លួនឯង ដាក់ទិសដៅឲ្យកាន់តែខ្លាំង ចាប់យកសក្តានុពល។ ទោះបីវានឹងបង្កើតការប្រឈមរបស់យើង តែវានឹងធ្វើឲ្យយើងខ្លាំង។
(៣៧) វិញ្ញាសាសតវត្សរ៍ទាំង៣ មិនបានធ្វើឱ្យរដ្ឋាភិបាលថ្មីដួលទេ តែរួមគ្នារឹងមាំប្រឈមដោះស្រាយ
វិញ្ញាសាបីធំៗ នៃសតវត្សរ៍នេះប្រទាក់ក្រឡាជាមួយគ្នា។ យើងដោះស្រាយពេលនេះ វាមិនបានធ្វើឲ្យយើងដួលទេ។ រដ្ឋាភិបាលថ្មីអាណត្តិទី១ មិនបានដួលទេ ប៉ុន្តែបានរួមគ្នាកាន់តែរឹងមាំដោះស្រាយការប្រឈមនេះ។ នេះគឺជាកត្តាសំខាន់។ យើងមិនចង់ឲ្យវាកើតទេ។ គ្មានអ្នកណាចង់ឲ្យមានសង្គ្រាមឈ្លានពានទេ។ គ្មានអ្នកណាចង់ឲ្យកម្ពុជាក្លាយជាប្រទេសដែលគេមើលងាយរឿង Scam ទេ។ គ្មានអ្នកណាចង់ឲ្យមានរឿងប្រេងឡើងថ្លៃនោះទេ។ ប៉ុន្តែវាមិនអាចរារាំងបាន។ កន្លែងខ្លះ គេវាយគ្នារាប់ពាន់គីឡូ(ពីយើង)។ ប៉ុន្តែ យើងត្រូវប្រឈម។ យើងត្រូវទទួលស្គាល់។ អត់ដេកយំទេ តែងើបឈរមើលបញ្ហាខ្លួនឯង។ ត្រូវចាត់វិធានការជាក់ស្តែង។ ទោះបីជាកន្លែងខ្លះត្រូវធ្វើជាជំហាន កន្លែងខ្លះត្រូវធ្វើមួយប្រាវ(អោយស្រេច)តែម្តង។ ធ្វើជំហានវាមិនកើត ព្រោះវាប្រទាក់ក្រឡា ដូចរឿងកែនីតិវិធីស្មុគស្មាញ។ បើកែក្រសួងមួយម្តងៗ ទៅមិនរួចតែម្តង។ ឲ្យគណៈកម្មការគោលនយោបាយហៅក្រសួងពាក់ព័ន្ធទាំងអស់ គ្រប់វិស័យទាំងអស់ យកឯកសារទាំងអស់ដែលពាក់ព័ន្ធនឹងរឿងស្អីមួយ។ ឧទាហរណ៍ថា ចុះនីតិវិធីក្រុមហ៊ុនថ្មី ត្រួតពិនិត្យមន្ទីរពិសោធន៍ស្អីហ្នឹង យកមកមើលជាកញ្ចប់ ហើយវះកាត់ជាកញ្ចប់ … បើត្រូវដូរឯកសារអនុក្រឹត្យ ព្រះរាជក្រឹត្យ ឬមួយកន្លែងខ្លះ បើត្រូវការកែទាំងច្បាប់ទៀត ត្រូវតែហ៊ានកែ ព្រោះច្បាប់យើងអ្នកបង្កើតទេ។ បង្កើត ២០ឆ្នាំមុន ប្រហែលជាស្របស្ថានភាពនោះ។ យើងមិនអាចយកច្បាប់ពី ២០ឆ្នាំមុន មកចងយើងនៅពេលឥឡូវទេ។
(៣៨) អាជីវករត្រូវមានក្រមសីលធម៌ និងការទទួលខុសត្រូវជាដៃគូ
អញ្ចឹង ធ្វើបែបនេះ យើងមិនអាចធ្វើសន្សឹមៗ ទេ។ កន្លែងហ្នឹង ត្រូវធ្វើវាម្តង យកជាមូលដ្ឋានទៅ។ ចាំពង្រឹងសមត្ថភាពសន្សឹមៗ។ ការធ្វើសន្សឹមៗ នេះ ជួនកាលគ្រោះថ្នាក់ជាង។ កន្លែងខ្លះការធ្វើសន្សឹមៗ ហ្នឹង ទុកឱកាសឲ្យទៅដូរពីអាហ្នឹងមកអាបន្ទាប់ហ្នឹង គឺលែងដូរបណ្តោយ។ ធ្វើម្តងឲ្យវាដល់ចំណុចហ្នឹង ហើយចាំពង្រឹងពីចំណុចហ្នឹង។ នេះជាគោលដៅនៃការកែសម្រួល និងដាក់ចេញវិធានការ … ថ្ងៃមុន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់ចេញវិធានការ ៣១ចំណុច នៅក្នុងនោះខ្ញុំបានគាំទ្រនៅថ្ងៃទី២០ ខែ៤ ក្រោយចូលឆ្នាំគឺបានដាក់ក្នុង(ដំណើរ)ការកែសម្រួល។ ក្នុងនោះក៏មានចំណុចសំខាន់មួយចំនួនកែសម្រួល ឧទាហរណ៍តាមផ្លូវ កាលមុនមានគយចល័តគ្រប់ខេត្ត។ ឥឡូវឲ្យកែសម្រួលចេញ។ ទំនិញមកត្រូវពង្រឹងដើមខ្សែ។ គយចល័តនេះត្រូវតែឆែកហើយ (តែ)ត្រូវរកស្ថាប័ន/កន្លែងណាមួយ ប៉ុន្តែកុំឲ្យវាច្រើនកន្លែងពេក ប៉ះពាល់ដល់បងប្អូនប្រជាជនអ្នកដឹកជញ្ជូន។ មើលនៅចុងខ្សែកន្លែងណាមួយ។
វិធានការវាត្រូវដើរទាំងពីរ ទាំងរដ្ឋទាំងវិស័យឯកជនរួមគ្នាធ្វើ … រឿងបង្ក្រាបផលិតផលក្លែងក្លាយឬផលិតផលខូចគុណភាព បើសិនបងប្អូនអ្នកលក់ដូរដឹង ថា(របស់ហ្នឹងមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់/ហូបចុក គាត់)មិនត្រូវប៉ះពាល់(វាជាការល្អ)។ កុំដោយសារតែចំណេញ (នៅតែបន្តផលិត/លក់ដូរផលិតផលនាំឱ្យ)ប៉ះពាល់។ រដ្ឋក៏លែងហត់។ ព្រោះបើចាប់សាក ៤-៥កន្លែង ត្រូវទាំងអស់អញ្ចឹង ក៏វាថយតាមហ្នឹង។ ត្រូវទុកចិត្តគ្នា។ អតិថិជនក៏ជួយច្រើន។ អញ្ចឹងវាត្រូវការជួយគ្នា។ កាលនៅពន្ធដារ ខ្ញុំក៏និយាយ ខ្ញុំមិនចង់ឲ្យរដ្ឋដើរតួជាអ្នកអង្គុយចាប់ ហើយអាជីវករមិនថាអ្នកលក់ online ឬមួយអ្នកលក់ជាជនប្រព្រឹត្តខុសនោះទេ។ កុំឲ្យមានគំនិតបែបហ្នឹង។ គំនិតទទួលខុសត្រូវរៀងៗខ្លួន។ គយ ពន្ធដារ ឬមួយក៏ក្រសួងផ្សេងៗ ដែលសមត្ថកិច្ចជាអ្នកអនុវត្តតួនាទីរបស់ខ្លួនក្នុងការត្រួតពិនិត្យនិងពង្រឹង។ អ្នកលក់គាត់មានក្រមសីលធម៌និងការទទួលខុសត្រូវរបស់គាត់ជាដៃគូ។
បើគាត់យកផលិតផលមកអត់ដឹងថាមានបារ៉តឬមិនមាន ក្រែងលោក្រុមហ៊ុនក្រៅភូត គាត់ទៅរកក្រសួងសុខាភិបាលឲ្យជួយពិនិត្យថារបស់ហ្នឹងមាន(បារ៉តឬ)អត់។ បើរកឃើញមានបារ៉ត កុំឲ្យវាប៉ះពាល់សុខភាព គាត់ដូរ។ គាត់ប្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ថាអត់យកទេ។ អញ្ចឹងវាស្រួលជាង។ បើសិនជាបានអញ្ចឹង អ្នកណាបានផលជាងគេ? អតិថិជន។ អតិថិជនជាអ្នកណា? យើងទាំងអស់គ្នា។ គ្មានអ្នកណាផលិតគ្រប់មុខទេ។ ឧទាហរណ៍ថា អ្នកផលិតមី មិនមែនមួយថ្ងៃៗគាត់ហូបតែមីទេ។ គាត់ទៅហូបបន្លែ គាត់ទៅហូបសាច់។ អ្នកនាំចូលសាច់ក៏មិនហូបតែរបស់គាត់ដែរ។ គាត់មិនទៅណាស្ពាយរបស់គាត់មួយធុងទេ។ ទៅការគេដាក់អាហ្នឹងលើតុ អាំងសាច់នៅលើតុការទេ។ ទោះបីជាគាត់យកសាច់ហ្នឹងទៅឲ្យតុការគេធ្វើ ក៏គាត់មិនវេចខ្ចប់ប៊ីចេង វេចខ្ចប់ទឹកត្រីអីយកទៅធ្វើទេ។ យើងទាំងអស់គ្នា។ អ្នកលក់ក៏ជាអ្នកប្រើ។ បើយើងបង្កើតបរិស្ថានហ្នឹងល្អ គេទុកចិត្តយើងៗ ទុកចិត្តគេ រដ្ឋក៏មិនមានការចាំបាច់នៅក្នុងការពង្រឹង។
(៣៨) អង្គភាពពន្ធដារពិសេសជាគំរោងគំរូ និងបើដំណើរការល្អ ថ្ងៃក្រោយយកទៅអនុវត្តនៅកន្លែងផ្សេងទៀត
ហ្នឹងដូចពន្ធដារពិសេសអញ្ចឹង។ កន្លែងអង្គភាពពិសេសហ្នឹង ធម្មតាក្រុមហ៊ុនត្រូវទទួលសវនកម្មដូចបីដង។ តែបើចូលកន្លែងហ្នឹងសវនកម្មតែម្តងទេ។ តែក្រុមហ៊ុនហ្នឹងត្រូវតែជាក្រុមហ៊ុន Gold មានអនុលោមភាព។ អញ្ចឹងរដ្ឋក៏ទុកចិត្តគាត់ៗ ក៏ទុកចិត្តរដ្ឋ។ ធ្វើការជាមួយគ្នាទៅស្រួល … បង្កើតកន្លែងពន្ធដារពិសេសនេះដើម្បីអី? មិនមែនបង្កើតដើម្បីទៅជំនួសទេ តែជាគម្រោងគំរូ ជា Pilot Project។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញ SOP ដើម្បីធ្វើការកែទម្រង់នីតិវិធី។ ថ្ងៃក្រោយយើងកាត់ឲ្យខ្លី តែវាអាចប្រើពេលច្រើន ព្រោះបើអនុវត្តទូទាំងប្រទេស វាប្រើពេលច្រើន។ យើងបង្កើតពន្ធដារពិសេសនេះដើម្បីអនុវត្តវិធីសាស្ត្រហ្នឹងមើល តើវាដើរអត់? ពេលដែលដើរ ថ្ងៃក្រោយយើងអាចពង្រីក។ ឥឡូវ មានតែមួយកន្លែង។ ថ្ងៃក្រោយអាចពង្រីកទៅដល់កន្លែងផ្សេងៗទៀត។ ថ្ងៃក្រោយគោលដៅថាមួយអាណត្តិពីរអាណត្តិ វាទៅជាអនុវត្តនីតិវិធីហ្នឹងទូទៅតែម្តង ហើយឲ្យមានការអនុលោមភាពទាំងអស់។
(៣៩) ទាក់ទាញក្រុមហ៊ុនប្រទេសខាងលិចមកធ្វើមជ្ឈមណ្ឌលភស្តុភារកម្មតំបន់នៅព្រលានយន្តហោះថ្មី
គយដូចគ្នា។ យើងកំពុងឲ្យសិក្សា យកកន្លែងកញ្ចប់ខ្លះ។ ថ្ងៃមុនឯកឧត្តម គន់ ញឹម ពិនិត្យមើលនៅតាមព្រលានយន្តហោះ។ ព្រលានយន្តហោះគឺជាកន្លែងមួយដែលថាងាយស្រួលក្នុងការអនុវត្តនីតិវិធីសាកល្បងមួយចំនួន កាត់បន្ថយនីតិវិធីមួយចំនួន ឲ្យវាលឿន។ ឥឡូវយើងកំពុងតែទាក់ទាញឲ្យក្រុមហ៊ុនពីប្រទេសខាងលិចមួយមកធ្វើជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់នៅព្រលានយន្តហោះថ្មី។ អញ្ចឹងសំណូមពរថាឲ្យតាមស្តង់ដាររបស់គេ ក្នុងនោះមានទាំងស្តង់ដារគយ។ ខ្ញុំថាអត់បញ្ហា ខ្ញុំចង់បានឲ្យអ្នកឯងមកប្រាប់ខ្ញុំ ចង់បានអីយើងរៀបចំពិសេសឲ្យ។ នីតិវិធីដែលអនុវត្តនៅប្រទេសសិង្ហបុរី នៅប្រទេសអាមេរិក នៅប្រទេសផ្សេងៗដែលវាមានប្រសិទ្ធភាព។ យើងកុំខ្លាចលេងផ្លូវកាត់។ តែយើងមិនអាចអនុវត្តទាំងមូលបានទេ។ យើងយកកន្លែងមួយពីរសិនអនុវត្ត។ ថ្ងៃក្រោយយកពីហ្នឹងពង្រីកទៅកន្លែងផ្សេងៗទៀត។ បើធ្វើអញ្ចឹងដើរ វាបង្កើតទំនុកចិត្ត ហើយប្រសិទ្ធភាព និងតម្លាភាព។ នៅក្នុងសុន្ទរកថា ក៏ដូចជាការលើកឡើងផ្សេងៗ ទាក់ទងទៅនីតិវិធីរបស់រាជរដ្ឋាភិបាល ក្នុងការជួយ បូកជាមួយការជួបជាមួយវិស័យឯកជន ការស្នើសុំរឿងនីតិវិធីគយ ពន្ធដារ នីតិវិធីនៅក្នុងការចុះឈ្មោះ ចុះបញ្ជី សុទ្ធតែជាកង្វល់របស់ប្រជាពលរដ្ឋ របស់ធុរកិច្ច របស់អ្នកវិនិយោគ។
(៤០) ការបណ្តុះបណ្តាល ១លាន ៥សែននាក់ គឺដើម្បីជាធនធានមនុស្សសំរាប់សហគ្រិន
រាជរដ្ឋាភិបាលបានចាត់វិធានការក្នុងការដោះស្រាយបញ្ហានេះ។ វាមិនមែនអស់ ១០០%ទេ ហើយវានឹងមិនមែនដោះប៉ុណ្ណឹងអស់ វាគ្មានបញ្ហាថ្មីកើតឡើងនោះទេ ពិភពលោកប្រែប្រួល ស្ថានភាពសេដ្ឋកិច្ចប្រែប្រួល អញ្ចឹងវាត្រូវការប្រែប្រួល។ តែយើងប្រកាន់ជំហររៀបចំនីតិវិធី យន្តការ ដើម្បីតាមដានឲ្យជាប់ ដោះស្រាយឲ្យទាន់ពេលវេលា។ ក្នុង MSME ដែលភារកិច្ចពាក់ព័ន្ធជាមួយក្រសួងឧស្សាហកម្មជាគោល ប៉ុន្តែក៏វាទាក់ទងជាមួយក្រសួង-ស្ថាប័នផ្សេងៗទៀត ដែលយើងត្រូវគិតគូរជាចង្កោមជាតួអង្គដែលយើងត្រូវបន្តពង្រឹង។ បងប្អូននៅក្នុងវិស័យក្រៅប្រព័ន្ធក៏ដូចគ្នា រាជរដ្ឋាភិបាលផ្តល់អាទិភាពមួយ គឺជួយវិស័យក្រៅប្រព័ន្ធដើម្បីបណ្តុះបណ្តាលសមត្ថភាព ការចុះបញ្ជី បង្រៀនអីផ្សេងៗ បានមកទាំងអស់។ ការបណ្តុះបណ្តាលធនធានមនុស្ស ១លាន ៥សែននាក់ដែលក្រសួងការងារដាក់ចេញជាអ្នកអនុវត្តនោះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សជូនសហគ្រិន។ បើកសិប្បកម្ម ឬមួយបើកសេវាលក់ទូរទឹកកក យើងចង់រើសមនុស្សដែលចេះជួសជុលទូរទឹកកកមក ពេលដែលយើងមានសេវា។ យើងរំពឹងថាមានជម្រើសពីរ ទី១ បណ្តុះបណ្តាលខ្លួនឯង ទី២ បើមានអ្នកផ្សេងបណ្តុះបណ្តាល និងបើរដ្ឋជួយបណ្តុះបណ្តាលក៏កាន់តែល្អ។ ហ្នឹងដែលយើងបណ្តុះបណ្តាលដើម្បីបង្កើនការងារនិងឱកាស។
(៤១) នៅសល់មួយខែជាងគ្រប់ ៣ឆ្នាំ រាល់គោលនយោបាយជាច្រើនត្រូវបានអនុវត្តជាផ្លែផ្កា
អញ្ចឹង រាល់គោលនយោបាយដែលយើងដាក់ចេញ និងចំណុចដែលយើងដាក់ចេញ ក្នុងអាណត្តិនេះ ក្នុងរយៈពេល ៣ឆ្នាំនេះ នៅសល់តែមួយខែជាងទៀត វាគ្រប់ ៣ឆ្នាំហើយ។ យើងបានធ្វើច្រើន។ អ្នកខ្លះថាដែលនិយាយៗ អត់(ឃើញធ្វើបាន)អីសោះ។ មកពីគាត់មិនព្រមមើល។ ថារដ្ឋមិនព្រមឲ្យព័ត៌មាន។ ចុះគេបង្ហោះតាម Facebook រាល់ថ្ងៃ មិនព្រមមើល។ អ្នកខ្លះទាល់តែថា យើងសង្ខេបជូនគាត់ជារបាយការណ៍បានគាត់ថាយើងធ្វើអី។ គោលការណ៍ ១លាន ៥សែននាក់ យើងបណ្តុះបណ្តាល ២៧ម៉ឺននាក់ហើយ។ ២៧ម៉ឺននាក់ហ្នឹងមិនតិចទេ។ ច្រើនតើ។ ដាក់ចេញថ្នាលសម្រាប់ចុះឈ្មោះក្រៅប្រព័ន្ធ ដូចចូលប៉ុន្មានហើយ? ៣៨ម៉ឺននាក់ហើយ។ បានទទួលផល មិនសូន្យឯណា។ នៅបន្តទៀត។ ទាក់ទងសេវាសុខភាពដោយស្ម័គ្រចិត្ត ស្វ័យនិយោជន៍ បានប៉ុន្មានលាននាក់ហើយ? ៧៥ម៉ឺននាក់។ តាំងពីដើមទី យើងចាប់ផ្តើម កាលនោះដូចបានតែ១ម៉ឺនជាងទេ។ មានមក ១ម៉ឺនស្រាប់។
ដែលខ្ញុំចាប់ផ្តើមប្រកាសគឺប្រជាពលរដ្ឋគាត់បង់មួយខែតែ ១៥៦០០រៀលទេ។ អ្នកដែលធ្លាប់រស់នៅស្រុកក្រៅ ខ្ញុំសួរប្រជាពលរដ្ឋខ្មែរនៅអាមេរិក នៅបារាំង ថាស្រុកណាមាន insurance សុខភាព ១៥០០០រៀលក្នុងមួយខែ? យើងជួយពង្រីក ឥឡូវ ៧៥ម៉ឺននាក់។ គាត់បានទទួលផល បានន័យថាប្រជាពលរដ្ឋក្រីក្រ។ ប្រជាពលរដ្ឋក្រីក្រមែនទែន រដ្ឋចេញលុយឲ្យ តាមរយៈប័ណ្ណសមធម៌ ប្រជាពលរដ្ឋដែលមានជីវភាពមួយចំនួន សេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសាររបស់កម្មករ ឧទាហរណ៍ថា កម្មករគាត់មាន ប.ស.ស ក្រុមហ៊ុនចេញឲ្យ តែគ្រួសារគាត់អត់បានទេ គាត់អាចទិញ។ គ្រួសាររបស់មន្ត្រីរាជការ ឬស្វ័យនិយោជន៍ អ្នករកស៊ីខ្លួនឯងគាត់អាចទិញ។ ពីមុនគាត់ទៅពេទ្យម្តងអស់ ៨ម៉ឺន ឬ ៦ម៉ឺនរៀល ឥឡូវគាត់បង់ ១៥៦០០រៀល គាត់អាចទៅពេទ្យ ៣-៤ដង មើលពិគ្រោះបឋម ថ្នាំមួយចំនួនហ្នឹង គឺតែប៉ុណ្ណឹង។
(៤២) ពង្រឹងពេទ្យមូលដ្ឋានដើម្បីមនុស្សមានសុខភាព ពង្រឹងអប់រំមូលដ្ឋានដើម្បីមនុស្សមានការអប់រំបណ្តុះបណ្តាលប្រកបដោយគុណវុឌ្ឍិ ក្លាយជាធនធានជាតិ
អំពីការពង្រឹងពេទ្យមូលដ្ឋាន ពង្រឹងអប់រំមូលដ្ឋាន។ ឥឡូវ ក្នុងសុខាភិបាល កន្លែងខ្លះខ្ញុំសួរអំពីពេទ្យមូលដ្ឋាននៅ គ្លីនិកឯកជនបិទទ្វារ។ សុំទោសបងប្អូនខាងគ្លីនិកឯកជន ព្រោះប្រជាពលរដ្ឋទៅយកថ្នាំ ទៅពិនិត្យនៅមណ្ឌលសុខភាព។ ថ្ងៃមុន ខ្ញុំឲ្យបង្កើនថវិកាមួយឆ្នាំដូច ១៥លាន ឬ ២០លាន រឿងថ្នាំទឹកនោមផ្អែម ថ្នាំលើសឈាម។ ពីមុនយើងបាន ៥ថ្ងៃ ឬ ៦ថ្ងៃ ឥឡូវបង្កើនជូនខ្លះដូចបានមួយខែ។ អញ្ចឹង ឧទាហរណ៍អ្នកនៅមណ្ឌលគិរី នៅរតនគិរីឆ្ងាយៗ គាត់ជិះម៉ូតូ ២ម៉ោងមកមណ្ឌលសុខភាព ៥ថ្ងៃមកយកម្តង។ ឥឡូវគាត់យកម្តងមួយខែ ហើយថ្នាំគុណភាព។ គ្រប់វិស័យទាំងអស់។ ទាំងអប់រំក៏យើងបានធ្វើការងារ រើសមន្ត្រីតាមនិយាម។ ប្រឡងមន្ត្រីតាមនិយាមថ្មី។ យើងធ្វើបានច្រើននៅក្នុងរយៈពេលនេះ។ តែទាំងអស់ដើម្បីអី? ដើម្បីពង្រឹងខ្លួនឯងហ្នឹងឯង ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព គុណាធិបតេយ្យ នៃមន្ត្រី ពង្រឹងសេវា គុណភាព ផ្តល់ជូនប្រជាពលរដ្ឋដើម្បីឲ្យក្លាយទៅជាធនធានមនុស្សដែលមានសុខភាពល្អ មានការអប់រំបណ្តុះបណ្តាល មានគុណវុឌ្ឍិ ដើម្បីក្លាយជាធនធានសម្រាប់ប្រទេសជាតិ តាមរយៈការដែលគាត់រកការងារបានធ្វើ មួយផ្នែកនៅក្នុងវិស័យឯកជនហ្នឹងឯង និងមួយផ្នែកជាម្ចាស់ក្រុមហ៊ុនសិប្បកម្មផង។ ខ្លះរៀនអ៊ុតសក់ បើកហាងអ៊ុតសក់។ អ្នកខ្លះរៀនឆុងកាហ្វេ ទៅបើកលក់កាហ្វេ។ នេះគឺជាសមិទ្ធផលដែលរដ្ឋាភិបាលដាក់ចេញនៅដើមអាណត្តិ ហើយនឹងបន្តធ្វើ។ សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តជឿទុកចិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ។ គ្រាលំបាក យើងលំបាកជាមួយគ្នា។ រដ្ឋាភិបាលមិនចោលទេ។ រដ្ឋាភិបាលនឹងជួយគ្រប់លទ្ធភាពទាំងអស់។
(៤៣) គ្រឹះស្ថានអង្គរតម្លើងនិងរក្សាអប្បហារជូនសហគមន៍ទូកទេសចរ ទោះបីប្រេងចុះថ្លៃវិញក៏ដោយ
ថ្ងៃមុនខ្ញុំទៅចុងឃ្នៀស។ នៅហ្នឹងមានគ្រឹះស្ថានអង្គរដែលទៅវិនិយោគកសាងគ្រប់គ្រង ប៉ុន្តែអ្នកប្រតិបត្តិគឺសហគមន៍។ ពេលដែលប្រេងឡើងថ្លៃ គឺរដ្ឋដំឡើងអប្បហារជូនគាត់។ ឧទាហរណ៍ បាន១០០ រដ្ឋកាលមុនឲ្យគាត់៥០ ឯ៥០ទៀត គឺសម្រាប់ថែទាំ ព្រោះវិនិយោគត្រូវថែទាំ។ ឥឡូវដំឡើងទៅ៦៥ ដើម្បីជួយគាត់ប៉ះប៉ូវថ្លៃសាំង។ រដ្ឋសុខចិត្តមិនដំឡើងថ្លៃសំបុត្រហ្នឹងទៅអតិថិជនជាភ្ញៀវទេ។ ប៉ុន្មាននៅតែដដែល។ តែយើងសុខចិត្តកាត់លុយពីហោប៉ៅយើងមួយផ្នែក ឲ្យទៅប្រជាពលរដ្ឋសហគមន៍។ សន្យានាំកូនទៅមើលក្រពើ តែមានបានមើលក្រពើអី ទៅដល់គាត់ព័ទ្ធសួរមួយម៉ោង។ ចរចាចុះឡើងៗ គាត់សុំឲ្យថាឥឡូវ ជ្រុលជាឡើងអញ្ចឹងហើយ មិនបាច់ចុះវិញទេ។ ពេលដែលប្រេងចុះវិញ រដ្ឋមិនបាច់យកវិញទេ ១៥ហ្នឹង។ អញ្ចឹងក៏ឯកភាព។
ជជែកជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរប្រាប់ថា ឥឡូវ ទោះបីប្រេងចុះវិញក៏ដោយយើងប្រគល់ចំណែកហ្នឹងជូនសហគមន៍ទៅ ព្រោះលុយគាត់គង់តែយកទៅបង្វិលចូលផ្សារចូលអីដដែល។ សេដ្ឋកិច្ចដដែល។ ហ្នឹងគឺជាអ្វីដែលរូបមន្តតូចៗ ដែលយើងជួយ។ ការទម្លាក់អាករ ការទម្លាក់ពន្ធ ការជួយរបៀបហ្នឹង ប្រទេសខ្លះអត់ទម្លាក់ទេ។ គាត់ឲ្យជា Rebate។ ពន្ធនៅដដែល ក្រុមហ៊ុនអត់មានទម្លាក់ទេ ទោះបីឡើងថ្លៃអីក៏ដោយ។ ប៉ុន្តែរដ្ឋអាចជួយម្តងម្កាល ឲ្យ Credit ទៅវិញ។
យើងអត់ធ្វើដូចនោះទេ។ យើងសុខចិត្តទុកលុយនៅប្រជាពលរដ្ឋ នៅក្រុមហ៊ុនចុះ។ ទុកឲ្យគាត់បង្វិលចុះ។ នេះគឺជាការជួយទៅដល់វិស័យឯកជនយើង មិនថាមីក្រូហិរញ្ញវត្ថុ មីក្រូគ្រឹះស្ថាន មីក្រូសហគ្រាស ឬសហគ្រាសតូច មធ្យម ឬសហគ្រាសធំ នោះទេ គ្រប់វិស័យទាំងអស់ រដ្ឋនៅជាមួយ គ្រាលំបាកទាំងអស់គ្នា … យើងកំពុងតែឡើង រីកចំរើនទាំងអស់ Covid វាមក។ ហ្នឹងសឹងតែ ១០០ឆ្នាំដែរ មួយសតវត្សរ៍ដែរ។ ក្រោយពីហ្នឹង យើងមានសង្គ្រាមនៅអឺរ៉ុប។ បន្ទាប់មកទៀត មានសង្គ្រាមប៉ុន្មាន ដែលសុទ្ធតែវិបត្តិធំៗ វាសុទ្ធតែជះឥទ្ធិពល។ មិនមែនតែយើងទេ នៅក្នងតំបន់ដូចគ្នា។ ប្រទេសជិតយើងខ្លះ គ្រាន់តែទិន្នន័យកាសែតគេចុះហ្នឹង SME ដួលចង់រាប់ពាន់ … តែរឿងគេជារឿងគេ រឿងអ្វីដែលយើងមានគឺត្រូវតែធ្វើ។ ចំណុចខ្លាំងរបស់វា មិនមែនងងឹតសុទ្ធទេ។ វិស័យមួយចំនួនក៏នៅកើន។ ការនាំចេញខាងកសិកម្ម ការនាំចេញខាងវាយនភណ្ឌ កាត់ដេរអីក៏យើងឡើង ការនាំចេញជាច្រើនយើងឡើង។ ពង្រីកទីផ្សារ ឥឡូវក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បន្តិចៗ សុំខ្ញុំទៅក្រៅ។ ខ្ញុំថាឲ្យទៅ មិនមែនគាត់ទៅលេងទេ គាត់ទៅចរចាបើកទីផ្សារទៅចុះ។
(៤៤) “រដ្ឋមិនចេះរកស៊ីទេ ហើយក៏មិនត្រូវរកស៊ី និងក៏មិនត្រូវរកស៊ីតាមបែបរដ្ឋបាលដែរ”
យើងកែទម្រង់ក្រុមហ៊ុន Green Trade ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល គ្រឹះស្ថានសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដឹកនាំឲ្យដូចឯកជន។ កុំឲ្យការសម្រេចចិត្តអីត្រូវឆ្លងរដ្ឋមន្ត្រីឆ្លងអីទៀត។ ឥឡូវឲ្យសិទ្ធិដឹកនាំដូចក្រុមហ៊ុនឯកជន ឲ្យការទទួលខុសត្រូវ។ រដ្ឋមន្ត្រីនៅក្រុមប្រឹក្សាភិបាល គឺជាអ្នកកំណត់ទិសដៅ ប៉ុន្តែការសម្រេចចិត្តភាគច្រើនឲ្យទៅគាត់ទៅ។ ម្សិលមិញរឿង CTB (Cambodian Tourism Board) របស់យើងហ្នឹង ត្រូវឲ្យក្រុមហ៊ុនហ្នឹងឯករាជ្យភាពក្នុងការសម្រេច។ រដ្ឋមន្ត្រីគ្រាន់តែអង្គុយនៅលើ Board តម្រង់ទិសបានហើយ។ ក្រៅពីហ្នឹង ឲ្យគាត់ធ្វើដូចវិស័យឯកជនទៅ ទើបប្រកួតប្រជែង ឲ្យសិទ្ធិគាត់ ឲ្យការទទួលខុសត្រូវ។ បែបនេះគឺជាផ្នែកនៃការកែទម្រង់ឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងការប្រកួតប្រជែង។ រដ្ឋអត់ចេះរកស៊ីទេ ហើយរដ្ឋក៏មិនត្រូវរកស៊ីដែរ ក៏មិនត្រូវរកស៊ីតាមបែបរដ្ឋបាលដែរ។ បើត្រូវរកស៊ី ត្រូវរកស៊ីតាមរបៀបឯកជន តែការគ្រប់គ្រងកម្រិតណាមួយវានៅតែសម្រេចចិត្ត។ អាហ្នឹងដូច EDC អញ្ចឹង គាត់រកស៊ីតាមរបៀបឯកជន តែរដ្ឋដាក់គោលដៅមួយចំនួន។ គ្រឹះស្ថានសាធារណៈមួយចំនួនដូចគ្នា តែកុំយកការសម្រេចចិត្តក្នុងក្រុមហ៊ុនឯកជន ធ្វើការងារតាមរដ្ឋបាល ឆ្លងថ្នាក់ យឺតទៅអត់រួច វានាំឲ្យបញ្ហា។ សូម្បីតែ CDC ហ្នឹងក៏ខ្ញុំឲ្យកែសម្រួលដែរ។
(៤៥) CDC បង្ការនិងវាយតម្លៃមុនផ្តល់អាជ្ញាបណ្ណ តាមដាននិងដោះស្រាយបញ្ហាក្រោយផ្តល់អាជ្ញាបណ្ណ និងកាត់បន្ថយការិយាធិបតេយ្យនិងរៀបចំរចនាសម្ព័ន្ធតាមគំរូជោគជ័យ
ឥឡូវ យើងកំពុងធ្វើការកែសម្រួលរចនាសម្ព័ន្ធតាមក្រសួង-ស្ថាប័ន។ កាត់បន្ថយ ពង្រឹង និងបង្រួម។ ការព្រៀងដំបូង CDC ពង្រីកខ្លួន មាននាយកដ្ឋាន មានការិយាល័យ។ នៅពេលដែលឥឡូវនេះ គឺត្រឹមតែជាអង្គភាពទេ។ គ្នាតែប៉ុន្មាននាក់។ អញ្ចឹង បើសិនជាយើងពង្រីកខ្លួនទៅជាក្រសួង នីតិវិធីការងារនឹងយឺត។ ខ្ញុំថា មិនទុកដូចនោះទេ។ កាលកែចុះទៅ យើងកាត់មួយនាយកដ្ឋាន។ ខ្ញុំស៊ីញ៉េឯកភាព។ ឮតែកាត់ក៏កាត់។ ស្រាប់តែក្រោយមក ឮពង្រីក ៧០ការិយាល័យ។ ខ្ញុំថា អត់ទេ។ CDC យកទៅវិញ។ ប្រគល់ភារកិច្ចជូនឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តម កែវ រតនៈ ឯកឧត្តម ឈាង យ៉ាន់ណារ៉ា ឯកឧត្តម ជា វុទ្ធី និងថ្នាក់ដឹកនាំទៅកែឲ្យខ្ញុំជាអង្គភាពពិសេស ជាយន្តការពិសេសតូចមួយដែលសម្រាប់ជួយការងារបីធំ។
ទី១៖ បង្ការ និងវាយតម្លៃមុនផ្តល់អាជ្ញាបណ្ណ។ ការងារមួយគឺបង្ការ។ បង្ការនេះបានន័យថាម៉េច? មុននឹងឲ្យ License ទៅគេហ្នឹង យើងត្រូវគិតគូរឲ្យច្បាស់ សិក្សាឲ្យច្បាស់ វាយតម្លៃឲ្យច្បាស់។ ទីពីរ ជួយមើលផង កុំឲ្យពេលដែលគេបាន License យកទៅមានបញ្ហា។ ឧទាហរណ៍សុំបាន License ទៅធ្វើស្អីមួយ ចុះទៅបញ្ហាដី បញ្ហាអី គេត្រូវដោះស្រាយ ឈឺក្បាល។ ត្រូវធ្វើម៉េចរកវិធីណាដើម្បីមានយន្តការ មុននឹងឲ្យ License ទៅគេ យើងធ្វើ Due Diligence បានន័យថា ស្រាវជ្រាវបញ្ហា ហើយសម្របសម្រួលគ្រប់ស្ថាប័ន ជាមួយខេត្តជាមួយអីទាំងអស់ ដឹងថាអ្នកវិនិយោគបាន License ទៅគាត់អត់ឈឺក្បាលទៀត។ កុំឲ្យមានបញ្ហា ព្រោះរឿងឥឡូវដែលដោះស្រាយហ្នឹង គឺពេលដែលបាន License ហើយ ពេលខ្លះ ចុះទៅមានបញ្ហា នៅខេត្តនៅអីៗ ផ្សេងៗ អត់ទាន់ស៊ីសង្វាក់គ្នា ជាមួយស្ថាប័នផ្សេង។ ហ្នឹងទាល់តែពង្រឹងអាហ្នឹង។
ជួយទី២៖ តាមដានក្រោយទទួលបានអាជ្ញាបណ្ណ និងដោះស្រាយបញ្ហាក្រោយគេរស់។ ទីពីរពេលដែលបានចូលហើយ នីតិវិធីក្រោយបាន License សម្រួលឲ្យហើយក្នុងការទទួលបានអត្ថប្រយោជន៍វិនិយោគស្អីៗហ្នឹង តាមដានត្រួតពិនិត្យមើលទៅគេធ្វើអីបាន។ អាបង្ការបញ្ហាមានមួយមុននឹងឲ្យ ពេលដែលឲ្យហើយត្រូវតាមដានទៀត ក្រែងលោពេលគេទៅ អាមុនវាអត់មាន ឥឡូវស្រាប់តែមាន។ យើងត្រូវធ្វើយ៉ាងម៉េចដោះស្រាយឲ្យគេភ្លាម។ ទីបី ក្រោយពីគេរស់ហើយ ត្រូវមានយន្តការដោះស្រាយ ព្រោះពីអាណត្តិមុន យើងមានតែវេទិកាជួបរាជរដ្ឋាភិបាលម្ដងម្កាល ជួបជាមួយនាយករដ្ឋមន្ត្រី បន្ទាប់មកមានតែជាមួយជប៉ុនទេ ដែលពីរដងក្នុងមួយឆ្នាំ។ ឥឡូវយើងបង្កើនជាមួយអឺរ៉ុប ជាមួយអាមេរិក ជាមួយចិន ជាមួយអីផ្សេងទៀត ដើម្បីឲ្យមានឱកាសជួបគ្នា។ តែជួបហើយ ដើម្បីកុំឲ្យមានតែការកត់ត្រា ជួបហើយគឺត្រូវរកវិធីដោះឲ្យបានល្អ។ អញ្ចឹងយន្តការដោះស្រាយនេះគឺត្រូវឲ្យខ្លាំង។
ជួយទី៣៖ កាត់បន្ថយការិយាធិបតេយ្យ និងរៀបចំរចនាសម្ព័ន្ធតាមគំរូជោគជ័យ៖ កុំបាច់រៀបជាក្រសួង។ បើជាក្រសួង វាអត់ពាក់ព័ន្ធបីនេះទេ។ រៀបតែក្នុងយន្តការបីហ្នឹងទៅ។ ត្រឹមតែជាអង្គភាពឬមួយអីទៅ។ រឿងកម្រិតយើងចារបានទេ។ ប្រធានផ្នែកហ្នឹង ចង់កម្រិតស្មើនាយកដ្ឋានក៏បាន ជាប្រធាននាយកដ្ឋានក៏បាន ស៊ីសងយើងអ្នកឲ្យទេ។ បើសិនជារៀបនាយកដ្ឋាន ត្រូវតែរៀបការិយាល័យ រៀបផ្នែកចំណុះ។ អញ្ចឹងវាបីថ្នាក់ ហើយបើធ្វើកាត់ ទាល់តែអ្នកនេះអត់ការងារធ្វើ។ អញ្ចឹងកុំឲ្យមានតែម្តង ឲ្យមានតែមួយផ្នែកឬមួយក្រុម ហើយឲ្យសិទ្ធិគាត់ឲ្យកម្រិតហ្នឹងធ្វើតែម្ដង។ បានន័យថារវាងពេលចូលនិងចប់ គេហៅថា កុំឲ្យលំហូរវាទៅជាការិយាធិបតេយ្យ តែទៅជាស្រួល ក្នុងការជួយសម្រួល។ នេះជាអ្វីដែលយើងកែទម្រង់។ ខ្ញុំឲ្យឯកឧត្តម ស៊ុន ចាន់ថុល កុំមើលឯកសារដែលមានស្រាប់ បងឯងធ្លាប់នៅ GE យករូបមន្តស្រាវជ្រាវពីប្រទេសផ្សេងមក។ ប្រទេសណាដែលគេដើរល្អ ដូចនៅសិង្ហបុរីនៅអីដែលដើរល្អ គេមានស្រដៀងគ្នាហ្នឹង យកមកគូសមក ហើយចាំយើងធ្វើលិខិតបទដ្ឋានគតិយុត្តបង្កើតតាមគោលដៅ។ កុំយកចងរបៀបនេះហើយ បានទៅដល់នោះ អត់ដឹងដើរដល់ណា។ ដាក់គោលដៅឲ្យដើរសិន។ គោលដៅធំគឺដោះស្រាយបញ្ហាបីហ្នឹង រៀបចំមនុស្ស រចនាសម្ព័ន្ធ សិទ្ធិឲ្យបាន ហើយធ្វើប៉ុណ្ណឹង ហើយចាំយើងមកកែអនុក្រឹត្យ ព្រះរាជក្រឹត្យឬមួយស្អី ដើម្បីរៀបចំ។
ថ្ងៃហ្នឹងយកឱកាសជម្រាបជូន។ វាអត់សូវពាក់ព័ន្ធជាមួយ SME ប៉ុន្តែក៏វាពាក់ព័ន្ធវិស័យធុរកិច្ចទាំងមូល ដើម្បីជម្រាបជូនមិនមែនតែអ្នកចូលប៉ុន្មាននាក់ក្នុងកម្មវិធីនេះទេ ប៉ុន្តែអ្នកដែលបានស្តាប់ក្នុងវិស័យឯកជន គេចង់ដឹងថារដ្ឋធ្វើស្អីខ្លះក្នុងពេលដែលលំបាកនេះ ពេលដែលប្រកួតប្រជែងកាន់តែខ្លាំង តើរដ្ឋាភិបាលដាក់គោលការណ៍ ហើយធ្វើស្អីខ្លះកែទម្រង់ស្អីខ្លះ? កុំចេះតែថាកែទម្រង់ៗ ប៉ុន្តែមិនដឹងកែស្អី។ កែនេះគឺបានបង្ហាញលទ្ធផល។ វាមិនល្អអត់ខ្ចោះ ប៉ុន្តែវាបានលទ្ធផលនឹងបន្តធ្វើទៅទៀត។ ខ្ញុំសូមជម្រាបអ្វីដែលខ្ញុំរៀបរាប់នេះ កែទម្រង់តែពាក់ព័ន្ធនឹងវិស័យឯកជននិងធុរកិច្ចរបស់យើងទេ។ បើនិយាយពីរដ្ឋាភិបាលកែច្រើនណាស់ ហើយបើសិនឲ្យខ្ញុំនិយាយ ២០ម៉ោងនិយាយមិនអស់ផង ព្រោះវាចង់ ២០វិស័យ។ តែយើងយកតែវិស័យធុរកិច្ចនេះមួយដើម្បីជូនព័ត៌មានទៅបងប្អូនអាជីវករ អ្នកស្វ័យនិយោជន៍ថារឿងមួយចំនួនដែលបងប្អូនមានបញ្ហាបង្ហោះតាម Facebook កន្លងទៅ រដ្ឋបានស្តាប់ឮហើយ រដ្ឋបានដាក់បទបញ្ជាឲ្យធ្វើហើយ សុំឲ្យពេលវេលាបន្តិច។ ឧទាហរណ៍រឿងផលិតសាប៊ូមិនចេញ … បានឲ្យគោលការណ៍ដើម្បីកែសម្រួលហើយ។ រឿងនីតិវិធី រឿង CDC រឿងពង្រឹងគោលនយោបាយ ចុះពេលដែលប្រេងឡើងថ្លៃនេះ រដ្ឋជួយស្អី? យើងបានបង្ហាញហើយ យើងបានបញ្ចេញហើយ។ យើងនឹងបន្តតាមដានកិច្ចការងារនេះទៅទៀត។
(៤៦) រដ្ឋ និង MSME ត្រូវធ្វើជាដៃគូ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ដើម្បីរដ្ឋអាចជួយបន្ថែមទៀត
សូមឲ្យវិស័យឯកជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋរបស់យើង បងប្អូនដែលនៅក្នុងវិស័យ MSME នេះ ចូលរួមបន្ថែមទៀត។ រដ្ឋបានតែជួយទេ រដ្ឋបានតែគាំទ្រ ចេញគោលការណ៍បន្ធូរទេ ប៉ុន្តែការប្រកួតប្រជែង ការពង្រឹងនូវសមត្ថភាពរបស់ MSME គឺ MSME ខ្លួនឯង តាមរយៈ សាមីខ្លួន សាមីក្រុមហ៊ុន សមាគម និងវិស័យ ត្រូវរួមគ្នាជាដៃគូជាមួយរដ្ឋ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីរដ្ឋអាចជួយបន្ថែមតទៅទៀតបាន នៅពេលដែលសហគមន៍អាចជួយគ្នាបាន។ នេះគឺជាកិច្ចការល្អ។ នេះរូបមន្តដែលខ្ញុំឃើញ នៅគ្រឹះស្ថានអង្គរដែលនៅចុងឃ្នៀស។ សហគមន៍គាត់ ៣០០-៤០០ ទូកសហការគ្នា សាមគ្គីគ្នា ជួយសម្របសម្រួលផ្ទៃក្នុង។ អញ្ចឹងគ្រឹះស្ថានអង្គរអត់ឈឺក្បាល។ និយាយដោះស្រាយចេញជារឿងតែមួយ។ នេះជាអ្វីដែលបានកើត។ ដល់ពេលអនុវត្តទៅនិយាយជាមួយតែភាពជាតំណាងមួយគឺយកទៅអនុវត្តរួម។ យើងចង់បានដូចនេះ។
ថ្ងៃមុន ជួបជាមួយសមាគមស៊ីម៉ងត៍ក៏ដូចគ្នា។ សមាគមឯកភាពគ្នា ទាំងតម្លៃទាំងគុណភាព ស្តង់ដារតែមួយ រដ្ឋអត់បាច់ទៅឈឺក្បាល។ មានតែបែបហ្នឹងទេទើបខ្លាំង។ បើសិនជាសមាគមក្នុងវិស័យមួយៗ បែកបាក់គ្នា រវល់តែប្រកួតប្រជែងគ្នាផ្ទៃក្នុង ហើយរដ្ឋរវល់តែទៅឈឺក្បាលដោះស្រាយបញ្ហា តើយើងទៅប្រកួតនៅខាងក្រៅ បង្កើនទំនុកចិត្តនៅក្នុងផលិតផលផ្ទៃក្នុងយើងម៉េចកើត? បើប្រកួតប្រជែងគ្នាអត់ស្តង់ដារ រវល់តែកាត់គុណភាពដើម្បីធ្វើការផលិតថោក លក់បានថោក យូរៗ វាខូចគុណភាពទាំងអស់។ នេះជាបញ្ហា អាចប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ឧទាហរណ៍ថាផលិតដាក់របស់ហ្នឹង ស្រាប់តែមិនដាក់របស់ហ្នឹងទៅយករវស់ផ្សេងដែលខូចគុណភាពមកធ្វើ ព្រោះវាថោក វាជាបញ្ហា។
ដូចថ្ងៃមុន នៅវៀតណាមគេចាប់ហ្នឹង ឬនៅប្រទេសណាមួយនៅជិតយើង យកមាន់ងាប់ៗ ខូចគុណភាពទៅកិន ផលិតចេញចេញជាសាច់ជាអីណា។ ខ្ញុំក៏មិនបានសួរប្អូនស្រីមួយ ហេតុអីមិនឲ្យខ្ញុំហូបប្រហិតសាច់គោហ្នឹងដែរ ដោយសារគាត់ជាហ្វេនខ្ញុំ គាត់ប្រាប់ខ្ញុំ។ មិនដឹងនរណាហូបខ្លះ? ខ្ញុំថា ការទទួលខុសត្រូវសំខាន់។ បើយើងកាន់សាសនាទាំងអស់ ធ្វើបុណ្យទៅ ព្រោះយើងទៅធ្វើបុណ្យនៅវត្ត មិនស្មើនឹងដាក់ទាន ឬមួយធ្វើបុណ្យជាមួយអតិថិជន។ យើងធ្វើឲ្យល្អ សុខភាពគាត់រឹងមាំ យើងជួយបុណ្យគាត់ ព្រោះគាត់សុខភាពរឹងមាំ គាត់ទៅជួយជីវភាពគ្រួសារ គាត់អត់ចាយទៅលើពេទ្យច្រើន។ តែបើសិនយើងធ្វើមិនស្រួល គាត់ឈឺគាត់អីទៅ ពិបាក។ អញ្ចឹងរួមគ្នា។
(៤៧) សាមគ្គីឯកភាពផ្ទៃក្នុង ជាកាលានុវត្តភាពធ្វើឲ្យមានចីរភាពនិងភាពម្ចាស់ការក្នុងការផ្គត់ផ្គង់ផលិតផលក្នុងស្រុកច្រើនជាងការនាំចូលទៅថ្ងៃអនាគត
ដូចឧកញ៉ា គិត ម៉េង សុំបង (គង់ វិ)បុល ថាលាងបាប។ លាងបាងមិនលាងបាបអី ប្រកាន់ជំហររៀងៗខ្លួនទៅ កុំឲ្យពន្ធដារក្លាយទៅជាតួអង្គប៉ូលីសដើរចាំតែចាប់។ អ្នកវិនិយោគ អ្នករកស៊ី ចាំតែថាជាអ្នកខុស។ អត់អញ្ចឹងទេ។ ទទួលខុសត្រូវរៀងខ្លួនទៅ។ កំហុសហ្នឹងយល់គ្នា ថ្ងៃក្រោយយើងកាត់បន្ថយ Deem បីដង ទៅតែម្តងទាំងអស់គ្នាទៅវាស្រួល។ អញ្ចឹង គឺការបង្កើតទំនុកចិត្ត ជាផ្នែកមួយនៃការធ្វើឲ្យយើងខ្លាំង។ គ្មានអីដែលធ្វើឲ្យខ្មែរខ្លាំងក្រៅពីសាមគ្គីឯកភាពផ្ទៃក្នុងទេ។ មិនឯកភាពតែត្រឹមឆន្ទៈ ត្រឹមតែមាត់ទេ និងទង្វើផង។ បើមានត្រឹមតែឆន្ទៈ ហើយអត់យើងធ្វើ អត់សហការគ្នា គឺយើងនឹងមិនជោគជ័យទេ។ ទីបំផុតយើងរវល់តែប្រកួតប្រជែងគ្នាផ្ទៃក្នុង។ ហ្នឹងដូចក្នុងរឿងសាមកុក។ ខ្ញុំធ្លាប់ឧស្សាហ៍និយាយ កណ្ដូបសេះ ចាបព្រៃ នៅពេលដែលចាបហោះពីលើ បន្តិចទៀតងាប់ទាំងពីរហ្នឹង។ អញ្ចឹងទាល់តែរួមគ្នាដើម្បីទប់ចាប។
ខ្ញុំនិយាយរាងវែងបន្តិចហើយ។ រាល់ដងដូចជួបតែពេលល្ងាច មានបាយ ដល់មានបាយ (និយាយតិច) តែឆ្នាំនេះអត់បានប្រាប់ឧកញ៉ា។ គាត់ចង់រៀបល្ងាចដែរ តែដោយសារស្ថានភាពនេះផងយើងក៏ជួបពេលព្រឹក។ អរគុណចំពោះការផ្តល់ឱកាសឲ្យខ្ញុំបានជួបជាមួយ ជាពិសេសក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកំពុងតែមានការប្រឈម ពិសេសឆ្នាំនេះ យើងបានឆ្លងកាត់នូវការលំបាកជាច្រើនរួមគ្នា។ ប៉ុន្តែយើងក៏ឃើញនូវការសាមគ្គីឯកភាពផ្ទៃក្នុងជាកាលានុវត្តភាពនៃការពង្រឹងផ្ទៃក្នុងរបស់យើង។ អញ្ចឹងសូមឲ្យ(ពង្រឹង)ស្មារតីនេះរួមគ្នា ដើម្បីឲ្យគ្រប់វិស័យ ទាំង MSME ទាំងសេដ្ឋកិច្ចទាំងមូលរបស់យើង ហើយជាពិសេសស្មារតីរួមរវាងអ្នកប្រើប្រាស់និងអ្នកផលិត (រឹងមាំតាម)ទិសដៅតែមួយ គឺធ្វើឲ្យមានចីរភាពនិងភាពម្ចាស់ការក្នុងការផ្គត់ផ្គង់ទីផ្សារផ្ទៃក្នុង ឈានទៅដល់ការប្រើប្រាស់របស់ផលិតក្នុងស្រុកច្រើនជាងការនាំចូលទៅថ្ងៃអនាគត។ នេះគឺជាទិសដៅដែលខ្ញុំចង់បាន។
ខ្ញុំក៏សូមអរគុណ និងក៏សូមអភ័យទោសអាចយូរតិច ព្រោះខ្ញុំមើលទៅប្រហែលមួយម៉ោងជាង ព្រោះចាប់ផ្តើមបែកញើសក្នុងម៉ាស៊ីនត្រជាក់ មានតែលើសមួយម៉ោង … សូមជូនពរសាជាថ្មីជូនទៅដល់សមាគម និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ បងប្អូន ទាំងអស់ ទាំងនៅទីនេះ ទាំងនៅខាងក្រៅ ទទួលបាននូវសុខភាពល្អ ទទួលបាននូវជោគជ័យជាបន្តបន្ទាប់។ ជាពិសេស ពុះពារជាមួយការលំបាកនេះ ដើម្បីយើងរីកចម្រើនបន្ថែមទៀត និងទទួលបាននូវពុទ្ធពរនិងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕


