[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]
(១) កងនគរបាលមមានតួនាទីនិងភារកិច្ចច្រើនជំនាញ
ដូច ឯកឧត្តម នាយឧត្តមសេនីយ ឯក មនោសែន បានអានអម្បាញ់មិញនេះ កងកំលាំងនគរបាលជាតិនៅទីនេះគឺមានជំនាញច្រើន។ កងនគរបាលជាតិមានតួនាទីនិងភារកិច្ចច្រើនណាស់។ ភារកិច្ចកងទ័ពមានកំណត់ ប៉ុន្ដែសំរាប់កងនគរបាល មានតួនាទីច្រើនជំនាញ រួមទាំងការពារព្រំដែន។ មានមន្ដ្រីនគរបាលយុត្ដិធម៌ អន្ដោប្រវេសន៍ អត្ដសញ្ញាណកម្ម ទទួលភារកិច្ចធ្វើការជំនាញតាមព្រំដែន និងបំរើសេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដែលបណ្ដុះបណ្ដាលធនធានមនុស្ស(ដើម្បីធ្វើកិច្ចការទាំងនេះ)ជាការចាំបាច់(និង)សំខាន់។ ក្នុងន័យនេះ ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់នគរបាលជាតិ នាយនគរបាល នាយនគរបាលរង ពលនគរបាល នៅគ្រប់កន្លែងមូលដ្ឋាន ដែលខិតខំបំពេញភារកិច្ច ចូលរួមការពារអធិបតេយ្យភាពទឹកដី ការធ្វើទំនាក់ទំនងជាមួយប្រទេសជិតខាង ក៏ដូចជាការបំរើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសុខសន្ដិភាព ស្ថិរភាព ក៏ដូចជាការផ្ដល់សេវាសំខាន់ៗ នៅមូលដ្ឋាន តាំងពីប៉ុស្ដិ៍ រហូតដល់ថ្នាក់លើ …។
(២) ជាមន្ដ្រីអនុវត្ដច្បាប់ដូចគ្នា ប៉ុន្ដែតួអង្គបំពេញការងារស្នូលគឺកងកំលាំងនគរបាលជាតិគ្រប់ប្រភេទ
ពេលខ្លះ ឧទាហរណ៍ ដោយសារការលើសខ្វះបន្ដិចបន្ដួច ដូចរឿងប៉ូលីសចរាចរណ៍ បងប្អូនខ្លះគាត់ស្រែក។ សួរថា បើពិបាកអញ្ចឹង សាកដកប៉ូលីសចរាចរណ៍មួយថ្ងៃចេញពីក្រុងភ្នំពេញ(ទៅមើល៎)។ តើគាត់មានភាពកក់ក្ដៅទេ? បងប្អូន (ប៉ូលីសចរាចរណ៍បំពេញភារកិច្ច)ហាលថ្ងៃ ហាលភ្លៀង ជួនកាលមានការងារផ្សេង(ថែមទៀត)។ ពិតណាស់ មិនទាន់ល្អឥតខ្ចោះទេ។ ទោះជាយ៉ាងណា ការលះបង់និងការបំពេញភារកិច្ចរបស់កងនគរបាលជាតិ (ស្តែងឡើង)ជាតួអង្គសំខាន់ក្នុងការបំរើ(សេវាដល់ប្រជាពលរដ្ឋ)។ កង(រាជ)អាវុធហត្ថដើរខាងក្រោយទេ។ កន្លែងខ្លះ មន្ដ្រីអនុវត្ដច្បាប់ដូចគ្នា ប៉ុន្ដែ(តួអង្គបំពេញ)ការងារស្នូល(គឺ)កងកំលាំងនគរបាលជាតិ(គ្រប់ប្រភេទ) មិនថាចរាចរណ៍ សណ្ដាប់ធ្នាប់ផ្សេងៗ ការផ្ដល់សេវានៅតាមភូមិឃុំនោះទេ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ(ក្នុងនាម)រដ្ឋាភិបាល ចំពោះបងប្អូន(កងកំលាំង)ទូទាំងប្រទេសផងដែរ។
(៣) កងកំលាំងប្រដាប់អាវុធសហការការពារទឹកដីពេលដែលមានការគំរាមឈ្លានពាន
ម្សិលម្ង៉ៃ ទៅប្រជុំរៀបចំជួរមុខដើម្បី(ប្រុងប្រៀបក្នុងករណីមានការ)ប្រយុទ្ធការពារបូរណភាពទឹកដី ក៏មាននគរបាលជាតិរបស់យើងនៅទីនោះ។ មាន ៤វរសេនាតូចនៅទិសព្រះវិហារ ដែលកៀកស្មាជាមួយកងទ័ព ដើម្បីការពារបូរណភាពទឹកដី។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិក៏ទៅជាមួយពេលនោះ។ (ទាំងកងនគរបាលនិងទ័ព)គិតដូចគ្នា ការពារ(បូរណភាពទឹកដី)ដូចគ្នា អត់មានរើស(ឬប្រកាន់តួនាទី)ទេ។ នេះបង្ហាញពីស្មារតីនៃការសហការគ្នារបស់កងកំលាំងប្រដាប់អាវុធក្នុងការពារទឹកដីក្នុងនាមជាខ្មែរ នៅពេលដែលមានការគំរាមឈ្លានពាន។ ការអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចគ្នា។ បន្ដិចទៀតខ្ញុំនិយាយរឿងជាមួយថៃ។ ពួកគេ(ធ្វើអោយមានរឿង)អន្ដោប្រវេសន៍វិលក្បុង។ ថ្ងៃនេះ កំពុងសម្របសម្រួល។ ថៃឃាត់ខ្មែរយើងពីរនាក់។ ព្រឹកមិញឲ្យចេញមកមួយ។ ល្ងាចមក សម្របសម្រួលបានម្នាក់ទៀត។ បងស្រីម្នាក់គាត់ស្រែករអ៊ូជាភាសាថៃផងល្ងាចមិញ។ គាត់(ចង់ឆ្លង)មកតែថៃមិនឲ្យចេញ។ យកលេសថាអត់ឯកសារ ថៃឃាត់គាត់។ ឥឡូវកំពុងដោះ(ស្រាយ)។ (នេះជា)ការងារប្រឈមផ្ទាល់(និងត្រូវ)ដោះស្រាយបញ្ហា …។
(៤) កងនគរបាលត្រូវមានការបណ្តុះបណ្តាលជំនាញរឹង ដើម្បីអាចផ្តល់សេវាគ្រប់ជំនាញ
ការកសាងសមត្ថភាពកងកំលាំង(នគរបាល)ដែលបំពេញភារកិច្ចគ្រប់ជំនាញមានសារសំខាន់។ ទី១ (កងកម្លាំងមាន)ជំនាញរឹង បានន័យថា ជាជំនាញដែលគ្រប់សេវាត្រូវបានផ្ដល់ មិនថាសេវាសណ្ដាប់ធ្នាប់សាធារណៈ អន្ដោប្រវេសន៍ ជំនាញព្រំដែន អត្ដសញ្ញាណកម្ម Cyber នោះទេ ត្រូវបានផ្តល់ជាការបណ្ដុះបណ្ដាលធនធានមនុស្ស(សំរាប់)ដើរតួនាទីដ៏សំខាន់នេះ។ ពេលដែលនិយាយអំពីការបណ្ដុះបណ្ដាលធនធានមនុស្ស តួអង្គសំខាន់គឺសាលា។ បើយើងនិយាយពីសាលា តួអង្គសំខាន់គឺសាស្ដ្រាចារ្យ និងគណៈគ្រប់គ្រង ដែលដើរតួនាទីសំខាន់ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល។ យើងមានសាលាភូមិភាគដែរ ប៉ុន្ដែរាជបណ្ឌិត្យសភា ដើរតួនាទីសំខាន់សំរាប់ការបណ្ដុះបណ្ដាលនាយនគរបាល។ នាយនគរបាល ជាឆ្អឹងខ្នងសំខាន់ ជាពិសេសថ្នាក់កណ្ដាល គឺជាស្ពានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយមន្ដ្រីថ្នាក់ប្រតិបត្ដិ ពលនគរបាល ពលនគរបាលរង។ (ក្នុងទំនាក់ទំនងនេះ យើង)ត្រូវការនាយនគរបាលក្នុងការដឹកនាំ។ ភាពច្បាស់លាស់(ក្នុងវិជ្ជាជីវៈកងនគរបាល)អាស្រ័យលើគុណភាពនៃសាលា។ ខ្ញុំសូមអរគុណនិងកោតសរសើចំពោះសមិទ្ធផល ដែលបណ្ឌិត្យភានគរបាលសំរេចបានក្នុងដំណាក់កាលកន្លងមកនេះ ទាំងក្រោមការដឹកនាំរបស់ ឯកឧត្តម សេង ផល្លី ហើយឥឡូវនេះក្រោមការដឹកនាំនៃ ឯកឧត្តម ឯក មនោសែន។ សូមអរគុណចំពោះការខិតខំយកចិត្តទុកដាក់តាំងពី សម្ដេច ក្រឡាហោម ស ខេង រហូតមកដល់ ឯកឧត្តម អភិសន្ដិបណ្ឌិត (ស សុខា) ដែលបន្ដជំរុញការកសាងសមត្ថភាពកំលាំងនគរបាលយើង។
(៥) កងនគរបាលត្រូវមានការបណ្តុះបណ្តាលផ្នែកទន់ គឺក្រមសីលធម៌វិជ្ជាជីវៈ យល់ពីច្បាប់ និងមានភាពបត់បែន តែម៉ឺងម៉ាត់
ការបណ្ដុះបណ្ដាលទី២ គឺផ្នែកទន់ (ដែលជាការបណ្តុះបណ្តាល)ក្រមសីលធម៌វិជ្ជាជីវៈ … (សំរាប់)កងនគរបាលជាតិ (ការបណ្តុះបណ្តាលក្រមសីលធម៌វិជ្ជាជីវៈជាការចាំបាច់ ត្បិត)មិនត្រឹមតែ(មានតួនាទីភារកិច្ច)អនុវត្ដ(មុខនាទី)លើគោលដៅប្រឆាំងឧក្រិដ្ឋជននោះទេ ប៉ុន្ដែក៏(ផ្ដល់)សេវាប្រចាំថ្ងៃជូនប្រជាជន។ អញ្ចឹង ការសំរេចចិត្ត(ទាំងឡាយ)ត្រូវយល់ច្បាស់អំពីច្បាប់។ យើងជាមន្ដ្រីអនុវត្ដច្បាប់ ទី១ ត្រូវយល់ច្បាស់ពីច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ(ក្នុងការបំពេញភារកិច្ច)។ ឥឡូវនេះ សម័យហ្វេសប៊ុក មិនថាតែនៅកម្ពុជាទេ នៅអាមេរិក ក៏ដោយ តែធ្វើមិនស្រួលមានអ្នកថតសកម្មភាពប៉ូលីសបង្ហាញភ្លាម។ អញ្ចឹង ទាល់តែយើងច្បាស់។ ទី២ តើអនុវត្ដច្បាប់/ក្រមសីលធម៌ដើម្បីអ្វី? ច្បាប់មានហើយ ប៉ុន្ដែពេលខ្លះ ការអនុវត្ដត្រូវមានភាពបត់បែន ទន់ភ្លន់ តែម៉ឺងម៉ាត់។ ខ្ញុំឧស្សាហ៍លើកថា ឡានពីរបើកលើសល្បឿន។ ឡានទី១ គ្រាន់តែចង់បង្ហាញសភាពជាឡានស្ព័រ។ គាត់បើកលើសល្បឿន។ ឡានមួយទៀត ប្រញាប់ជូនប្រពន្ធដែលជិតឆ្លងទន្លេទៅពេទ្យ។ ទាំងពីរលើសល្បឿនដូចគ្នា។ មន្ដ្រីត្រូវអនុវត្ដបែបណា?
(៦) មន្ត្រីនគរបាលត្រូវយកការសំរេចផ្អែកលើក្រមសីលធម៌និងការគិតគូរ អនុវត្ដច្បាប់ផង មានភាពបត់បែនដោះស្រាយសភាពការណ៍ផង
មន្ត្រីត្រូវអារកាត់ដោយផ្អែកលើក្រមសីលធម៌ ការណ្ដុះបណ្ដាលអាជីព និងការវាយតម្លៃសភាពការណ៍។ តើពេលណាត្រូវផាក ពេលណាត្រូវផ្ដល់ការណែនាំ ពេលណាត្រូវជួយសំរួលបន្ថែមទៀតដើម្បីកុំឲ្យគ្រោះថ្នាក់។ បើគាត់មានប្រពន្ធ(ដែលកំពុងនៅក្នុងស្ថានភាព) Emergency ដូច្នេះ ជួនកាលត្រូវការឡានឬម៉ូតូប៉ូលីសបើកផ្លូវឲ្យទៀត។ អាស្រ័យហេតុនេះ ទាមទារឲ្យមន្ដ្រីអនុវត្ដច្បាប់ម្នាក់ៗ មាន/យល់ពីក្រមសីលធម៌និងការគិតគូរនេះ។ ជួនកាល ឡានដែលមាន emergency មក មន្ដ្រីនគរបាលនៅខាងមុខត្រូវធ្វើការសំរេចចិត្តភ្លាម។ តើឲ្យទៅ ឬមិនឱ្យទៅ ឬនៅចាំទូរស័ព្ទទៅមេខាងលើ (ដែល)ទាក់ទងមិនបាន? គាត់ត្រូវធ្វើការសំរេចចិត្ត ទុក(យូរ)បន្ដិច អាចនឹងកើតមានគ្រោះថ្នាក់។ ម្សិលមិញ មានការផ្សាយថា ខ្មែរយើងម្នាក់ស្លាប់នៅព្រំដែន ដោយសារខាងថៃបិទមិនឲ្យចូល ក្នុងករណី emergency។
ខាងថៃមិនបើក ព្រោះថ្នាក់លើប្រាប់ថា(អនុញ្ញាតអោយចូល)សំរាប់គ្រោះ emergency។ យើងឲ្យទៅ តែគេមិនអនុវត្ដ។ ប្រហែលជាចាំសួរមេចុះឡើងៗ។ ដូច្នេះ អ្នកនៅនឹងកន្លែងគ្រប់ថ្នាក់(ត្រូវយកការសំរេចភ្លាមៗ ដោយផ្អែកលើក្រមសីលធម៌និងការគិតគូរ) ព្រោះកន្លែងមួយៗ ធម្មតា ហោចណាស់ក៏មានមេក្រុមដែរ ដែលជាអ្នកដឹកនាំចាត់ចែង។ អញ្ចឹង ការគិតគូរផ្នែកទន់ ផ្នែករឹងនេះគឺសំខាន់សំរាប់មន្ដ្រីអនុវត្ដច្បាប់។ ពេលខ្លះ យើងអត់មានពេលសុំថ្នាក់លើទេ។ យើងត្រូវមានសិទ្ធិធ្វើការវិនិច្ឆ័យ។ យើងនៅតែអនុវត្ដច្បាប់ ប៉ុន្ដែត្រូវមានភាពបត់បែនដើម្បីដោះស្រាយតាមសភាពការណ៍។ ការពង្រឹងចំណេះដឹងផ្នែកទន់និងរឹង សំរាប់មន្ដ្រីសំខាន់ណាស់។ សូមអបអរសាទរបងប្អូនដែលបានរៀនចប់ថ្ងៃនេះ។
(៧) គាំទ្រកំណែទំរង់ផ្នែកទន់ រួមមានឯកសារសិក្សា ធ្វើបច្ចុប្បន្នភាពគ្រូជាប្រចាំពីជំនាញពាក់ព័ន្ធសន្ដិសុខ
នៅក្នុងសាលាជារឿងមួយ ប៉ុន្ដែពេលដែលយើងចេញទៅ (បំពេញភារកិច្ច) ត្រូវសម្របតាមស្ថានភាពជាក់ស្ដែង។ សំខាន់សាលាត្រូវមានមូលដ្ឋានច្បាស់លាស់។ គាត់ចេញទៅធ្វើការនៅខេត្តណាមិនសំខាន់ទេ ប៉ុន្ដែចេញដំបូងទី គាត់ចេញពីស៊ីវិល មកនគរបាល ចេញពី ៤ឆ្នាំនេះ បានន័យថា ស្ដង់ដារប្រតិបត្ដិតែមួយ។ គាត់ទៅធ្វើការតាមខេត្តគាត់អាចប្រែប្រួលទៅតាមកន្លែងនោះខ្លះ ប៉ុន្ដែភាសាច្បាប់និយាយតែមួយ។ អត់អាចខេត្តបន្ទាយមានជ័យច្បាប់អញ្ចេះ បាត់ដំបងអញ្ចេះនោះទេ។ ប្រទេសយើងអត់ធំដូចអាមេរិកដែលគេមានរដ្ឋមួយឯករាជ្យ … ប៉ុន្ដែមានក្រមមួយចំនួន … ការប្រតិបត្ដិអីផ្សេងៗ យើងអាចធ្វើការជាមួយគ្នា។
សាលារៀនតាមក្បួន ការរៀបចំឯកសារនិងការបំពាក់ ការធ្វើទំនើបកម្ម និងកែទំរង់ ដែលខ្ញុំសូមគាំទ្រ។ ការធ្វើកំណែទំរង់ផ្នែកទន់ រួមមានឯកសារសិក្សា update គ្រូជាប្រចាំ ជាពិសេសជំនាញពាក់ព័ន្ធសន្ដិសុខប្រែប្រួល។ កាលពី ២០ ឆ្នាំមុន ឧក្រិដ្ឋជនអត់មានប្រើអនឡាញ attack ទេ។ ឥឡូវ online cyber attack មានច្រើន។ ម្សិលមិញ ម៉ោង១០អី មានការ attack ស្ថាប័ននេះស្ថាប័ននោះ។ ជួនកាល រឿងអីផ្សេងៗ ជំនាញcyber អីផ្សេងៗ ត្រូវ update ជាប្រចាំ។ ឥឡូវនៅពេលដែលអ្វីៗ ប្រែទៅជា Cyber AI ត្រូវកែច្បាប់ ហើយការហ្វឹកហ្វឺនមន្ដ្រីអនុវត្ដច្បាប់ ក៏ត្រូវឲ្យលឿនទៅតាមហ្នឹងទៀត។ បើមិនអញ្ចឹងយើងដើរមិនទាន់សភាពការណ៍ទេ។
ឧទាហរណ៍ កាលមុន យើងអត់មាន AI ទេ។ យើងមានប្រឆាំងភេរវកម្ម។ អញ្ចឹង ការប្រឆាំងភេរវកម្ម បើយើងអនុវត្ដតាមច្បាប់ បើយើងឃាត់បានមុខសញ្ញា ធម្មតាឃាត់បាន ៤៨ម៉ោង យើងត្រូវបញ្ជូនទៅតុលាការ។ ប៉ុន្ដែ បើអត់មានហេតុផលអី យើងត្រូវដោះលែង។ អញ្ចឹង សួរថា ការដោះលែងគាត់ទៅ ក្នុងពេលដែលការស្រាវជ្រាវមិនទាន់(រក)ឃើញ(មូលហេតុពិតប្រាកដ) អាចឲ្យគាត់(ត្រឡប់ទៅ)យកគ្រាប់បែកទៅដាក់(នាំឲ្យ)គ្រោះថ្នាក់ប្រជាជន(ឬទេ)។ អញ្ចឹង ទាមទារឲ្យមានការកែច្បាប់ដែលអនុញ្ញាតសិទ្ធិ ក្នុងករណីពិសេស គឺឲ្យ(ពិចារណាពីរយៈពេលនៃការឃុំខ្លួន) … ហ្នឹងគឺការប្រែប្រួល។ មន្ដ្រីអនុវត្ដច្បាប់ត្រូវយល់តាមហ្នឹងដូចគ្នា។
(៨) ដោយសារបណ្ដាញឧក្រិដ្ឋជនប្រទាក់ក្រឡាឆ្លងទ្វីប ត្រូវយល់ពីច្បាប់អន្ដរជាតិដើម្បីធ្វើការជាមួយ INTERPOL
អំពីស្ថានភាព AI បច្ចុបបន្ន យើងកំពុងរៀបចំច្បាប់ Cyber security។ ពេលដែលអនុវត្ដត្រូវតែបណ្ដុះបណ្ដាល Update មេរៀន ដើម្បីមន្ដ្រីដឹងថាត្រូវខុស ព្រំដែនកំរិតណា ហើយសហការជាមួយគ្នា។ នេះគ្រាន់តែជាឧទាហរណ៍មួយ។ បណ្ដាញឧក្រិដ្ឋជន ពីមុននៅត្រឹមតែក្នុងប្រទេសទេ។ ឥលូវវាឆ្លងដែន។ នៅអាស៊ីប៉ាស៊ីហ្វិកហ្នឹង ថ្ងៃមុន UN បង្ហាញពីបណ្ដាញប្រទាក់ក្រឡាជាមួយអឺរ៉ុបជាមួយអី។ បណ្ដាញគ្រឿងញៀន វាមានប្រទាក់ក្រឡាគ្នា។ អញ្ចឹង ការធ្វើការជាមួយ INTERPOL អី ត្រូវមានសមត្ថភាព យល់ច្បាប់អន្ដរជាតិផ្សេងៗ។ យើងត្រូវបន្ដធ្វើការបណ្ដុះបណ្ដាលក្នុងសាលា ក៏ដូចជាការ update បន្ថែមតាមស្ថាប័ននិងការបណ្ដុះបណ្ដាលជាមួយដៃគូអីផ្សេងៗ។
(ក្នុងស្មារតីនេះ) ខ្ញុំគាំទ្រការធ្វើកំណែទំរង់ និងធ្វើបច្ចុប្បន្នភាព(កម្មវិធី/ឯកសារសិក្សា)ជាប្រចាំ ជាពិសេសការធ្វើបច្ចុប្បន្នភាពដល់ធនធានមនុស្ស(ក្នុងវិស័យនគរបាល)។ យើងមិនអាចប្រើច្បាប់ ២០ឬ ១០ឆ្នាំដែលមិនទាន់មាន AI ទៅគ្របលើ(បច្ចុប្បន្នភាណ) AI ទេ។ យើងមិនដឹងគ្របយ៉ាងម៉េច។ ទាមទារការ (បណ្ដុះបណ្ដាល និង update )។ សំរាប់កងទ័ពអីមិនសូវជា(ចោទ) ព្រោះប្រតិបត្ដិដូរតែរឿងបច្ចេកវិទ្យាប្រើប្រាស់យុទ្ធវិធី ប៉ុន្ដែដល់អនុវត្ដមិនសូវប៉ុន្មានទេ។ ប៉ុន្ដែ សំរាប់មន្ដ្រីនគរបាលយុត្ដិធម៌ ជាពិសេសកងនគរបាលជាតិរបស់យើង(មានការចាំបាច់)។ អញ្ចឹង ការធ្វើទំនើបកម្ម ការកែសំរួលខ្លឹមសារនេះ ខ្ញុំសូមឯកភាព និងគាំទ្រនិងសូមបន្ដយកចិត្តទុកដាក់លើការងារនេះ។
[បញ្ចប់សេចក្ដីអធិប្បាយ ១]
…
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]
(៩) កម្ពុជាអត់លេងសើច ឬលឹបល៎ រឿងច្រកព្រំដែនដូចថៃទេ
ថ្ងៃទី ២៤ (មិថុនា ២០២៥) (ពេលដែល)ខ្ញុំនៅសំរោង ជួបជាមួយកងទ័ព និងថ្នាក់ដឹកនាំ ក៏មានសេចក្តីរាយការណ៍មកថា នាយករដ្ឋមន្ដ្រី(ថៃ បាន)ចេញមកប្រកាសហើយថា ហេតុផលគឺដោយសារ UN ថា “កម្ពុជាជាប្រទេសអនឡាញ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ប្រទេសគាត់។ ដោយហេតុនេះ គាត់ត្រូវបិទគ្រប់ច្រក(ព្រំដែន)ទាំងអស់ ដោយអនុញ្ញាតឲ្យចូលតែសិស្ស និងអ្នកជំងឺធ្ងន់។ ក្រោយមក ដូច(ជាអនុញ្ញាតឱ្យ)ជនជាតិថៃចូលទៅវិញ។ ខ្មែរយើងបានចេញមក។ គាត់បិទទាំងអស់។ ទាហានថៃចាប់ផ្ដើមបិទ(ច្រកព្រដែននៅ)ល្ងាចថ្ងៃ២៤ (មិថុនា ២០២៥) ហើយថ្ងៃទី ២៥ (មិថុនា) ចាប់ផ្ដើមអនុវត្ដ។ មិនដឹងយ៉ាងម៉េច ល្ងាចឡើង អ្នកនាំពាក្យក្រសួងការបរទេស(ថៃ)ថា «អត់ទេ! ថៃអត់បិទ (ព្រំដែនឯណា)។ ថៃនៅបើកទេតើ!»។
ស្អែកឡើងគាត់ឲ្យគ្រប់ច្រករបស់គាត់បើកមែន។ បើកទ្វាររបង ដើម្បីថតរូប តែមានបទបញ្ជាហាមមនុស្សចេញចូលដដែល។ តើនេះបានន័យថាម៉េច? ឯកឧត្តមម សុខ វាសនា សួរមកខ្ញុំទាំងព្រឹក។ «សម្ដេច! ឥឡូវគេបើកហើយដើម្បីថតមកថាយើងខុសអញ្ចេះ»។ ខ្ញុំថា «វាសនា! យើងអត់លេងតាមគេទេ។ យើងដឹងតែបិទមិនឲ្យបើកច្រក»។ កម្ពុជាអត់លេងសើច លឹបល៎ទេ។ បើហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ យើងប្រកាសថ្ងៃ២០ (មិថុនា ២០២៥) បើអ្នកឯងបិទ យើងនឹងបិទអចិន្ដ្រៃយ៍ រហូតទាល់អ្នកឯងបើកជាប្រក្រតីឡើងវិញ។ យើងអត់និយាយ/ធ្វើលេងទេ។ បើយើងបិទបើកតាមគាត់ មិនដឹងថាពេលណាគាត់ឈប់លេងទេ។
(១០) តែថាបិទគឺបិទជាអចិន្ដ្រៃយ៍ រហូតទាល់តែថៃបើកច្រកជាប្រក្រតីជាឯកតោភាគី ដូចមុនថ្ងៃ៧ មិថុនា
បើអ្នកឯងចង់លឹបល៎ៗ ក៏ធ្វើទៅ ប៉ុន្ដែកម្ពុជាបិទហើយគឺបិទជាអចិន្ដ្រៃ រហូតទាល់តែថៃបើកជាឯកតោភាគី ដូចមុនថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២៥ ឡើងវិញ ទើបយើងបើកតាមក្រោយឲ្យទៅប្រក្រតី។ នេះជាអ្វីដែលយើងចង់បាន។ មិនដឹងគាត់លេងយ៉ាងម៉េច។ គាត់បើក(របង) ហើយថាគាត់មិនបិទទេ គឺខ្មែរទេជាអ្នកបិទ។ ល្ងាចមិញឃើញសំភាសន៍ជាមួយបងប្អូនខ្មែរយើងដែលមក។ គាត់ចោទថាខ្មែរយើងអ្នកបិទ។ បងប្អូនខ្មែរយើងមិនល្ងង់ទេ។ គេប្រាប់ បងប្អូន(ខ្មែរយើង)ថាគេបើកហើយ(ខាងថៃ) តែខ្មែរយើងទេជាអ្នកបិទ(ព្រំដែន)។ អញ្ចឹងឲ្យខឹងរដ្ឋាភិបាលខ្មែរយើងទៅ។ មិនដូច្នោះទេ។ យើងបន្តគោលការណ៍ទទួលស្វាគមន៍ជនជាតិខ្មែរ។ ជនជាតិថៃបន្ដឲ្យចេញទៅស្រុកវិញចុះ។ យើងមិនចាប់(ជនជាតិថៃជា)ចំណាប់ខ្មាំងទេ… (កម្ពុជា)យើងបិទអចិន្ដ្រៃយ៍ អត់បិទបើកៗ លឹបល៎ទេ។ បិទរហូតទាល់តែខាងថៃបើកដោយឯកតោភាគីដូចស្ថានភាពមុនថ្ងៃ ៧ មិថុនា ២០២៥។ កម្ពុជាមិនលេងល្បែង(បើកបិទព្រំដែនទេ)។ វាវិលវល់វឹកវរ។
(១១) នរណាក៏ដោយខាងថៃ មានអំណាចពិតប្រាកដបើកច្រកព្រំដែនជាប្រក្រតី ដូចមុនថ្ងៃ៧ មិថុនា២០២៥ កម្ពុជានឹងបើកឡើងវិញដូចគ្នា យ៉ាងយូរ ៥ម៉ោងក្រោយ
បើនាយករដ្ឋមន្ដ្រី(ថៃ)ប្រកាសថាបិទ(ច្រកព្រំដែន ក៏សូមឱ្យ)បិទច្បាស់លាស់ទៅ កុំបិទហើយបើកៗ រួចកុំបើកតែទ្វារ ហើយហាមមនុស្សមិនឲ្យចេញចូលដដែល។ សួរថា (បើធ្វើរបៀបនេះ) តើនយោបាយស្រុកគាត់លេងរបៀបណា? សំរាប់កម្ពុជា “យើងមានព្រំដែន យើងមានការកំណត់ច្បាស់លាស់។ ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនខ្មែរ/ថៃ មេត្ដាយោគយល់។ ដើម្បីបើកគន្លឹះដូចធម្មតា សោរនៅក្នុងដៃថៃ រាជរដ្ឋាភិបាលថៃ ឬកងទ័ពថៃរួចទៅហើយ។
ខ្ញុំមិនថានរណាជានរណាទេ ឲ្យតែមានអំណាចពិតប្រាកដបើក(ច្រកព្រំដែន)ឡើងវិញ ឲ្យដូចមុនថ្ងៃ៧ មិថុនា២០២៥ ពេលដែលថៃបិទដោយឯកតោភាគី ហើយបើកទៅស្ថានភាពដូចមុន យ៉ាងយូរ ៥ ម៉ោងក្រោយ កម្ពុជានឹងបើកឡើងវិញដូចគ្នាជាប្រក្រតី។ នេះយើងនិយាយច្បាស់។ កម្ពុជាមិននិយាយក្រឡិចក្រឡុចកែប្រែទេ។ យើងនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង។ យើងនឹងធ្វើបែបនេះ ព្រោះយើងមិនមែនជាអ្នកផ្ដើម ហើយយើងក៏មិនមែនជាអ្នកលេងល្បែងយកជីវភាពរបស់ប្រជាជនជាល្បែងដាក់សំពាធនយោបាយ ឬអីផ្សេងនោះទេ។ ភាគីថៃជាអ្នកចាប់ផ្ដើមមុន។ អញ្ចឹងភាគីថៃគួរបញ្ចប់មុនដោយឯកតោភាគីមិនបាច់មានការចរចា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]