ឯកឧត្តម យូស៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
ឯកឧត្តម សានុអ៊ុំ ការ៉ូម៉ាសា (SANUI Kazumasa) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ-អន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
លោកយាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន ៥» ជាមួយឯកឧត្តម យូស៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ក្មួយៗ សិស្សានុសិស្ស នាពេលនេះ។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង, និងគម្រោងពង្រីក ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន, តាមរយៈ ការកាត់បន្ថយ ហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុងខេត្តស្វាយរៀង។
ខ្ញុំសូមសម្តែងនូវអំណរគុណជាអនេកចំពោះ ប្រជាជន រាជរដ្ឋាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលបានរួមចំណែក ឈានមុខដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ តាមរយៈការផ្តល់ ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា, រួមទាំង ការទទួល យកពលករកម្ពុជាជាច្រើនទៅបម្រើការងារនៅប្រទេសជប៉ុន ក្នុងលក្ខខណ្ឌល្អប្រសើរ និងគួរជាទីទុកចិត្ត។ ជាក់ស្ដែង គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងនេះ គឺជាហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងទំហំ ទឹកប្រាក់ ៣ ៩៨៦ លានយ៉េន ឬ ប្រមាណ ៣០,៦ លានដុល្លារអាមេរិក សម្រាប់សាងសង់ ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបណ្តាញទឹកស្អាត ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ៦ ៨០០ ម/ថ្ងៃ ដល់ប្រព័ន្ធផលិតទឹកស្អាត ខេត្តស្វាយរៀង ធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុបរបស់រដ្ឋាករទឹកស្វាយរៀង កើនដល់ប្រមាណ ២២ ៦០០ ម/ថ្ងៃ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ជាគម្រោងទី១ ឆ្នាំ២០២៦ អភិវឌ្ឍដោយកម្ពុជានិងជប៉ុន
សូមអរគុណឯកឧត្តម ឯកអគ្គរាជទូត(ជប៉ុន UENO Atsushi) ដែលបានចូលរួមសម្ពោធជាមួយគ្នានៅថ្ងៃនេះ (ដើម្បីសម្ពោធ)សមិទ្ធផល បន្ថែម(លើបណ្តាសមិទ្ធផលដែលសំរេចបាន)តាំងពីដើមអាណត្តិទី៧។ យើងបានចូលរួមសម្ពោធសមិទ្ធផលជាមួយគ្នាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកនិងផ្លូវទឹក។ ដូចជាអាទិភាពជាច្រើនដែលយើងបានសម្ពោធជាមួយគ្នា(កន្លងមក) វិស័យទឹកស្អាតជាអាទិភាពមួយបង្ហាញអំពីស្នាដៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន។ នេះជាគម្រោងទី១ នៃឆ្នាំ២០២៦ ដែលកម្ពុជានិងជប៉ុនបានរួមគ្នាអភិវឌ្ឍ។ សូមអរគុណសារជាថ្មីជូនចំពោះស្ថានទូត ឯកអគ្គរាជទូត ក៏ដូចជារាជរដ្ឋាភិបាលជប៉ុនដែលបានបន្តជួយ(ដល់កម្ពុជា)។ យើងសង្ឃឹមថានឹងមានសមិទ្ធផលបន្តច្រើនថែមទៀតដែលនឹងអាចសម្ពោធជាមួយគ្នា។
[ចប់សេចក្ដីអធិប្បាយ១]
១. ជាមួយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងគម្រោងពង្រីកហេដ្ឋា-រចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តទាំង ៥ នេះ, រដ្ឋាករទឹកស្វាយរៀង នឹងមាន សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានពេញលេញ នៅក្នុងដែនសេវារបស់ខ្លួនទាំងមូល។
២. ខេត្តស្វាយរៀងនឹងទទួលបានគម្រោងវិនិយោគក្នុងវិស័យទឹកស្អាតបន្ថែមទៀត ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែល នឹងរួមចំណែកដល់ ការកែលម្អបរិយាកាសធុរកិច្ច, ការទាក់ទាញវិនិយោគ, ការលើក កម្ពស់សុខុមាលភាពសាធារណៈ និងការបង្កើនភាពប្រកួតប្រជែង របស់ខេត្តស្វាយរៀង។
៣. ខេត្តស្វាយរៀង គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយសារ ការ-រីកចម្រើនផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្មឆ្លងដែន និងការកើនឡើងនៃការវិនិយោគពី ក្រៅប្រទេស។ ទោះបី ការរីកចម្រើននេះ នាំមកនូវបញ្ហាប្រឈមជាច្រើន ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ពិតជាបានជួយសម្រួល និងដោះស្រាយបញ្ហា ប្រឈមសំខាន់ៗរបស់ ប្រជាពលរដ្ឋ ធុរជន និងវិនិយោគិន។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(២) ក្នុង ២០ឆ្នាំ ខេត្តស្វាយរៀងជាបណ្តុំនៃតំបន់ឧស្សាហកម្មមួយ
ពេលដែលយន្តហោះបានមកដល់ខេត្ត (ខ្ញុំ)ឃើញនៅមានដីច្រើន។ ឃើញមានរោងចក្រមួយចំនួនបើកនៅកន្លែងនេះ។ ខ្ញុំគិតថា ជាសក្តានុពលរបស់ខេត្តស្វាយរៀង បើយើងនិយាយអំពីកសិកម្មក៏វាមួយហើយ។ ប៉ុន្តែ ទៅថ្ងៃមុខ ឧស្សាហកម្មជាសក្តានុពលធំបំផុត។ ខ្ញុំមានសុទិដ្ឋិនិយមថា កន្លែងផលិតកម្មដែលជាមូលដ្ឋានសំខាន់របស់យើង មិនត្រឹមតែប្រមូលផ្តុំនៅបាវិតទេ។ ថ្ងៃក្រោយនឹងអាចរីកមកខាងណេះ។ សង្ឃឹមថាក្នុង ២០ឆ្នាំទៀត ខេត្តស្វាយរៀងនឹងជាបណ្តុំនៃតំបន់ឧស្សាហកម្មមួយក្នុងប្រទេសរបស់យើង។ យើងមានភូមិសាស្រ្តជាប់ខាងវៀតណាម។ បន្តិចទៀត យើងធ្វើផ្លូវល្បឿនលឿន(ចូលមក)។ ការសិក្សា(ក៏បង្ហាញថា)ទៅថ្ងៃក្រោយ (នឹងមាន)ផ្លូវដែកភ្ជាប់មកខាងនេះទៅភ្នំពេញ។ អញ្ចឹង កសិឧស្សាហកម្មក្តី ឧស្សាហកម្មក្តី កម្មន្តសាលក្តី គឺជាអាទិភាពធំសម្រាប់ទិសខាងកើតនេះ។
(៣) ការបន្ថែមហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សនឹងជំរុញសក្តានុពលសេដ្ឋកិច្ចខេត្តស្វាយរៀង
បើឧស្សាហកម្មរីកនៅខេត្តស្វាយរៀង យូរនឹងឆាប់វានឹងរីកទៅដល់ខេត្តព្រៃវែង។ ហ្នឹងវាមិនខុសពីទិសខាងលិចរបស់យើងទេ។ ដំបូងឡើយយើងឃើញថា(តំបន់ឧស្សាហកម្មបាន)រីកនៅក្រុងភ្នំពេញ ដោយសារបណ្តុំនៃហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋនៅទីនោះច្រើន។ ក្រោយមក ក៏មានរីកនៅខេត្តព្រះសីហនុ។ អញ្ចឹងការរីកនៅទីក្រុងភ្នំពេញ ក៏ដូចជានៅខេត្តព្រះសីហនុ បានដេញបន្តិចម្តងៗ ទៅដល់ខេត្តកំពង់ស្ពឺ និងនៅ(តំបន់)ចន្លោះ។ ដោយហេតុនេះ ខ្ញុំជឿថាខេត្តស្វាយរៀងដែលមានសក្តានុពល(ដូចបានរៀបរាប់មក)នេះ បន្ថែមដោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងទឹកស្អាត ក៏ជួយដល់ឧស្សាហកម្មផងដែរ។ (ជាមួយ)ហេដ្ឋារចនាសម្ព័ន្ធបន្ថែម (និង)ធនធានមនុស្សបន្ថែម យើងនឹងអាចជំរុញអោយខេត្តមានសក្តានុពលសេដ្ឋកិច្ចធំ។
(៤) ពង្រីកនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ បង្កបរិស្ថានអំណោយផល ដើម្បីទាញបានសក្តានុពល
ពីមុនថាស្វាយរៀងនិងព្រៃវែងពិបាករកការវិនិយោគ (ព្រោះ)ដីមិនសូវល្អ ដាំ(ដុះ)មិនសូវបាន(ផល)ដូចខាងបាត់ដំបង។ ស្រូវមិនសូវបានទិន្នផល។ ឥឡូវមិនបាច់ដាំស្រូវទេ។ ដាំរោងចក្រសហគ្រាស ដាំកន្លែងផលិត។ គ្រាន់តែសំបកកង់ផលិតនៅស្វាយរៀងហ្នឹង នាំចេញទៅក្រៅរាប់លានកង់។ ថ្ងៃមុន នៅបាវិត ខ្ញុំទៅមើលរោងចក្រមួយផលិតកៅអីប្រណិតរបស់អ៊ីតាលី។ យើងទៅទិញរបស់អ៊ីតាលីថ្លៃណាស់ តែមិនដឹងថារបស់អ៊ីតាលី ចេញពីកម្ពុជា។ បានន័យថា (យើងមាន)ទឹកដៃ និងសមត្ថភាព។ យើងរុញ(សក្តានុពលទាំងនេះ)។ ទោះបីមានសក្តានុពលល្អ ក៏វាក៏អាស្រ័យលើយើងដែរ។ កន្លែងល្អ ទីតាំងល្អមិនប្រាកដថាអាចទាញបាននូវសក្តានុពលទេ។ បើយើងមិនខិតខំពង្រីក ពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានអំណោយផល។
(៥) ហេដ្ឋារចនាសម្ព័ន្ធ និងការជួយរបស់រាជរដ្ឋាភិបាល ផ្តល់បរិស្ថានសមស្របសំរាប់ការវិនិយោគ
ខ្ញុំសូមអរគុណ និងកោតសរសើរដល់គណៈអភិបាលខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា គណៈអភិបាលខេត្តជំនាន់មុនៗ តមកនេះ ក៏ដូចគណៈអភិបាលក្រុង គណៈអភិបាលស្រុកផ្សេងៗ ដែលបានខិតខំរៀបចំពង្រឹងបរិស្ថាន។ នេះមិនសំដៅតែកិច្ចការក្រសួងបរិស្ថានទេ។ បានន័យថាហេដ្ឋារចនាសម្ព័ន្ធទាំងការដោះស្រាយដីធ្លី ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ទាំងការរៀបចំធនធានមនុស្ស និងសុខាភិបាល។ សូម្បីតែការរៀបចំប្រព័ន្ធទឹកនេះក៏ជាហេដ្ឋារចនាសម្ព័ន្ធមួយដែលសំខាន់។ គេមិនទៅវិនិយោគរោងចក្រនៅកន្លែងប្រើទឹកអណ្តូងនោះទេ តែទៅកន្លែងដែលមានទឹកស្អាត កន្លែងដែលផ្គត់ផ្គង់បានផលិតកម្មរោងចក្រ។ ម៉ាស៊ីនមួយៗ (មានតម្លៃ)វិនិយោគ កន្លែងខ្លះរាប់រយរាប់ពាន់លាន។ អញ្ចឹង ហេដ្ឋារចនាសម្ព័ន្ធដែលយើងបានធ្វើទាំងអស់នេះ ព្រមទាំងការបន្តជួយរបស់រាជរដ្ឋាភិបាលដល់គ្រប់វិស័យនៅកន្លែងនេះ(បានផ្តល់បរិស្ថានសមស្របសំរាប់ការវិនិយោគ)។
(៦) សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាបរិស្ថានទាក់ទាញនិងបង្កើនការវិនិយោគ
ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីបញ្ហាសន្តិសុខពាក់ព័ន្ធទៅនឹង Scam។ ខ្ញុំសូមអរគុណ ហើយកោតសរសើរចំពោះគណៈបញ្ជាការឯកភាពខេត្ត ដែលមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល មិនឱ្យខេត្តស្វាយរៀងក្លាយជាខេត្តអាចប៉ះពាល់ដល់សន្តិសុខដោយសារ Scam។ រឿងសេដ្ឋកិច្ចពណ៌ខ្មៅ សេដ្ឋកិច្ចពណ៌ប្រផេះ វាប៉ះពាល់ ប៉ុន្តែយើងចង់ឱ្យសេដ្ឋកិច្ចពណ៌ស ដែលខ្ញុំនិយាយថា រោងចក្រ សហគ្រាស បង្កើតការងារមិនត្រឹមតែនៅបាវិតទេ តែនឹងរីកមកក្នុងកន្លែងនេះ។ កាលណារោងចក្រសហគ្រាសរីកហើយ សេវាគាំទ្រ ខាងអូតែល ខាងភោជនីយដ្ឋាន ក៏វារីក បម្រើឱ្យការងារទាំងអស់នេះ។ សូមអរគុណណាស់ដល់ ឯកឧត្តម អភិបាលខេត្ត គណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពជាពិសេសនៅខាងក្រុងបាវិត នៅខាងក្រុងស្រុកទាំងអស់។ សូមបង្កើនសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសបញ្ហាសន្តិសុខដែលពាក់ព័ន្ធដល់រូបភាពនិងកេរ្តិ៍ឈ្មោះរបស់ខេត្ត។ បើសិនសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ទីនេះល្អ គឺជាបរិស្ថានមួយធំ ទាក់ទាញការវិនិយោគ និងបង្កើនឱ្យការវិនិយោគកាន់តែរីកធំ។ នេះជាក្តីសង្ឃឹមដែលខ្ញុំ(លើកឡើង)ថា ២០ឆ្នាំទៀត រោងចក្រមានមិនត្រឹមតែបាវិតទេ តែនឹងមកជុំវិញខេត្ត និងទីក្រុង និងនៅទីនេះបន្ថែមទៀត។
(៧) ប្រយុទ្ធប្រឆាំងនិងបោសសំអាត SCAMS ធានាបរិស្ថានឱ្យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍ
យើងត្រូវរួមគ្នាធ្វើ។ ខ្ញុំសូមឱ្យយកចិត្តទុកដាក់លើការងារនេះ។ ឯកឧត្តម អភិបាលខេត្ត បានធ្វើការប្តេជ្ញាចិត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តថាធ្វើការងារនេះ។ កន្លងទៅវាមានបញ្ហាមួយចំនួនដែលជះឥទ្ធិពលដល់កម្ពុជារបស់យើង។ ការឆរបោកអនឡាញនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ។ វាជាបញ្ហាតំបន់។ ដើម្បីបោសសំអាតវាបាន ទាល់តែយើងម្ចាស់ការខ្លួនឯងក្នុងការងារនេះ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានឃើញថាកម្ពុជាបានប្តេជ្ញាចិត្ត ហើយក៏មិនមែនធ្វើក្នុងរយៈពេលខ្លី(នោះទេ)។ យើងនឹងបន្ត(ប្រយុទ្ធប្រឆាំងនិងបោសសំអាត SCAMS) ព្រោះវានឹងធានាបរិស្ថានចាំបាច់ក្នុងការរៀបចំកម្ពុជាឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍមួយពឹងផ្អែកទៅលើសមត្ថភាពកូនចៅប្រជាពលរដ្ឋ ដែលនឹងខិតខំបណ្តុះបណ្តាលសមត្ថភាពក្នុងការបង្កើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងគ្រប់វិស័យ មានទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកម្មន្តសាល បច្ចេកវិទ្យា។ នេះជាមូលដ្ឋានរឹងមាំរបស់យើង។
(៨) សូមជប៉ុនពិចារណាជំរុញការវិនិយោគមកភាគខាងកើតកម្ពុជាឱ្យបានច្រើន
ដែលឯកឧត្តម ឯកអគ្គរាជទូត បានលើកបញ្ហានេះមក ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ហើយក៏មានគណៈអភិបាលខេត្តស្វាយរៀង បានធ្វើការខិតខំនៅក្នុងការបោសសំអាត ការថែទាំនូវបរិស្ថាន និងការវិនិយោគ រួមទាំងសន្តិសុខសណ្តាប់ធ្នាប់នៅទីនេះ។ សូមឯកឧត្តម សុំជួយជំរុញឱ្យវិនិយោគជប៉ុនមកវិនិយោគឱ្យច្រើននៅខេត្តស្វាយរៀងផង។ រឿងនេះគឺជាកង្វល់(ដល់វិនិយោគិន) ប៉ុន្តែឥឡូវ យើងខិតខំធ្វើបានល្អ។ ដូចនេះសូមភាគីជប៉ុន(ពិចារណាមកដាក់ទុនវិនិយោគ) ដើម្បីយើងរួមគ្នាការបង្កើតបាននូវ(អ្វីមួយរួមគ្នា) Cocreation ដែលខ្ញុំបានជជែកគ្នាជាមួយ ឯកឧត្តម អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីទស្សនកិច្ចឆ្នាំទៅ ដើម្បីបង្កើតជាបរិស្ថានទាក់ទាញវិនិយោគជប៉ុនឱ្យមកបន្ថែម។ ជប៉ុនបានយកចិត្តទុកដាក់នៅខេត្តព្រះសីហនុ ធ្វើកិច្ចការមួយចំនួន។ ខ្ញុំសូមឱ្យជប៉ុនគិតនិងជំរុញមកទិសខាងកើតឱ្យច្រើន។ បើចាំបាច់់ខេត្តស្វាយរៀង អាចរៀបចំកន្លែងពិសេសណាមួយសម្រាប់វិនិយោគជប៉ុននៅក្នុងខេត្ត ការវិនិយោគជប៉ុននេះជាអ្វីដែលយើងចង់បាន។
(៩) ប្រែដី ១០ហិកតា ចិញ្ចឹមតែ ១០គ្រួសារ ជាតំបន់សេដ្ឋកិច្ចពិសេស ចិញ្ចឹមដល់រាប់ម៉ឺនគ្រួសារ
យើងចង់ឃើញខេត្ត និងប្រជាពលរដ្ឋរីកចម្រើនទៅខាងមុខ។ មិនបាច់ដាំស្រូវ មិនបាច់ដាំដំណាំអីផ្សេងទេ។ គឺដាំរោងចក្រ។ ស្រូវមួយហិកតាបានប៉ុន្មានតោន គិតជាលុយវាឡើងចុះ តែបើដាំរោងចក្រឧស្សាហកម្មផលិតផលមិនងាយចុះថ្លៃ ឬឡើងចុះដូចកសិផល។ ដី១០ហិកតាធ្លាប់ចិញ្ចឹមតែ ១០គ្រួសារ អាចប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសចិញ្ចឹមដល់រាប់ម៉ឺនគ្រួសារ។ ដី ១០ហិកតាដែលធ្លាប់តែទាញផលត្រឹមតែថា ១លានដុល្លារអោយកម្ពុជា ប្រែទៅជាតំបន់ឧស្សាហកម្មដែលអាចទាញបានពាន់លានដុល្លារ។ នេះគឺជាសក្ដានុពល។ យើងចង់រុញខេត្តទិសខាងកើត ជាពិសេសអ្នកស្វាយរៀង និងប្រទេសជាតិ ឱ្យទាញបានសក្ដានុពលក្នុងរយៈពេល ១០ ទៅ ២០ឆ្នាំខាងមុខ។ ក្នុងពិភពលោក ប្រទេសនីមួយៗ គិតកម្លាំងសេដ្ឋកិច្ចទូទាំងប្រទេស ប៉ុន្តែបើនៅក្នុងប្រទេសក៏គេអាចគិតពីកម្លាំងសេដ្ឋកិច្ចរបស់ខេត្តមួយនៃទូទាំងប្រទេស។ ឧទាហរណ៍ នៅកាលីហ្វ័រញ៉ា សេដ្ឋកិច្ចលេខ៧ លើពិភពលោក (លេខមួយ/ពីរ)នៅអាមេរិក។ ថ្ងៃក្រោយ ខេត្តនីមួយៗ ប្រកួត GDP ផសស របស់ខ្លួនអោយកាន់តែកើនធំក្នុងភាគរយនៃប្រទេសជាតិ។ នេះគឺជាកំណើន ដែលបានផលទៅប្រជាពលរដ្ឋនៅក្នុងខេត្ត និងទូទាំងប្រទេសដែលមកធ្វើការនៅទីនេះ។
(១០) រាជរដ្ឋាភិបាលជួយជារួម តែខេត្តនីមួយៗ ត្រូវប្រកួតប្រជែងទាក់ទាញវិនិយោគរៀងខ្លួន
ខ្ញុំសូមអរគុណ ចំពោះការប្ដេជ្ញាចិត្តរបស់ខេត្តនីមួយៗ ក្នុងការពង្រឹងខ្លួនឯង។ ខ្ញុំបានជួបឯកឧត្តម ប៉េង ពោធិ៍សា។ មានចក្ខុវិស័យច្រើន។ ចេញទៅក្រៅប្រទេសដើម្បីទាក់ទាញវិនិយោគបន្ថែម បង្កើតសក្ដានុពលទាញឱកាសជូនអ្នកស្វាយរៀងអោយបានច្រើន។ សូមបន្តធ្វើតទៅទៀត។ នេះជាគំរូសម្រាប់ខេត្តទាំងអស់។ ខ្ញុំសូមអរគុណ។ បើខេត្តនីមួយៗ អភិបាលខេត្តមិនខំប្រឹងលើកខេត្តខ្លួនឯង អត់មានអ្នកណាជួយទេ។ អភិបាលខេត្តស្វាយរៀងជួយខេត្តស្វាយរៀង អភិបាលខេត្តព្រៃវែងជួយខេត្តព្រៃវែង អភិបាលខេត្តក្រចេះជួយខេត្តក្រចេះ។ រាជរដ្ឋាភិបាលជួយជារួម ប៉ុន្តែការប្រកួតប្រជែងនិងការទាក់ទាញនេះ (ធ្វើរៀងខ្លួន)។ សូមបន្តនូវការពង្រឹងសក្ដានុពល និងការកសាងសមិទ្ធិផលបន្ថែមទៀត។ ការលុបបំបាត់បញ្ហាប្រឈមដល់ការវិនិយោគ ការរស់នៅរបស់ប្រជាជន បញ្ហាអសន្តិសុខនិងអ្វីផ្សេងៗ បង្កើននូវបរិស្ថានកាន់តែល្អប្រសើរ។ ខ្ញុំសូមអរគុណ និងសូមលើកទឹកចិត្តខេត្តស្វាយរៀង ទាំងគណៈអភិបាលខេត្ត អភិបាលបាលស្រុក/ក្រុង ទាំងអស់រួមគ្នាធ្វើបន្តទៀត រីកចំរើនគ្រប់វិស័យ ដើម្បីយើងកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធបន្ថែម។
(១១) សុខាភិបាលចំណាយថវិកាជិត ២០លានដុល្លារ/មួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុក
(យើងមាន)គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតសម្រាប់ ៥ខេត្ត ដែលគ្រោងរៀបចំបណ្តាញចែកចាយទឹក ប្រវែង ៧៥០គីឡូម៉ែត្រ អាចផ្គត់ផ្គង់ទឹកស្អាត ២៧ ៥០០ គ្រួសារនៅឆ្នាំ២០២៥-២០២៧។ ខ្ញុំចាំថា កាលពីឆ្នាំទៅ ក្នុងកម្មវិធីជួបជាមួយគណៈអភិបាលខេត្ត និងក្រុមការងារដែលចុះជាមួយ ក្នុងនោះមានច្រើនវិស័យបានលើកសំណើរឱ្យមានផ្លូវ ប្រព័ន្ធទឹកស្អាត ការពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុកក្នុងការព្យាបាល។ ខ្ញុំចាំថា យើងបានសម្រេចគម្រោង ២ធំៗ ក្នុងនោះមានគម្រោងសុខាភិបាលដែលចំណាយថវិកាជិត ២០លានដុល្លារក្នុងរយៈពេលមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុកធ្វើការវះកាត់បឋម និងជួយសង្គ្រោះបឋមនៅហ្នឹងកន្លែង។ កន្លងទៅ ពេទ្យបង្អែកស្រុកជាច្រើនបានធ្វើទំនើបកម្មហើយ ប៉ុន្តែពេទ្យបង្អែកស្រុកខ្លះ(ទៀត មិនទាន់បានធ្វើ)។ ឧទាហរណ៍ថាបុកគ្នា គ្រោះថ្នាក់ប៉ះក្បាលនៅស្រុកណាមួយ។ ស្រុកខ្លះអត់មានសមត្ថភាពវះកាត់បឋមដើម្បីសង្គ្រោះ។ ដូចនេះត្រូវដឹកទៅខេត្ត។ គ្រោះថ្នាក់ណាស់។ យើងត្រូវបង្កើនសមត្ថភាព។ កន្លងទៅ ក្រសួងសុខាភិបាលបានអនុវត្តបានច្រើនដើម្បីបង្កើនសមត្ថភាពនេះ។
(១២) ចាយ ៦០លានដុល្លារ បង្កើនសមត្ថភាពទឹកស្អាត ដើម្បីសុខុមាលភាពនិងសុខភាពប្រជាពលរដ្ឋ
ទីពីរ បើគិតជាសាច់ប្រាក់ច្រើនជាងគេ។ ខ្ញុំចាំគឺគម្រោងរបស់ឧស្សាហកម្មនេះឯង។ ចាយ ៦០លានដុល្លារសម្រាប់ ៥ខេត្ត ក្នុង២ទៅ ៣ឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពទឹកស្អាត ព្រោះសុខុមាលភាពនិងសុខភាពរបស់ប្រជាពលរដ្ឋសំខាន់។ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត (ដូចជា)ផ្លូវថ្នល់យើងក៏មានកិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់បន្ថែម ប៉ុន្តែអ្វីដែលប៉ះពាល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគឺជាកិច្ចការអាទិភាពចម្បង។ វិស័យអប់រំក៏ដូចគ្នា។ អម្បាញ់ម៉ិញ ឯកឧត្តម ហែម វណ្ណឌី (រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍) បានរាយការណ៍ អម្បាញ់់មិញបានធ្វើបទបង្ហាញថា “នៅឆ្នាំ២០២៧ គឺធ្វើឲ្យបានតាមផែនការនៅក្នុង ៥ខេត្តនេះ”។ អញ្ចឹងគឺ(ប្រមុខក្រសួង)បានប្តេជ្ញាចិត្ត ហើយគ្រោងធ្វើឲ្យបានសម្រេច ដើម្បីយើងបន្តរៀបចំ និងពង្រីកសមិទ្ធផល និងសមត្ថភាពផលិតទឹកស្អាត អោយទៅដល់ប្រជាពលរដ្ឋបានកាន់តែច្រើន ទូទាំងប្រទេស។ កន្លែងខ្លះ ក្រោយពីរៀបចំគម្រោងប្រព័ន្ធទឹកស្អាតនេះហើយ នឹងធ្វើឱ្យប្រជាជន ៣០%ជាង មានទឹកស្អាត ទៅ ៩៨%មានទឹកស្អាត។ នេះជាការបោះជំហានខ្ពស់។ សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង គឺជាសុខភាពរបស់ជាតិរយៈពេលវែង។
[ចប់សេចក្ដីអធិប្បាយ២]
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក៏ដូចជា អង្គភាពរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន ដែលបាននិងកំពុង ខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់, ស្របតាម គោលការណ៍ណែនាំ ស្តង់ដាបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងវិស័យទឹកស្អាត។
កម្ពុជាបានឈានចូលដំណាក់កាលថ្មីមួយទៀតនៃការអភិវឌ្ឍ ដែលទាមទារឱ្យ រាជរដ្ឋាភិបាល ត្រូវគិតគូរទាំង បរិមាណ និងគុណភាព នៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បី ចៀសផុតពី «អន្ទាក់ចំណូលមធ្យម»។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០» ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះ «ទឹក», ព្រមទាំង បានដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ក្នុងគោល បំណងធានាការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យទឹកស្អាត ប្រកបដោយប្រសិទ្ធភាព និងអាចឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងវិស័យឯកជន ជាពិសេស រោងចក្រ, សហគ្រាស, តំបន់សេដ្ឋកិច្ចពិសេស, ទីតាំងគម្រោងអភិវឌ្ឍន៍ និងបណ្ដុំ សហគ្រាសធុនតូច និងមធ្យម។ ជាលទ្ធផល, គិតត្រឹមឆ្នាំ ២០២៥, កម្ពុជាមាន សមត្ថភាពផលិតទឹកស្អាត សរុបប្រមាណ ១,៥ លាន ម/ថ្ងៃ, និងបណ្តាញបំពង់ចែក ចាយទឹក ប្រវែងប្រមាណ ៤០ ៥០០ គីឡូម៉ែត្រ ដែល អាចផ្គត់ផ្គង់ទឹកស្អាតជូន ប្រជាពលរដ្ឋ ប្រមាណ ៨ ០០០ ភូមិ នៃរាជធានី ខេត្តទាំង ២៥។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ច បរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេល បច្ចុប្បន្ន និងអនាគត, ក្នុងនោះ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋា-រចនាសម្ព័ន្ធគន្លឹះ រួមទាំង ការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, និងប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា, ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមាន ការផ្លាស់ប្តូរជាសេដ្ឋកិច្ច», ព្រមទាំង បន្តលើកកម្ពស់ អភិបាលកិច្ច ការថែទាំ និងការប្រើប្រាស់ក្នុងវិស័យទឹកស្អាត។
ជាក់ស្តែង, ការដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូង-តាសី ក្រុងស្វាយរៀង និងការបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន ៥, ពោលគឺ ស្វាយរៀង, កំពង់ធំ, ពោធិ៍សាត់, មណ្ឌលគិរី និងកំពត, នាពេលនេះ កំពុងឆ្លុះបញ្ចាំងអំពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដើម្បី ការពារធនធានទឹក និងបរិស្ថានធម្មជាតិ, លើកកម្ពស់អនាម័យ និងគាំពារសុខភាពសាធារណៈ។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៣) ការបង្កើតបុរី និងកន្លែងរស់នៅ លឿនជាងប្រព័ន្ធផែនការហេដ្ឋារចនាសម្ព័ន្ធនិងលទ្ធភាពថវិការដ្ឋ
បងប្អូនខ្លះបានសួរថា ហេតុដូចម្តេចបានជាប្រព័ន្ធទឹកស្អាត ប្រព័ន្ធផ្លូវសាធារណៈយើង កន្លែងខ្លះយឺត។ កន្លែងខ្លះ ហេតុអ្វីបានជាភូមិឃុំក្រុងរីកហើយ បានសេវាទាំងហ្នឹងមកជាបន្តបន្ទាប់? នេះវាទាក់ទងទៅនឹងប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធទីផ្សារ និងប្រព័ន្ធសេរីភាពរបស់យើង។ បើសិនជាធ្វើសេដ្ឋកិច្ចផែនការ ការពង្រីកភូមិនៅកន្លែងណាមួយ យើងដាក់ផែនការ រៀបចំហេដ្ឋារចនាសម្ព័ន្ធហើយស្រេច … ប៉ុន្តែ កន្លងទៅនេះ យើងអនុវត្តសេដ្ឋកិច្ចទីផ្សារ ជាពិសេសពេលដែលទីផ្សារដីធ្លីកំពុងតែកើនលឿន ក្រុងរីកលឿនណាស់។ អញ្ចឹង កន្លែងខ្លះបងប្អូនប្រជាពលរដ្ឋបង្កើតបុរី បង្កើតទីកន្លែងរស់នៅលឿនជាងប្រព័ន្ធផែនការនៃការអនុវត្តហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ អញ្ចឹងតើរាជរដ្ឋាភិបាលយកជំរើសណា? ហាមមិនឲ្យធ្វើ ចាំរុញផ្លូវ រុញទឹកទៅសិន ចាំឲ្យធ្វើ ឬមួយក៏យើងឲ្យគាត់ដើរទៅមុន ហើយនឹងជំរុញការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋទៅតាមផែនការ និងលទ្ធភាពថវិការបស់យើង។ ដោយហេតុនេះហើយ ក្រុងខ្លះ សូម្បីតែក្រុងភ្នំពេញ កន្លែងខ្លះផែនការរបស់យើងធ្វើផ្លូវប៉ុន្មានគីឡូហ្នឹង។
(១៤) ភូមិរីក ក្រុងរីក រដ្ឋ វិស័យឯកជន និងពលរដ្ឋរួមដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ មិនថាទឹកស្អាតឬផ្លូវ
ក្នុងមួយឆ្នាំថាដាក់(ផ្លូវ)បេតុង ៥០គីឡូ បើផ្អែកទៅលើផែនការនៃឆ្នាំចាស់។ យើងអាចដោះស្រាយបានប៉ុន្មានភាគរយអញ្ចឹង។ ស្រាប់តែមួយឆ្នាំក្រោយ គាត់រុញលឿនជាងហ្នឹង។ អ្នកនៅភ្នំពេញ កន្លែងខ្លះបងប្អូនខ្មែរនៅក្រៅប្រទេសមកលេងបងប្អូនក្នុងស្រុកថា “ខានមក ៥ឆ្នាំ វង្វេង”។ កន្លែងហ្នឹងធ្លាប់តែឃើញមានស្រះមួយ … ជិះ tuktuk ឬតាក់ស៊ី ទៅ។ គាត់មិនចាំផ្លូវទេ … ដឹងតែទៅតាមហ្នឹង ឃើញដើមឈើមួយដើម និងស្រះមួយ។ បត់ឆ្វេង។ ឥឡូវទៅដល់មានស្រះឯណាទៀត សុទ្ធតែបុរីពេញហ្នឹង។ វង្វេងផ្ទះបងប្អូន។ ផ្ទះបងប្អូនកាលមុនមានតែ ៥ផ្ទះទេ … ឥឡូវទៅដល់ ពេញហ្នឹង។ ប៉ុន្តែ សួរថា តើយើងបោះបង់ ឬហាមឃាត់។ យើងត្រូវបន្តជំរុញសេដ្ឋកិច្ចទីផ្សារសេរី។ ទោះជាយ៉ាងណា យើងនឹងបន្តការរៀបចំក្រុង រៀបចំការអភិវឌ្ឍបន្តទៀត។ ក្នុងជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលពីមុនធ្លាប់នៅជុំគ្នា ឥឡូវកូនចៅធំឡើង មានជីវភាពរស់នៅ(ផ្ទាល់ខ្លួន) អាចបំបែកទៅកន្លែងផ្សេង។ អញ្ចឹង ភូមិត្រូវរីក ក្រុងត្រូវរីក។ ទោះជាយ៉ាងណា រដ្ឋត្រូវខិតខំដោះស្រាយហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ មិនថាទឹកស្អាត មិនថាផ្លូវ។ កន្លែងខ្លះប្រជាពលរដ្ឋ កន្លែងខ្លះវិស័យឯកជន កន្លែងខ្លះ រដ្ឋនិងប្រជាពលរដ្ឋរួមគ្នាធ្វើ។ យើងដោះស្រាយបែបនេះ។
[ចប់សេចក្ដីអធិប្បាយ៣]
ក្នុងគោលបំណងចូលរួមលើកកម្ពស់ ការអភិវឌ្ឍ និងការគ្រប់គ្រង វិស័យ ទឹកស្អាតឱ្យមាន ប្រសិទ្ធភាព, គុណភាព, សុវត្ថិភាព, ថ្លៃសមរម្យ, ព្រមទាំង ឆ្លើយតប កាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន, ខ្ញុំសូមផ្តល់ ជាអនុសាសន៍មួយចំនួនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវ៖
ទី១. បន្តសហការជិតស្និទ្ធជាមួយ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ឱ្យបានជាអតិបរមា, ដោះស្រាយប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងផលប៉ះ-ពាល់អវិជ្ជមានចំពោះបរិស្ថាន សំដៅឱ្យការផ្គត់ផ្គង់ទឹកស្អាត សម្រេចបានលក្ខខណ្ឌគោល ទាំង ៤ គឺ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ទន្ទឹមនេះ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាលទ្ធភាព អភិវឌ្ឍប្រភពទឹកបន្ថែម ក្នុងខេត្តស្វាយរៀង, និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយ «ព្រែកជីកហ្វូណនតេជោ» ដើម្បីមានប្រភព ទឹកបន្ថែម ប្រកបដោយនិរន្តរភាព សម្រាប់ការប្រើប្រាស់ពហុវិស័យ។
ទី២. បន្តជំរុញការអនុវត្ត «គោលនយោបាយថ្លៃទឹកស្អាត ប្រកបដោយ សមធម៌», ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការធានាការផ្គត់ផ្គង់ ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងទាន់ពេលដល់ ប្រជាពលរដ្ឋ, រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិ-ឧស្សាហកម្ម, បណ្ដុំសហគ្រាស ធុនតូច និងមធ្យម, និងទីប្រជុំជនដែលមានសកម្មភាពសេដ្ឋកិច្ច និងនគរូបនីយកម្ម រីកចម្រើន ឆាប់រហ័ស។
ទី៣. បន្តដឹកនាំការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត, ទាំងក្នុង និងក្រៅ ទីប្រជុំជន, តាមរយៈ ការលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមវិនិយោគបន្ថែម។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន តាមរយៈការ គ្រប់គ្រងអាជ្ញាបណ្ណទឹកស្អាត ឱ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករ ឯកជន។
ទី៤. ពង្រឹងកិច្ចសហការ ជាមួយគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំង ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រឈមទាំងឡាយដែលវិស័យទឹកស្អាតកំពុងជួបប្រទះ ជាពិសេស ការធានាបាន និរន្តរភាពប្រភពទឹក និងប្រភពទឹកដែលគ្មានការបំពុល។ ទន្ទឹមនេះ, សូមអតិថិជន ទាំងអស់ចូលរួម «យុទ្ធនាការប្រើប្រាស់ទឹកដោយសំចៃ» ដើម្បីគាំពារបរិស្ថាន ក៏ដូចជា ធានាបាននូវ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និងរក្សានិរន្តរភាពនៃសេវាផ្គត់ផ្គង់ ទឹកស្អាត នៅកម្ពុជា។
ទី៥. បន្តជំរុញស្វយ័តកម្ម រដ្ឋាករទឹកស្អាតនៅតាមទីប្រជុំជន និងលើកទឹកចិត្ត ឱ្យមានការវិនិយោគលើវិស័យទឹកស្អាតក្នុងភូមិសាស្ត្រអាទិភាព ដោយត្រូវគិតគូរ, ទាំង លើទិដ្ឋភាព សេដ្ឋកិច្ច និងសង្គម, ព្រមទាំង កៀរគរហិរញ្ញប្បទានដែលមានលក្ខណៈ សម្បទានខ្ពស់ និងហានិភ័យទាប ដើម្បីឱ្យអង្គភាពរដ្ឋាករទឹកសាធារណៈ ទទួលបាន ប្រាក់ចំណេញខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់ កំណើនរយៈពេលវែង និងការពង្រីក វិសាលភាពផ្គត់ផ្គង់ទឹកស្អាតទៅដល់តំបន់ដែលមានសក្តានុពលទាប ឬ តំបន់ដែល ស្ទើរតែគ្មានសក្តានុពល។
ជាថ្មីម្តងទៀត, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃ ប្រទេសជាមិត្ត ជាពិសេស រាជរដ្ឋាភិបាលជប៉ុន និងដៃគូអភិវឌ្ឍ ដែលតែងតែដើរតួនាទី ជាដៃគូដ៏ល្អមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាង មុតមាំថា រាជរដ្ឋាភិបាលជប៉ុន, រដ្ឋាភិបាលនៃប្រទេសជាមិត្ត, និងដៃគូអភិវឌ្ឍ នឹងបន្តគាំទ្រ, ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស, ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យ ទឹកស្អាត ឆ្ពោះទៅសម្រេចឱ្យបាននូវ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» (CSDGs) ឆ្នាំ ២០៣០។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥, ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងអង្គពិធី ជាពិសេស ជូនដល់ឯកឧត្តមឯកអគ្គរាជទូតនៃ ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការី និងអ្នកជំនាញការជប៉ុន ដែល បានបំពេញបេសកកម្មនៅកម្ពុជា សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច, ព្រមទាំងបានប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។ សម្រាប់ថ្ងៃនេះ សម្រាប់យុវជនកាយរឹទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនមនសិការពលរដ្ឋល្អ យុវជនសមាគម អមត យុវជនបក្ស យុវជនសមាគមរាជសី ក្រុមនិស្សិតសាកលវិទ្យាល័យ និងវិទ្យាស្ថាន ពហុបច្ចេកទេស ៣៤០ នាក់ សូមជូនម្នាក់ៗ ថវិកា ២ម៉ឺនរៀល។ ជូនក្មួយៗសិស្សានុសិស្ស ១៣៤៧ នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល ប៉ិចមួយដើម ថវិកាមួយម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ២៤៣ នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនមន្រ្តីបុគ្គលិកបំរើការក្នុងរោងចក្រ ១៤ នាក់ ម្នាក់ៗ ៣ ម៉ឺនរៀល។ វិទ្យាល័យហ៊ុនសែនចេក ថវិកា ២ លានរៀល វិទ្យាល័យស្វាយរៀងថវិកា ២ លានរៀល សាលាក្រុងស្វាយរៀង ២ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងកម្មវិធីថវិកា ២ លានរៀល និងក្រុមតន្រ្តីសម័យថវិកា ១០ លានរៀល។ សូមអរគុណ៕



