ថ្ងៃនេះ អ៊ំ ពូមីង បងប្អូន ត្រូវជាគ្រួសារយោធិនទាំង ១៨នាក់ ដែលជាប់ឃុំដោយកងទ័ពថៃ បានអញ្ជើញមកពីខេត្តឆ្ងាយទាំង៦។ ខ្ញុំសូមអរគុណណាស់ចំពោះលោកអ៊ំ ពូមី បងប្អូន និងតាមរយៈអ៊ំពូមីង បងប្អូន ក៏សូមអរគុណចំពោះវីរៈកងទ័ពរបស់យើងទាំង ១៨រូប ដែលបានបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានក្នុងការការពារទឹកដីរបស់យើង ក្នុងពេលប្រយុទ្ធកន្លងទៅ។
ថ្ងៃនេះ ជាថ្ងៃបិណ្ឌ១២។ តាមពិត ថ្ងៃភ្ជុំបិណ្ឌជាថ្ងៃដែលជួបជុំគ្រួសារ។ កន្លងទៅ កងទ័ពរបស់យើងដែលបានប្រជុំជាមួយភាគីថៃនោះ ក៏បានយកចិត្តទុកដាក់ព្យាយាមស្នើសុំឱ្យមានការដោះលែងជាមនុស្សធម៌ ឱ្យបងប្អូន ១៨រូប បានត្រឡប់មកជួបជុំគ្រួសារ។ ប៉ុន្តែ មកដល់ពេលនេះ នៅមិនទាន់មានចម្លើយវិជ្ជមាននៅឡើយ។ ទោះជាយ៉ាងណា ក៏យើងនៅបន្តខិតខំ ដើម្បីរកវិធីឱ្យមានការដោះលែងឱ្យពួកគាត់មានសេរីភាពក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។
ខ្ញុំយល់ពីទឹកចិត្ត ការព្រួយបារម្ភចំពោះប្ដី ចំពោះកូន ចំពោះគូដណ្ដឹង ព្រោះតាមព័ត៌មាន (ក្នុងចំណោមនោះ)ក៏មានជាគូដណ្ដឹងមួយដែរ។ មានម្នាក់ជាគូដណ្ដឹង(របស់វីរៈកងទ័ពដែលបានចាប់ខ្លួន) នៅស្ទឹងត្រែង។ ត្រូវចូលរៀបការថ្ងៃណា? ត្រូវរៀបការនៅក្នុងកំឡុងខែមករា ឬខែកុម្ភៈ(ឆ្នាំ២០២៦)នេះ។ យើងសង្ឃឹមថា (កងទ័ពយើង)នឹង(ត្រូវ)បាន(ដោះលែង)ក្នុងពេលឆាប់ៗខាងមុខ និងបើអាចទៅរួចសង្ឃឹមថានឹងអាចជួយកុំឱ្យលើកពេល ក្នុងការវិលត្រឡប់(មកជួបជុំ)គ្រួសារ និងគូដណ្ដឹងវិញ។
ខ្ញុំសូមរំលឹកបន្តិចអំពីសាវតារនៃឧបទ្ទវហេតុនៅថ្ងៃទី ២៩(កក្កដា កន្លងទៅ ដែលកើតហេតុការណ៍ចាប់ខ្លួនកើតឡើង)។ តាមដែលខ្ញុំចាំ នៅថ្ងៃទី២៨ កក្កដា យើងបានចេញទៅចរចានៅម៉ាឡេស៊ី ដើម្បីបញ្ចប់ការបាញ់គ្នា បញ្ឈប់នូវការស្លាប់របួស ក៏ដូចជា ប្រជាជនដែលរងគ្រោះដោយសារសង្រ្គាម។ ថ្ងៃទី២៨ (កក្កដា) នោះ ដល់ម៉ោង ១២យប់ (ការបាញ់គ្នា)ត្រូវបានបញ្ចប់។ ខ្ញុំចាំថា ចុះពីលើយន្តហោះនៅខ្ទង់ម៉ោង៧ ឬ៨ ល្ងាច។ យប់ឡើង ជួបជាមួយឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ គាត់បានអបអរសាទរតាមទូរស័ព្ទអំពីការសម្រេចបាននូវបទឈប់បាញ់នេះ។
ចប់ពីនោះ ដូចប្រជាពលរដ្ឋរបស់យើងដែរ ដោយមានកូនប្ដីគូដណ្ដឹងនៅប្រយុទ្ធគ្នានៅជួរមុខ ក៏ប្រហែលជាចាំមើលដែរ ថាតើម៉ោង ១២យប់នោះ (បទ)ឈប់បាញ់(ត្រូវបានអនុវត្តឬ)អត់? ម៉ោង ១២យប់ ខ្ញុំតាមដានសមរភូមិខាងមុខ។ ឃើញមានភាពស្ងប់ស្ងាត់។ មួយយប់នោះ ខ្ញុំក៏គេងមិនលក់ដែរ ព្រោះបាញ់គ្នា ៥ថ្ងៃ ៥យប់ហើយ មិនដឹងថាវាឈប់នៅពេលណា។ អញ្ចឹងគេងបានបន្តិច ខ្ញុំក៏ភ្ញាក់ៗ និងឆែកមើលទូរស័ព្ទ។ រហូតដល់ព្រឹក ឃើញថាមានភាពស្ងប់ស្ងាត់។ យើងគិតថា (បទឈប់បាញ់)អាចដំណើរការ។ ប៉ុន្តែ សភាពការណ៍វានៅផុយស្រួយនៅឡើយ។
ស្ងប់ស្ងាត់រហូតដល់ម៉ោងប្រហែល១០ (ព្រឹក) ក៏មាន(សេចក្តី)រាយការណ៍មកថា មានបាតុភាពមួយថាយោធិនរបស់យើងមួយចំនួន មិនដឹងចំនួនពិតប្រាកដនៅឡើយ ព្រោះជាព័ត៌មានភ្លាមៗ ដែលឈរជើងនៅជាំតែ ត្រូវបានទាហានថៃចាប់ខ្លួន។ ពេលនោះ គោលគំនិត និងអារម្មណ៍របស់ខ្ញុំ គឺថា ជាអាទិភាពដំបូង ត្រូវតែធានា ទី១ ជីវិតរបស់ពួកគាត់, ទី២ សេចក្ដីសុខរបស់ពួកគាត់ និងទី៣ ត្រូវធ្វើយ៉ាងម៉េចឱ្យគាត់ត្រឡប់មកវិញឱ្យបានលឿន។ ពេលនោះ កងទ័ពរបស់យើងបានទាក់ទងទៅកងទ័ពរបស់ថៃនៅព្រំដែន និងបានទាមទារឱ្យដោះលែងភ្លាម។
មេបញ្ជាការភូមិភាគ៤ ឯកឧត្តម ពៅ ហេង ទាក់ទងទៅមេបញ្ជាការភូមិភាគរបស់ថៃ ដើម្បីទាមទារឱ្យដោះលែង។ ពេលនោះ យើងមិនដឹងទេ ស្ថានភាពវាផុយស្រួយយ៉ាងណា។ (តើបន្ទាប់ពី)បាញ់គ្នា ៥ថ្ងៃ ៥យប់ហើយ តើអនាគត ឬមួយក៏សុវត្ថិភាពអាយុជីវិតបងប្អូនយ៉ាងណា ជាកង្វល់ធំបំផុតសំរាប់យើង។ ភ្លាមនោះ ខ្ញុំក៏បានទាក់ទងតាមទូរស័ព្ទទៅឯកឧត្តម Anwar Ibrahim ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី។ គាត់បានទទួលទូរស័ព្ទភ្លាម។
ខ្ញុំបានសូមឱ្យគាត់អន្តរាគមន៍ទៅ ឯកឧត្តម Phumthan Wechayachai នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃពេលនោះ ឱ្យជួយមើលកងទ័ពរបស់យើងដែលថាមានការចាប់ខ្លួន ដោយធានាកុំឱ្យមានការប៉ះពាល់អាយុជីវិតរបស់ពួកគាត់ (មើលខុសត្រូវ)សុខទុក្ខ និងសុំឱ្យបញ្ជូនពួកគាត់មកយើងវិញជាបន្ទាន់។ (សភាពការណ៍នៅ)ថ្ងៃទី ២៩កក្កដា ដែលមានការចាប់ខ្លួននោះ មិនដូចសភាពការណ៍ឥឡូវទេ។ ពេលនោះគឺមានភាពស្រពិចស្រពិលមែនទែន។ (យើង)មិនដឹងថាប៉ុន្មាននាក់ឱ្យពិតប្រាកដ។ ម្ដងថា ២០នាក់ជាង និងចុងក្រោយ យើងបានដឹងតួលេខថា ២០នាក់ ដែលឥឡូវនៅសល់ ១៨នាក់។
ម៉ោងថ្មើរនេះ បងប្អូនប្រជាពលរដ្ឋយើងអាចយល់ អ៊ំពូមីងអាចដឹង ដោយបានឃើញរូបភាពតាមកាសែត តាមព័ត៌មាន។ អ្នកខ្លះក៏ដូចជាបានទទួលសំបុត្រពីពួកគាត់ផងដែរ។ ថ្ងៃនេះ ខុសពីថ្ងៃទី ២៩ ខែកក្កដា ដែលក្នុងពេលនោះ ក្នុងនាមខ្ញុំជាមេដឹកនាំ ត្រូវតែទទួលខុសត្រូវថា ទី១ អាយុជីវិតរបស់គាត់ ត្រូវតែការពារ, ទី២ សុខទុក្ខរបស់គាត់ និងទី៣ ឱ្យ(មានការដោះលែង)ឆាប់និងបានត្រឡប់មកវិញ។ ពេលនោះ យើងមិនដឹងថាតើគេចាប់ពួកគាត់និងនាំយកទៅណា? ហើយ(ក៏)មានសេណារីយ៉ូអាក្រក់បំផុតដែលថា ទៅបាត់លែងឃើញមកវិញ ព្រោះថាទើបតែច្បាំងគ្នាហើយ។
អញ្ចឹង ការដោះស្រាយពេលនោះមានការលំបាកណាស់។ យ៉ាងណាក្តី រាជរដ្ឋាភិបាល ជាពិសេសខ្ញុំផ្ទាល់មិនអាចនៅស្ងៀមទេ។ យើងធ្វើការ(ណែនាំ)ឱ្យទាហានរបស់យើងទាក់ទងតវ៉ាទៅទាហានថៃភ្លាម ហើយខ្ញុំទាក់ទងទៅមេដឹកនាំអន្តរជាតិនានា ដើម្បីជាសាក្សី ឱ្យដឹងរឿង ឱ្យជួយ(តាមដែលអាចជួយបាន) កុំឱ្យ(ទាហានដែលត្រូវបានចាប់ខ្លួន)មានបញ្ហា។ យើងនៅបន្តដោះស្រាយបញ្ហានេះ រហូតដល់មានការបញ្ជាក់ពីខាងថៃមកថា … គេនឹងប្រគល់មកឱ្យវិញ។ ទោះជាយ៉ាងនេះក៏ដោយ យើងនៅតែបន្ត(ខិតខំឱ្យមានការដោះលែង)។
ពេលនោះ ស្ថានភាពរបស់យើងរាងស្ងាត់។ របៀបធ្វើការរបស់យើង គឺមិនបានផ្សព្វផ្សាយតាមបណ្ដាញសង្គមណាមួយទេ ព្រោះយើងត្រូវធ្វើការបន្ទាន់ជាមួយតួអង្គសំខាន់ៗ ទាំងអន្តរជាតិ ទាំងភាគីថៃ ដើម្បីធានា(ដោះស្រាយ)។ ក្រោយមក ក៏មានលេចព័ត៌មានតាមហ្វេសប៊ុក រហូតទៅដល់មានអ្នកខ្លះចោទនិងជេររដ្ឋាភិបាលថាលាក់ព័ត៌មាន និងមិនផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដឹង, ចង់យកជីវិតអ្នកទាំង ១៨នាក់នេះ ទៅដូរនឹងបទឈប់បាញ់? ឬលាក់ព័ត៌មានអញ្ចឹង មិនខ្លាចគេសម្លាប់ទាហានយើងចោលទេឬអី? អ្នកខ្លះរហូតទៅដល់ថា ហេតុអ្វីក៏មិនលើកគ្នាទៅបាញ់រំដោះមកវិញ? ហេតុអ្វីក៏មិនចាប់ទាហានថៃយកមកដោះដូរវិញ? មានការលើកអញ្ចឹងៗ។
ពេលនោះ (ទី១)ការសម្រេចចិត្តរបស់យើងត្រូវមានការថ្លឹងថ្លែង។ ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូន ជាពិសេសគ្រួសារព្រួយបារម្ភណាស់។ មេដឹកនាំក៏ដូចគ្នា មានការព្រួយបារម្ភ និងធ្វើម៉េចកុំឱ្យមានហេតុការណ៍កើតឡើងចំពោះគាត់។ អញ្ចឹង តើសម្រេចចិត្តដាក់វិធានការណ៍យ៉ាងម៉េច ប្រើវិធានការណ៍ក្ដៅដោយលើកទ័ពទៅវាយយកមកវិញ(ដូចម្តេច) នៅកន្លែងណា បើយើងអត់ដឹងថាគេយក(ពួកគាត់)ទៅណាផង។ ទី២ តើប្រកាសតាមហ្វេសប៊ុក ឱ្យជ្រួលច្របល់ មានអ្នកដឹងរឿងជេរ បង្កើនកម្ដៅតាមហ្វេសប៊ុក តាមអីឬ? (បើធ្វើដូចនេះ) តើអាចបន្ទន់ និងដោះស្រាយសភាពការណ៍បានទេ?
ពិតណាស់ ការងារខ្លះ មិនអាចពន្យល់បានជាសាធារណៈទេ ព្រោះវា(បានកើតឡើង)ភ្លាមអញ្ចឹង។ ថ្ងៃទី ២៩ និង៣០ (កក្កដា)សភាពការណ៍(បានវិវត្តន៍)ចុះឡើងៗ។ តែយើងក៏មិនបាននៅស្ងៀមទេ។ គេថា រាជរដ្ឋាភិបាលស្ងាត់ស្ងៀម។ យើងស្ងាត់ តែយើងមិននៅស្ងៀមទេ។ យើងបានធ្វើសកម្មភាពតាំងពីពេលដែលគេចាប់ភ្លាមម្លេះ។ រដ្ឋាភិបាល និងខាងទាហានបានទាក់ទងទាមទារ និងតវ៉ា ព្រោះជាគោលដៅរបស់យើង គឺសុវត្ថិភាពរបស់កូនចៅនិងគ្រួសាររបស់បងប្អូន។ ទាំងនេះ ខ្ញុំសូមជម្រាបជូនលោកអ៊ំពូមីង បងប្អូនឱ្យបានដឹងរឿង។ ខ្ញុំមិនដែលនិយាយប្រាប់អ្នកណាទេ មានតែអ្នកនៅជាប់ខ្ញុំ ២-៣នាក់ទេបានដឹង អំពីការប្រទាក់ក្រឡាតាមទូរស័ព្ទរវាងខ្ញុំជាមួយឯកឧត្តម Anwar Ibrahim និងស្ថានភាពមេទ័ពជួរមុខ ដែលខ្ញុំបានជំរុញឱ្យធ្វើការទាក់ទងឱ្យបាន។
សម្រាប់អ្នកដោះស្រាយ គឺត្រូវ(មានការថ្លឹងថ្លែង)បែបនេះ ព្រោះបើនិយាយពីអារម្មណ៍តក់ក្រហល់ អារម្មណ៍ក្ដៅនោះ គឺ(មិនអាចស្រាយសភាពការណ៍បានទេ)។ ពេលខ្លះ បើស្ដាប់តាមហ្វេសប៊ុក ការបញ្ចេញមតិរបស់បងប្អូនមិនខុសទេ …. ប៉ុន្តែយើងមិនអាចធ្វើសកម្មភាពទៅតាមអ្វីដែលជាការបញ្ចេញ(មតិដោយតក់ក្រហល់និងអារម្មណ៍ក្តៅ)នោះទេ។ យើងត្រូវថ្លឹងថ្លែងថា (តើវិធីសាស្ត្រ)អ្វីដែលនឹងផ្ដល់លទ្ធផលល្អបំផុតនៅក្នុងការការពារជីវិតយោធិន ១៨រូបរបស់យើង។ ពេលចាប់ភ្លាមមាន ២០រូប។ ឥឡូវ(សល់) ១៨រូប។ (យើងត្រូវថ្លឹងថ្លែងថា) វិធីអ្វីដែលការពារសុខទុក្ខនិងជួយពួកគាត់ឱ្យបានឆាប់ត្រឡប់មកវិញ។
ពេលខ្លះ (ក្នុងស្ថានការណ៍កំពុងតែ)ក្ដៅ (បើនឹងជំរុញ)ស្ថានភាពនឹងកាន់តែក្ដៅ ហើយយើងក៏នឹងពិបាកដោះស្រាយ។ អញ្ចឹង ការដោះស្រាយគឺយើងគ្រប់គ្រងព័ត៌មាន ដោយឱ្យក្រសួងការពារជាតិចេញ(មុខផ្តល់ព័ត៌មាន)។ ដំបូង(បង្អស់) យើងធានាបរិយាកាសស្ងប់ស្ងៀមដើម្បីយើងដោះស្រាយ។ ស្ថានភាពវាអញ្ចឹង។ ខ្ញុំសូមនិយាយការពិត។ ស្ថានភាពដែលយើងត្រូវដោះ សម្រាប់បងប្អូនជាច្រើន គឺអារម្មណ៍ ប៉ុន្តែសម្រាប់គ្រួសារ ១៨នាក់ ត្រជាក់ក្ដៅមិនដឹងទេ តែធ្វើម៉េចឱ្យច្បាស់ថា បង្កលក្ខណៈឱ្យមានការដោះលែងបានឆាប់ និងឱ្យពួកគាត់មានសេចក្ដីសុខ។
ទោះជានៅមិនទាន់បានលែងពីពេលនោះ មកដល់ពេលនេះក៏ដោយ រដ្ឋាភិបាលមិនបានចោល(ពួកគាត់)ទេ។ បងប្អូនខ្លះថា រដ្ឋាភិបាលភ្លេចហើយ អ្នកទាំង ១៨នាក់។ មិនដូច្នោះទេ។ ក្នុងផេកក្រសួងការពារជាតិរបស់យើង (តែងតែ)ដាក់ប៉ុន្មានថ្ងៃៗ។ ថ្ងៃនេះដូច ៥២ថ្ងៃហើយ ដែល(ពួកគាត់ត្រូវបាន)ចាប់។ បងប្អូនខ្លះថា ដាក់ធ្វើអី អត់បានការផង។ ដាក់នេះ គឺចង់បង្ហាញអំពីការយកចិត្តទុកដាក់ជាប្រចាំ មិនឱ្យភ្លេច ដើម្បីឱ្យគ្រប់រូបមើលឃើញថា យើងនៅ(មានយុទ្ធជន) ១៨នាក់ ដែលនៅជាប់ឃុំឃាំង ហើយរដ្ឋាភិបាលក៏ត្រូវមើល ក្រសួងការពារជាតិក៏ត្រូវគិត។ យើងមិនបានភ្លេចទេ។
រាល់ការជួបជុំជាមួយថ្នាក់ដឹកនាំ(អន្តរជាតិ) ដូចជាជាមួយប្រធានាធិបតី ស៊ី ជីនពីង, ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres កាលពីសប្ដាហ៍មុន ក្នុងលិខិតរបស់ខ្ញុំផ្ញើជូន ដូណាល់ ត្រាំ ប្រធានាធិបតីអាមរិក, ប្រធានាធិបតីបារាំង Emmanuel Macron និងវេទិកាផ្សេងៗ គឺសុទ្ធតែទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវកងទ័ពយើង ១៨នាក់ មកវិញ ជាកិច្ចការមនុស្សធម៌។
នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយថៃ ទាំង JBC, GBC យើងតែងតែលើកជាប្រចាំឱ្យមានការដោះលែង។ ក្រៅពីនោះ យើងទាក់ទងទៅស្ថាប័នអន្តរជាតិជាច្រើន ទាំងអង្គការកាកបាទក្រហមអន្តរជាតិ ទាំងអង្គការសិទ្ធិមនុស្សរបស់ UN ដើម្បីឱ្យជួយសម្របសម្រួល(អោយបានព័ត៌មានអំពី) ទី១ សុខទុក្ខបងប្អូននិង ទី២ ពួកគាត់ឆាប់បានត្រឡប់មកវិញ។ មានបងប្អូនខ្លះថា ឃើញតែពឹងអន្តរជាតិ គ្មានបានផលអីសោះ។ បងប្អូនប្រហែលជាអាចយល់ ហើយខ្ញុំយល់ លទ្ធផលយើងចង់បាន ពេលខ្លះអត់បានលឿនដូចចិត្តយើងទេ […]៕