ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
គណៈអធិបតី, ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនំាសហជីព, សមាជិក សមាជិកា សមាគមបុគ្គលិក–សិក្សាខ្មែរ និង
បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សាខ្មែរ សរុបចំនួន ៥ ៤០០ នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធាន-បទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ», និង អបអរសាទរការប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លើកទី២» ដែលជាអនុសាសន៍រួមគ្នារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង រូបខ្ញុំផ្ទាល់ នៅអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ក្នុងឆ្នាំ២០២៣ ។
ការប្រារព្ធ «ទិវាពលកម្មអន្តរជាតិ ១ ឧសភា» រៀងរាល់ឆ្នាំ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ «បុណ្យការងាររបស់ជាតិ» ដើម្បីរំឭកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់ សិទ្ធិ សេរីភាព និង សេចក្តីថ្លៃថ្នូរ របស់បងប្អូនកម្មករនិយោជិត ។ ក្នុងន័យនេះ, ការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» កំពុងឆ្លុះបញ្ចាំងអំពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសុខុមាលភាពរបស់កម្មករ-និយោជិតដែលកំពុងបំពេញការងារក្នុងប្រទេសកម្ពុជា តាមរយៈ ការអភិវឌ្ឍវិស័យ ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ស្របតាមស្តង់ដាជាតិ និង អន្តរជាតិ ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធសហជីព សហ-ជីពមូលដ្ឋាន និង សមាគមបុគ្គលិកសិក្សាខ្មែរ ព្រមទាំង បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានធ្វើដំណើរពីរាជធានីខេត្ត ដើម្បីមកចូលរួមញ៉ាំងឱ្យពិធីទាំងមូលមានភាពអធិកអធម ។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានរៀបចំឱ្យមានពិធីសំណេះសំណាលនេះឡើង ព្រមទាំងសូមចូលរួមអបអរសាទរជាមួយសហគ្រាសជ័យលាភីពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ទាំង ៥៥ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការប្រឹងប្រែងរួមគ្នារបស់ម្ចាស់ ថ្នាក់-ដឹកនាំ និង បុគ្គលិក សហគ្រាសសាមី ក្នុងការកសាងវប្បធម៌ និងការរៀបចំប្រព័ន្ធការងារ ស្របតាមលក្ខខណ្ឌវិនិច្ឆយ នៃការផ្តល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ។
ឆ្លៀតឱកាសនេះ, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័ន, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, សហភាពសហព័ន្ធយុវជនកម្ពុជា និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការបំពេញតួនាទី ភារកិច្ច ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការសហការគ្រប់គ្រង និង ការសហការចាត់ចែងកម្មវិធី ក៏ដូចជា ការសហការការពារសុវត្ថិភាព និង ការសហការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ដែលបានញ៉ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស ប្រព្រឹត្តទៅដោយ ភាពរីករាយ សុខសុវត្ថិភាព សោភណភាព សេចក្តីថ្លៃថ្នូរ និង របៀបរៀបរយ ។
ខណៈដែលសកលលោក និង តំបន់ ក៏ដូចជា កម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, ឆ្លុះបញ្ចាំងតាមរយៈ សង្គ្រាម និង ជម្លោះតាមតំបន់, ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និង សេដ្ឋកិច្ច រវាងមហាអំណាច និងការបន្តធ្លាក់ចុះសណ្តាប់ធ្នាប់ពិភពលោក, គួបផ្សំនឹងការឈ្លានពាន និង ការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើបូរណភាពទឹកដី និង អធិបតេយ្យជាតិកម្ពុជា, កម្ពុជានៅបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ជាក់ស្តែង កម្ពុជានៅរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ, អត្រាអតិផរណាទាប, លំនឹងអត្រាប្តូរប្រាក់; កំណើនរឹងមាំនៃទុនបម្រុងអន្ដរជាតិ កំណើនជាលំដាប់នៃពាណិជ្ជកម្មក្រៅប្រទេស ជាមួយពិពិធភាពកាន់តែខ្ពស់ ទាំង ផលិតផល និង ដៃគូពាណិជ្ជកម្ម កំណើនខ្ពស់នៃរំហូរវិនិយោគផ្ទាល់ពីបរទេស គួបផ្សំជាមួយប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសារពើពន្ធ និង គោលនយោបាយរូបិយវត្ថុ, និង ការធានាបាននូវចីរភាពថវិកាជាតិ និងបរិយាប័ន្នហិរញ្ញវត្ថុ, ហើយរំពឹងថានឹងបន្តចលនការនេះ ក្នុងរយៈពេលមធ្យម ។
ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ គឺជាផ្លែផ្កានៃ «ផលលាភសន្តិភាព» ដែលផ្តើមចេញពីការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន, ព្រមទាំង ការលះបង់ដ៏ធំធេង និង ការខិតខំឥតស្រាកស្រាន្ត ក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ជាមួយឆន្ទៈ និង មនសិការ «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន សំដៅក្តាប់យកមកវិញនូវមោទនភាពជាតិ ដែលធ្លាប់រុងរឿងពីអតីតកាល។
រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ» ជាអាទិភាពគោលនយោបាយគន្លឹះ ។ ក្នុង «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាល-ទី១», រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន ៥, ក្នុងនោះ ការបង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជា-ពលរដ្ឋកម្ពុជា ជាពិសេស សម្រាប់យុវជន ត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្រ្តទី២ ។ ជាលទ្ធផល, បច្ចុប្បន្ន, មានកម្មករនិយោជិតក្នុងប្រព័ន្ធដែលបានចុះបញ្ជីត្រឹមត្រូវប្រមាណ ២,៣ លាននាក់, ខណៈដែលមានកម្លាំងពលកម្មរាប់លាននាក់ទៀត ពុំទាន់បានចូលក្នុងប្រព័ន្ធ និង ពុំទាន់អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំរៀបចំផ្តល់ជូន តាមរយៈយន្តការផ្សេងៗ ។ ទន្ទឹមនេះ, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦, មានអង្គការវិជ្ជាជីវៈ ចំនួន ៦ ៩២០ បានចុះបញ្ជិកា, ក្នុងនោះ សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន២៨៥, សហជីពមូលដ្ឋានចំនួន៦ ៥៧៩, និងសមាគមនិយោជកចំនួន១៣, ស្របពេលដែលវិវាទការងារប្រមាណ៩៧,៩២% ត្រូវបានដោះស្រាយនៅកម្រិតក្រសួងនិងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងន័យនេះខ្ញុំសូមធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំសម្រេចនូវការងារដែលបានដាក់ចេញជាពិសេសអនុសាសន៍ ១០ចំណុច កាលពីដើមអាណត្តិ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ការងារមានគុណភាព គឺគោរពតាមច្បាប់និងផ្តល់ការបណ្តុះបណ្តាលបំណិន
ឯកឧត្តម ហេង សួរ (រដ្ឋមន្ត្រីការងារ) បានបញ្ជាក់នៅក្នុងរបាយការណ៍រួចហើយ(ថា) កិច្ចការចំនួនបានធ្វើសម្រេចនិងនៅមួយចំនួនទៀតដែលត្រូវបន្តធ្វើនៅក្នុងអាណត្តិនេះ។ យើងនៅសល់ពេល ២ឆ្នាំទៀតក្នុងអាណត្តិនេះ។ ដូច្នេះ ត្រូវខិតខំប្រឹងប្រែងសម្រេចបានគោលដៅដែលបានដាក់ចេញ។ ការបង្កើតការងារនៅក្នុងប្រទេសរបស់យើងគឺផ្អែកទៅលើអភិក្រមបរិមាណនិងគុណភាព។ ស្អីទៅដែលជាការងារគុណភាព? ការងារមានគុណភាពវាមានសូចនាករមួយចំនួន។ ទី១ គឺការងារដែលគោរពទៅតាមច្បាប់។ នេះគឺសំខាន់។ យើងមិនមែនចេះតែរកការងារយកមក ហើយមិនគោរពច្បាប់ មិនគោរពសិទ្ធិរបស់កម្មករនិយោជិក(នោះទេ) … យើងមិនអាចបង្កើតនូវការងារដែលគ្រាន់តែបានប្រាក់ខែខ្ពស់ (តែកម្មករ-ការិនី)ក្លាយជាទាសករទេ។ (ពោលគឺការងារ)ត្រូវគោរពច្បាប់។ ដោយហេតុនេះហើយបានជាយើងផ្តល់សិទ្ធិឱ្យបង្កើតសហជីពរហូតដល់មូលដ្ឋាន (បង្កើតជា)សហព័ន្ធសហជីព ដើម្បីការពារសិទ្ធិ។ ទី ២ ផ្តល់ឱកាសសម្រាប់កម្មករនិយោជិក ឱ្យទទួលបានការបណ្តុះបណ្តាលបំណិនកាន់តែខ្ពស់ឡើង មានឱកាសកាន់តែល្អប្រសើរ។ នៅពីឆ្នាំ១៩៩០ ជាង (យើងបាន)ចាប់ផ្តើមពីវិស័យកាត់ដេរ ឬពីការងារដែលត្រូវការបំណិន ឬជំនាញទាប។ ឥឡូវយើងមកដល់(ដំណាក់កាល)បង្កើតការងារ ដែលអាចមានរហូតទៅដល់ការផលិតកាំជ្រួច បន្ទះ chips គ្រឿងបង្គុំអគ្គិសនី ការផលិតរថយន្ត។ ឥឡូវ មិន(ផលិត)ត្រឹមតែរថយន្តប្រើប្រេងសាំងទេ គឺដល់រថយន្តអគ្គិសនីទៀត។
(២) បង្កើតនិងពង្រីកលទ្ធភាពទាក់ទាញវិនិយោគឧស្សាហកម្មប្រើជំនាញខ្ពស់ការកសាងសេដ្ឋកិច្ចយូរអង្វែង
នេះបានន័យថា ឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ដែលពីមុន អាចថាឆ្នាំ ១៩៩០ជាង យើងទៅរៀនបច្ចេកទេសអគ្គិសនីនៅក្រៅមកធ្វើអី បើនៅក្នុងប្រទេសយើងមានតែកាត់ដេរ ឬមួយក៏យើងទៅរៀនវិស្វកររថយន្តមកធ្វើអី បើក្នុងប្រទេសមានត្រឹមតែកសិកម្ម។ បច្ចុប្បន្ន យើងបានបង្កើត និងពង្រីកលទ្ធភាពទាក់ទាញវិនិយោគបន្ថែមទៀតក្នុងឧស្សាហកម្មប្រើប្រាស់ជំនាញខ្ពស់ ដើម្បីឱ្យប្រជាពលរដ្ឋបានរៀនសូត្រ បានបណ្តុះបណ្តាលជំនាញជាមូលដ្ឋានសម្រាប់ការកសាងសេដ្ឋកិច្ចយូរអង្វែង។ បានន័យថា ការងារដែលមានគុណភាពមិនមែនលក្ខណៈកញ្ឆក់កណ្តៀត មិនមានលក្ខណៈភ្លើងចំបើង ធ្វើបានមួយឆ្នាំបិទរោងចក្ររត់បាត់នោះទេ។ គឺ(ជាការងារ)រយៈពេលវែង (មានការ)បណ្តុះបណ្តាលគន្លងអាជីពជូនប្រជាពលរដ្ឋ។ នេះឯងដែលហៅថាការងារមានគុណភាព។ បរិមាណបានន័យថា ធ្វើឱ្យកាន់តែកើន(ចំនួនច្រើន) ប៉ុន្តែមិនមែនកើនតែនៅមួយកន្លែងទេ គឺនៅទូទាំងប្រទេស។ ដោយហេតុនេះហើយ ខេត្តខ្លះដែលពីមុនពឹងផ្អែកទាំងស្រុងទៅលើកសិកម្ម ឥឡូវមិនត្រឹមតែ(មានសក្តានុពល)កសិកម្មទេ តែក៏មានទាំង(សក្តានុពល)សេវាកម្ម និងឧស្សាហកម្មនៅទីនោះដែរ។
(៣) ពេលមានសន្តិភាពពេញលេញ ជំរុញការអភិវឌ្ឍឧស្សាហកម្មនិងនាំការងារទៅតាមបណ្តាខេត្ត
យើងចាប់ផ្តើមដំបូងនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដោយសារមានហេដ្ឋារចនាសម្ព័ន្ធ មានភ្លើង ទឹក នៅក្បែរ ជាពិសេសក្រោយពេលដែលបានសន្តិភាពពេញលេញនេះ យើងជំរុញការអភិវឌ្ឍទៅតាមខេត្ត។ បើយើងនិយាយពីខេត្ត គ្រាន់តែខេត្តជុំវិញភ្នំពេញមានកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ដែលពីមុនពឹងផ្អែកលើកសិកម្ម ទៅហួសមកហួស ព្រោះអត់មានហេដ្ឋារចនាសម្ព័ន្ធ ឧទាហរណ៍ដូចជាផ្លូវជាតិលេខ៥ ពីភ្នំពេញទៅដល់បាត់ដំបងជាដើម សុទ្ធតែមានសក្តានុពលក្នុងការពង្រីកឧស្សាហកម្ម។ ឥឡូវ ដោយសារ(យើងបាននាំយក)ឧស្សាហកម្មនិងការងារទៅដល់ទីទាំងនោះ (សកម្មភាព)សេដ្ឋកិច្វផ្នែកសេវាកម្ម អូតែល កន្លែងប្រជុំ ហាងនានា បានរីកដុះដាល និងលែងពឹងពាក់តែលើអ្នកធ្វើដំណើរឆ្លងកាត់ទៀតហើយ។ នេះជាលទ្ធផលដែលយើងបានធ្វើអោយមានឡើងក្នុងការបង្កើនបរិមាណនិងគុណភាពនៃការងារ។
(៤) រក្សាសន្តិសុខស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្វាគមន៍ការវិនិយោគ បង្កើតការងារពីក្រៅនិងក្នុងស្រុក
ដោយហេតុនេះ យើងត្រូវថែរក្សាសន្តិសុខនិងស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រទេសយើងជាកន្លែងដែលស្វាគមន៍ការបង្កើតវិនិយោគ បង្កើតការងារ មិនថាវិនិយោគពីខាងក្រៅ ឬវិនិយោគក្នុងស្រុក ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចនៅនឹងកន្លែង និងទាញយកបច្ចេកវិទ្យា ព្រមទាំងបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ តាមការវិវត្តន៍ក្នុងវិស័យការងារ ប្រាក់ចំណូលជាក់ស្តែងរបស់កម្មករនិយោជិក ក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ទាបបំផុតស្ថិតនៅចន្លោះ ២២៧ដល់ ២៤០ដុល្លារ ក្នុងមួយខែ។ នៅក្នុងដំណាក់កាលប្រេងឡើងថ្លៃ ដែលធ្វើឱ្យការធ្វើដំណើររបស់បងប្អូនជួបការលំបាក រាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែម ២ដុល្លារនិងប្រាក់សោហ៊ុយបន្ថែមបណ្តោះអាសន្ន ២ដុល្លារកន្លះ ដើម្បីសម្រាលបន្ទុកជីវភាព ដោយរាជរដ្ឋាភិបាលក៏បានធ្វើការជាមួយវិស័យឯកជនជួយដោះស្រាយ តិចឬច្រើនដើម្បីរំដោះការលំបាករបស់ប្រជាពលរដ្ឋ។
(៥) រូបមន្ត បសស ជួយឱ្យប្រជាពលរដ្ឋទទួលបានការព្យាបាលសុខភាពពេលត្រូវការ
គិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៦ ប្រជាពលរដ្ឋដែលបានចុះបញ្ជីរបបបេឡាសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត បានកើនដល់ ៣.៦៤០.០០០នាក់ ស្មើនឹង ២០,៦៨%នៃចំនួនប្រជាពលរដ្ឋសរុប ក្នុងនោះ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជាការ និងអតីតយុទ្ធជនចំនួន ៥២ម៉ឺននាក់ កម្មករនិយោជិកនៅក្នុងក្នុងប្រព័ន្ធចំនួន ២,២លាននាក់ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក ប.ស.ស ចំនួន ៩២ម៉ឺននាក់។ ខ្ញុំបានជួបប្រជាពលរដ្ឋខ្មែរនៅអាមេរិក បារាំងនិងប្រទេសជាច្រើនមាន Insurance សុខភាពសម្រាប់ពេលឈឺថ្កាត់។ តម្លៃព្យាបាលសុខភាពថ្លៃនៅប្រទេសក្រៅ។ ទៅពេទ្យម្តងៗ មិនក្រោមរាប់ពាន់ដុល្លារទេ។ បើគ្មាន Insurance ជួយចេញទេ គឺទៅមិនរួច។ អញ្ចឹង ប.ស.ស គឺដូច Insurance ហ្នឹងឯង។ ខ្ញុំប្រាប់ពួកគាត់ថានៅកម្ពុជាក្នុងមួយខែឱយបង់់តែ ១៥៦០០រៀលទេ។ សួរថាទិញ Insurance ស្រុកណាបានមួយខែ ៤ដុល្លារ? នៅក្រៅប្រទេសរាប់ពាន់ដុល្លារ។ ហេតុអីបានជាយើងចំណាយបែបនេះ? សួរថា តើ(ការបង់)កម្រិតនេះ បានចំណេញឬទេ? រដ្ឋអត់ត្រូវការចំណេញពីប្រជាពលរដ្ឋទេ។ អ្វីដែលសំខាន់គឺការខិតខំរករូបមន្តណា ដែលអាចជួយបង្កើតសមត្ថភាពប្រជាពលរដ្ឋក្នុងការព្យាបាលសុខភាពពេលត្រូវការ។ បើទៅអត់មាន ប.ស.ស នេះ ម្តងដូច ៦ម៉ឺន ទៅ៨ម៉ឺនរៀល។ បើមួយខែហ្នឹងឈឺ ៣ឬ ៤ដងទៀត គឺមិនតិចទេ។ រូបមន្តនេះ មានការបដិភាគដើម្បីបងប្អូនអាចទទួល(ការពិនិត្យនិង/ឬព្យាបាល)ក្នុងកម្រិតណាមួយ។ ពិតណាស់ ការឈឺថ្កាត់មានកម្រិតធ្ងន់និងស្រាល។ ដើម្បីអី្វ?
(៦) គោលដៅធំបីរបស់រាជរដ្ឋាភិបាលគឺចំណេះដឹង សុខភាព និងការងារ ដើម្បីបង្កើតនិងទាញយកសក្ដានុពល
(ការអនុវត្តរូបមន្តនេះ គឺ)ដើម្បីប្រជាពលរដ្ឋភាគច្រើនទទួលបានការព្យាបាលគ្របដណ្ដប់ក្នុងកម្រិតណាមួយ។ សុខភាពសំខាន់។ ចំណេះដឹង សុខភាព និងការងារ បីនេះ(គឺសំខាន់)។ (ទី១)ប្រជាជនម្នាក់ ដែលមានតែសមត្ថភាពចំណេះដឹង ប៉ុន្តែ(បើ)សុខភាព(មិនល្អ) ទៅមិនរួច។ មានការនិយាយលេងថា “កុំជូនពរឱ្យដេកស៊ី”។ ពាក្យថា ដេកស៊ីនេះ មានន័យពីរ។ មួយគឺមានទ្រព្យសម្បតិ្តស្ដុកស្ដម្ភ មិនបាច់ធ្វើការ។ តែមួយទៀត ដេកនៅនឹងកន្ទេលងើបមិនរួច។ ឥឡូវសម្បូរអ្នកប្រភេទទី២ ព្រោះដោយសារមានជំងឺទឹកនោមផ្អែមច្រើន។ ទោះជា(មានបញ្ញាកម្រិតកំពូលដូច) Einstein ក៏ដោយ តែសុខភាពទៅមិនរួចហើយ ធ្វើអីក៏មិនកើត។ ទី២ បើសុខភាពរឹងមាំ អត់មានបំណិន អត់មានចំណេះដឹងគ្រប់គ្រាន់ ក៏គាត់ជួយបាន(ត្រឹមតែ)កម្រិត(ណាមួយ)ក្នុងសង្គម … មានសុខភាព មានចំណេះដឹង តែបើគ្មានឱកាសការងារសមស្រប ក៏យើងប្រើប្រាស់មិនអស់លទ្ធភាព ដើម្បី(បង្កើតនិង/ឬទាញយក)សក្ដានុពល។ នេះជាគោលដៅធំបីរបស់រាជរដ្ឋាភិបាលច្រើនអាណត្តិ ហើយនៅបន្តតទៅទៀត។
(៧) បង្កើនបំណិន ចាប់បានការងារមានគុណភាព ដោយបង្កើនផលិតភាព ទទួលប្រាក់កម្រៃខ្ពស់ និងជីវភាពល្អ
ក្នុងន័យនេះ ការរៀបចំ បសស ក្ដី ការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមក្ដី ការផ្ដល់ចំណេះដឹងបច្ចេកទេសនិងវិជ្ជាជីវៈ ការបង្ហាត់ជំនាញជាងដល់សិក្ខាកាម សិស្សនិស្សិត និងកម្មករនិយោជិកគ្រប់កម្រិត សរុបជាង ២០ម៉ឺននាក់ ក្នុងឆ្នា២០២៥ នេះ គឺសំដៅ(សំរេចឱ្យបានគោលដៅធំទាំងបីខាងលើ)ហ្នឹង។ ប្រជាពលរដ្ឋមានការងារ ប៉ុន្តែមិនត្រូវមានតែការងារទេ គឺអាចបង្កើនបំណិន បង្កើនសមត្ថភាពខ្លួនឯង ឈានទៅចាប់យក(ការងារដែលមានគុណភាព ដើម្បី) ទី១ អាចជួយកន្លែងដែលយើងធ្វើការបានកាន់តែច្រើន ព្រោះយើងមានជំនាញកាន់តែប៉ិនប្រសព្វ ទី២ ការដែលផលិតភាពកាន់តែកើន ប្រាក់ខែក៏កាន់តែខ្ពស់ ជីវភាពក៏កាន់តែល្អ។ ការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យ ដែលអនុវត្តពីឆ្នាំ២០២៤ មកដល់ពេលនេះ សរុបត្រឹមត្រីមាសទី១ គឺបាន ២៧ម៉ឺននាក់។ ក្នុងនោះ គ្រឹះស្ថានក្រោមឱវាទក្រសួងចំនួនប្រមាណ ២២,៧ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,៣ម៉ឺននាក់។
[ចប់សេចក្ដីអធិប្បាយ១]
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា រៀបចំដាក់ឱ្យអនុវត្តកម្មវិធីគន្លងអប់រំថ្មី ដែលបានចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យចំនួន ៤៩ សំដៅផ្តល់ជម្រើសបន្ថែមដល់សិស្សវិទ្យាល័យ ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬ សួនឧស្សាហកម្ម និងមានបំណងចូលទីផ្សារការងារលឿនអាចជ្រើសរើសគន្លងវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួនតាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៨) កម្មវិធីគន្លងអប់រំថ្មី ផ្តល់ជម្រើសបន្ថែមដល់សិស្សវិទ្យាល័យដែលមានបំណងចូលទីផ្សារការងារលឿន
ការ(ដាក់ឱ្យអនុវត្តកម្មវិធីគន្លងអប់រំថ្មី សំដៅផ្តល់ជម្រើសបន្ថែមដល់សិស្សវិទ្យាល័យនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម និងមានបំណងចូលទីផ្សារការងារលឿន)នេះសំខាន់។ យើងអនុវត្តពីវិទ្យាល័យទៅមុខ គឺសំដៅលើអ្នកដែលចប់អនុវិទ្យាល័យដើម្បីតម្រង់ទិសក្មួយៗ តាំងពីដើមទី។ ឧទាហរណ៍ថា ប្រជាពលរដ្ឋគ្រប់អាយុរៀនមួយឆ្នាំមាន ២០ម៉ឺននាក់ ក្នុងនោះស្រីជាង ១០ម៉ឺននាក់ ឬប្រុសជាង ១០ម៉ឺននាក់។ កន្លងទៅនេះ មិនមែនទាំងអស់គ្នាបានទៅរៀនរហូតចប់ថ្នាក់ទី១២ ទេ តាមគោលការណ៍របស់យើងទេ។ យើងក៏មិនត្រូវការប្រជាពលរដ្ឋ(អោយរៀន)ទៅតាមគន្លងអប់រំទូទៅ(ទាំងអស់)នោះដែរ។ ប្រទេសមួយចំនួន ដូចជាសឹង្ហបុរី អាល្លឺម៉ង់ជាដើម ពីមុនអ្នករៀនថ្នាក់វិទ្យាល័យមួយចំនួន ទៅរៀនខាងបច្ចេកវិទ្យា TVET ឬ Polytechnics ហើយមួយចំនួនក៏នៅរៀនយកសញ្ញាបត្រថ្នាក់ទី១២។ សម្រាប់យើង គឺក្រសួងការងារ និងក្រសួងអប់រំ (ត្រូវធ្វើការរួមគ្នា)។ ខ្ញុំធ្លាប់បាននិយាយតាំងពីមុនរាជរដ្ឋាភិបាលទី៧ បង្កើត។ ឥឡូវយើងបានដាក់ចេញនូវគោលការណ៍ និងចាប់ផ្ដើមអនុវត្តសាកល្បង ព្រោះបានសិក្សាមួយឆ្នាំជាងរួចមកហើយ។
(៩) រៀនជំនាញវិជ្ជាជីវៈរយៈពេល ៣ឆ្នាំ ក្លាយជាធនធានមនុស្សដែលបានទទួលការតម្រង់ទិសឧស្សាហកម្ម
ខ្ញុំបានឱ្យសិក្សាគោលការណ៍នេះ ដើម្បី(បើកឱកាស)ថា ក្មួយៗ ដែលរៀនថ្នាក់ទី៨ ឬទី៩ ដែលមិនបានចូលរៀនថ្នាក់ទី១០ ទី១១ ឬទី១២ អាចរៀនតាមគន្លងណាផ្សេង ដើម្បីមានជំនាញខាងអគ្គិសនី និងជំនាញផ្សេងៗ តែម្ដង សម្រាប់(ការរៀនជំនាញវិជ្ជាជីវៈរយៈពេល)៣ ឆ្នាំហ្នឹង។ ពេលដែលចប់មានកម្រិតមួយដែលអាចស្មើបាក់ឌូប្លិ៍ដូចគ្នា។ ថ្ងៃក្រោយគាត់អាចរៀនយកសញ្ញាបត្រ។ មួយទៀតគឺនៅរៀនយកសញ្ញាបត្របាក់ឌូប្លិ៍ រៀនជីវវិទ្យា, គីមីវិទ្យា, រូបវិទ្យា ប្រឡងគណិតវិទ្យាដូចគេឯងទៅ។ យើងអោយរៀបចំដើម្បីអោយយុវជនរបស់យើងដែលមិនបន្ដទៅរៀននៅវិទ្យាល័យពីថ្នាក់១០ ដល់ថ្នាក់ទី១២ ទេ អាចយកពេលចូលរៀន(ជំនាញវិជ្ជាជីវៈរយៈពេល) ៣ ឆ្នាំនេះគឺយកជំនាញតែម្ដង។ ចប់ពីហ្នឹងគឺបានកម្រិតមួយដែលអាចថាថ្ងៃក្រោយចង់ត្រឡប់ទៅយកបិរញ្ញាបត្រក៏បាន។ យើងមានធនធានមនុស្សដែលបានទទួលការតម្រង់ទិសទៅរកឧស្សាហកម្ម។ បើសិនជាគាត់មានចំណង់ចំណូលចិត្ត ថ្ងៃក្រោយចង់ធ្វើខាងអគ្គិសនី, ព័ត៌មានវិទ្យា, កន្លែងផលិតរថយន្ត រៀនខាង robot មិនបាច់រៀនពីថ្នាក់ទី១០ដល់១២ ទេ គឺចេញទៅរៀនជំនាញតែម្ដងបាន។ អាយុ ១៨ឆ្នាំដូចគ្នា តែយើងបានធនធានមនុស្ស(ដែលមានការតម្រង់ទិសវិជ្ជាជីវៈ) ជាជាងចាំជាប់ឬមួយធ្លាក់បាក់ឌូប្លិ៍ បានទៅរៀនយកជំនាញ …។
(១០) បណ្ដុះបណ្ដាលធនធានមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ឱ្យកាន់តែមានឱកាសនិងតម្រង់ទិសត្រូវ
ខ្ញុំសង្ឃឹមថា (តាមវិធីនេះ)យើងនឹង(បង្កើតបាន)ធនធានមនុស្ស ព្រោះអត់ត្រូវការទាំងអស់គ្នា ជាអ្នករៀនខាងគ្រប់គ្រងទាំងអស់ដើម្បីធ្វើប្រធានគ្រប់គ្រងទាំង ១ ០០០ នាក់ទេ។ សូម្បីតែអគារមួយនេះ ក៏អត់ត្រូវការអ្នកគ្រប់គ្រង ១ ០០០នាក់ ឬមួយ ១០០នាក់នោះទេ។ ដើម្បីអោយអគារដំណើរការ ត្រូវការវិស្វករឬមួយជាងជំនាញខាងម៉ាស៊ីនត្រជាក់, ភ្លើង, ទឹក និងការរៀបចំខាងក្នុង ដែលមានតែម្នាក់ ឬ២នាក់ប៉ុណ្ណោះជាអ្នកគ្រប់គ្រងទូទៅ ជំនាញហិរញ្ញវត្ថុ និងជំនាញផ្សេងៗ … ការដោះស្រាយបែបនេះធានាប្រសិទ្ធភាពរបស់យើង។ សូមអោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំនេះអនុវត្តដើម្បីយកមូលដ្ឋានវាយតម្លៃទៅមុខ(ថាតើ)យើងដាក់ចេញកម្រិតណា។ សំខាន់គឺត្រូវធ្វើការផ្សព្វផ្សាយដើម្បីអោយមានការយល់។ ខ្ញុំគិតថាប្រជាជនយើង(បច្ចុប្បន្ន)ខុសពីជំនាន់ខ្ញុំ។ ជំនាន់ខ្ញុំ ភាគច្រើនចង់ធ្វើការងាររាជការ មិនធ្វើការឯកជនទេ (ដោយគិត)ថា “ការងារឯកជន គឺទៅធ្វើជាខ្ញុំគេ” … យើងចង់បណ្ដុះបណ្ដាលពីមួយជំនាន់ទៅមួយជំនាន់ឱ្យកាន់តែមានឱកាស និងតម្រង់ទិសអោយត្រូវ។ ជំនាន់ខ្ញុំនៅរៀន មិនមានអីច្រើនទេ។ ខ្ញុំជាជំនាន់មួយដែលពេលឡើងថ្នាក់គឺការបណ្ដុះបណ្ដាលថ្នាក់វិទ្យាល័យកាន់តែវែង។ កាលពីខ្ញុំរៀននៅអនុវិទ្យាល័យ (ការប្រឡង)បាក់ឌូប្លិ៍មានត្រឹមថ្នាក់ទី៨ ឬ៩ទេ។ ក្រោយមក ពេលដែលខ្ញុំទៅវិទ្យាល័យបានឡើងទី១០ ទី១១ និងបន្ទាប់មកទៀតបានដល់ថ្នាក់ទី១២។ ការរីកចំរើននេះនឹងបន្ដ។
(១១) ធ្វើឲ្យគន្លងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមានជំរើសច្រើន បង្រៀននិងរៀនបច្ចេកវិទ្យាស្របនឹងតំរូវការ
យ៉ាងណាក្តី គុណភាពនៃការបណ្ដុះបណ្ដាលមិនអាស្រ័យលើចំនួនឆ្នាំទេ។ បើនិយាយតែពីចំនួនឆ្នាំក៏វាមិនត្រូវ(ទាំងស្រុង)ទេ គឺត្រូវគិតពីប្រធានបទដែលបង្រៀនអោយច្បាស់។ យើងមិនអាចបង្រៀន ១២ឆ្នាំ នៅចំណេះដឹងទូទៅចេញមកជាជំនាញរ៉ូបូត ឬដ្រូនអីបានទេ … អញ្ចឹងបានថា ការដាក់មេរៀនសំរាប់អ្នកដែលរើសយកគន្លងបច្ចេកទេស មិនមែនតែយកជំនាញបឋមដូចអគ្គិសនីទេ គឺត្រូវបើកទាំងខាង AI អីបន្ថែមទៀតដើម្បីជាការ(ផ្ដល់)ជំរើស ។ នេះជាសម័យ AI។ យើងចង់អោយគេបង្កើតក្រុមហ៊ុនដ្រូន ឬ AIស្អីៗ ទាល់តែយើងបណ្ដុះបណ្ដាលពីពេលហ្នឹងទៅ។ ដើម្បីមានភាពទាក់ទាញផង។ កុំអោយថាទៅរៀនខាងជំនាញ មានតែខាងសំណង់។ មិនដូច្នោះទេ។ យើងមានខាងអេឡិចត្រូនិចមានអី សំរាប់គាត់រៀនបន្ថែមទៀត … អ្នកបច្ចេកទេសធំៗ (ខ្លះ)រៀនអត់ចប់មហាវិទ្យាល័យ។ មិនមែននិយាយអញ្ចឹង មិន(ជំរុញអោយរៀនដល់បរិញ្ញាទេ)។ Bill Gate, Mark Zuckerberg រៀនអត់ចប់ទេ។ គាត់ផ្ដោតលើបច្ចេកវិទ្យា។ គាត់ចេញប្រតិបត្ដិ បង្កើត program តែម្ដង។ យើងអាចបង្រៀន programmer ដោយកុំចាំចប់ទី១២។ អាចចាប់ផ្ដើមពីដើមទីទៅ ដើម្បីឲ្យគន្លងនេះមានជំរើសច្រើន។ ព្រោះនៅទីបំផុត បន្ទាប់ពីមាន ១៨ឆ្នាំ ត្រូវតែមានបំណិន។ បើក្មួយៗ រៀនចំណេះដឹងទូទៅថ្នាក់ទី១២ ក៏យកចុះ ដើម្បីយើងរៀនមូលដ្ឋានទៅជាអីផ្សេងទៀត ប៉ុន្ដែបើអត់ទេ ក្នុងវិស័យឧស្សាហកម្មត្រូវបង្រៀនបច្ចេកវិទ្យាដែលស្របទៅនឹងតំរូវការ ហើយមិនមែនឧស្សាហកម្មជំនាញទាបទេ ត្បិតសូម្បីតែវិស័យវាយនភណ្ឌក៏មានការប្រែប្រួល។
(១២) ហេដ្ឋារចនាសម្ព័ន្ធនិងគោលនយោបាយ បូកនឹងទឹកដៃខ្មែរ នាំឱ្យមានការមកវិនិយោគ
ពីដើមឆ្នាំ១៩៩០ (យើងទទួលបានតែ)វិនិយោគិនផ្នែកកាត់ដេរកម្រិតទាប។ ក្រុមហ៊ុន brand ធំៗ ដែលត្រូវការជំនាញកំរិតខ្ពស់មិនទាន់មកទេ។ ឥឡូវទឹកដៃយើងល្អ។ ដូចខ្ញុំឧស្សាហ៍លើកពីនៅបាវិត ឃើញមានរោងចក្រសាឡុងអ៊ីតាលីមួយ។ នៅលើពិភពលោក សាឡុងរបស់អ៊ីតាលី គ្រឿងសង្ហារឹមរបស់អ៊ីតាលី ល្បីជាងគេ ថ្លៃជាងគេ (ដោយសារតែការ)ធ្វើ(មានភាព)ប្រណិត។ អញ្ចឹងទាល់តែត្រូវការទឹកដៃខ្ពស់។ គេដាក់ទុនមកធ្វើនៅស្រុកខ្មែរ។ យកកម្មករខ្មែរធ្វើ។ បានន័យថា បងប្អូនមានជំនាញគ្រប់គ្រាន់លើការផលិត មិនថាវាយនភណ្ឌឬអីទេ សូម្បីខោអាវហ្នឹងក៏ខោអាវថ្លៃៗ មកផលិតនៅហ្នឹងមួយចំនួន រួមទាំងគ្រឿងអលង្ការទៀត ដូចនៅកន្លែងឧកញ៉ា គិត ម៉េង មាន Tiffany and Co មកធ្វើនៅហ្នឹង។ គេមិនបានជ្រើសរើសមកវិនិយោគនៅកម្ពុជាទេ ប្រសិនបើ ទី១ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយច្បាស់លាស់ ទី២ គ្មានទឹកដៃខ្មែរដែលអាចធ្វើបាន។ គេមិនដឹក ប្រជាពលរដ្ឋបារាំងមកធ្វើនៅស្រុកខ្មែរទេ។ គេអាចយក(តែ)អ្នកគ្រប់គ្រង(មកប៉ុណ្ណោះ)។ អញ្ចឹង ខ្ញុំសង្ឃឹមថាយើងនឹងពង្រីកវិសាលភាពការបណ្ដុះបណ្ដាលអប់រំនេះ។
(១៣) ប្រទេសតូច ប្រជាជនតិច ត្រូវការឱ្យមានធនធានមនុស្សខ្លាំង
យើងមានប្រជាជន ១៧លាននាក់ ជាគិតជាភាគរយ ប្រជាជននៅក្មេងគឺច្រើន បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនដែលទៅជាប្រទេសមនុស្សចាស់។ ប្រទេសជិតខាងយើងមួយចំនួន បានក្លាយជាប្រទេសមនុស្សចាស់ហើយ។ ប្រទេសមនុស្សចាស់យ៉ាងម៉េច? បានន័យថាចំនួនអ្នកចាស់ ដោយរស់កាន់តែយូរ និងចំនួនក្មេងកើតកាន់តែតិច។ នៅអាស៊ី ដល់ឆ្នាំ២០៥០ ប្រទេសខ្លះ ប្រជាជនលែងកើនហើយគឺថយ។ ពីមុនគេនិយាយពីកើនខ្ពស់ មួយឆ្នាំ៥% អញ្ចឹងទៅ។ ក្រោយមកធ្លាក់រហូតដល់មួយឆ្នាំ ១% ឬ ០.៥% នៃកំនើនប្រជាជន។ ឥឡូវ គេនិយាយពីចំនួនប្រជាជនថយវិញ ដោយសារអ្នកកើតតិចជាងអ្នកសា្លប់។ យើងនៅកើតច្រើន។ ថ្ងៃមុន ខ្ញុំជួបនាយទាហានម្នាក់នោះ គាត់មានកូន ១១នាក់ ប៉ុន្ដែគាត់(មាន)មីង៤។ សុំទោសពូ បើស្ដាប់លឺតាមហ្នឹង កុំថាអី។ ខ្ញុំមិនបញ្ចេញឈ្មោះទេ។ ប៉ុន្ដែជាការជួយបង្កើន(ធនធានមនុស្ស)។ ឧកញ៉ា លី គុណថៃ កូនដូចជា៨ ភរិយាតែមួយទេ។ អាចបន្ដបង្កើតថែមទៀត។ យើងនឹងខិតខំបណ្ដុះបណ្ដាលធនធានមនុស្សឲ្យខ្លាំង។ (ប្រទេស)យើងតូច ត្រូវតែរឹងមាំ មានមនុស្សមានសមត្ថភាពឲ្យច្រើន ទើបប្រទេសយើងខ្លាំង …។
[ចប់សេចក្ដីអធិប្បាយ២]
ក្រៅពីនោះក្រសួងក៏បានជំរុញឱ្យសហគ្រាសប្រព័ន្ធក្នុងរយៈពេលប្រមាណ ២ ឆ្នាំនេះដែលយើងចាប់ផ្ដើមរុញចេញនូវកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលជួយដល់ងវិស័យក្រៅប្រព័ន្ធតាមរយៈគោលនយោបាយ និងការអភិវឌ្ឍដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។ យើងនឹងបន្ដធ្វើកិច្ចការនេះថែមទៀតក្នុងគោលបំណងចូលរួមជំរុញការអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ក៏ដូចជាលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត, ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចខាងក្រោម៖
ទី១. ត្រូវបន្តពង្រីកការផ្តល់សេវាការងារ, និង ពង្រឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធស្វែងរកការងារដល់សាធារណជន, ព្រមទាំងត្រូវបន្តដោះស្រាយការងារជូនបងប្អូនអតីតពលករមកពីថៃ។ ទន្ទឹមនេះ, ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់តាមដាន និង វាយតម្លៃសភាពការណ៍ និង ការវិវត្តថ្មីៗ ក្នុងវិស័យការងារ ដើម្បីត្រៀមដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេល និង មានប្រសិទ្ធភាព សំដៅធានានិរន្តរភាពការងារ និង ស្ថិរភាពចំណូលរបស់បងប្អូនកម្មករនិយោជិត ។
ទី២. ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យ ការងារ តាមរយៈការពង្រឹងយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និង ក្រុមអធិការកិច្ចអន្តរក្រសួង, ព្រមទាំងត្រូវបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅ-ប្រព័ន្ធតុលាការ ពិសេស ដាក់ឱ្យដំណើរការនូវយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហ-គ្រាស, និង ការកសាងសមត្ថភាពអ្នកផ្សះផ្សារបស់ ក្រសួង និង អាជ្ញាកណ្តាល ដោយត្រូវធានានិរន្តរភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង បន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ នៅកន្លែងការងារ។
ទី៣. ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពគ្រប-ដណ្តប់របបសន្តិសុខសង្គម និងពង្រឹងការផ្តល់សេវាសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និង ងាយស្រួលក្នុងការទទួលបាន, រួមទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន និង ក្រុមពលរដ្ឋផ្សេងទៀត ។
ទី៤. ត្រូវបន្តរក្សា និង បង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយ ដៃគូសង្គម, ដៃគូអភិវឌ្ឍ, អង្គការសង្គមស៊ីវិល, អង្គការវិជ្ជាជីវៈ ជាពិសេស អង្គការអន្តរជាតិខាងការងារ និង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការងារសមរម្យ តាមរយៈ ក្របខ័ណ្ឌកិច្ចសហ-ប្រតិបត្តិការអភិវឌ្ឍប្រកប ដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDCF), កម្មវិធីការងារសមរម្យប្រចាំប្រទេស (DWCP), កម្មវិធីមុខរបរ និង ការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY III), គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC), និង ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UNSDCF), និង ផែនទីបង្ហាញផ្លូវសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និង ការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នៅកម្ពុជា ។
ទី៥. ត្រូវបន្តសហការជាមួយក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តពាក់ព័ន្ធ តាមដានការក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន និង ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ច និង មូលដ្ឋានរបស់ខ្លួន ព្រមទំាងផ្សព្វផ្សាយឱកាសការងារឱ្យបានទូលំទូលាយ និង ដោះស្រាយបញ្ហានានារបស់បងប្អូនកម្មករនិយោជិត ដោយមិនត្រូវទុកបញ្ហាតូចឱ្យ រីករាលដាលទៅធំ ដើម្បីការពារសិទ្ធិ និង ផលប្រយោជន៍ជូន, ទាំង កម្មករនិយោជិត និង និយោជក។
ជាថ្មីម្តងទៀត, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសហគ្រាសជ័យលាភី ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ទាំង ៥៥ សម្រាប់ឆ្នាំ២០២៦ ដែលបានប្រឹងប្រែងកសាងវប្បធម៌ចែករំលែក និង រៀបចំប្រព័ន្ធការងារអំណោយផល ដល់កម្មករនិយោជិតរបស់ខ្លួន។ ជាមួយនេះ, ខ្ញុំសូមអំពាវនាវដល់សហគ្រាស គ្រឹះស្ថាន ឱ្យបន្តចូលរួមក្នុងយុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» តាមរយៈ ការលើកកម្ពស់ស្មារតីទទួលខុសត្រូវផ្នែកសង្គម, ការជំរុញការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ របស់កម្មករនិយោជិត នៅកន្លែងធ្វើការ, ការចូលរួមអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន, ការចូលរួម កម្មវិធីតេស្តវាយតម្លៃជំនាញមានពីមុនសម្រាប់បងប្អូនអតីត-ពលករមកពីថៃ (RPL) និង កម្មវិធីបង្កើនជំនាញ (Upskilling) និង ផ្លាស់ប្ដូរជំនាញ (Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពេញការងារ, និង បង្កើតវប្បធម៌ «គ្រួសារមួយប្រកបដោយសុភមង្គល» នៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន ។
ជាមួយនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារ អស់ពីកម្លាំងកាយចិត្ត និង ចាត់ទុកកន្លែងធ្វើការ ឱ្យដូចជា ផ្ទះរបស់ខ្លួន ដូចប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ «ត្រូវចាត់ទុកសហគ្រាស ក្រុមហ៊ុន រោងចក្រ គឺជាឆ្នាំងបាយរបស់ខ្លួន» ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៤) សេចក្តីព្រៀងច្បាប់ស្តីពីកាតព្វកិច្ចយោធា កំណត់យកពីអាយុ១៨ ដល់ ២៥ឆ្នាំ
មុននឹងបញ្ចប់ ខ្ញុំសូមបញ្ជាក់បន្ដិច។ ម្សិលម្ង៉ៃ គណៈរដ្ឋមន្ដ្រីបានអនុម័តនិងដាក់ឆ្លងសភា សេចក្តីព្រៀងច្បាប់ ស្តីពីកាតព្វកិច្ចយោធា។ ច្បាប់នេះ វាពាក់ព័ន្ធជាមួយបងប្អូនកម្មករកម្មការិនីឬទេ។ ពាក់ព័ន្ធតែប្រុសៗទេ។ អ្នកខ្លះឆ្ងល់ពីរឿងនេះ។ ខ្ញុំសូមបកស្រាយជាបឋម ព្រោះច្បាប់នេះមិនទាន់ឆ្លងសភា ព្រឹទ្ធសភា និងបានទទួលព្រះរាជក្រមដាក់ជាច្បាប់ដំណើរការនៅឡើយទេ។ អាចនឹងមានការកែប្រែមួយចំនួន(ផងក៏ថាបាន)។ ឃើញបងប្អូនមួយចំនួនបានយក(ប្រធានបទនេះ)ទៅធ្វើអត្ថាធិប្បាយ។ វាចំគោលគំនិត ប៉ុន្ដែការអនុវត្ដមានការខុសប្លែកបន្ដិច ពីការគិត។ បងប្អូនថា១៨ ទៅ ២៥ឆ្នាំ ត្រូវអនុវត្ដកាតព្វកិច្ច។ ភាគច្រើនគិតថា ត្រូវប្រមូលទាំងអស់យកមកតែម្ដង។ មិនដូចនោះទេ។ ប្រទេសជាច្រើនលើពិភពលោកមានការអនុវត្ដខុសគ្នា។ ដូចសិង្ហបុរី ប្រជាជនតិច ដូចនេះគឺអនុវត្តស្មើគ្នាទាំងអស់។ គ្រប់អាយុ ១៨ឆ្នាំ គឺចូលកាតព្វកិច្ចយោធាទាំងអស់ក្នុងមួយពេលតែម្ដង លើកលែងតែករណីតិចតួចទេ មិនដល់ ០,១ % ផង ដែលអាចឲ្យធ្វើពេលខុសគ្នា។ នៅសិង្ហបុរី អ្នកគ្រប់អាយុ ១៨ឆ្នាំ ជាប់កាតព្វកិច្ចក្នុងពេលតែមួយ មានខ្ទង់ ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។
(១៥) កាតព្វកិច្ចយោធានៅកម្ពុជា កំណត់យកតាមតំរូវការសាច់ទ័ព
ប្រទេសខ្លះទៀត អត់ធ្វើកាតព្វកិច្ចក្នុងពេលស្មើគ្នាទាំងអស់ទេ (តែទៅតាម)តំរូវការកងទ័ព។ ឧទាហរណ៍ ប្រជាជនគ្រប់អាយុមាន ៥លាននាក់។ គេមិនហៅ(អោយបំពេញកាតព្វកិច្ចទាំង) ៥លាននាក់ហ្នឹងឱ្យចូលមកធ្វើទ័ពទាំងអស់ទេ។ គេយកតាមតំរូវការសាច់ទ័ព តាមរយៈការចុចឈ្មោះ ឬចាប់ឆ្នោត ដូចនៅប្រទេសជិតខាងយើង។ បានន័យថា អ្នកដែលជាប់(វ័យកាតព្វកិច្ច)ឈ្មោះមាន ១លាននាក់ ប៉ុន្ដែឆ្នាំហ្នឹងគេត្រូវការតែ ៥ម៉ឺននាក់ទេ។ អញ្ចឹងគេមានតែហៅមកចាប់ឆ្នោតយកតែ ៥ម៉ឺននាក់។ អ្នកក្រៅពីហ្នឹងរួចខ្លួន។ ចាំឆ្នាំក្រោយមកចាប់ទៀត គឺចាប់រហូតទាល់តែអាយុផុតកាតព្វកិច្ច។ អញ្ចឹង សំរាប់កម្ពុជា យើងយករូបមន្ដទី២។ អញ្ចឹងកុំថា ១៨ដល់ ២៥ឆ្នាំ(យកទាំងអស់ក្នុងពេលតែមួយ)។ (ថា) “ខ្ញុំកំពុងតែរៀន ទាញខ្ញុំទៅយ៉ាងម៉េច”។ មិនដូចនោះទេ។ យើងយកតាមតម្រូវការកងទ័ព។ ឧទាហរណ៍ថា បើក្នុង ១ឆ្នាំ ទាំងស្រីទាំងប្រុសដែលគ្រប់ ១៨ឆ្នាំ មាន ៣០ម៉ឺននាក់ជាង ក្នុងនោះប្រុសប្រមាណ ១៣ទៅ ១៥ម៉ឺននាក់ គុណនឹង៨ឆ្នាំ (ព្រោះយកពីអាយុ ១៨ ដល់ ២៥ឆ្នាំ) អញ្ចឹងស្មើនឹង ១លាននាក់ ក្នុង១ឆ្នាំ។ មិនអាចយកមកទាំង ១លាននាក់ហ្វឹកហ្វឺនទេ។
(១៦) ការអនុវត្តកាតព្វកិច្ច អាចអនុវត្តតាមរូបមន្តស្ម័គ្រចិត្តនិងរូបមន្តបង្ខំ
មិនមានលុយ(ធ្វើការហ្វឹកហ្វឺនទាំងអស់)ទេ ហើយក៏អត់កន្លែងដាក់ដែរ។ យើងក៏មិនត្រូវការយកដល់ទៅ ១លាននាក់មក ក្នុងពេលតែមួយទេ។ ចំនួនប៉ុន្មានអីប៉ុន្មានគឺអាស្រ័យទៅលើតម្រូវការកងទ័ពប្រចាំឆ្នាំ ឧទាហរណ៍ ៣ម៉ឺន ៥ម៉ឺន ១០ម៉ឺននាក់ជាដើម។ ឥឡូវ នីតិវិធីនេះកំពុង(ត្រូវបាន)ពិចារណា និងពិភាក្សាគ្នា។ មានរូបមន្តពីរ គឺរូបមន្តស្ម័គ្រចិត្ត និងរូបមន្តបង្ខំ។ ហេតុអីបានថាកាតព្វកិច្ចមានឲ្យស្ម័គ្រចិត្ត។ ស្ម័គ្រចិត្តហ្នឹងបានន័យថា អ្នកហ្នឹងត្រូវតែបំពេញកាតព្វកិច្ចយោធា (តែ)អ្នកខ្លះថាចង់(ជ្រើសយក)ធ្វើ(កាតព្វកិច្ច)ឆ្នាំណាមួយឲ្យហើយ … អញ្ចឹង ជាអាទិភាពក្នុងការរើស គឺយើងរើសយកអ្នកហ្នឹង កុំរំខានអ្នកផ្សេងដែលកំពុងតែជាប់ការងារ។ តែនេះក៏ក្នុងចំណោម ១លាននាក់ហ្នឹងដដែល។ បើស្ម័គ្រចិត្តរើសមិនគ្រាន់ ហ្នឹងចូលដល់បង្ខំ។ ពាក្យថាកាតព្វកិច្ច អត់មានទៅសុំធ្វើសតិអារម្មណ៍ចូលនោះទេ។ ចុចឈ្មោះមក។
(១៧) ការបំពេញកាតព្វកិច្ចយោធា មិនពង្រឹងតែវិស័យការពារជាតិទេ តែបានផលដល់សង្គមផងដែរ
មានកិច្ចការមួយចំនួនដែលត្រូវគិត។ ជាដំបូង យើងនិយាយសិនថា តើកាតព្វកិច្ចយោធាមានអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះ? ការអនុវត្តកាតព្វកិច្ចយោធា (មិនអាចនិយាយថាជាការ)ហួសសម័យនោះទេ។ មានប្រទេសច្រើនដែលនៅរក្សាវិធាននេះ។ ប្រទេសខ្លះដែលបានបោះបង់ចោល ដូចប្រទេសបារាំងដែលធ្លាប់ឈប់ធ្វើម្ដងហើយ ឥឡូវក៏ចាប់ផ្ដើមធ្វើឡើងវិញ។ ដោយសារតែទាក់ទងទៅនឹងស្ថានភាព/វិស័យការពារជាតិ ចាំបាច់ត្រូវតែមាន។ ប៉ុន្តែ ច្បាប់កាតព្វកិច្ចមិនមែនសំរាប់តែពង្រឹងវិស័យការពារជាតិទេ។ ខ្ញុំមិននិយាយលម្អិតពីការពង្រឹងការពារជាតិដូចម្តេចទេ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា ការអប់រំ ការយកយុវជន ប្រជាពលរដ្ឋមកបំពេញកាតព្វកិច្ចយោធា មិនមែនជារឿងដែលធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ។ វាបានផលទៅដល់សង្គម(ផងដែរ)។ ទី១ យុវជនទទួលបានការហ្វឹកហាត់ លត់ដំ វិន័យ សីលធម៌។ ចង់ស្ទាវម៉េចក៏ដោយ ចូលមកកាតព្វកិច្ច ២ឆ្នាំ ខ្ញុំជឿថា វិន័យប្រាកដជាចាក់ស្រេះអ្នកឯង។ គេគ្មានទ័ពទំនើងទេ មានតែក្មេងទំនើង។ ការបណ្ដុះបណ្ដាលវិន័យ សីលធម៌ អប់រំ ធ្វើការជាក្រុម ដើម្បីបម្រើជាតិមាតុភូមិ មិនមែនក្រុមដើម្បីកាប់គ្នាតាមដងផ្លូវនោះទេ។
(១៨) កាតព្វកិច្ចយោធា បង្កើតមនុស្សមានវិន័យនិងសណ្ដាប់ធ្នាប់ ព្រមទាំងមានជំនាញនិងបំណិន
អញ្ចឹង យោងតាមឱកាសដែលបានរៀន លត់ដំ វិន័យ ២ឆ្នាំ ពេលចេញទៅវិញ អ្នកទាំងនោះក្លាយជាធនធានមនុស្សល្អ។ ភាគច្រើន រវាងមនុស្សពីរនាក់ ម្នាក់ដែលឆ្លងកាត់ និងអ្នកដែលមិនឆ្លងកាត់កាតព្វកិច្ចយោធា នៅប្រទេសនានា ពេលទៅរកការងារ គេប្រាកដជាយកអ្នកដែលចប់កាតព្វកិច្ចយោធាហើយ។ ដោយសារអី? ទី១ (គឺជាមនុស្សមាន)វិន័យនិងសណ្ដាប់ធ្នាប់ និងទី២ គឺ(ជាធនធានមនុស្សមាន)ជំនាញនិងបំណិន។ ពីរឆ្នាំបម្រើក្នុងកងទ័ពនេះ មិនមែនយកទៅហាត់ត្រឹមតែយុទ្ធវិធីបាញ់កាំភ្លើងទេ។ កងទ័ពមានវគ្គហ្វឹកហ្វឺនច្រើន។ យើងត្រៀមលក្ខណៈបណ្ដុះបណ្ដាលមួយចំនួន មុននឹងចប់កាតព្វកិច្ចយោធា ដូចជាត្រូវបណ្ដុះបណ្ដាលបំណិនមួយចំនួន ដែលយើងត្រូវបំពាក់ឲ្យ។ អញ្ចឹង យុវជនម្នាក់ដែលឆ្លងកាត់កតព្វកិច្ចយោធា មានសមត្ថភាពអាចធ្វើ(ការងារ) និងក្លាយទៅជាកម្លាំងពលកម្មមួយដែលមានសក្ដានុពល។ ប្រជាពលរដ្ឋយើង ប្រទេសយើង ក៏នឹងមានយុវជនដែលបានការបណ្ដុះបណ្ដាល ហាត់ពត់លត់ដំវិន័យ។ នេះគឺជាផលពីច្បាប់កាតព្វកិច្ចយោធា។ បណ្ដុះបណ្ដាលក្នុងថ្នាលកងទ័ព តែផលបានទៅក្នុងសង្គមទាំងមូល។
(១៩) ចប់កាតព្វកិច្ច នៅជាយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ
ច្បាប់កាតព្វកិច្ចយោធា អនុវត្តពីអាយុ ១៨ ទៅ២៥ឆ្នាំ។ ពេលចប់ ចេញទៅធ្វើការ ស្ថិតនៅជាយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។ បានន័យថាម៉េច? កងទ័ពនឹងមានអង្គភាពបម្រុង ដែលក្នុងមួយឆ្នាំអាចនឹងត្រូវហៅមកហាត់ ១អាទិត្យ ឬ២អាទិត្យដើម្បីដុសខាត់ជំនាញ។ ហើយត្រឡប់ទៅវិញចុះ។ ក្នុងពេលដែលបងប្អូនមកបំពេញកាតព្វកិច្ចជាទាហានកាតព្វកិច្ច ឬជាយោធិនបម្រុង កន្លែងការងារត្រូវធានាកន្លែង និងតួនាទីឲ្យគាត់។ ពេលចប់កាតព្វកិច្ច ចូលទៅវិញ មិនមានការកាត់(មុខនាទី/អត្ថប្រយោជន៍)អ្វីនោះទេ។ ហ្នឹងត្រូវតែធ្វើជាកាតព្វកិច្ច ព្រោះត្រូវការពារ(ផលប្រយោជន៍ពួកគាត់)។ នៅលើហ្វេសប៊ុក ឃើញបងប្អូនមួយចំនួនថា ចុះបើខ្ញុំត្រូវធ្វើការ ហៅខ្ញុំទៅធ្វើកាតព្វកិច្ច មកវិញគេនឹងកាត់ខ្ញុំចោល ឬមួយទាហានបម្រុងទៅហាត់ ២អាទិត្យ មកវិញគេធ្វើម៉េច? អត្ថប្រយោជន៍ដែលបាន ទី១ អ្វីដែលទ័ពទទួលបានគឺទទួលបានដូចគ្នា លើកលែងតែប្រាក់ឧបត្ថម្ភ។ បានន័យថា ប្រាក់សម្រាប់ហូបចុក កន្លែងស្នាក់នៅ ឯកសណ្ឋាន ការចំណាយហ្វឹកហ្វឺន បូកនឹងឈឺថ្កាត់រដ្ឋធានាទាំងអស់។
(២០) បន្ថែមលើអត្ថប្រយោជន៍និងការបណ្តុះបណ្តាលដូចទាហានអាជីព ទាហានកាតព្វកិច្ចមានប្រាក់ឧបត្ថម្ភ
ទាហានអាជីពមានបៀវត្សរ៍ ទាហានកាតព្វកិច្ចមានប្រាក់ឧបត្ថម្ភបន្ថែម។ អញ្ចឹង ប្រាក់ឧបត្ថម្ភនេះបើគិតជាផ្នែកមួយនៃបៀវត្សរ៍ទាហាន គឺតិចទេ។ ការចំណាយរបស់រដ្ឋទៅលើរឿងនេះ វាជាមួយផ្នែកគត់។ ខុសពីឯកជន។ ឲ្យតែប្រាក់ខែប៉ុណ្ណឹង គឺដោះស្រាយខ្លួនឯងទៅ ធ្វើដំណើរ ស្នាក់នៅ ហូបចុក ឈឺថ្កាត់។ កន្លែងខ្លះអាចមាន បសស។ បើគិតទៅ (អត្ថប្រយោជន៍នៃ)យោធិនកាតព្វកិច្ចនេះ បើរាប់ទៅខ្លាំងជាងគរុសិស្សផង។ គរុសិស្សបើប្រឡងជាប់ ចូលសាលាគរុកោសល្យ គាត់មិនមានអ្វីទាំងអស់ក្រៅពីប្រាក់ឧបត្ថម្ភ។ ពីមុន ប្រាក់ឧបត្ថម្ភមួយខែតែ៤ម៉ឺនរៀលទេ។ ឥឡូវយើងបានដំឡើង។ តែគាត់ត្រូវចំណាយខ្លួនឯងទាំងអស់ ៤ឆ្នាំ។ ចេញមកបានទៅធ្វើគ្រូ។ បើនិយាយពីគន្លងអាជីព យោធិនកាតព្វកិច្ចនេះ ពេលដែលគាត់ចប់ហាត់បីខែឬប៉ុន្មានខែ គាត់ចូលបំពេញកាតព្វកិច្ច ២ឆ្នាំ គឺមានសិទ្ធិដូចយោធិនធម្មតា ទទួលអត្ថប្រយោជន៍ផ្សេងៗ (រួមទាំង)ប្រាក់ឧបត្ថម្ភដែលខ្ញុំបាននិយាយហ្នឹង ទាំងការបណ្ដុះបណ្ដាល ហ្វឹកហ្វឺន រដ្ឋចេញឲ្យទាំងអស់។ គាត់ចង់ទៅរៀនសាលាជំនាញណាមួយក្នុងកងទ័ព គាត់អាចទៅរៀនបាន។ ក្នុងកងទ័ព និយាយរួម យើងមានសាលាជំនាញច្រើន។ ឧទាហរណ៍ ជំនាញវិទ្យុទាក់ទង ត្រូវទៅរៀនបច្ចេកវិទ្យាវិទ្យុរបស់កងទ័ព គឺទំនើបជាងវិទ្យុឯកជន ១០០ដង។ បើចង់ទៅរៀនលោតឆត្រ ទៅរៀនជួសជុលរថក្រោះ និងគ្រឿងចក្រធំៗ ចេញមកវិញគាត់អាចចូលទៅក្នុងរោងចក្រធ្វើឡានអីជាដើម។ នេះការបណ្ដុះបណ្ដាលក្នុងរយៈពេលប៉ុន្មានឆ្នាំ។ យើងនឹងរៀបចំគន្លង មិនមែនបម្រើកាតព្វកិច្ចកងទ័ព យកទៅ ២ឆ្នាំឱ្យនៅឈរយាមអគារនោះទេ។ ត្រូវបណ្ដុះបណ្ដាល។
(២១) ដឹកនាំនិងទទួលខុសត្រូវ ជាគន្លឹះសំខាន់នៃធនធានមនុស្ស
សំខាន់បំផុត គឺរៀនដឹកនាំ។ ក្នុងកងទ័ព ធ្វើការជាក្រុម ចាប់ផ្ដើមពីមេពួក ៣នាក់ទៅ គឺរៀនដឹកនាំ និងទទួលខុសត្រូវ។ នេះគឺជាគន្លឹះសំខាន់នៃធនធានមនុស្ស។ រោងចក្រមួយ ក្រុមហ៊ុនមួយ បើមានមនុស្សដែលមានការបណ្តុះបណ្តាល ធ្វើការ សហការ ការទទួលខុសត្រូវ មានចរិតអ្នកដឹកនាំ … តាំងពីជើងក្រោម តាំងពីអ្នកបុគ្គលិកឡើងមក។ យើងចង់បានដូចហ្នឹង។ ពាក្យថា “ការដឹកនាំ” មិនមែនទាល់តែមានតួនាទីធំទេ គឺមានចរិតទទួលខុសត្រូវ។ ទាហានម្នាក់ៗ យោធិនម្នាក់ៗ (ត្រូវមានការទទួលខុសត្រូវ)តាំងពីបំពាក់អាវុធឲ្យ។ អ្នកឯងត្រូវទទួលខុសត្រូវចំពោះអាវុធហ្នឹង កុំឲ្យគាំង កុំឲ្យបាត់គ្រាប់ជាដើម។ ឯកសណ្ឋានដែលបានបំពាក់ឲ្យ ត្រូវមានវិន័យ។ ម៉ោងប៉ុន្មានត្រូវមកដល់បន្ទាយ ម៉ោងប៉ុន្មានត្រូវមានមុខ។ ខ្ញុំជឿថាវាពាក់ព័ន្ធនឹងវិស័យការងារ។ ថ្ងៃក្រោយ យើងនឹងមានធនធានមនុស្សដែលឆ្លងកាត់ការបណ្តុះបណ្តាលវិន័យ សណ្តាប់ធ្នាប់ និងធនធានប្រយុទ្ធក្នុងកងទ័ព។ ខ្ញុំអត់និយាយអំពីវិស័យការពារជាតិទេ។ ខ្ញុំនឹងនិយាយអំពីការពារជាតិនៅវេទិកាការពារជាតិ។ ថ្ងៃនេះនិយាយអំពីសង្គមសេដ្ឋកិច្ច។
(២២) ត្រូវការពលរដ្ឋមានជីវភាពនិងចំណេះដឹងរឹងមាំ ដើម្បីការពារសន្តិភាពដែលពិបាករកនិងពិបាកថែទាំ
យើងនិយាយអំពីសន្តិភាព។ (សន្តិភាពជា)ផលលាភធំណាស់ (ដែល)យើងបានមកដល់ម៉ោងនេះ។ តើ(បងប្អូន)មានដឹងទេ សន្តិភាពនេះ ទី១ ពិបាករក ទី២ ពិបាកថែទាំ។ នៅក្នុងបរិបទដែលពិភពលោកប្រែប្រួល ដើម្បីការពារសន្តិភាព យើងត្រូវតែខ្លាំង។ គ្មានអ្នកណាមកការពារឲ្យយើងទេ។ (យើងត្រូវតែ)ខ្លាំងក្នុងវិស័យការពារជាតិ និងខ្លាំងសេដ្ឋកិច្ចជាតិ។ ដាក់ទិសដៅនេះទៅ។ សេដ្ឋកិច្ចខ្លាំង ទើបមានលុយមកពង្រឹង(វិស័យការពារជាតិ)។ ប្រជាពលរដ្ឋមានជីវភាពរឹងមាំ ចំណេះដឹងរឹងមាំ ហ្នឹងហើយបានការពារសន្តិភាពបាន។ អត់អាចសុំអ្នកណាបានទេ។ យើងធ្លាប់តែផ្តោតទៅលើសង្គ្រាមផ្ទៃក្នុង ប៉ុន្តែបរិបទ(តំបន់និងពិភពលោក មាន)ការប្រែប្រួល តម្រូវអោយយើងមានសមត្ថភាពការពារជាតិដើម្បីថែរក្សាសន្តិភាព។ ដូច្នេះ ការពង្រឹងវិស័យការពារជាតិ ពង្រឹងធនធានមនុស្ស និងពង្រឹងសេដ្ឋកិច្ចសង្គម ត្រូវដើរជាមួយគ្នា។ អ្វីដែលរដ្ឋាភិបាលដាក់ចេញក្នុងពេលនេះ រួមទាំងច្បាប់កាតព្វកិច្ចយោធា គឺដើរតម្រង់តាមទិសដៅនេះ។
(២៣) ឱកាសបណ្តុះបណ្តាលធនធានមនុស្សមានត្រឹមប្រមាណ ២០ឆ្នាំ
ប្រទេសតូចដូចយើង ទោះបីម្នាក់ មានកូន១២ ក៏ពិបាកទាន់ប្រទេសធំៗ ជាងយើងដែរ។ តែខ្ញុំសង្ឃឹមថា ធនធានមនុស្សយើងកាន់តែរីក។ ដើម្បីឲ្យធនធានមនុស្សម្នាក់ៗ រឹងមាំ យើងមានឱកាសបណ្តុះបណ្តាលយ៉ាងច្រើនតែត្រឹម ២០ឆ្នាំប៉ុណ្ណោះ។ ខ្ញុំមើលឃើញថា “យើងមានសមត្ថភាពបណ្តុះបណ្តាល ២០ឆ្នាំយ៉ាងច្រើន”។ បើអ្នកហ្នឹងទៅរៀនដល់បណ្ឌិត ១២ឆ្នាំ នៅវិទ្យាល័យ ៤ឆ្នាំ យកបរិញ្ញាបត្រ … បើគាត់រៀនជំនាញទូទៅ ១២ឆ្នាំមក អាចទៅរៀនបច្ចេកវិទ្យា រៀនបន្ថែមខាងធនាគារ ខាងអគ្គិសនី ខាងរ៉ូបូត គាត់អាចមានឱកាសរៀនបានតែប៉ុណ្ណឹង។ ក្រៅពីហ្នឹងសល់ ប៉ុន្មានឆ្នាំគឺរហូតដល់គាត់ស្លាប់ទៅវិញ … អញ្ចឹង ការបណ្តុះបណ្តាល ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងសំខាន់។ ឩទាហរណ៍ យុវជនម្នាក់រៀនត្រឹមថ្នាក់ទី៩ អត់មានឱកាស(ទទួលការ)បណ្តុះបណ្តាលថែមទៀត។ ដូចនេះ មួយជីវិតរបស់គាត់ រហូតទៅដល់ស្លាប់ទៅ គឺកម្រិតវប្បធម៌ត្រឹមតែថ្នាក់ទី៩។ គាត់មិនអាចធ្វើអ្វីបានច្រើនទេ។
(២៤) បណ្តុះបណ្តាលវិស័យណាមួយ ត្រូវមានមនុស្សរៀន និងរៀនហើយមានឱកាសការងារ
មនុស្ស/យុវជនជាច្រើន មិនប្រាកដថាសក្តានុពលធំទេ។ ទាល់តែយើងជំរុញ … ត្រូវរៀបចំគន្លងបណ្តុះបណ្តាល(វិជ្ជាជីវៈ)ពីដើមទី កុំឲ្យអ្នកអត់ទៅវិទ្យាល័យ អត់មានឱកាសទាំងអស់។ ត្រូវតែរកវិធី។ ចេញធ្វើការបានមួយរយៈ មកវិញត្រូវរកវិធីបង្កើនគន្លង(អាជីព)របស់គាត់។ ហ្នឹងហើយដែលក្រសួងការងារបានដាក់(កម្មវិធី) upskilling និង reskilling នេះ។ ចេញទៅដំបូង អ្នកខ្លះធ្វើការក្នុងវិស័យវាយនភណ្ឌ។ តាមរយៈការផ្តល់ឱកាសរៀនសូត្របណ្តុះបណ្តាលបន្ថែម ថ្ងៃក្រោយ គាត់អាចប្តូរជំនាញហ្នឹងទៅខាងអគ្គិសនី។ ហ្នឹងដូចពងមាន់និងមាន់អញ្ចឹង។ បើឲ្យគេមកវិនិយោគបង្កើតក្រុមហ៊ុនផលិតរថយន្ត ទាល់តែស្រុកខ្មែរមានធនធានមនុស្សដែលចេះក្នុងវិស័យហ្នឹង។ បើយើងបណ្តុះបណ្តាលវិស័យហ្នឹង មានមនុស្សរៀន ទាល់តែគិតថារៀនហើយមានឱកាសការងារ។ អញ្ចឹងវាទៅជាមួយគ្នា។ យើងបន្តធ្វើកិច្ចការក្នុងវិស័យការងារដែលបានធ្វើកន្លងមក ដោយនៅក្នុងអាណត្តិថ្មីនេះបានដើរទៅមុខច្រើន។
(២៥) អ្នកដែលបានផលច្រើនពីការផលិតក្នុងស្រុកគឺប្រជាពលរដ្ឋខ្មែរ
ក្រុមហ៊ុន(រថយន្ត) EV (ដែល)ពីដើមអាណត្តិមានតែប៉ុន្មាន ឥឡូវមានប៉ុន្មានហើយ។ មួយពេលដែលប្រេងឡើងថ្លៃ ឡាន EV លក់ដាច់ច្រើន។ ហេដ្ឋារចនាសម្ព័ន្ធយើងមាន ប៉ុន្តែអ្វីដែលសំខាន់គឺការផលិតក្នុងស្រុករបស់យើង។ ពិតណាស់មាន brand មកពីក្រៅ ប៉ុន្តែគេមកផលិតនៅក្នុងស្រុករបស់យើង។ អ្នកដែលបានផលច្រើន គឺប្រជាពលរដ្ឋខ្មែរ។ ផលិតក្នុងស្រុក យើងរៀបចំដើម្បីឲ្យមានតម្លៃអាករពិសេសផ្សេងៗ យើងអាចកាត់បន្ថយមួយចំនួន ប្រៀបធៀបជាមួយឡាននាំចូល។ ឥឡូវវានៅប្រដំប្រសង។ តែទៅថ្ងៃមុខយើងគិតគូរឲ្យក្នុងស្រុកកាន់តែដើរ។ អញ្ចឹង ប្រជាពលរដ្ឋមានលទ្ធភាពទិញឡានថ្មីកាន់តែច្រើន តម្លៃសមរម្យ។ មួយវិញទៀត តែគេមកបើករោងចក្រផលិត វាមានកន្លែងជួសជុលហើយ។ អញ្ចឹង មិនត្រឹមតែបណ្តុះបណ្តាលអ្នកផលិតទេ តែក៏ទាំងជាងសម្រាប់ជួសជុលថែទាំផងដែរ។ ជំនាញទាំងអស់នេះហើយ ដែលជាបណ្តុំសម្រាប់មូលដ្ឋានទៅមុខថាយើងធ្វើអីទៀត។ ការផ្ទេរនៃបច្ចេកវិទ្យា ជាដំបូងទាក់ម៉ូយគេមកសិន។ ប្រទេសច្រើនបានចាប់ផ្តើមដំបូងពីសហការជាមួយបរទេស នាំបច្ចេកវិទ្យាចូល តែ ១០ឆ្នាំឬ ១៥ឆ្នាំក្រោយ គេចាប់ផ្តើមផលិតនៅខាងក្នុងដោយគុណភាព … ប្រទេសតូចៗ មួយចំនួន ដំបូងទិញគេទេ តែក្រោយមកក៏បង្កើតខ្លួនឯង។
(២៦) សិក្សាផ្លូវច្បាប់និងការគ្រប់គ្រង ដើម្បីអប់រំក្មេងទំនើង ដោយផ្សារភ្ជាប់នឹងការបំរើសមរភូមិមុខ
ពាក់ព័ន្ធជាមួយការបណ្តុះបណ្តាលទាហានកាតព្វកិច្ចនេះ សូមមើលរឿងក្មេងទំនើងផង … (ករណី)ក្មេងទំនើងដូចរាងថយមួយចំនួន ប៉ុន្តែវានៅងើបឡើងវិញខ្លះៗ។ ល្ងាចមិញ ដូចមានករណីមួយ នៅស្ទឹងត្រង់ កំពង់ចាម រហូតទៅដល់គ្រោះថ្នាក់អធិការរងម្នាក់។ មើលនៅភ្នំពេញ ឥឡូវមានចេញមួយចំនួន … ខ្ញុំចង់ឲ្យឯកឧត្តម កើត រិទ្ធិ (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីយុត្តិធម៌) ឯកឧត្តម ស ថេត និងឯកឧត្តម វង្ស ពិសេន សិក្សាផ្លូវច្បាប់ឲ្យខ្ញុំ។ យើងចាប់ក្មេងទំនើងដាក់គុក អស់តែបាយ។ ចេញមកវិញ ខ្លះក៏កែ ខ្លះទៀតក៏មិនកែ។ មិនបាច់រុញទៅដល់ជួរមុខទេ។ គិតគូរពីការអប់រំកំរិតណាដើម្បីអាចភ្ជាប់នឹងការបំរើសមរភូមិមុខ។ មិនបាច់យកទៅកាន់កាំភ្លើងទេ យកទៅចាក់ពុម្ពលេណដ្ឋានស្អីៗ ដើម្បីជួយដល់កងវិស្វកម្មទៅ។ បាយក៏យើងនៅតែឲ្យជាកាតព្វកិច្ចមនុស្ស ប៉ុន្ដែកុំឲ្យអ្នកឯងនៅកាប់ចាក់។ ពីមុនគេមានទ្រឹស្ដីថា “បាយស៊ីស្រាប់ អាចម៍គេសែង អគ្គិសនីខ្វាត់ខ្វែង … ព្រឹកឡើងត្រូវបីបួនក្ដគោ ជាការហាត់ប្រាណ”។
សូមមើលការប្រើប្រាស់វិធីអប់រំ។ ព្រោះតែខុស(ហ្នឹងហើយ) ត្រូវអនុវត្តច្បាប់ ត្រូវយកចូលដាក់អប់រំ។ អប់រំហ្នឹង ជាជាងដាក់ឲ្យនៅក្នុងពន្ធធនាគារអត់ធ្វើអី យកទៅដាក់ក្រោមការគ្រប់គ្រងពិសេសរបស់នគរបាលកន្លែងណាមួយ ឱ្យធ្វើការងារបំរើសមរភូមិមុខ។ សូមឯកឧត្តម កើត រិទ្ធ ខាងច្បាប់ ជាមួយឯកឧត្តម អគ្គស្នងការនគរបាលជាតិ អគ្គបញ្ជាការដាក់ ៣ខែ ទៅ ៦ខែតាមទំងន់ទោស ទៅកន្លែងចាក់ពុម្ពលេណដ្ឋាន ឲ្យដឹងផងថា តើកងទ័ពជាយុវជនដូចគ្នាគេកំពុងតែឈរជើងប្រឈមនឹងគ្រោះថ្នាក់(ដើម្បីការពារទឹកដី) នៅពេលដែលពួកឯងមានឱកាស មានសេរីភាព មកដើរកាប់ចាក់រញ៉េរញ៉ៃបំផ្លាញប្រទេស។ ឲ្យទៅផ្សារភ្ជាប់គ្នានឹងការលះបង់របស់យុវជន។ សូមសិក្សាឲ្យបានលឿន។ ទាល់តែអញ្ចឹងខ្លះ។ មិនបាច់២ ឬ៣ ក្តគោជាការហាត់ប្រាណទេ។ ចាក់គំរបបេតុង១០ ឬ២០ ជាការហាត់ប្រាណល្អជាង …។
(២៧) ក្មេងទំនើងជាកូនអ្នកមានតួនាទី គួរតែត្រូវបានចងជាមួយនឹងកាតព្វកិច្ចឪម៉ែ
ខ្ញុំក៏សូមឲ្យពិនិត្យមើលទៀត។ ក្មេងទំនើងមួយចំនួនជាកូនមេភូមិ ឬអ្នកមានតួនាទី។ ខ្ញុំថាគួរតែចងកាតព្វកិច្ចឪ ម៉ែដែរ។ ខុសលើកទី១ ឲ្យម៉ែឪ មកជួយធានា ហើយអប់រំ។ ខុសច្រើនដង ប្រហែលពាក់ព័ន្ធជាមួយនឹងតួនាទី ឪ ម៉ែដែរ។ គិតមើលទៅ ព្រោះវាមានអាង។ គិតមើលឲ្យខ្ញុំ ឧទាហរណ៍កូនមេភូមិមួយវាដើរវាយគេវាយឯង អប់រំ ម្តង ឬ ២ដងមិនស្តាប់។ កូនកត្តញ្ញូអី? វានឹងអស់ខ្នង។ រឿងខ្នងហ្នឹង មានរឿងមួយ។ កាលពីក្មេង មានម្នាក់វាដើរវាយគេវាយឯងពេញភូមិ។ វាថាធ្វើអីវាមិនបានទេ ត្បិតវាអាងខ្នងក្រាស់។ អត់មានអ្នកណាហ៊ានធ្វើអីវា។ ដល់អធិការថ្មីចូលទៅ ចាប់ដាក់គុក ៣ថ្ងៃ សួរវាថាឯណាខ្នង? វាថានេះខ្នងខ្ញុំ។ ដេកឯណាក៏បាន រួមទាំងដេកគុក … ត្រូវបង្កើតវប្បធម៌ថាយុវជនអាងខ្លួនឯង កុំអាងឪម៉ែ កុំអាងឥទ្ធិពល អាងអំពើល្អ កុំអាងអំពើអាក្រក់ អាងធ្វើបងធំ ហើយរួចខ្លួន។ មិនរួចខ្លួនបានទេ។ យើងបានធ្វើច្រើនកាលពីឆ្នាំទៅឆ្នាំទៅមួយ។ មានម្តងឯកឧត្តមអភិសន្តិបណ្ឌិតសួរខ្ញុំ “បង ពួកហ្នឹងដូចច្រើន។ អស់កន្លែងដាក់។ ត្រូវព្រលែងឬយ៉ាងម៉េច?”។ ខ្ញុំថា “អត់ទេ។ ត្រូវមានអប្បបរមាប៉ុន្មានខែឲ្យច្បាស់”។ បើចាប់ហើយ តែព្រលែងវិញ ដោយសារចង្អៀត គាត់មិនខ្លាចទេ។
ឥឡូវ មិនត្រឹមតែដេកស៊ីនៅក្នុងហ្នឹងទេ គិតគូររឿងអ្វីមួយឲ្យបានផលប្រយោជន៍ប្រទេសជាតិ។ គ្មានអ្វីក្រៅពីបម្រើសមរភូមិមុខហ្នឹងទេ។ ឲ្យចាក់បេតុង ឲ្យលីបេតុងខ្លួនឯង។ បើថាល្អឲ្យលីឡើងភ្នំ។ មិនបាច់យកទៅលីដល់សមរភូមិមុខ ឲ្យលីកន្លែងណាឲ្យដឹងថាយុវជនអាយុប៉ុនខ្លួនឯងនេះ កំពុងលីបាយ លីអង្ករ ទៅជួរមុខច្បាំងការពារជាតិ។ គេលំបាកប៉ុណ្ណា។ លឺដូចបងប្អូនច្រើនស្ម័គ្រទះដៃអបអរសាទរ។ ចង់ឃើញពួកហ្នឹងចាក់បេតុង? ប៉ុន្តែមិនមែនចាក់លេងៗទេណា ទាល់តែមានវិស្វកម្មចាក់ស្រួលបួល … កុំឲ្យចង្អៀតគុក នគរបាលរៀបចំកន្លែងមួយយកទៅដាក់មួយដុំ … គិតមើល គ្រប់គ្រងបាន។ អគារគគោកឥឡូវ។ បើថាចាំបាច់ អគារ scam គគោកដាក់នៅហ្នឹងសិន។ បង្កើតជាគុកបណ្តោះអាសន្នសិន។ ខ្ចីប្រើសិន បើថាមិនចង់ឲ្យល្អពេក ឲ្យតែស័ង្កសីធ្វើទៅ កុំឲ្យដេកក្នុងផ្ទះថ្មអី។ ទាហានយើងទៅបោះទីតាំងដំបូងអត់ដែលមានអ្វីទេ។ ទាហានយើងដំបូងចងអង្រឹង។ ទៅដល់កន្លែងខ្លះមានបន្ទះឈើ ឬមួយស័ង្កសីអីធ្វើ។ ឥឡូវរកទីតាំងមួយ ឲ្យទៅធ្វើស័ង្កសីខ្លួនឯង … ប៉ុន្តែឲ្យសិក្សាមើលសិនក្រែងខាងសិទ្ធិមនុស្សគេរករឿង។ ឲ្យធ្វើតាមច្បាប់។ ក្នុងកាលៈទេសៈ និងក្នុងកម្រិតណាមួយ …។
(២៨) ក្មេងទំនើងតដៃនិងធ្វើឲ្យរបួសស្នាមដល់សមត្ថកិច្ច ត្រូវដាក់ទោសអតិបរមា
ចំពោះក្មេងទំនើងដែលតដៃជាមួយនឹងសមត្ថកិច្ច ធ្វើឲ្យរបួសស្នាមសមត្ថកិច្ចត្រូវដាក់ឲ្យតឹងមែនទែន។ បងប្អូនចុះទៅអនុវត្តការងារ មិនត្រូវសមត្ថកិច្ចខ្លាចក្មេងទំនើងទេ។ គ្រាន់តែឃើញអាវប៉ូលីស អាវអាវុធហត្ថ ក្មេងទំនើងត្រូវគោរព។ កាលខ្ញុំនៅមេកងទ័ពជើងគោក ចុះទៅខេត្តមួយ ខ្ញុំសួរថាបុណ្យនៅភូមិម៉េចក៏មានប៉ូលីស ម៉េចក៏មានទាហាន? គេថាបងឃើញនៅភូមិហ្នឹងក្មេងៗវាមិនសូវខ្លាច វាឃើញប៉ូលីស ប៉េអឹមស្លូត វាចង់បានស្បែកខ្លា។ មន្រ្តីអនុវត្តច្បាប់ត្រូវមានច្បាប់ការពារ។ សិទ្ធិអំណាចនៅក្នុងការអនុវត្តឲ្យអ្នកល្មើសច្បាប់ខ្លាចនេះគឺជាកិច្ចការ។ បើសិនជាអ្នកតដៃ ធ្វើឲ្យរបួសស្នាមបែបនេះត្រូវដាក់ឲ្យតឹងជាអតិបរមាតែម្តង។ អត់មានយោគយល់ទេ។ ហ្នឹងត្រូវធ្វើ។ បើមិនតដៃ ច្បាប់មាន ២ទៅ ៤ឆ្នាំ ដាក់២ ឬដាក់៣ តែបើអ្នកឯងបង្ករបួសស្នាមទៅដល់មន្រ្តីសមត្ថកិច្ច គួរដាក់ទោសអតិបរមា គឺពេញ ៤ឆ្នាំទៅ។ កុំយោគយល់។ បើមិនអញ្ចឹង តើការពារសមត្ថកិច្ចរបស់យើងយ៉ាងម៉េច? នេះគឺជាកិច្ចការមួយដែលត្រូវធ្វើ។ អញ្ចឹងសុំតែប៉ុណ្ណេះចុះថ្ងៃនេះ ថ្ងៃអាទិត្យផង …។
[ចប់សេចក្ដីអធិប្បាយ៣]
សូមអរគុណសារជាថ្មីជូនទៅដល់គណៈរៀបចំ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ។ សម្រាប់ថ្ងៃនេះគឺមាន អ្នកចូលរួម ៤៩៣២ នាក់ ម្នាក់ៗទទួលបានអាហារសម្រន់ និងថវិកា ៥០០០០ រៀល ដោយឡែកស្រ្តីមានផ្ទៃពោះ ៣២ នាក់ ម្នាក់ៗថវិកា ៨០ ម៉ឺនរៀលបន្ថែម។ អញ្ចឹងបើតាមតួលេខនេះប្រហែលជាអត់មានអ្នកភ្លោះកូនពីរទេ ព្រោះបើកូនពីរគេប្រាប់ខ្ញុំហើយ ព្រោះថែមឲ្យ ៤០ ម៉ឺន អ្នកណាកុំឲ្យពិបាកទម្ងន់ច្រើនដង ដាក់ភ្លោះយកបីទៅ យើងអត់មាន់បំបែកឯតទគ្គកម្មបួនទេ ដូចមានតែ ៣ទេ? មាន៤ ម្តងនៅខេត្តព្រះវិហារ។ ក្នុងនោះក៏មានបងប្អូនជនពិការ ៣នាក់ ម្នាក់ៗ ៤០ម៉ឺនរៀលបន្ថែមទៀតផងដែរ។ ជូនមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ ២៥ រាជធានីខេត្តមួយអង្គភាព ១០ លានរៀល សហជីពកម្មករ ១៨៦ សហជីពថវិកាមួយលានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការ ក្នុងអង្គពិធីថវិកា ៥ លានរៀលផងដែរ។ សូមអរគុណ។ ជូនពរបងប្អូនទាំងអស់ទទួលបានពុទ្ធពរ និងពរទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ៕



